សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ជយទ្ទិសជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមាតុបោសកភិក្ខុ (ភិក្ខុដែលចិញ្ចឹមមាតា) មួយរូប បានត្រាស់​សម្ដែង​ព្រះធម្មទេសនានេះ មានពាក្យថា ចិរស្សំ វត មេ ដូច្នេះ (ជាដើម) ។

បុព្វហេតុនៃជាតក

បច្ចុប្បន្នវត្ថុ រឿងរ៉ាវបច្ចុប្បន្នដូចគ្នានឹង សាមជាតក (សុវណ្ណសាម) ដែរ។ ក្នុងពេលនោះ ព្រះសាស្ដាត្រាស់ថា បោរាណកបណ្ឌិត​ទាំងឡាយ លះបង់នូវ​ស្វេតច្ឆត្រ​ដែលប្រដាប់​ដោយ​កញ្ចនមាលា (កម្រងមាស) ហើយ​ចិញ្ចឹមមាតាបិតា ដូច្នេះ​ហើយ​ទ្រង់ក៏បាន​នាំអតីតនិទាន (មកសម្ដែង​ដូចតទៅ ) ។

អតីតនិទាន

អតីតេ  ក្នុងអតីតកាល មានព្រះរាជាព្រះនាម បញ្ចាល សោយរាជ្យក្នុង​ឧត្តរបញ្ចាល នគរ ក្នុង​បកបិលរដ្ឋ ។ ព្រះអគ្គមហេសី​របស់​ព្រះរាជា​បញ្ចាលនោះ ទ្រង់មាន​ព្រះគភ៌ ហើយ​ប្រសូត​បានព្រះឱរស ។ ក្នុងភពមុន សបត្តិកា (ស្ត្រីរួមប្ដី) របស់​ព្រះអគ្គមហេសី​នោះ  ក្រោធខឹង (ចងពៀរ) តាំងសេចក្ដី​ប្រាថ្នាថា សូមឲ្យយើង​បានស៊ីនូវ​កូនរបស់នាង​ដែលកើត​ហើយៗ ដូច្នេះហើយ នាងនោះ​ក៏បានកើត​ជាយក្ខិនី ។ គ្រានោះ នាងយក្ខិនីនោះ  បានឱកាស​ហើយ  (ចូលមក) ចាប់​ព្រះរាជកុមារ​ដែលមាន​ពណ៌ដូច​ចំណិតសាច់ ក្នុងទី​ដែល​ព្រះអគ្គមហេសី​មើលឃើញ ហើយ​ទំពាស៊ី​លាន់ឮ​មុរុមុរុ (គ្រួបៗ) ទើបចៀស​ចេញទៅ ។ សូម្បីក្នុងវារៈ​នៃបុត្រទី ២ ក៏យក្ខិនីនោះ​បានធ្វើ​យ៉ាងនេះដែរ ។ ក្នុងវារៈ​នៃបុត្រទី ៣ ក្នុងវេលា​ដែល​ព្រះអគ្គមហេសី​ចូលទៅកាន់​ផ្ទះជាទី​ប្រសូតហើយ ពួករាជបុរស​នាំគ្នា​ឡោមព័ទ្ធ​រាជដំណាក់  ធ្វើនូវ​ការរក្សា​យ៉ាងមាំ ។ ក្នុងថ្ងៃដែល​ព្រះអគ្គមហេសី​ប្រសូត នាង​យក្ខិនី​មកហើយ ចាប់យក​ទារក​ម្ដងទៀត ។ ព្រះទេវី​ស្រែកខ្លាំងថា យក្ខិនី ។ បុរស​ទាំងឡាយ​ដែលមាន​អាវុធ​គ្រប់ដៃ ដេញតាម​យក្ខិនី​ដោយសញ្ញា​ដែលព្រះទេវីឲ្យ ។ នាង​យក្ខិនីនោះ កាលមិន​បានឱកាស​ដើម្បីនឹង​ស៊ីនូវទារក​នោះ ទើបរត់​ទៅអំពីទីនោះ ហើយចូល​ទៅកាន់​ទរទឹក ។ ចំណែក​ទារកកាន់​យកនូវ ថន (ដោះ) របស់​យក្ខិនី ដោយមាត់ (បៅដោះយក្ខិនី) ដោយ​សម្គាល់​ថា ជាមាតា ។ នាងយក្ខិនី​បានកើត​នូវសេចក្ដី​ស្រឡាញ់​ទុកដូច​ជាបុត្រ ហើយ​ទើបរត់គេច​អំពីទីនោះ ទៅកាន់​ព្រៃស្មសាន ដាក់ទារក​ក្នុងទីនៅ គឺថ្ម ហើយ​ចិញ្ចឹម ។ បន្ទាប់មក កាលទារក​ចម្រើននូវ​វ័យដោយ​លំដាប់ នាងយក្ខិនី​បាននាំសាច់​មនុស្សមកឲ្យ ។ សូម្បីអ្នក​ទាំង ២ នាក់ ក៏បរិភោគ​នូវសាច់​មនុស្ស ហើយរស់​នៅក្នុងទី​នោះឯង ។ ទារក​មិនដឹង​នូវភាព​ជាមនុស្ស​របស់ខ្លួនឡើយ ដោយ​សម្គាល់ថា ខ្លួនជា​បុត្ររបស់​យក្ខិនី ។ រូបគេ​មិនលះបង់​នូវអត្តភាព មិនអាច​បំបាំង​ខ្លួនបាន ។

លំដាប់នោះ នាងយក្ខិនីក៏ឲ្យនូវឫសឈើ​មួយដល់ក្មេង​នោះដើម្បីដល់​បំបាំងកាយ ។ ក្មេងនោះ​បំបាំងកាយ​ដោយអានុភាព​នៃឫសឈើ កាល​បរិភោគ​សាច់មនុស្ស ប្រព្រឹត្តទៅ ។  នាងយក្ខិនី​បានទៅ​ដើម្បីប្រយោជន៍​ដល់ការ​បម្រើស្ដេច​វេស្សវ័ណមហារាជ នាង​ក៏បានធ្វើ​កាលកិរិយា​ក្នុងទីនោះ​ឯង ។ ក្នុងវារៈ​នៃបុត្រទី ៤ សូម្បី​ព្រះទេវី​ក៏បានប្រសូត​នូវបុត្រដទៃ ។ ក្មេងនោះ បានជា​អ្នកមិន​មានរោគ ព្រោះរួចផុត​ពីនាង​យក្ខិនីហើយ ។ ព្រះជនកព្រះជននី និង​ប្រយូរវង្ស​ទាំងឡាយ បានដាក់​ព្រះនាមថា ជយទ្ទិសកុមារ ព្រោះ​កើតមក​ហើយ ឈ្នះនូវ​យក្ខិនី​ដែលជា​សត្រូវ ។ ជយទ្ទិសកុមារ​នោះ ចម្រើនវ័យ​ធំហើយ បានដល់នូវ​ការសម្រេច​ក្នុងសិល្បសាស្ត្រ​ទាំងពួង ហើយឲ្យលើក​ស្វេតច្ឆត្រ ឡើង​សោយរាជ្យ (បន្តវង្ស​ត្រកូលតទៅ) ។

