។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចូឡបលោភនជាតក

(បិដកខ្មែរថា ចុល្លបលោភនជាតក)

(រឿងព្រះអនិត្ថិគន្ធកុមារពោធិសត្វស្រឡាញ់ស្រីរបាំ)

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ​ឧក្កណ្ឋិតភិក្ខុ​មួយរូប​ប៉ុណ្ណោះ  (ភិក្ខុដែលអផ្សុក​) បានត្រាស់ធម្មទេសនា​នេះ មានពាក្យផ្ដើម​ថា អភិជ្ជមានេ វារិស្មឹ ដូច្នេះ ។

បានឮថា ព្រះសាស្ដាត្រាស់សួរភិក្ខុនោះ ដែលត្រូវនាំមកកាន់​រោងធម្មសភាថា ម្នាលភិក្ខុ បានឮថា អ្នកមានសេចក្ដី​អផ្សុកចង់សឹកពិតមែនឬ ?

កាលភិក្ខុនោះ ទូលទទួលជាការពិត​ហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា ស្ត្រីទាំងឡាយនេះ រមែងធ្វើបុគ្គល​ដែលបរិសុទ្ធ​ឲ្យសៅហ្មង ក្នុងឥឡូវនេះ​តែប៉ុណ្ណោះ​ក៏ទេ សូម្បី​បុគ្គលដែល​បរិសុទ្ធ​ក្នុងកាលមុន ក៏ធ្វើឲ្យសៅហ្មង​ដូចគ្នា ។ ព្រះសាស្ដា​ដែលភិក្ខុ​ទាំងនោះ ទូលអារាធនា​ហើយ ទើបទ្រង់នាំ​យកអតីតនិទាន​មកជាសាធកៈ (គ្រឿងអាង) ដូចតទៅនេះ

ក្នុងអតីតកាល ព្រះបាទព្រហ្មត្តសោយរាជសម្បត្តិក្នុង​នគរពារាណសី ជាអ្នកមិនមានឱរស ទើបទ្រង់ត្រាស់​នឹងនាងស្នំ​របស់ព្រះអង្គ​ថា នាងទាំងឡាយ​ចូរធ្វើសេចក្ដី​ដើម្បីឲ្យ​បានបុត្រ ។ នាងស្នំទាំងនោះ ទើបនាំគ្នាតាំង​សេចក្ដីប្រាថ្នាបុត្រ ។ កាលកន្លង​ទៅដោយអាការនេះ ព្រះពោធិសត្វ​ទើបចុតិចាក​ព្រហ្មលោក កើតហើយក្នុង​ផ្ទៃរបស់​ព្រះអគ្គមហេសី ។ ព្រះពោធិសត្វនោះ ពេលប្រសូត​ហើយ ព្រះជនក ព្រះជននី​បានឲ្យស្រង់​ទឹក ហើយប្រគល់​ឲ្យម៉ែដោះ ដើម្បីប្រយោជន៍​ដល់ការផឹក​ទឹកដោះ ។ ព្រះពោធិសត្វនោះ កាលម៉ែដោះ​ទាំងឡាយ​ឲ្យផឹកទឹកដោះ ក៏ទ្រង់ស្រែកយំ ។ លំដាប់នោះ ទើបបានឲ្យ​ព្រះពោធិសត្វនោះ​ដល់ម៉ែ​ដោះដទៃ ។ នៅក្នុងដៃ​របស់មាតុគ្រាម ព្រះពោធិសត្វ​ជាអ្នកមិននៅ​ស្ងៀមឡើយ ។ លំដាប់នោះ ទើបបានប្រគល់​ព្រះពោធិសត្វ​ឲ្យដល់បុរសម្នាក់​អ្នកជា​បាទមូលិកៈ (ខ្ញុំព្រះបាទ) គ្រាន់តែ​បាទមូលិកៈនោះ ទទួលយកប៉ុណ្ណោះ ព្រះពោធិសត្វ​ក៏នៅស្ងៀម ។ ក្នុងថ្ងៃ​បន្តបន្ទាប់មក បុរសទាំងឡាយ​ប៉ុណ្ណោះ ដែលកាន់​យកនូវព្រះ​ពោធិសត្វនោះ ហើយត្រាច់ទៅ ។ កាលនឹងឲ្យបៅទឹកដោះ ទើបច្របាច់ (ដោះ) ហើយឲ្យផឹក ឬបំបៅដោះក្នុងព្រះឱស្ឋតាមចន្លោះវាំងនន ។ ដោយហេតុនោះ ទើបថ្វាយព្រះនាមថា អនិត្ថិគន្ធកុមារ ។ កាលព្រះកុមារយាងទៅមកៗ អ្នកណាៗមិនអាចសម្ដែងមាតុគ្រាមឲ្យឃើញឡើយ ។ ដោយហេតុនោះ ព្រះរាជាទើបឲ្យសាងស្ថានទីទាំងឡាយមានទីប្រថាប់គង់ជាដើម និងឈានាគារ ក្នុងទីដោយឡែកមួយ ។

