។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចូឡកាលិង្គជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបព្វជ្ជា​របស់​បរិព្វាជិកា ៤ រូប បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា វិវរថិមាសំ ទ្វារំ ដូច្នេះ​ជាដើម។

បានឮមកថា ក្នុងនគរវេសាលី មានស្ដេចលិច្ឆវី ៧,៧០៧ អង្គ រស់នៅ។ ស្ដេច​ទាំងឡាយ​សូម្បី​ទាំងអស់​នោះ មាន​ព្រះហឫទ័យ​ក្នុងបុច្ឆា និង​បដិបុច្ឆា។ លំដាប់នោះ មាន​និគ្រន្ថ​ម្នាក់ ជាអ្នក​ឈ្លាសវៃ​ក្នុងវាទៈ ៥០០ គាត់ធ្វើ​ដំណើរ​មកដល់​នគរវេសាលី។ ពួកស្ដេច​លិច្ឆវី​ធ្វើការ​ទំនុក​បម្រុង​និគ្រន្ថនោះ។ មាននិគ្រន្ថ​ស្រីដែល​ឈ្លាសវៃ​បែបនោះ​ម្នាក់​ទៀត បាន​មកដល់​នគរ​វេសាលី​ដែរ។ ស្ដេចលិច្ឆវី​ទាំងឡាយ​អញ្ជើញ​និគ្រន្ថទាំងពីរ ឲ្យធ្វើ​នូវវាទៈ​ដាក់គ្នា​នឹងគ្នា។ និគ្រន្ថ​សូម្បីទាំង​ពីរមានវាទៈ​ស្មើគ្នា។ បន្ទាប់មក ស្ដេចលិច្ឆវី មាន​ព្រះតម្រិះ​ថា កូនដែល​កើតដោយ​អាស្រ័យ​អ្នកទាំង​ពីរនេះ នឹងឈ្លាស​វាងវៃ​ដ៏ក្រៃលែង។ ពួកស្ដេច​លិច្ឆវី​ក៏ធ្វើវិវាហៈ​ដល់ពួកគេ ឲ្យរួមរស់​នៅជាមួយ​គ្នាជាប្ដី​ប្រពន្ធ។

លំដាប់នោះ ដោយការនៅរួមសង្វាសរបស់​និគ្រន្ថ​ពីរនាក់ប្ដី​ប្រពន្ធនោះ ពួកគេ​ក៏​បានកូន​ស្រី ៤ និងកូន​ប្រុស ១។ និគ្រន្ថ​ពីរនាក់ប្ដី​ប្រពន្ធ​ដាក់ឈ្មោះ​ឲ្យកូនស្រី​ទាំងនោះ​ថា សច្ចា, លោលា, អវធារិកា, បដិច្ឆាទា [បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ ថា ឈ្មោះ សច្ចា, លោលា, បដាចារា, អាចារវតី] និងដាក់​ឈ្មោះឲ្យ​កូនប្រុស​ថា សច្ចកៈ។ កូន​សូម្បី​ទាំង ៥ នោះ កាលធំ​ដឹងក្ដី​ហើយ ក៏បាន​រៀនវាទៈ ១០០០ គឺវាទៈ ៥០០ អំពី​មាតា, វាទៈ ៥០០ ពីបិតា។ មាតាបិតា​ឲ្យឱវាទ​កូនស្រីថា ប្រសិនបើ​គ្រហស្ថ​ណាមួយ​អាចបំបែក​វាទៈ​របស់​កូនបាន កូនត្រូវ​ធ្វើជា​បាទបរិចារិកា (ប្រពន្ធ) របស់គេ តែបើ​បព្វជិត​ជាអ្នក​បំបែក​វិញ កូនត្រូវបួស​ក្នុងសម្នាក់​បព្វជិត​នោះ។

