។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ឆទ្ទន្តជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅ​វត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុនី​ក្រមុំ​មួយរូប បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កឹ នុ សោចសិ ដូច្នេះ​ជាដើម។

 

បានឮថា ភិក្ខុនីក្រមុំនោះជាកុលធីតា​អ្នក​ក្រុងសាវត្ថី បានឃើញ​ទោសក្នុង​ឃរាវាស ហើយ​បួស​ក្នុង​ព្រះសាសនា។ ថ្ងៃមួយ នាងទៅ​ស្ដាប់ធម៌​ជាមួយ​នឹងភិក្ខុនី​ទាំងឡាយ បាន​សម្លឹង​មើល​ព្រះអត្តភាព ដែល​ប្រកប​ដោយរូប​សម្បត្តិ​ដ៏ឧត្តម ដែល​បុណ្យ​មាន​ប្រមាណ​មិនបាន​បង្កើត​ឡើង របស់​ព្រះទសពល ដែល​កំពុង​ប្រថាប់​គង់​សម្ដែង​ធម៌ លើ​អលង្កតធម្មាសនៈ ហើយ​គិតថា កាលដែល​យើងត្រាច់​ទៅក្នុង​ភពសង្សារវដ្ដ ធ្លាប់ជា​បាទបរិចារិកា​របស់​ព្រះមហាបុរស​នេះទេ​ហ្ន៎។ ខណៈនោះ ជាតិស្សរញាណ (ញាណ​ជាគ្រឿង​រលឹកជាតិ) បាន​កើត​ថា ក្នុងកាល​ដែល​ព្រះអង្គ​កើតជា​ដំរីឆទ្ទន្ត យើងធ្លាប់​ជា​បាទបរិចារិកា​របស់​ព្រះមហា​បុរស​នេះ។ លំដាប់នោះ កាលដែល​ភិក្ខុនី​រលឹក​ឃើញដូច្នេះ បីតិ​បាមោជ្ជ​ដ៏ធំ បានកើត​ឡើង​ដល់​នាង។ ដោយ​កម្លាំងនៃ​បីតិ នាងភិក្ខុនី​ទើបសើច​ចេញមក​ដោយ​សម្លេងខ្លាំង រួច​ហើយនាង​គិតទៀត​ថា ឈ្មោះថា បាទបរិចារិកា ដែល​មាន​អធ្យាស្រ័យ​ធ្វើជា​ប្រយោជន៍​ដល់​ស្វាមី មានតិច ដែល​មានអធ្យាស្រ័យ​មិនជា​ប្រយោជន៍​នោះ មានច្រើន តើយើង (ក្នុង​កាល​នោះ) មាន​អធ្យាស្រ័យ​ជាប្រយោជន៍​ដល់​ព្រះមហាបុរស​នេះដែរ​ទេ (ក៏ឃើញថា) នាង​មាន​អធ្យាស្រ័យ​មិនជា​ប្រយោជន៍។ នាងកាល​រលឹកជាតិ​ក៏ឃើញថា យើង​ដាក់ចិត្ត​ដែលជា​ទោស​បន្តិច​បន្តួច បានបញ្ជូន​ព្រានឈ្មោះ​សោនុត្តរ ឲ្យយក​ព្រួញពិស​បាញ់​ស្ដេច​ដំរីឆទ្ទន្ត ដែល​មាន​ប្រវែង ១២០ ហត្ថ ឲ្យអស់​ជីវិត។ គ្រានោះ សេចក្ដី​សោកក៏​កើតឡើង ហឫទ័យ​នាងក៏​ទៅ​ជា​ក្ដៅ កាលមិន​អាចនឹង​ទប់សេចក្ដី​សោកបាន ក៏ស្រែក​យំដោយ​សំឡេងដ៏​ខ្លាំង។

 

ព្រះសាស្ដាឃើញភិក្ខុនីនោះ​ហើយ ទ្រង់ធ្វើការ​ញញឹម​ឲ្យប្រាកដ កាលភិក្ខុ​សង្ឃទូល​សួរថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន អ្វីជាហេតុ​នៃការញញឹម​របស់​ព្រះអង្គ ? ព្រះសម្ពុទ្ធ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ក្រមុំនេះ រលឹក​ទោសដែល​បានធ្វើ​លើ​តថាគត ក្នុង​កាលមុន ទើប​ស្រែកយំ ដូច្នេះ​ហើយ ទ្រង់នាំ​អតីត​និទានមកថា

 

ក្នុងអតីតកាល មានដំរី ៨០០០ អាស្រ័យ​នៅនឹង​ស្រះឆទ្ទន្ត​ក្នុង​ហិមវន្ត​ប្រទេស ដំរី (ទាំង​នោះ) មានឫទ្ធិ អាចហោះ​ទៅកាន់​អាកាស​បាន។ ក្នុងគ្រា​នោះ ព្រះពោធិសត្វ​កើតជា​កូន​របស់​ដំរីដែល​ជា​ប្រធាន លោកមាន​សម្បុរស​សុទ្ធ មានមាត់​និងជើង​ក្រហម។ ក្នុងកាល​ខាង​ក្រោយ​មក ព្រះពោធិសត្វ​ចម្រើន​វ័យធំ​ហើយ មានកម្ពស់ ៨៨ ហត្ថ បណ្ដោយ ១២០ ហត្ថ ដល់​ព្រមដោយ​ប្រមោយ​ដែលប្រាកដ​ដូចភួង​ប្រាក់ មានប្រវែង ៥៨ ហត្ថ ភ្លុក​ទាំងពីរ​របស់​ព្រះពោធិសត្វ​នោះ វាស់ដោយ​ជុំវិញ មានប្រមាណ ១៥ ហត្ថ ប្រវែង ៣០ ហត្ថ ដល់​ព្រម​ដោយ​ឆព្វណ្ណរង្សី (មានរស្មី ៦ ពណ៌)។ ដំរី​ពោធិសត្វ​នោះ ក៏បានជា​ប្រធាន​នៃដំរី​ទាំង ៨០០០ លោកតែង​បូជា​ព្រះបច្ចេកពុទ្ធ ៥០០ អង្គ។ លោក​មាន​អគ្គមហេសី ២ គឺ ចូឡសុភទ្ទា និង​មហាសុភទ្ទា។ ស្ដេច​ដំរីមាន​ដំរី ៨០០០ ជា​បរិវារ រស់នៅ​នឹង​កញ្ចនគុហា។

 

ចំណែកស្រះឆទ្ទន្តនោះ ដោយចំណែក​បណ្ដោយ និងទទឹង មានប្រវែង ៥០ យោជន៍ ត្រង់​ផ្ទៃ ១២ យោជន៍​ដែលនៅ​កណ្ដាល​ស្រះនោះ មិនមាន​សារាយ និង​ចកឡើយ មាន​ទឹកដែល​មាន​ពណ៌ដូច​គំនរ​កែវមណី​តាំងនៅ, បន្ទាប់ពី​នោះមក មានព្រៃ​ចង្កុលណី​សុទ្ធ ទំហំ ១ យោជន៍ ដុះព័ទ្ធ​ជុំវិញទឹកនោះ, បន្ទាប់​ពីនោះមក មានព្រៃ​ឧប្បល​ខៀវសុទ្ធ ទំហំ ១ យោជន៍ ដុះឋិត​នៅឡោមព័ទ្ធ​ព្រៃនោះ, បន្ទាប់​ពីនោះ មានព្រៃ​ឧប្បល​ក្រហម ឧប្បលស បទុមក្រហម បទុមស កុមុទ ទំហំ ១ យោជន៍ៗ ដុះឋិតនៅ​ឡោមព័ទ្ធ​ខាងមុខ​ព្រៃនោះៗ បន្ត​បន្ទាប់គ្នា។ នៅបន្ទាប់​ព្រៃទាំង ៧ នោះ មាន​ព្រៃចម្រុះ ដែលលាយ​ដោយព្រៃ​សារាយ​ជាដើម ទំហំ ១ យោជន៍ ដុះឋិត​នៅឡោម​ព័ទ្ធព្រៃ​ទាំងនោះ។ បន្ទាប់មក មានព្រៃ​ស្រូវសាលី​ក្រហម ទំហំ ១ យោជន៍ ដុះក្នុង​ទឹកជម្រៅ​ត្រឹម​ចង្កេះដំរី, បន្ទាប់មក មានពួក​រៃទឹកទាំង​ឡាយ​ដ៏ដេរដាស លាយ​ចម្រុះដោយ​ផ្កាមាន​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម និងពណ៌ស​ដែលមាន​ក្លិន​ក្រអូប ទំហំ ១ យោជន៍ ដុះនៅ​ខាងចុង​នៃទឹក ព្រោះហេតុ​ដូច្នេះ ទើបមាន​ព្រៃទាំង​ឡាយ ១០ ទំហំ ១ យោជន៍ ៗ បន្ត​បន្ទាប់គ្នា ដូច្នេះឯង។ បន្ទាប់ពី​ព្រៃលិចទឹក​នោះមក មាន​ព្រៃសណ្ដែក​រាជមាស​តូច និងសណ្ដែក​រាជមាសធំ, បន្ទាប់​ពីនោះ មានព្រៃ​ឪឡឹក ត្រឡាច ឃ្លោក ល្ពៅ, បន្ទាប់មក មានព្រៃ​អំពៅដែល​មានដើម​ទំហំប៉ុន​ដើមស្លា, បន្ទាប់​ពីនោះ មានព្រៃចេក ដែល​មានផ្លែ​ធំប៉ុន​ភ្លុកដំរី, បន្ទាប់ពី​នោះមក មានព្រៃ​សាលៈ, បន្ទាប់​ពីនោះ មានព្រៃ​ខ្នុរដែលមាន​ផ្លែប៉ុនក្អម, បន្ទាប់​ពីនោះ មានព្រៃ​អម្ពិលផ្លែផ្អែម, បន្ទាប់​មក មានព្រៃស្វាយ,​ បន្ទាប់មក មាន​ព្រៃក្វិដ្ឋ, បន្ទាប់មក មានព្រៃ​ចម្រុះដ៏ធំ, បន្ទាប់មក មាន​ព្រៃឫស្សី ទាំងអស់នេះ ជា​សម្បត្តិ​ធម្មជាតិ​របស់​ព្រៃហិមពាន្ត ក្នុងកាល​នោះ។ ចំណែក​ក្នុងគម្ពីរ​សំយុត្តដ្ឋកថា ក៏បាន​ពោល​សម្បត្តិ​ដែលកំពុង​ប្រព្រឹត្ត​ទៅ ក្នុងកាល​ឥឡូវនេះ​ដូចគ្នា។

 

មានភ្នំ ៧ ឋិតឡោមព័ទ្ធ​ព្រៃឫស្សី។ បណ្ដាភ្នំទាំង ៧ នោះ ភ្នំទី ១ រាប់ចាប់​ពីចំណែក​ខាង​ក្រៅ​មក មាន​ឈ្មោះថា ចូឡកាឡបព៌ត, ភ្នំទី ២ មានឈ្មោះ​ថា មហាកាឡបព៌ត, បន្ទាប់​មក ភ្នំទី ៣ មានឈ្មោះថា ឧទកបព៌ត, បន្ទាប់មក ភ្នំទី ៤ មានឈ្មោះថា ចន្ទិមបស្សបព៌ត, បន្ទាប់មក ភ្នំទី ៥ មានឈ្មោះថា សូរិយបស្សបព៌ត, បន្ទាប់មក ភ្នំទី ៦ មានឈ្មោះ​ថា មណិបស្សបព៌ត និង​ភ្នំទី ៧ មានឈ្មោះ​ថា សុវណ្ណបស្សបព៌ត។​ សុវណ្ណបស្សបព៌ត​នោះ មានកម្ពស់ ៧ យោជន៍ ឋិតនៅ​ឡោមព័ទ្ធ​ស្រះឆទ្ទន្ត (មើលទៅ) ហាក់ដូច​ជាកណ្ដាប់​មាត់ស្រះ។ នៅខាង​ក្នុង​សុវណ្ណបស្សបព៌ត​នោះ មានពន្លឺ​ពណ៌មាស ព្រោះតែពន្លឺ​ដែលផ្សាយ​ចេញពី​សុវណ្ណបស្សបព៌ត បានធ្វើ​ឲ្យស្រះឆទ្ទន្ត​ភ្លឺ ហាក់ដូច​ជាពន្លឺ​ព្រះអាទិត្យ​ដ៏ស្រទន់ ដែល​ទើបតែ​នឹងរះ។ បណ្ដាភ្នំ​ខាងក្រៅ​នោះ (រាប់ពីក្នុង​ចេញទៅក្រៅ​វិញ) គឺ ភ្នំទី ៦ កម្ពស់ ៦ យោជន៍, ភ្នំទី ៥ កម្ពស់ ៥ យោជន៍, ភ្នំទី ៤ កម្ពស់ ៤ យោជន៍, ភ្នំទី ៣ កម្ពស់ ៣ យោជន៍, ភ្នំទី ២ កម្ពស់ ២ យោជន៍, ភ្នំទី ១ កម្ពស់ ១ យោជន៍។