ក្នុងពេលនោះ ព្រះពោធិសត្វបានកើតហើយ ក្នុងផ្ទៃនៃ​ព្រះអគ្គមហេសី​របស់​ព្រះបាទ ជយទ្ទិសៈនោះ (កាលប្រសូត​ហើយ) ព្រះជនកព្រះជននី និង​ប្រយូរពង្ស​ទាំងឡាយ ធ្វើ​ព្រះនាម​ថា អលីនសត្តុកុមារ ។ អលីនសត្តុកុមារ​នោះចម្រើន​វ័យធំ​ហើយ ជាអ្នក​មាន​សិល្ប​សាស្ត្រទាំងពួង​បានរៀន​ហើយ ក៏បាន​ជាឧបរាជ ។ ក្នុងកាល​ជាក្រោយ​មកទៀត កុមារដែលជា​បុត្រចិញ្ចឹម​របស់នាង​យក្ខិនីនោះ​ បានធ្វើបាត់​ឫសឈើនោះ ដោយ​សេចក្ដី​ប្រមាទ គេនោះ​មិនអាច​ដើម្បីនឹង​បំបាំងកាយ ជាអ្នក​មានរូប​ប្រាកដនោះឯង បរិភោគ​នូវសាច់​មនុស្ស ក្នុង​ព្រៃស្មសាន ។ មនុស្សទាំងនោះ​ឃើញគាត់​ហើយ ជាអ្នក​ភ័យខ្លាច មកទូល​ព្រះរាជា​ថា បពិត្រ​ព្រះសម្មតិទេព មានយក្សមួយ ជាអ្នក​មានរូប​ប្រាកដ ស៊ីសាច់មនុស្ស​ក្នុងព្រៃខ្មោច វានឹង​ចូលមកកាន់​នគរតាម​លំដាប់ សម្លាប់មនុស្ស ហើយនឹង​បរិភោគ គួរដើម្បី​នឹង​ឲ្យរាជបុរសចាប់វា។  ព្រះរាជា​ព្រះបាទ​ជយទ្ទិសៈ​ទទួលថា សាធុ ប្រពៃហើយ ទើបទ្រង់​បញ្ជារាជបុរស​ថា អ្នកទាំងឡាយ​ចូរចាប់​យក្ខនោះ ។ ពលកាយ​បានទៅ​នាំគ្នា​ឡោមព័ទ្ធ​ព្រៃស្មសាន ហើយឋិតនៅ។ បុត្រ​របស់យក្ខិនី​ជាអ្នក​អាក្រាតកាយ មានរូប​គួរឲ្យ​តក់ស្លុត ជាអ្នក​ភ័យខ្លាច​ចំពោះ​សេចក្ដីស្លាប់ ស្រែកឡើង ហើយ​ស្ទុះទៅតាម​ចន្លោះ​របស់​មនុស្ស​ទាំងឡាយ ។ មនុស្ស​ទាំងឡាយ​ភ័យខ្លាច​ចំពោះ​មរណៈ ដោយគិតថា គេជា​យក្ស ក៏បែក​ផ្លូវចេញជា ២ ចំណែក ។ សូម្បីបុត្រ​របស់​យក្ខិនីនោះ ក៏បាន​រត់ទៅ​អំពីទីនោះ ចូលទៅ​កាន់ព្រៃ ហើយលែង​មកកាន់​ផ្លូវមនុស្ស​នោះទៀត ។ គេទៅ​អាស្រ័យ​នៅនឹង​ព្រៃមួយ ដែលនៅ​ជិតផ្លូវ ហើយចាប់​មនុស្សមួយៗ ក្នុងមនុស្ស​ទាំងឡាយ​ដែលដើរ​ផ្លូវនោះ យកចូល​ទៅក្នុងព្រៃ សម្លាប់​ហើយ​បរិភោគ សម្រេច​ការរស់នៅ​នឹងគល់ដើម​ជ្រៃមួយ​ដើម ។

លំដាប់នោះ មាន សត្ថវាហព្រាហ្មណ៍ (ព្រាហ្មណ៍​ជាអ្នកជំនួញ) ម្នាក់ឲ្យទ្រព្យ​មួយពាន់​ដល់អ្នក​រក្សាការពារ​ព្រៃ ហើយទៅដល់​ផ្លូវនោះ ដោយរទេះ ៥០០ ។  មនុស្សយក្ខ (បុត្រចិញ្ចឹម​របស់យក្ខិនី) កាលស្រែក​ឡើង ក៏ស្ទុះចូល​ទៅយ៉ាងលឿន មនុស្ស​ទាំងឡាយ​ភ័យខ្លាច ដេកក្រាប​ដោយទ្រូង ។ មនុស្សយក្សនោះ ចាប់ព្រាហ្មណ៍ ហើយរត់ទៅ បានមុតជើង​ដោយដង្គត់ កាលអ្នករក្សា​ព្រៃទាំងឡាយ​ដេញតាម គេក៏បោះ​ព្រាហ្មណ៍នោះ​ចោល ហើយចូល​ទៅដេក​នឹងគល់ជ្រៃ​ដែលជា​លំនៅ​របស់ខ្លួន ។

ក្នុងថ្ងៃ ៧ ដែលមនុស្សយក្សដេកក្នុងទីនោះ ព្រះបាទជយទ្ទិស បង្គាប់ឲ្យ​គេរៀបចំ​បរបាញ់ម្រឹគ ទ្រង់ចេញ​ចាកព្រះនគរ ។ មានព្រាហ្មណ៍​ដែលចិញ្ចឹម​មាតាឈ្មោះ នន្ទៈ ដែលនៅ​ក្នុង​នគរតក្កសិលា បានកាន់​យកនូវ​សតារហាគាថា (គាថា​ដែលគួរ​ដល់តម្លៃ ១០០) ទាំងឡាយ ៤ មកចូល​គាល់ព្រះបាទ​ជយទ្ទិស​ដែលទ្រង់​កំពុងតែ​ចេញអំពីនគរ ។ ព្រះរាជា​ឲ្យគេឲ្យ​ផ្ទះ​ជាទីនៅដល់​នន្ទព្រាហ្មណ៍​នោះ ដោយត្រាស់ថា យើងនឹង​ត្រឡប់​មកស្ដាប់ ហើយ​ទ្រង់យាង​ទៅ​បរបាញ់ម្រឹគ (ជាមួយនឹង​ពលសេនា) ត្រាស់​បញ្ជាថា បើម្រឹគ​រត់រួច​តាមផ្លូវ​របស់​អ្នកណា នឹងជាសំណង​របស់អ្នក ។

លំដាប់នោះ ក្ដាន់មួយ ស្ទុះឡើងទៅ​ខាងមុខព្រះរាជា ហើយរត់ទៅ ។ អាមាត្យ​ទាំងឡាយ​ធ្វើនូវការ​សើចចំអក ។ ព្រះរាជា​កាន់នូវព្រះខ័ន ដេញតាម​ក្ដាន់នោះ ដល់ផ្លូវ​ប្រមាណ ៣ យោជន៍ ទ្រង់​ប្រហារ​ដោយព្រះខ័ន ធ្វើនូវ​កំណាត់ ២ (កាត់ជា​ពីរកំណាត់) កាន់យក​ដោយដងរែក (រែក) កាលយាង​ទៅ ក៏បានដល់​ស្ថានទីដេក​របស់​មនុស្សយក្ស ទ្រង់គង់​លើស្មៅ សម្រាក​បន្តិច ហើយប្រារព្ធ​នឹងយាងទៅ ។ គ្រានោះ មនុស្សយក្សនោះ ក្រោកទៅ​ចាប់ព្រះរាជា​ត្រង់ដៃ ដោយពោលថា ឈប់ អ្នកទៅណា លោកជា​អាហារ​របស់​យើង ដូច្នេះហើយ ទើប​ពោលនូវ​គាថាទី ១ ថា

ចិរស្សំ វត មេ ឧទបាទិ អជ្ជ, ភក្ខោ មហា សត្តមិភត្តកាលេ;

កុតោសិ កោវាសិ តទិង្ឃ ព្រូហិ, អាចិក្ខ ជាតឹ វិទិតោ យថាសិ។

យូរណាស់ហើយ អាហារដ៏ច្រើនទើបកើត​ឡើងដល់យើង ក្នុងពេលបាយ​ក្នុងថ្ងៃទី នាថ្ងៃនេះ អ្នកទើបនឹង​មកពីណា មួយទៀត អ្នកជាអ្វី អ្នកចូរ​ប្រាប់​រឿងនោះ (ដល់យើង) អ្នកចូរ​ប្រាប់ជាតិ ល្មមឲ្យ​យើងដឹងបាន

