។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ឆវជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឆព្វគ្គិយភិក្ខុ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា សព្វមិទំ ចរិមំ កតំ ដូច្នេះ​ជាដើម។

រឿងរ៉ាវបច្ចុប្បន្នមានមកដោយពិស្ដារហើយ ក្នុងព្រះវិន័យ [ភិក្ខុណា​អាស្រ័យ​សេចក្តី​មិនអើពើ អង្គុយ​លើអាសនៈ​ទាប ហើយសំដែង​ធម៌ដល់​មនុស្សគ្មាន​ជំងឺអង្គុយ​លើអាសនៈ​ខ្ពស់ ត្រូវអាបត្តិ​ទុក្កដ (វិនយបិដក មហាវិភង្គ សេក្ខិយកណ្ឌ ធម្មទេសនា​បដិសំយុត្ត បាទុកវគ្គ នវមសិក្ខាបទ បិដកលេខ ៤ ទំព័រ ៤៩១)។]។ ប៉ុន្តែ​ក្នុងជាតក​នេះ ព្រះសាស្ដា​ត្រាស់ហៅ​ឆព្វគ្គិយភិក្ខុ​ឲ្យចូល​គាល់ ហើយ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា អ្នកទាំងឡាយ​អង្គុយលើ​អាសនៈ​ទាប សម្ដែងធម៌​ដល់មនុស្ស​ដែលអង្គុយ​លើ​អាសនៈ​ខ្ពស់ ពិតមែនឬ? កាល​ឆព្វគ្គិយភិក្ខុ​ទូលថា យ៉ាងនោះ​មែន ព្រះអង្គ។ ព្រះសាស្ដា តិះដៀល​ភិក្ខុទាំងនោះ រួចព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ កាលដែល​អ្នកទាំងឡាយ ធ្វើការ​មិនគោរព​ចំពោះធម៌​របស់​តថាគត​នេះ មិនគួរទេ បោរាណកបណ្ឌិត​ទាំងឡាយ​តិះដៀល​បុគ្គលដែល​អង្គុយលើ​អាសនៈទាប បង្រៀន​មន្តខាងក្រៅ ហើយព្រះអង្គ​នាំយកអតីត​និទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​ចណ្ឌាល ចម្រើនវ័យ​ឡើងហើយ ស្វែងរក​ទ្រព្យសម្បត្តិ។ ភរិយា​របស់​ព្រះពោធិសត្វ កើតរោគ​ចាញ់កូន ឃ្លានផ្លែស្វាយ បានប្រាប់​ព្រះពោធិសត្វ​ថា បពិត្រ​ស្វាមី ខ្ញុំចង់ហូប​ផ្លែស្វាយ។

ព្រះពោធិសត្វពោលថា នែអូនសម្លាញ់ ក្នុងកាលនេះ មិនមាន​ផ្លែស្វាយទេ បងនឹងនាំ​ផ្លែអម្ពិល​យ៉ាងណា​មួយដទៃ​មកវិញ។

ភរិយាពោលថា បពិត្រស្វាមី បើខ្ញុំបានស្វាយហូប ទើបរស់ បើមិនបានទេ ជីវិតរបស់ខ្ញុំ​មិនរស់ទេ។

ព្រះពោធិសត្វមានចិត្តស្រឡាញ់ប្រពន្ធ គិតថា ​តើអញបានផ្លែស្វាយ​អំពីទី​ណាហ្ន៎។ គាប់ចួន​ពេលនោះ ដើមស្វាយ​ក្នុងឧទ្យាន​របស់ស្ដេច​ក្រុង​ពារាណសី មានផ្លែ​ជានិច្ច។