 

នៅនឹងជ្រុងទិសឦសាននៃស្រះឆទ្ទន្ត ដែលភ្នំទាំង ៧ ព័ទ្ធជុំ​វិញនេះ មានដើម​ជ្រៃធំ ដុះតាំង​នៅក្នុង​ឱកាស​ដែលទឹក​និងខ្យល់​ប៉ះត្រូវគ្នា។ ដើមជ្រៃ​នោះវាស់ដោយ​ជុំវិញ មានប្រមាណ ៥ យោជន៍, មានកម្ពស់ ៧ យោជន៍, មានមែក​សាខា ៤ ផ្សាយទៅ​ក្នុងទិសទាំង ៤ មាន​ប្រវែង ៦ យោជន៍, សូម្បី​មែកដែល​ដុះទៅ​ខាងលើ ក៏មាន​ប្រវែង ៦ យោជន៍​ដូចគ្នា ព្រោះ​ហេតុដូច្នេះ បើវាស់​ពីគល់​ទៅដល់​ចុង មានកម្ពស់ ១៣ យោជន៍, ពីចុង​មែកម្ខាង​ទៅចុង​មែកម្ខាង​ទៀត​ប្រវែង ១២ យោជន៍, ប្រដាប់​ដោយពួរជ្រៃ ៨០០០ ជាដើម​ឈើធំខ្ពស់​ត្រដែត ហាក់​ដូចជាភ្នំ​កែវមណី​ត្រងោល។ ចំណែកនៅ​ទិសខាង​លិច​ស្រះឆទ្ទន្ត នៅក្នុង​សុវណ្ណបស្សបព៌ត មាន​កញ្ចនគុហា ដែលមាន​ទំហំ ១២ យោជន៍។ ពេល​មានភ្លៀង ស្តេចដំរី​ឈ្មោះឆទ្ទន្ត ដែល​មានដំរី ៨០០០ ជាបរិវារ មកអាស្រ័យ​នៅនឹង​កញ្ចនគុហា​នោះឯង។ ពេលក្តៅ ស្ដេចដំរី​មកឈរ​ទទួលខ្យល់​និងទឹក នៅរវាង​ពួរជ្រៃ ជិតគល់​មហានិគ្រោធព្រឹក្ស។

 

ថ្ងៃមួយ ដំរីកំលោះទាំងឡាយមកប្រាប់ស្ដេចដំរីថា មហាសាលវ័ន​ចេញផ្កាហើយ។ ស្ដេចដំរីនោះ មានបរិវារ​ចោមរោម ទៅកាន់​សាលវ័ន​ដោយគិតថា យើងនឹង​លេង​សាលកីឡា ដូច្នេះ​ទើបយក​ពោងត្រដុស​ដើម​សាលព្រឹក្ស ដែលមាន​ផ្ការីកស្គុះ​ស្គាយ។ គ្រានោះ នាង​ចូឡសុភទ្ទា​ឋិតនៅក្នុង​ទីច្រាស​ខ្យល់ ស្លឹកឈើចាស់ៗ ដែលលាយ​ដោយកម្ទេច​ឈើស្ងួត និងអង្ក្រង​ក្រហម ធ្លាក់លើ​សរីរៈ​របស់នាង។ ចំណែក​នាង​មហាសុភទ្ទា​ឋិតនៅ​ខាងក្រោម​ខ្យល់ លម្អង​កេសរ និងស្លឹក​ស្រស់ៗ បានធ្លាក់​មកលើ​សរីរៈ​របស់នាង។ នាង​ចូឡសុភទ្ទា​ចងពៀរ​នឹង​ព្រះមហាសត្វថា ស្ដេចដំរីនេះ​រោយរាយ​លម្អិត​ផ្កាឈើ និងស្លឹក​ស្រស់ៗ លើភរិយា​ជាទីស្រឡាញ់​របស់ខ្លួន និងរោយរាយ​ស្លឹកឈើចាស់ ដែលលាយ​ដោយឈើស្ងួត និង​អង្ក្រងក្រហម មកលើ​សរីរៈរបស់​យើង យើងនឹង​ដឹងនូវកិច្ច​ដែលគប្បី​ធ្វើដល់​ស្ដេចដំរី​នោះ។

 

ខាងក្រោយមក ថ្ងៃមួយ ស្ដេចដំរីព្រមទាំងបរិវារ ចុះស្រះឆទ្ទន្ត​ដើម្បីមុជទឹក។ ពេលនោះ ដំរីក្មេង ២​ យកប្រមោយ​ចាប់ដុំ​ស្បូវរណ្ដាស មកដុស​កាយស្តេច​ដំរី បីដូច​ចំអើត​បោសកំពូល​ភ្នំកៃលាស។ កាលស្ដេច​ដំរីនោះមុជ​ហើយឡើង​មក មេដំរី​ទាំងពីរ ក៏មុជបន្ត។ កាលមុជ​ហើយ ទើបឡើង​មកឈរ ក្នុងសម្នាក់​ព្រះមហាសត្វ។ បន្ទាប់មក ដំរីទាំង ៨០០០ ក៏ចុះស្រះ នាំគ្នា​លេងទឹក រួចនាំយក​ផ្កាអំពីស្រះ មកប្រដាប់​តាក់តែង​ព្រះមហាសត្វ បីដូចជា​ប្រដាប់​តាក់តែង​ស្តូបប្រាក់​ ហើយទើប​ប្រដាប់​តាក់តែង​មេដំរីទាំង​ពីរជាខាង​ក្រោយ។ ពេលនោះ មាន​ដំរីមួយ កាល​ត្រាច់ទៅក្នុងស្រះ បានបេះផ្កា​បទុមដ៏​ធំឈ្មោះ​សត្តុទ្ទយៈ នាំមកថ្វាយ​ព្រះមហាសត្វ។ ស្ដេចដំរីយក​ប្រមោយ​ទទួលផ្កានោះ ហើយ​រោយរាយ​លម្អង​លើពោង (របស់ខ្លួន) រួចក៏ឲ្យ​ទៅនាង​មហាសុភទ្ទា​ដែលជា​ភរិយាធំ។ នាង​ចូឡសុភទ្ទា​ឃើញដូច្នោះ ក៏អាក់អន់​ដោយ​គិតថា ស្ដេចដំរីនេះ ឲ្យមហាបទុម​ឈ្មោះសត្តុទ្ទយៈ ដល់ភរិយា​ជាទី​ស្រឡាញ់​របស់ខ្លួន​ប៉ុណ្ណោះ មិនឲ្យដល់យើង ដូច្នេះទើប​ចងពៀរនឹង​ព្រះមហាសត្វ​បន្ថែម​ទៀត។

 

ថ្ងៃមួយ កាលព្រះពោធិសត្វរៀបចំចាត់ចែងផ្លែឈើដែល​រសផ្អែម ក្រអៅឈូក និងបោក្ខរមធុ ថ្វាយ​ព្រះបច្ចេកពុទ្ធ ៥០០ អង្គឲ្យឆាន់ នាង​ចូឡសុភទ្ទា​ក៏បានថ្វាយ​ផលាផល​ដែល​ខ្លួនមាន​ដល់​ព្រះបច្ចេកពុទ្ធ​នោះដែរ ហើយតាំង​សេចក្ដី​ប្រាថ្នាថា បពិត្រ​លោកម្ចាស់​ដ៏ចម្រើន ខ្ញុំកាល​ចុតិអំពី​អត្តភាព​នេះទៅ សូមឲ្យ​កើតក្នុង​ត្រកូល​មទ្ទរាជ ជា​រាជកញ្ញា មានឈ្មោះថា សុភទ្ទា កាលចម្រើន​វ័យធំហើយ សូមឲ្យ​បានជា​អគ្គមហេសី​របស់​ព្រះរាជា​នគរ​ពារាណសី ហើយបាន​ជាទីស្រឡាញ់​ពេញចិត្ត​របស់​ព្រះរាជានោះ នឹងអាច​ឲ្យព្រះរាជា​ធ្វើតាម​សេចក្ដី​ប្រាថ្នា​របស់​ខ្ញុំម្ចាស់ ប្រាប់​ព្រះរាជា​នោះឲ្យ​បញ្ជូន​នាយព្រាន​មួយរូប ដែលអាច​បាញ់​ដំរីនេះ​ដោយព្រួញ​ពិសឲ្យ​ស្លាប់ ហើយនាំ​យកភ្លុក​ទាំងគូ ដែលបញ្ចេញ​ឆព្វណ្ណរង្សី មក។

 

ចាប់តាំងពីពេលនោះមក នាងចូឡសុភទ្ទាមិន​កាន់យក​អាហារ រហូត​ដល់ស្គមស្គាំង​ មិនយូរ​ប៉ុន្មាន នាងក៏​ធ្វើកាល​កិរិយា ហើយបាន​កើតក្នុងផ្ទៃ​រាជអគ្គមហេសី ក្នុងដែន​មទ្ទរដ្ឋ ពួកញាតិ​ដាក់ឈ្មោះ​ឲ្យនាង​ថា សុភទ្ទា។ កាលនាង​ចម្រើនវ័យ​ធំហើយ មាតាបិតា​ក៏បានថ្វាយ​ដល់ស្ដេច​នគរ​ពារាណសី។ ព្រះនាង​ជាទីស្រឡាញ់​ពេញព្រះ​ហឫទ័យ​របស់​ព្រះរាជានោះ បានជា​ធំលើស្ត្រី ១៦០០០ នាក់ និងបាន​នូវជាតិ​ស្សរញាណ​ផងដែរ។ ព្រះនាងសុភទ្ទា គិតថា សេចក្ដី​ប្រាថ្នារបស់​យើងបាន​សម្រេចហើយ ឥឡូវនេះ យើង​នឹងឲ្យគេ ទៅនាំភ្លុក​ទាំងគូ​របស់ដំរី​នោះមក។ បន្ទាប់មក ព្រះនាងធ្វើ​ជាមានខ្លួន​ប្រឡាក់​ដោយប្រេង​ ស្លៀកសំពត់​សៅហ្មង សម្ដែង​អាការឈឺ ចូលក្នុង​បន្ទប់ដ៏​មានសិរី ដេកលើ​គ្រែតូចមួយ។ ព្រះរាជា​ (យាង​មកហើយ) សួរថា នាង​សុភទ្ទា​នៅឯណា ? ទ្រង់បាន​ស្ដាប់ថា ព្រះនាងឈឺ ទើបយាង​ចូលក្នុង​បន្ទប់នោះ ប្រថាប់​គង់លើគ្រែ​តូច អង្អែលខ្នង ហើយ​ត្រាស់គាថាទី ១ ថា

កឹ នុ សោចសិនុច្ចង្គិ, បណ្ឌូសិ វរវណ្ណិនិ;

មិលាយសិ វិសាលក្ខិ,មាលាវ បរិមទ្ទិតា។

ម្នាលនាងសុភទ្ទា ជាស្រីមានអវយវៈដូចមាស មានសម្បុរ​លឿងខ្ចី មានសម្បុរ​ដ៏ប្រសើរ ថ្វីក៏បាន​ជានាងសោយសោក ម្នាលនាងមាន​ភ្នែកពិសាល ថ្វីក៏បានជា​នាងស្រពោន ដូចផ្កាឈូក​ដែលគេ​ច្របាច់

 

ព្រះនាងសុភទ្ទាស្ដាប់ពាក្យនោះហើយ ពោលគាថាថា

ទោហឡោ មេ មហារាជ, សុបិនន្តេនុបជ្ឈគា;

