។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចូឡសុតសោមជាតក

(បិដកខ្មែរថា ចុល្លសុតសោមជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនេក្ខម្មបារមី បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អាមន្តយាមិ និគមំ ដូច្នេះ​ជាដើម ។

រឿងរ៉ាវជាហេតុនៃ​និទានជាតកនេះ ដូចគ្នានឹង​មហានារទកស្សបជាតក (ចំណែកអតីតនិទាន មានដូចតទៅនេះ) ៖

ក្នុងអតីតកាល នគរពារាណសី​មានឈ្មោះថា សុទស្សនៈ ព្រះរាជា​ព្រះនាមព្រហ្មទត្ត ស្ដេចប្រថាប់​នៅក្នុងនគរនោះ ។ ព្រះពោធិសត្វ​កើតក្នុង​ព្រះគភ៌នៃ​ព្រះអគ្គមហេសី​របស់​ព្រះរាជានោះ ។ កន្លងទៅ​បាន ១០ ខែ ទ្រង់ក៏ប្រសូត​ចេញចាក​ព្រះគភ៌​នៃព្រះមាតា ។ ព្រះភក្ត្ររបស់​ព្រះកុមារនោះ មានសិរី​ដូច​ព្រះចន្ទ្រ​ពេញបូណ៌មី ដោយហេតុនោះ ព្រះជនក ព្រះជននី ទើបថ្វាយ​ព្រះនាមថា សោមកុមារ ។ ព្រះរាជកុមារនោះ ល្មមដឹងក្ដីហើយ ជាអ្នក​ជាប់ចិត្តក្នុង​សុតៈ មាន​ការស្ដាប់​ជាប្រក្រតី ដោយ​ហេតុនោះ ប្រជានុរាស្ត្រ​ទើបថ្វាយ​ព្រះនាមថា សុតសោម

គ្រាចម្រើនវ័យហើយ ព្រះរាជកុមារស្ដេចទៅ​សិក្សាសិល្បសាស្ត្រ​ក្នុងក្រុង​តក្កសិលា ។ (ពេលទ្រង់​សិក្សាចប់) ស្ដេចក៏ត្រឡប់​មក ហើយបាន​ទទួល​ស្វេតច្ឆត្ររបស់​ព្រះរាជបិតា ទ្រង់​សោយរាជ​សម្បត្តិដោយធម៌ មានឥស្សរិយយស​ដ៏ធំក្រៃលែង ។ ព្រះអង្គ​មានស្រីស្នំ ១៦.០០០នាក់ មាន​ព្រះនាង​ចន្ទាទេវី​ជា​ប្រធាន ។ ក្នុងវេលា​បន្តបន្ទាប់មក ស្ដេចក៏ចម្រើន​ទៅដោយ​ព្រះឱរស ព្រះធីតាទាំងឡាយ រហូត (ដល់ពេល) ទ្រង់មិន​ត្រេកអរ​ដោយឃរាវាស​វិស័យ មានសេចក្ដី​ប្រាថ្នាទៅ​កាន់ព្រៃ ដើម្បីព្រះផ្នួស ។

ថ្ងៃមួយ ទើបត្រាស់ហៅនាយភូសាមាលាមក ទ្រង់បញ្ជាថា នែនាយភូសាមាលា កាលណាអ្នក​ឃើញសក់របស់​យើងស្កូវហើយ អ្នកគប្បីប្រាប់​ដល់យើង ក្នុង​កាលនោះ ។ នាយភូសាមាលា ទទួលព្រះតម្រាស់​របស់ព្រះរាជា ក្នុងវេលាតមកទៀត នាយភូសាមាលា ក៏ឃើញ​ព្រះកេសាស្កូវ ទើបក្រាបទូល​ឲ្យទ្រង់ជ្រាប កាល​ព្រះរាជា​ត្រាស់បញ្ជាថា ម្នាលភូសាមាលា បើដូច្នោះ អ្នកចូរដក​សក់នោះ មកដាក់ក្នុង​ដៃរបស់យើង ទើប​នាយភូសាមាលា ដកហើយ​នូវព្រះកេសានោះ ដោយ​សុវណ្ណសណ្ឌាស (ដង្កាប់មាស) មកដាក់​លើព្រះហស្ត ។

ព្រះមហាសត្វ ទតមើលព្រះកេសាស្កូវនោះ ទ្រង់ស្លុតព្រះទ័យថា សរីរៈរបស់​យើង ត្រូវ​ជរាគ្រប​សង្កត់ហើយ ទើបទ្រង់កាន់​ព្រះកេសាស្កូវ​នោះ ស្ដេចចុះ​ចាកប្រាសាទ ប្រថាប់គង់​លើរាជបល្ល័ង្ក ដែលជាទី​ចូលគាល់របស់​មហាជន ហើយត្រាស់​បញ្ជាឲ្យហៅ​អាមាត្យប្រមាណ ៨ ម៉ឺននាក់ មាន​សេនាបតី​ជាប្រមុខ ព្រាហ្មណ៍ ៦ ម៉ឺននាក់ ​មាន​បុរោហិត​ជាប្រធាន និងអ្នកដែន​ អ្នកនិគមផ្សេងៗ ជាដើម មកចូល​គាល់យ៉ាងច្រើន ហើយទ្រង់​ត្រាស់ថា សក់ស្កូវ កើតឡើង​លើក្បាល​របស់យើង​ហើយ យើងជា​មនុស្សជរា អ្នកទាំងឡាយ ចូរទទួលដឹងថា យើងនឹង​បព្វជ្ជា ដូច្នេះហើយ ទើបត្រាស់​ព្រះគាថាទី ១ ថា

អាមន្តយាមិ និគមំ                 មិត្តាមច្ចេ បរិស្សជេ

សិរស្មឹ បលិតំ ជាតំ                បព្វជ្ជំ ទានិ រោចហំ។

យើងប្រាប់អ្នកនិគម មិត្រ អាមាត្រ និងបរិស័ទឲ្យដឹងថា ស្កូវកើតលើក្បាលហើយ ឥឡូវនេះ យើងពេញចិត្តនឹងបព្វជ្ជា ។

បណ្ដាបទទាំងនោះ ​បទថា អាមន្តយាមិ សេចក្ដីថា យើងសូមប្រកាស​ឲ្យអ្នកទាំងឡាយ​ទទួលដឹង ។ បទថា រោចហំ សេចក្ដីថា យើងពេញ ម្នាល​អ្នកដ៏ចម្រើន​ទាំងឡាយ អ្នកទាំងឡាយ ចូរទទួល​ដឹងថា យើងនេះ​ឯងនឹងបព្វជ្ជា ។

បណ្ដាជនទាំងឡាយ ដែលបានស្ដាប់​ព្រះរាជតម្រាស់​ទាំងនោះហើយ អាមាត្យម្នាក់ ជាមនុស្ស​ក្លៀវក្លា ក្រាបទូលសេចក្ដី​ជាគាថា ថា

អភុម្មេ កថំ នុ ភណសិ          សល្លំ មេ ទេវ ឧរសិ កប្បេសិ

សត្តសតា តេ ភរិយា             កថំ នុ តេ តា ភវិស្សន្តិ។

ព្រះអង្គទ្រង់ត្រាស់ព្រះឱង្ការមិនចម្រើន​ដល់ទូល​ព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ព្រះអង្គហាក់ដូចជា ញ៉ាំងកូនសរ​ឲ្យប្រហារ​ត្រង់ដើមទ្រូង​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ ចុះព្រះជាយា​ទាំង ៧០០ របស់​​ព្រះអង្គ ព្រះនាង​ទាំងនោះ នឹងទៅជា​យ៉ាងណាហ៎្ន ?

បណ្ដាបទទាំងនោះ ​បទថា អភុំ បានដល់ វត្ថុដែល​មិនចម្រើន ។ បទថា ឧរសិ       កប្បេសិ សេចក្ដីថា ព្រះអង្គញ៉ាំង​សស្ត្រា ដែលសំលៀង​ហើយដោយ​ល្អ ឲ្យប្រហារ​ទ្រូងរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ។ បទថា សត្តសតា នេះ អាមាត្យនោះ ពោលសំដៅ​ដល់ខត្តិយកញ្ញា ដែលមាន​ជាតិស្មើគ្នា ។ បទថា កថំ នុ តេ តា ភវិស្សន្តិ សេចក្ដីថា ព្រះជាយា​របស់ព្រះអង្គ​ទាំងនោះ កាលព្រះអង្គ​ទ្រង់ព្រះផ្នួស​ហើយ នឹងជាអនាថា មិនមានទីពឹង នឹងនៅបាន​យ៉ាងណា ការដែល​ព្រះអង្គ​ធ្វើព្រះនាង​ទាំងនោះ​ឲ្យមិន​មានទីពឹង ហើយ​ទ្រង់ផ្នួស​ដូច្នេះ មិនសមគួរ​ឡើយព្រះអង្គ ។

លំដាប់នោះ ព្រះមហាសត្វ បានត្រាស់ព្រះគាថាទី ៣ ថា

បញ្ញាយិហិន្តិ ឯតា                 ទហរា អញ្ញម្បិ តា គមិស្សន្តិ

សគ្គញ្ចស្ស បត្ថយានោ          តេន អហំ បព្វជិស្សាមិ។

នាងទាំងនោះនៅក្មេងនឹងប្រាកដខ្លួនឯង (ធ្វើតាមសេចក្ដី​ប្រាថ្នារបស់ខ្លួន) ឬក៏នាង​ទាំងនោះ នឹងទៅរក​ស្តេចដទៃ​ក៏បាន ឯយើង​ប្រាថ្នាឋានសួគ៌ ព្រោះ​ហេតុនោះ ខ្ញុំនឹងបួស ។ 

បណ្ដាបទទាំងនោះ ​បទថា បញ្ញាយិហិន្តិ បានដល់ នារីទាំងនោះ នឹងប្រាកដ​ដោយកិច្ច​របស់ខ្លួនៗ យើងនឹងអ្វីរបស់នាង​ទាំងនោះ នាងទាំងអស់​ក៏នៅក្មេង ព្រះរាជាដទៃៗ​ក៏មាន នារីទាំងនោះ នឹងទៅកាន់​សំណាក់ព្រះរាជា​ដទៃៗនោះ​ក៏បាន ។

អាមាត្យជាដើម មិនអាចនឹងទូល​ឃាត់ព្រះពោធិសត្វ ទើបនាំគ្នា​ទៅកាន់​សំណាក់របស់​ព្រះមាតា​របស់​ព្រះពោធិសត្វ បានទូល​សេចក្ដីនោះ​ឲ្យទ្រង់ជ្រាប ។ ព្រះរាជ​ជននី​ ទើប​ស្ដេចយាង​មកដោយ​រហ័ស ត្រាស់ថា សច្ចំ កិរ ត្វំ, តាត, បព្វជិតុកាមោសិ ម្នាល​បុត្រ បានឮថា បុត្រប្រាថ្នា​នឹងបព្វជ្ជាឬ ? ដូច្នេះហើយ ទើបត្រាស់​ព្រះគាថា ២ គាថា ថា

