។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ឈានសោធនជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ការព្យាករ​ដ៏ពិស្ដារ​របស់ព្រះ​ធម្មសេនាបតី​ដែល​ព្រះអង្គ​សួរបញ្ហា​យ៉ាងសង្ខេប ត្រង់ទ្វារ​នគរសង្កស្សៈ បានត្រាស់​ព្រះ​ធម្មទេសនា​នេះ មានពាក្យថា យេ សញ្ញិនោ ដូច្នេះ​ជាដើម។

 

នេះជារឿងរ៉ាវអតីត ក្នុងការព្យាករបញ្ហានោះ បានឮមកថា ក្នុង​អតីតកាល កាល​ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ក្នុងកាល​នោះ ព្រះពោធិសត្វ​កំពុង​ធ្វើកាល​កិរិយា ត្រូវពួក​អន្តេវាសិក​សួរ ក៏ពោលថា នេវសញ្ញីនាសញ្ញី។បេ។ (ដូចគ្នា​នឹងរឿង​ក្នុង​បរោសហស្សជាតក) តាបស​ទាំងឡាយ​មិនកាន់​យកពាក្យ​របស់​ជេដ្ឋន្តេវាសិក (សិស្ស​ជា​ប្រធាន)។ ព្រះពោធិសត្វ​មកអំពី​អាភស្សរភូមិ ឈរឋិតនៅ​កណ្ដាល​អាកាស ពោល​គាថា​នេះថា

យេ សញ្ញិនោ តេបិ ទុគ្គតា, យេបិ អសញ្ញិនោ តេបិ ទុគ្គតា;

ឯតំ ឧភយំ វិវជ្ជយ, តំ សមាបត្តិសុខំ អនង្គណំ។

ពួកសត្វណា មានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត (មិនបាន​សមាបត្តិ) ពួកសត្វណា​មិនមាន​សញ្ញា ពួកសត្វ​នោះក៏ទុគ៌ត អ្នកចូរវៀរ​នូវសត្វ​ទាំងពីរ​ពួកនោះចេញ សុខដែល​កើតអំពី​សមាបត្តិ​នោះ ឈ្មោះថា មិនមាន​ទីទួលគឺ កិលេសឡើយ។

 

បណ្ដាបទទាំងនោះ បទថា យេ សញ្ញិនោ នេះ លោកសម្ដែង​ពួកសត្វ​ដែលមាន​ចិត្តដ៏សេស វៀរអ្នក​បាន​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ បទថា តេបិ ទុគ្គតា សេចក្ដីថា សូម្បី​ពួកសត្វ​ទាំងនោះ ឈ្មោះថា ទុគ៌ត ព្រោះភាព​ជាអ្នកមិន​បាន​សមាបត្តិ​ទាំង​ឡាយនោះ។ បទថា យេបិ អសញ្ញិនោ នេះ លោកសម្ដែង​ពួកសត្វ​ដែលមិន​មានចិត្ត​ដែលកើត​ក្នុងអសញ្ញិភព។ បទថា តេបិ ទុគ្គតា សេចក្ដីថា សូម្បីសត្វ​ទាំងនោះ ក៏ឈ្មោះថា ទុគ៌ត ក៏ព្រោះភាព​ជាអ្នក​មិនបាន​សមាបត្តិ​នោះឯង។ បទថា ឯតំ ឧភយំ វិវជ្ជយ សេចក្ដីថា ព្រះពោធិសត្វ​ឲ្យ​ឱវាទ​ដល់​អន្តេវាសិក​ថា អ្នកទាំង​ឡាយចូរវៀរ ចូរលះ​សូម្បី​ទាំងពីរ​នោះ គឺ សញ្ញិភព និង​អសញ្ញិភព។ បទថា តំ សមាបត្តិសុខំ អនង្គណំ សេចក្ដីថា សេចក្ដី​សុខក្នុង​ឈាននោះ ដែល​រាប់ថាជា​សុខ ដោយអត្ថថា ស្ងប់រម្ងាប់ របស់អ្នក​បាន​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ ឈ្មោះថា អនង្គណៈ មិនមានទោស ដោយ​សភាព​ជា​ពលវចិត្តេកគ្គតា។

 

ព្រះពោធិសត្វសម្ដែងធម៌យ៉ាងនេះហើយ ពោលគុណ​របស់​អន្តេវាសិក រួចក៏ទៅកាន់​ព្រហ្មលោក​វិញ។ ក្នុងគ្រានោះ តាបស​ទាំងឡាយ​ដ៏សេស ក៏ជឿពាក្យ​របស់​ជេដ្ឋន្តេវាសិក។

 

ព្រះសាស្ដា​នាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រជុំ​ជាតកថា

តទា ជេដ្ឋន្តេវាសិកោ សារិបុត្តោ ជេដ្ឋន្តេវាសិក​ក្នុងកាលនោះ បានមកជា​សារីបុត្រ

មហាព្រហ្មា បន អហមេវ អហោសឹ ចំណែកមហាព្រហ្ម គឺ តថាគតនេះឯង។

ចប់ ឈានសោធនជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៥៩)

ប្រែដោយ ស.ដ.វ.ថ.