។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចូឡធម្មបាលជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់​ប្រារព្ធ​ការព្យាយាម​សម្លាប់​របស់​ទេវទត្ត បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះ​ជាដើម។

 

ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិន​អាចនឹងធ្វើ សូម្បីតែ​សេចក្ដី​តក់ស្លុត ដល់​ព្រះពោធិសត្វ​ឡើយ ចំណែក​ក្នុង​ចូឡធម្មបាលជាតក​នេះ ទេវទត្ត​ក្នុងកាលនោះ​បាន​បញ្ជាឲ្យ​ពេជ្ឈឃាដ​កាត់ដៃ ជើង និងសីសៈ​របស់​ព្រះពោធិសត្វ និងឲ្យធ្វើ​អសិមាលកកម្ម [បោះ​សាកសព​ឡើង​លើ ហើយ​យកដាវ​គ្រវីកាប់​ចិញ្ច្រាំ​ឲ្យ​សាកសព បំបែក​ជាបំណែក​តូចៗ] ក្នុង​កាលដែល​ទ្រង់​មាន​ព្រះជន្ម​ត្រឹមតែ ៧ ខែ។ ក្នុងទទ្ទរជាតក ទេវទត្ត​បានចាប់​ច្របាច់​កសម្លាប់​ព្រះពោធិសត្វ ហើយ​អាំងសាច់​លើ​ជើងក្រាន រួចបរិភោគ។ ក្នុង​ខន្តីវាទីជាតក ទេវទត្ត​បានឲ្យ​គេវាយ​ប្រហារ​ព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យ​គេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យ​គេចាប់​ផ្នួងសក់​អូសទាញ ឲ្យដេកផ្ញារ និងប្រហារ​ទ្រូង​ដោយជើង រួចទើប​ចេញទៅ។ ព្រះពោធិសត្វ​ក៏អស់​អាយុ​ក្នុងថ្ងៃ​នោះឯង។ សូម្បីក្នុង​ចូឡនន្ទិយជាតក និង​មហាកបិជាតក ទេវទត្ត​ក៏បាន​ព្យាយាម​សម្លាប់​ព្រះពោធិសត្វ។ ទេវទត្តនោះ ព្យាយាម​សម្លាប់​ព្រះពោធិសត្វ​អស់កាល​យូរដោយ​ប្រការ​យ៉ាងនេះ សូម្បីក្នុង​សម័យពុទ្ធកាល ក៏ព្យាយាម​ដូចគ្នាដែរ។ ថ្ងៃមួយ ភិក្ខុ​ទាំងឡាយ​ញ៉ាំងកថា​ឲ្យតាំងឡើង​ក្នុងធម្មសភា​ថា ម្នាល​អាវុសោ ទេវទត្ត​ធ្វើឧបាយ​ដើម្បី​ធ្វើឃាត​ព្រះពុទ្ធ ទេវទត្ត​គិតថា យើងឲ្យ​គេសម្លាប់​ព្រះសម្មាសម្ពុទ្ធ ដូច្នេះ​ហើយ ប្រកប​នាយ​ខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យ​គេលែង​ដំរីនាឡាគិរី។ ព្រះសាស្ដា​យាងមក​ហើយ​សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​ដោយ​រឿងអ្វី ? ភិក្ខុ​ទាំងឡាយ​ទូលថា ដោយរឿង​ឈ្មោះនេះ ដូច្នេះ​ហើយ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បី​ក្នុងកាល​មុន ទេវទត្ត​ក៏បាន​ព្យាយាម​ដើម្បីនឹង​សម្លាប់​តថាគត​ដែរ ប៉ុន្តែ​ឥឡូវនេះ ទេវទត្ត​មិនអាច​នឹងធ្វើ​សូម្បីតែ​សេចក្ដី​តក់ស្លុត