នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ជុណ្ហជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវពរ​ដែលព្រះអានន្ទត្ថេរ​បានទទួល ទើបត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះ​ជាដើម ។

 

ពិតមែនហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគ មិនមាន​អ្នកឧបដ្ឋាក​ឲ្យជាប់​ជានិច្ច អស់កាល ២០ វស្សា ។ ជួនកាល ព្រះថេរនាគសមាលៈ, ជួនកាល ព្រះនាគិតៈ, ជួនកាល ព្រះឧបវាណៈ, ជួនកាល ព្រះសុនក្ខត្តៈ, ជួនកាល ព្រះចន្ទៈ, ជួនកាល ព្រះនន្ទៈ, ជួនកាល ព្រះសាគតៈ, ជួនកាល ព្រះមេឃិយៈ ជាអ្នកឧបដ្ឋាក​ព្រះមានព្រះភាគ ។ ក្នុងថ្ងៃមួយ ព្រះមានព្រះភាគ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត​ចាស់ហើយ ភិក្ខុទាំងឡាយខ្លះ កាលតថាគត​ពោលថា យើងនឹង​ទៅដោយ​ផ្លូវនេះ ក៏នាំគ្នា​ទៅដោយ​ផ្លូវដទៃ ភិក្ខុពួកខ្លះ ដាក់ចុះនូវ​បាត្រ និងចីវរ​របស់​តថាគត​លើផែនដី អ្នកទាំងឡាយ ចូរដឹងនូវ​ភិក្ខុមួយរូប ឲ្យជាអ្នក​ឧបដ្ឋាក​របស់​តថាគត​ជាប់ជានិច្ច ។ ព្រះមានព្រះភាគ ទ្រង់ហាម​ព្រះថេរៈ​ទាំងឡាយ មានព្រះសារីបុត្រ​ជាដើម ដែលក្រោក​ឡើង ផ្គង​អញ្ជលី ដោយ​សិរសា ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ​នឹងឧបដ្ឋាក ខ្ញុំព្រះអង្គ​នឹងឧបដ្ឋាក ដោយ​ព្រះតម្រាស់​ថា កុំឡើយ អ្នកទាំងឡាយ សេចក្ដីប្រាថ្នា​របស់អ្នក​ទាំងឡាយ ដល់បំផុត​ហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយ ពោលនឹង​ព្រះអានន្ទត្ថេរ​ថា ម្នាល​អាវុសោ អ្នកចូរ​សូមតំណែង​ជាអ្នក​ឧបដ្ឋាក ។ ព្រះអានន្ទត្ថេរ សូមពរ​ទាំងឡាយ ៨ នេះគឺ ការបដិសេធ ៤ ការសូមអង្វរ ៤ គឺថា

១. សចេ មេ ភន្តេ ភគវា អត្តនា លទ្ធចីវរំ ន ទស្សតិ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូមព្រះមានព្រះភាគ កុំប្រទាន​ចីវរ ដែលព្រះអង្គ​បានមក ដល់ខ្ញុំ​ព្រះអង្គ ។

២. បិណ្ឌបាតំ ន ទស្សតិ សូមព្រះមានព្រះភាគ កុំប្រទាន​បិណ្ឌបាត​ដល់ខ្ញុំព្រះអង្គ ។

៣. ឯកគន្ធកុដិយំ វសិតុំ ន ទស្សតិ សូមព្រះមានព្រះភាគ កុំប្រទាន​ការនៅ​ក្នុងព្រះគន្ធកុដិ​តែមួយ ជាមួយនឹង​ខ្ញុំព្រះអង្គ  ។

៤. មំ គហេត្វា និមន្តនំ ន គមិស្សតិ សូមព្រះមានព្រះភាគ កុំកាន់​យកខ្ញុំ​ព្រះអង្គ ទៅកាន់​ទីនិមន្ត ។