ក្នុងវេលាព្រះកុមារមានព្រះជន្ម ១៦ វស្សា ព្រះរាជាទ្រង់ត្រិះរិះថា យើងមិន​មានឱរស​ដទៃទៀត ចំណែកកុមារនេះ មិនបរិភោគកាម សូម្បីរាជ​សម្បត្តិក៏​មិនប្រាថ្នា យើងបានឱរស លំបាកពិតហ្ន៎ ! គ្រានោះ មានស្ត្រីរបាំ​ក្រមុំមួយរូប ឆ្លាតក្នុងការ​ច្រៀងរាំ និងប្រគំ អាចប្រលោម​លួងលោម​បុរសឲ្យធ្លាក់​ក្នុងអំណាច​របស់ខ្លួន​បាន ចូលទៅគាល់ (ព្រះរាជា) ហើយទូលថា បពិត្រ​ព្រះសម្មតិទេព ព្រះអង្គទ្រង់​ព្រះតម្រិះរឿងអ្វី ? ព្រះរាជាក៏ត្រាស់​ប្រាប់ហេតុនោះ ។ ស្ត្រីរបាំ​នោះទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន រឿងនោះមេត្តា​លើកទុកសិនចុះ ខ្ញុំម្ចាស់នឹង​ប្រលោមលួង​លោមព្រះរាជ​កុមារនោះ ឲ្យដឹងកាមរស (រសជាតិ​នៃកាមគុណ) ។ ព្រះរាជា​ត្រាស់ថា បើនាង​អាចប្រលោម​ព្រះអនិត្ថិគន្ធកុមារ​ដែលជា​ឱរសរបស់​យើងបានសោត ព្រះកុមារនោះ​នឹងជាព្រះរាជា ខ្លួននាង​នឹងបាន​ជាអគ្គមហេសី ។ ស្ត្រីរបាំនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ការប្រលោម​ជាភារៈ​របស់ខ្ញុំម្ចាស់ ព្រះអង្គកុំទ្រង់​បរិវិតក្កៈ​ឡើយ  ដូច្នេះហើយ ចូលទៅរក​មនុស្សដែល​ធ្វើនាទី​រក្សាព្រះឱរស​ហើយ​ពោលថា ក្នុងវេលា​ព្រលឹម យើងនឹងមក​ឈរត្រង់ខាង​ក្រៅ​ឈានាគារ​ដែលជាទីផ្ទំរបស់​ព្រះអយ្យបុត្រ ហើយយើងនឹងច្រៀង ។ បើ​ព្រះអយ្យបុត្រ (ឮហើយ) ទ្រង់ក្រោធ លោកចូរប្រាប់​ដល់យើង យើងនឹងគេចចេញ ។ បើទ្រង់ស្ដាប់​ហើយ ពោលសរសើរ​ដល់យើង (លោកចូរប្រាប់​ដល់យើង​ដូចគ្នា) ។ បុរសអ្នក​រក្សានោះ ទទួល​ព្រមហើយថា ល្អណាស់ (នាង) ។