ក្នុងកាលខាងក្រោយមក មាតាបិតាធ្វើកាល​កិរិយា។ កាលបើ​មាតាបិតា​ធ្វើ​មរណ​កាល​ទៅ​ហើយ សច្ចកនិគ្រន្ថ​ក៏នៅ​បង្រៀនវិជ្ជា​ដល់ស្ដេច​លិច្ឆវី​ទាំងឡាយ​ក្នុងក្រុង​វេសាលី​នោះឯង។ ចំណែក​បងស្រី កាន់មែកព្រីង ដើរដេញ​ដោលវាទៈ​ពីនគរ​មួយទៅ​នគរមួយ រហូត​ដល់​នគរសាវត្ថី ដោត​មែកព្រីង​នៅទៀបទ្វារ​នគរ ហើយប្រាប់​ក្មេងៗថា បុគ្គល​ណា​ក៏ដោយ ទោះជា​គ្រហស្ថក្ដី បព្វជិតក្ដី អាចលើក​វាទៈរបស់​យើងបាន បុគ្គលនោះ សូមយក​ជើងឆ្កឹះ​អាចម៍ដី​នោះ រោយដាក់ និងជាន់​ពីលើ​មែកព្រីង​នេះចុះ ថាដូច្នេះ​ហើយ ក៏នាំគ្នា​ចូលទៅ​ក្នុងក្រុង ស្វែងរក​បិណ្ឌបាត។

គ្រានោះ ព្រះសារីបុត្របោសទីដែលមិនបានបោស ដងទឹកដាក់​ក្នុងក្អម​ដែលគ្មាន​ទឹក​សម្រាប់​ផឹក និងជួយ​ផ្គត់ផ្គង់​ភិក្ខុមានជំងឺ រួចក៏ចូល​ទៅបិណ្ឌបាត​ក្នុងក្រុងសាវត្ថី ពេលថ្ងៃ​ខ្ពស់បន្តិច ហើយបាន​ប្រទះ​មែកព្រីង​នោះ ក៏សួរ​ពួកក្មេងៗ ពួកក្មេង​បានប្រាប់​លោកនូវ​ដំណឹង​នោះ។ ព្រះថេរៈ​បង្គាប់ពួក​ក្មេងឲ្យផ្ដួល និងជាន់ឈ្លី ហើយផ្ដាំ​ពួកក្មេងថា បុគ្គលណា ដែលដោត​មែកព្រីង​នេះ កាលបើ​ធ្វើភត្តកិច្ច​រួចហើយ សូមឲ្យ​គេមក​ជួបយើង​នៅខ្លោងទ្វារ​វត្តជេតពន​ចុះ ផ្ដាំដូច្នេះ​ហើយ លោកចូល​ទៅក្នុងក្រុង លុះធ្វើ​ភត្តកិច្ច​រួចហើយ លោកមក​ឈរនៅ​ខ្លោងទ្វារ​វត្តជេតពន (ចាំ)។ ចំណែក​បរិព្វាជិកា​ទាំង ៤ នាក់ ត្រាច់​បិណ្ឌបាត រួចហើយ​ត្រឡប់​មកវិញ ឃើញ​មែកព្រីង​ខ្ទេចខ្ទី ក៏សួរ​ក្មេងថា តើអ្នកណា ជាន់មែក​ព្រីងនេះ។ ពួកក្មេង​ប្រាប់ថា គឺព្រះសារីបុត្រ ប្រសិនបើ​ព្រះម៉ែម្ចាស់​ត្រូវការវាទៈ សូមទៅ​ខ្លោងទ្វារ​វត្តជេតពន​ចុះ។ បរិព្វាជិកា​ទាំង ៤ នាក់ នាំគ្នាចូល​ទៅក្នុង​នគរវិញ ហៅ​មហាជន​មកជួប​ជុំគ្នា រួចធ្វើ​ដំណើរ​ទៅខ្លោងទ្វារ​វត្តជេតពន ហើយ​សួរវាទៈ ១០០០ នឹង ព្រះសារីបុត្តត្ថេរ។

 

ព្រះថេរៈវិស្សជ្ជនាវាទៈនោះបានទាំងអស់ រួចសួរថា តើពួកនាងចេះអ្វីទៀតទេ ?