ទុល្លទ្ធំ មេ អាសិ សុតសោម   យស្ស តេ ហោមហំ មាតា

យំ មេ វិលបន្តិយា                    អនបេក្ខោ បព្វជសិ ទេវ។

ម្នាលសុតសោម មាតាបានបុត្រដោយកម្រណាស់ បពិត្រ​ព្រះសម្មតិទេព ព្រោះមាតា​ជាមាតា​របស់បុត្រ កាលមាតា​កំពុងយំសោក បុត្រឥតមាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស ។

ទុល្លទ្ធំ មេ អាសិ សុតសោម   យំ តំ អហំ វិជាយិស្សំ

យំ មេ វិលបន្តិយា                    អនបេក្ខោ បព្វជសិ ទេវ។

ម្នាលសុតសោម មាតាបានបុត្រ​ដោយកម្រណាស់ បពិត្រ​ព្រះសម្មតិទេព មាតាបាន​ប្រសូតបុត្រ​មក កាលមាតា​កំពុងយំ​សោក បុត្រឥតមាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស ។

បណ្ដាបទទាំងនោះ ​បទថា ទុល្លទ្ធំ សេចក្ដីថា បុត្រឈ្មោះថា ជាអ្នកដែល​បានមក​ដោយលំបាក ព្រោះកាល​នឹងបាន ក៏ត្រូវឆ្លងកាត់​សេចក្ដី​លំបាក ទើបបាន​អ្នកជា​បុត្រមក ។ បទថា យំ មេ សេចក្ដីថា កាលមាតា​នៅនិយាយ​រឿយៗ ដោយប្រការផ្សេងៗ បុត្រនៅ​ប្រាថ្នានឹងបួស​ឲ្យបាន ដោយហេតុណា ហេតុនោះ ការបាន​បុត្រដូច​ជាអ្នក ទើបឈ្មោះថា មាតា​បានមក​ដោយសេចក្ដី​លំបាក ។

ព្រះពោធិសត្វមិនបានត្រាស់អ្វីៗ ជាមួយនឹង​ព្រះមាតាឡើយ ទើបមាតា​របស់ទ្រង់        បរិទេវនាការ​យ៉ាងនេះ ។ ព្រះរាជជននី ទ្រង់ព្រះកន្សែង ប្រថាប់​ឈរនៅ​ចំណែកម្ខាង​ដោយខ្លួនឯង ។ លំដាប់នោះ ប្រជាជន​ទើបនាំគ្នា​ទៅក្រាបទូល​ដល់ព្រះរាជបិតា​របស់​ព្រះពោធិសត្វ ។ ព្រះរាជបិតា ស្ដេចមកហើយ ត្រាស់ព្រះគាថា​មួយជាដំបូងថា

កោ នាមេសោ ធម្មោ              សុតសោម កា ច នាម បព្វជ្ជា

យំ នោ អម្ហេ ជិណ្ណេ                អនបេក្ខោ បព្វជសិ ទេវ។

ម្នាលសុតសោម នេះជាទំនៀមឈ្មោះអ្វី បព្វជ្ជាឈ្មោះអ្វី បពិត្រ​ព្រះសម្មតិទេព ព្រោះបុត្រ​ជាបុត្ររបស់បិតា លះបង់​នូវបិតា ដែលជាមនុស្ស​ចាស់ជរា ឥតអាឡោះ​អាល័យ​នូវបិតា ដែលជា​មនុស្សចាស់​ជរា ឥតអាឡោះ​អាល័យសោះ (នឹងចេញទៅ) បួសយ៉ាងនេះ ។

បណ្ដាបទទាំងនោះ ​បទថា យំ នោ អម្ហេ សេចក្ដីថា អ្នកជាបុត្ររបស់​មាតាបិតា ហេតុអ្វីទើបមិន​បដិបត្តិមាតាបិតា​ដែលចាស់ជរា ក្នុងវេលា​ដែលគួរ​បដិបត្តិ លះចោល​ មិនបានអាល័យ ចេញទៅបួស ដូចគ្នា​នឹងញ៉ាំងនូវ​សិលាឲ្យ​រមៀលធ្លាក់​ចុះដូច្នោះ ដោយ​ហេតុនោះ បិតាសូម​សួរបុត្រ ធម៌របស់​បុត្រនេះ មានឈ្មោះអ្វី ?

ព្រះមហាសត្វ ទ្រង់ស្ដាប់ដូច្នោះហើយ ក៏នៅស្ងៀម ។ លំដាប់នោះ ព្រះរាជបិតា​ទើបត្រាស់ថា ម្នាលសុតសោម​បុត្រសម្លាញ់ ប្រសិនបើ​អ្នកមិនមាន​សេចក្ដី​ស្នេហា អាឡោះអាល័យ​ក្នុងមាតាបិតា​ហើយ បុត្រធីតា​របស់បុត្រ​នៅក្មេងៗ មានច្រើន មិនអាចនឹង​ព្រាត់ប្រាស​ចាកបុត្រ​បាន ក្នុង​វេលាក្មេងៗ​ទាំងនោះ​ចម្រើន​វ័យហើយ បុត្រសឹម​បួសចុះ ហើយត្រាស់គាថាទី ៧ ថា

បុត្តាបិ តុយ្ហំ ពហវោ                        ទហរា អប្បត្តយោព្វនា

មញ្ជូ តេបិ តំ អបស្សន្តា                   មញ្ញេ ទុក្ខំ និគច្ឆន្តិ។

សូម្បីបុត្រ និងធីតាទាំងឡាយ​របស់អ្នក មានច្រើន ហើយនៅក្មេងណាស់ មិនទាន់​ដល់នូវវ័យធំ មានពាក្យពីរោះ យើង​យល់ថា បុត្រ និងធីតា​ទាំងនោះ កាលមិន​ឃើញអ្នក នឹងដល់នូវ​សេចក្តីទុក្ខ ។

បណ្ដាបទទាំងនោះ ​បទថា មញ្ជូ សេចក្ដីថា និយាយវាចា​គួរឲ្យស្រឡាញ់ ។ បទថា និគច្ឆន្តិ សេចក្ដីថា បិតាយល់ថា (បុត្រ និងធីតា​ទាំងនោះ) ទាំងអស់គ្នានេះ នឹងដល់នូវ​សេចក្ដីលំបាក គឺត្រឡប់​បានទុក្ខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។

ព្រះមហាសត្វ បានស្ដាប់ព្រះតម្រាស់នោះ​ហើយ ទើបទ្រង់​ត្រាស់ព្រះគាថា ថា

បុត្តេហិ ច មេ ឯតេហិ               ទហរេហិ អប្បត្តយោព្វនេហិ

មញ្ជូហិ សព្វេហិបិ តុម្ហេហិ       ចិរម្បិ ឋត្វា វិនាសភាវោ ។

ការតាំងនៅអស់កាលយូរ ហើយព្រាត់ប្រាស​ចាកបុត្រ និងធីតា​របស់ខ្ញុំទាំងនុ៎ះ ដែលនៅក្មេង មិនទាន់ដល់​នូវវ័យ មានពាក្យ​​ពីរោះផង ចាកសង្ខារ​ទាំងពួង​ផង ចាកព្រះអង្គ​ផង (ជាសភាវៈ​ទៀង)​

បណ្ដាបទទាំងនោះ ​បទថា សព្វេហិបិ តុម្ហេហិ សេចក្ដីថា បពិត្រ​ព្រះបិតា មិនមែនទូល​ព្រះបង្គំនឹង​ចាកចោល​ព្រះឱរស​ធីតាប៉ុណ្ណោះ​ក៏ទេ ដែលពិត សូម្បីព្រះអង្គ​ទាំងពីរ សូម្បីសព្វសង្ខារ​ទាំងឡាយ​ដទៃៗ នឹងដល់​ការតាំងនៅយូរ គឺតាំង​នៅអស់​កាលដ៏យូរ ក៏នឹងព្រាត់​ប្រាសចាកគ្នា គឺប្រព្រឹត្ត​ទៅផ្សេងៗគ្នា ព្រោះសូម្បី​លោកសន្និវាស សូម្បីទាំងអស់ សង្ខារសូម្បី​តែមួយ នឹងឈ្មោះថា របស់ទៀងទាត់ មិនមានឡើយ ។

ព្រះមហាសត្វ សម្ដែងធម្មកថា​ដល់ព្រះបិតាយ៉ាងនេះ សម្ដេចព្រះរាជបិតា​ទ្រង់ស្ដាប់​ធម្មកថា​របស់ព្រះពោធិសត្វ​ហើយ ក៏ទ្រង់​តុណ្ហីភាព (ស្ងៀមនៅ) ។ លំដាប់នោះ អាមាត្យ​ទាំងឡាយ ទើបទៅប្រាប់សេចក្​ដីនោះ ដល់ព្រះជាយា​ជាទីស្រឡាញ់​របស់​ព្រះមហាសត្វ ។ ព្រះជាយា​ទាំងនោះ ទើបចុះចាក​ប្រាសាទ ទៅកាន់​សំណាក់​របស់​ព្រះមហាសត្វ នាំគ្នាឱប​ព្រះបាទ បរិទេវនាការ ពោលគាថា ថា

ឆិន្នំ នុ តុយ្ហំ ហទយំ               អទុ តេ ករុណា ច នត្ថិ អម្ហេសុ

យំ នោ វិកន្ទន្តិយោ                អនបេក្ខោ បព្វជសិ ទេវ។

ព្រះហឫទ័យរបស់ព្រះអង្គកាត់ដាច់ហើយឬ ឬថាមិនមានសេចក្តី​ករុណា ចំពោះពួក​យើងទាំង​ឡាយទេ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ (លះបង់) ពួកយើង ដែល​កំពុងកន្ទក់​កន្ទេញ ព្រះអង្គ​​ឥតមានសេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស ។

គាថានោះ មានអត្ថាធិប្បាយដូចនេះ បពិត្រ​ព្រះសុតសោម​ស្វាមីអើយ ការកាត់​ព្រះហឫទ័យ​របស់ព្រះអង្គ ក្នុង​ខ្ញុំម្ចាស់​ទាំងឡាយ ដោយភាព​មិនមាន​សេចក្ដី​ស្នេហា​សូម្បី​បន្តិចបន្តួច ដែលធ្វើនូវ​ខ្ញុំម្ចាស់​ទាំងឡាយ ឲ្យជាស្ត្រីមេម៉ាយ ស្ដេចយាង​ទៅបួស នឹងកាត់ដាច់​ហើយឬហ៎្ន ? ឬក៏ថា ម្យ៉ាងទៀត សេចក្ដី​អាណិត​ដោយភាព​មិនមាន​នៃករុណា​របស់ព្រះអង្គ​មិនមាន ? ទើបទ្រង់​លះចោលនូវ​ខ្ញុំម្ចាស់ទាំងឡាយ ដែលទួញ​សោកយ៉ាងនេះ ស្ដេច​យាងទៅ​បព្វជ្ជា ។

ព្រះមហាសត្វ ទ្រង់ស្ដាប់សំឡេង​បរិទេវនាការ របស់​បាទបរិចារិកា​ទាំងនោះ ដែលបម្រះ​ននៀល​នៅទៀប​ព្រះបាទ ហើយ​ទ្រង់ត្រាស់​ព្រះគាថា​បន្តបន្ទាប់ថា