ព្រះរាជាជយទ្ទិស ទតឃើញ​យក្ស ទ្រង់ភ័យខ្លាច ដល់នូវ​ការរឹង​ដើមទ្រូង​ដូចសសរ មិនអាច​នឹងរត់​ទៅណា​បាន ខំតាំងសតិ ត្រាស់នូវ​គាថាទី ២ ថា

បញ្ចាលរាជា មិគវំ បវិដ្ឋោ, ជយទ្ទិសោ នាម យទិស្សុតោ តេ;

ចរាមិ កច្ឆានិ វនានិ ចាហំបសទំ ឥមំ ខាទ មមជ្ជ មុញ្ច។

ខ្ញុំជាសេ្តចក្នុងក្រុងបញ្ចាលឈ្មោះ ជយទ្ទិសៈ បើអ្នកឮហើយ ចូលមក​កាន់ទី​សម្លាប់ម្រឹគ ត្រេចទៅ​កាន់ទីខាង​ភ្នំ និងព្រៃ​ទាំងឡាយ សូមអ្នក​ពិសាបសទម្រឹគ​នេះចុះ សូមលែង​ខ្ញុំក្នុងថ្ងៃនេះ

យក្សស្ដាប់ពាក្យនោះហើយ ទើបពោលថាគាថាទី ៣ ថា

សេនេវ ត្វំ បណសិ សស្សមានោ, មមេស ភក្ខោ បសទោ យំ វទេសិ;

តំ ខាទិយាន បសទំ ជិឃញ្ញំខាទិស្សំ បច្ឆា ន វិលាបកាលោ។

អ្នកឯងបៀតបៀនលោះ (នូវខ្លួន) ដោយម្រឹគ​ជារបស់​យើង​ដដែល អ្នកពោលនូវ
បសទម្រឹគ​ណា
បសទម្រឹគនុ៎ះ ជាអាហារ​របស់យើង​ស្រាប់ យើងស៊ីនូវ​បសទម្រឹគ​នោះ បើចង់​ស៊ី នឹងស៊ីជា​ខាងក្រោយ កាលនេះមិនមែន​ជាកាល​វិលាប (ពិលាប, ការទួញយំ) ទេ

ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់រឭកដល់​នន្ទព្រាហ្មណ៍ ទើបត្រាស់គាថាទី ៤ ថា

ន ចត្ថិ មោក្ខោ មម និក្កយេនគន្ត្វាន បច្ឆាគមនាយ បណ្ហេ;

តំ សង្គរំ ព្រាហ្មណស្សប្បទាយ, សច្ចានុរក្ខី បុនរាវជិស្សំ។

បើខ្ញុំមិនរួចដោយការលោះទេ (អ្នកចូរកាន់យក​ពាក្យប្តេជ្ញា) ដើម្បី (ឲ្យខ្ញុំ) ទៅហើយ​ត្រឡប់​មកវិញ​ក្នុងពេល​ព្រឹក ខ្ញុំជាអ្នក​រក្សានូវ​ពាក្យសច្ចៈ ឲ្យនូវ​ពាក្យប្តេជ្ញា​នោះ ដល់ព្រាហ្មណ៍ ហើយនឹង​ត្រឡប់មកវិញ

មនុស្សយក្សស្ដាប់ពាក្យនោះហើយ​ពោលគាថាទី ៥ ថា

កឹ កម្មជាតំ អនុតប្បតេ ត្វំ, បត្តំ សមីបំ មរណស្ស រាជ;

អាចិក្ខ មេ តំ អបិ សក្កុណេមុ, អនុជានិតុំ អាគមនាយ បណ្ហេ។

បពិត្រព្រះរាជា កម្មដូចម្តេច ដុតកម្ដៅព្រះអង្គ​ដែលចូលមកកៀក​នឹងសេចក្តី​ស្លាប់​ហើយ សូមព្រះអង្គ​ប្រាប់ដល់​ខ្ញុំ ក្រែងយើង​អាចអនុញ្ញាត ឲ្យព្រះអង្គ​ត្រឡប់​មកក្នុង​វេលាព្រឹក​បាន

ព្រះរាជា កាលត្រាស់នូវហេតុនោះ ទើបត្រាស់គាថាទី ៦ ថា

កតា មយា ព្រាហ្មណស្ស ធនាសា, តំ សង្គរំ បដិមុក្កំ ន មុត្តំ;

តំ សង្គរំ ព្រាហ្មណស្សប្បទាយ, សច្ចានុរក្ខី បុនរាវជិស្សំ។

គោលបំណងក្នុងទ្រព្យ ខ្ញុំបានធ្វើហើយចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅ​មិនទាន់​ដោះ ខ្ញុំជាអ្នក​រក្សានូវ​សច្ចៈ ឲ្យនូវពាក្យ​ប្តេជ្ញានោះ ដល់ព្រាហ្មណ៍​ហើយនឹង​ត្រឡប់​មកវិញ។

យក្សមនុស្សស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៧ ថា

យា តេ កតា ព្រាហ្មណស្ស ធនាសា, តំ សង្គរំ បដិមុក្កំ ន មុត្តំ;

តំ សង្គរំ ព្រាហ្មណស្សប្បទាយ, សច្ចានុរក្ខី បុនរាវជស្សុ។

គោលបំណងក្នុងទ្រព្យ ព្រះអង្គបានធ្វើហើយ ចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅមិនទាន់ដោះ ព្រះអង្គជាអ្នករក្សានូវសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះ ដល់ព្រាហ្មណ៍ហើយ ចូរត្រឡប់មកវិញ

មនុស្សយក្សបានពោលយ៉ាងនេះហើយ ក៏ដោះលែង​ព្រះរាជា ។  ព្រះរាជានោះ ដែលយក្ស​នោះ​បានដោះលែង​ហើយ ទ្រង់ត្រាស់ថា  អ្នកកុំគិត​សង្ស័យ​ឡើយ យើងនឹង​ត្រឡប់​មកវិញ​ក្នុងពេល​ព្រឹក ហើយស្ដេច​សង្កេតគ្រឿង​ចំណាំផ្លូវ ទ្រង់យាង​ចូលដល់​ពលកាយ​របស់​ព្រះអង្គ មានពលកាយ​ឡោមព័ទ្ធ ស្ដេចយាង​ចូលព្រះនគរ ប្រកាស​ឲ្យហៅ​នន្ទព្រាហ្មណ៍​មក  ឲ្យគេអង្គុយ​លើអាសនៈ​ដែលសម​គួរ​បូជាហើយ ទ្រង់ស្ដាប់​គាថាទាំង ៤ ហើយប្រទាន​ទ្រព្យ ៤ ពាន់ ឲ្យគេឡើង​លើយាន ត្រាស់បញ្ជា​មនុស្ស​ទាំងឡាយថា អ្នកទាំងឡាយ ចូរនាំ​ព្រាហ្មណ៍នេះ​ទៅកាន់​ក្រុង​តក្កសិលា ដូច្នេះហើយ ក៏បញ្ជូន​ព្រាហ្មណ៍​នោះ​ទៅ ទ្រង់ប្រាថ្នា​នឹងត្រឡប់​ទៅរក​មនុស្សយក្ស​ក្នុងថ្ងៃទី ២ ទើបឲ្យ​ហៅ​រាជបុត្រមក ប្រៀន​ប្រដៅ ។

តមត្ថំ ទីបេន្តោ សត្ថា ទ្វេ គាថា អភាសិ ព្រះសាស្ដា កាលប្រកាស​សេចក្ដីនោះ​ឲ្យជាក់​ច្បាស់ ទើបត្រាស់​ព្រះគាថា ២ ថា

មុត្តោច សោ បោរិសាទស្ស ហត្ថា, គន្ត្វា សកំ មន្ទិរំ កាមកាមី;