ចំណែកស្ត្រីរបាំនោះ ក្នុងវេលាព្រលឹមស្រាងៗ បានទៅឈរក្នុង​កន្លែងនោះ ហើយស្រែក​ច្រៀងជាមួយ​សំឡេងពិណ ដេញពិណជាមួយ​នឹងសំឡេង​ច្រៀង ដោយ​សំឡេងយ៉ាង​ពីរោះ ។ ព្រះកុមារ នាកាលស្ដាប់​ប៉ុណ្ណោះរមែង​ផ្ទំលក់ ។ ក្នុងថ្ងៃស្អែក ទ្រង់បង្គាប់​ឲ្យនាងឈរ​ក្នុងទីជិត​ឈានាគារ​ដើម្បីច្រៀង, ក្នុងថ្ងៃស្អែក​ទៀត បង្គាប់ឲ្យនាង​ឈរខាង​ក្នុងឈានាគារ ដើម្បីច្រៀង, ក្នុងថ្ងៃស្អែកទៀត បង្គាប់ឲ្យនាង​ឈរក្នុងទីជិត​នៃខ្លួន ដោយ​វិធីយ៉ាងនេះ ព្រះអង្គទ្រង់​ធ្វើតណ្ហា​ឲ្យកើតឡើង​តាម​លំដាប់ ៗ រហូតដល់​សេពលោកធម៌ បានដឹង​កាមរសហើយ​ត្រាស់ថា មាតុគាមំ នាម អញ្ញេសំ ន ទស្សាមិ ដែលឈ្មោះថា មាតុគ្រាម យើងនឹង​ឲ្យដល់​បុរសដទៃ  បានកាន់​យកនូវដាវ ឆ្លងកាត់​ផ្លូវជាចន្លោះ ត្រាច់ដេញ​តាមបុរស​ទាំងឡាយ ។

លំដាប់នោះ ព្រះរាជាបញ្ជាឲ្យចាប់​ព្រះកុមារនោះ ហើយឲ្យនាំចេញ​ទៅចាកនគរ ជាមួយ​នឹងកុមារិកានោះ ។ សូម្បីព្រះកុមារ និងស្ត្រី ទាំងពីរ ស្ដេចចូល​ទៅកាន់​ព្រៃ ហើយទៅកាន់​ទន្លេគង្គា​ផ្នែកខាងក្រោម បានកសាង​អាស្រម​ក្នុងចន្លោះ​រវាងទន្លេគង្គា និងសមុទ្រ ដោយមាន​ទន្លេគង្គា​នៅក្នុងទីម្ខាង និងមាន​សមុទ្រក្នុង​ទីម្ខាង សម្រេចការ​នៅក្នុងទីនោះ ។ នាងកុមារិកា អង្គុយនៅក្នុង​បណ្ណសាលា ចម្អិននូវមើម​ឈើជាដើម ចំណែក​ព្រះពោធិសត្វ ទៅនាំយក​ផលាផលអំពី​ព្រៃ ។