ន ច មយ្ហំ ឆិន្នំ ហទយំ           អត្ថិ ករុណាបិ មយ្ហំ តុម្ហេសុ

សគ្គញ្ច បត្ថយានោ                តេន អហំ បព្វជិស្សាមិ។

ហឫទ័យរបស់យើងបានកាត់ ទាំងសេចក្តី​ករុណា​​របស់យើង ក៏នៅមាន​ក្នុងពួកនាង តែយើងប្រាថ្នា​នូវឋានសួគ៌ ព្រោះ​ហេតុនោះ បានជាយើង​នឹងបួស ។

បណ្ដាបទទាំងនោះ ​បទថា សគ្គញ្ច សេចក្ដីថា ព្រះមហាសត្វ ទ្រង់លួងលោម​ព្រះជាយា​ទាំងនោះថា យើងប្រាថ្នាសួគ៌ ម្យ៉ាងទៀត ឈ្មោះថា បព្វជ្ជានេះ បណ្ឌិត​ទាំងឡាយ មានព្រះពុទ្ធ​ជាដើម ទ្រង់សរសើរ​ហើយ ព្រោះហេតុនោះ យើងនឹង​បួស នាងទាំងឡាយ​កុំខូចចិត្ត​ឡើយ ។

លំដាប់នោះ អាមាត្យទាំងឡាយ ទើបក្រាបទូល​ដល់ព្រះអគ្គមហេសី​របស់​ព្រះពោធិសត្វ ឲ្យទ្រង់ជ្រាប ។ ព្រះអគ្គមហេសីនោះ មានភារៈធ្ងន់ ទ្រង់​មាន​ព្រះគភ៌​បរិបូណ៌ (ជិតគ្រប់ខែ) ស្ដេចយាង​មកថ្វាយបង្គំ​ព្រះមហាសត្វ ប្រថាប់ឈរ​ក្នុងទីមួយ​កន្លែង បានត្រាស់​ព្រះគាថា​ទាំងឡាយ ៣ ថា

ទុល្លទ្ធំ មេ អាសិ            សុតសោម យស្ស តេ អហំ ភរិយា

យំ មេ វិលបន្តិយា         អនបេក្ខោ បព្វជសិ ទេវ។

បពិត្រព្រះសុតសោមដ៏ចម្រើនអើយ ខ្ញុំម្ចាស់ជា​អគ្គមហេសី​របស់ព្រះអង្គ បានព្រះអង្គ​មកដោយ​កម្រ បពិត្រ​ព្រះសម្មតិទេព កាលខ្ញុំម្ចាស់​កំពុងតែ​យំសោក ព្រះអង្គ​ឥតមាន​សេចក្តី​អាឡោះអាល័យ (ចេញទៅ) បួស ។

ទុល្លទ្ធំ មេ អាសិ           សុតសោម យស្ស តេ អហំ ភរិយា

យំ មេ កុច្ឆិបដិសន្ធិំ      អនបេក្ខោ បព្វជសិ ទេវ។

បពិត្រព្រះអង្គទ្រង់ព្រះនាមសុតសោម (តំណែង​អគ្គមហេសី) ឈ្មោះថា​ខ្ញុំម្ចាស់បាន​ដោយកម្រ ខ្ញុំម្ចាស់​ជាអគ្គមហេសី​របស់ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ (លះបង់) នូវ​បដិសន្ធិ​ក្នុងផ្ទៃ​របស់ខ្ញុំម្ចាស់ ឥតមាន​សេចក្តីអាឡោះ​អាល័យ (ចេញទៅ) បួស ។

បរិបក្កោ មេ គព្ភោ          កុច្ឆិគតោ យាវ នំ វិជាយាមិ

មាហំ ឯកា វិធវា                   បច្ឆា ទុក្ខានិ អទ្ទក្ខឹ។

គភ៌ដែលតាំងនៅ​ក្នុងផ្ទៃរបស់​ខ្ញុំម្ចាស់ ចាស់ហើយ (សូមព្រះអង្គ​​រង់ចាំ) ទម្រាំខ្ញុំម្ចាស់​ប្រសូតគភ៌​នោះសិន កុំឲ្យខ្ញុំម្ចាស់​ជាស្រី្តមេម៉ាយ​ម្នាក់ឯង បានឃើញ​សេចក្តីទុក្ខ​ក្នុងកាលជា​ខាងក្រោយ​ឡើយ ។     

បណ្ដាបទទាំងនោះ ​បទថា យំ មេ សេចក្ដីថា ព្រោះហេតុអ្វី កាលខ្ញុំម្ចាស់​កំពុងយំសោក ព្រះអង្គឥត​មានសេចក្ដី​អាឡោះអាល័យ​ព្រះទ័យ នឹងចេញ​បួស តំណែង​អគ្គមហេសី ដែលខ្ញុំ​ម្ចាស់​បានអំពីសំណាក់​របស់ព្រះអង្គនោះ ខ្ញុំម្ចាស់​បានមក​ដោយកម្រ ។ ក្នុងគាថា​ទីពីរ មាន​សេចក្ដី​អធិប្បាយថា ព្រោះហេតុអ្វី ព្រះអង្គលះ​ចោលនូវ​ខ្ញុំម្ចាស់​ដែលកំពុង​ទួញសោក ព្រះអង្គមិន​បានអាឡោះអាល័យ ស្ដេចចេញបួស ភាពជា​អគ្គមហេសី​របស់ព្រះអង្គ​ដែលខ្ញុំម្ចាស់​បានមកនោះ ខ្ញុំម្ចាស់​បានមក​ដោយកម្រ ។ បទថា យាវ នំ សេចក្ដីថា សូមព្រះអង្គ​ទ្រង់រង់ចាំសិន រហូតដល់ខ្ញុំម្ចាស់​ប្រសូតសិនចុះ ។

លំដាប់នោះ ព្រះមហាសត្វត្រាស់ព្រះគាថា ថា

បរិបក្កោ តេ គព្ភោ       កុច្ឆិគតោ ឥង្ឃ ត្វំវិជាយស្សុ

បុត្តំ អនោមវណ្ណំ          តំ ហិត្វា បព្វជិស្សាមិ។

គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់នាង​ ចាស់ហើយណ្ហើយចុះ នាងចូរប្រសូតបុត្រ ដែលមាន​សម្បុរ មិន​ថោកទាប (ដោយ​សួស្តី​ចុះ) យើងនឹងលះបង់​បុត្រ ហើយ (ចេញទៅ) បួស ។

បណ្ដាបទទាំងនោះ ​បទថា បុត្តំ សេចក្ដីថា ភទ្ទេ, តវ គព្ភោ បរិបក្កោតិ ជានាមិ ហៃអូនសម្លាញ់ដ៏​ចម្រើនអើយ ! រៀមបងដឹងថា គភ៌​របស់អូន​ចាស់ហើយ, ត្វំ បន វិជាយមានា បុត្តំ វិជាយិស្សសិ, ន ធីតរំ, សា ត្វំ សោត្ថិនា វិជាយស្សុ បុត្តំ ចំណែកឯ​អូនសម្លាញ់ កាលប្រសូតបុត្រ រមែងនឹង​ប្រសូតនូវ​ព្រះឱរស មិនមែន​ព្រះធីតា​ឡើយ  សូមអូន​សម្លាញ់នោះ ចូរប្រសូត​នូវព្រះឱរស​ដោយសួស្ដីចុះ, អហំ បន សទ្ធិំ តយា តំ បុត្តំ ហិត្វា បព្វជិស្សាមិយេវ ចំណែក​រៀមបង បានលះបង់​ហើយ​នូវព្រះរាជ​បុត្រនោះ នឹងបព្វជ្ជា​មិនខានឡើយ ។

ព្រះរាជទេវីស្ដាប់ព្រះរាជតម្រាស់របស់ព្រះស្វាមី​ហើយ មិនអាចនឹង​អត់ទ្រាំសេចក្ដី​សោកបាន ទើបទូលថា ឥតោ ទានិ បដ្ឋាយ, ទេវ, អម្ហាកំ សិរី នាម នត្ថិ បពិត្រ​ទេវៈជា​សម្មតិទេព​អើយ ឥឡូវនេះ តាំងតែ​អំពីថ្ងៃនេះទៅ សិរីរបស់ខ្ញុំម្ចាស់​រមែង​មិនមានឡើយ ។ ហើយ​យកព្រះហស្ត​ទាំងពីរ ទ្រព្រះទ័យ ទ្រង់​ស្រក់​ព្រះអស្សុជល (ទឹកព្រះនេត្រា) ទួញ បរិទេវនាការ​ដោយ​ព្រះសូរសៀង​ដ៏ខ្លាំង (គួរឲ្យ​អាណិត​ពន់ពេក) ។ លំដាប់នោះ កាល​ព្រះមហាសត្វ ទ្រង់លួងលោម​ព្រះនាង​ទេវី​ជាអគ្គមហេសី ទើបបាន​ត្រាស់ព្រះគាថា​ថា

មា ត្វំ ចន្ទេ រុទិ                  មា សោចិ វនតិមិរមត្តក្ខិ

អារោហ វរបាសាទំ       អនបេក្ខោ អហំ គមិស្សាមិ។

ម្នាលនាងចន្ទាទេវីអើយ នាងកុំយំ កុំសោកឡើយ ម្នាលនាង​ដែលមាន​ព្រះនេត្រា​ស្មើដោយ​ផ្កាកណ្ណិការភ្នំ នាងចូរឡើងកាន់​ប្រាសាទ​ដ៏ប្រសើរ​វិញចុះ យើង​មិនមាន​​សេចក្តី​អាឡោះអាល័យ​ទេ នឹងចេញទៅ (បួស)

បណ្ដាបទទាំងនោះ ​បទថា មា ត្វំ ចន្ទេ រុទិ សេចក្ដីថា ម្នាលនាង​ចន្ទាទេវីដ៏ចម្រើន នាងចូរ​កុំយំសោកឡើយ ។ បទថា វនតិមិរមត្តក្ខិ ប្រែថា អ្នកមាន​នេត្រា​ប្រាកដស្មើ​ដូចផ្កា​គិរិកណ្ណិកា (ផ្កាអញ្ជ័ន​ខៀវ) តែក្នុង​ព្រះបាលី លោកសរសេរ​ទុកថា កោវិឡារតម្ពក្ខិ សេចក្ដីថា នេត្រារបស់​ព្រះនាង​ចន្ទានោះ ក្រហមដូចផ្កា​ដើម​រលួស ។

ព្រះនាងចន្ទាទេវី ស្ដាប់ព្រះរាជ​តម្រាស់ហើយ មិនអាច​នឹងតាំងនៅបាន ស្ដេចឡើងកាន់​ប្រាសាទ ប្រថាប់គង់​​ព្រះកន្សែង ។ លំដាប់នោះ ព្រះឱរសច្បង​របស់​ព្រះពោធិសត្វ ឃើញព្រះមាតា​ទ្រង់កន្សែង ទើបត្រិះរិះថា ហេតុអ្វីហ៎្ន ព្រះមាតា​របស់យើង ទើបប្រថាប់​គង់ព្រះកន្សែង កាលនឹង​ទូលសួរ​ព្រះមាតា ទើបត្រាស់ព្រះ​គាថាថា

