។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

តយោធម្មជាតក

(រឿង វានរិន្ទពោធិសត្វមានធម៌ ៣ យ៉ាង)

ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅ​ព្រះវេឡុវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​ការដែល​ភិក្ខុ​ទេវទត្ត​ខិតខំ​ប្រឹងប្រែង​ធ្វើឃាត​ព្រះអង្គ​នោះឯង ទើបត្រាស់​ព្រះធម៌ទេសនា​នេះ មាន​ពាក្យ​ជាអាទិ៍​ថា យស្សេតេ ច តយោ ធម្មា ដូច្នេះ​ជាដើម។

 

ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្ត សោយរាជ​សម្បត្តិនៅ​ក្រុង​ពារាណសី ភិក្ខុទេវទត្ត កើតក្នុង​កំណើត​ពានរ គ្រប់គ្រង​ហ្វូងស្វា​ក្នុងដែនដី​នៃព្រៃហិមពាន្ត។ កាលកូនពានរ​ដែលអាស្រ័យ​នឹងខ្លួន​ចម្រើនធំ​ហើយ ពានរជា​ឪពុក​ចិត្តអាក្រក់ បានខាំ​ប្រដាប់​បន្តពូជ​នៃកូន​ពានរទាំង​នោះឲ្យ​ដាច់អស់ ព្រោះខ្លាចថា ពានរ​ទាំងនេះ​នឹងដណ្តើម​គ្រប់គ្រងហ្វូង។

 

ក្នុងគ្រានោះ ព្រះពោធិសត្វបានអាស្រ័យនឹងពានរ​ចិត្តអាក្រក់​នោះដែរ ហើយ​បដិសន្ធិ​ក្នុងផ្ទៃ​នៃនាង​ពានរ​មួយដែល​មានចិត្ត​ល្អ។ កាលដែល​នាងពានរ​ដឹងថា ខ្លួនមាន​គភ៌ហើយ ដើម្បី​នឹងរក្សា​គភ៌របស់​ខ្លួន ក៏បាន​ទៅកាន់​ជើងភ្នំដទៃ រហូត​ដល់មាន​គភ៌ចាស់​គ្រប់កំណត់ ក៏ប្រសូត​ព្រះពោធិសត្វ។ ព្រះពោធិសត្វ​ចម្រើនវ័យ ធំដឹងក្តី​ឡើង ជាសត្វ​ដែលសម្បូណ៌​ទៅដោយ​កម្លាំង ថ្ងៃមួយ​ក៏បាន​សួរម្តាយ :

 

កូន៖ ម៉ែ អ្នកណាជាឪពុករបស់កូន ?

ម៉ែ៖ កូនសម្លាញ់ ឪពុករបស់កូន​គ្រប់គ្រងហ្វូង​នៅភ្នំឯណោះ។

កូន៖ សូមម៉ែនាំកូនទៅរកឪពុកផង ណា៎ម៉ែ។

ម៉ែ៖ កូនអើយ កូនមិនអាចចូលទៅជិត​ឪពុករបស់​កូនបានទេ ព្រោះឪពុក​របស់កូន តែងតែ​ខាំប្រដាប់​បន្តពូជនៃ​កូនពានរ​ដែលអាស្រ័យ​នឹងខ្លួន​ដាច់អស់ ដោយខ្លាចថា មាន​ការដណ្តើម​គ្រប់គ្រងហ្វូង។

កូន៖ សូមម៉ែនាំកូនទៅចុះ កូននឹងបានដឹង។

 

នាងពានរ ក៏បាននាំព្រះពោធិសត្វមកកាន់សម្នាក់​ពានរ​ជាឪពុក។ ពានរនោះ​ឃើញកូន​របស់​ខ្លួន​ហើយ ក៏គិតថា កាលដែល​កូននេះ​ធំពេញ​វ័យឡើង នឹងមិន​ព្រមឲ្យ​យើងគ្រប់​គ្រងហ្វូង​ឡើយ។ ដូច្នេះ​យើងត្រូវ​សម្លាប់វា ក្នុងគ្រា​នេះតែម្តង គឺយើង​នឹងធ្វើដូច​ជាស្រឡាញ់​វាណាស់ យើង​ចាប់​ឱបវា រួចហើយ​យើងចាប់​ឱបវា​ឲ្យណែន ច្របាច់​ឲ្យស្លាប់ ឲ្យខាង​តែបាន។ ពានរ​ចិត្ត​ឃោរឃៅ បានពោល​ទៅកូនថា “មកនេះ​កូនសម្លាញ់ កូនទៅ​ណាអស់កាល​ដ៏យូរនេះ”។ ដូច្នេះ​ហើយ ក៏ចាប់​ព្រះពោធិសត្វ​ឱបរឹត បន្តិចមក ក៏រឹតឲ្យណែន។ ព្រះពោធិសត្វ មានកម្លាំង​ដូចដំរី ដឹងខ្លួនថា​មិនស្រួល ទើប​ឱបរឹត​តបវិញ​រហូតដល់​បាក់ឆ្អឹង​ពានរ​ជាឪពុក។