ពួកបរិព្វាជិកាពោលថា ពួកខ្ញុំមិនចេះទេ លោកម្ចាស់។

ព្រះសារីបុត្រពោលថា អាត្មាសូមសួរសំណួរខ្លះចំពោះពួកនាង។

បរិព្វាជិកាពោលថា និមន្តសួរមកចុះ លោកម្ចាស់ បើពួកខ្ញុំចេះ ពួកខ្ញុំនឹងឆ្លើយ។

ព្រះសារីបុត្រសួរថា អ្វីហៅថាមួយ?

បរិព្វាជិកាទាំងនោះមិនចេះ។ ព្រះថេរៈក៏វិស្សជ្ជនាប្រាប់។

បរិព្វាជិកាពោលថា បពិត្រលោកម្ចាស់ ពួកខ្ញុំម្ចាស់ចាញ់ លោកម្ចាស់ឈ្នះ។

ព្រះសារីបុត្រសួរថា ឥឡូវនេះ តើពួកនាងនឹងធ្វើដូចម្ដេច?

ពួកបរិព្វាជិកាពោលថា មាតាបិតារបស់ពួកខ្ញុំម្ចាស់ឲ្យឱវាទថា បើគ្រហស្ថ​បំបែក​វាទៈ​ពួកខ្ញុំ​បាន ពួកខ្ញុំ​ត្រូវធ្វើជា​ប្រពន្ធ​របស់គេ បើជា​បព្វជិតវិញ ពួកខ្ញុំ​ត្រូវបួស​ក្នុងសម្នាក់​បព្វជិត​នោះ សូម​លោកម្ចាស់​ប្រទានផ្នួស​ដល់ពួក​នាងខ្ញុំចុះ។

ព្រះថេរៈពោលថា ល្អ ហើយក៏បញ្ជូនពួកបរិព្វាជិកា​ទាំងនោះ​ឲ្យទៅបួស ក្នុង​សម្នាក់​ព្រះនាង​ឧប្បលវណ្ណាថេរី។ មិនយូរប៉ុន្មាន ភិក្ខុនី​ទាំងនោះ បានសម្រេច​ព្រះអរហត្ត​ទាំងអស់​គ្នា។

ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា ម្នាល​អាវុសោ ព្រះសារីបុត្រ បានជា​ទីពឹង​របស់​បរិព្វាជិកទាំង ៤ ហើយឲ្យពួកនាង​បានសម្រេច​ព្រះអរហត្ត​ទាំងអស់​គ្នា។ ព្រះសាស្ដា​យាងមក​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នក​ទាំងឡាយ​ប្រជុំគ្នា​សន្ទនា​ពីរឿងអ្វី ? ភិក្ខុទាំងឡាយ​ក្រាបទូលថា ដោយ​រឿងនេះ។ ព្រះសាស្ដា​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែឥឡូវ​នេះទេ សូម្បីក្នុង​អតីតកាល សារីបុត្រ​នោះ ក៏ធ្លាប់​បានជា​ទីពឹង​របស់ស្រ្តី​ទាំងឡាយ​នោះដែរ ប៉ុន្តែ​ឥឡូវនេះ សារីបុត្រ ឲ្យគេប្រទាន​បព្វជ្ជាភិសេក តែក្នុង​កាលមុន លោក​តម្កល់ពួក​នាងទុកក្នុង​តំណែង​មហេសី​របស់​ព្រះរាជា ដូច្នេះហើយ ទ្រង់នាំ​អតីត​និទានមកថា

ក្នុងអតីតកាល កាលព្រះបាទ​កាលិង្គរាជ​សោយរាជ្យសម្បត្តិ​ក្នុងនគរ​ទន្តបុរៈ ក្នុងដែន​កាលិង្គរដ្ឋ, ព្រះរាជា​នាម អស្សកៈ សោយរាជ្យ​ក្នុង​បាដលិនគរ ក្នុងដែន​អស្សករដ្ឋ។ ព្រះរាជា​កាលិង្គ​ដល់ព្រម​ដោយពល និងពាហនៈ ទាំងខ្លួន​ព្រះអង្គ​ផ្ទាល់ ក៏មាន​កម្លាំង​ខ្លាំង​ដូចដំរី មិនឃើញ​មាន​យោធា​ណាមួយ អាចតតាំង​នឹងព្រះអង្គ​បានឡើយ។ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ក្នុងចម្បាំង ទើបត្រាស់​នឹងអាមាត្យ​ទាំងឡាយ​ថា យើងត្រូវ​ការចម្បាំង ប៉ុន្តែ យើងមិន​ឃើញ​យោធា​ណាមួយ​អាចតតាំង​នឹងយើង​បានសោះ តើយើង​ធ្វើដូចម្ដេច?