កោ តំ អម្ម កោបេសិ            កឹ រោទសិ បេក្ខសិ ច មំ ពាឡ្ហំ

កំ អវជ្ឈំ ឃាតេមិ                  ញាតីនំ ឧទិក្ខមានានំ។

បពិត្រព្រះមាតា បុគ្គលណាធ្វើឲ្យព្រះមាតា​ទ្រង់ព្រះក្រោធ ព្រះមាតា​ទ្រង់ព្រះកន្សែង​ផង ទ្រង់សម្លក់​ចំពោះខ្ញុំ​យ៉ាងខ្លាំងផង តើព្រោះ​ហេតុអ្វី បណ្តាញាតិ​ដែលកំពុង​រមិលមើល ខ្ញុំសម្លាប់​​ញាតិណា​ដែលជាមនុស្ស​ដែលគេមិន​គួរសម្លាប់ ។

បណ្ដាបទទាំងនោះ ​បទថា កោបេសិ សេចក្ដីថា បពិត្រព្រះមាតា អ្នកណាធ្វើឲ្យ​ព្រះមាតាតូចចិត្ត គឺអ្នកណា​បានធ្វើវត្ថុ​មិនជាទី​ស្រឡាញ់ដល់​ព្រះមាតា ។ បទថា បេក្ខសិ ច មានអធិប្បាយថា កាលព្រះមាតា​សម្លឹងមើល​ខ្ញុំយ៉ាងខ្លាំង ទ្រង់ព្រះកន្សែង​ដោយហេតុណា ។ បទថា កំ អវជ្ឈំ ឃាតេមិ សេចក្ដីថា ព្រះរាជបុត្រ​ទូលសួរថា ខ្ញុំព្រះករុណា​សម្លាប់អ្នកណា សូម្បីអ្នក​ដែលមិន​គប្បីសម្លាប់ ក្នុង​ព្រះញាតិរបស់​ព្រះមាតា ដែលមាន​នៅនោះឯង មេត្តា​ត្រាស់ប្រាប់​ដល់ខ្ញុំ ។

លំដាប់នោះ ព្រះនាងទេវី ត្រាស់ព្រះគាថាថា

ន ហិ សោ សក្កា ហន្តុំ          វិជិតាវី យោ មំ តាត កោបេសិ

បិតា តេ មំ តាត អវច            អនបេក្ខោ អហំ គមិស្សាមិ។

ម្នាលបុត្រ បុគ្គលណា ជាអ្នកឈ្នះសង្គ្រាម ញ៉ាំងមាតា​ឲ្យក្រោធ បុគ្គលនោះ បុត្រឯង​មិនអាច​សម្លាប់បានទេ ម្នាលបុត្រ ព្រះរាជបិតា​របស់បុត្រ​ឯង បានត្រាស់​នឹងមាតាថា យើងមិនមាន​សេចក្តី​អាឡោះ​អាល័យទេ នឹងទៅ (បួស) ។

បណ្ដាបទទាំងនោះ ​បទថា វិជិតាវី សេចក្ដីថា ម្នាលបុត្រជា​ទីស្រឡាញ់ អ្នកណា​ជាអ្នកឈ្នះ​ក្នុងដែនដីនេះ ធ្វើឲ្យមាតា​ខូចចិត្ត គឺញ៉ាំង​សេចក្ដីក្រោធ និងសេចក្ដី​សោក ឲ្យចូលទៅ​ក្នុងព្រះទ័យ​របស់មាតា ដោយការពោល​ពាក្យមិនជា​ទីស្រឡាញ់ អ្នកនោះ បុត្រមិនអាច​នឹងសម្លាប់​បានទេ ព្រោះជា​ព្រះបិតា​របស់បុត្រ​ឯង ព្រះអង្គ​ទ្រង់ត្រាស់​នឹងព្រះមាតា​ថា យើងនឹងលះ​សិរីរាជ​សម្បត្តិ និងបុត្រ ចូលទៅកាន់​ព្រៃ ហើយបព្វជ្ជា នេះគឺហេតុ​នៃការយំសោក​របស់ព្រះមាតា ។

ជេដ្ឋឱរសនោះ ទ្រង់ស្ដាប់ព្រះសវនីយ៍​របស់ព្រះមាតា​ហើយ ទូលថា បពិត្រ​ព្រះមាតា ព្រះមាតា​ត្រាស់ពាក្យនេះ​ដូចម្ដេច កាលជា​យ៉ាងនេះ ពួកយើងនឹង​ជាមនុស្ស​អនាថា មិនមាន​ទីពឹងមិនមែន​ឬ ? ដូចនេះហើយ ទ្រង់​បរិទេវនាការ ហើយត្រាស់​ព្រះគាថាថា

យោហំ បុព្វេ និយ្យាមិ            ឧយ្យានំ មត្តកុញ្ជរេ ច យោធេមិ

សុតសោមេ បព្វជិតេ             កថំ នុ ទានិ ករិស្សាមិ។

ក្នុងកាលមុន ខ្ញុំទៅកាន់សួនឧទ្យានដោយរថ បានច្បាំងនឹង​ដំរីចុះប្រេង​ទាំងឡាយ កាលបើ​ព្រះបិតា​ទ្រង់ព្រះនាម​សុតសោម ទ្រង់ព្រះផ្នួស​ហើយ ឥឡូវនេះ ខ្ញុំនឹងធ្វើដូចម្តេច​ហ្ន៎ ?

គាថាមានអត្ថាធិប្បាយដូចនេះ កាលមុន ខ្ញុំធ្លាប់ឡើងលើរថ ដែលប្រដាប់​ហើយដោយ​គ្រឿងអលង្ការ​ទាំងពួង ទឹមដោយ​អាជានេយ្យ ៤ ក្បាលទៅ​ព្រះរាជឧទ្យាន ច្បាំង​នឹងកុញ្ជរ​ដែលចុះប្រេង ទាំងលេង​កីឡាដទៃៗ ដូច​អស្សកីឡា​ជាដើមផង ឥឡូវនេះ កាល​ព្រះបិតា​សុតសោម ទ្រង់ព្រះផ្នួស​ហើយ ខ្ញុំនឹងធ្វើ​យ៉ាងណាហ៎្ន ?

លំដាប់នោះ ព្រះកនិដ្ឋភាតា (ព្រះឱរសប្អូន) ដែលមានវស្សា ៧ ឆ្នាំ របស់​ជេដ្ឋ​ឱរស ឃើញក្សត្រទាំងពីរ​ទ្រង់ព្រះកន្សែង​ដូច្នេះ ទើបចូលទៅ​គាល់ព្រះមាតា ទូលសួរថា បពិត្រព្រះមាតា ព្រោះហេតុអ្វី ព្រះមាតា និងព្រះរៀមបង​ទ្រង់ព្រះកន្សែង ទ្រង់បាន​ស្ដាប់រឿងរ៉ាវ​នោះហើយ ក៏ទូលលួងលោម​លោកទាំងពីរ​ថា បើដូច្នោះ សូម​ព្រះមាតា និងព្រះរៀមបង កុំព្រះកន្សែង​ឡើយ ខ្ញុំព្រះករុណា មិនព្រមឲ្យព្រះបិតា​ទ្រង់ផ្នួសឡើយ ហើយស្ដេច​ចុះចាក​ប្រាសាទ ព្រមដោយ​ពួកភីលៀង ស្ដេចយាង​ទៅកាន់សំណាក់​ព្រះបិតា ទូលថា បពិត្រព្រះបិតា បានឮថា ព្រះបិតាត្រាស់ថា នឹងលះចោល​នូវខ្ញុំព្រះអង្គ​ដែលមិន​ប្រាថ្នាឲ្យ​ទ្រង់បួស ស្ដេចយាង​ទៅបួស ខ្ញុំព្រះអង្គ​មិនព្រមឲ្យ​ទ្រង់បួសទេ ទូលហើយ ក៏ចូលទៅឱបក​របស់ព្រះរាជា​យ៉ាងមាំ ហើយ​ព្រះកនិដ្ឋឱរស​បានត្រាស់​ព្រះគាថាថា

មាតុច្ច មេ រុទន្ត្យា                    ជេដ្ឋស្ស ច ភាតុនោ អកាមស្ស

ហត្ថេបិ តេ គហេស្សំ             ន ហិ គច្ឆសិ នោ អកាមានំ។

កាលព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំកំពុងទ្រង់ព្រះកន្សែង​ផង កាល​ព្រះជេដ្ឋភាតា​នៃទូល​ព្រះបង្គំជាខ្ញុំ មិនប្រាថ្នា (នឹងឲ្យព្រះអង្គ​ទ្រង់ព្រះផ្នួស) ផង ទូលព្រះបង្គំ​ជាខ្ញុំ នឹងចាប់ព្រះហស្ត​របស់​ព្រះអង្គទុក កាលបើពួក​ទូលព្រះបង្គំជាខ្ញុំ មិនចង់​ឲ្យព្រះអង្គ​ទ្រង់ផ្នួស ព្រះអង្គ​នឹងយាង​ទៅមិនបានទេ ។

ព្រះមហាសត្វ ទ្រង់ត្រិះរិះថា ឱរសរបស់យើង នឹងធ្វើអន្តរាយ​ដល់យើង​ដោយឧបាយ​យ៉ាងណាហ៎្ន យើងនឹងឲ្យ​ឱរសជៀស​ចេញ ។ លំដាប់នោះ ព្រះមហាសត្វ ទើបទ្រង់សម្ល៉ឹង​មើល​ភីលៀង ហើយត្រាស់ថា នែភីលៀង ពួកនាងចូរមក នេះជាគ្រឿង​ប្រដាប់ក គឺកែវមណី របស់នេះ ចូរជារបស់​ពួកនាង ពួកនាង ចូរនាំ​ព្រះឱរស​ចេញទៅ កុំធ្វើអន្តរាយ​ដល់យើងឡើយ កាលព្រះរាជាអង្គឯង​មិនអាចនឹងចាប់​ព្រះហស្តរបស់​ព្រះឱរស ទើបទ្រង់​គិតដល់​ភីលៀង ហើយត្រាស់​ព្រះគាថា ថា

ឧដ្ឋេហិ ត្វំ ធាតិ                                     ឥមំ កុមារំ រមេហិ អញ្ញត្ថ

មា មេ បរិបន្ថមកាសិ                     សគ្គំ មម បត្ថយានស្ស។

ម្នាលមេនំ នាងចូរក្រោកឡើង (ចូរកាន់យក​នូវកែវមណីនេះ) ហើយញ៉ាំង​កុមារនេះ ឲ្យត្រេកអរ​ក្នុងទីដទៃចុះ កាលបើយើង​​កំពុងប្រាថ្នា​ឋានសួគ៌ កុំឲ្យកុមារ​នេះ ធ្វើនូវសេចក្តី​អន្តរាយ​ដល់យើងឡើយ ។

បណ្ដាបទទាំងនោះ ​បទថា ឥមំ កុមារំ សេចក្ដីថា នែមេនំអើយ នាងចូរក្រោកឡើង ជួយនាំ​ព្រះកុមារនេះ​ទៅ ហើយមកទទួល​កែវមណីនេះ នាំកុមារនេះ​ឲ្យទៅ​ត្រេកអរ​ក្នុងទីដទៃចុះ ។

ភីលៀងនោះ បានប្រាក់បំណាច់ហើយ ទើបតឿនព្រះកុមារ​ឲ្យទ្រង់ដឹងខ្លួន ហើយនាំ​ទៅកាន់ទីដទៃ ដើរបណ្ដើរ បរិទេវនាការ ពោលគាថា ថា

យំ នូនិមំ ទទេយ្យំ បភង្ករំ      កោ នុ មេ ឥមិនាត្ថោ

សុតសោមេ បព្វជិតេ             កឹ នុ មេនំ ករិស្សាមិ។

ណ្ហើយចុះ អញនឹងថ្វាយនូវ​កែវមណី​ដែលមានរស្មីល្អ​នេះទៅវិញចុះ កែវមណីនេះ មានប្រយោជន៍អ្វី​ដល់អញ កាលបើ​ព្រះរាជា​ទ្រង់ព្រះនាម​សុតសោម ទ្រង់ព្រះផ្នួស​ហើយ អញនឹងធ្វើ​កែវមណីនេះ​ដូចម្តេច ?