ក្នុងថ្ងៃមួយ ពេលដែលព្រះពោធិសត្វទៅ​ដើម្បីប្រយោជន៍​ដល់ផលាផល មានតាបស​មួយរូបដែលអាស្រ័យ​នៅនឹងកោះ​ក្នុងសមុទ្រ ត្រាច់ទៅ​តាមផ្លូវ​អាកាសដើម្បី​ប្រយោជន៍ដល់​ភិក្ខាចារ បានឃើញនូវ​ផ្សែង បានចុះ​មកកាន់​អាស្រម ។ លំដាប់នោះ កុមារិកានោះ បាននិមន្តតាបស​ឲ្យអង្គុយ ដោយពោលថា លោកម្ចាស់​ចូរគង់សិន ដរាបដល់​ខ្ញុំចម្អិនឆ្អិន ហើយ​ប្រលោមលួងលោម​ដោយឥត្ថិកុត្តៈ ឲ្យឃ្លាត​ចាកឈាន ញ៉ាំង​ព្រហ្មចរិយ​របស់តាបស ឲ្យ​អន្តរធាន​ទៅ ។ តាបសនោះ ហាក់បីជាក្អែក​បាក់ស្លាប មិនអាចដើម្បី​បោះបង់​កុមារិកានោះ បាននៅក្នុងទីនោះ​ឯង រហូតពេញមួយថ្ងៃ បានឃើញនូវ​ព្រះពោធិសត្វ​ម​ក ហើយ​ក៏រត់ស្ទុះ​ទៅដោយមាន​មុខទៅរកសមុទ្រ ។ លំដាប់នោះ ព្រះពោធិសត្វ កាន់យកនូវ​ដាវដេញតាម​តាបសនោះ ដោយសម្គាល់ថា តាបសនេះ ជាសត្រូវរបស់​យើង ។ តាបសសម្ដែង​អាការលោត​ឡើងទៅក្នុង​អាកាស ទើបធ្លាក់​ទៅក្នុងសមុទ្រ ។ ព្រះពោធិសត្វ​គិតថា តាបសនេះ កាលមកតាម​ផ្លូវអាកាស ព្រោះភាព​នៃឈាន​សាបសូន្យ ទើបធ្លាក់​ចុះក្នុងសមុទ្រ ឥឡូវនេះ យើងគួរជាទីពឹង​របស់តាបស​នេះ គិតដូច្នេះហើយ បានឈរត្រង់​ជាយច្រាំង ពោលគាថាទាំងនេះថា

អភិជ្ជមានេ វារិស្មឹ              សយំ អាគម្ម ឥទ្ធិយា

មិស្សីភាវិត្ថិយា គន្ត្វា         សំសីទសិ មហណ្ណវេ។

លោកមក (តាមអាកាស) ដោយខ្លួនឯង លើទឹកមិនបែករលក ដោយអំណាច​នៃឫទ្ធិ លុះទៅច្រឡូក​ច្រឡំដោយស្រី ក៏លិចចុះ​ក្នុងសមុទ្រធំ ។

អាវដ្ដនី មហាមាយា          ព្រហ្មចរិយវិកោបនា

សីទន្តិ នំ វិទិត្វាន               អារកា បរិវជ្ជយេ។

ធម្មតាស្រីទាំងឡាយ រមែងញ៉ាំងបុរសឲ្យវិលវល់ មានមាយាច្រើន ញ៉ាំងព្រហ្មចរិយ​ធម៌ឲ្យកម្រើក រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់​ហើយ គប្បីចៀស​វាងអំពីចម្ងាយ ។

យំ ឯតា ឧបសេវន្តិ            ឆន្ទសា វា ធនេន វា

ជាតវេទោវ សំ ឋានំ          ខិប្បំ អនុទហន្តិ នំ

ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដីពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុត​បំផ្លាញបុរស​នោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅរបស់ខ្លួន ។

បណ្ដាបទទាំងនោះ បទថា អភិជ្ជមានេ វារិស្មឹ សេចក្ដីថា កាលទឹកនេះមិនហូរ គឺមិនរញ្ជួយ តាបស​មិនប៉ះនូវ​ទឹក មកដោយឫទ្ធិ​តាមផ្លូវ​អាកាស​ដោយខ្លួន​ឯង ។ បទថា មិស្សីភាវិត្ថិយា  បានដល់ ភាវៈដែល​លាយឡំមួយ​អន្លើដោយ​ស្ត្រី ដោយអំណាច​ការសេព​នូវលោកធម៌ ។ បទថា អាវដ្ដនី មហាមាយា សេចក្ដីថា ធម្មតា ស្ត្រីទាំងឡាយ ឈ្មោះថាធ្វើ​បុរសឲ្យវិលមក ព្រោះឲ្យវិលមក​ដោយកាម, ឈ្មោះថា មានមាយាច្រើន ព្រោះប្រកប​ដោយមាយា​របស់ស្ត្រី​ដែលរាប់​មិនមាន​ទីបំផុត ។ សមពិត​ដូច​បោរាណាចារ្យ​ពោលទុកថា