តំ សង្គរំ ព្រាហ្មណស្សប្បទាយអាមន្តយី បុត្តមលីនសត្តុំ។

ព្រះបាទជយទ្ទិសៈនោះ មានសេចក្តីប្រាថ្នា​ក្នុងកាម បានរួចអំពី​ដៃ​បោរិសាទៈ (អ្នកស៊ី) ហើយយាង​ទៅកាន់​ព្រះរាជមន្ទីរ​របស់ព្រះអង្គ ប្រទានពាក្យ​ប្តេជ្ញានោះ​ដល់ព្រាហ្មណ៍ ហើយក៏​ត្រាស់ហៅព្រះរាជបុត្រ​ព្រះនាម​អលីនសត្តុមកថា

អជ្ជេវ រជ្ជំ អភិសិញ្ចយស្សុ, ធម្មំ ចរ សេសុ បរេសុ ចាបិ;

អធម្មការោ ច តេ មាហុ រដ្ឋេ, គច្ឆាមហំ បោរិសាទស្ស ញត្តេ។

(នែកូន យើងប្រគល់) នូវរាជសម្បត្តិ (ដល់អ្នកឯង) ក្នុងថ្ងៃនេះ បាឯង​ចូរអភិសេកចុះ បាឯង ចូរ (រក្សា) ធម៌ ក្នុងដែន​ទាំងឡាយ​ផង ក្នុងពួក​ប្រជាជន​ផង ជនអ្នក​មិនរក្សាធម៌​ កុំឲ្យមាន​ក្នុងដែន​របស់បា​ឯងឡើយ យើងនឹងទៅ​ក្នុងសំណាក់​នៃ​បោរិសាទ

រាជកុមារអលីនសត្តុ បានស្ដាប់ពាក្យ​នោះហើយ ទើបពោល​គាថាទី ១០ ថា

កឹ កម្ម ក្រុព្វំ តវ ទេវ បាវ, នារាធយី តំ តទិច្ឆាមិ សោតុំ;

យមជ្ជ រជ្ជម្ហិ ឧទស្សយេ តុវំ, រជ្ជម្បិ និច្ឆេយ្យំ, តយា វិនាហំ។

បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ ធ្វើអំពើដូចម្តេច ទៀបព្រះបាទា​នៃព្រះអង្គ ឲ្យព្រះអង្គ​មិនសប្បាយ​ព្រះហប្ញទ័យ ព្រះអង្គ​ឲ្យទូលព្រះបង្គំ​ជាខ្ញុំតាំង​នៅក្នុង​រាជ្យក្នុងថ្ងៃនេះ ដោយអំពើ​ដែលនាំ​ឲ្យព្រះអង្គ​មិនសប្បាយ​ណា ទូលព្រះបង្គំ​ជាខ្ញុំ ចង់ស្តាប់​នូវអំពើ​ដែលនាំ​ឲ្យព្រះអង្គ​មិនសប្បាយ​នោះ ទូលព្រះបង្គំ​ជាខ្ញុំ បើវៀរចាក​ព្រះអង្គហើយ មិនចង់​បាននូវ​រាជ្យទេ

ព្រះរាជាជយទ្ទិស ស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថា​បន្ទាប់ថា

ន កម្មុនា វា វចសាវ តាត, អបរាធិតោហំ តុវិយំ សរាមិ;

សន្ធិញ្ច កត្វា បុរិសាទកេន, សច្ចានុរក្ខី បុនាហំ គមិស្សំ។

ម្នាលកូន យើងនឹកមិនឃើញកំហុសរបស់អ្នក ព្រោះអំពើ និងវាចានេះទេ តែយើង​បានធ្វើ (ពាក្យសច្ចៈ) ជាមួយនឹង​បោរិសាទ យើងជា​អ្នករក្សា​នូវពាក្យសច្ចៈ នឹងវិល​ទៅវិញ

អលីនសត្តុកុមារ ស្ដាប់ពាក្យនោះហើយ ពោលគាថាថា

អហំ គមិស្សាមិ ឥធេវ ហោហិ, នត្ថិ តតោ ជីវតោ វិប្បមោក្ខោ;

សចេ តុវំ គច្ឆសិយេវ រាជ, អហម្បិ គច្ឆាមិ ឧភោ ន ហោម។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះអង្គគង់នៅក្នុងទីនេះ​ចុះ ការរួច​អំពីសំណាក់​នៃ​បោរិសាទៈ​នោះ មិនមាន​ដល់បុគ្គល​កាលរស់​នៅទេ បពិត្រ​ព្រះរាជា បើព្រះអង្គ​យាងទៅ ទូលព្រះបង្គំ​ជាខ្ញុំ​ក៏ទៅ​ដែរ ព្រះអង្គ និងទូលព្រះបង្គំ​ជាខ្ញុំ ទាំងពីរនាក់​នឹងមិននៅទេ

ព្រះរាជាជយទ្ទិស ស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាថា

អទ្ធា ហិ តាត សតានេស ធម្មោ, មរណា ច មេ ទុក្ខតរំ តទស្ស;

កម្មាសបាទោ តំ យទា បចិត្វា, បសយ្ហ ខាទេ ភិទា រុក្ខសូលេ

ម្នាលកូន ធម៌នុ៎ះ ជាធម៌របស់ពួកសប្បុរសមែនហើយ ប៉ុន្តែយក្សមានជើងពពាល ដុតឆ្អើរ​អ្នកឯង​ជិតគល់​ឈើស្រួច ហើយកំហែង​ស៊ីពេញទំហឹង ក្នុងកាលណា កាលនោះ ទុកជាសេចក្តី​ស្លាប់របស់​យើង ក្នុងកាលនោះ

អលីនសត្តុកុមារ ស្ដាប់ពាក្យនោះហើយ ពោលគាថាថា

បាណេន តេ បាណមហំ និមិស្សំ, មា ត្វំ អគា បោរិសាទស្ស ញត្តេ;

ឯវញ្ច តេ បាណមហំ និមិស្សំ, តស្មា មតំ ជីវិតស្ស វណ្ណេមិ។

ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតទៅប្តូរជីវិត​របស់ព្រះអង្គ សូមព្រះអង្គ​កុំយាងទៅ ក្នុងសំណាក់​នៃបោរិសាទៈ​ឡើយ ទូលព្រះបង្គំ​ជាខ្ញុំ នឹងយក​ជីវិតនោះ​ទៅប្តូរជីវិត​របស់ព្រះអង្គ ហេតុនោះ ទូលព្រះបង្គំ​ជាខ្ញុំ ប្រាថ្នានូវ​សេចក្តីស្លាប់ ដើម្បីជីវិត (របស់ព្រះអង្គ)

ព្រះរាជាស្ដាប់ពាក្យនោះរួចហើយ  កាលដឹងនូវ​កម្លាំងរបស់បុត្រ ទើបទទួល​ថា សាធុ តាត គច្ឆាហិ ម្នាលបុត្រ ល្អហើយ អ្នកចូរទៅចុះ ។ រាជបុត្រ​អលីនសត្តុកុមារ ថ្វាយបង្គំ​ព្រះរាជ​មាតាបិតា​ហើយ ក៏យាង​ចេញពីព្រះនគរ ។

តមត្ថំ បកាសេន្តោ សត្ថា ឧបឌ្ឍគាថមាហ ព្រះបរមសាស្ដា កាលប្រកាស​សេចក្ដី​នោះ​ឲ្យជាក់ច្បាស់ ទើបត្រាស់​កន្លះគាថាថា

តតោ ហវេ ធិតិមា រាជបុត្តោ, វន្ទិត្វា មាតុ ច បិតុ ច បាទេ។

លំដាប់នោះឯង ព្រះរាជបុត្រអ្នកមានប្រាជ្ញា ក៏ក្រាបថ្វាយបង្គំ​ព្រះបាទា​មាតា និងបិតា (ហើយ​ចេញទៅ)