គាថានេះ មានអត្ថាធិប្បាយដូចនេះ ភីលៀងទួញ​សោកថា ហេតុអ្វីហ៎្ន យើងទើបទទួល​យកកែវមណីនេះ ដើម្បីជាតម្លៃ​ជាង ព្រះរាជា​ក៏ទ្រង់ព្រះរាជទាន​កែវមណី​នោះ ដែលធ្វើនូវរស្មី គឺពន្លឺជាផ្កាភ្លើង​ចាំងភ្លឺផ្លេកៗ កាល​ព្រះបាទ​សុតសោមនរិន្ទ្រ ទ្រង់ផ្នួសហើយ កែវមណីនេះ នឹងមាន​ប្រយោជន៍អ្វី​ដល់យើង ។ បទថា កឹ នុ មេនំ ករិស្សាមិ សេចក្ដីថា កាលព្រះអង្គទ្រង់ផ្នួស​ហើយ យើងនឹង​មិនបាន​កែវមណីនេះ ដល់កាល​សូម្បីនឹងបាន ក៏ធ្វើអ្វី​នឹងកែវមណី​នេះ អ្នកទាំងឡាយ ចូរមើលការ​ធ្វើរបស់យើងចុះ ។

លំដាប់នោះ អាមាត្យមហាសេនគុត្ត​គិតថា ប្រហែលជាព្រះរាជា​ធ្វើសេចក្ដីសម្គាល់ថា រាជទ្រព្យ​ក្នុងឃ្លាំងរបស់​យើងមានតិច យើងនឹង​ទូលសេចក្ដី ដែល​ព្រះរាជទ្រព្យ​មានច្រើន ដល់ព្រះអង្គ គេក្រោកឡើង​ថ្វាយបង្គំ ហើយពោលគាថា ថា

កោសោ ច តុយ្ហំ វិបុលោ      កោដ្ឋាគារញ្ច តុយ្ហំ បរិបូរំ

បថវី ច តុយ្ហំ វិជិតា                រមស្សុ មា បព្វជិ ទេវ។

បពិត្រព្រះសម្មតិទេព ឃ្លាំងតូចរបស់ព្រះអង្គពេញ ឃ្លាំងធំរបស់ព្រះអង្គពេញ ទាំងផែនដី ព្រះអង្គក៏ទ្រង់​ឈ្នះហើយ សូមព្រះអង្គ​ទ្រង់រីករាយ សូមព្រះអង្គ​កុំទ្រង់ព្រះផ្នួស ។

ព្រះមហាសត្វ ទ្រង់ស្ដាប់ដូចនោះ​ហើយ ទើបត្រាស់ព្រះគាថា ថា

កោសោ ច មយ្ហំ វិបុលោ         កោដ្ឋាគារញ្ច មយ្ហំ បរិបូរំ

បថវី ច មយ្ហំ វិជិតា                   តំ ហិត្វា បព្វជិស្សាមិ។

ឃ្លាំងតូចរបស់យើងក៏ពេញ ឃ្លាំងធំរបស់យើងក៏ពេញ ទាំងផែនដី យើងក៏បាន​ឈ្នះហើយ យើងនឹងលះបង់​នូវទ្រព្យទាំងនោះ ហើយទៅបួស ។

កាល​មហាសេនគុត្ត​អាមាត្យ បានស្ដាប់ព្រះតម្រាស់​ដូចនោះ ទើបថយចេញទៅ  កុលវឌ្ឍនសេដ្ឋី ទើបក្រោក​ឡើងថ្វាយបង្គំ ហើយពោល​គាថាថា

មយ្ហម្បិ ធនំ បហូតំ                សង្ខាតុំ នោបិ ទេវ សក្កោមិ

តំ តេ ទទាមិ សព្វម្បិ              រមស្សុ មា បព្វជិ ទេវ។

បពិត្រព្រះសម្មតិទេព ទ្រព្យរបស់ទូលព្រះបង្គំ​ជាខ្ញុំមានច្រើន ទូលព្រះបង្គំជាខ្ញុំមិន​អាចនឹងរាប់​បាន ទូលព្រះបង្គំជាខ្ញុំ​នឹងថ្វាយទ្រព្យ​ទាំងនោះ ដល់ព្រះអង្គ សូមព្រះអង្គ​ទ្រង់ត្រេកអរ សូមកុំទ្រង់​ព្រះផ្នួសឡើយ ។

ព្រះមហាសត្វ ទ្រង់ស្ដាប់ដូចនោះហើយ ទើបត្រាស់ព្រះគាថា ថា

ជានាមិ ធនំ បហូតំ                កុលវទ្ធន បូជិតោ តយា ចស្មិ

សគ្គញ្ច បត្ថយានោ                តេន អហំ បព្វជិស្សាមិ។

ម្នាលកុលវឌ្ឍនៈ ខ្ញុំដឹងថាទ្រព្យរបស់អ្នក​ មានច្រើន អ្នកបូជាខ្ញុំហើយ ក៏ប៉ុន្តែខ្ញុំប្រាថ្នា​ឋានសួគ៌ ហេតុនោះ ខ្ញុំនឹងបួស ។

គ្រាកុលវឌ្ឍនសេដ្ឋី​បានស្ដាប់ព្រះរាជតម្រាស់​ហើយ ក៏ថយចេញទៅ ព្រះមហាសត្វ ទើបត្រាស់ហៅ​ព្រះអនុជ ព្រះនាមសោមទត្ត មកបញ្ជាថា ម្នាលសោមទត្ត យើងនឿយនាយ ហាក់បីដូចជាមាន់ព្រៃ​ដែលត្រូវឃុំ​ទុកក្នុងទ្រុង សេចក្ដីមិនត្រេកអរ​ក្នុងឃរាវាសគ្រប​សង្កត់នូវយើង យើងនឹងបួស​ក្នុងថ្ងៃនេះ​ឲ្យបាន អ្នកចូរគ្រប់គ្រង​រាជសម្បត្តិចុះ កាលទ្រង់ប្រគល់​រាជសម្បត្តិ​ឲ្យ ទើបត្រាស់ព្រះគាថាថា

ឧក្កណ្ឋិតោស្មិ ពាឡ្ហំ                   អរតិ មំ សោមទត្ត អាវិសតិ

ពហុកាបិ មេ អន្តរាយា               អជ្ជេវាហំ បព្វជិស្សាមិ។

ម្នាលសោមទត្ត យើងជាអ្នកអផ្សុកយ៉ាងខ្លាំង សេចក្តីមិនត្រេកអរ (ក្នុងការគ្រប់គ្រងផ្ទះ) មកគ្របសង្កត់​យើងហើយ សេចក្តីអន្តរាយ​ច្រើន​ណាស់ ខ្ញុំនឹងបួស​ក្នុងថ្ងៃនេះ​មិនខាន ។

សូម្បី​ព្រះកនិដ្ឋភាតរសោមទត្ត ទ្រង់ស្ដាប់ព្រះរាជតម្រាស់​នោះហើយ ក៏មានសេចក្ដីប្រាថ្នា​នឹងបួសដែរ កាលនឹងសម្ដែង​សេចក្ដីប្រាថ្នា​នោះ ទើបត្រាស់​ព្រះគាថា​តទៅថា

ឥទញ្ច តុយ្ហំ រុចិតំ                   សុតសោម អជ្ជេវ ទានិ ត្វំ បព្វជ

អហម្បិ បព្វជិស្សាមិ              ន ឧស្សហេ តយា វិនា អហំ ឋាតុំ។

បពិត្រព្រះរាជាទ្រង់ព្រះនាមសុតសោម បព្វជ្ជាទ្រង់ពេញព្រះទ័យ​ហើយ ឥឡូវនេះ សូមព្រះអង្គ​បួសក្នុងថ្ងៃនេះចុះ ទាំងទូលព្រះបង្គំជា​ខ្ញុំសោតទៀត ក៏នឹងបួសដែរ (ព្រោះ) ទូលព្រះបង្គំជាខ្ញុំ បើវៀរចាក​ព្រះអង្គហើយ នឹងមិនអាច​ឋិតនៅបានទេ ។

លំដាប់នោះ ព្រះមហាសត្វ ហាមព្រះអនុជ ហើយត្រាស់កន្លះព្រះគាថាថា

ន ហិ សក្កា បព្វជិតុំ     នគរេ ន ហិ បច្ចតិ ជនបទេ ច ។

អ្នកឯងមិនអាចនឹងបួសបានទេ ព្រោះថា បុគ្គលនីមួយ ក្នុងនគរ ឬក្នុងជនបទ នឹងមិននាំគ្នា​ចម្អិនអាហារឡើយ ។

បណ្ដាបទទាំងនោះ បទថា ន ហិ បច្ចតិ សេចក្ដីថា ព្រោះបានជ្រាប​សេចក្ដីប្រាថ្នា ក្នុងការបព្វជ្ជា​របស់ខ្ញុំ ក្នុងកាលឥឡូវនេះ​ជាដំបូងនោះ អ្នកណាៗ ក្នុងសុទស្សននគរ ដែលមាន​អាណាខេត្ត ១២ យោជន៍ និងក្នុង​ជនបទ​ទាំងអស់ នឹងមិននាំគ្នា​ចម្អិតអាហារ គឺមិននាំគ្នា​ញ៉ាំងភ្លើងក្នុង​ចង្ក្រានឲ្យឆេះ​ឡើង កាលបើ​យើងបួស​ហើយ​ទាំងពីរនាក់ អ្នកដែន​ អ្នកជនបទ នឹងមិនមានទីពឹង ព្រោះហេតុនោះ អ្នកបួសមិន​បានឡើយ បងម្នាក់ប៉ុណ្ណោះ​នឹងបួស ។

មហាជន បានស្ដាប់ព្រះរាជតម្រាស់ហើយ នាំគ្នាបម្រះននៀល ទៀបព្រះយុគលបាទ របស់ព្រះមហាសត្វ បរិទេវនាការទូល (ដោយកន្លះគាថា) ថា

សុតសោមេ បព្វជិតេ            កថំ នុ ទានិ ករិស្សាម។

កាលបើព្រះបាទសុតសោម ទ្រង់ព្រះផ្នួសហើយ តើឥឡូវនេះ ពួកយើងនឹងធ្វើដូចម្តេចហ្ន៎ ?