ន សោ សុលភរូបោវ, យាទិសោ មម ទោហឡោ។

បពិត្រមហារាជ ចំណង់ប្លែក កើតឡើងដល់ខ្ញុំម្ចាស់ ដោយការយល់សប្តិ តែចំណង់​ប្លែករបស់​ខ្ញុំម្ចាស់នោះ ហាក់ដូចជា​មិនងាយ​រកបានទេ

 

ព្រះរាជាស្ដាប់ពាក្យនោះហើយពោលគាថាថា

យេ កេចិ មានុសា កាមា, ឥធ លោកម្ហិ នន្ទនេ;

សព្ពេ តេ បចុរា មយ្ហំ, អហំ តេ ទម្មិ ទោហឡំ។

កាមគុណទាំងឡាយណាមួយ ជារបស់មនុស្ស ក្នុងលោក ជាទីត្រេកអរ​នេះ កាមគុណ​ទាំងអស់នោះ មានច្រើន​សុទ្ធតែជារបស់យើង យើងនឹងឲ្យ​នូវចំណង់​ប្លែកដល់នាង

 

ព្រះទេវីស្ដាប់ពាក្យនោះហើយ ពោលថា បពិត្រមហារាជ ចំណង់​ប្លែករបស់​ខ្ញុំម្ចាស់ មិនងាយ​នឹងរក​បានទេ ខ្ញុំម្ចាស់​មិនពោល​ឥឡូវនេះទេ ពួកព្រាន​ព្រៃរបស់​ព្រះអង្គ​ដែលជា​អ្នកឈ្នះ​សង្គ្រាម មានប្រមាណ​ប៉ុណ្ណា សូមទ្រង់​ឲ្យព្រានព្រៃ​នោះទាំង​អស់មក​ប្រជុំគ្នា ខ្ញុំម្ចាស់​នឹងពោល​ក្នុងកណ្ដាល​ពួកព្រាន​ទាំងនោះ ដូច្នេះ​កាលនឹង​សម្ដែង​សេចក្ដីនោះ ទើបព្រះនាង​ត្រាស់គាថា​បន្ទាប់ថា

លុទ្ទា ទេវ សមាយន្តុ, យេ កេចិ វិជិតេ តវ;

ឯតេសំ អហមក្ខិស្សំ, យាទិសោ មម ទោហឡោ។

បពិត្រព្រះសម្មតិទេព សូមឲ្យព្រានទាំងឡាយ ដែលមាននៅក្នុងដែនព្រះអង្គ មកប្រជុំគ្នា ខ្ញុំម្ចាស់នឹងប្រាប់​នូវចំណង់ប្លែក​របស់ខ្ញុំម្ចាស់ ដល់ព្រានទាំងឡាយនុ៎ះ

 

ព្រះរាជាទទួលថា ល្អ ហើយទ្រង់ចេញពីបន្ទប់​ដ៏មានសិរី ត្រាស់​បញ្ជាអាមាត្យ​ទាំងឡាយថា ពួកព្រាន​ទាំងឡាយ​ណា ក្នុងដែន​កាសិករដ្ឋ​ដែលមាន​ប្រមាណ ៣០០ យោជន៍ អ្នកទាំងឡាយ​ចូរវាយស្គរ ឲ្យពួកព្រាន​ទាំងនោះ​មកប្រជុំគ្នា។ ពួកអាមាត្យ​ក៏បានធ្វើ​យ៉ាង​នោះ។ មិនយូរប៉ុន្មាន ពួកព្រានដែល​នៅក្នុង​ដែនកាសិរដ្ឋ កាន់​យក​បណ្ណាការ​តាមកម្លាំង មក​ហើយ ឲ្យគេក្រាប​ទូលព្រះរាជា​នូវការមក​របស់ខ្លួន។ ព្រានទាំង​អស់នោះ​មានប្រមាណ ៦ ម៉ឺននាក់។ ព្រះរាជា​ដឹងការ​មករបស់​ព្រានហើយ ទ្រង់ឋិត​នៅជិតវាតបាន (បង្អួច) លើកដៃ​ចង្អុល កាលនឹង​ប្រាប់ការ​មករបស់​ពួកព្រាន​ដល់ព្រះទេវី ទើបត្រាស់ថា

ឥមេ តេ លុទ្ទកា ទេវិ, កតហត្ថា វិសារទា;

វនញ្ញូ ច មិគញ្ញូ ច, មមត្ថេ ចត្តជីវិតា។

ម្នាលនាងទេវី ពួកព្រានព្រៃទាំងនេះ ជាអ្នកមានថ្វីដៃ ជាអ្នកក្លៀវក្លា ស្គាល់ព្រៃផង ស្គាល់ម្រឹគផង សឹងតែជាអ្នក​ស៊ូលះបង់​នូវជីវិត ក្នុងប្រយោជន៍​របស់យើង

 

ព្រះទេវីស្ដាប់ពាក្យនោះហើយ កាលនឹងប្រាប់​ពួកព្រាន​ទាំងនោះ ទើបត្រាស់​គាថា​មួយ​ទៀតថា

លុទ្ទបុត្តា និសាមេថ, យាវន្តេត្ថ សមាគតា;

ឆព្វិសាណំ គជំ សេតំ, អទ្ទសំ សុបិនេ អហំ;

តស្ស ទន្តេហិ មេ អត្ថោ, អលាភេ នត្ថិ ជីវិតំ។

ម្នាលលុទ្ទបុត្រទាំងឡាយ អ្នកទាំងឡាយ ទាំងប៉ុន្មាននាក់ មកប្រជុំគ្នាក្នុងទីនេះ ចូរ  ស្តាប់ (ពាក្យរបស់យើងចុះ) យើងបាន​យល់​សប្តិ​ឃើញដំរីស មាន​ភ្លុកប្រាំមួយពណ៌ យើងត្រូវ​ការដោយ​ភ្លុកដំរីស​នោះ ជីវិត (របស់យើង) នឹងមិនមាន ព្រោះការមិន​មានភ្លុកនោះ។

 

ពួកលុទ្ទបុត្តស្ដាប់ពាក្យនោះ នាំគ្នាពោលថា

នោ បិតូនំ ន បិតាមហានំ, ទិដ្ឋោ សុតោ កុញ្ជរោ ឆព្វិសាណោ;

យមទ្ទសា សុបិនេ រាជបុត្តី, អក្ខាហិ នោ យាទិសោ ហត្ថិនាគោ។

បិតានិងជីតារបស់ទូលព្រះបង្គំជាខ្ញុំ មិនដែលឃើញ មិនដែលឮ នូវដំរីមានភ្លុក (ពណ៌) ប្រាំមួយ ដែលព្រះ​រាជបុត្រី​បានទ្រង់ព្រះសុបិនឃើញ​នោះទេ សូមព្រះនាង​ទ្រង់​សវនីយ៍​ប្រាប់នូវដំរី​ដ៏ប្រសើរ​ប្រាកដ​ដូច្នោះ ដល់ពួកទូល​ព្រះបង្គំ​ជាខ្ញុំចុះ។

 

ពួកកូនព្រានពោលថា បពិត្រព្រះទេវី ដំរីដែលមាន​សភាព​បែបនោះ បិតានិងជីតា​របស់ទូល​ព្រះបង្គំ មិនធ្លាប់​ឃើញទេ ចាំបាច់​ពោលទៅថ្វី​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំនោះ ព្រោះ​ហេតុនោះ ដំរីដែល​ព្រះនាង​យល់​ព្រះសុបិន​ឃើញ​យ៉ាងណា សូមព្រះនាង​ប្រាប់ដំរីនោះ ដោយ​អំណាច​នៃលក្ខណៈ​ដែលព្រះនាង​បានឃើញ ដល់ទូល​ព្រះបង្គំ​ជាខ្ញុំផង។

 

ពួកលុទ្ទបុត្តដទៃពោលគាថាបន្ទាប់ថា

ទិសា ចតស្សោ វិទិសា ចតស្សោ, ឧទ្ធំ អធោ ទស ទិសា ឥមាយោ;

កតមំ ទិសំ តិដ្ឋតិ នាគរាជា, យមទ្ទសា សុបិនេ ឆព្វិសាណំ។

បណ្តាទិសទាំង ១០ នេះគឺ ទិសធំ ទិសតូច ទិសខាងលើ ទិសខាងក្រោម តើព្រះរាជបុត្រី​ទ្រង់ព្រះសុបិន​ឃើញដំរីដ៏​ប្រសើរ មានភ្លុកប្រាំមួយពណ៌ ឋិតនៅក្នុង​ទិសណា

 

កាលពួកព្រានពោលយ៉ាងនេះហើយ ព្រះទេវីសម្លឹង​មើល​លុទ្ទបុត្ត​ទាំងអស់ បានឃើញ​ព្រាន​ម្នាក់​ឈ្មោះ​ សោនុត្តរ ដែលធ្លាប់​ចងពៀរ​នឹង​ព្រះមហាសត្វ ប្រាកដជា​ព្រានខ្លាំង​ពូកែជាង​កូនព្រាន​ទាំងអស់ ដែលមាន​រូបរាង​អាក្រក់​គួរឲ្យខ្ពើម មានជើង​ត្រដាង មានស្មង​ដូចពំនូត​បាយ មាន​ជង្គង់ធំ មានឆ្អឹង​ជំនីរធំ មានពុកមាត់​ក្រាស់ មានចង្កូម​ក្រហម មានភ្នែក​លឿង ហើយ​ត្រិះរិះថា បុរស​នេះទើប​អាចធ្វើ​តាមពាក្យ​យើងបាន ដូច្នេះ​ទើបក្រាប​ទូលសូម រាជា​នុញ្ញាត នាំព្រាននោះ ឡើងទៅខាង​លើប្រាសាទ​ជាន់ទី ៧ បើក​សីហបញ្ជរ​ទិសឧត្តរ លាត​ព្រះហស្ត​ចង្អុលទៅ​ព្រៃហិមពាន្ត​ទិសខាង​ជើង ហើយត្រាស់ ៤ គាថាថា

ឥតោ ឧជុំ ឧត្តរិយំ ទិសាយំ, អតិក្កម្ម សោ សត្ត គិរី ព្រហ្មន្តេ;

សុវណ្ណបស្សោ នាម គិរី ឧឡារោ, សុបុប្ផិតោ កិម្បុរិសានុចិណ្ណោ។

អ្នកចេញអំពីទីនេះ ដើរត្រង់ទៅ​ទិសខាងជើង រំលងភ្នំធំទាំង ទៅ នឹងឃើញ​ភ្នំធំលើស​លុបមួយ​ឈ្មោះ​សុវណ្ណបស្សៈ ជាភ្នំមាន​ផ្កាឈើរីក​ព្រោងព្រាត កុះករដោយ​ពួកកិន្នរ

 

អារុយ្ហ សេលំ ភវនំ កិន្នរានំ, ឱលោកយ បព្ពតបាទមូលំ;

អថ ទក្ខសី មេឃសមានវណ្ណំ, និគ្រោធរាជំ អដ្ឋសហស្សបាទំ។

អ្នកចូរឡើងកាន់ភ្នំ ជាលំនៅរបស់​ពួកកិន្នរ​នោះ ហើយរមិល​មើលនូវ​ទីជិតនៃ​ជើងភ្នំ គ្រានោះ អ្នកនឹង​ឃើញនូវ​ស្តេចជ្រៃ​មួយដើម មានប្ញស ៨០០០ មានពណ៌​ប្រាកដ​ស្មើមេឃ

 

តត្ថច្ឆតី កុញ្ជរោ ឆព្វិសាណោ, សព្វសេតោ ទុប្បសហោ បរេភិ;

រក្ខន្តិ នំ អដ្ឋសហស្សនាគា, ឦសាទន្តា វាតជវប្បហារិនោ។

ឯស្តេចដំរីមានភ្លុកប្រាំមួយពណ៌ មានខ្លួនសសុទ្ធ ដែលពួក​ដំរីដទៃ​គ្របសង្កត់​បានដោយក្រ តែងនៅ​ជិត​ដើមជ្រៃនោះ ដំរីទាំងឡាយ ៨០០០ មានភ្លុកង​ដូច​ចន្ទោលរទេះ មានប្រក្រតី​ទៅប្រហារ​ដោយសន្ទុះ ដូចជាខ្យល់ តែងរក្សា​នូវស្តេច​ដំរីនោះ

 

តិដ្ឋន្តិ តេ តុមូលំ បស្សសន្តា, កុប្បន្តិ វាតស្សបិ ឯរិតស្ស;

