។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ជវសកុណជាតក ទី៨

(រឿងត្រសេះ និងសីហៈ)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​នឹងភាព​អកតញ្ញូ​របស់​ទេវទត្ត បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា អករម្ហស តេ កិច្ចំ ដូច្នេះ​ជាដើម។

 

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះ​ទេ សូម្បី​ក្នុងកាលមុន ទេវទត្ត​ក៏ធ្លាប់ជា​មនុស្ស​អកតញ្ញូ​ដែរ រួចទ្រង់​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតជា​សត្វ​ត្រសេះ ក្នុង​ហិមវន្ត​ប្រទេស។ លំដាប់​នោះ មានសីហៈ​មួយស៊ី​សាច់​ស្លាក់ឆ្អឹង​ជាប់ក ធ្វើឲ្យ​កវាហើម​ប៉ោង​ឈឺចាប់ មិនអាច​ចាប់ចំណី​បាន ប្រព្រឹត្ត​ទៅដោយ​ទុក្ខវេទនា​ដ៏ខ្លាំង។

 

គ្រានោះ សត្វត្រសេះ ឃើញសីហៈនោះកំពុង​ខ្វល់ខ្វាយ​នឹងចំណី ក៏ហើរ​ទំពួន​លើ​មែកឈើ ហើយ​សួរថា នែសម្លាញ់ អ្នកកើត​ទុក្ខ​ដូចម្ដេច? សត្វសីហៈ​ប្រាប់រឿង​រ៉ាវនោះទាំង​អស់។ ត្រសេះ​ពោធិសត្វ​និយាយថា នែសម្លាញ់ ខ្ញុំអាច​យកឆ្អឹង​នោះចេញ​បាន ប៉ុន្តែ​ខ្ញុំមិនហ៊ាន​ចូលក្នុង​មាត់អ្នកទេ ព្រោះខ្លាច​អ្នកស៊ីខ្ញុំ។ សត្វសីហៈ​ពោលថា នែសម្លាញ់ អ្នកកុំ​ភ័យអី ខ្ញុំមិន​ស៊ីអ្នកទេ សូមអ្នក​ឲ្យជីវិត​ខ្ញុំផង។

 

ព្រះពោធិសត្វទទួលថា ល្អ រួចក៏ឲ្យសីហៈ​ដេកផ្អៀង​ខាងឆ្វេង ហើយ​គិតថា អ្នកណា​នឹងដឹងថា សីហៈនេះ​នឹងធ្វើអ្វី? ដូច្នេះទើប​យកកំណាត់​ឈើ​ទល់មាត់​សីហៈ ទាំង​ខាងលើ និងទាំង​ខាងក្រោម ធ្វើមិន​ឲ្យសីហៈ​អាចបិទ​មាត់បាន ហើយ​ចូលទៅ​ក្នុងមាត់ យក​ចំពុះចឹកចុងឆ្អឹង ឆ្អឹងក៏​ធ្លាក់ទៅ។ ព្រះពោធិសត្វ​ទម្លាក់ឆ្អឹង​ហើយ ចេញពី​មាត់សីហៈ​វិញ រួចយកចំពុះ​ចឹកកំណាត់​ឈើឲ្យដួល ហើយ​ហើរចេញ​ទៅទំលើ​ចុងមែកឈើ។ សីហៈ ក៏បាន​ជាពី​ជំងឺ នៅថ្ងៃមួយ វាបាន​សម្លាប់​ក្របីព្រៃ​មួយស៊ី។ បក្សី​ពោធិសត្វ​គិតថា អញនឹង​សាកល្បង​សីហៈ​នោះ ដូច្នេះទើប​ហើរទៅ​ទំលើ​មែកឈើ ដែលនៅ​ខាងលើ​សីហៈ​នោះ កាលចរចា​ជាមួយ​នឹងសីហៈ ក៏ពោល​គាថាទី ១ ថា

 អករម្ហស តេ កិច្ចំ, យំ ពលំ អហុវម្ហសេ;

មិគរាជ នមោ ត្យត្ថុ, អបិ កិញ្ចិ លភាមសេ។

កម្លាំងណារបស់យើងមានហើយ យើងធ្វើ​កិច្ចដល់​អ្នកតាម​កម្លាំង​នោះ បពិត្រ​មិគរាជ ខ្ញុំសូម​ក្រាបថ្វាយ​បង្គំអ្នក យើងត្រូវ​បានសាច់​បន្តិច​បន្តួចខ្លះ។

 

សីហៈស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា

មម លោហិតភក្ខស្ស, និច្ចំ លុទ្ទានិ កុព្វតោ;

ទន្តន្តរគតោ សន្តោ, តំ ពហុំ យម្បិ ជីវសិ។

អ្នកឯងចូលទៅតាមចន្លោះនៃធ្មេញរបស់ខ្ញុំ ដែលជា​អ្នកស៊ី (សាច់) និងឈាម ធ្វើនូវ​អំពើ​អាក្រក់​ទាំងឡាយ​ជានិច្ច រស់នៅ​ដោយ​សាច់ណា សាច់នោះ​មានច្រើន។

 

បក្សីស្ដាប់ពាក្យនោះហើយ បានពោលគាថា ២ ទៀតថា

អកតញ្ញុមកត្តារំ, កតស្ស អប្បដិការកំ;

យស្មឹ កតញ្ញុតា នត្ថិ, និរត្ថា តស្ស សេវនា។

សេចក្ដីដឹងគុណដែលគេធ្វើហើយ មិនមានក្នុង​បុគ្គលណា ការសេព​គប់នឹង​បុគ្គល​អ្នកមិនដឹង​គុណ​ដែលគេ​ធ្វើហើយ មិនធ្វើ (គុណ​នឹងអ្នកណា) មិនតប​ស្នងសង​គុណដល់​អ្នកដែល​ធ្វើគុណ​ហើយដល់​ខ្លួននោះ ជាការ​ឥត​ប្រយោជន៍។

 

យស្ស សម្មុខចិណ្ណេន, មិត្តធម្មោ ន លព្ភតិ;

អនុសូយមនក្កោសំ, សណិកំ តម្ហា អបក្កមេ។

បណ្ឌិតមិនបានមិត្តធម៌ ដោយសារគុណ​ដែលខ្លួន​សន្សំហើយ ក្នុងទី​ចំពោះមុខ​បុគ្គល​ណា បណ្ឌិត​មិនត្រូវ​ឫស្យា មិន​ត្រូវជេរ ត្រូវតែ​គេចចេញ​ពីបុគ្គល​នោះ​ដោយ​សន្សឹមៗ។

 

បក្សីពោធិសត្វពោលយ៉ាងនេះហើយ ក៏ហើរចៀស​ចេញទៅ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំ​ជាតកថា

 

តទា សីហោ ទេវទត្តោ អហោសិ សីហៈក្នុងកាលនោះ បានមក​ជាទេវទត្ត

សកុណោ បន អហមេវ អហោសឹ បក្សី គឺតថាគត​នេះឯង។

សកុណជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៣)

ដោយ ស.ដ.វ.ថ.