លំដាប់នោះ ព្រះមហាសត្វត្រាស់ថា កុំឡើយ អ្នកទាំងឡាយ កុំសោកសៅ សូម្បីយើងនឹង​តាំងនៅដ៏យូរ ក៏នឹងព្រាត់ប្រាស​ចាកអ្នកទាំងឡាយ ព្រោះសង្ខារ​ដែលកើត​ឡើងហើយ ឈ្មោះថា​ទៀង មិនមាន កាលទ្រង់សម្ដែង​ធម៌ដល់​មហាជន ទើបត្រាស់ថា

ឧបនីយតិទំ មញ្ញេ               បរិត្តំ ឧទកំវ ចង្កវារម្ហិ

ឯវំ សុបរិត្តកេ ជីវិតេ             ន ច បមជ្ជិតុំ កាលោ។

យើងសម្គាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិច (ដែលគេដាក់) ក្នុងពាងធ្លុះ កាលបើជីវិតតិចយ៉ាងនេះ កាលនេះមិនមែន​ជាកាល​គួរប្រមាទ​ឡើយ ។

ឧបនីយតិទំ មញ្ញេ               បរិត្តំ ឧទកំវ ចង្កវារម្ហិ

ឯវំ សុបរិត្តកេ ជីវិតេ             អន្ធពាលា បមជ្ជន្តិ។

យើងសម្គាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិច​ក្នុងពាងធ្លុះ កាលជីវិត​តិចយ៉ាងនេះ កោតតែជនពាល​ទាំងឡាយ​ប្រមាទ ។

តេ វឌ្ឍយន្តិ និរយំ                  តិរច្ឆានយោនិញ្ច បេត្តិវិសយញ្ច

តណ្ហាយ ពន្ធនពទ្ធា               វឌ្ឍេន្តិ អសុរកាយំ។

ជនពាលទាំងនោះ រមែងញ៉ាំង​នរក តិរច្ឆានកំណើត និងបេត្តិវិស័យ ឲ្យចម្រើន ជាអ្នកជាប់​ដោយគ្រឿង​ចង គឺតណ្ហា រមែងញ៉ាំង​អសុរកាយ​ឲ្យចម្រើន ។

បណ្ដាបទទាំងនោះ បទថា ឧបនីយតិទំ មញ្ញេ សេចក្ដីថា ម្នាលអាណាប្រជារាស្ត្រ​ទាំងឡាយអើយ យើងសម្គាល់ថា ជីវិតនេះ ត្រូវជរានាំចូល​ទៅ ក្នុងសត្វ​ទាំងឡាយ​ដទៃៗ ជីវិតនេះ ដែលមានការរុករាន​ចូលទៅជាអត្ថ ដែលមាន​ការនាំចូល​ទៅជាអត្ថ តែក្នុងទីនេះ មានការរួបរឹត​ជាអត្ថ ព្រោះដូច្នោះ ក្នុងទីនេះ មានសេចក្ដី​យ៉ាងនេះថា ទឹកដ៏តិច​ដែលគេដាក់​ក្នុងពាងធ្លុះ ទឹកក្បុង​របស់ជាងជ្រលក់ រមែងរីងស្ងួតទៅ​ដោយរហ័ស​យ៉ាងណា សូម្បីជីវិតនេះ ក៏យ៉ាងនោះ សូម្បីជីវិត ក៏ជារបស់​តិចដូចនេះ ក្នុងកាល​ដែលនឹងប្រមាទ​ក្នុងបុញ្ញកិរិយា​របស់សត្វ​ទាំងឡាយ អ្នកប្រកាន់​អាយុសង្ខារ​ដ៏តិចតួចនោះ រមែងគួរ​ដើម្បីនឹង​ធ្វើនូវសេចក្ដី​មិនប្រមាទ​តែប៉ុណ្ណោះ ។ បទថា អន្ធពាលា បមជ្ជន្តិ សេចក្ដីថា ជនពាលទាំងឡាយ (តែងគិតថា) ហាក់បីដូចជា​មិនចាស់ មិនស្លាប់ កាលមុជចុះ​ក្នុងភក់ គឺកាមគុណ រមែងស្រវឹង ប្រៀបបីដូចជា​ជ្រូក ដែលមុជចុះ​ភក់ គឺអាចម៍ដូច្នោះ ។ បទថា អសុរកាយំ សេចក្ដីថា រមែងញ៉ាំង​កំណើត​កាឡកញ្ជិកអសុរកាយ ឲ្យចម្រើន ។

(សេចក្ដីពន្យល់ពីកាឡកញ្ជិកអសុរកាយ ក្រៅចាកអដ្ឋកថាជាតកនេះ កាឡកញ្ជិកអសុរកាយសំដៅដល់ អសុរកាយមួយជំពូក ដែលកើត​ក្នុង​អបាយភូមិ មានតែសេចក្តី​ស្រេកឃ្លាន​ជានិច្ច ប្រហាក់ប្រហែល​នឹងប្រេតដែរ ។ ជាទូទៅ អសុកាយ​មានរូបរាងធំ ហើយក៏មាន​អាយុវែងដែរ ពួកខ្លះ មានកម្ពស់រហូត​ដល់ទៅ ៣ គាវុត (១ គាវុត = ៤គីឡូម៉ែត្រ) រាងកាយតូច​ស្តួចស្គម ស្បែកលឿងភាវ ភ្នែកលៀន​ចេញដូចភ្នែកក្តាម មាត់តូចប៉ុនរន្ធគូថ​ម្ជុល ពេលស៊ីចុក ត្រូវដាំក្បាល​ចុះស៊ី តែមិនដែល​បានស៊ីឆ្អែត​ម្តងណាឡើយ។ កាលបើចុះទៅ​ផឹកទឹកក្នុង​ដងស្ទឹង​ដើម្បីបំបាត់​ការស្រេក ក៏ជួបតែអណ្ដាតភ្លើង​ជាជំនួសវិញ រហូតពេញ​មួយជីវិត ពួកអសុរកាយ​មានតែសេចក្តី​ក្តៅក្រហាយ សេចក្តីស្រេកឃ្លាន​គ្មានពេលស្រាក​ស្រាន្តឡើយ ពួកអសុរកាយ​ប្រភេទនេះ​ហៅថា «កាលកញ្ចិកអសុរកាយ ឬ កាឡកញ្ជិការសូរ» បាបកម្ម​នៃអសុរកាយ​ពួកនេះ បណ្តាលមកពី​មិច្ឆាទិដ្ឋិ ឬការប្រព្រឹត្តប្រមាថ មើលងាយដល់​អ្នកទ្រទ្រង់សីល មានភិក្ខុសង្ឃ​ជាដើម)

ព្រះមហាសត្វទ្រង់សម្ដែងធម៌ ដល់មហាជនយ៉ាងនេះហើយ ស្ដេចឡើងកាន់ប្រាសាទ​ដែលមានឈ្មោះថា បុព្វកៈ ប្រថាប់ឈរ​លើជាន់ទី ៧ ទ្រង់យក​ព្រះខាន់​កាត់​ព្រះមោលី (ផ្នួងសក់) ហើយត្រាស់ថា យើងមិនត្រូវ​ជាអ្វីនឹង​អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្វែងរក​ព្រះរាជារបស់​ខ្លួនចុះ ហើយបោះ​ព្រះមោលី ទាំងគ្រឿង​ជួតព្រះសិរសា​ទៅក្នុង​រវាងមហាជន ។ មហាជន ទទួលយក​ព្រះមោលីហើយ នាំគ្នាទួញសោក បរិទេវនាការ​មើលផ្ទៃដី ។ លម្អងធូលីដ៏ច្រើនក្នុងទីនោះ ហុយឡើង មហាជន​ដែលត្រឡប់​មកឈរមើល បានឃើញ​លម្អងធូលីនោះ នាំគ្នាត្អូញត្អែរ​ថា ព្រះមោលី​ ទាំងគ្រឿងជួត​ព្រះសិរសា ដែលព្រះរាជា​ទ្រង់កាត់បោះ​មក ក្នុងរវាងចន្លោះ​មហាជន ព្រោះហេតុនោះ គំនរលម្អង​ធូលីនេះ ទើបហុយ​ទ្រលោមឡើង ក្នុងទីជិតប្រាសាទ ហើយ​ពោលគាថាថា

ឩហញ្ញតេ រជគ្គំ                               អវិទូរេ បុព្វកម្ហិ ច បាសាទេ

មញ្ញេ នោ កេសា ឆិន្នា                   យសស្សិនោ ធម្មរាជស្ស។

គំនរធូលី ហុយឡើងក្នុងទីជិត​បុព្វកប្រាសាទ ពួកយើងសម្គាល់​គំនរធូលីនោះ ​ថាជា​ព្រះកេសា​ដែលព្រះធម្មរាជ ព្រះអង្គមាន​យសរបស់​យើង ទ្រង់កាត់ហើយ ។

បណ្ដាបទទាំងនោះ បទថា ឩហញ្ញតេ ប្រែថា តាំងឡើង ។ បទថា រជគ្គំ ប្រែថា កងធូលី ។ បទថា អវិទូរេ សេចក្ដីថា (កងធូលីកើតឡើង) មិនឆ្ងាយ​អំពីទីដែល​ពួកយើង​ឈរនេះឡើយ ។ បទថា បុព្វកម្ហិ សេចក្ដីថា ក្នុងទីជិតនៃ​បុព្វកប្រាសាទ ។ បទថា មញ្ញេ នោ សេចក្ដីថា ពួកយើង​យល់ថា ព្រះកេសា​ទាំងឡាយ របស់​ព្រះធម្មរាជ​នៃពួកយើង​នឹងត្រូវកាត់​ហើយ ។

