។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ជនសន្ធជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅ​វត្តជេតពន ទ្រង់ត្រាស់​ព្រះធម្មទេសនា​នេះ ដើម្បី​ឲ្យឱវាទ​ដល់​ព្រះបាទ​កោសល មានពាក្យថា ទស ខលុ ដូច្នេះ​ជាដើម។

 

ពេលមួយ ព្រះរាជាស្រវឹងដោយឥស្សរិយយស ដែលអាស្រ័យ​នឹងសេចក្ដី​សុខក្នុង​កិលេស ទ្រង់​មិនតាំង​ទុកការ​វិនិច្ឆ័យក្ដី ធ្វេសប្រហែស​សូម្បីក្នុង​ការបម្រើ​ព្រះពុទ្ធ។ ថ្ងៃមួយ ព្រះរាជា​នោះរឭក​ព្រះទសពល ទ្រង់គិតថា យើងនឹង​ថ្វាយបង្គំ​ព្រះសាស្ដា ដូច្នេះ កាល​ស្ដេចសោយ​ក្រយា​ពេល​ព្រឹករួច ក៏ទ្រង់ឡើង​លើរថ​ដ៏ប្រសើរ យាងទៅវត្ត ថ្វាយបង្គំ​ព្រះសាស្ដា ហើយ​ស្ដេចគង់ (ក្នុងទី​ដ៏សមគួ)។

 

ពេលនោះ ព្រះសាស្ដាត្រាស់នឹងព្រះរាជាថា បពិត្រ​មហារាជ ហេតុដូចម្ដេច បានជា​ទ្រង់មិន​ប្រាកដ អស់កាល​ដ៏យូរ ?

 

ព្រះរាជាទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ​មានកិច្ច​ការងារច្រើន ទើបមិន​មានឱកាស​នឹងមក​បម្រើព្រះពុទ្ធ។

 

ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ កាលព្រះសព្វញ្ញុពុទ្ធ ជាអ្នកឲ្យឱវាទ ដូចជាតថាគត នៅនឹងវត្ត​ដែលជិត ព្រះអង្គ​មិនគួរ​ប្រមាទឡើយ ធម្មតា​ព្រះរាជា​គប្បីមិន​ប្រមាទ​ក្នុងរាជកិច្ច ត្រូវប្រព្រឹត្ត​ស្មើក្នុង​មាតាបិតា និងពួក​អ្នកដែន ត្រូវលះបង់​ដំណើរ​អគតិ មិនត្រូវ​ញ៉ាំង​ទសរាជធម៌​ឲ្យ​កម្រើក គួរសោយ​រាជសម្បត្តិ​ដោយធម៌ បើព្រះរាជា​ដែលប្រកប​ដោយធម៌ សូម្បី​បរិស័ទ​ក៏ជាអ្នក​ប្រកប​ដោយ​ធម៌ដែរ ការដែល​តថាគត​ជាអ្នក​ឲ្យឱវាទ ហើយ​ព្រះអង្គ​សោយរាជ​សម្បត្តិ​ប្រកប​ដោយធម៌​នេះ មិនជា​អស្ចារ្យទេ បោរាណបណ្ឌិត​ទាំងឡាយ សូម្បី​មិនមាន​អាចារ្យ​ប្រៀនប្រដៅ (ក៏អាច) សម្ដែងធម៌​ដល់មហាជន ឲ្យតាំងនៅ​ក្នុងសុចរិតធម៌​ទាំង ៣ ដោយ​មតិរបស់​ខ្លួន ហើយទៅ​កាន់ផ្លូវសួគ៌។ កាល​ព្រះរាជា​ទូលអង្វរ​អារាធនា ទ្រង់​នាំយក​អតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ ក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ផ្ទៃអគ្គមហេសី​របស់​ព្រះរាជា​នោះ (ពេលប្រសូត​ហើយ) ពពួក​ញាតិថ្វាយ​ព្រះនាម​ថា ជនសន្ធកុមារ។ ព្រះរាជា​បញ្ជា​ជនសន្ធកុមារ ដែលធំ​ហើយ ដែលបាន​ទៅរៀន​សិល្ប​សាស្ត្រ រួចត្រឡប់​មកពីនគរ​តក្កសិលា ឲ្យជម្រះ​ពន្ធនាគារ​ទាំងអស់ ហើយទ្រង់​ប្រទាន​តំណែង​ជា​ឧបរាជ។ កាលកន្លង​ទៅនៃបិតា ព្រះពោធិសត្វ​ក៏បានតាំង​ក្នុងរាជ​សម្បត្តិ ទ្រង់ឲ្យ​គេកសាង​សាលាទាន ៦ កន្លែង គឺត្រង់ទ្វារនគរ ៤ កន្លែង ត្រង់​កណ្ដាលនគរ ១ កន្លែង និង​ត្រង់​រាជទ្វារ ១ កន្លែង ទ្រង់តែង​បរិច្ចាគ​ទ្រព្យ ៦ សែន រាល់ៗថ្ងៃ ញ៉ាំង​សកលជម្ពូទ្វីប​ឲ្យកម្រើក ធ្វើឲ្យ​មហាទាន​ព្រឹត្តទៅ ទ្រង់បញ្ជា​ឲ្យបើក​ពន្ធនាគារ​ជានិច្ច ស្ដេចឲ្យ​គេជម្រះ​ធម្មភណ្ឌិកៈ សង្គ្រោះសត្វ​លោកដោយ​សង្គហវត្ថុ​ទាំង ៤ ទ្រង់រក្សាសីល ៥ និងឧបោសថ សោយ​រាជសម្បត្តិ​ប្រកប​ដោយធម៌។