មនុស្សភូតំ បន តត្ថ ទិស្វា, ភស្មំ ករេយ្យុំ នាស្ស រជោបិ តស្សា។

ពួកដំរីទាំង ៨០០០ នោះ ឈរដកដង្ហើមខ្លាំងៗ តែងក្រោធចំពោះវត្ថុ សូម្បីដែល​ខ្យល់បក់​ត្រូវហើយ មួយទៀត បើវាឃើញ​មនុស្សក្នុងទី​នោះហើយ ក៏ធ្វើឲ្យទៅ​ជាផេះ សូម្បីតែធូលី គឺផេះ​របស់​មនុស្សនោះ ក៏មិនឲ្យមានឡើយ

 

ព្រានសោនុត្តរនោះស្ដាប់ពាក្យនោះហើយ ភ័យខ្លាច​ចំពោះមរណៈ ពោលថា

ពហូ ហិមេ រាជកុលម្ហិ សន្តិ, បិឡន្ធនា ជាតរូបស្ស ទេវិ;

មុត្តា មណី វេឡុរិយាមយា ច, កឹ កាហសិ ទន្តបិឡន្ធនេន;

មារេតុកាមា កុញ្ជរំ ឆព្វិសាណំ, ឧទាហុ ឃាតេស្សសិ លុទ្ទបុត្តេ។

បពិត្រព្រះនាងទេវី គ្រឿងប្រដាប់ទាំងឡាយដ៏ច្រើន ដែលគេធ្វើ​ដោយ​មាសក្តី កែវមុក្ដាក្តី កែវមណី​ក្តី គ្រឿងប្រដាប់ជា​វិការៈនៃ​កែវពៃទូរ្យក្តី សឹងមានក្នុង​រាជត្រកូល ចុះព្រះនាងមានប្រាថ្នានឹង​សម្លាប់​ដំរីមានភ្លុក (ពណ៌) ប្រាំមួយ យកមក​ធ្វើគ្រឿង​ប្រដាប់​ជាវិការៈនៃភ្លុកឬ ឬក៏​ព្រះនាង​ចង់សម្លាប់​ពួកលុទ្ទបុត្រ (កូនព្រាន)

 

លំដាប់នោះ ព្រះទេវីពោលគាថាថា

សា ឥស្សិតា ទុក្ខិតា ចស្មិ លុទ្ទ, ឧទ្ធញ្ច សុស្សាមិ អនុស្សរន្តី;

ករោហិ មេ លុទ្ទក ឯតមត្ថំ, ទស្សាមិ តេ គាមវរានិ បញ្ច។

ម្នាលព្រានព្រៃ (មិនមែនដូច្នោះទេ) យើងជាស្រី​ច្រណែន​ផង ជាស្រីដល់​នូវសេចក្តី​ទុក្ខផង យើង​រឭកឃើញ (នូវពៀរ) ក្នុងខាងដើម (ដែលដំរីនោះ​ធ្វើហើយ​ដល់យើង) ផង បានជា​ចេះតែស្គាំងស្គម ម្នាលព្រានព្រៃ អ្នកចូរធ្វើ​សេចក្តីនេះ​ដល់យើងចុះ យើងនឹង​ឲ្យស្រុកសួយ ដល់អ្នក

 

ពាក្យថា យើងនឹងឲ្យស្រុកសួយ ដល់អ្នក សេចក្ដីថា នៅពេលសេចក្ដីប្រាថ្នារបស់យើងបានសម្រេច យើងនឹងឲ្យស្រុកសួយដ៏ប្រសើរ ៥ ដែលរកប្រាក់ចំណូលបាន ១ សែន ក្នុង ១ ឆ្នាំៗ ដល់អ្នក។

 

ព្រះទេវីពោលយ៉ាងនេះហើយ ក៏លួងលោមព្រានថា នែលុទ្ទបុត្ត​សម្លាញ់ ក្នុងជាតិមុន យើងបាន​ថ្វាយទាន​ដល់​ព្រះបច្ចេកពុទ្ធ ហើយតាំង​សេចក្ដី​ប្រាថ្នាថា សូមឲ្យ​យើងបាន​ជាមនុស្ស​អាចឲ្យ​អ្នកដទៃ​សម្លាប់​ដំរីឆទ្ទន្តនោះ យកភ្លុក​ទាំងគូឲ្យ​បាន គឺមិនមែន​ជាការយល់​សប្តិទេ សេចក្ដីប្រាថ្នា​របស់យើង​នឹងសម្រេច អ្នកចូរទៅចុះ កុំខ្លាចឡើយ ដូច្នេះហើយ ក៏បញ្ជូន​ព្រាន​នោះទៅ។ សោនុត្តរព្រាន​ទទួលពាក្យ​ព្រះនាងថា ល្អ ហើយ​ពោលថា សូមព្រះនាង​ធ្វើគ្រឿង​សម្គាល់​ឲ្យប្រាកដ ចូរប្រាប់​ទីលំនៅ​របស់ដំរី​នោះ ដូច្នេះ​កាលនឹងសួរ ទើប​ពោល​គាថានេះថា

កត្ថច្ឆតី កត្ថ មុបេតិ ឋានំ, វីថិស្ស កា ន្ហានគតស្ស ហោតិ;

កថញ្ហិ សោ ន្ហាយតិ នាគរាជា, កថំ វិជានេមុ គតឹ គជស្ស។

ដំរីឆន្ទន្តនោះ តែងនៅត្រង់ទីណា តែងចូលទៅ​ឈរក្នុង​កន្លែងណា ផ្លូវដូចម្តេច​ដែល​ដំរីឆទ្ទន្ត​ចុះទៅ​ងូតទឹក ស្តេច​ដំរីឆទ្ទន្តនោះ ងូតទឹក​តើដូចម្តេច យើងខ្ញុំ​ធ្វើម្តេច  នឹងដឹង​ដំណើរ​នៃដំរីនោះបាន។

 

លំដាប់នោះ ព្រះនាងទេវីក៏​ពិចារណាញាណ ដែលជា​គ្រឿង​រលឹកជាតិ កាលនឹង​ប្រាប់ ទើបត្រាស់ ២ គាថាថា

តត្ថេវ សា បោក្ខរណី អទូរេ, រម្មា សុតិត្ថា ច មហោទិកា ច;

សម្បុប្ផិតា ភមរគណានុចិណ្ណា, ឯត្ថ ហិ សោ ន្ហាយតិ នាគរាជា។

ត្រង់កន្លែងដែលដំរីនៅនោះ មានស្រះបោក្ខរណីនៅ​ជិត ជាស្រះគួរ​រីករាយផង មានកំពង់​ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានកុមុទ ឧប្បល និងឈូក) មានផ្ការីកស្គុះស្គាយផង ដេរដាស​ដោយពួក​ភមរជាតិ​ផង ស្តេចដំរីដ៏​ប្រសើរ​នោះ តែងងូត​ទឹកក្នុង​ស្រះនុ៎ះឯង

 

សីសំ នហាតុប្បលមាលភារី, សព្វសេតោ បុណ្ឌរីកត្តចង្គី;

អាមោទមានោ គច្ឆតិ សន្និកេតំ, បុរក្ខត្វា មហេសឹ សព្វភទ្ទំ។

ដំរីឆទ្ទន្តនោះ ជាដំរីសសុទ្ធ មានស្បែក​និងអវយវៈស ដូចផ្កាឈូកស លាងជម្រះ​នូវក្បាល​រួចហើយ ក៏ទ្រទ្រង់​នូវផ្កា​ឧប្បល​ជាដើម ត្រេកអរ រីករាយ​ពន់ពេក ក៏ឲ្យមេដំរី​ជាមហេសី​ឈ្មោះនាង​សព្វភទ្ទា ដើរពីខាងមុខ ហើយដើរ​សំដៅទៅ​កាន់ទីកន្លែង​នៅរបស់ខ្លួន

 

ពាក្យថា ឲ្យមេដំរីជាមហេសីឈ្មោះនាងសព្វភទ្ទាដើរពីខាងមុខ សេចក្ដីថា ដំរីឆទ្ទន្ត​នោះធ្វើ​មហេសី​ឈ្មោះ​សព្វភទ្ទា ឲ្យនៅ​ខាងមុខ ឡោមព័ទ្ធ​ដោយដំរី ៨ ពាន់ ដើរទៅ​លំនៅរបស់ខ្លួន។

 

ព្រានសោនុត្តរស្ដាប់ពាក្យនោះហើយ ទទួលថា ល្អហើយ​ព្រះនាង ខ្ញុំនឹង​សម្លាប់ដំរីនោះ ហើយនាំ​យកភ្លុក​ដំរីនោះមក។ គ្រានោះ ព្រះនាង​ទេវីមាន​ព្រះទ័យរីករាយ ប្រទានទ្រព្យ ១០០០ ដល់ព្រាន  ហើយ​បង្គាប់ថា អ្នកចូរទៅ​ផ្ទះសិនចុះ ៧ ថ្ងៃទៀត សឹមទៅទីនោះ ដូច្នេះហើយ ក៏បញ្ជូន​ព្រាននោះ​ទៅ រួចឲ្យគេហៅ​ជាងដែក​មកបង្គាប់​ថា នែអ្នក យើងត្រូវ​ការកាំបិត ពូថៅ ចប ពន្លាក ញញួរ កាំបិត​កាត់គុម្ពព្រៃ​ឫស្សី កន្រ្តៃ កណ្តៀវ​ច្រូតស្មៅ ដាវ ដំបងដែក រណារ ដែក​តម្ពក់​មុខបី ក្រចាប់ដែក អ្នកចូរប្រញាប់​ធ្វើរបស់​ទាំងអស់ ហើយនាំ​មកឲ្យ​យើង។ រួចព្រះទេវី​បង្គាប់ឲ្យ​ជាងស្បែក​មកគាល់ ទ្រង់បញ្ជាថា នែអ្នក អ្នកគួរ​នឹងធ្វើ​ស្បោងស្បែក សម្រាប់​ដាក់​សម្ភារៈធ្ងន់ ប្រមាណ ១ កុម្ភៈ [ឈ្មោះថាតួលេខ​មាត្រារង្វាល់ ស្មើនឹង ១០ អម្ពណៈ] ឲ្យយើង ហើយយើង​ត្រូវការខ្សែ​ស្បែក ខ្សែរឹត ស្រោមដៃ ស្បែកជើង និងឆត្រស្បែក អ្នកចូរ​ធ្វើរបស់​ទាំងនេះ​ឲ្យយើងជា​ប្រញាប់។

 

សូម្បីជាងទាំងពីរក៏បានធ្វើរបស់ទាំងអស់នោះ​យ៉ាងប្រញាប់ ហើយនាំ​មកថ្វាយ។ ព្រះនាង​ចាត់ចែង​រៀបចំ​ស្បៀង​ដល់ព្រាន​នោះ ចាប់តាំង​ពីឈើ​ពំនួត​ភ្លើងជាដើម ព្រះនាង​ធ្វើឧបករណ៍​គ្រប់យ៉ាង និងស្បៀង​មានសដូវ​ជាដើម ដាក់ក្នុង​ស្បោង គ្រឿង​ឧបករណ៍ និងស្បៀង​ទាំងអស់​នោះ មានទម្ងន់​ប្រមាណ ១ កុម្ភៈ។

 

ចំណែកព្រានសោនុត្តរត្រៀមខ្លួនស្រេចហើយ ក្នុងថ្ងៃទី ៧ ក៏មកគាល់ ថ្វាយបង្គំ​ព្រះរាជទេវី។ លំដាប់នោះ ព្រះនាង​ទេវីពោល​នឹង​នាយ​ព្រានថា នែសម្លាញ់ គ្រឿង​ឧបករណ៍​គ្រប់យ៉ាង​របស់អ្នក រៀបចំ​ស្រេចបាច់​អស់ហើយ ​អ្នកចូរ​សាកល្បង​លើក​ស្បោង​នេះសិន​មើល៍។ នាយ​ព្រានសោនុត្តរ​នោះ ជាមនុស្ស​មានកម្លាំង​ច្រើន ទ្រទ្រង់​នូវកម្លាំង​ស្មើនឹង​ដំរី ៥ ព្រោះ​ហេតុនោះ ទើបគេ​ចាប់លើក​ស្បោងឡើង​ដូចជា​ស្បោង​ម្លូ ហើយ​ស្ពាយ​នឹងស្មា ឈរធ្វើ​ព្រងើយ ហាក់ដូច​ជាមាន​ដៃទទេ។ ព្រះនាង​សុភទ្ទា បានប្រទាន​ស្បៀង​អាហារ​ ដល់​កូននិង​ប្រពន្ធ​របស់​ព្រាននោះ រួចក្រាប​ទូលព្រះរាជា​ឲ្យបញ្ជូន​សោនុត្តរព្រាន​ទៅ។