អាមាត្យទាំងឡាយទូលថា បពិត្រមហារាជ មានឧបាយមួយ ព្រះរាជធីតាទាំង៤ របស់​ព្រះអង្គ សុទ្ធតែ​មានរូប​ឧត្តម គួរពិតពិល​រមិលមើល សូមព្រះអង្គ​ឲ្យពួក​ព្រះនាងតុប​តែងខ្លួន រួចឲ្យ​អង្គុយ​លើយាន​ប្រក់ដំបូល មានពួក​ទាហាន​ចោមរោម បញ្ជូន​ទៅកាន់​ស្រុក និគម រាជធានី បើព្រះរាជា​អង្គណា​សព្វ​ព្រះហឫទ័យ ចង់បាន​ពួកព្រះនាង​ធ្វើជា​មហេសី​ក្នុងរាជវាំង​របស់ខ្លួន យើងនឹង​បានធ្វើ​ចម្បាំងជាមួយ​នឹងព្រះរាជា​នោះ។

ព្រះបាទកាលិង្គរាជ ក៏បានធ្វើយ៉ាងនោះ។ យានជំនិះព្រះរាជធីតា​ទៅដល់​ប្រទេស​ណាៗ ព្រះរាជា​ប្រទេស​នោះៗ ភិតភ័យ មិនហ៊ានឲ្យ​ព្រះរាជធីតា​ចូលមក​ទីក្រុង ឲ្យនៅតែ​ខាងក្រៅ​ទីក្រុង​ប៉ុណ្ណោះ ហើយតែង​បញ្ជូនគ្រឿង​បណ្ណាការ​ទៅថ្វាយវិញ។ យានជំនិះ​ព្រះរាជធីតា​ទាំង ៤ អង្គ ត្រាច់ទៅ​ក្នុង​សកលជម្ពូទ្វីប​យ៉ាងនេះ ក៏បាន​មកដល់​នគរមួយ ឈ្មោះថា បាដលិនគរ ក្នុងដែន​អស្សកៈ។ ព្រះបាទ​អស្សកៈ បញ្ជាឲ្យ​គេបិទទ្វារ​ក្រុង ហើយ​បញ្ជូន​គ្រឿងបណ្ណាការ​ទៅថ្វាយ។ ព្រះរាជានោះ មានអាមាត្យ​ម្នាក់ឈ្មោះ នន្ទិសេន ជា​បណ្ឌិត ឈ្លាសវៃ​ក្នុងឧបាយ។ នន្ទិសេន​គិតថា ព្រះរាជធីតា​ទាំងនេះ​ត្រាច់ទៅ​សកលជម្ពូទ្វីប រកយោធា​តតាំង​មិនបាន កាលបើ​យ៉ាងនេះ ជម្ពូទ្វីប​ក៏បាន​ឈ្មោះថា​សូន្យទទេ, អញនឹងច្បាំង​ជាមួយនឹង​ព្រះបាទ​កាលិង្គរាជ។

នន្ទិសេន​ទៅកាន់ទ្វារ​នគរហៅ​ពួកនាយ​ឆ្មាំទ្វារ រួចពោល​គាថាទី ១ ដើម្បី​ឲ្យបើក​ទ្វារដល់​ព្រះរាជធីតា​ទាំងនោះ ថា

វិវរថិមាសំ ទ្វារំ, នគរំ បវិសន្តុ អរុណរាជស្ស;