៥. សចេ បន ភគវា មយា គហិតំ និមន្តនំ គមិស្សតិ សូម​ព្រះមានព្រះភាគ យាងទៅ​កាន់ទីនិមន្ត​ដែល​ខ្ញុំព្រះអង្គ​បានទទួល ។

៦. សចេ អហំ តិរោរដ្ឋា តិរោជនបទា ភគវន្តំ ទដ្ឋុំ អាគតំ បរិសំ អាគតក្ខណេយេវ ទស្សេតុំ លភិស្សាមិ ប្រសិនបើ​ខ្ញុំព្រះអង្គ នាំបរិស័ទ​ដែលមកគាល់​ព្រះមានព្រះភាគ ដែលមក​អំពីខាង​ក្រៅដែន អំពីខាង​ក្រៅជនបទ ខ្ញុំព្រះអង្គ នឹងបានដើម្បី​នឹងសម្ដែង​នូវបរិស័ទ​នោះ ក្នុងខណៈ​ដែលនាំ​មកនោះឯង ។

៧. យទា មេ កង្ខា ឧប្បជ្ជតិ, តស្មិំ ខណេយេវ ភគវន្តំ ឧបសង្កមិតុំ លភិស្សាមិ សេចក្ដី​សង្ស័យ​នឹងកើតឡើង​ដល់ខ្ញុំព្រះអង្គ​ក្នុងកាលណា ខ្ញុំព្រះអង្គ នឹងបាន​ដើម្បីចូល​គាល់​ព្រះមានព្រះភាគ ក្នុងខណៈ​នោះឯង ។

៨. សចេ យំ ភគវា មម បរម្មុខា ធម្មំ កថេតិ, តំ អាគន្ត្វា មយ្ហំ កថេស្សតិ បើ​ព្រះមានព្រះភាគ សម្ដែងធម៌​ណា ក្នុងទីកំបាំង​របស់ខ្ញុំ​ព្រះអង្គ ហើយយាង​មក សូមទ្រង់​សម្ដែងធម៌​នោះ​ដល់ខ្ញុំ​ព្រះអង្គ ។

 

