។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

តិលមុដ្ឋិជាតក

(គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច)

ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់​ប្រថាប់នៅ​នាមហាវិហារ​ព្រះជេតពន ទ្រង់ប្រារព្ធ​ភិក្ខុមួយ​អង្គដែលច្រើន​ទៅដោយ​សេចក្តីក្រោធ ទើបត្រាស់​រឿងនេះ មានព្រះបាលី​ថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជាដើម ។

បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅ​ដោយ​សេចក្តីក្រោធ និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត គ្រាន់តែ​អ្នក​ដទៃថាអ្វី​ឲ្យបន្តិចបន្តួច ក៏ខឹង​ក្រោធភ្លាម ធ្វើការ​ប្រទូសរ៉ាយ និងការអន់​ចិត្តឲ្យប្រាកដ ។ ក្រោយ​មកថ្ងៃមួយ ភិក្ខុទាំងឡាយ​គង់អង្គុយ​សន្ទនាគ្នា​ក្នុងសាលា​ធម្មសភាថា លោកដ៏មាន​អាយុ​ទាំងឡាយ ភិក្ខុអង្គនោះ ជាបុគ្គល​​ច្រើនដោយ​សេចក្តីក្រោធ និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត ពេលក្រោធម្តងៗ មានសភាព​ដូចអំបិល​ដែលគេបាច​ក្នុង​ភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួស​ក្នុង​ព្រះសាសនា ដែលប្រដៅ​មិនឲ្យក្រោធ ជាសាសនា​នាំសត្វឲ្យរួច​ផុត​ចាកពី​សេចក្តីសៅហ្មង​គ្រប់យ៉ាង ប៉ុន្តែសូម្បី​គ្រាន់តែ​សេចក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាច​គ្របសង្កត់បាន។ ព្រះបរមសាស្តា​ស្តេច​យាងមក​កាន់​សាលាធម្មសភា ទ្រង់ជ្រាប​អំពីការសន្ទនា​របស់ភិក្ខុ​ទាំងឡាយ ព្រះអង្គត្រាស់​ឲ្យ​ភិក្ខុ ១ អង្គ ទៅនិមន្ត​ភិក្ខុដែល​ច្រើនទៅ​ដោយសេចក្តី​ក្រោធនោះមក កាលដែល​លោកនិមន្ត​មកដល់ហើយ ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជា​បុគ្គល​ក្រោធងាយ ពិតមែនឬ ? កាលដែល​ភិក្ខុអង្គនោះ ក្រាបទូល​​ការពិតហើយ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន ភិក្ខុ​នេះ ក៏បានជាអ្នក​ច្រើនទៅដោយ​សេចក្តីក្រោធ​ដូចគ្នាដែរ។ កាលដែលភិក្ខុ​ទាំងឡាយ ទូលអារាធនា ទើបព្រះភគវា នាំយក​រឿងក្នុង​អតីតកាល​មកសម្តែងតទៅ ៖

ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ​ក្នុងក្រុងពារាណសី ឱរស​របស់ព្រះបាទ​ព្រហ្មទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំ និងបណ្តុះ​បណ្តាលបុត្រ ព្រះរាជា​ក្នុងគ្រា​មុនៗ សូម្បីមាន​អាចារ្យទិសាបាមោក្ខ​ក្នុងនគរ​របស់ខ្លួន​ក៏ដោយ ក៏នៅតែ​បញ្ជូនបុត្រ​របស់ព្រះអង្គ​ឲ្យទៅរៀន​សិល្ប៍សាស្រ្ត​នៅទីឆ្ងាយ ក្រៅពី​នគរ​របស់ខ្លួនដែរ ។ ដែលធ្វើ​យ៉ាងនេះ មកអំពី​ព្រះរាជា​មានសេចក្តី​សង្ឃឹមថា ព្រះរាជបុត្រ​ទាំងនោះ នឹងកម្ចាត់​​នូវភាព​ក្រអឺតក្រអោង​ដោយមានះ​ផង និងជា​អ្នកចេះ​មានសេចក្តី​អត់ធន់​ចំពោះក្តៅរងា​ផង ព្រមទាំងនឹង​បានដឹង​​នូវប្រពៃណី ទំនៀមទម្លាប់​របស់​មនុស្ស ក្នុងលោក​ផងដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទ​ព្រហ្មទត្ត ត្រាស់​ហៅ​ព្រហ្មទត្តកុមារ​ជាព្រះរាជ​បុត្រ ដែលមាន​ព្រះជន្មវស្សា ១៦ ឆ្នាំ ឲ្យចូល​មកគាល់ ហើយព្រះរាជ​ទាននូវស្បែក​ព្រះបាទ​មួយគូ ឆត្រស្លឹក​ឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំង​ត្រាស់ប្រាប់ថា បុត្រចូរ​ទៅកាន់​នគរ​តក្កសិលា ប្រឹងប្រែង​សិក្សាយក​នូវសិល្ប៍សាស្ត្រមក ។ ព្រហ្មទត្តកុមារ ទទួលព្រះរាជ​ឱង្ការ ហើយថ្វាយ​បង្គំ​ព្រះរាជ​មាតាបិតា​លាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួរ​រក​ផ្ទះលោក​អាចារ្យ​ឃើញហើយ ក៏ដោះ​ស្បែកព្រះបាទ និងដោះឆត្រ ចូលទៅ​សំពះលោក​អាចារ្យ រួចឈរ​ក្នុងទីដ៏​សមគួរ ។ កាលដែល​លោកអាចារ្យ​ធ្វើបដិសណ្ឋារៈ និងសាកសួរ​ដឹងហេតុការណ៍​សព្វគ្រប់ហើយ ក៏ទទួល​បង្ហាត់​បង្រៀន​នូវសិល្ប៍៍សាស្ត្រ​ដល់​ព្រហ្មទត្តកុមារ​ដោយពិស្តារ ចំណែក​ព្រះរាជកុមារ ក៏រៀនយក​នូវសិល្ប៍សាស្ត្រ​ដោយ​ការ​តាំងចិត្ត ។

ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹក​ព្រមជាមួយ​នឹងលោកអាចារ្យ គ្រានោះ មានស្ត្រីចាស់​ជរា​ម្នាក់ បកសំបកគ្រាប់​ល្ង ហើយយក​មកហាល ទាំងដែល​នៅអង្គុយ​ចាំមើល​ទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់​ល្ង​​ដែលយាយ​ហាល ក៏នឹកចង់​បរិភោគ ទើបចាប់យក​មួយក្តាប់​ដៃ មកទំពា​បរិភោគ ស្ត្រីចាស់​ជរាគិតថា មាណពនេះ​​ចង់បរិភោគ ទើបអង្គុយ​ស្ងៀម មិនបានពោល​អ្វីឡើយ ។ ថ្ងៃបន្ទាប់​មកទៀត ព្រះរាជកុមារ​នោះ ក៏បានធ្វើ​យ៉ាង​នោះទៀត សូម្បីស្ត្រីចាស់​ជរា ក៏មិនបាន​ពោលថាអ្វីដែរ នៅស្ងៀម​ជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារ​ក៏នៅតែចាប់​យកល្ង​របស់ស្ត្រី​ចាស់ជរា​នោះ​ដដែលទៀត លើកនេះ ស្ត្រីចាស់​ជរាមិន​អាចទ្រាំបាន គាត់ស្រែកយំ​ហើយពោល​រៀបរាប់​ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យ​សិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់​មកសួរថា តើមាន​រឿងអ្វី​លោកយាយ ។ ស្ត្រីចាស់​ជរាពោលថា លោកអាចារ្យ សិស្សរបស់​លោកបរិភោគ​គ្រាប់ល្ង​ខ្ញុំថ្ងៃនេះ​មួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃ​មួយក្តាប់ បើសិស្ស​លោកអាចារ្យ ស៊ីល្ងរបស់​ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់​ល្ងរបស់ខ្ញុំ​មាន​ប៉ុន្មាន ក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខ​ពោលថា សូមលោកយាយ ឈប់យំ​ទៅណ៎ា! ចាំខ្ញុំសង​តម្លៃល្ង​ដល់​លោកយាយ ។ ស្ត្រីចាស់​ជរាពោលថា ខ្ញុំមិនត្រូវ​ការតម្លៃអ្វីទេ ខ្ញុំត្រូវការ​ឲ្យលោកប្រដៅ​សិស្សរបស់​លោក កុំឲ្យថ្ងៃ​​ក្រោយធ្វើ​អីចឹងទៀត ។ អាចារ្យពោលថា មិនអីទេ​លោកយាយ សូមលោក​យាយកុំព្រួយ លោកយាយ​ចាំមើល​ណ៎ា! ភ្លាមនោះ លោកអាចារ្យ​បានឲ្យ​មាណពពីរ​នាក់ ចាប់ដៃ​ព្រះរាជកុមារ​ម្ខាងម្នាក់ ហើយទើប​យករំពាត់ឫស្សី​មកវាយ​កណ្តាលខ្នង​ព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង​ពោលប្រដៅថា អ្នកកុំធ្វើ​យ៉ាងនេះ​តទៅទៀត ។ ព្រះរាជកុមារ​ក្រោធ​ចំពោះ​លោកអាចារ្យ មានភ្នែក​ក្រហម សម្លឹងមើល​លោកអាចារ្យ​តាំងពីខ្នង​ជើងរហូត​ដល់ចុង​សក់ ។