 

លំដាប់នោះ ពានរជាឪពុក កើតគំនិតថា អានេះធំឡើង​វានឹង​សម្លាប់​យើង។ ដូច្នេះ​យើងត្រូវ​រក​ឧបាយកល ប្រញាប់​សម្លាប់​វាមុន។ រួចហើយ​ក៏គិតឃើញ​ថា មិនឆ្ងាយពីនេះ មានស្រះធំ​មួយដែល​មាន​អារក្សទឹក យើងនឹង​ឲ្យអារក្ស​ទឹកស៊ីវា​នៅនឹង​ស្រះនោះ។ ពានរជា​ឪពុក​បានពោល​នឹង​ព្រះពោធិសត្វ :

 

ឪពុក៖ កូនអើយ ឪពុកចាស់ហើយ ឪពុកចង់ប្រគល់ហ្វូង​ពានរ​ទាំងអស់​ឲ្យកូន​គ្រប់គ្រង។ ថ្ងៃនេះ យើងនឹង​តាំងកូនឲ្យ​ធ្វើជាប្រមុខ​ដឹកនាំ នៅត្រង់​នោះ​មានស្រះ​មួយ ក្នុងស្រះនោះ មាន​​ជលជាត​ច្រើនមុខ កូនទៅចុះ ទៅយកផ្កាកុមុទ ២ ផ្កា ផ្កាឧប្បល ៣ ផ្កា និងផ្កាបទុម ៥ ផ្កា ដែល​កំពុងរីក អំពីស្រះ​នោះមក។

 

កូន៖ ល្អណាស់ លោកឪពុក កូននឹងទៅភ្លាម។

 

ព្រះពោធិសត្វទៅហើយ ប៉ុន្តែមិនប្រញាប់ប្រញាល់​ចុះទៅ​ក្នុងស្រះឡើយ នៅត្រួត​មើលស្នាម​ជើងជុំ​វិញមាត់​ស្រះនោះ។ កាលដែល​ត្រួតមើល ក៏បាន​ឃើញតែ​ស្នាមចុះ​ប៉ុណ្ណោះ មិន​ឃើញ​ស្នាមជើង​ឡើងមក​វិញទេ ក៏ដឹងថា ស្រះនេះ​ប្រាកដ​ជាមាន​អារក្សទឹក។ ឪពុកយើង មិនអាច​សម្លាប់យើង​បានដោយ​ខ្លួនឯង មានបំណង​ឲ្យអារក្សទឹក​ស៊ីយើង។ ដូច្នេះ យើង​នឹងមិន​ចុះក្នុង​ស្រះទឹក​នេះឡើយ ហើយ​ត្រូវយកផ្កា​ទាំងនេះ​ឲ្យបាន។

 

ព្រះពោធិសត្វដើរទៅកាន់ទីដែលមិនមានទឹក កាច់បានផ្កា ២ ហើយលោត​ទៅត្រើយម្ខាង និង​លោត​ត្រឡប់មក​វិញ ស្រវាបានផ្កា ២ ទៀត។ ដោយ​ឧបាយ​នេះឯង ព្រះពោធិសត្វ​បានផ្កា​ទាំងកង ដោយ​មិនបាច់​ចុះទៅក្នុងទឹក ដែលជា​ទីឋិតនៅ​ក្នុងអាជ្ញា​របស់​អារក្សទឹក​នោះ​ឡើយ។

 

គ្រានោះ អារក្សទឹក មានសេចក្តីត្រិះរិះថា អច្ឆរិយបុរស​នេះ មានបញ្ញា​ណាស់ យើង​មិនធ្លាប់​ឃើញ​ទេ ក្នុងជីវិត​របស់​យើងនេះ ផ្កាជលជាត​ទាំងឡាយ ក៏យកបាន​តាមប្រាថ្នា ទាំងដែល​មិនត្រូវ​ចុះកាន់​ស្ថានដែល​ជាកន្លែង​ឋិតក្នុង​អាជ្ញារបស់​យើងទៀត។ អារក្សទឹក​បានផុស​ចេញ​ពីទឹក ឡើងទៅ​រក​ព្រះពោធិសត្វ ហើយបាន​ពោលថា “បពិត្រវានរិន្ទ ក្នុងលោកនេះ បុគ្គល​ណា មានធម៌ ៣ ប្រការ បុគ្គលនោះ រមែង​គ្របសង្កត់​បច្ចាមិត្តបាន អស្ចារ្យណាស់ ក្នុងខ្លួន​របស់​អ្នក គឺមានធម៌​ទាំងនោះ គ្រប់ប្រការ​ជាប្រាកដ”។