ក្នុង​កាលមុន កាល​តថាគត​នៅជា​ចូឡធម្មបាលកុមារ ទេវទត្ត​បានញ៉ាំង​តថាគត ដែលជា​បុត្ររបស់​ខ្លួនឲ្យ​អស់​ជីវិត ហើយឲ្យ​គេធ្វើ​អសិមាលកកម្ម ដូច្នេះ​ហើយ ទ្រង់ទើប​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​បានកើត​ក្នុងផ្ទៃ នៃព្រះនាង​ចន្ទាទេវី ដែលជា​អគ្គមហេសី​របស់​ព្រះរាជា​នោះ ព្រះញាតិ​ទាំងឡាយ​ថ្វាយ​ព្រះនាមថា ធម្មបាល។ ក្នុងវេលា​ដែលធម្មបាល​កុមារ​មាន​អាយុ​បាន ៧ ខែ ព្រះមាតា​ងូតទឹក​ក្រអូប​ឲ្យ​ព្រះពោធិសត្វ និងប្រដាប់​តាក់តែង​ហើយ ទើបអង្គុយ​ប្រលែង​លេង​នឹងព្រះរាជ​កុមារ។ ព្រះរាជា​បតាបៈ​ស្ដេចយាង​មកដំណាក់​របស់​ព្រះនាង។ ព្រះនាង​ចន្ទាទេវី​នោះ កាលនឹង​ឲ្យបុត្រ​លេង ព្រោះភាព​ជាអ្នក​មានសេចក្ដី​ស្រឡាញ់​បុត្រ ទោះឃើញ​ព្រះរាជា​យាងមក​ហើយ ក៏មិន​បាន​ក្រោក​ទទួល។ ព្រះរាជា​គិតថា ឥឡូវនេះ នាងចន្ទាទេវី​នេះ​ធ្វើនូវ​មានះដោយ​អាស្រ័យបុត្រ មិន​សម្គាល់​យើងថា​ជាអ្វីឡើយ ចុះទម្រាំ​តែបុត្រ​នោះធំ នឹងមិន​សម្គាល់​យើងសូម្បី​តែជា​មនុស្ស យើងនឹង​សម្លាប់​បុត្រនោះ​ឥឡូវ​នេះឯង។ ព្រះរាជា​បតាបៈ​យាងត្រឡប់​ទៅអង្គុយ​លើរាជាសនៈ ហើយ​ត្រាស់ហៅ​អ្នកសម្លាប់​ចោរ​មកថា ពេជ្ឈឃាដ​ចូរមក ដោយការ​តាក់តែង​របស់ខ្លួន។ ពេជ្ឈឃាដ​នោះស្លៀក​ដណ្ដប់​សំពត់​ជ្រលក់​ដោយទឹក​អម្ចត់ ទ្រទ្រង់​កម្រងផ្កា​ក្រហម លីពូថៅ​លើស្មា កាន់យក​ឈើសម្រាប់​តម្កល់​ដៃនិង​ជើង ដែលមាន​ពកជា​គ្រឿងទទួល មកហើយ​ថ្វាយបង្គំ​ព្រះរាជា​ទូលថា បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​ឲ្យទូល​ព្រះបង្គំ​ធ្វើអ្វី ? ព្រះរាជា​ត្រាស់ថា អ្នកចូរ​ទៅកាន់​បន្ទប់ដ៏មាន​សិរីរបស់​ព្រះទេវី រួចនាំ​ធម្មបាលកុមារ​មក។ ចំណែក​ព្រះទេវី​ជ្រាបថា ព្រះរាជា​ក្រោធនិង​យាង​ត្រឡប់​ទៅវិញ​ដូច្នេះ ក៏ឲ្យ​ព្រះពោធិសត្វ​ដេកនៅ​នឹងទ្រូង ហើយអង្គុយ​យំ។ ពេជ្ឈឃាដ​ទៅហើយ បានប្រហារ​នូវខ្នង​ព្រះទេវី​ដោយដៃ ចាប់ទាញ​ព្រះកុមារ​ឲ្យដាច់​ចេញអំពីដៃ​របស់​ព្រះនាង ហើយ​មកកាន់​សម្នាក់​ព្រះរាជា ពោលថា បពិត្រ​ព្រះសម្មតិទេព ទូលព្រះបង្គំ​នឹងធ្វើ​អ្វីទៀត ? ព្រះរាជា​បញ្ជាឲ្យ​នាំផែនក្ដារ​មួយមក ឲ្យដាក់​ចុះខាងមុខ រួចត្រាស់ថា អ្នកចូរ​ឲ្យកុមារ​នេះដេក​លើទីនេះ។ ពេជ្ឈឃាដ​ក៏បានធ្វើ​យ៉ាងនោះ។