លំដាប់នោះ សូម្បីព្រះមាតាបិតា សូម្បីព្រះភគិនី សូម្បីព្រះជាយា របស់អលីនសត្តុកុមារនោះ ក៏នាំគ្នាចេញទៅ​មួយអន្លើ​ដោយពួកអាមាត្យ និង​បរិជន​ទាំងឡាយ ។ រាជកុមារ​ចេញពី​ព្រះនគរហើយ សួរនូវផ្លូវ​នឹងព្រះបិតា ទ្រង់កំណត់​ទុកល្អហើយ ថ្វាយបង្គំ​ព្រះមាតាបិតា និងឲ្យឱវាទ​ដល់ជន​ដ៏សេស ទ្រង់មិនស្លុត​ព្រះទ័យ ស្ដេចឡើង​កាន់ផ្លូវ យាងទៅកាន់​ទីលំនៅ​របស់យក្ស ហាក់ដូច​ជា​កេសររាជសីហ៍ ។ ព្រះមាតា កាលឃើញ​នូវរាជបុត្រនោះ​កំពុងទៅ មិនអាច​នឹងឋិតនៅ​ដោយ​សភាពរបស់ខ្លួន ដួលចុះ​លើ​ផែនដី ។ ព្រះបិតា ផ្គងឡើងនូវ​ព្រះពាហា កន្ទក់កន្ទេញ​​ដោយសំឡេង​ដ៏ខ្លាំង ។

តម្បិ អត្ថំ បកាសេន្តោ សត្ថា ព្រះសាស្ដា កាលប្រកាសសេចក្ដីនោះ ទើប​ត្រាស់​កន្លះគាថាថា

ទុខិនិស្ស មាតា និបតា បថព្យា, បិតាស្ស បគ្គយ្ហ ភុជានិ កន្ទតិ។

ព្រះមាតានៃព្រះរាជកុមានោះ មានសេចក្តីទុក្ខ ក៏ដួលក្រាប​លើប្រឹថពី ឯព្រះបិតា​នៃព្រះ រាជកុមារ​នោះផ្គងព្រះហស្ដ ហើយទ្រង់​ព្រះកន្សែង

គ្រាត្រាស់កន្លះគាថានេះហើយ កាលទ្រង់ប្រកាស​សច្ចកិរិយា​ដែល​ព្រះបិតា​របស់ព្រះរាជកុមារ​នោះ​ប្រកបហើយ និងដែល​ព្រះមាតា ព្រះភគិនី និងព្រះជាយា​ធ្វើហើយ ទើបត្រាស់​គាថាដទៃ​ទៀត ៤ គាថា ថា

តំ គច្ឆន្តំ តាវ បិតា វិទិត្វា, បរម្មុខោ វន្ទតិ បញ្ជលីកោ;

សោមោ ច រាជា វរុណោ ច រាជា, បជាបតី ចន្ទិមា សូរិយោ ច;

ឯតេហិ គុត្តោ បុរិសាទកម្ហា, អនុញ្ញាតោ សោត្ថិ បច្ចេហិ តាត។

ព្រះបិតាជ្រាបនូវព្រះរាជកុមារនោះកំពុងយាងទៅ (ថាកូនរបស់អញ) ទៅក្នុងទីកំបាំងមុខ ហើយទ្រង់ផ្គងអញ្ជលី ថ្វាយបង្គំទេវតាថា សូមឲ្យព្រះរាជាព្រះនាមបជាបតិ ព្រះចន្រ្ទនិងព្រះអាទិត្យ ទាំងនុ៎ះ គ្រប់គ្រងអ្នក ម្នាលកូន អ្នក (ដែលយក្ស) អនុញ្ញាតហើយ ចូរត្រឡប់មកអំពីសំណាក់ បោរិសាទៈ ដោយសុវត្ថិភាពចុះ

យំ ទណ្ឌកិរញ្ញោ គតស្ស មាតា, រាមស្សកាសិ សោត្ថានំ សុគុត្តា;

តំ តេ អហំ សោត្ថានំ ករោមិ, ឯតេន សច្ចេន សរន្តុ ទេវា;

អនុញ្ញាតោ សោត្ថិ បច្ចេហិ បុត្ត។

(ព្រះមាតាអលីនសត្តុកុមារ) មាតានៃបុរសឈ្មោះរាមៈ ដែលទៅ (ក្នុងដែន) នៃព្រះរាជាទណ្ឌកី ជាស្ត្រីគ្រប់គ្រងល្អ បានធ្វើនូវសួស្តីណាយើងក៏ធ្វើនូវសួស្តីនោះដល់អ្នក ទេវតាទាំងឡាយ សូមរលឹកឃើញ​ដោយពាក្យ​ពិតនោះចុះ ម្នាលកូន បើយក្សអនុញ្ញាតឲ្យហើយ អ្នកចូរត្រឡប់​មកវិញ​ដោយ​សួស្តីចុះ។

អាវី រហោ វាបិ មនោបទោសំ, នាហំ សរេ ជាតុ មលីនសត្តេ;

ឯតេន សច្ចេន សរន្តុ ទេវា, អនុញ្ញាតោ សោត្ថិ បច្ចេហិ ភាតិក។

(ព្រះកនិដ្ឋកគិនីរបស់អលីនសត្តុកុមារ) ខ្ញុំមិនរលឹកឃើញនូវសេចក្តីប្រទូស្តក្នុងចិត្តចំពោះអលីនសត្តកុមារ ក្នុងទីចំពោះមុខ ឬកំបាំងមុខដោយពិត សួមពួកទេវតារលឹកឃើញដោយពាក្យពិតនោះចុះ បពិត្រអ្នកបង បើយក្សអនុញ្ញាត សូម អ្នកបងត្រឡប់មកដោយសួស្តីចុះ

យស្មា ច មេ អនធិមនោសិ សាមិ, ន ចាបិ មេ មនសា អប្បិយោសិ;

ឯតេន សច្ចេន សរន្តុ ទេវា, អនុញ្ញាតោ សោត្ថិ បច្ចេហិ សាមិ។

(អគ្គមហេសីរបស់អនីលសត្តុកុមារ) បពិត្រស្វាមី ព្រះអង្គមិនប្រព្រឹត្តកន្លងចិត្តខ្ញុំម្ចាស់ផង ព្រះអង្គមិនមែន​មិនជាទី​ស្រឡាញ់​ដោយចិត្តរបស់​ខ្ញុំម្ចាស់​ផង ដោយ​ហេតុណា (ហេតុនោះ) សូមទេវតាទាំងឡាយរលឹកឃើញដោយពាក្យសច្ចៈនុ៎ះចុះ បពិត្រស្វាមី បើយក្សអនុញ្ញាត​ហើយ សូមព្រះអង្គត្រឡប់មកវិញ ដោយសួស្តីចុះ

ព្រះកុមារស្ដេចយាងដល់ផ្លូវ ដែលជាទីនៅរបស់យក្ស តាមពាក្យណែនាំរបស់បិតា ។ សូម្បីយក្សគិតថា ឈ្មោះថា ស្ដេចជាអ្នកមានកលល្បិចច្រើន អ្នកណានឹងដឹងថា មានរឿងអ្វីកើតឡើង ដូច្នេះហើយ ទើបឡើងលើដើមឈើ អង្គុយសម្លឹងមើលផ្លូវ ដែលព្រះរាជាយាង
មក ។ យក្សមនុស្សនោះបានឃើញព្រះរាជកុមារ ដែលកំពុងមក គិតថា ព្រះឱរសនោះឲ្យបិតាត្រឡប់ ហើយខ្លួនឯងមកជំនួស ភ័យនឹងមិនមានដល់យើង ដូច្នេះហើយ ទើបចុះពីដើមឈើ មកអង្គុយបែរខ្នងដាក់ព្រះកុមារនោះ ។ ព្រះរាជកុមារមកឈរខាងមុខនៃយក្សនោះ ។ លំដាប់នោះ យក្សមនុស្ស ទើបពោលគាថាថា

ព្រហា ឧជូ ចារុមុខោ កុតោសិ, ន មំ បជានាសិ វនេ វសន្តំ;