 

ព្រានសោនុត្តរនោះ ថ្វាយបង្គំព្រះរាជា​និងព្រះទេវី រួចចុះចាក​រាជានិវេសន៍ ឡើង​លើរថ ចេញពី​ព្រះនគរ ដោយ​បរិវារជា​ច្រើន ឆ្លងកាត់ស្រុក និគម និងជនបទ តាមលំដាប់ ដល់​បច្ចន្តជនបទ ទើបឲ្យ​ពួកអ្នក​ស្រុកត្រឡប់​វិលវិញ។ ព្រានសោនុត្តរដើរ​ចូលព្រៃ​ទៅជាមួយ​នឹងអ្នកស្រុក​ជាយដែន រហូតដល់​ផុតដែនដី​មនុស្ស ទើបឲ្យ​ពួកមនុស្ស​ជាយដែន​ត្រឡប់ទាំង​អស់ ហើយដើរ​ទៅតែម្នាក់ឯង។​

 

នាយព្រានដើរចូលព្រៃ អស់ ៣០ យោជន៍ ដោយឆ្លង​កាត់ព្រៃស្ដុក ១៨ កន្លែង គឺព្រៃស្បាត ៦ មុនដំបូង​ព្រៃស្បូវភ្លាំង ព្រៃស្មៅត្រែង ព្រៃស្មៅ​ធម្មតា ព្រៃតុលសិ ព្រៃសរៈ ព្រៃតិរិវច្ឆៈ និងព្រៃ​ទាំង​នេះទៀត គឺព្រៃគុម្ព​ឫស្សីមាន​បន្លា ព្រៃផ្តៅ ព្រៃរពាក់ ព្រៃបបុស ព្រៃក្រាស់​ប្រាកដ​ដូចព្រៃ​គ្រាប់ព្រួញ​សូម្បីតែ​ពស់ក៏មិន​អាចនឹង​លូនទៅបាន ព្រៃដើម​ឈើ ព្រៃឫស្សី ព្រៃគុម្ពឫស្សី​សូម្បី​ដទៃទៀត ព្រៃភក់ ព្រៃទឹក និងព្រៃភ្នំ ដោយ​លំដាប់។ ព្រានយក​កណ្តៀវ​ច្រូតស្បូវ​ភ្លាំង​ជាដើម យកកាំបិតកាប់​គុម្ពព្រៃបន្លា​ជាដើម យកពូថៅ​កាប់ដើមឈើ យកពន្លាក​ចោះដើម​ឈើធំ កាលធ្វើផ្លូវ​ ក៏កាប់ឫស្សី​ធ្វើបង្អោង ឡើងទៅ​លើគុម្ពឫស្សី ហើយ​កាប់ឫស្សី​ដទៃទៀត ឲ្យឫស្សីដួល​លើគុម្ពឫស្សី​ដទៃ រួចដើរទៅ​ដោយគុម្ពឫស្សី។ កាលដល់​ទីដែល​មានភក់ ក៏ក្រាល​ក្ដារឈើស្ងួត ហើយ​ដើរទៅ និងក្រាលក្ដារដទៃ លើក​ឈើមុនឡើង សម្រាប់​ដាក់ទៅ​ខាងមុខ ឆ្លងទីដែល​មានភក់​បានហើយ ក៏ដល់ទី​ដែលមានទឹក ក៏ធ្វើក្បូន​ឆ្លងទៅ ហើយឈរ​នៅត្រង់ជើងភ្នំ នាយព្រាន​យកខ្សែចង​ដែកតម្ពក់​មុខបី បោះឡើង​ទៅឲ្យជាប់​នៅ​នឹងភ្នំ ហើយតោងឡើង តាមខ្សែ​ស្បែក​ខាងលើ ដៃឆ្វេង​តោងខ្សែ ដៃស្តាំ​កាន់ដែកដែល​មានមុខ​មុតដូច​ពេជ្រ កាប់ថ្មភ្នំ​ស្រេចហើយ ទើបឈរ​នៅទីនោះ ហើយ​កន្ត្រាក់ដែក​តម្ពក់​មុខបី បោះទៅ​ខាងលើទៀត ធ្វើទំនង​នេះឯង​ច្រើនដង រហូត​ឡើងទៅ​ដល់​កំពូលភ្នំ។ កាលដែល​ចុះពីភ្នំវិញ ក៏ធ្វើទំនង​នោះដែរ មុនដំបូង បោះបង្គោល​នៅលើ​កំពូលភ្នំ ចងខ្សែ​ស្បែករុំព័ទ្ធ​នឹងបង្គោល អង្គុយ​ខាងក្នុង​កន្ត្រង ទម្លាក់ខ្សែ ដោយអាការ​ដូចពីងពាង​បញ្ចេញ​សរសៃ។ អាចារ្យពួក​ខ្លះបាន​ពោលថា នាយព្រាន​សោនុត្តរ ចុះអំពី​ភ្នំដោយ​ឆត្រស្បែក ដូចបក្សី។

 

ព្រះសាស្តា កាលនឹងធ្វើឲ្យជាក់ច្បាស់នូវដំណើរ ដែលព្រានសោនុត្តរកាន់​យកព្រះសវនីយ៍​របស់​ព្រះនាង​សុភទ្ទាយ៉ាង​នេះ ហើយ​ចេញចាក​ព្រះ​នគរ ឆ្លងកាត់​ព្រៃស្តុក ១៧ កន្លែង រហូត​ដល់ព្រៃភ្នំ ហើយឆ្លងភ្នំទាំង ៦ និងឡើង​លើ​កំពូលភ្នំ​សុវណ្ណបស្សៈ ព្រះអង្គ​ទើបត្រាស់​ថា​​​

តត្ថេវ សោ ឧគ្គហេត្វាន វាក្យំ, អាទាយ តូណិញ្ច ធនុញ្ច លុទ្ទោ;

វិតុរិយតិ សត្ត គិរី ព្រហន្តេ, សុវណ្ណបស្សំ នាម គិរឹ ឧឡារំ។

ព្រានព្រៃនោះ បានរៀនពាក្យក្នុងទីនោះហើយ ក៏ចាប់យកនូវបំពង់​ព្រួញ និងធ្នូ (ដើរ រំលង) ភ្នំធំទាំង ៧ ក៏ពិចារណា​មើលទៅ (ឃើញ) ភ្នំធំខ្ពស់មួយ ឈ្មោះសុវណ្ណបស្សៈ

 

អារុយ្ហ សេលំ ភវនំ កិន្នរានំ, ឱលោកយី បព្វតបាទមូលំ;

តត្ថទ្ទសា មេឃសមានវណ្ណំ, និគ្រោធរាជំ អដ្ឋសហស្សបាទំ។

ព្រានព្រៃបានឡើងទៅកាន់ភ្នំ ជាកន្លែងនៅនៃពួកកិន្នរ ក៏រមិល​មើលនូវ​ទីជិតនៃជើងភ្នំ បានឃើញ​ស្តេច​ជ្រៃធំមួយដើម មានសម្បុរ​ប្រាកដស្មើ​ដោយមេឃ មានប្ញស ៨០០០ ជិត ជើងភ្នំនោះ

 

តត្ថទ្ទសា កុញ្ជរំ ឆព្វិសាណំ, សព្វសេតំ ទុប្បសហំ បរេភិ;

រក្ខន្តិ នំ អដ្ឋសហស្សនាគា, ឦសាទន្តា វាតជវប្បហារិនោ។

បានឃើញដំរីមានភ្លុក ពណ៌ ជាដំរីសសុទ្ធ ដែលពួក​ដំរីដទៃ​គ្របសង្កត់​បានដោយក្រ នៅក្រោម​ដើមជ្រៃនោះ ពួកដំរីទាំង ៨០០០ មានភ្លុកង ដូចជា​ចន្ទោលរថ មាន​ប្រក្រតី​ទៅប្រហារ​ពួកដំរី​បច្ចាមិត្ត ដោយសន្ទុះដ៏​លឿនដូចជា​ខ្យល់ តែងរក្សានូវ​ស្តេចដំរីនោះ

 

តត្ថទ្ទសា បោក្ខរណឹ អទូរេ, រម្មំ សុតិត្ថញ្ច មហោទិកញ្ច;

សម្បុប្ផិតំ ភមរគណានុចិណ្ណំ, យត្ថ ហិ សោ ន្ហាយតិ នាគរាជា។

បានឃើញស្រះបោក្ខរណី នៅជិតដើម​ជ្រៃនោះ ជាទីគួររីករាយ មានកំពង់​ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានផ្កាកុមុទ ឧប្បល និងឈូក) រីកស្គុះស្គាយផង ដេរដាសដោយពួក​ភមរជាតិ​ផង ជាទីសម្រាប់ងូត របស់ស្តេច​ដំរីដ៏ប្រសើរនោះ

 

ទិស្វាន នាគស្ស គតឹ ឋិតិញ្ច, វីថិស្សយា ន្ហានគតស្ស ហោតិ;

ឱបាតមាគច្ឆិ អនរិយរូបោ, បយោជិតោ ចិត្តវសានុគាយ។

បានឃើញនូវការដើរទៅ និងការឈរនៅ នៃដំរីដ៏ប្រសើរផង ឃើញផ្លូវ របស់ដំរីដ៏​ប្រសើរនោះ​ទៅងូត​ទឹកផង ព្រានព្រៃ​ជាអនរិយជន បានប្រកប (កិច្ចការស្រេច) ដោយការ​លុះក្នុង​អំណាច​នៃចិត្ត ក៏បានជីករណ្តៅ

 

ពាក្យថា បានឃើញនូវការដើរទៅ សេចក្ដីថា ក្នុងពេលដែល​ដំរីទាំងឡាយ​ទៅហើយ នាយព្រាន​ក៏បានចុះ​អំពី​សុវណ្ណបស្សបព៌ត ពាក់ស្រោមដៃ​ស្រោមជើង ពិចារណា​ត្រួតមើល​ទីដែល​ស្ដេច​ដំរីទៅ និងទីនៅ​ជាប់ជានិច្ច បានឃើញ​ទាំងអស់ថា ស្ដេចដំរី​ទៅដោយ​ផ្លូវនេះ មុជទឹក​ក្នុងទីនេះ មុជហើយ​ឡើងមក​ដោយ​ផ្លូវនេះ មកឈរ​ត្រង់កន្លែង​នេះ ដូច្នេះហើយ ព្រោះ​ភាពជា​អ្នកមិន​មានហិរិ ព្រានជា​អនរិយជន ត្រូវព្រះនាង​សុភទ្ទា ជាអ្នក​លុះក្នុង​អំណាច​នៃចិត្តក្រោធ​ ប្រើមក ព្រោះហេតុនោះ ព្រានទើប​ជីករណ្ដៅ។

 

ក្នុងរឿងនោះ មានការពោលតាមលំដាប់ថា ៖

បានឮមកថា ព្រានសោនុត្តរមកដល់លំនៅ​ព្រះមហាសត្វ ដោយ​ប្រើពេល​អស់ ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ កាលពិចារណា​ទីនៅរបស់​ព្រះមហាសត្វ ដូចន័យ​ដែលពោល​ហើយ ព្រាន​នោះ​កំណត់​ថា យើងនឹង​​ជីករណ្ដៅ​ក្នុងទីនេះ ឋិតនៅក្នុង​ទីរណ្ដៅនោះ បាញ់ស្ដេច​ដំរីដោយ​ព្រួញពិស​ឲ្យស្លាប់ ដូច្នេះទើប​ចូលទៅកាន់​ព្រៃ កាត់ដើមឈើ ដើម្បី​ធ្វើសសរ​ជាដើម​ រៀបចំ​ទព្វសម្ភារៈ​ទុក ក្នុងកាលដែល​ដំរីទាំងឡាយ​ទៅមុជទឹក ព្រាន​ក៏យកចប​ធំមកជីក​រណ្ដៅ ៤ ជ្រុង ត្រង់ទីនៅ​នៃស្ដេចដំរី រួចកាយដី យកទឹក​មកស្រោច ហាក់ដូចជា​ដាំគ្រាប់ពូជ ដាក់​សសរ​ខាងលើ​ត្បាល់ថ្ម ដាក់រនូត ក្រាលផែនក្ដារ ចោះប្រហោង​ប៉ុនកូនសរ រោយសម្រាម និងដី​នៅខាង​លើ ធ្វើផ្លូវចូល​ទៅរបស់ខ្លួន​ដោយ​ចំណែកមួយ កាលធ្វើ​រណ្ដៅ​រួចហើយ ក្នុងវេលា​ជិតភ្លឺ ព្រាននោះ​ទទូរក្បាល ដណ្ដប់​សំពត់​កាសាយៈ កាន់ធ្នូនិង​ព្រួញដែល​លាបដោយ​ថ្នាំពិស ចុះទៅនៅ​ក្នុងរណ្ដៅ។