 

ព្រះមហាសត្វឲ្យពួកអ្នកដែនមកប្រជុំគ្នា ហើយសម្ដែង​ធម៌ថា អ្នកទាំងឡាយ​ចូរឲ្យទាន ចូរសមាទាន​សីល ចូរចម្រើន​ភាវនា ចូរប្រកប​ដោយការងារ និងវោហារ​ដែលជាធម៌ ត្រូវសិក្សា​សិល្បសាស្ត្រ​ក្នុងវ័យក្មេង ហើយញ៉ាំង​ទ្រព្យឲ្យ​កើតឡើង ចូរកុំធ្វើ​កូដកម្ម​ក្នុងស្រុក និងកុំធ្វើ​ការញុះញុង ចូរកុំពោល​ពាក្យអាក្រក់​គ្រោតគ្រាត ចូរបម្រើ​មាតាបិតា ចូរចម្រើន​ការគោរព​រៀមច្បង​ក្នុងត្រកូល ដូច្នេះហើយ ទ្រង់ក៏បាន​ញ៉ាំង​មហាជន ឲ្យតាំង​នៅក្នុង​សុចរិតធម៌។

 

ថ្ងៃមួយ ក្នុងថ្ងៃឧបោសថទី ១៥ ព្រះពោធិសត្វ​សមាទាន​ឧបោសថ​ហើយ គិតថា យើង​នឹង​សម្ដែង​ធម៌ ដើម្បីសេចក្ដី​សុខនិង​សេចក្ដី​ចម្រើន និងដើម្បី​ការនៅ​ដោយសេចក្ដី​មិនប្រមាទ ដល់​មហាជន​ឲ្យក្រៃលែង​ឡើង គិតយ៉ាង​នេះហើយ ទ្រង់ឲ្យ​រាជបុរស​ត្រាច់វាយ​ស្គរក្នុងនគរ ប្រកាស​ឲ្យអ្នកនគរ​ទាំងអស់ ធ្វើចាប់ពី​អ្នកនៅក្នុង​រាជរាំង​របស់ព្រះអង្គ​ជាដើម មកប្រជុំគ្នា ហើយ​ស្ដេចប្រថាប់​លើបល្ល័ង្ក​ដ៏ប្រសើរ ដែលតាក់​តែងល្អហើយ ក្នុងកណ្ដាល​អលង្កតរតនមណ្ឌប រួចទ្រង់ត្រាស់ថា នែអ្នក​ដ៏ចម្រើន យើងនឹង​សម្ដែងធម៌​ដែលឲ្យ​កើត​សេចក្ដី​ក្ដៅក្រហាយ​ខ្លះ មិនក្ដៅ​ក្រហាយខ្លះ ដល់អ្នកនគរ ពួកអ្នកចូរ​កុំប្រមាទ ចូរមាន​ត្រចៀក​ផ្ទៀងស្ដាប់​ដោយគោរព​ចុះ ដូច្នេះហើយ ទ្រង់ក៏បាន​សម្ដែងធម៌។