ចំណែកព្រះមហាសត្វ ទ្រង់ឲ្យអ្នកបម្រើ​ឲ្យទៅនាំបរិក្ខារ​របស់បព្វជិតមក ប្រើឲ្យនាយ​ភូសាមាលា​ដាក់ចុះ (កោរ) ព្រះកេសា (សក់) និង​ព្រះមស្សុ (ពុកមាត់) ហើយដោះ​គ្រឿងរាជអលង្ការ​ទុកលើ​សយនបិដ្ឋៈ (ទីដេក) កាត់ជាយ​ព្រះភូសា​ក្រហម ទ្រទ្រង់​កាសាវពស្ត្រ (សំពត់​ដែល​ជ្រលក់ដោយ​​ទឹក​អម្ចត់ ​សម្រាប់​អ្នកបួស​ជាសមណៈ​​ប្រើប្រាស់) ទ្រង់ស្ពាយបាត្រដី​នឹងចង្កួយ​ព្រះអង្សាខាងឆ្វេង (ស្មាឆ្វេង) កាន់យក​នូវឈើច្រត់ ស្ដេចចង្ក្រម​ទៅមក លើផ្ទៃដីដ៏រាបស្មើ ហើយទ្រង់​ចុះចាក​ប្រាសាទ យាងទៅ​កាន់ចន្លោះ​​នៃ​ផ្លូវ ។ កាលព្រះអង្គ​ទ្រង់យាងទៅដូច្នេះ មិនមាន​អ្នកណាមួយ​ស្គាល់ព្រះអង្គ​ឡើយ ។ លំដាប់នោះ នាង​ខត្តិយកញ្ញា​ទាំង ៧០០ នាក់ របស់​ព្រះមហាសត្វនោះ នាំគ្នាឡើង​ទៅកាន់ប្រាសាទ មិនឃើញ​ព្រះមហាសត្វ ឃើញតែ​គ្រឿងអាភរណៈ ក៏ត្រឡប់មក ហើយទៅកាន់​សំណាក់​នាងស្នំ ១៦.០០០ ដ៏សេស ពោលថា អម្ហាកំ បិយសាមិកោ សុតសោមមហិស្សរោ បព្វជិតោ ព្រះបាទ​សុតសោម​ជាព្រះស្វាមី​ដ៏ជាទី​ស្រឡាញ់​របស់យើង​ទាំងឡាយ ទ្រង់បួស​ហើយ ។ កាលស្ត្រីទាំងនោះ​នាំគ្នាបរិទេវនាការ ដោយសំឡេង​ដ៏ខ្លាំង​បានចេញ​មក​ហើយកាន់​ទីខាងក្រៅ ។ ខណៈនោះ មហាជន បានជ្រាប​នូវភាព​ជាបព្វជិត​របស់​ព្រះរាជា​ហើយ ។ ពួកអ្នកនគរ​ទាំងអស់ ក៏ភ្ញាក់ផ្អើល​ប្រជុំគ្នា​ត្រង់ទ្វារព្រះ​រាជវាំងថា បានឮថា ព្រះរាជា​របស់ពួកយើង​ទ្រង់បួសហើយ ។ មហាជន​នាំគ្នាទៅ​កាន់ស្ថាន​ទីផ្សេងៗ ដែលទ្រង់ធ្លាប់ប្រថាប់ ដូចប្រាសាទ​ជាដើម ដោយគិតថា ព្រះរាជា​នឹងស្ដេចគង់​នៅត្រង់ទីនោះៗ តែមិនបាន​ជួបព្រះរាជា​ឡើយ ទើបនាំគ្នា​ត្រាច់ទៅ ទាំង​បរិទេវនាការ​ដោយគាថា​ទាំងឡាយនេះថា

អយមស្ស បាសាទោ            សោវណ្ណ បុប្ផមាល្យវីតិកិណ្ណោ

យហិ មនុវិចរិ រាជា                បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ យាងទៅក្នុងប្រាសាទ​ណា ប្រាសាទនេះ​របស់ព្រះរាជា​នោះ ដ៏ដេរដាស​ដោយសុវណ្ណបុប្ផា​មាល័យ និងកម្រង​ផ្កាផ្សេងៗ ។

អយមស្ស បាសាទោ            សោវណ្ណបុប្ផមាល្យវីតិកិណ្ណោ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកព្រះញាតិហែហមហើយ យាងទៅ​ក្នុងប្រាសាទណា ប្រាសាទនេះ របស់ព្រះរាជា​នោះ ដ៏ដេរដាស​ដោយ​សុវណ្ណបុប្ផា​មាល័យ (កម្រង​ផ្កាមាស) និងកម្រងផ្កា​ផ្សេងៗ ។

ឥទមស្ស កូដាគារំ                 សោវណ្ណបុប្ផមាល្យវីតិកិណ្ណំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុង​បន្ទប់សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ​របស់ព្រះរាជា​នោះ ដ៏ដេរដាស​ដោយ​សុវណ្ណបុប្ផា​មាល័យ និង​កម្រងផ្កាផ្សេងៗ ។

ឥទមស្ស កូដាគារំ                 សោវណ្ណ បុប្ផមាល្យវីតិកិណ្ណំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកញាតិហែហម​ហើយ ទ្រង់យាងទៅ​ក្នុងបន្ទប់​សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់​ព្រះរាជា​នោះ ដ៏ដេរដាស​ដោយសុវណ្ណបុប្ផាមាល័យ និងកម្រងផ្កា​ផ្សេងៗ ។

អយមស្ស អសោកវនិកា      សុបុប្ផិតា សព្វកាលិកា រម្មា

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលស្រីស្នំហែហមហើយ ទ្រង់យាងទៅកាន់​អសោកវ័នណា (ឧទ្យានព្រៃអសោក) អសោកវ័ននេះ របស់ព្រះរាជា​នោះ មានផ្ការីក​ល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

អយមស្ស អសោកវនិកា      សុបុប្ផិតា សព្វកាលិកា រម្មា

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅកាន់​អសោកវ័នណា (ឧទ្យាន​ព្រៃអសោក) អសោកវ័ន​នេះ របស់​ព្រះរាជានោះ មានផ្ការីក​ល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

ឥទមស្ស ឧយ្យានំ                 សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុង​ឧទ្យានណា ឧទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាលគួរជាទីរីករាយចិត្ត ។

ឥទមស្ស ឧយ្យានំ                 សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកញាតិហែហម​ហើយ ទ្រង់យាងទៅក្នុង​ឧទ្យានណា ឧទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាលគួរ​ជាទីរីករាយចិត្ត ។

ឥទមស្ស កណិការវនំ           សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅកាន់​កណិការវ័នណា (ឧទ្យាន​ព្រៃកណិការ) កណិការវ័ន​នេះ របស់ព្រះរាជា​នោះ មានផ្ការីក​ល្អសព្វៗកាល គួរជាទីរីករាយ​ចិត្ត ។

ឥទមស្ស កណិការវនំ          សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

​ព្រះ​រាជា​​​ដែលពួកញាតិហែហមហើយ ទ្រង់យាងទៅកាន់​កណិការវ័នណា (ឧទ្យាន​ព្រៃកណិការ) កណិការវ័ន​នេះ របស់​ព្រះរាជានោះ មានផ្ការីក​ល្អសព្វៗកាល គួរជាទី​រីករាយចិត្ត ។

ឥទមស្ស បាដលិវនំ              សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅកាន់​បាដលិវ័នណា (ឧទ្យាន​ព្រៃច្រនៀង) បាដលិវ័ននេះរបស់ព្រះរាជា​នោះ មានផ្ការីក​ល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

ឥទមស្ស បាដលិវនំ              សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

 ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅ​កាន់បាដលិវ័នណា (ឧទ្យានព្រៃច្រនៀង) បាដលិវ័ន​នេះរបស់ព្រះរាជា​នោះ មានផ្ការីក​ល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

ឥទមស្ស អម្ពវនំ                    សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅ​កាន់អម្ពវ័នណា (ឧទ្យានព្រៃស្វាយ) អម្ពវ័ននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

ឥទមស្ស អម្ពវនំ                    សុបុប្ផិតំ សព្វកាលិកំ រម្មំ

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាង​ទៅកាន់​អម្ពវ័នណា (ឧទ្យានព្រៃស្វាយ) អម្ពវ័ននេះ របស់ព្រះរាជា​​នោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត ។

អយមស្ស បោក្ខរណី            សញ្ឆន្នា អណ្ឌជេហិ វីតិកិណ្ណា

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ឥត្ថាគារេហិ។

ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅ​កាន់ស្រះ​បោក្ខរណី​ណា ស្រះបោក្ខរណី​នេះ របស់​​ព្រះរាជានោះ ដ៏ដេរដាស (ដោយ​ផ្កាជលជាត គឺផ្ការុក្ខជាតិ​ដែល​ដុះក្នុងទឹក និងផ្កា​ថលជាត គឺផ្ការុក្ខជាតិ​ដែលដុះ​តាមមាត់ស្រះ​លើដីគោក) ដ៏កុះករ​ដោយពួក​អណ្ឌជៈ (បក្សាបក្សី) (គួរជា​ទីរីករាយចិត្ត)

អយមស្ស បោក្ខរណី            សញ្ឆន្នា អណ្ឌជេហិ វីតិកិណ្ណា

យហិមនុវិចរិ រាជា                 បរិកិណ្ណោ ញាតិសង្ឃេន។

ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅ ក្នុងស្រះ​បោក្ខរណីណា ស្រះបោក្ខរណីនេះ របស់ព្រះរាជា​​នោះ ដ៏ដេរដាស (ដោយ​ផ្កាជលជាត និង​ផ្កាថលជាត) ដ៏កុះករ​ដោយពួកអណ្ឌជៈ (គួរជាទី​រីករាយចិត្ត)

បណ្ដាបទទាំងនោះ បទថា វីតិកិណ្ណោ សេចក្ដីថា ដេរដាស​ដោយសុវណ្ណបុប្ផា និងកម្រង​ផ្កានានា ។ បទថា បរិកិណ្ណោ សេចក្ដីថា ឡោមព័ទ្ធ​ហើយ ។ បទថា ឥត្ថាគារេហិ សេចក្ដីថា ស្ត្រីទាំងឡាយ រាប់តាំងតែនាង​ទាសីទៅ ឈ្មោះថា ឥត្ថាគារ ។ សូម្បីអាមាត្យ​ទាំងឡាយ ក៏ឈ្មោះថា ញាតិ ក្នុងបទថា ញាតិសង្ឃេន នេះ ។ បទថា កូដាគារំ បានដល់ បន្ទប់ផ្ទំ និងកូដាគារ​ដែលវិចិត្រ​ដោយរតនៈ​ទាំង ៧ ។ បទថា អសោកវនិកា បានដល់ ស្ថានទី​អសោកវ័ន ។ បទថា សព្វកាលិកា សេចក្ដីថា ធន់ចំពោះ​ការប្រើប្រាស់​គ្រប់កាល និងមាន​ផ្កាជានិច្ច ។ បទថា ឧទ្យានំ បានដល់ ឧទ្យានដែលប្រៀប​ដូច​នន្ទនវ័ន និង​ចិត្តលតាវ័ន ។ បទថា សព្វកាលិកំ សេចក្ដីថា ដេរដាស​ដោយផ្កាឈើ និងផ្លែឈើ​ដែលកើត​ក្នុង​រដូវសូម្បី​ទាំង ៦ ។ សូម្បីដើម​កណិការ​ទាំងឡាយ ក្នុងឧទ្យាន​កណិការវ័ន​ជាដើម ក៏ចេញផ្កា​ដ៏ស្រស់ល្អ​គ្រប់កាល​ទាំងពួងដូចគ្នា មកហើយ​ក្នុងបទថា សព្វកាលិកំ នេះ ។ បទថា     សញ្ឆន្នា សេចក្ដីថា ដេរដាស​ដ៏ស្រស់ល្អដោយ​ផ្កាជលជាតិ និងថលជាតិ មានប្រការ​ផ្សេងៗ ។ បទថា អណ្ឌជេហិ វីតិកិណ្ណា សេចក្ដីថា កុះករដោយ​ហ្វូងបក្សី​ទាំងឡាយ ។