 

កាលដែលអារក្សទឹកអបអរសាទរព្រះពោធិសត្វ ទើបពោល​នូវគាថានេះ ដោយ​សេចក្តីថា ៖

យស្ស ឯតេ តយោ ធម្មា, វានរិន្ទ យថា តវ;

ទក្ខិយំ សូរិយំ បញ្ញា, ទិដ្ឋំ សោ អតិវត្តតិ។

បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៣ ប្រការ ដូចអ្នក គឺសេចក្តីសង្វាត ១ សេចក្តីក្លៀវក្លា ១ បញ្ញា ១ បុគ្គលនោះ រមែងកន្លង​បង់នូវ​សត្រូវបាន។

 

បណ្តាបទទាំងនោះ បទថា ទក្ខិយំ បានដល់ ភាពជាអ្នក​មានព្យាយាម​ខ្លាំងក្លា។ បទនេះ ជាឈ្មោះ​នៃសេចក្តី​ព្យាយាម​ដ៏ខ្ពស់ ដែលប្រកប​ព្រមដោយ​មូល គឺបញ្ញា កម្ចាត់​បង់ភ័យ​គ្រប់ប្រការ​ដែលមក​ដល់ខ្លួន។

 

បទថា សូរិយំ បានដល់ ភាពជាអ្នកក្លាហាន។ បទនេះ ជាឈ្មោះ​នៃធម៌​ដែលមិន​ញញើត​ខ្លាច។

 

បទថា បញ្ញា នេះជាឈ្មោះ​នៃការដឹង​ឧបាយ ដែលជា​ចំណុចចាប់​ផ្តើមនៃ​ប្រាកដផល។

 

អារក្ស​ទឹកនោះ អបអរសាទរ​ដល់​ព្រះពោធិសត្វ ដែលមាន​គុណធម៌​ទាំង ៣ ប្រការ ដោយ​គាថា​នេះហើយ ក៏សួរ​ព្រះពោធិសត្វ :

អារក្សទឹក៖ លោកយកផ្កាជលជាតទាំងនេះទៅធ្វើអ្វី?

ព្រះពោធិសត្វ៖ ឪពុករបស់យើង ប្រាថ្នានឹងតាំង​យើងឲ្យ​ជាអ្នកដឹកនាំ យើងយក​ទៅព្រោះ​ហេតុនោះ​ឯង។

អារក្សទឹក៖ ឧត្តមបុរសដូចលោក មិនគួរនឹងនាំយកផ្កា​ទាំងនេះ​ទៅដោយ​ខ្លួនឯងទេ ខ្ញុំជាអ្នក​នាំយក​ទៅឲ្យ។

 

អារក្សទឹកបានចាប់ក្តោបយកផ្កា ដើរតាមក្រោយ​ព្រះពោធិសត្វ​ទៅ។ គ្រានោះ បិតារបស់​ព្រះពោធិសត្វ បានមើល​ឃើញពី​ចម្ងាយ ហើយគិតថា យើង​បញ្ជូនវាទៅ ឲ្យវាទៅ​ជាអាហារ​របស់​អារក្សទឹក ឥឡូវនេះ វាត្រឡប់​ជាប្រើឲ្យ​អារក្សទឹក​កាន់ផ្កា​ដើរមក​តាម​ក្រោយវា ពេលនេះ​យើងវិនាស​ហើយ យើងសែន​ឈឺចាប់ណាស់។ ពេលនោះ ពានរចិត្ត​ឃោរឃៅ បានស្លាប់​បាត់បង់​ជីវិត ដោយបែក​ធ្លាយ​បេះដូចជា ៧ ចំណែក។ ហ្វូងពានរ បានប្រជុំ​គ្នាលើក​ព្រះពោធិសត្វ​ឲ្យជាស្តេច​ដឹកនាំពួកខ្លួន ក្នុងដែនដី​នៃព្រៃ​ហិមពាន្ត​នោះឯង។

 

ព្រះបរមសាស្តា កាលដែលទ្រង់នាំយកព្រះធម៌ទេសនានេះ​មកហើយ ទ្រង់បន្ត​អនុសន្ធិ​ប្រជុំ​ជាតកថា

តទា យូថបតិ ទេវទត្តោ អហោសិ ពានរជាមេហ្វូង​ក្នុងកាល​នោះ បានមក​ជាភិក្ខុ​ទេវទត្ត។

យូថបតិបុត្តោ បន អហមេវ អហោសឹ ឯចំណែកពានរជាកូននៃស្ដេចស្វា គឺ​តថាគត​នេះឯង។

ចប់ តយោធម្មជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អាសីសវគ្គ បិដកលេខ ៥៨ ទំព័រ ២៥)

ប្រែដោយ ស.ដ.វ.ថ.