សីហេន សុសិដ្ឋេន, សុរក្ខិតំ នន្ទិសេនេនា។

អ្នកទាំងឡាយ ចូរបើកទ្វារថ្វាយព្រះរាជធីតាទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេច​ចូល​ទៅខាង​ក្នុង​ព្រះនគរ ដែលខ្ញុំ​ជាអាមាត្យ​ឈ្មោះនន្ទសេន ជាបុរស​សីហៈរបស់​ព្រះបាទ​អរុណ ដែលអាចារ្យ​ប្រៀនប្រដៅ​ល្អ រក្សាល្អ​ហើយ។

បទថា ព្រះបាទអរុណ សេចក្ដីថា ពិតមែន ព្រះរាជា​នោះមាន​ព្រះនាមថា អស្សកៈ ដោយ​អំណាច​នៃឈ្មោះដែន ក្នុងកាល​ដែលតាំង​នៅក្នុង​រាជសម្បត្តិ តែរាជ​ត្រកូល​ថ្វាយព្រះនាម​ព្រះអង្គថា អរុណ។ ព្រោះ​ហេតុនោះ ទើប​នន្ទិសេន​ពោលថា ព្រះបាទ​អរុណ។

នន្ទិសេនពោលយ៉ាងនេះហើយ ក៏ឲ្យគេបើកទ្វារ រួចនាំ​ព្រះរាជធីតា​ទាំង ៤ ទៅ​ថ្វាយ​ព្រះបាទ​អស្សកៈ និងលួង​លោមព្រះអង្គ​ថា សូមព្រះអង្គ​កុំភ័យខ្លាច​ឡើយ កាលបើ​សង្គ្រាម​កើតឡើង ទូលបង្គំ​មុខតែ​នឹងឈ្នះ សូមព្រះអង្គ​យកព្រះរាជ​ធីតា ដែល​មានរូប​ឆោមឧត្តម​ទាំងនេះ​ធ្វើជា​មហេសី​ចុះ រួចក៏ឲ្យ​ព្រះរាជា​ប្រទាន​អភិសេក​ដល់​ព្រះរាជធីតា​ទាំងនោះ រួចហើយ នន្ទិសេន​ប្រាប់ពួក​បុរស​ដែលមក​ជាមួយ​ព្រះរាជធីតា ឲ្យ​ត្រឡប់​ទៅវិញ ដោយផ្ដាំថា អ្នកទាំងឡាយ‌​ចូរទៅចុះ សូមប្រាប់​ព្រះរាជា​របស់ពួក​អ្នកផងថា ព្រះរាជធីតា​ទាំងឡាយ ត្រូវព្រះបាទ​អស្សកៈ​តែងតាំង​ក្នុងតំណែង​អគ្គមហេសី​ហើយ។ រាជបុរស​ទាំងឡាយ​នោះ ត្រឡប់ទៅ ហើយប្រាប់​ព្រះបាទកាលិង្គរាជ​ឲ្យទ្រង់ជ្រាប។

ព្រះបាទកាលិង្គរាជពោលថា នន្ទិសេននោះ មិនដឹង​កម្លាំងអញ​ទេដឹង រួចព្រះអង្គ​យាងចេញ​ដំណើរ​មួយអន្លើ​ដោយ​សេនាជា​ច្រើន។ នន្ទិសេន​ដឹងដំណើរ​យាងមក​របស់​ព្រះបាទ​កាលិង្គរាជ​នោះហើយ បានបញ្ជូន​សារទៅថ្វាយថា សូមព្រះអង្គ​ឈប់ត្រង់​ព្រំប្រទល់​របស់​ព្រះអង្គសិន សូមកុំ​យាងចូល​ក្នុងព្រំប្រទល់​របស់ស្ដេច​នៃពួក​ទូលបង្គំ សង្គ្រាម​នឹងធ្វើឡើង​នៅចន្លោះ​ព្រំប្រទល់​ដែននៃ​រាជាណាចក្រ​ទាំងពីរ។ ព្រះរាជា​កាលិង្គ ទ្រង់សណ្ដាប់​សារហើយ ក៏ឈប់ ហើយបោះ​ជំរុំកងទ័ព​នៅចុងដែន​របស់ព្រះអង្គ។ ចំណែក​ព្រះបាទអស្សកៈ ទ្រង់ដឹក​នាំទ័ពទៅ​ឈប់​នៅចុងដែន​របស់ព្រះអង្គ​ដែរ។