 

ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

ខណិត្វាន កាសុំ ផលកេហិ ឆាទយិ, អត្តានមោធាយ ធនុញ្ច លុទ្ទោ;

បស្សាគតំ បុថុសល្លេន នាគំ, សមប្បយី ទុក្កដកម្មការី។

ព្រានព្រៃជាអ្នកធ្វើអំពើអាក្រក់ ជីករណ្តៅហើយ គ្របដោយ​ផែនក្តា​ទាំងឡាយ រួចបញ្ចូល​ខ្លួននិងធ្នូ (ទៅក្នុងរណ្តៅនោះ) ហើយបាញ់​នូវដំរី ដែលដើរ​មកក្បែរខាង (រណ្តៅរបស់ខ្លួន) ដោយព្រួញដ៏ថ្លោស។

 

វិទ្ធោ ច នាគោ កោញ្ចមនាទិ ឃោរំ, សព្វេ ច នាគា និន្នទុំ ឃោររូបំ;

តិណញ្ច កដ្ឋញ្ច រណំ ករោន្តា, ធាវឹសុ តេ អដ្ឋ ទិសា សមន្តតោ។

ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយ ក៏បន្លឺនូវ​កោញ្ចនាទដ៏ពន្លឹក ពួកដំរីទាំងអស់ ក៏បន្លឺនូវ​សម្លេងមាន​សភាពដ៏ពន្លឹក ដីរីទាំងនោះ​ក៏ធ្វើនូវស្មៅ និងមែក​ឈើឲ្យ​ខ្ទេចខ្ទី ហើយស្ទុះ​ស្ទាទៅទាំង ទិសជុំវិញ។

 

វធិស្សមេតន្តិ បរាមសន្តោ, កាសាវមទ្ទក្ខិ ធជំ ឥសីនំ;

ទុក្ខេន ផុដ្ឋស្សុទបាទិ សញ្ញា, អរហទ្ធជោ សព្ភិ អវជ្ឈរូបោ។

ដំរីដ៏ប្រសើរក៏ចាប់ព្រាននោះ ដោយបំណងថា អញនឹង​សម្លាប់​ព្រាននុ៎ះ ក៏ឃើញ​នូវសំពត់​កាសាវៈដែលជា​ទង់ជ័យ​របស់ពួកឥសី ដំរីដ៏ប្រសើរ ត្រូវសេចក្តីទុក្ខ​ប៉ះពាល់ហើយ ក៏មាន​សញ្ញា​កើតឡើង​ថាធម្មតាបុគ្គល​ប្រើប្រាស់​ទង់ជ័យ​ព្រះអរហន្ត មានសភាព​ដែលសប្បុរស​មិនគួរ​សម្លាប់។

 

បានឮមកថា ក្នុងថ្ងៃទី ២ ស្ដេចដំរីនោះ មកមុជទឹក ហើយឡើងឈរ នៅលើប្រទេស ដែល​មាន​ឈ្មោះថា មហាវិសាលមាលកៈ។ លំដាប់នោះ ទឹកបាន​ហូរពីសរីរៈ​របស់​ស្ដេចដំរី ហូរស្រក់​តាម​នាភីប្រទេស ធ្លាក់មក​លើសរីរៈ​របស់នាយ​ព្រានតាម​ប្រហោងក្ដារ។ ដោយ​សញ្ញានោះ នាយព្រានដឹងថា​​ ព្រះមហាសត្វ​មកឈរ​ពីលើហើយ ក៏យឹតព្រួញ​ដ៏ធំបាញ់​ស្ដេចដំរី​ដែលមក​ឈរខាង​លើនោះ។

 

បានឮមកថា ព្រួញដ៏ថ្លោសនោះ​ចូលតាម​នាភីប្រទេស ធ្លុះចូលទៅ​កាត់តម្រង​បស្សាវៈ​ជាដើម បុកទម្លុះ​ដល់សាច់ខ្នង ហើយធ្លាយ​ចេញទៅ​កាន់អាកាស ហាក់ដូច​ជាពុះដោយ​ពូថៅ។ ឈាមហូរ​ចេញតាម​មុខរបួស ហាក់ដូចជា​ទឹកជ្រលក់​ចូរចេញ​ពីឆ្នាំង​ជ្រលក់​ដែល​បែក ទុក្ខវេទនាដ៏​ខ្លាំងក្លា​បានកើត​ឡើង។ ស្ដេចដំរី​កាលមិន​អាចនឹង​អត់សង្កត់​ទុក្ខវេទនា​ ក៏ស្រែក​កងរំពង​លាន់ឮ​សន្ធឹកពេញ​សកលបព៌ត បន្លឺ​កោញ្ចនាទ​ដ៏ខ្លាំង ៣ ដង។ ដំរីទាំង​ ៨០០០ ស្ដាប់ឮ​សំឡេង​នោះហើយ ភ័យខ្លាច​ចំពោះ​មរណៈ ក៏ធ្វើ​នូវសំឡេង ស្រែកឡើង គួរ​ញញើត។ ដំរីទាំងអស់​ស្ទុះទៅដោយ​សំឡេងនោះ បានឃើញ​ដំរីឆទ្ទន្ត​កំពុងដល់​ទុក្ខវទេនា ហើយ​គិតថា ពួកយើង​នឹងចាប់​សត្រូវ ដូច្នេះ​ទើបស្ទុះរត់​ទៅដោយ​ជុំវិញ បានធ្វើស្មៅ​និងកំណាត់​ឈើឲ្យ​បែកខ្ទេច។

 

ពាក្យថា អញនឹងសម្លាប់ព្រាននុ៎ះ សេចក្ដីថា ព្រះពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំរីឆទ្ទន្ត​នោះ កាលដែលដំរី​ទាំងឡាយ​ចេញទៅក្នុង​ទិសទាំង​ឡាយហើយ និងកាល​ដែលមេដំរី​មហា​សុភទ្ទា​ចូលទៅ​ឈរជិត ស្ទាបអង្អែល​ហើយ​លួងលោម ស្ដេចដំរី​ក៏អត់សង្កត់​ទុក្ខវេទនា កាល​ពិចារណា​កន្លែងដែល​ព្រួញមក ទើបគិតថា បើព្រួញ​នេះមក​ពីទិស​ខាងកើត នឹងត្រូវ​ចូល​តាមពោង ហើយធ្លុះ​ចេញទៅ​តាមកាយ​ខាងក្រោយ​ជាដើម តែព្រួញ​នេះចូល​មក​តាមនាភី ហើយ​ចេញទៅ​កាន់​អាកាស ព្រោះហេតុនោះ ពិតជា​មានមនុស្ស​នៅខាង​ក្រោមបាញ់មក ព្រះមហាសត្វ​ពិចារណា​យ៉ាងនេះ​ហើយ បំណង​នឹងត្រួត​មើលកន្លែង​ឈរ ទើបគិតថា អ្នកណា​នឹងដឹង​ថា មានអ្វី​កើតឡើង យើងគួរ​នឹងឲ្យនាង​មហាសុភទ្ទា​ចេញសិន ដូច្នេះ​ទើប​ពោលថា នែនាង​ដ៏ចម្រើន ដំរី ៨​០០០ ស្វែងរក​សត្រូវ​របស់យើង រត់ទៅទិស​ទាំងឡាយ ចុះនាង​នៅធ្វើអ្វី ក្នុងទីនេះ។ មេដំរី​មហាសុភទ្ទា​ពោលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំម្ចាស់​នៅទ្រទ្រង់​លួងលោម​លោកម្ចាស់ សូមស្ដេច​ដំរីអត់​ទោសដល់​ខ្ញុំ ដូច្នេះ​ហើយ ធ្វើ​ប្រទក្សិណ ៣ ដង ថ្វាយបង្គំ​ព្រះពោធិសត្វ​ក្នុងទិស​ទាំង ៤ រួចហោះ​ទៅកាន់​អាកាស។ ស្ដេចដំរីយក​ជើង​ឈូស​កកាយដី បន្ទះក្ដារ​ក៏របើក​ឡើង។ ព្រះមហាសត្វ​កាលមើល​តាមប្រហោង ឃើញនាយ​ព្រានសោនុត្តរ ហើយញ៉ាំង​ចិត្តឲ្យ​កើតឡើង​ថា យើងនឹង​សម្លាប់វា ទើបលូក​ប្រមោយ​ដែលមាន​ពណ៌ដូច​ជាភួងប្រាក់ ចាប់ព្រាននោះ ក៏ឃើញ​សំពត់​កាសាវៈ ដែលជា​ទង់នៃ​ព្រះពុទ្ធ​ជាឥសី។ នាយព្រាន​ដាក់សំពត់​កាសាវៈ​ក្នុងប្រមោយ​របស់​ព្រះមហាសត្វ។ ព្រះពោធិសត្វ​លើកព្រាន​នោះ ដាក់នៅខាងមុខ។ លំដាប់នោះ សញ្ញានេះ​បានកើត​ដល់ស្ដេច​ដំរី ដែលកំពុង​ទទួល​សេចក្ដី​ទុក្ខដូច្នេះថា ឈ្មោះថា ទង់ជ័យ​នៃព្រះអរហន្ត​ គឺបណ្ឌិត​ទាំងឡាយ​មិនគួរ​ទម្លាយឡើយ គួរតែធ្វើសក្ការៈ គោរពតែ​ម្យ៉ាង​ប៉ុណ្ណោះ។

 

ស្ដេចដំរីកាលនឹងចរចាជាមួយព្រាននោះ ទើបពោល ២ គាថាថា

អនិក្កសាវោ កាសាវំ, យោ វត្ថំ បរិទហិស្សតិ;

អបេតោ ទមសច្ចេន, ន សោ កាសាវមរហតិ។

បុគ្គលណា មិនទាន់អស់ទឹកចត់គឺកិលេស ជាអ្នកប្រាស​ចាកការ​ទូន្មាននូវ​ឥន្ទ្រិយ​និងវចីសច្ចៈ នឹងស្លៀក​ដណ្តប់​សំពត់​កាសាវៈ បុគ្គលនោះ​មិនគួរស្លៀក​ដណ្តប់​សំពត់​កាសាវៈទេ។

 

យោ ច វន្តកសាវស្ស, សីលេសុ សុសមាហិតោ;

ឧបេតោ ទមសច្ចេន, ស វេ កាសាវមរហតិ។

ចំណែកបុគ្គលណា ខ្ជាក់ចោលនូវទឹកចត់ គឺកិលេស តាំងមាំក្នុង​សីលទាំងឡាយ ជាអ្នកប្រកប​ដោយការ​ទូន្មាន​នូវឥន្ទ្រិយ​និងវចីសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀក​ដណ្តប់​សំពត់កាសាវៈ។

 

គាថានោះមានសេចក្ដីថា នែលុទ្ទបុត្តសម្លាញ់​ បុរសណា​នៅមានទឹកចត់ គឺរាគៈ​ជាដើម ជាអ្នក​ប្រាសចាក​ការទូន្មាន​នូវឥន្ទ្រិយ និងវចីសច្ចៈ ហើយ​ស្លៀកដណ្តប់​សំពត់​កាសាវៈ​ដែលជ្រលក់​ដោយ​ទឹកអម្ចត់ បុរសនោះ​មិនគួរ​ស្លៀកដណ្ដប់​សំពត់​កាសាវៈ សំពត់​កាសាវៈ​នោះ មិនសមគួរ​ដល់បុរស​នោះទេ។ ចំណែក​បុរសណា មានទឹក​ចត់ខ្ជាក់​ចោលហើយ សមាទាន​តាំងស៊ប់​ក្នុងសីល បរិបូណ៌​ដោយ​សីលាចារវត្ត បុរសនោះ ទើបឈ្មោះថា សមគួរ​នឹងស្លៀក​ដណ្ដប់​សំពត់​កាសាវៈនោះ។