ព្រះពោធិសត្វគិតថា អញនឹងនាំផ្លែស្វាយទុំ​អំពីឧទ្យាន​នោះ ដើម្បីឲ្យ​ប្រពន្ធហូប បំបាត់រោគ​ចាញ់កូន។ ក្នុងពេលយប់ លោកទៅ​កាន់ឧទ្យាន ឡើង​ដើមស្វាយ សួតាមមែក​ និងសម្លឹង​រកផ្លែ​ស្វាយ។ កាលលោក​កំពុងរក​មើល រាត្រីក៏​កាន់តែ​ងងឹតខ្លាំង។ លោកគិត​ថា ប្រសិនបើ​អញចុះ​ឥឡូវនេះ ពួកគេនឹង​ឃើញ ហើយចាប់​អញ ចោទថា​ជាចោរ អញនឹង​ចុះក្នុងពេល​យប់ជ្រៅ។ គ្រានោះ ព្រះពោធិសត្វ​ឡើងទៅកាន់​ប្រគាបមួយ ហើយពួន​សម្ងំ​នៅទីនោះ។

គ្រានោះ ព្រះបាទពារាណសីយាងចូលទៅក្នុងឧទ្យាន ដោយគិតថា យើងនឹងរៀន​មន្តក្នុង​សម្នាក់​បុរោហិត រួចទ្រង់​គង់លើ​អាសនៈខ្ពស់ ទៀបគល់​ដើមស្វាយ ប្រាប់ឲ្យ​អាចារ្យ​អង្គុយលើ​អាសនៈទាប ហើយទ្រង់​រៀននូវមន្ត។ ព្រះពោធិសត្វ​ដែលពួន​សម្ងំនៅ​ខាងលើ គិតថា ព្រះរាជា​នេះ​មិនប្រកប​ដោយធម៌ ព្រះរាជា​ណាគង់លើ​អាសនៈ​ខ្ពស់រៀន​មន្ត សូម្បី​ព្រាហ្មណ៍ ក៏មិនប្រកប​ដោយ​ធម៌ដែរ ព្រាហ្មណ៍​ណា​អង្គុយលើ​អាសនៈ​ទាប បង្រៀន​មន្ត សូម្បីអញ ក៏មិន​ប្រកប​ដោយធម៌ដែរ បុគ្គលណា លុះក្នុង​អំណាច​មាតុគ្រាម មិនគិត​ជីវិតខ្លួន​ឯង មកលួច​ស្វាយនេះ។ ព្រះពោធិសត្វ​ចុះពី​ដើមស្វាយ ចាប់មែក​សំយុង​មួយ ឈរនៅ​រវាងស្ដេច និងបុរោហិត​ទាំងពីរ​នោះ ពោលថា បពិត្រ​មហារាជ​ ទូលព្រះបង្គំ​វិនាសហើយ ព្រះអង្គ​វង្វេងហើយ បុរោហិត​ស្លាប់ហើយ។ កាលព្រះរាជា​សួរថា ព្រោះ​ហេតុអ្វី​លោក? ព្រះពោធិសត្វ​ពោលគាថាទី ១ ថា

សព្វមិទំ ចរិមំ កតំ ឧភោ ធម្មំ ន បស្សរេ;

ឧភោ បកតិយា ចុតា យោ ចាយំ មន្តេជ្ឈាបេតិ;

យោ ច មន្តំ អធីយតិ។

កិច្ចដែលយើងទាំងបីនាក់ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គលណា (អង្គុយ​ក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយ​ក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គល​ទាំងពីរនាក់ (នោះ) មិនឃើញ​នូវ​បោរាណធម៌​ផង បុគ្គល​ទាំងពីរនាក់ (នោះ) ឃ្លាតចាក​ធម៌ប្រក្រតី។

ពិតមែនហើយ ធម៌ឈ្មោះថាប្រក្រតី ដោយអំណាច និងការកើត​ឡើងជា​គ្រាដំបូង។ សមដូច​ពុទ្ធភាសិតថា

ធម្មោ ហវេ បាតុរហោសិ បុព្វេ; បច្ឆា អធម្មោ ឧទបាទិ លោកេ។

ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក។

(សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ )

ព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា

សាលីនំ ឱទនំ ភុញ្ជេ សុចឹ មំសូបសេចនំ;

តស្មា ឯតំ ន សេវាមិ ធម្មំ ឥសីហិ សេវិតំ។

ខ្ញុំបរិភោគបាយស្រូវសាលី (ដ៏ស) ស្អាត (របស់ស្ដេចនេះ) លាយ​ដោយសាច់ ហេតុនោះ បានជា​ខ្ញុំមិន​សេពគប់​នូវធម៌ ដែលពួក​ឥសីសេពគប់​ហើយនោះ​ទេ។

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀតថា

បរិព្វជ មហា លោកោ បចន្តញ្ញេបិ បាណិនោ;

មា តំ អធម្មោ អាចរិតោ អស្មា កុម្ភមិវាភិទា។

អ្នកជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វ​ឯទៀត​តែងស្ល​ដណ្តាំ​ដែរ អ្នកកុំ​ប្រព្រឹត្តអធម៌ ដូចជា​ថ្មដែលបំបែក​នូវឆ្នាំងឡើយ។

ធិរត្ថុ តំ យសលាភំ ធនលាភញ្ច ព្រាហ្មណ;

យា វុត្តិ វិនិបាតេន អធម្មចរណេន វា។

ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយស និងការ​បានទ្រព្យ ព្រោះការ​ប្រព្រឹត្ត​បំផ្លាញ​ខ្លួន ឬដោយ​កិរិយា​ប្រព្រឹត្តអធម៌។

លំដាប់នោះ ព្រះរាជាជ្រះថ្លាចំពោះធម្មកថា​របស់​ព្រះពោធិសត្វ ទ្រង់សួរថា នែបុរស​ដ៏ចម្រើន តើអ្នក​មានជាតិអ្វី ? ព្រះពោធិសត្វ​ទូលថា បពិត្រ​ព្រះសម្មតិទេព ទូលបង្គំ​ជាចណ្ឌាល។

ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ប្រសិនបើ​អ្នកដល់ព្រម​ដោយជាតិ យើងនឹង​ប្រទាន​រាជសម្បត្តិ​ដល់អ្នក ប៉ុន្តែចាប់​ពីថ្ងៃនេះទៅ យើងជា​ស្ដេចក្នុង​វេលាថ្ងៃ ចំណែក​អ្នក ចូរជា​ស្ដេចក្នុង​វេលា​យប់ចុះ ដូច្នេះហើយ ព្រះរាជា​ដោះកម្រងផ្កា ជាគ្រឿង​ប្រដាប់ក របស់​ព្រះអង្គ មកបំពាក់​ក របស់​ព្រះពោធិសត្វ ធ្វើព្រះពោធិសត្វ​ឲ្យជាអ្នក​គ្រប់គ្រង​នគរ។ កម្រង​ផ្កានេះ គឺជាកម្រង​ផ្កាពណ៌​ក្រហម ដែលវង្ស​ត្រកូលទុក​ជាគ្រឿង​ប្រដាប់ក​របស់អ្នក​គ្រប់គ្រង​នគរ។ ចាប់ពី​ពេលនោះ​មក ព្រះរាជា​បានតាំង​នៅក្នុងឱវាទ​របស់​ព្រះពោធិសត្វ ព្រះអង្គធ្វើ​សេចក្ដី​គោរពចំពោះ​អាចារ្យ គង់លើ​អាសនៈ​ទាប ហើយរៀន​នូវមន្ត។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ

ចណ្ឌាលបុត្តោ បន អហមេវ អហោសឹ ចំណែកកូនចណ្ឌាល គឺ តថាគត នេះឯង។

ឆវជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិកាយ កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៤)

ថ្ងៃទី ១៧ វិច្ឆិកា ព.ស. ២៥៦២ គ.ស. ២០១៨

ប្រែដោយ ស.ដ.វ.ថ