មាយា ចេតា មរីចី ច             សោកោ រោគោ ចុបទ្ទវោ

ខរា ច ពន្ធនា ចេតា                មច្ចុបាសោ គុហាសយោ

តាសុ យោ វិស្សសេ បោសោ សោ នរេសុ នរាធមោ។

ស្ត្រីទាំងនេះ មានមាយាដូចជាថ្ងៃបណ្តើរ​កូន ជាទីសោយសោក ជាទីកើតនៃរាគៈ ជាទីឧបទ្រព ស្រ្តីទាំងនេះ មានអធ្យាស្រ័យ​ដ៏រឹងរូស ជាចំណង​សម្រាប់ចង ជាអន្ទាក់​នៃសេចក្តីស្លាប់ ជាគុហា​សម្រាប់នៅ (របស់មច្ចុ​រាជ) បុរសណា ទុកចិត្តក្នុង​ស្រ្តីទាំងនោះ បណ្តាបុរស​ទាំងឡាយ បុរសនោះ​ឈ្មោះថា បុរសថោកទាប ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត មហាហំសជាតក បិដកលេខ ៦១ ទំព័រ ១១៧)

បទថា ព្រហ្មចរិយវិកោបនា សេចក្ដីថា ញ៉ាំងការប្រព្រឹត្តដ៏ប្រសើរ គឺ​មេថុនវិរតិព្រហ្មចរិយៈ ឲ្យកម្រើក ។ បទថា សីទន្តិ សេចក្ដីថា ធម្មតាស្ត្រីទាំងឡាយ ឈ្មោះថា រមែងលិចចុះ​ក្នុងអបាយ​ទាំងឡាយ ព្រោះញ៉ាំង​ព្រហ្មចរិយៈ​របស់ឥសី​ឲ្យកម្រើក ។ ពាក្យដ៏សេស គប្បីប្រកប​ដោយន័យ​មុននោះឯង ។

ចំណែកតាបស កាលបានស្ដាប់ពាក្យ​របស់ព្រះពោធិសត្វ​យ៉ាងនេះហើយ ឋិតនៅក្នុង​កណ្ដាលសមុទ្រ​នោះឯង ធ្វើឈាន​ដែលសាបសូន្យ ឲ្យត្រឡប់​កើតឡើង​វិញ ហើយទៅកាន់​ទីនៅរបស់ខ្លួន​តាមផ្លូវអាកាស ។

ព្រះពោធិសត្វគិថា តាបស​ជាអ្នកបានអប់រំ​មកហើយយ៉ាងនេះ ទៅតាមផ្លូវអាកាស ហាក់ដូច​សំឡីដើមរកា សូម្បីយើង ក៏គួរធ្វើឈាន​ឲ្យកើតឡើង​ ហើយទៅតាម​ផ្លូវអាកាស​ដូច​តាបស​នេះដែរ ។ គ្រាគិតហើយ ក៏ទៅកាន់អាស្រម នាំស្ត្រីនោះ​ទៅកាន់ផ្លូវរបស់មនុស្ស ហើយបញ្ជូន​ទៅដោយ​ពាក្យថា គច្ឆ ត្វំ នាងចូរ​ទៅចុះ ស្រេចហើយ​ ក៏ចូលទៅកាន់ព្រៃ កសាងអាស្រម​ក្នុងភូមិភាគ​ដែលជា​ទីគួររីករាយ ហើយបួស​ជាឥសី ធ្វើការ​បរិកម្មកសិណ ញ៉ាំងអភិញ្ញា និងសមាបត្តិ​ឲ្យកើតឡើង បានជាអ្នក​មានព្រហ្មលោក​ជាទីប្រព្រឹត្តទៅ​ខាងមុខ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំជាតក ។ ក្នុងវេលា​ចប់អរិយសច្ច ឧក្កណ្ឋិតភិក្ខុ បានតាំងនៅ​ក្នុង​សោតាបត្តិផល ។ ទ្រង់ប្រជុំ​ជាតកថា អនិត្ថិគន្ធកុមារ ក្នុងកាលនោះ ក៏គឺ​តថាគតនេះឯង ។

ចប់ ចូឡបលោភនជាតក ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥០ ព្រមទាំងអដ្ឋកថា)

 

ប្រែដោយ ខេមរ អភិធម្មាវតារ