គ្រានោះ ព្រះពោធិសត្វបួសជាឥសី ស្នាក់នៅក្នុង​បណ្ណសាលា ក្នុងរវាង​ដែននៃ​ព្រះរាជា​ណាចក្រ​ទាំងពីរនោះ។ ព្រះបាទ​កាលិង្គរាជ​គិតថា ឈ្មោះថា សមណៈ នឹងដឹង​រឿងអ្វី​មួយ តើអ្នក​ណាដឹង តើនឹង​មានអ្វី​កើតឡើង អ្នកណា​នឹងមានជ័យ ឬអ្នក​ណាបរាជ័យ អញនឹង​សួរតាបស គិតដូច្នេះ​ហើយ ព្រះអង្គ​ក្លែងភេទ​មិនឲ្យ​មានគេ​ស្គាល់ ចូលទៅ​រក​ព្រះពោធិសត្វ ថ្វាយបង្គំ​ហើយ អង្គុយក្នុង​ទីសមគួរ ធ្វើ​បដិសណ្ឋារៈ និងសាក​សួរថា បពិត្រ​លោកម្ចាស់ ព្រះរាជា​កាលិង្គ និងព្រះរាជា​អស្សកៈ មានបំណង​ធ្វើ​សង្គ្រាម​ជាមួយគ្នា ឥឡូវពួក​ទ្រង់កំពុង​ឋិតនៅ​ព្រំប្រទល់​ដែន​រៀងៗខ្លួន បណ្ដា​ស្ដេចទាំង​ពីរអង្គ​នោះ តើស្ដេច​អង្គណា នឹងមាន​ជ័យជម្នះ ស្ដេចអង្គ​ណានឹង​បរាជ័យ។ តាបស​ពោធិសត្វ​ឆ្លើយថា នែអ្នកមាន​បុណ្យច្រើន អាត្មាមិន​ដឹងខាង​ណាឈ្នះ ខាងណា​ចាញ់ទេ ចាំមើល​សក្កទេវរាជ​មកទីនេះ អាត្មា​នឹងសួរ រួចហើយ​អាត្មា​នឹងប្រាប់ ថ្ងៃស្អែក​អ្នកចូរមក​ទីនេះ​ម្ដងទៀត​ចុះ។ សក្កទេវរាជ​មកកាន់​ទីឧបដ្ឋាក​របស់តាបស​ពោធិសត្វ រួចប្រថាប់​គង់ តាបស​សាកសួរ​សេចក្ដីនោះ។ សក្កទេវរាជ​ពោលថា ស្ដេច​កាលិង្គ​នឹងឈ្នះ ស្ដេចអស្សកៈ​នឹងចាញ់ បុព្វនិមិត្ត​នេះៗ នឹងប្រាកដ​ឡើង។

ក្នុងថ្ងៃស្អែក ស្ដេចកាលិង្គរាជយាងមកសួរ តាបសពោធិសត្វ​ក៏ប្រាប់​ព្រះអង្គ។ ស្ដេចកាលិង្គ​មិនបាន​សួរថា បុព្វនិមិត្តអ្វី នឹងកើត​ឡើងឡើយ គ្រាន់តែឮថា ព្រះអង្គនឹង​ឈ្នះ ទ្រង់ក្រោក​យាងចេញ​ដោយសេចក្ដី​ត្រេកអរថា បានឮថា អញនឹងឈ្នះ។ សេចក្ដី​ថ្លែងនោះ បានចារ​ឲ្យច្រើន​ផ្សាយទៅ។ ចំណែក​ស្ដេចអស្សកៈ​ឮដំណឹង​នោះ ទ្រង់ឲ្យគេ​ហៅនន្ទិសេន​មកពិភាក្សា​ថា ឮដំណឹងថា ស្ដេច​កាលិង្គ​នឹងឈ្នះ យើងនឹងចាញ់ តើយើង​ត្រូវធ្វើ​ដូចម្ដេច?។ នន្ទិសេន​ក្រាបទូលថា បពិត្រ​មហារាជ តើអ្នកណា​ដែលដឹងថា ស្ដេចណា​ឈ្នះ ឬស្ដេច​ណាចាញ់នោះ សូមព្រះអង្គ​កុំគិតឡើយ លួងលោម​ព្រះរាជា​ដូច្នេះ​ហើយ នន្ទិសេន​ចូលទៅរក​តាបស​ពោធិសត្វ ថ្វាយបង្គំ​ហើយ អង្គុយ​ក្នុងទីសមគួរ សាក​សួរថា បពិត្រ​លោកម្ចាស់ តើស្ដេច​ណាឈ្នះ ស្ដេចណា​ចាញ់?។