ខ្ញុំព្រះអង្គនឹងឧបដ្ឋាកព្រះមានព្រះភាគ ដោយអាការៈ​យ៉ាងនេះ ចំណែក​ព្រះមានព្រះភាគ ក៏បានប្រទាន​ហើយ​ដល់​ព្រះអានន្ទ ។ ចាប់តាំង​អំពីពេល​នោះមក ព្រះអានន្ទនោះ ក៏បានជាអ្នក​ឧបដ្ឋាក​ជាប់ជានិច្ច អស់កាល ២៥ វស្សា ។ ព្រះអានន្ទ​ដល់នូវ​ការតាំងទុក​ក្នុងឋានៈ​ជាឯតទគ្គៈ ៥ និងប្រកប​ដោយ​សម្បទា ៧ នេះ គឺ អាគមសម្បទា (ដល់ព្រម​ដោយ​បរិយត្តិ) ១ អធិគមសម្បទា (ដល់ព្រម​ដោយការ​ចាក់ធ្លុះ) ១ បុព្វហេតុសម្បទា (ដល់ព្រម​ដោយហេតុ​ជាខាងដើម) ១ អត្តត្ថបរិបុច្ឆាសម្បទា (ដល់ព្រម​ដោយការ​សួរដើម្បី​ប្រយោជ៍​ដល់ខ្លួន) ១ តិត្ថវាសសម្បទា (ដល់ព្រម​ដោយការ​នៅដោយ​ឧបាយ) ១ យោនិសោមនសិការសម្បទា (ដល់ព្រម​ដោយការ​ធ្វើទុកក្នុង​ដោយឧបាយ​នៃ​ប្រាជ្ញា) ១ ពុទ្ធូបនិស្សយសម្បទា (ដល់ព្រម​ដោយ​ឧបនិស្ស័យ​នៃការ​ត្រាស់ដឹង) ១ ហើយបាន​ទទួល​មត៌ក គឺពរ ៨ ប្រការ ក្នុងសម្នាក់​នៃព្រះពុទ្ធ លោកប្រាកដ (ល្បីល្បាញ) ក្នុង​ព្រះពុទ្ធសាសនា ប្រាកដ​ដូចជា​ព្រះចន្ទ្រ​ក្នុងកណ្ដាល​អាកាស ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថា​ឲ្យតាំងឡើង​ក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគត​បានឲ្យ​ព្រះអានន្ទត្ថេរ​ត្រេកអរ​ដោយការ​ប្រទានពរ ។ ព្រះសាស្ដា ស្ដេចយាងហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំ​គ្នាដោយ​កថាអ្វី កាលភិក្ខុ​ទាំងឡាយ​ទូលថា ដោយកថា​ឈ្មោះនេះ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះ​ទេ សូម្បីក្នុង​កាលមុន តថាគត​ក៏បានឲ្យ​អានន្ទ​ត្រេកអរ​ដោយពរដែរ សូម្បីពរ​ណាៗ ដែលអានន្ទ​សូមហើយ តថាគត​ក៏បានឲ្យ​ពរនោះៗ ដូច្នេះហើយ ទើបព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី គ្រានោះ ព្រះពោធិសត្វ បានជាបុត្រ​របស់ព្រះរាជា​នោះ ទ្រង់មាន​ព្រះនាមថា ជុណ្ហកុមារ ស្ដេចបាន​សិក្សា​សិល្បសាស្ត្រ​ក្នុងនគរតក្កសិលា ព្រះអង្គ​ឲ្យការប្រកប​រឿយៗ​ដល់អាចារ្យ ក្នុងវេលា​ងងឹត​ដែលជា​ចំណែក​នៃរាត្រី ទើបចេញ​អំពីផ្ទះ​របស់អាចារ្យ ទៅកាន់​លំនៅរបស់ខ្លួន​ដោយរហ័ស ។ កាលមិនឃើញ​ព្រាហ្មណ៍​ណាមួយ ដែលត្រាច់​បិណ្ឌបាត មកកាន់​លំនៅរបស់​ខ្លួន បានប្រហារ (ពេលរត់​ទៅបាន​កៀរ) ភាជនៈភត្ត​របស់ព្រាហ្មណ៍​នោះ ដោយដើម​ដៃឲ្យបែក ព្រាហ្មណ៍​ដួលចុះ ហើយស្រែកយំ ។ ព្រះកុមារ​បានត្រឡប់​មកវិញ​ដោយសេចក្ដី​ករុណា កាន់ដៃ​ព្រាហ្មណ៍នោះ ឲ្យងើបឡើង ។ ព្រាហ្មណ៍​ពោលថា នែអ្នក អ្នកធ្វើភាជនៈ​ភិក្ខា​របស់យើង​ឲ្យបែកហើយ អ្នកចូរឲ្យ​តម្លៃនៃភត្ត​ដល់យើង ។ ព្រះកុមារ​ពោលថា បពិត្រ​ព្រាហ្មណ៍ ឥឡូវនេះ ខ្ញុំមិនអាច​ឲ្យតម្លៃនៃ​ភត្តដល់លោក​បានទេ ខ្ញុំជាបុត្រ​របស់ព្រះរាជា​ដែនកាសី ឈ្មោះ ជុណ្ហកុមារ ចាំខ្ញុំបាន​តាំងនៅក្នុង​រាជសម្បត្តិ​សិន សូមលោក​មកសូមទ្រព្យ​នឹងខ្ញុំចុះ ដូច្នេះហើយ កាលសិក្សា​សិប្បៈចប់ហើយ ព្រះកុមារ​ថ្វាយបង្គំ​លាអាចារ្យ ទៅកាន់​នគរ​ពារាណសី ហើយសម្ដែង​សិប្បៈដល់​ព្រះរាជបិតា ។ ព្រះរាជ​បិតាគិតថា យើងកាល​មានជីវិត​នឹងឃើញបុត្រ យើងនឹង​ឃើញនូវបុត្រ​នោះបាន​ជាស្ដេច គិតដូច្នេះ​ហើយ ទើបអភិសេក​បុត្រក្នុង​រាជសម្បត្តិ ។ ព្រះរាជបុត្រនោះ បានជាព្រះរាជា មានព្រះនាម​ថា ជុណ្ហរាជ ហើយធ្វើ​រាជប្រកប​ដោយធម៌ ។ ព្រាហ្មណ៍​បានស្ដាប់​រឿងនោះ​ហើយ គិតថា ឥឡូវនេះ យើងនឹង​ទៅនាំយក​តម្លៃភត្ត​របស់យើង ដូច្នេះហើយ ទើបទៅ​កាន់​នគរ​ពារាណសី គាត់បាន​ឃើញព្រះរាជា កំពុងប្រទក្សិណ​នគរដែល​ប្រដាប់​តាក់តែង​ហើយ ក៏ឈរនៅ​លើទីខ្ពស់មួយ លាតដៃ ញ៉ាំងនូវ​សម្រែក​ជ័យ ។ លំដាប់នោះ ព្រះរាជា​ស្ដេចមិន​បានក្រឡេក​មើល​ព្រាហ្មណ៍​នោះឡើយ ហើយ​កន្លងទៅ ។ ព្រាហ្មណ៍​ដឹងថា ព្រះរាជា​មិនបាន​ឃើញ កាលញ៉ាំង​កថាឲ្យ​តាំងឡើង ទើបពោល​គាថាទី ១ ថា