 

ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ។ ពេជ្ឈឃាដ​ពោលម្ដង​ទៀតថា បពិត្រ​ព្រះសម្មតិទេព ទូលព្រះបង្គំ​នឹងធ្វើ​អ្វីទៀត ? ព្រះរាជា​ត្រាស់ថា អ្នកចូរកាត់​ដៃធម្មបាល ព្រះនាង​ចន្ទាទេវី​ពោលថា បពិត្រ​មហារាជ បុត្ររបស់​ខ្ញុំម្ចាស់​នេះ មានអាយុ​ត្រឹមតែ ៧ ខែ នៅ​ក្មេង​តូច មិនដឹង​អ្វីឡើយ ទោសមិន​មានដល់​បុត្ររបស់​ខ្ញុំម្ចាស់ទេ ទោស​នោះគប្បី​មានដល់​ខ្ញុំម្ចាស់​ប៉ុណ្ណោះ ព្រោះ​ហេតុនោះ សូមទ្រង់​ឲ្យពេជ្ឈឃាដ​កាត់ដៃ​របស់ខ្ញុំម្ចាស់​ចុះ ដូច្នេះហើយ កាលនឹង​ប្រកាស​សេចក្ដី​នោះ ព្រះនាងទើប​ពោល​គាថាទី ១ ថា

អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;

ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។

ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវ​សេចក្តី​ចម្រើន ដល់សេ្តចឈ្មោះ​មហាបតាបៈ បពិត្រ​ព្រះសម្មតិទេព សូម​លែងនូវ​ធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់​នូវដៃ​ទាំងឡាយ របស់​ខ្ញុំម្ចាស់​វិញចុះ។

 

បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់​បានឃើញ​ព្រះអង្គ​ហើយ កាលមិន​បាន​ក្រោកទទួល គឺជាអ្នក​បានធ្វើ​ទោស។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញ​សេចក្ដី​ចម្រើន អធិប្បាយ​ថា ជាអ្នក​សម្លាប់​ប្រយោជន៍។ បទថា រញ្ញោ នេះ គប្បី​ប្រកប​ដោយបទថា ទូសិយា។ លោក​អធិប្បាយ​ថា ខ្ញុំម្ចាស់​ជាស្ត្រីធ្វើ​នូវកំហុស​ដល់​ព្រះរាជា​មហាបតាបៈ កុមារនេះ​មិនបាន​ធ្វើទេ ព្រោះ​ហេតុនោះ ធម្មបាល​ដែលនៅ​តូច និងមិន​មានកំហុស​នេះ ចូររួចផុត បពិត្រ​ព្រះសម្មតិ​ទេព ប្រសិន​បើព្រះអង្គ​ប្រាថ្នា​នឹងឲ្យ​ពេជ្ឈឃាដ​កាត់ដៃ ចូរឲ្យ​កាត់ដៃ​របស់​ខ្ញុំម្ចាស់ ដែលជា​ស្ត្រីធ្វើ​នូវទោស​ចុះ។

 

ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ។ ពេជ្ឈឃាដពោលថា បពិត្រ​ព្រះសម្មតិទេព ទូល​ព្រះបង្គំ​នឹងធ្វើអ្វី ? ព្រះរាជា​ត្រាស់ថា កុំធ្វើ​យឺតយូរ​ឡើយ អ្នកចូរ​កាត់ដៃ។ ក្នុងខណៈ​នោះ ពេជ្ឈឃាដ​បានកាន់​យកពូថៅ​ដ៏មុតកាត់​ដៃទាំងពីរ​របស់​ព្រះរាជកុមារ ហាក់ដូច​ជាកាត់​ឈើខ្ចី។ ធម្មបាលកុមារ​នោះ សូម្បី​ត្រូវកាត់​ដៃទាំង ២ ហើយ ក៏មិន​ស្រែកយំ​ឡើយ ទ្រង់ធ្វើ​ខន្តី និងមេត្តា​ឲ្យជា​បុរេចារិក (ឲ្យប្រព្រឹត្ត​ទៅខាងមុខ) ហើយ​អត់សង្កត់។ ចំណែក​ព្រះនាង​ចន្ទាទេវី​កាន់យក​ចុងដៃដែល​ដាច់ហើយ​នោះ សៀតទុក​នឹងចង្កេះ មាន​ព្រះកាយ​ប្រឡាក់​ដោយ​លោហិត យំខ្សឹកខ្សួល។ ពេជ្ឈឃាដ​សួរព្រះរាជា​ម្ដងទៀត​ថា បពិត្រ​ព្រះសម្មតិទេព ទូលព្រះបង្គំ​នឹងធ្វើអ្វី ? ព្រះរាជា​ត្រាស់ថា ចូរកាត់​ជើងទាំងពីរ។ ព្រះនាងចន្ទាទេវី​ស្ដាប់ពាក្យ​នោះហើយ ទើបពោល​គាថាទី ២ ថា

អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;

ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។

ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់​សេ្តចឈ្មោះ​មហាបតាបៈ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ លែងនូវ​ធម្មបាល​នេះចេញ សូមកាត់​នូវ​ជើង​ទាំងឡាយ របស់​ខ្ញុំវិញចុះ។

 

សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យ​ដែលពោល​ហើយ​ក្នុងគាថាទី ១​ នោះ​ចុះ។

 

ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដ​ម្ដងទៀត។ ពេជ្ឈឃាដ​នោះក៏កាត់​ជើងទាំង​ពីរ។ ព្រះនាងចន្ទាទេវី​កាន់យក​នូវចុងជើង​ហើយសៀត​ទុកនឹង​ថ្នក់ចង្កេះ មាន​ព្រះកាយ​ប្រឡាក់​ដោយ​លោហិត យំ​បរិទេវនាការ ពោលថា បពិត្រ​មហាបតាបៈ​ជាម្ចាស់ ទារក​ឈ្មោះ​ថា មានដៃ​ជើងដាច់​ហើយ គឺមាតា​ត្រូវចិញ្ចឹម ខ្ញុំម្ចាស់​នឹងធ្វើ​ការស៊ីឈ្នួល ហើយចិញ្ចឹម​បុត្ររបស់​ខ្ញុំម្ចាស់ សូមព្រះអង្គ​ប្រទាន​បុត្រនោះ​ដល់ខ្ញុំម្ចាស់។ ពេជ្ឈឃាដ​សួរព្រះរាជា​បន្ត​ទៀតថា បពិត្រ​ព្រះសម្មតិទេព ទូល​ព្រះបង្គំ​ធ្វើតាម​ព្រះរាជ​បញ្ជាហើយ កិច្ចរបស់​ទូល​ព្រះបង្គំ​ដល់ទី​បំផុត​ហើយឬ ? ព្រះរាជា​ត្រាស់ថា នៅមិន​ទាន់​សម្រេចទេ។ ពេជ្ឈឃាដ​សួរថា បពិត្រ​ព្រះសម្មតិ​ទេព បើយ៉ាងនោះ ទូលព្រះបង្គំ​នឹងធ្វើអ្វីទៀត ? ព្រះរាជា​ត្រាស់ថា អ្នកចូរ​កាត់ក្បាល​របស់​ធម្មបាលកុមារ។ ព្រះនាងចន្ទាទេវី​ស្ដាប់ពាក្យ​នោះហើយ ទើបពោល​គាថាទី ៣ ថា

ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;

ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។

ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះ​មហាបតាបៈ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​លែងនូវ​ធម្មបាល​នេះចេញ សូមកាត់​នូវក្បាល​របស់ខ្ញុំវិញចុះ។

 

កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាល​របស់ខ្លួន​ចូលទៅ។ ចំណែក​ពេជ្ឈឃាដ​សួរព្រះរាជា​ម្ដង​ទៀតថា បពិត្រ​ព្រះសម្មតិទេព តើទូល​ព្រះបង្គំ​នឹងធ្វើ​ដូចម្ដេច ? ព្រះរាជា​ត្រាស់ថា ចូរកាត់​ក្បាលរបស់​ធម្មបាល។ ពេជ្ឈឃាដ​ក៏កាត់ក្បាល​របស់​ព្រះកុមារ រួចហើយ​ទូល​សួរ​ព្រះរាជា​ថា បពិត្រ​ព្រះសម្មតិទេព ទូលព្រះបង្គំ​បានធ្វើតាម​ព្រះរាជបញ្ជា​ហើយឬ ? ព្រះរាជា​ត្រាស់ថា នៅមិនទាន់​សម្រេច​ទេ។ ពេជ្ឈឃាដ​សួរថា បពិត្រ​ព្រះសម្មតិទេព បើយ៉ាង​នោះ ទូលព្រះបង្គំ​នឹងធ្វើ​ដូចម្ដេច​ទៀត ? ព្រះរាជា​ត្រាស់ថា អ្នកចូរ​យកចុង​ដាវទទួល​រាងកាយ​ធម្មបាល​នោះ ចូរធ្វើ​នូវ​អសិមាលកកម្ម។ ពេជ្ឈឃាដ​នោះ ក៏បោះរាង​កាយ​របស់​ធម្មបាល​កុមារ​ទៅលើ​អាកាស ហើយទទួល​ដោយចុង​ដាវ ធ្វើនូវ​កម្មឈ្មោះ អសិមាលកៈ ឲ្យរាង​កាយ​ធម្មបាល​រោយរាយ​លើផ្ទៃបាត​ខាងក្រោម។ ព្រះនាង​ចន្ទាទេវី​ប្រមូល​សាច់ របស់​ព្រះពោធិសត្វ​ដាក់ទុក​ក្នុងថ្នក់​ចង្កេះ កាលយំ​ខ្សឹកខ្សួល បរិទេវនាការ​លើផ្ទៃ​បាតខាង​ក្រោម បាន​ពោលគាថា​ទាំងនេះថា

ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា;

យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។

ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជា​មិននិយាយ​ឃាត់​សេ្តចថា សូមព្រះអង្គ​កុំសម្លាប់​បុត្តជាឱរស។

 

ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា;

យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។

ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជា​មិន​និយាយ​ឃាត់​សេ្តច​ថា សូមព្រះអង្គ​កុំសម្លាប់​បុត្ត ដែលកើត​អំពីខ្លួន។

 

បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជា​មិត្រជិត​ស្និទ្ធ​របស់​ស្ដេចនេះ ឬ អាមាត្យ​អ្នករួមក្នុង​ការងារ​ទាំងពួង ឬអ្នក​មានចិត្ត​ល្អ ព្រោះមាន​ចិត្តទន់ភ្លន់ នឹង​មិនមាន ដោយពិត។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួក​ណាមក​ក្នុងកាល​ឥឡូវនេះ (មក​ទាន់​ពេល) តែ​មិនពោល គឺមិន​ហាមឃាត់​ព្រះរាជា​នេះថា សូម​ព្រះអង្គ​កុំសម្លាប់​បុត្រជាទី​ស្រឡាញ់​របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹង​មិនមាន​ដោយ​ពិត​ប្រាកដ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ។

 

ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃ​ទ្រទ្រង់​សាច់ទ្រូង (យក​ដៃ​រឺតទ្រូង) ពោល​គាថាទី ៣ ថា

ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស;

ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។

ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទ​ផែនដីដាច់ បពិត្រ​ព្រះសម្មតិទេព ជីវិតរបស់​ខ្ញុំម្ចាស់​នឹងរលត់។

 

បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវី​ពោល​រៀបរាប់ ត្អូញត្អែរ ពិលាប​មានពាក្យ​ជាដើម​យ៉ាងនេះថា ដៃទាំងឡាយ​របស់​កុមារ​ជាទាយាទ​នៃផែនដី​ដែលមាន​មហាសមុទ្រ​ទាំង ៤ ជាទី​បំផុត ដែលជា​របស់​ព្រះបិតា ដាច់ហើយ ជើង​ទាំងឡាយ​ដាច់ហើយ និងក្បាល​របស់​កុមារនោះ​ក៏ដាច់ដែរ រាងកាយ​របស់​កុមារ​នោះត្រូវ​ធ្វើដោយ​អសិមាលកកម្ម ឥឡូវនេះ ព្រះអង្គ​កាត់ផ្ដាច់​វង្សរបស់​ខ្លួន សូមទ្រង់​ទៅចុះ។ បទថា បាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់​មិនអាច​នឹងទ្រទ្រង់​សេចក្ដី​សោកនេះ​បាន ជីវិត​របស់​ខ្ញុំម្ចាស់​នឹងរលត់។

 

កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការ​យ៉ាងនេះ​ហើយ ព្រះហឫទ័យ​ក៏បែកទៅ ដូចជា​ឫស្សីដែល​ត្រូវភ្លើង​ឆេះក្នុង​ព្រៃឫស្សី​ដូច្នោះ ព្រះនាង​បានដល់​នូវការ​អស់​ព្រះជន្ម​ក្នុងទីនោះ​ឯង។ ចំណែក​ព្រះរាជា​មហាបតាបៈ​មិនអាច​នឹងឋិត​នៅលើ​បល្ល័ង្ក​ឡើយ ទ្រង់ធ្លាក់​ចុះមក​លើផ្ទៃ​បាតខាង​ក្រោម ហើយ​ផែនក្ដារ​រនាបក៏​បែកជាពីរ ព្រះអង្គ​ក៏ធ្លាក់​ចុះមក​លើ​ផែនដី។ លំដាប់នោះ ផែនប្រឹថពី​សូម្បី​មានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិន​អាចនឹង​ទ្រទ្រង់​គុណ​របស់​ព្រះរាជា​នោះបានឡើយ បែកជាពីរ ធ្វើឲ្យ​មានចន្លោះ​សំណាញ់​ភ្លើង​អំពី​អវីចិនរក​បានតាំង​ឡើង ចាប់យក​ព្រះរាជានោះ បោះទៅ​ក្នុង​អវីចិនរក ដូចជា​រួបរឹត​ដោយ​សំពត់​កម្ពល​ដែលត្រកូល​ប្រគល់ឲ្យ ដូច្នោះ។ ពួកអាមាត្យ​ទាំងឡាយ​ធ្វើសរីរកិច្ច​របស់​ព្រះនាង​ចន្ទាទេវី និង​ព្រះពោធិសត្វ។

 

ព្រះសាស្ដាបាននាំធម្មទេសនានេះ​មកហើយ ទ្រង់​ប្រជុំ​ជាតកថា

តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុង​កាលនោះ បានមក​ជាទេវទត្ត។

ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវី​បានមក​ជាព្រះនាង​មហា​បជាបតិគោតមី។

ធម្មបាលកុមារោ បន អហមេវ អហោសឹ ចំណែក​ធម្មបាលកុមារ គឺ​តថាគត​នេះឯង។

ចប់ ចូឡធម្មបាលជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១)

ព.ស. ២៥៦១

ប្រែដោយ ខេមរ អភិធម្មាវតារ