 

តាបសពោធិសត្វពោលថា ស្ដេចកាលិង្គនឹងឈ្នះ ស្ដេចអស្សកៈ​នឹងចាញ់។

នន្ទិសេនសួរថា បពិត្រលោកម្ចាស់ តើបុព្វនិមិត្ត​ដូចម្ដេច​នឹងកើតឡើង​ដល់អ្នក​ឈ្នះ បុព្វនិមិត្ត​ដូចម្ដេច​នឹងកើត​ឡើង​ដល់អ្នកចាញ់?

ព្រះពោធិសត្វពោលថា នែមហាបុញ្ញបុគ្គល អារក្ខទេវតានឹងប្លែង​ភេទជាគោ​ឧសភៈ ពណ៌ស​សុទ្ធ ប្រាកដ​ដល់អ្នក​ឈ្នះ, ចំណែក​អារក្ខទេវតា​របស់អ្នក​ចាញ់ នឹងប្លែង​ភេទជា​គោឧសភៈ​ពណ៌ខ្មៅសុទ្ធ, អារក្ខទេវតា​របស់ព្រះរាជា​ទាំងពីរ នឹងច្បាំងគ្នា​ដើម្បី​ទទួល​នូវជ័យ និង​បរាជ័យ។

នន្ទិសេនស្ដាប់ពាក្យនោះហើយ ក្រោកឡើង នាំមហាយោធា​ជាសម្លាញ់​ប្រមាណ ១,០០០ នាក់ ឡើងទៅ​លើភ្នំ​មិនឆ្ងាយ​ប៉ុន្មានពី​ទីនោះ ហើយសួរថា នែសម្លាញ់ តើអ្នក​ទាំងឡាយ​អាចថ្វាយ​ជីវិតដល់​ព្រះរាជា​យើងទេ ?

ពួកយោធាពោលថា បាទលោក ពួកយើងអាច។

នន្ទិសេនពោលថា បើដូច្នោះ ចូរអ្នកទាំងឡាយ​លោតទម្លាក់​ក្នុងជ្រោះ​នេះចុះ។

ពួកមហាយោធាប្រារព្ធនឹងលោត។

គ្រានោះ នន្ទិសេនឃាត់ពួកយោធាថា កុំលោតទម្លាក់​ក្នុងទីនេះ​ឡើយ អ្នកទាំង​ឡាយ មានចិត្ត​ស្ម័គ្រស្មោះ ថ្វាយជីវិត​ចំពោះ​ព្រះរាជា​របស់យើង មិនត្រឡប់​ក្រោយទេ អ្នកទាំងឡាយ​ចូរច្បាំងចុះ។

សេនាយោធាទាំងឡាយនោះយល់ព្រម។

លំដាប់នោះ សង្គ្រាមតាំងឡើង ស្ដេចកាលិង្គ មានការរសាយ​សេចក្ដី​ព្យាយាម ដោយ​ព្រះតម្រិះ​ថា បានឮថា អញមុខ​តែឈ្នះ។ ចំណែក​ពួកពល​របស់ព្រះអង្គ ក៏ដូចគ្នា ម្នាក់ៗ រសាយ​សេចក្ដី​ព្យាយាម ដោយគិតថា បានឮថា ជ័យជម្នះ​នឹងមានដល់​ពួកយើង។ ពួកគេ​មិនធ្វើ​ការត្រៀម នាំគ្នា​នៅជាក្រុមៗ ដើរចេញ​តាមទំនើង​ចិត្ត មិនធ្វើ​សេចក្ដី​ព្យាយាម​ក្នុងកាល​គួរព្យាយាម។