មហាជនបរិទេវនាការ​ក្នុងទីនោះៗ យ៉ាងនេះហើយ ត្រឡប់មកកាន់​ព្រះលានហ្លួង​ម្ដងទៀត ពោលគាថា ថា

រាជា វោ ខោ បព្វជិតោ         សុតសោមោ រជ្ជំ ឥមំ បហត្វាន

កាសាយវត្ថវសនោ              នាគោវ ឯកកោ ចរតិ។

ព្រះរាជាទ្រង់ព្រះនាមសុតសោម បានលះបង់រាជ​សម្បតិ្តនេះហើយ ក៏ទ្រង់ព្រះផ្នួស ទ្រង់​ព្រះពស្ត្រកាសាយៈ ស្តេចយាងទៅ​តែមួយព្រះអង្គ​​ឯង ដូចជាដំរី​ត្រេចទៅតែ​ម្នាក់ឯង ។

ដូចនេះហើយ នាំគ្នាលះបង់សម្បត្តិក្នុង​ផ្ទះរបស់ខ្លួន ចាប់ដៃបុត្រធីតា​ទាំងឡាយ ចេញទៅកាន់​សំណាក់របស់​ព្រះពោធិសត្វនោះ​ឯង ។  ព្រះរាជមាតា ព្រះរាជបិតា ព្រះជាយា ព្រះឱរស ព្រះធីតា និងស្ត្រីរបាំ​ទាំង ១៦.០០០ នាក់ ក៏នាំគ្នា​បដិបត្តិយ៉ាង​នោះដែរ ។ នគរទាំងអស់ បានជាស្ថានទី​ស្ងាត់សូន្យ ទទេ​ចាកមនុស្ស ។ ចំណែក​អ្នកជនបទ ក៏ទៅតាមខាង​ក្រោយនៃជន​ទាំងនោះ ។ ព្រះពោធិសត្វ ទ្រង់នាំ​បរិស័ទប្រមាណ ១២ យោជន៍ ស្ដេចយាង​ទៅហើយ មានមុខឆ្ពោះ​ទៅកាន់​ព្រៃហិមពាន្ត ។

លំដាប់នោះ សក្កទេវរាជទ្រង់ជ្រាបថា ព្រះពោធិសត្វ​យាងចេញសាង​អភិនេស្ក្រមណ៍ ទើបត្រាស់​ហៅព្រះពិស្ណុការ គឺវេស្សកម្មទេវបុត្រ មកបញ្ជាថា ម្នាល​វេស្សកម្មទេព​អើយ ! ព្រះបាទ​សុតសោមមហារាជ ស្ដេចចេញ​អភិនេស្ក្រមណ៍​ហើយ ព្រះអង្គគួរ​បានវសនស្ថាន (ទីប្រថាប់)  ទាំងមាន​សមាគម​ក៏ធំផង អ្នកចូរទៅនិម្មិត​អាស្រម ដែលមាន​បណ្ដោយប្រវែង ៣០ យោជន៍ ទទឹង ១៥ យោជន៍ ជាទីរីករាយ​ក្បែរទន្លេ​គង្គា ក្នុង​ហិមវន្តប្រទេស​ចុះ ។ ព្រះវិស្សកម្មទេព​នោះ ក៏ធ្វើហើយ​យ៉ាងនោះ​គ្រប់ប្រការ ចាត់ចែង​បព្វជិតបរិក្ខារ​ទុកក្នុង​អាស្រមបទ​នោះ និងនិម្មិតផ្លូវ​ដើរសម្រាប់​មនុស្សម្នាក់ ចប់សព្វគ្រប់​ហើយ ក៏ត្រឡប់​មកាន់​ទេវលោក​វិញ ។

ព្រះមហាសត្វស្តេចយាងទៅតាមផ្លូវនោះ ហើយចូលកាន់​អាស្រមបទនោះ ព្រះអង្គទ្រង់ផ្នួស​ដោយខ្លួនឯងមុន ហើយឲ្យមហាជន​ដ៏សេសបួស​តាមក្រោយ ។ ក្នុងវេលា​តមកទៀត ជនទាំងឡាយ​បួសច្រើនឡើងៗ ។ ស្ថានទីទំហំ ៣០ យោជន៍ ក៏ពេញបរិបូណ៌ ។ ក៏ឯនិយាម (លំអាន ឬ លំនាំ ឬ ហេតុជាគ្រឿង​កំណត់) ដែល​សក្កទេវរាជ​ចាត់បញ្ជាឲ្យ​ព្រះវិស្សកម្មទេព​និម្មិតអាស្រមក្ដី និយាមដែល​មានប្រជាជន​បួសដ៏ច្រើនក្ដី និយាមដែល​ព្រះពោធិសត្វ​ចាត់ចែង​អាស្រមក្ដី គប្បីជ្រាប​ដោយន័យ​ដែលមកហើយ​ក្នុង​ហត្ថិបាលជាតក  នោះឯងចុះ។

មិច្ឆាវិតក្កៈ មានកាមវិតក្កៈជាដើម កើតឡើង​ដល់ជនណាៗ ព្រះមហាពោធិសត្វ​ក៏ស្ដេចយាង​ទៅរកជន​នោះៗ ក្នុងទីនោះ ដោយផ្លូវ​អាកាស ប្រថាប់គង់​លើបល្ល័ង្ក​ក្នុង​អាកាស កាលទ្រង់​នឹងឲ្យឱវាទ ទើបត្រាស់​ព្រះគាថា​ទាំងឡាយ ២ នេះថា

មាស្សុ បុព្វេ រតិកីឡិតានិ      ហសិតានិ ច អនុស្សរិត្ថ

មា វោ កាមា ហនិំសុ             រម្មំ ហិ សុទស្សនំ នគរំ។

អ្នកទាំងឡាយ កុំរឭកការលេង​ដោយសេចក្តីត្រេកអរ និងការសើច​ក្នុងកាលមុន​ឡើយ កាមទាំងឡាយ កុំបៀតបៀន​ពួកអ្នកឡើយ នគរឈ្មោះ​សុទស្សនៈ ជាទីគួរ​រីករាយ (អ្នកទាំងឡាយ កុំរឭកឡើយ)

មេត្តចិត្តញ្ច ភាវេថ                 អប្បមាណំ ទិវា ច រត្តោ ច

អគច្ឆិត្ថ ទេវបុរ                       អាវាសំ បុញ្ញកម្មិនំ ។

អ្នកទាំងឡាយ ចូរចម្រើនមេត្តាចិត្ត រកប្រមាណមិនបាន ទាំងថ្ងៃទាំងយប់ ទើបពួកអ្នក​នឹងទៅកាន់​ទេវបុរី ដែលជាលំនៅ​ពួកអ្នកមាន​បុញ្ញកម្ម ។

បណ្ដាបទទាំងនោះ បទថា រតិកីឡិតានិ សេចក្ដីថា (អ្នកទាំងឡាយ កុំរឭកដល់) សេចក្ដីត្រេកអរ​ក្នុងកាម និងការលេង​ដែលប្រព្រឹត្ត​ទៅដោយ​អំណាចនៃ​ការលេង​ផ្លូវកាយ វាចា និងចិត្តឡើយ ។ បទថា មា វោ កាមា ហនឹសុ សេចក្ដីថា វត្ថុកាម និងកិលេសកាម កុំបៀតបៀន​ពួកអ្នក ។ បទថា រម្មញ្ហិ សេចក្ដីថា សុទស្សននគរ ជាទីដែល​គួររីករាយ អ្នកទាំងឡាយ កុំរឭកដល់​សុទស្សននគរ​នោះឡើយ ។ បទថា មេត្តំ នេះ ជាពាក្យប្រធាន​នៃទេសនា​ប៉ុណ្ណោះ តាមដែល​ពិត ព្រះពោធិសត្វនោះ បានត្រាស់​ប្រាប់​ព្រហ្មវិហារធម៌​ទាំង ៤ ។ បទថា អប្បមាណំ បានដល់ មេត្តាព្រហ្មវិហារ ដែលមានសត្វ​រកប្រមាណ​មិនបាន ជាអារម្មណ៍ ។  បទថា អគច្ឆិត្ថ ប្រែថា នឹងបាន​ទៅ ។ បទថា ទេវបុរំ បានដល់ ព្រហ្មលោក ។

សូម្បីពួកឥសីទាំងនោះ តាំងនៅក្នុងឱវាទ​របស់ព្រះពោធិសត្វ​ហើយ បានជាអ្នកមាន​ព្រហ្មលោក​ជាទីប្រព្រឹត្ត​ក្នុងកាល​ជាខាងមុខ ដោយ​ប្រការដូច្នេះ រឿងរ៉ាវ​ទាំងអស់ គួរដោយន័យ​ដែលមកហើយ​ក្នុង​ហត្ថិបាលជាតក​នោះឯងចុះ ។

ព្រះសាស្ដា ទ្រង់នាំព្រះធម្មទេសនា​ជាតកនេះ មកសម្ដែងចប់ហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែ​ក្នុងជាតិនេះ​ប៉ុណ្ណោះទេ សូម្បីក្នុង​ជាតិមុនៗ ក៏តថាគត​ចេញសាង​មហាភិនេស្ក្រមណ៍​ដូចគ្នា ហើយទ្រង់​ប្រជុំជាតកថា

តទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះមាតាបិតា​ក្នុងកាលនោះ បានមកជាត្រកូល​សក្យមហារាជ ។

ចន្ទាទេវី រាហុលមាតា ព្រះនាងចន្ទាទេវី​បានមក​ជារាហុលមាតា ។

ជេដ្ឋបុត្តោ សារិបុត្តោ ដេដ្ឋឱរស​បានមកជាសារីបុត្រ ។

កនិដ្ឋបុត្តោ រាហុលោ កនិដ្ឋឱរស​បានមកជារាហុល ។

ធាតិ ខុជ្ជុត្តរា ភីលៀងបាន​មកជានាង​ខុជ្ជុត្តរា ។

កុលវឌ្ឍនសេដ្ឋិ កស្សបោ កុលវឌ្ឍនសេដ្ឋី​បានមកជាកស្សបៈ ។

មហាសេនគុត្តោ មោគ្គល្លានោ មហាសេនគុត្ត​បានមកជាមោគ្គល្លាន ។

សោមទត្តកុមារោ អានន្ទោ សោមទត្តកុមារ​បានមកជាអានន្ទ ។

សេសបរិសា ពុទ្ធបរិសា បរិស័ទដ៏សេស​បានមកជាពុទ្ធបរិស័ទ។

សុតសោមរាជា បន អហមេវ អហោសិ ចំណែក​ព្រះបាទសុតសោម បានមកជា អង្គអញតថាគតនេះឯង ។

ចប់ ចូឡសុតសោមជាតក ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ១៣៥ និងអដ្ឋកថា) ។

 

ប្រែដោយ ខេមរ អភិធម្មាវតារ