 

ព្រះសាស្ដាបើករតនៈ គឺព្រះឱស្ឋ ដែលអប់រំចម្រើន​ដោយសច្ចៈ កាលនឹង​ធ្វើ​ធម្មទេសនា​នោះ ឲ្យជាក់​ច្បាស់ដល់​ព្រះបាទកោសល​ដោយសំឡេង​ដ៏ពីរោះ ទើបត្រាស់​ព្រះគាថា​ទាំងឡាយ​នេះ​ថា

ទស ខលុ ឥមានិ ឋានានិ,យានិ បុព្វេ អករិត្វា;

ស បច្ឆា មនុតប្បតិ, ឥច្ចេវាហ ជនសន្ធោ។

ព្រះបាទជនសន្ធៈ ទ្រង់មានព្រះឱង្ការថា បុគ្គលណា មិនបានធ្វើហេតុទាំង ១០ នេះ ទុកជាមុនទេ បុគ្គលនោះ តែងក្តៅក្រហាយ​ក្នុងកាលជា​ខាងក្រោយ។

 

អលទ្ធា វិត្តំ តប្បតិ, បុព្វេ អសមុទានិតំ;

ន បុព្វេ ធនមេសិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបានឲ្យកើតឡើង ក្នុងកាលមុន រមែង​ក្តៅក្រហាយ តែងក្តៅ​ក្រហាយ​រឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អាត្មាអញ​មិនបានស្វែង​រកទ្រព្យ​ក្នុងកាលមុន។

 

សក្យរូបំ បុរេ សន្តំ, មយា សិប្បំ ន សិក្ខិតំ;

កិច្ឆា វុត្តិ អសិប្បស្ស, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា សិល្បៈ ជាគុណ មានសភាព​អង់អាច អាត្មាអញ​មិនបាន​រៀនទុក ក្នុងកាលមុន ការចិញ្ចឹមជីវិត​នៃបុគ្គល​អ្នកមិន​មានសិល្បៈ​លំបាក។

 

កូដវេទី បុរេ អាសឹ, បិសុណោ បិដ្ឋិមំសិកោ;

ចណ្ឌោ ច ផរុសោ ចាបិ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា កាលពីដើម អាត្មាអញ​ជាអ្នក​ប៉ិនប្រសប់ ក្នុងអំពើរ​កោងផង ជាអ្នក​ញុះញង់ផង ស៊ីសាច់ខ្នងគេ គឺស៊ីសំណូកផង ជាអ្នក​កាចផង អាក្រក់ផង។

 

បាណាតិបាតី បុរេ អាសឹ, លុទ្ទោ ចាបិ អនារិយោ;

ភូតានំ នាបចាយិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលខាងក្រោយថា កាលពីដើម អាត្មាអញ​ជាអ្នក​សម្លាប់​សត្វផង កាចអាក្រក់ផង ជាអ្នកមិន​ប្រសើរផង មិន​កោត​ក្រែងចំពោះ​ពួកសត្វផង។

 

ពហូសុ វត សន្តីសុ, អនាបាទាសុ ឥត្ថិសុ;

បរទារំ អសេវិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយថា អើហ្ន៎ កាល​ដែលពួក​ស្ត្រីមាន​ច្រើន​គរគោក ជាស្ត្រី​មិនមាន​អន្តរាយ (មិនមាន​គេកាន់​កាប់សោះ) អាត្មាអញ​សេពនឹង​ប្រពន្ធគេ។

 

ពហុម្ហិ វត សន្តម្ហិ, អន្នបានេ ឧបដ្ឋិតេ;