លុទ្ទំ មំ ញត្វា បុរិសាទកោសិ, កោ សោត្ថិមាជានមិធាវជេយ្យ។

អ្នកជាបុគ្គលមានមាឌធំ មានកាយត្រង់ មានមុខស្រស់ តើអ្នក (មក) អំពីទីណា អ្នកមិនដឹងនូវយើង ដែលនៅក្នុងព្រៃទេ (ឬ) អ្នកណាដឹងនូវយើងជាបុគ្គល​អាក្រក់ ជាអ្នកស៊ី​នូវបុរស ហើយគប្បីមកក្នុង​ទីនេះ អ្នកទំនងជាមិនដឹងនូវសុវត្ថិភាព បានជាមកឬ ។

ព្រះរាជកុមារស្ដាប់ពាក្យនោះហើយ ពោលគាថាថា

ជានាមិ លុទ្ទ បុរិសាទកោ ត្វំ, ន តំ ន ជានាមិ វនេ វសន្តំ;

អហញ្ច បុត្តោស្មិ ជយទ្ទិសស្ស, មមជ្ជ ខាទ បិតុនោ បមោក្ខ។

បពិត្រព្រានព្រៃ ខ្ញុំស្គាល់ថា អ្នកជាបុគ្គលស៊ីនូវបុរស ខ្ញុំមិនមែនមិនស្គាល់អ្នកដែលនៅក្នុងព្រៃទេ ឯខ្ញុំជាព្រះរាជបុត្រនៃព្រះបាទជយទ្ទិសៈ សូមអ្នកពិសាខ្ញុំក្នុងថ្ងៃនេះចុះ ឲ្យតែបិតារួច

លំដាប់នោះ យក្សមនុស្សពោលគាថាថា

ជានាមិ បុត្តោតិ ជយទ្ទិសស្ស, តថា ហិ វោ មុខវណ្ណោ ឧភិន្នំ;

សុទុក្ករញ្ញេវ កតំ តវេទំ, យោ មត្តុមិច្ឆេ បិតុនោ បមោក្ខ។

ខ្ញុំស្គាលថា អ្នកជាបុត្ររបស់ព្រះបាទជយទ្ទិសៈ សម្បុរមុខរបស់អ្នកទាំងពីរ ក៏ដូចគ្នា អ្នកណាប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួច អំពើរបស់អ្នកនោះ ដែលអ្នកធ្វើហើយ ជាអំពើដែលគេធ្វើបានដោយកម្រក្រៃពេក

បន្ទាប់មកព្រះរាជកុមារទើបពោលគាថាថា

ន ទុក្ករំ កិញ្ចិ មហេត្ថ មញ្ញេ, យោ មត្តុមិច្ឆេ បិតុនោ បមោក្ខា;

មាតុ ច ហេតុ បរលោក គន្ត្វា, សុខេន សគ្គេន ច សម្បយុត្តោ។

ខ្ញុំមិនសម្គាល់នូវអំពើបន្តិចបន្តួចថាគេធ្វើបានដោយក្រក្នុងហេតុនេះទេ បុគ្គលណា ប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួចផង ព្រោះហេតុនៃមាតាផង បុគ្គលនោះ លុះទៅកាន់បរលោក ក៏ប្រកបដោយសេចក្តីសុខ ក្នុងឋានសួគ៌

យក្សមនុស្សស្ដាប់ពាក្យនោះហើយ ទើបសួរព្រះកុមារថា ម្នាលកុមារ ធម្មតាសត្វដែលមិនខ្លាចសេចក្ដីស្លាប់មិនមាន ព្រោះហេតុអ្វី អ្នកទើបមិនខ្លាច ?

កាលព្រះកុមារប្រាប់ដល់យក្ស ទើបពោល ២ គាថា ថា

អហញ្ច ខោ អត្តនោ បាបកិរិយំ, អាវី រហោ វាបិ សរេ ន ជាតុ;

សង្ខាតជាតីមរណោហមស្មិ, យថេវ មេ ឥធ តថា បរត្ថ។

ខ្ញុំរលឹកមិនបាននូវកិរិយាអាក្រក់របស់ខ្លួន ក្នុងទីវាល ឬទីកំបាំងដោយពិត ខ្ញុំជាអ្នកមានការកើត និងសេចក្តីស្លាប់កំណត់ដឹងហើយ ខ្ញុំ (មិនផុតពីសេចក្តីស្លាប់) ក្នុងលោកនេះយ៉ាងណា ក្នុងលោកខាងមុខក៏យ៉ាងនោះដែរ

ខាទជ្ជ មំ ទានិ មហានុភាវ, ករស្សុ កិច្ចានិ ឥមំ សរីរំ;

រុក្ខស្ស វា តេ បបតាមិ អគ្គា, ឆាទយមានោ មយ្ហំ ត្វមទេសិ មំសំ។

បពិត្រលោកមានអានុភាពច្រើន ឥឡូវនេះ លោកចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ មួយទៀតខ្ញុំនឹងទម្លាក់ខ្លួន អំពីចុងឈើជូនលោក កាលលោកឃ្លាន ចូរពិសាសាច់ខ្ញុំចុះ

មនុស្សយក្សស្ដាប់ពាក្យរបស់ព្រះរាជកុមារនោះហើយ ភ័យខ្លាច គិតថា យើងមិនអាចនឹងស៊ីនូវសាច់របស់កុមារនេះទេ យើងនឹងដោះលែងគេដោយ​ឧបាយ ដូច្នេះហើយ ទើបពោលគាថាថា

ឥទញ្ច តេ រុច្ចតិ រាជបុត្ត, ចជេសិ បាណំ បិតុនោ បមោក្ខា;

តស្មា ហិ សោ ត្វំ តរមានរូបោ, សម្ភញ្ជ កដ្ឋានិ ជលេហិ អគ្គឹ។

បពិត្ររាជបុត្រ អ្នកពេញចិត្តនឹងអំពើនេះ អ្នកលះបង់នូវជីវិត ព្រោះឲ្យបិតារួច ព្រោះហេតុនោះ អ្នកចូរជាអ្នកមានសភាពរួសរាន់ កាប់ឧសបង្កាត់ភ្លើងចុះ

អលីនសត្តុកុមារធ្វើយ៉ាងនោះហើយ បានទៅកាន់សម្នាក់របស់យក្សនោះ ។

តំ ការណំ បកាសេន្តោ សត្ថា ឥតរំ គាថមាហ  ព្រះសាស្ដា កាលប្រកាសហេតុនោះ ទើបត្រាស់ព្រះគាថាដទៃទៀតថា

តតោ ហវេ ធិតិមា រាជបុត្តោទារុំ សមាហរិត្វា មហន្តមគ្គឹ;

សន្តីបយិត្វា បដិវេទយិត្ថ, អាទីបិតោ ទានិ មហាយមគ្គីតិ។

លំដាប់នោះឯង ព្រះរាជបុត្រមានប្រាជ្ញាក៏ប្រមូល នុវឧស ហើយដុតភ្លើងឲ្យឆេះធំឡើង រួចប្រាប់យក្សថា ឥឡូវនេះ ភ្លើងដ៏ធំ នេះ ខ្ញុំបានបង្កាត់ឆេះហើយ

យក្សមនុស្សសម្លឹងមើលរាជកុមារដែលបង្កាត់រួចដើរមក ព្រឺរោមដោយគិតថា បុរសនេះដូចសីហៈ ភ័យនៃសេចក្ដីមិនមានដល់គេ យើងមិនដែលឃើញមនុស្សដែលមិនមានភ័យអស់កាលមានប្រមាណប៉ុណ្ណេះឡើយ ទើបអង្គុយសម្លឹងមើលព្រះរាជកុមាររឿយៗ ។ ព្រះរាជកុមារឃើញកិរិយារបស់មនុស្សយក្ស ទើបពោលគាថាថា

ខាទជ្ជ មំ ទានិ បសយ្ហការិកឹ មំ មុហុំ បេក្ខសិ ហដ្ឋលោមោ;