សុណោហិ មយ្ហំ វចនំ ជនិន្ទ, អត្ថេន ជុណ្ហម្ហិ ឥធានុបត្តោ;

ន ព្រាហ្មណេ អទ្ធិកេ តិដ្ឋមានេ, គន្តព្វមាហុ ទ្វិបទិន្ទ សេដ្ឋា។

បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គ​ស្តាប់​ពាក្យរបស់​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​មកក្នុង​ទីនេះ ដោយសេចក្តី​ត្រូវការ​ចំពោះ​ព្រះអង្គ ទ្រង់​ព្រះនាមជុណ្ហៈ បពិត្រ​ព្រះអង្គ​ប្រសើរបំផុត ជាងពួក​សត្វជើង​ពីរ បណ្ឌិតទាំងឡាយ​ពោលថា កាលព្រាហ្មណ៍​ជាអ្នក​ដំណើរ កំពុងឈរ (សូម) បុគ្គល​មិនត្រូវដើរ (ហួស) ទេ ។

 

ព្រះរាជាស្ដាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ ទើបបញ្ឈប់​ដំរីដោយ​កង្វេរពេជ្រ រួចពោល​គាថាទី ២ ថា

សុណោមិ តិដ្ឋាមិ វទេហិ ព្រហ្មេ, យេនាសិ អត្ថេន ឥធានុបត្តោ;

កំ វា ត្វមត្ថំ មយិ បត្ថយានោ, ឥធាគមោ ព្រហ្មេ តទិង្ឃ ព្រូហិ។

ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយ​ប្រយោជន៍​ណា ឬប្រាថ្នានូវ​ប្រយោជន៍អ្វី ចំពោះយើង ទើបមក​ក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់​នូវប្រយោជន៍​នោះចុះ ។

 

បន្ទាប់ពីនេះទៅ ទើបពោលគាថាដ៏សេស ដោយអំណាច​នៃពាក្យសួរ និងពាក្យឆ្លើយ របស់​ព្រះរាជា និងព្រាហ្មណ៍នោះ ។

 

(ព្រាហ្មណ៍ពោលថា)

ទទាហិ មេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ;

បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច មេ សាទិសី ទ្វេ ទទាហិ។

សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូល​ព្រះបង្គំ សូមប្រទាន​ភរិយា ២ នាក់ មានរូប​សណ្ឋាន​ដូចគ្នា ដល់ទូល​ព្រះបង្គំផង ។