ន បុព្វេ អទទំ ទានំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា អើហ្ន៎ កាលពីដើម អាត្មាអញ​មាន​បាយ និងទឹក​ច្រើន​គរគោក តែមិនបាន​ឲ្យទានសោះ។

 

មាតរំ បិតរំ ចាបិ, ជិណ្ណកំ គតយោព្វនំ;

បហុ សន្តោ ន បោសិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា កាលអាត្មាអញ​មាន​ទ្រព្យច្រើន មិនបាន​ចិញ្ចឹម​មាតា និងបិតា​ដែលចាស់ មានវ័យ​កន្លងហើយ។

 

អាចរិយមនុសត្ថារំ, សព្ពកាមរសាហរំ;

បិតរំ អតិមញ្ញិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាង​ក្រោយថា អាត្មាអញ​បានមើល​ងាយបិតា ដែលជា​អាចារ្យ អ្នកប្រៀនប្រដៅ ជាអ្នកនាំមក​នូវរស​គ្រប់យ៉ាង។

 

សមណេ ព្រាហ្មណេ ចាបិ, សីលវន្តេ ពហុស្សុតេ;

ន បុព្វេ បយិរុបាសិស្សំ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា ក្នុង​កាលមុន អាត្មាអញ មិនបាន​ចូលទៅ​ជិត​ពួកសមណៈ និងព្រាហ្មណ៍ អ្នកមាន​សីល ជា​ពហុស្សូត​ឡើយ។

 

សាធុ ហោតិ តបោ ចិណ្ណោ, សន្តោ ច បយិរុបាសិតោ;

ន ច បុព្វេ តបោ ចិណ្ណោ, ឥតិ បច្ឆានុតប្បតិ។

បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា តបៈ ​គឺ​សុចរិតធម៌ ដែលគេ​សន្សំហើយ​ផង បុគ្គល​អ្នកស្ងប់​ដែលគេចូល​ទៅអង្គុយ​ជិតផង ជាការប្រពៃ តបៈ (មាន​សភាព​យ៉ាងនេះ) អាត្មាអញ មិនបាន​សន្សំហើយ ក្នុង​កាលពីដើម។

 

យោ ច ឯតានិ ឋានានិ, យោនិសោ បដិបជ្ជតិ;

ករំ បុរិសកិច្ចានិ, ស បច្ឆា នានុតប្បតិ។

ចំណែកខាងបុគ្គលណា កាលធ្វើកិច្ចរបស់បុរស​ទាំងឡាយ ហើយ​ប្រតិបត្តិ​នូវហេតុ​ទាំងនេះ ដោយ​យោបល់ បុគ្គលនោះ រមែងមិន​ក្តៅក្រហាយ​រឿយ ៗ ក្នុង​កាលជា​ខាងក្រោយ​ឡើយ។

 

ព្រះមហាសត្វសម្ដែងធម៌ដល់មហាជនដោយនិយាមនេះ រាល់ៗកន្លះខែ យ៉ាងនេះឯង។ ចំណែក​មហាជន​តាំងនៅ​ក្នុងឱវាទ​ព្រះមហាសត្វ ធ្វើឋានទាំង ១០ នោះឲ្យ​ពេញហើយ ជាអ្នក​មានសួគ៌​ជាទីទៅ​ខាងមុខ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា បពិត្រមហារាជ បោរាណបណ្ឌិត​ទាំងឡាយ សូម្បី​មិនមាន​អាចារ្យ (ក៏អាច) សម្ដែង​ធម៌ដោយ​បញ្ញារបស់ខ្លួន ញ៉ាំង​មហាជន​ឲ្យតាំង​នៅក្នុងផ្លូវ​សួគ៌យ៉ាង​នេះឯង ដូច្នេះ​ហើយ ទ្រង់ប្រជុំជាតកថា

 

តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជា​ពុទ្ធបរិស័ទ

ជនសន្ធរាជា បន អហមេវ អហោសឹ ចំណែកព្រះបាទជនសន្ធៈ គឺ តថាគត​នេះឯង។

ជនសន្ធជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៤៨)

ថ្ងៃ សៅរ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ៨ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.