តថា តថា តុយ្ហមហំ ករោមិ, យថា យថា មំ ឆាទយមានោ អទេសិ។

ឥឡូវនេះ លោកជាអ្នកធ្វើនូវការកំហែងខ្ញុំ ចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ លោកព្រឺរោមហើយសម្លឹងខ្ញុំញយៗ តើព្រោះហេតុអ្វី លោកឃ្លាន ចង់ស៊ី ខ្ញុំយ៉ាងណាៗ ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកយ៉ាងនោះៗ

យក្សស្ដាប់ពាក្យរបស់កុមារនោះហើយ ពោលគាថាថា

កោ តាទិសំ អរហតិ ខាទិតាយេ, ធម្មេ ឋិតំ សច្ចវាទឹ វទញ្ញុំ;

មុទ្ធាបិ តស្ស វិផលេយ្យ សត្តធា, យោ តាទិសំ សច្ចវាទិំ អទេយ្យាតិ។

នរណា គួរស៊ីបុគ្គលតាំងនៅក្នុងធម៌ និយាយពាក្យពិត ដឹងនូវពាក្យពេចន៍បែបអ្នក បុគ្គលណា ហ៊ានស៊ីនូវបុគ្គលពោលពាក្យសច្ចៈបែបអ្នក ក្បាលរបស់បុគ្គលនោះនឹងបែកជា ភាគ

ព្រះកុមារស្ដាប់ពាក្យនោះហើយ ទើបពោលថា បើលោកមិនប្រាថ្នាស៊ីខ្ញុំ ហេតុអ្វីទើបប្រាប់ខ្ញុំឲ្យបង្កាត់ភ្លើង ។ កាលយក្សប្រាប់ថា ដើម្បីត្រូវការឃ្លាំមើលថា អ្នករត់ទៅឬមិនទៅ ។ ព្រះកុមារទើបពោលថា ឥឡូវនេះ លោកកំណត់នូវខ្ញុំបានយ៉ាងណា គ្រាយើងកើតនៅក្នុងកំណើតសត្វតិរច្ឆាន នៅមិនឲ្យសក្កទេវរាជរក្សាតិះដៀលខ្លួន ទើបពោលគាថាថា

ឥទញ្ហិ សោ ព្រាហ្មណំ មញ្ញមានោ, សសោ អវាសេសិ សកេ សរីរេ;

តេនេវ សោ ចន្ទិមា ទេវបុត្តោ, សសត្ថុតោ កាមទុហជ្ជ យក្ខ។

អម្បាលដូចជាទន្សាយនោះ កាលសម្គាល់នូវហេតុនេះ បានញ៉ាំងឥន្ទព្រាហ្មណ៍ឲ្យទៅ (ដើម្បីឲ្យ) សរីរៈនៃខ្លួន ម្នាលយក្ស ហេតុនោះឯង បានជាចន្ទិមទេវបុត្ត បង្ហូរចេញនូវសេចក្តីប្រាថ្នានោះ មានរូបទន្សាយឋិតនៅសព្វថ្ងៃនេះ

គាថានោះ មានសេចក្ដីអធិប្បាយថា សសបណ្ឌិតនោះ សម្គាល់ឥន្ទព្រាហ្មណ៍ថា អ្នកនោះជាព្រាហ្មណ៍ ទើបពោលថា ថ្ងៃនេះ សូមលោកអញ្ជើញបរិភោគនូវសរីរៈនេះ ហើយនៅក្នុងទីនេះចុះ ដូច្នេះហើយ ក៏បានញ៉ាំងព្រាហ្មណ៍ឲ្យនៅដើម្បីនឹងឲ្យនូវសរីរៈរបស់ខ្លួន ជាទានយ៉ាងនេះ ។ សសបណ្ឌិតនោះក៏បានឲ្យសរីរៈដើម្បីប្រយោជន៍ជាអាហារដល់ឥន្ទព្រាហ្មណ៍។ សក្កទេវរាជច្របាច់នូវរសនៃភ្នំ (ច្របាច់ភ្នំយករស) កាន់យកមកធ្វើនូវសសលក្ខណៈ (រូបទន្សាយ) នៅនឹងមណ្ឌលព្រះចន្ទ្រ ។  ចាប់តាំងអំពីពេលនោះមក ដោយរូបនៃទស្សាយនោះឯង ចន្ទិមទេវបុត្រនោះ មនុស្សលោកតែងសម្គាល់ថា សសី សសី (ទន្សាយ ទន្សាយ) ដូច្នេះ ព្រះចន្ទ្រមានរូបទន្សាយប្រាកដជាក់ច្បាស់យ៉ាងនេះ ជាអ្នកបំពេញសេចក្ដីប្រាថ្នា ចម្រើនសេចក្ដីស្រឡាញ់ដល់មនុស្សលោក រុងរឿងរហូតដល់សព្វថ្ងៃ ។ រឿងនេះ ជារឿងអស្ចារ្យ តាំងនៅរហូតអស់កប្ប ។

យក្សមនុស្សស្ដាប់ពាក្យនោះហើយ កាលនឹងដោះលែងកុមារទើពពោលគាថាថា

ចន្ទោ យថា រាហុមុខា បមុត្តោ, វិរោចតេ បន្នរសេវ ភាណុមា;

ឯវំ តុវំ បោរិសាទា បមុត្តោ, វិរោច កប្បិលេ មហានុភាវ;

អាមោទយំ បិតរំ មាតរញ្ច, សព្វោ ច តេ នន្ទតុ ញាតិបក្ខោ។

ព្រះចន្ទ្រនិងព្រះអាទិត្ររួចអំពីមាត់រាហូ ហើយរុងរឿងក្នុង ១៥ កើត យ៉ាងណាមិញ បពិត្រអ្នកមានអានុភាពច្រើន អ្នកបានរួចអំពីយើងឈ្មោះបោរិសាទហើយ ចូររុងរឿងក្នុងក្រុងកប្បិលពស្តុចុះ រួចចូញ៉ាំងបិតានិងមាតាឲ្យរីករាយ  ទាំងពួកញាតិទាំងអស់របស់អ្នក ក៏ចូរត្រេកអរចុះ

យក្សពោលថា បពិត្រមហាវីរៈ លោកសូមទៅចុះ ហើយបញ្ជូនព្រះមហាសត្វ ។ ចំណែកព្រះមហាសត្វទ្រង់ធ្វើនូវយក្សនោះឲ្យសេពសេចក្ដីនឿយណាយ ហើយឲ្យនូវសីល ៥ កាលទ្រង់កំណត់ថា គេនេះជាយក្ស ឬមិនមែន ទើបត្រិះរិះថា ធម្មតាយក្សរមែងមានភ្នែកក្រហម ហើយមិនប៉ប្រិច និងមិនមានស្រមោល មិនតក់ស្លុត ។ អ្នកនេះមិនមែនជាយក្សទេ គេជាមនុស្ស ។ បានឮមកថា ព្រះជេដ្ឋារបស់ព្រះបិតារបស់យើង ត្រូវយក្ខិនីចាប់ដល់ទៅ ៣អង្គ ។ ក្នុងចំណោមនោះ ពីរអង្គនឹងត្រូវយក្ខិនីស៊ី, មួយអង្គនឹងត្រូវយក្ខិនីយកទៅចិញ្ចឹមដោយសេចក្ដីស្រឡាញ់ទុកដូចជាកូន រឿងនេះនឹងគប្បីមានយ៉ាងនេះ យើងនឹងនាំគាត់ទៅទូលបិតារបស់យើង ហើយឲ្យគាត់តាំងនៅក្នុងរាជ្យ ដូច្នេះហើយទើបពោលថា បពិត្រលោកដ៏ចម្រើន មកចុះ លោកមិនមែនជាយក្សទេ លោកជាព្រះជេដ្ឋារបស់បិតារបស់ខ្ញុំ លោកចូរមក ទៅជាមួយនឹងខ្ញុំ លោកចូរលើកឡើងនូវស្វេតច្ឆត្រក្នុងរាជ្យ បន្តវង្សត្រកូលចុះ ។ កាលយក្សពោលថា យើងមិនមែនជាមនុស្ស ។ ព្រះកុមារទើបសួរពោលថា លោកមិនជឿខ្ញុំ តើមានអ្នកដែលអាចឲ្យលោកជឿបាន? យក្សមនុស្សប្រាប់ថា មានតាបសភ្នែកទិព្វនៅក្នុងទីឯនោះ ។ ព្រះកុមារក៏បាននាំមនុស្សយក្សនោះទៅក្នុងទីនោះ ។ ព្រះតាបសឃើញគេទាំងពីរ ក៏ពោលថា ក្មួយ និងអ៊ំធ្វើអ្វី ត្រាច់ទៅក្នុងព្រៃ ហើយពោលនូវភាពជាញាតិដល់អ្នកទាំងពីរ។  បោរិសាទក៏ជឿពាក្យរបស់តាបសនោះហើយពោលថា ម្នាលក្មួយ អ្នកចូរទៅចុះ យើងនេះក្នុងអត្តភាពតែមួយ កើតជាពីរចំណែក ប្រយោជន៍ដោយរាជសម្បត្តិមិនគួរដល់យើង យើងបួស ដូច្នេះហើយ បោរិសាទនោះក៏បានបួសជាឥសីក្នុងសម្នាក់តាបស ។ លំដាប់នោះ ព្រះកុមារថ្វាយបង្គំបោរិសាទ ហើយទៅកាន់ព្រះនគរ ។