ព្រះមហាសត្វពោលយ៉ាងនេះហើយ ក៏បានញ៉ាំង​ចិត្តនោះ​ឲ្យរលត់ ហើយសួរថា នែសម្លាញ់ អ្នក​បាញ់យើង ដោយ​ប្រយោជន៍អ្វី ដោយប្រយោជន៍​របស់ខ្លួន ឬក៏ប្រកប​ដោយ​ប្រយោជន៍​របស់អ្នក​ដទៃ។

 

ព្រះសាស្ដាកាលនឹងធ្វើឲ្យជាក់ច្បាស់សេចក្ដីនោះ ទើបត្រាស់ថា

សមប្បិតោ បុថុសល្លេន នាគោ, អទុដ្ឋចិត្តោ លុទ្ទកមជ្ឈភាសិ;

កិមត្ថយំ កិស្ស វា សម្ម ហេតុ, មមំ វធី កស្ស វាយំ បយោគោ។

ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់​ហើយដោយ​សរដ៏ថ្លោស មិនមាន​ចិត្តប្រទូស្ត បាននិយាយ​នឹងព្រាន​ព្រៃថា នែសម្លាញ់ អ្នកត្រូវការអ្វី តើព្រោះអ្វី បានជាអ្នក​សម្លាប់​យើង ម្យ៉ាងទៀត ការប្រកប​នេះរបស់​បុគ្គលណា។

 

គ្រានោះ ព្រានកាលនឹងប្រាប់ ទើបពោលគាថាថា

កាសិស្ស រញ្ញោ មហេសី ភទន្តេ, សា បូជិតា រាជកុលេ សុភទ្ទា;

តំ អទ្ទសា សា ច មមំ អសំសិ, ទន្តេហិ អត្ថោតិ ច មំ អវោចា។

បពិត្រដំរីដ៏ចម្រើន ព្រះមហេសីរបស់​ស្តេចក្នុង​ដែនកាសីនោះ ឈ្មោះនាងសុភទ្ទា ដែលគេ​បូជាហើយ​ក្នុងរាជត្រកូល ព្រះនាងបាន​ឃើញអ្នក ហើយប្រាប់ខ្ញុំ ព្រះនាង​ក៏មាន​ព្រះសវនីយ៍​នឹងខ្ញុំថា យើងត្រូវការ​ដោយភ្លុក​ទាំងឡាយ។

 

ស្ដេចដំរីស្ដាប់ពាក្យនោះហើយ ដឹងថា នេះជាអំពើ​របស់នាង​ចូឡសុភទ្ទា ព្រះមហាសត្វ​ខំអត់​សង្កត់​នូវ​ទុក្ខវេទនា ហើយពោលថា សេចក្ដី​ត្រូវការ​ដោយភ្លុក​របស់យើង រមែង​មិនមាន​ដល់​នាង នាង​បញ្ជូនអ្នកមក ដោយ​សេចក្ដី​ប្រាថ្នា​សម្លាប់យើង ដូច្នេះហើយ កាលនឹង​សម្ដែង​សេចក្ដី​នោះ ទើបពោល ២ គាថាថា

ពហូ ហិមេ ទន្តយុគា ឧឡារា, យេ មេ បិតូនញ្ច បិតាមហានំ;

ជានាតិ សា កោធនា រាជបុត្តី, វធត្ថិកា វេរមកាសិ ពាលា។

ព្រះរាជបុត្រីនោះ ដឹងថា គូនៃភ្លុកទាំងឡាយ​របស់បិតា និងជីតា​ទាំងឡាយ​របស់យើង មានច្រើន​ណាស់ តែនាងជា​ស្រីក្រោធ ត្រូវការ​សម្លាប់ ជាស្រីល្ងង់ ចង់ពៀរ (នឹងយើង)

 

ឧដ្ឋេហិ ត្វំ លុទ្ទ ខរំ គហេត្វា, ទន្តេ ឥមេ ឆិន្ទ បុរា មរាមិ;

វជ្ជាសិ តំ កោធនំ រាជបុត្តឹ, នាគោ ហតោ ហន្ទ ឥមស្ស ទន្តា។

នែព្រានព្រៃ អ្នកចូរក្រោកឡើង ចាប់នូវរណារ ហើយអារ​នូវភ្លុក​ទាំងគូនេះចុះ ទាន់ខ្ញុំមិន​ទាន់ស្លាប់ អ្នកឯងគប្បី​ទូលព្រះរាជបុត្រី ដែលមាន​សេចក្តី​ក្រោធនោះថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំ​ជាខ្ញុំ បានសម្លាប់​ហើយ សូមព្រះនាង​ទទួលយក នេះជាភ្លុករបស់ដំរីនោះ

 

ព្រានសោនុត្តរស្ដាប់ពាក្យរបស់ដំរីឆទ្ទន្តនោះហើយ ក្រោកចាកទីអង្គុយ កាន់យករណារ ចូលទៅ​កាន់សម្នាក់​ស្ដេចដំរី ដោយគិតថា យើងកាត់ភ្លុក។ ស្ដេចដំរី​មានកម្ពស់ ៨៨ហត្ថ ឈរនៅ​ដូចជា​ភ្នំប្រាក់ ព្រោះហេតុនោះ សោនុត្តរព្រាន​ទើបឈោង​មិនដល់​ភ្លុកស្ដេច​ដំរីនោះ។ លំដាប់នោះ ព្រះមហាសត្វ​បង្អោនកាយ ដេកដាក់​ក្បាល​ចុះក្រោម។ គ្រានោះ ព្រានព្រៃ ឡើងជាន់​ប្រមោយ​ដែលប្រាកដ​ដូចភួងប្រាក់ របស់​ព្រះមហាសត្វ ឋិតនៅ​លើពោង​ស្ដេចដំរី​ ដែលដូច​ជាកំពូល​ភ្នំកៃលាស ហើយយក​ជង្គង់រុញ​សាច់ដែល​នៅជិតមាត់ ញាត់​ចូលទៅ​ខាងក្នុង រួចចុះ​ពីពោងដំរី ស៊ករណារ​ចូលទៅ​ក្នុងមាត់ យកដៃ​ទាំងពីរ​ទាញទៅ​ទាញ​មក យ៉ាងខ្លាំង។ ទុក្ខវេទនា​ដ៏ខ្លាំងបាន​កើតដល់​ព្រះមហាសត្វ មាត់ពេញ​ដោយ​លោហិត។ នាយព្រាន​អារចុះ​អារឡើង ក៏មិនអាច​នឹងអារភ្លុក​ឲ្យដាច់​បានឡើយ​។ ពេលនោះ ព្រះមហាសត្វ​ខ្ជាក់លោហិត​ចេញ​ពីមាត់ អត់សង្កត់​ទុក្ខវេទនា សួរព្រានថា នែសម្លាញ់ អ្នកមិន​អាចនឹង​កាត់ឲ្យ​ដាច់ទេឬ។ នាយព្រាន​ពោលថា បពិត្រ​លោកម្ចាស់ ពិតមែនហើយ។ ព្រះមហាសត្វ​តាំងសតិ ហើយពោលថា នែសម្លាញ់ បើដូច្នោះ អ្នកចូរលើក​ប្រមោយ​របស់​យើង ចូរចាប់​ចុងរណារ ព្រោះយើង​មិនមាន​កម្លាំងនឹង​លើកប្រមោយ​ដោយខ្លួន​ឯងបាន​ឡើយ។ នាយព្រាន​ក៏បានធ្វើយ៉ាងនោះ។

 

ព្រះមហាសត្វចាប់រណារដោយប្រមោយ ហើយអារ​ទៅអារមក កាត់ដាច់ភ្លុក ហាក់ដូច​ជាលំពង់។ លំដាប់នោះ ព្រះមហាសត្វ​ប្រាប់ឲ្យនាយ​ព្រាននាំភ្លុក​នោះមក កាលនឹង​ឲ្យភ្លុក ក៏ពោលថា នែលុទ្ទបុត្ត​សម្លាញ់​ យើងកាល​ឲ្យភ្លុកទាំង​នេះដល់អ្នក មិនមែន​ឲ្យដោយ​គិតថា ភ្លុកនេះមិន​ជាទីស្រឡាញ់​របស់យើង​ទេ មិនមែនឲ្យ​ដោយប្រាថ្នា​ភាពជា​ព្រះឥន្ទ ភាព​ជាមារ និងជាព្រហ្មទេ តែសព្វញ្ញុតញ្ញាណ​នោះឯង ដែលជាទី​ស្រឡាញ់​ដ៏ក្រៃលែង ជាងភ្លុក​ទាំងឡាយ​នេះ ដោយរយគុណ ដោយ​ពាន់គុណ ដោយ​សែនគុណ សូមបុណ្យ​របស់យើង​នេះចូរ​ជាបច្ច័យ នៃចាក់ធ្លុះ ត្រាស់ដឹង​សព្វញ្ញុតញ្ញាណ ដូច្នេះ​ហើយ ព្រះពោធិសត្វ​បានឲ្យភ្លុក​ដល់នាយព្រាន រួចសួរថា នែសម្លាញ់ អ្នកមក​ទីនេះអស់​កាលប៉ុន្មាន ? កាលនាយ​ព្រាន​ពោលថា អស់កាល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ព្រះមហាសត្វ​ពោលថា អ្នកចូរទៅ​ដោយ​អានុភាព​របស់ភ្លុក​នេះ អ្នកនឹងដល់​នគរពារាណសី​ក្នុងរវាង ៧ ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយ ស្ដេចដំរីធ្វើ​បរិត្តការពារ​ដល់ព្រាននោះ រួចបញ្ជូនទៅ។ ព្រះពោធិសត្វ​បញ្ជូន​ព្រាននោះ​ទៅ​ហើយ កាលដំរីទាំងឡាយ និងមេដំរី​មហាសុភទ្ទា​មិនទាន់មក លោកក៏ធ្វើ​កាលកិរិយា​ទៅក្នុង​ពេលនោះ​ឯង។

 

ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

ឧដ្ឋាយ សោ លុទ្ទោ ខរំ គហេត្វា, ឆេត្វាន ទន្តានិ គជុត្តមស្ស;

វគ្គូ សុភេ អប្បដិមេ បថព្យា, អាទាយ បក្កាមិ តតោ ហិ ខិប្បំ។

ព្រានព្រៃនោះ ក្រោកឈរឡើង ហើយចាប់រណារ អារនូវភ្លុកដំរីដ៏ប្រសើរ ហើយក៏យក​នូវភ្លុកដ៏ល្អស្អាត មិនមានភ្លុក​ឯទៀត​ប្រៀបផ្ទឹមបាន លើផែនដី រួចដើរចៀស​ចេញទៅអំពី​ទីនោះ យ៉ាងឆាប់។

 

កាលព្រាននោះចៀសចេញទៅហើយ ដំរីទាំងឡាយ​រកបច្ចាមិត្ត​មិនឃើញ ទើបមក។

ព្រះសាស្ដា កាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

ភយដ្ដិតា នាគវធេន អដ្ដា, យេ តេ នាគា អដ្ឋ ទិសា វិធាវុំ;

អទិស្វាន បោសំ គជបច្ចមិត្តំ, បច្ចាគមុំ យេន សោ នាគរាជា។

ពួកដំរីត្រូវភ័យ (អំពីសេចក្តីស្លាប់) បៀតបៀនហើយ ដល់នូវសេចក្តីទុក្ខព្រួយ ព្រោះគេសម្លាប់​នូវដំរីដ៏ប្រសើរ បានស្ទុះទៅ គ្រប់ទិសទាំង ៨ លុះមិនឃើញ​បុរសជា​សត្រូវនឹងដំរី ក៏ត្រឡប់​មកកាន់ទី របស់​ស្តេចដំរីដ៏ប្រសើរវិញ

 