ព្រះរាជកុមារ ប្រឹងប្រែងរៀន​សិល្ប៍សាស្ត្រ​រហូតដល់ចប់ ទាំងមាន​គំនុំទុក​ក្នុងហឫទ័យ ដោយចង​អាឃាតថា យើងនឹងសម្លាប់​អាចារ្យនេះ នៅពេលដែល​យើងបាន​សោយរាជ្យ ។ ដល់ពេលដែលត្រូវ​ចាកចេញទៅ​កាន់ព្រះ​នគរ​វិញ ព្រះរាជកុមារ​បានក្រាប​សំពះ​លោកអាចារ្យ ធ្វើដូចជា​មានសេចក្តី​ស្រឡាញ់ និងដឹងគុណ​គ្រូអាចារ្យ​ណាស់ បានពោល​ផ្តាំថា បពិត្រ​លោកអាចារ្យ កាលណា​ដែលខ្ញុំបាន​នូវរាជសម្បត្តិ​ក្នុងព្រះនគរ​ពារាណសី ខ្ញុំនឹង​បញ្ជូន​ដំណឹងមក កាលនោះ សូមលោក​អាចារ្យអញ្ជើញ​ទៅ កុំខានឲ្យសោះ ពោលផ្តាំរួច​ហើយក៏ចាក​ចេញទៅ ។

ព្រហ្មទត្តកុមារ ធ្វើដំណើរដល់​ក្រុងពារាណសី បានចូលទៅថ្វាយ​បង្គំព្រះជនក​ព្រះជននី ហើយសម្តែង​សិល្ប៍​សាស្ត្រ​ឲ្យទ្រង់ទាំង​ពីរបាន​ទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមាន​ជីវិតនៅ​ទាន់បុត្រ​របស់​យើងហ្ន៎ ! ដែល​បុត្រ​របស់យើង​រុងរឿងក្នុង​រាជសម្បត្តិ ទើបទ្រង់​ស្ថាបនា​ព្រះរាជបុត្រ ឲ្យជា​ព្រះរាជា​គ្រប់គ្រង​ព្រះនគរ​តទៅ ។ កាលបាន​គ្រងសិរី​រាជសម្បត្តិ​ហើយ ក៏រលឹក​ដល់រឿង​ដែលលោក​អាចារ្យបាន​ធ្វើមក​លើព្រះអង្គ កាលដែល​ទ្រង់​នៅជា​សិស្សក្នុង​នគរតក្កសិលា ស្តេចទ្រង់​វិរោធ​ឆួលឆេះ​ក្នុងព្រះឱរា ទើបចាត់ការ​បញ្ជូន​ទូតទៅ ដោយតាំង​ព្រះ​ហឫទ័យថា យើងនឹង​សម្លាប់​អាចារ្យនោះ ។ លោកគ្រអាចារ្យ បានទទួល​ការអញ្ជើញពី​ព្រះរាជា​ក្រុងពារាណសី​​ហើយ ក៏គិតថា ក្នុងពេល​ដែលព្រះរាជា​នៅក្មេង ដូច្នេះ យើងមិនអាច​ឲ្យទ្រង់យល់​បានឡើយ គិតហើយ គាត់ក៏​មិនបាន​ទៅក្នុងពេល​នោះដែរ ។ លុះដល់​វេលាដែល​ព្រះរាជានោះ ចូលដល់​មជ្ឈិមវ័យ​ហើយ ទើបលោកគ្រូ​អាចារ្យ​គិតថា ឥឡូវនេះ យើងអាចធ្វើ​ឲ្យព្រះរាជា​ក្រុងពារាណសី​យល់បាន ទើបធ្វើដំណើរ​រហូតចូល​ដល់ក្រុង​​ពារាណសី ហើយឈរ​នៅនាខ្លោងទ្វារ​ព្រះរាជវាំង ឲ្យគេក្រាប​ទូលថា អាចារ្យ​ពីនគរតក្កសិលា​មកហើយ ។ ព្រះ​រាជា​ទ្រង់សោមនស្ស​ត្រេកអរ បង្គាប់ឲ្យ​នាំលោក​គ្រូអាចារ្យ​ចូលមក គ្រាន់តែទ្រង់​ទតព្រះនេត្រ​ឃើញលោកគ្រូ​​អាចារ្យ​ដែលចូល​មកគាល់ភ្លាម ទ្រង់ពិរោធ​រហូតដល់​ព្រះនេត្រ​ទាំងពីរឡើង​ក្រហម ហើយត្រាស់​ហៅអាមាត្យ​​ទាំងឡាយ​មកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះ​ហើយ វាយយើង​ឲ្យបែកខ្នង នៅស្នាម​រហូតដល់​សព្វថ្ងៃ ឥឡូវគេ​មករកសេចក្តី​ស្លាប់​ដោយមិនដឹង​ខ្លួនថា អាត្មាអញ នឹងស្លាប់​ក្នុងថ្ងៃនេះ ។ រួចហើយ​ព្រះរាជាបាន​ត្រាស់​ទៅ​រកលោក​គ្រូអាចារ្យ ដោយគាថា ដែលមាន​សេចក្តីថា

អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយ​យើងដោយរំពាត់ ព្រោះហេតុ​តែល្ងមួយក្តាប់ ការវាយ​យើងដោយ​​រំពាត់ ព្រោះហេតុតែ​ល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុង​ចិត្តរបស់​យើងដរាប​ដល់ថ្ងៃនេះ។

ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុង​ជីវិតរបស់អ្នក​ហើយឬ ទើបបាន​ជាមករក​យើងដល់ទីនេះ អំពើដែល​អ្នកឲ្យគេ​ចាប់​ដៃយើងម្ខាងម្នាក់ ហើយអ្នក​បានវាយ​យើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នង​ដល់អ្នកវិញ​ក្នុងថ្ងៃនេះឯង ។

លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖

អរិយោ អនរិយំ កុព្វន្តំ         យោ ទណ្ឌេន និសេធតិ

សាសនំ តំ ន តំ វេរំ             ឥតិ នំ បណ្ឌិតា វិទូ។

អរិយជនណា ហាមឃាត់នូវបុគ្គល​មិនប្រសើរ មានការដាក់​ទោសដល់អ្នក​ដែល​ប្រព្រឹត្តអាក្រក់ អំពើរបស់​​អរិយជន​នោះ រាប់ថាជា​ការប្រៀន​ប្រដៅ គឺមិនមែន​ជាពៀរឡើយ បណ្ឌិត​ទាំងឡាយ រមែង​ដឹងច្បាស់​នូវ​ហេតុនោះ ដូច្នេះឯង ។

បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គ​ក៏សូមទ្រង់​ជ្រាបយ៉ាងនេះចុះ ព្រះអង្គ​មិនគួរសាង​កម្មពៀរ​ក្នុង​សភាព​បែបនេះឡើយ ។ ប្រសិនបើ​ក្នុងកាលនោះ ទូលព្រះបង្គំ មិនបាន​ទូន្មានប្រៀន​ប្រដៅ​ព្រះអង្គទេ បន្តមក​ទៀត ទ្រង់នឹង​លួចនំ លួចស្ករក្រួស និងផ្លែឈើ​ជាដើម ម៉្លោះហើយ ទ្រង់នឹងធ្លាក់​ក្នុងចោរកម្ម​ផ្សេងៗ រហូតដល់​​លួចប្លន់ សម្លាប់មនុស្ស​តាមផ្លូវ សម្លាប់អ្នក​ស្រុក ទីបំផុត ត្រូវគេចាប់​បាន ព្រមទាំងភ័ស្តុតាង​ទូលដល់ព្រះរាជា ទ្រង់នឹង​ទទួល​នូវភ័យ គឺអាជ្ញា ដោយ​ព្រះតម្រាស់ថា ពួកអ្នក​ចូរដាក់​អាជ្ញា ឲ្យសមគួរ​ដល់ទោស​របស់ចោរនេះ ដូច្នោះ តើសម្បត្តិ​មានសភាព​បែបនេះ នឹងសម្រេច​ដល់ព្រះអង្គ​បាន​ដូចម្តេចទៅ តាមពិត ទ្រង់បាន​ដល់នូវ​សភាព​ជាធំយ៉ាង​រៀបរយដូច្នេះ ក៏ព្រោះ​អាស្រ័យ​ទូលព្រះបង្គំ​ជាខ្ញុំហ្នឹង​ឯង មិនមែនទេឬ ? លោកគ្រូអាចារ្យ​បានធ្វើឲ្យ​ព្រះរាជា​ទទួលព្រម​ដោយប្រការ​ដូចពោល​មកនេះឯង ។

ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យ​លោកគ្រូអាចារ្យ​ហើយ ទើបក្រាប​ទូលថា ព្រះករុណា​ថ្លៃវិសេស ពាក្យដែល​លោកអាចារ្យ​ពោលនេះ ជាការពិតណាស់ ភាព​ជាធំនេះ គឺជារបស់​លោកអាចារ្យ​​របស់ព្រះអង្គ​ដោយពិត ។ ខណៈនោះ ព្រះរាជា​ទ្រង់កំណត់​បាន ទ្រង់ដឹង​គុណ​លោកគ្រូ​អាចារ្យ ទើបត្រាស់ថា បពិត្រ​លោកអាចារ្យ ខ្ញុំសូមជូន​នូវភាព​ជាធំនេះ ដល់លោក សូមលោក​ទទួលនូវ​រាជសម្បត្តិ​នេះចុះ ។ លោកគ្រូ​​អាចារ្យ​បដិសេធថា ទូលព្រះបង្គំ​ជាខ្ញុំ មិនត្រូវការ​នូវរាជសម្បត្តិ​ឡើយ ។ ព្រះរាជា​ទ្រង់បាន​បញ្ជូនដំណឹង​ទៅកាន់​​នគរតក្កសិលា ឲ្យនាំបុត្រ និងភរិយា​របស់លោក​គ្រូអាចារ្យមក ហើយទ្រង់​ប្រទាន​ឥស្សរិយយស​ដ៏ធំ ដោយទ្រង់​តែងតាំង​លោកគ្រូអាចារ្យ​នោះឯង ក្នុងតំណែង​ជាបុរោហិត និងតាំងទុក​ក្នុងឋានៈជាបិតា ។ ព្រះរាជា​តាំងនៅក្នុង​ឱវាទ​របស់​បុរោហិត បំពេញបុណ្យ​ទាំងឡាយ មានទាន​ជាដើម និងមាន​សុគតិភព​ប្រព្រឹត្តទៅខាងមុខ ។

ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់​នាំយកនូវ​ព្រះធម៌ទេសនា​នេះ មកសម្តែង​រួចហើយ ព្រះអង្គ​ទ្រង់ប្រកាស​​ចតុរារិយសច្ច និង​ប្រជុំជាតក ។ ក្នុងវេលា​ចប់សច្ចកថា ភិក្ខុដែល​ច្រើនទៅ​ដោយសេចក្តី​ក្រោធ បានតាំងនៅ​ក្នុង​​អនាគាមិផល បរិស័ទដទៃៗ បានជា​ព្រះសោតាបន្ន និង​ព្រះសកទាគាមី ។

ព្រះរាជាក្នុងគ្រានោះ បានមក​ជាភិក្ខុដែល​ច្រើនទៅ​ដោយសេចក្តី​ក្រោធនេះឯង ចំណែក​លោកគ្រូ​អាចារ្យ គឺ​បាន​មកជា តថាគត

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩ ព្រមទាំងអដ្ឋកថា)

 

ប្រែដោយ ខេមរ អភិធម្មាវតារ