តមត្ថំ បកាសេន្តោ សត្ថា ព្រះសាស្ដា កាលប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាថា

តតោ ហវេ ធិតិមា រាជបុត្តោ, កតញ្ជលី បរិយាយ បោរិសាទំ;

អនុញ្ញាតោ សោត្ថិ សុខី អរោគោ, បច្ចាគមា កបិលមលីនសត្តា   

លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ព្រះនាមអលីនសត្តុ ដែលបោរិសាទនោះអនុញ្ញាតហើយ ក៏ធ្វើអញ្ជលិផ្គងឡើងចំពោះបោរិសាទ រួចត្រឡប់មកកាន់នគរកបិលពស្តុវិញ ដោយសួរស្តី បានសេចក្តីសុខ ឥតមានរោគឡើយ

ព្រះសាស្ដាត្រាស់គាថានេះហើយ កាលទ្រង់សម្ដែងករណីយកិច្ចដែល​អ្នកនគរ​ជាដើម ធ្វើដល់​ព្រះកុមារ​ដែលទៅ​ដល់នគរ​ហើយ ទើបត្រាស់​ព្រះគាថា​ចុង​ក្រោយថា

តំ នេគមា ជានបទា ច សព្វេ, ហត្ថារោហា រថិកា បត្តិកា ច;

នមស្សមានា បញ្ជលិកា ឧបាគមុំ, នមត្ថុ តេ ទុក្ករការកោសិ។

ពួកមនុស្សនៅក្នុងនិគមក្តី ពួកមនុស្សនៅក្នុងជនបទក្តី ពួកពលដំរី ក្តី ពលរថក្តី ពលថ្មើជើងក្តី ទាំងអស់ ក៏ប្រណម្យអញ្ជលីនមស្ការ ចូលទៅជិតអលីនសត្តុកុមារថា យើងខ្ញុំ សូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះអង្គទ្រង់ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ

ព្រះបាទជយទ្ទិសស្ដាប់ថា បានឮថា ព្រះកុមារមកហើយ ទ្រង់ធ្វើនូវការទទួល ។  ព្រះកុមារមានមហាជនជាបរិវារយាងទៅ ថ្វាយបង្គំព្រះរាជា ។  លំដាប់នោះ ព្រះរាជាសួរព្រះកុមារថា ម្នាលបុត្រ អ្នករួចផុតអំពីបោរិសាទនោះដូចម្ដេច ។ ព្រះកុមារទូលថា បពិត្របិតា គាត់មិនមែនជាយក្សទេ គឺជាព្រះជេដ្ឋារបស់ព្រះបិតា គាត់ជាព្រះបិតុលារបស់បុត្រ ហើយក្រាបទូលរឿងរ៉ាវទាំងពួងឲ្យទ្រង់ជ្រាប ហើយទូលថា ព្រះបិតាគួរដើម្បីឃើញព្រះបិតុលារបស់បុត្រ ។ ក្នុងពេលនោះឯង ព្រះរាជាឲ្យគេញ៉ាំងស្គរឲ្យប្រព្រឹត្តទៅ ហើយស្ដេចយាងទៅកាន់សម្នាក់តាបសដោយបរិវារដ៏ធំ ។ ព្រះមហាតាបសទើបនាំរឿងដែលយក្ខិនីនោះមិនបានស៊ី យកព្រះរាជបុត្រទៅចិញ្ចឹម រឿងដែលបោរិសាទមិនមែនជាយក្ស និងរឿងជាញាតិរបស់ព្រះអង្គ យ៉ាងពិស្ដារ ។ ព្រះរាជាជយទ្ទិសត្រាស់ថា បពិត្រម្ចាស់បង សូមទ្រង់យាងមកសោយរាជសម្បត្តិចុះ ។ តាបសជាបងពោលថា កុំឡើយ មហារាជ ។ ព្រះបាទជយទ្ទិសត្រាស់ថា ចឹងសូមទ្រង់យាងទៅគង់នៅក្នុងព្រះឧទ្យាន ខ្ញុំព្រះអង្គនឹងទំនុកបម្រុងដោយបច្ច័យ ៤ ។ តាបសជាបងពោលថា​ អាត្មាមិនទៅទេ មហារាជ ។ ព្រះរាជាយទ្ទិសបញ្ជាឲ្យជីកស្រះធំនៅចន្លោះភ្នំ ដែលនៅមិនឆ្ងាយអំពីអាស្រមតាបសនោះ ហើយឲ្យគេធ្វើស្រែ ឲ្យនាំនូវមនុស្សមួយពាន់ត្រកូល  ឲ្យគេទាំងនោះនៅនឹងក្នុងទីនោះធ្វើជាស្រុកធំ ឲ្យតាំងទុកជាភិក្ខាចាររបស់តាបស ។   ស្រុកនោះ ក៏បានឈ្មោះថា ចូឡកម្មាសទម្មនិគម ។ ចំណែកប្រទេសដែលមហាសត្វសុតសោមទូន្មានបោរិសាទនោះ អ្នកសិក្សាគប្បីជ្រាបថាជា មហាកម្មាសទម្មនិគម ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និងប្រជុំជាតក ក្នុងកាលជា​ទីបញ្ចប់​សច្ចធម៌ មាតុបោសកត្ថេរបានតាំងនៅ​ក្នុង​សោតាបត្តិផល ។

(ការប្រជុំជាតកនោះដូច្នេះ គឺ )

តទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ គឺ បានមកជាមហារាជត្រកូល ។

តាបសោ សារិបុត្តោ តាបស គឺ ព្រះសារីបុត្រ ។

បោរិសាទោ អង្គុលិមាលោ បោរិសាទ គឺ ព្រះអង្គុលិមាល ។

កនិដ្ឋា ឧប្បលវណ្ណា  ប្អូងស្រី គឺ ព្រះនាងឧប្បលវណ្ណា ។

អគ្គមហេសី រាហុលមាតា ព្រះអគ្គមហេសី គឺ រាហុលមាតា ។

អលីនសត្តុកុមារោ បន អហមេវ អហោសឹ ចំណែកអលីនសត្តុកុមារ គឺ តថាគតនេះឯង ។

ជយទ្ទិសជាតកវណ្ណនា និដ្ឋិតា។

ការពណ៌នាជយទ្ទិសជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត ជយទ្ទិសជាតក បិដកលេខ ៦០ ទំព័រ ១៦២)

ដោយ ខេមរ អភិធម្មាវតារ