 

(ព្រះរាជាត្រាស់ថា)

តបោ នុ តេ ព្រាហ្មណ ភឹសរូបោ, មន្តា នុ តេ ព្រាហ្មណ ចិត្តរូបា;

យក្ខា នុ តេ អស្សវា សន្តិ កេចិ, អត្ថំ វា មេ អភិជានាសិ កត្តំ។

ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈ​ដ៏ខ្លាំងដែរ​ឬ ម្នាល​ព្រាហ្មេណ៍ ក្រែងអ្នក​មានមន្ត​ទាំងឡាយ មានសភាព​ដ៏វិចិត្រ​ដែរឬ ក្រែងអ្នក​មានពួក​យក្សខ្លះ ជាអ្នកស្តាប់​ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់​នូវប្រយោជន៍ ដែល​អ្នកធ្វើហើយ ចំពោះយើងឬ ។

 

(ព្រាហ្មណ៍ពោលថា)

មេ តបោ អត្ថិ ន ចាបិ មន្តា, យក្ខាបិ មេ អស្សវា នត្ថិ កេចិ;

អត្ថម្បិ តេ នាភិជានាមិ កត្តំ, បុព្វេ ច ខោ សង្គតិមត្តមាសិ។

ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំ​ជាខ្ញុំមិនមាន​ពួកយក្សខ្លះ ជាអ្នក​ស្តាប់ទេ ទូលព្រះបង្គំ​ជាខ្ញុំ មិនដឹងច្បាស់​នូវប្រយោជន៍ ដែលទូល​ព្រះបង្គំជា​ខ្ញុំធ្វើហើយ ចំពោះ​ព្រះអង្គទេ ក្នុងកាល​មុន (ទូលព្រះបង្គំ​ជាខ្ញុំ នឹង​ព្រះអង្គ) គ្រាន់តែបាន​ជួបគ្នា​ប៉ុណ្ណោះ ។

 

(ព្រះរាជាត្រាស់ថា)

បឋមំ ឥទំ ទស្សនំ ជានតោ មេ, ន តាភិជានាមិ ឥតោ បុរត្ថា;

អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កទា កុហឹ វា អហុ សង្គមោ នោ។

តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់​អ្នកមុន អំពីកាល​នេះទេ យើងសួរ​ហើយ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះ យើងបាន​ជួបគ្នា ក្នុង​កាលណា ឬក្នុងទីណា ។

 

(ព្រាហ្មណ៍ពោល ២ គាថា ថា)

គន្ធាររាជស្ស បុរម្ហិ រម្មេ, អវសិម្ហសេ តក្កសីលាយំ ទេវ;

តត្ថន្ធការម្ហិ តិមីសិកាយំ, អំសេន អំសំ សមឃដ្ដយិម្ហ។

បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុង​ក្រុងតក្កសិលា ជាបុរីគួរ​ឲ្យត្រេកអរ របស់​សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិច​ស្មានឹងស្មា ក្នុងទី​ងងឹត ក្នុងរាត្រី​មានអ័ព្ទ​ដ៏ក្រាស់ ។

 

តេ តត្ថ ឋត្វាន ឧភោ ជនិន្ទ, សារាណិយំ វីតិសារយិម្ហ តត្ថ;

សាយេវ នោ សង្គតិមត្តមាសិ, តតោ ន បច្ឆា ន បុរេ អហោសិ។

បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរ​នាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់​ពាក្យគួរឲ្យ​រឭកក្នុង​ទីនោះ នោះឯង​ឈ្មោះថា ការជួបគ្នា​នៃយើងខ្ញុំ (ឯការជួបគ្នា) ខាងក្រោយ និងខាង​មុខ អំពីកាល​នោះ មិន​មានឡើយ ។

 

(ព្រះរាជាត្រាស់ ៤ ព្រះគាថា ថា)

យទា កទាចិ មនុជេសុ ព្រហ្មេ, សមាគមោ សប្បុរិសេន ហោតិ;