ចំណែកនាងមហាសុភទ្ទាក៏មកជាមួយនឹងដំរីទាំងនោះ។ សូម្បីដំរីទាំង ៨០០០ នោះ យំស្រែក​កន្ទក់កន្ទេញ​ក្នុងទីនោះ ហើយទៅកាន់​សម្នាក់​ព្រះបច្ចេកពុទ្ធ​ដែលជា​កុលុបកៈ រួច​ពោលថា បពិត្រ​លោកម្ចាស់ បច្ចយទាយក (អ្នកឲ្យបច្ច័យ) របស់​លោកម្ចាស់ ត្រូវមុត​ដោយសរ​ដែលលាប​ដោយថ្នាំពិស ធ្វើកាល​កិរិយាហើយ សូមលោកម្ចាស់​ទាំងឡាយ​មកមើល​សពរបស់​ស្ដេចដំរី​នោះ។ ព្រះបច្ចេកពុទ្ធទាំង ៥០០ អង្គ មកតាម​ផ្លូវអាកាស ចុះត្រង់​កន្លែង​ដ៏ធំ។ ក្នុងខណៈនោះ ដំរីកំលោះ ២ យកភ្លុក​លើកសរីរៈ​របស់ស្ដេចដំរី ឲ្យថ្វាយ​បង្គំ​ព្រះបច្ចេកពុទ្ធ រួចដាក់​លើជើងថ្ករ ហើយធ្វើ​ឈាបនកិច្ច។ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ធ្វើការ​ស្វាធ្យាយធម៌ ក្នុងទី​បូជាសព រហូតទល់ភ្លឺ។ ដំរី ៨០០០ នាំគ្នារំលត់​ភ្លើង រួចថ្វាយបង្គំ យកទឹក​មកស្រោច ធ្វើមេដំរី​មហាសុភទ្ទា​ឲ្យនៅខាងមុខ ទៅកាន់​លំនៅរបស់ខ្លួន។

 

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

តេ តត្ថ កន្ទិត្វា រោទិត្វាន នាគា, សីសេ សកេ បំសុកំ ឱកិរិត្វា;

អគមំសុ តេ សព្វេ សកំ និកេតំ, បុរក្ខត្វា មហេសឹ សព្វភទ្ទំ។

ដំរីដ៏ប្រសើរទាំងនោះ កន្ទក់កន្ទេញ រោទ៍ក្នុងទីនោះ ហើយរោយរាយ នូវអាចម៍ដី លើក្បាល​របស់ខ្លួន ដំរីទាំងអស់នោះ ក៏ឲ្យមេដំរី​ជាមហេសី ឈ្មោះសព្វសុភទ្ទា ដើរមុខ មកកាន់​ទីនៅ​របស់ខ្លួន។

 

ចំណែកសោនុត្តរព្រាននាំយកភ្លុកទាំងពីរ មិនទាន់ដល់ថ្ងៃទី ៧ ផង ក៏មកដល់​នគរ​ពារាណសី។

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

អាទាយ ទន្តានិ គជុត្តមស្ស, វគ្គូ សុភេ អប្បដិមេ បថព្យា;

សុវណ្ណរាជីហិ សមន្តមោទរេ, សោ លុទ្ទកោ កាសិបុរំ ឧបាគមិ;

ឧបនេសិ សោ រាជកញ្ញាយ ទន្តេ, នាគោ ហតោ ហន្ទ ឥមស្ស ទន្តា។

ព្រានព្រៃនោះបាន នាំយកភ្លុកទាំងឡាយ​នៃដំរីដ៏ប្រសើរ ជាភ្លុកល្អ ស្អាត មិនមាន​ភ្លុកឯ​ទៀត​ផ្ទឹមបាន លើផែនដី ភ្លឺសព្វ​ដោយរស្មី មានពណ៌​ដូចជាមាស ហើយចូល​ទៅកាន់​កាសីបុរី ព្រានព្រៃនោះ ក៏បង្អោននូវភ្លុកទាំងឡាយថ្វាយ​ព្រះរាជ​កញ្ញាថាដំរីដ៏ប្រសើរ ទូលព្រះបង្គំ​ជាខ្ញុំ​សម្លាប់បានហើយ សូមព្រះនាង​ទទួលយក នេះជាភ្លុកទាំង​ឡាយនៃ​ដំរីនោះ។

 

ពាក្យថា ភ្លឺសព្វដោយរស្មី សេចក្ដីថា កាលភ្លុកនោះបញ្ចេញ​ពន្លឺដោយ​ជុំវិញ ហាក់ដូច​ជាពណ៌​មាស​ទូទាំងព្រៃ​សណ្ឌៈ​ទាំងមូល។ ពាក្យថា បង្អោននូវភ្លុកទាំងឡាយថ្វាយ សេចក្ដីថា សោនុត្តរព្រាន​បញ្ជូនដំណឹង​ទូល​ព្រះទេវីថា ទូលព្រះបង្គំ​បាននាំភ្លុក​ទាំងគូ ដែល​បញ្ចេញរស្មី ៦ ពណ៌ របស់ដំរី​ឆទ្ទន្តមក​ហើយ សូមព្រះនាង​ឲ្យគេតាក់​តែងនគរ និងឲ្យ​ក្រាបទូល​ព្រះរាជា រួចទើប​គាត់ចូលកាន់​ព្រះនគរ​ដែលគេ​តាក់តែង ដូចជាទេវនគរ ហើយឡើង​កាន់ប្រាសាទ បង្អោនភ្លុក​ចូលទៅថ្វាយ និងទូលថា បពិត្រ​ព្រះនាងម្ចាស់ បាន​ឮមកថា ព្រះនាង​បានធ្វើ​នូវទោស ត្រឹមតែ​បន្តិចបន្តួច ក្នុង​ព្រះហឫទ័យ (ហើយចងពៀរ​នឹងស្ដេច​ដំរីណា) ស្ដេចដំរីនោះ ទូលព្រះបង្គំ​សម្លាប់ហើយ សូមព្រះនាង​ដឹងការ​ស្លាប់របស់​ស្ដេច​ដំរីនោះ ហើយចូរ​ទទួលយក នេះជាភ្លុក​របស់ស្ដេច​ដំរីនោះ ដូច្នេះហើយ ក៏ថ្វាយ​ភ្លុកដល់​ព្រះនាង។

 

ព្រះនាងសុភទ្ទា យកប្រដាប់ទ្រធ្វើដោយកែវមណី ទទួលភ្លុក ដែលវិចិត្រ​ដោយ​ឆព្វណ្ណរង្សី​របស់​ព្រះមហាសត្វ យកមក​ដាក់នឹងទ្រូង សម្លឹងមើល​ភ្លុករបស់​ស្វាមីខ្លួន​ក្នុងភពមុន រលឹក​ព្រះមហាសត្វ​ថា ព្រានសោនុត្តរ​យកព្រួញពិស បាញ់សម្លាប់​ស្ដេចដំរី ដែលមាន​រូបស្អាត​យ៉ាងនេះ​ឲ្យស្លាប់ កាត់ភ្លុកទាំងនេះ នាំមក ដូច្នេះហើយ ព្រះនាង​កើតសេចក្ដី​សោកខ្លាំង មិនអាច​នឹងអត់​សង្កត់បាន។ ពេលនោះ ដួងហឫទ័យ​របស់ព្រះនាង​ក៏បែកទៅ ហើយធ្វើ​កាលកិរិយា ក្នុងថ្ងៃ​នោះឯង។

 

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

ទិស្វាន ទន្តានិ គជុត្តមស្ស, ភត្តុប្បិយស្ស បុរិមាយ ជាតិយា;

តត្ថេវ តស្សា ហទយំ អផាលិ, តេនេវ សា កាលមកាសិ ពាលា។

ព្រះរាជកញ្ញានោះ ទតឃើញភ្លុកទាំងឡាយ​នៃដំរីដ៏ប្រសើរ ដែលធ្លាប់ជាប្តី ជាទីស្រឡាញ់​អំពីជាតិមុន ក៏បែកហប្ញទ័យ​ក្នុងទីនោះឯង ហេតុនោះ ព្រះនាង​ជាស្រីល្ងង់ បានសោយ​វិលាល័យទៅ។

 

សម្ពោធិបត្តោ ស មហានុភាវោ, សិតំ អកាសី បរិសាយ មជ្ឈេ;

បុច្ឆឹសុ ភិក្ខូ សុវិមុត្តចិត្តា, នាការណេ បាតុករោន្តិ ពុទ្ធា។

ព្រះពុទ្ធព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណផង មានអានុភាព​ច្រើនផង បានធ្វើនូវ​ការញញឹម ក្នុងកណ្តាលពពួកបរិស័ទ ពួកភិក្ខុមាន​ចិត្តរួចស្រឡះ ក៏ក្រាប់បង្គំ​ទូលសួរថា ព្រះពុទ្ធ​ទាំងឡាយ មិនដែល​ធ្វើនូវការ​ញញឹមឲ្យប្រាកដ ដោយឥតហេតុទេ។

 

យមទ្ទសាថ ទហរឹ កុមារឹ, កាសាយវត្ថំ អនគារិយំ ចរន្តឹ;

សា ខោ តទា រាជកញ្ញា អហោសិ, អហំ តទា នាគរាជា អហោសឹ។

អ្នកទាំងឡាយ បានឃើញនាងកុមារីណា នៅជំទង់ ស្លៀកសំពត់កាសាវៈ ជាអ្នកបួស នាងកុមារីនោះ ក្នុងកាលនោះ គឺព្រះរាជកញ្ញា ឯស្តេចដំរីក្នុងកាលនោះ គឺតថាគតឯង។

 

អាទាយ ទន្តានិ គជុត្តមស្ស, វគ្គូ សុភេ អប្បដិមេ បថព្យា;

យោ លុទ្ទកោ កាសិបុរំ ឧបាគមិ, សោ ខោ តទា ទេវទត្តោ អហោសិ។

ព្រានព្រៃណា កាន់យកនូវភ្លុក​ទាំងឡាយ​នៃដំរីដ៏ប្រសើរ ជាភ្លុកដ៏ល្អស្អាត មិនមាន​ភ្លុកឯទៀត​ប្រៀបផ្ទឹម​បានលើផែនដី ហើយចូល​ទៅកាន់​កាសីបុរី ព្រានព្រៃនោះ​ក្នុងកាល​នោះ គឺទេវទត្ត។

 

អនាវសូរំ ចិររត្តសំសិតំ, ឧច្ចាវចំ ចរិតមិទំ បុរាណំ;

វីតទ្ទរោ វីតសោកោ វិសល្លោ, សយំ អភិញ្ញាយ អភាសិ ពុទ្ធោ។

ព្រះពុទ្ធ ព្រះអង្គប្រាសចាក​សេចក្តីក្រវល់ក្រវាយ ប្រាសចាកសេចក្តីសោក ប្រាសចាក​នូវកូន​សរគឺរាគៈ បានជ្រាប​ច្បាស់ដោយ​ព្រះអង្គឯង ហើយទ្រង់​សំដែងនូវ​ចរិតខ្ពស់​និងទាប​អំពីដើមនេះ ដែលអន្ទោល​ទៅ អស់កាលដ៏​យូរ ហាក់ដូចមិនកន្លងថ្ងៃ។

 

អហំ វោ តេន កាលេន, អហោសឹ តត្ថ ភិក្ខវោ;

នាគរាជា តទា ហោមិ, ឯវំ ធារេថ ជាតតំ។

ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតនៅក្នុង​ទីនោះ កាលនោះតថាគត នៅជា     ស្តេចដំរី អ្នកទាំងឡាយ ចូរចាំទុកនូវ​ជាតកយ៉ាងនេះចុះ។

 

គាថាទាំងឡាយនេះ គឺព្រះធម្មសង្គាហកត្ថេរ​ទាំងឡាយ កាលនឹង​សរសើរគុណ​ព្រះទសពល បានសម្ដែង​ទុកហើយ។

 

មនុស្សទាំងឡាយស្ដាប់ព្រះធម្មទេសនានេះហើយ ក៏បានសម្រេចជា​ព្រះអរិយបុគ្គល​មាន​សោតាបន្ន​ជាដើម។ ចំណែកភិក្ខុនី​ក្រមុំនោះ ឃើញច្បាស់​អរិយសច្ច ជាខាង​ក្រោយហើយ​បាន​សម្រេច​ព្រះអរហត្ត។

ឆទ្ទន្តជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត បិដកលេខ ៦០ ទំព័រ ១៧១)

ថ្ងៃ អង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២៤ ខែ កក្កដា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.