។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ជវនហំសជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ     ( ជាដើម ) ។

( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា )

ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ  ឈរ​នៅក្នុង​ទិសទាំង ​៤​ ។ គ្រានោះ មានបុរសម្នាក់​ ​​ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង​ ៤ នាក់នេះ ដែលមានកម្លាំងមាំមួន​ បានសិក្សាដោយប្រពៃ មាន​សិល្បៈ​ស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤​ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញ​នឹងចាប់​នាំយក​សរ​ទាំងនោះ​មកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​សំគាល់​ហេតុទាំង​នោះ ដូចម្តេច បុរស​ដែលមាន​សំទុះ (នោះ) គេគួរ​នឹង​និយាយថា ជាអ្នក​​ប្រកប​ដោយ​​សំទុះ លឿនក្រៃលែង​បានឬទេ ។

ភិក្ខុទាំងឡាយ​ទូលថា យ៉ាងហ្នឹង​ហើយ​ព្រះអង្គ ។

ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរស​នោះយ៉ាងណាក្ដី សំទុះ​នៃព្រះចន្ទ្រ​និងព្រះអាទិត្យ​​​ដែលលឿន​ជាង​សំទុះ​បុរសនោះ​យ៉ាង​ណា​​ក្តី ម្នាលភិក្ខុ​ទាំង​ឡាយ​ សំទុះ​នៃ​បុរស​នោះ​យ៉ាងណាក្តី​ សំទុះនៃ​ព្រះចន្ទ្រ​និង​ព្រះអាទិត្យ​យ៉ាងណាក្តី​ សំទុះ​នៃទេវតា​ទាំងឡាយ ដែល​ស្ទុះ​ទៅ​ពីមុខ​​ព្រះចន្ទ្រ និងព្រះអាទិត្យ​នោះ លឿនជាង​សំទុះ​នៃ​ព្រះចន្ទ្រ​និងព្រះអាទិត្យ​នោះទៅ​ទៀត​យ៉ាងណាក្តី ។ ម្នាលភិក្ខុ​ទាំងឡាយ សំទុះ​នៃ​បុរស​​នោះ​យ៉ាង​ណាក្តី​​ សំទុះនៃ​​ព្រះចន្ទ្រ​និងព្រះអាទិត្យ​ទាំងឡាយ​​យ៉ាងណាក្តី​ សំទុះ​នៃទេវតា​ទាំងឡាយ​ ដែលស្ទុះ​ទៅអំពី​​ខាងមុខ​​ព្រះចន្ទ្រ​​និង​ព្រះអាទិត្យ​​យ៉ាង​ណា​ក្តី​ អាយុសង្ខារ​​​ទាំងឡាយ រមែង​អស់ទៅ​ឆាប់រហ័ស​ជាងសំទុះ​ទាំងនោះ​ទៅទៀត ។ ម្នាលភិក្ខុ​ទំាឡាយ​ ហេតុដូច្នេះ​ ក្នុង​សាសនា​នេះ​ អ្នក​ទាំងឡាយ​គប្បី​​សិក្សា​​យ៉ាងនេះថា យើង​ទាំងឡាយ​ ជា​អ្នកមិនប្រមាទ​ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសិក្សា​​យ៉ាងនេះចុះ ។

ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវ​ព្រះសូត្រនេះ ភិក្ខុទាំងឡាយ​​សន្ទនាគ្នា​​ក្នុង​សាលាធម្មសភា​ថា ម្នាលអ្នក​មាន​អាយុ​ទាំងឡាយ ព្រះសាស្ដា​​​ទ្រង់​តាំងនៅ​​ក្នុងពុទ្ធវិស័យ​​របស់​ព្រះអង្គ កាល​ពន្យល់​ណែនាំ ទ្រង់បាន​សម្ដែង​ដល់​អាយុសង្ខារ​​របស់សត្វ​​ទាំងឡាយនេះ ជារបស់​​លឿន​រហ័ស ជារបស់​​​ទុព្វល  ធ្វើឲ្យភិក្ខុ​ជា​បុថុជ្ជន​ទាំងឡាយ​​ស្ញប់ស្ញែង ចិត្តយ៉ាង​ខ្លាំងថា អហោ ពុទ្ធពលំ នាម  ឱហ៎្ន ! កម្លាំង​របស់ព្រះពុទ្ធ (អស្ចារ្យ​ពេកណាស់) ។ ព្រះសាស្ដា​ស្ដេចយាង​មក​ហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយ​​សន្ទានគ្នា​អំពីរឿងអ្វី ? ភិក្ខុទាំងឡាយ​​ក្រាបទូលថា (យើងខ្ញុំព្រះអង្គ​​​សន្ទនា​គ្នា) អំពីរឿង​នេះ ព្រះអង្គ ដូច្នេះ​ហើយ ព្រះមានព្រះភាគ​​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនជា​អស្ចារ្យឡើយ ដែល​ឥឡូវនេះ តថាគត​បាន​ដល់​នូវ​​សព្វញ្ញុតញ្ញាណ ហើយ​​សម្ដែង​​ដល់​​អាយុសង្ខារ របស់សត្វ​​ទាំងឡាយ​​ជារបស់​​លឿនរហ័ស នឹងសម្ដែង​ធម៌​ឲ្យភិក្ខុ​ទាំងឡាយ​​សង្វេគ​នោះ ពីព្រោះ​​ក្នុង​កាលមុន តថាគត​​​បាន​យោន​យក​​​កំណើត​​ជា​សត្វហង្ស ដែល​​អហេតុសត្វ (សត្វដែល​​បដិសន្ធិ​មិន​ប្រកប​ដោយ​ហេតុ​ទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែង​អំពីសង្ខារ​​ទាំងឡាយ​ជាសភាវៈ​លឿនរហ័ស ហើយបាន​សម្ដែងធម៌​ឲ្យបរិស័ទ​ទាំងអស់ រួមទាំងព្រះរាជា​ដែនពារាណសី​ជាដើមស្លុត​សង្វេគចិត្តដែរ ទ្រង់ក៏នាំ​​អតីត​និទាន​​នោះមក​សម្ដែងដូច​តទៅថា

ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យ​នោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។

ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរ​វិលាសៈ​យ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។

គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះ​ហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបាន​ញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។

ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជា​ទ្រង់បាន​ធ្វើសក្ការៈ​មានសភាព​បែបនេះ​ដល់​យើង ទ្រង់​ប្រាថ្នា​អ្វីហ៎្ន ?

ពួកហង្ស​នាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។

ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះ​ហើយ​ព្រះពោធិសត្វ​ក៏បានធ្វើ​មិត្តភាព​ជាមួយនឹង​ព្រះរាជា ហើយទើប​ចៀសចេញទៅ ។

ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និង​កាន់​យក​នូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាល​មហាជន​កំពុងមើល​នោះ​ឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។

ចាប់តាំង​អំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបាន​ប្រថាប់ឈរ​សម្លឹងមើល​ផ្លូវដែល​ព្រះពោធិសត្វ​មក ដោយទ្រង់​ធ្វើ​អាភោគ​ថា ក្នុងថ្ងៃនេះ សម្លាញ់​របស់យើង​នឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។

គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ​ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើង​នឹងហើរ​ប្រណាំងនឹងព្រះអាទិត្យ ។

ព្រះពោធិសត្វ​ពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយ​ចូរកុំសាក​ល្បង​ដើម្បីនឹង​ប្រណាំង​នឹងព្រះអាទិត្យ​ឡើយ កុំនាំគ្នា​ទៅអី ។

ហង្ស​ទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។

ហង្សទាំង​ពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។

ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹង​ប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយ​អង្គុយ​លើកំពូល​ភ្នំយុគន្ធរនោះដែរ ។

លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វ​ក៏បានហើរ​ទៅមួយ​អន្លើដោយ​ពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជា​ត្រូវភ្លើងឆេះ​ឡើងក្នុងថ្នាំង​នៃស្លាប​ទាំងពីរ ។ ហង្សប្អូនពៅ​នោះបាន​ឲ្យសញ្ញា​ដល់​ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។

លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេ​ទៅកាន់​កំពូលភ្នំ   ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយ​ក៏ហើរទាន់​ព្រះអាទិត្យ​ម្ដង​ទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំង​ជាមួយ​នឹង​ព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាច​ហើរទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បាន​មកដល់​កណ្ដាលអាកាស ។

លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរ​ទៅដោយ​ល្បឿនយ៉ាង​លឿន ទៅអង្គុយ​លើកំពូល​ភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះ​ក៏ហើរទៅ​អំពីខាង​ក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹង​ទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយ​ប្រយោជន៍​ដល់ព្រះរាជា​ដែលជា​សម្លាញ់​របស់យើង​វិញ ។ ព្រះពោធិសត្វ​នោះបាន​ត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយ​ចំណែក​ទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វ​​ញ៉ាំងល្បឿន​ឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លាញ់​របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថា

នែហង្ស ឯងចូរ​ទំ​លើ​តាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។

បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា  និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជា​ត្រាស់​ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់​ខ្ញុំនូវ​វត្ថុនោះ ។

ព្រះមហាសត្វ​ទំលើតាំងមាស។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមាន​ដាក់​ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វ​បានប្រាប់​នូវដំណើរ​រឿងនោះដោយពិស្ដារ ។

លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវ​សន្ទុះដ៏លឿន​រហ័សដែលជា​ការប្រណាំង​ជាមួយនឹង​ព្រះអាទិត្យ​ឲ្យខ្ញុំមើល​ផង ។

ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។

ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។

ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរ​ឲ្យនាយ​ខ្មាន់ធ្នូដែល​ពូកែបាញ់​ប្រជុំគ្នាចុះ ។

ព្រះរាជាក៏បានឲ្យនាយខ្មាន់ធ្នូ​ប្រជុំគ្នា ។ ព្រះមហាសត្វជ្រើសរើសនាយខ្មាន់ធ្នូ ៤ នាក់ អំពីរាជ​និវេសន៍ ហើយឲ្យ​គេជីកដាំ​សសរ​ក្នុងប្រលាន​ហ្លួង ឲ្យនាយខ្មាន់​ស្ពាយសសរ​​កូនសរនៅ​នឹងករបស់ខ្លួន ហើយព្រះពោធិសត្វ​ទៅអង្គុយ​លើកំពូលសសរ ហើយឲ្យ​នាយខ្មាន់ធ្នូទាំង ៤ នោះ បែរមុខ​ទៅទិសទាំង ៤ យឹត​កូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្មាន់ធ្នូចូរយឹត​កូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់​ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់​នូវ​កូនសរទាំង​នោះ ដោយមិន​ឲ្យធ្លាក់​ដល់ដីឡើយ ហើយនឹងឲ្យ​កូនសរធ្លាក់ចុះ​ត្រង់ជើងរបស់​នាយខ្មាន់ធ្នូទាំងនោះវិញ ។ ព្រះអង្គនឹង​​ដឹងការដែលខ្ញុំ​ទៅ​ចាប់កូន​​សរដោយ​សញ្ញា​​នៃសំឡេង​កូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹង​នាំយកនូវ​កូនសរ​ដែលនាយ​ខ្មាន់ធ្នូបាញ់​ព្រមគ្នាមក​ដម្កល់ទុកទៀបជើងរបស់ពួកគេ ហើយ​ទើប​​សម្លែងខ្លួនដេកលើ​កំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែន​សន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។

លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ?

ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែង​លឿន​ជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយ​អំណាច​នៃការរលត់ជាខណៈ ។

ព្រះរាជា​ស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។

លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យ​ទាំង​ឡាយ​មានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។

លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់​ព្រមដោយ​កម្លាំង​នៃ​បញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយ​ទើបត្រាស់​នូវគាថាទាំង ២ ថា

បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែ​ឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។

អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯងអញឃើញហើយស្រឡាញ់យ៉ាងនេះ ឯង​ចូរនៅក្នុងសម្នាក់អញចុះ ។

គាថានោះ មានអត្ថាធិប្បាយថា ម្នាលស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នក​មានចិត្ត​ស្រឡាញ់​ដោយការ​បានស្ដាប់ ព្រោះបាន​ឮថា មានគុណយ៉ាងនេះ តែពេលបាន​ឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្ត​ក៏ប្រាសទៅ ហាក់ដូចជា​យក្សដែលមក​ដើម្បីស៊ី ។ បុគ្គលខ្លះ​ជាអ្នក​ស្រឡាញ់​ដោយចំណែក​ទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើប​ស្រឡាញ់ឬ  ជាអ្នក​ស្រឡាញ់​ដោយការ​បានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាញ់ព្រោះបានឃើញ សូមលោក​កុំទៅកាន់ភ្នំ​ចិត្រកូដ ចូរនៅក្នុង​សំណាក់​របស់ខ្ញុំចុះ ។

ព្រះពោធិសត្វក្រាបទូលថា

ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់​ត្រាស់​បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។

បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែល​ពួកខ្ញុំមកចូល​គាល់​ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ?

លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា

ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹង​មិនផឹក​ទឹកស្រវឹង​ដរាបនោះ ។

តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា

សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រ​មហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។

មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជា​មិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់​ជា​សត្រូវ​​នឹងគ្នា​ទៅវិញ ក៏មាន ។

បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ​ ទោះនៅ​​ក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។

សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយ​សមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុង​សមុទ្ទ​ជាមួយ​គ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយ​សមុទ្ទ​ខាង​នាយវិញ ។

បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជា​សត្រូវ​នឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រ​ព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទី​ជាមួយ ដោយចិត្ត ។

បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំ​មិនជាទី​ស្រឡាញ់​របស់​​ព្រះអង្គ ។

បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។ បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មាន​ចិត្តល្អ​ដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្ស​អ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែង​តាំងមាំ​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គល​ណាហើយ គេនោះ      សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មាន​ចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃសមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។ បុគ្គលណា ជាអ្នក​មាន​ចិត្ត​ប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដី​ថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិត​នៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិន​ទាន់ជា​ជនដែល​ព្រះអង្គ​មិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។

លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថា

កាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូម​អង្វរអ្នក​យ៉ាងនេះ​ថា អ្នកគប្បីធ្វើ​នូវការ​​ត្រឡប់​មកទៀត ។

បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើ​តាមពាក្យ​របស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ        បរិយាយំ សេចក្ដីថា លោកគប្បី​កំណត់​វារៈនៃ​ការមក​ក្នុងទី​នេះ តាមកាលសមគួរផង ។

លំដាប់នោះ ព្រះពោធិសត្វទើបទូលថា

បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើ​យើងនៅយ៉ាងនេះ សេចក្តីអន្តរាយ​នឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូល​ព្រះបង្គំជាខ្ញុំ សូមឲ្យ​យើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។

បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយ​នៃជីវិត​នឹងមិនមាន​ដល់ខ្ញុំដែល​នៅសូម្បី​យ៉ាងនេះ ពួកយើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង  ឋានៈរបស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់ចូរធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជ​ប្រកប​ដោយ​ធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។ ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅ​កាន់ភ្នំចិត្រកូដ​វិញ​ហោង។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគត​បានយោន​យកកំណើត​ជា​សត្វតិរច្ឆាន ក៏ធ្លាប់​សម្ដែង​​នូវភាព​ទុព្វល​របស់​អាយុសង្ខារ ហើយ​សម្ដែងធម៌​ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំ​ជាតកថា

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ

កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន

មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ

សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទ

ជវនហំសោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។

ចប់ ជវនហំសជាតក ។

ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨

ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧

ដោយ ខេមរ អភិធម្មាវតារ