ន បណ្ឌិតា សង្គតិសន្ថវានិ, បុព្វេ កតំ វាបិ វិនាសយន្តិ។

មា្នលព្រាហ្មណ៍ ការជួបនឹងសប្បុរស ក្នុងពួកមនុស្ស ក្នុង​កាលណា ពួកបណ្ឌិត​មិនដែល​បំបាត់​ការជួប និងសេចក្តី​ស្និទ្ធស្នាល ឬគុណដែល​គេធ្វើហើយ ក្នុងកាលមុនទេ ។

 

ពាលាវ ខោ សង្គតិសន្ថវានិ, បុព្វេ កតំ វាបិ វិនាសយន្តិ;

ពហុម្បិ ពាលេសុ កតំ វិនស្សតិ, តថា ហិ ពាលា អកតញ្ញុរូបា។

ចំណែកខាងពួកពាល តែងបំបាត់ការជួប និងសេចក្តី​ស្និទ្ធស្នាល ឬគុណ​ដែល​គេធ្វើ ហើយក្នុង​កាលមុន គុណសូម្បីច្រើន ដែលគេ​ធ្វើហើយ ចំពោះ​ពួកពាល រមែងបាត់ទៅ ពិត​ដូច្នោះមែន ពួកពាល​មានសភាព​ជាមនុស្ស​អកតញ្ញូ ។

 

ធីរា ច ខោ សង្គតិសន្ថវានិ, បុព្វេ កតំ វាបិ ន នាសយន្តិ;

អប្បម្បិ ធីរេសុ កតំ ន នស្សតិ, តថា ហិ ធីរា សុកតញ្ញុរូបា។

ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការជួប និងសេចក្តីស្នទិ្ធស្នាល​ ឬគុណ​ដែលគេ​ធ្វើហើយ ក្នុងកាល​មុនទេ គុណសូម្បីតិច ដែលគេធ្វើ​ហើយ ចំពោះពួក​បណ្ឌិត រមែងមិនបាត់ ពិត​ដូច្នោះមែន ពួកបណ្ឌិត​មានសភាព​ជាមនុស្ស​កតញ្ញូល្អ ។

 

ទទាមិ តេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ;

បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច តេ សាទិសី ទ្វេ ទទាមិ។

យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យ​ភរិយាពីរ ដែលមាន​រូបសណ្ឋាន​ដូចគ្នា ដល់អ្នក ។

 

(ព្រាហ្មណ៍ពោលគាថាចុងក្រោយថា)

ឯវំ សតំ ហោតិ សមេច្ច រាជ, នក្ខត្តរាជារិវ តារកានំ;

អាបូរតី កាសិបតី តថាហំ, តយាបិ មេ សង្គមោ អជ្ជ លទ្ធោ។

បពិត្រព្រះរាជា ការជួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គ​ជាម្ចាស់​នៃដែន​កាសី ដូចយ៉ាង (ព្រះចន្ទ​ឋិតនៅក្នុង​កណ្តាល) នៃពួក​ផ្កាយ រមែងពេញ​ឡើង យ៉ាងណាមិញ ទូលព្រះ​បង្គំជាខ្ញុំ (ពេញ​ប្រៀបបដោយ​ស្រុក​ជាដើម ដែលព្រះអង្គ​ប្រទានក្នុង​ថ្ងៃនេះ ក៏យ៉ាង​នោះដែរ) ព្រោះការជួបនឹង​ព្រះអង្គ ​ខ្ញុំបានហើយ ក្នុងថ្ងៃនេះ ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បីកាលមុន តថាគត ក៏បានឲ្យ​អានន្ទ​ត្រេកអរ​ដោយ​ពរដែរ ដូច្នេះហើយ ព្រះអង្គ​ប្រជុំជាតកថា

តទា ព្រាហ្មណោ អានន្ទោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជា​អានន្ទ ។

រាជា បន អហមេវ អហោសឹ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។

ចប់ ជុណ្ហជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១២)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១