ចំណែកព្រះរាជាទាំងពីរអង្គ ឡើងជិះសេះចូលរកគ្នា ដោយគិតថា យើងនឹងច្បាំង។ អារក្ខទេវតា​របស់​ព្រះរាជា​ទាំងពីរ ទៅខាង​មុខស្ដេច។ អារក្ខទេវតា​របស់​ស្ដេចកាលិង្គ ប្លែងខ្លួន​ជាគោឧសភៈ​សសុទ្ធ ឯអារក្ខទេវតា​របស់​ព្រះបាទអស្សកៈ ប្លែងខ្លួន​ជាគោឧសភៈ​ខ្មៅសុទ្ធ។ ទេវតា​ទាំងនោះ​សម្រុក​ចូលច្បាំងគ្នា។ ប៉ុន្តែ​គោឧសភៈ​ទាំងនោះ មានតែ​ព្រះរាជាពីរ​អង្គប៉ុណ្ណោះ​បានឃើញ អ្នកដទៃ​មើលមិន​ឃើញទេ។

 

នន្ទិសេនក្រាបទូលសួរព្រះរាជាអស្សកៈថា បពិត្រមហារាជ អារក្ខទេវតា​របស់​ព្រះអង្គ ប្រាកដ​ហើយឬនៅ ?

ព្រះរាជាត្រាស់ថា ប្រាកដហើយ។

នន្ទិសេនសួរថា ប្រាកដដោយអាការៈដូចម្ដេច ?

ព្រះបាទអស្សកៈពោលថា អារក្ខទេវតារបស់ស្ដេចកាលិង្គ ជាគោឧសភៈស​សុទ្ធ អារក្ខទេវតា​របស់​យើង សម្បុរខ្មៅសុទ្ធ កំពុង​តែឈរហត់។

នន្ទិសេនពោលថា បពិត្រមហារាជ សូមព្រះអង្គ​កុំភ័យឡើយ ពួកយើង​នឹងឈ្នះ ស្ដេចកាលិង្គ​នឹងចាញ់ សូមព្រះអង្គ​ឡើងលើខ្នង​សេះកាន់​លំពែងនេះ វាយ​សេះសិន្ធព ដែលហ្វឹក​ហាត់ល្អ ត្រង់ផ្នែក​ពោះ ដោយព្រះហស្ដ​ខាងឆ្វេង សម្រុក​ចូលទៅ​ជាមួយបុរស ១,០០០ នាក់នេះ ហើយយក​លំពែង​វាយផ្ដួល​អារក្ខទេវតា​របស់​ព្រះរាជាកាលិង្គ គ្រានោះ បុរស​ទាំង ១,០០០ នាក់ នឹងចោល​លំពែងទាំង ១,០០០ ទៅទាំង​អស់គ្នា, ធ្វើ​យ៉ាងនេះ អារក្ខទេវតា​របស់​ស្ដេច​កាលិង្គ​នឹងវិនាស រំពេចនោះ ស្ដេចកាលិង្គ​នឹងបរាជ័យ ពួកយើង​នឹងឈ្នះ។

ព្រះរាជាយល់ ទទួលថា ល្អ ហើយទ្រង់​យាងទៅ​ប្រហារដោយ​លំពែង តាមសញ្ញា ដែល​នន្ទិសេន​ទូលថ្វាយ។ ចំណែក​យោធា​ក្លាហានទាំង ១,០០០ នាក់ ក៏បុក​លំពែង​ទាំង ១,០០០ ចូលទៅ។ អារក្ខទេវតា​របស់ស្ដេច​កាលិង្គ ក៏ក្ស័យ​ជីវិតនៅ​ក្នុងសមរភូមិ​នោះឯង។ រំពេចនោះ ស្ដេច​កាលិង្គ​បរាជ័យ ទ្រង់រត់​ភៀសខ្លួន។ ពួកទាហាន ១,០០០ នាក់ឃើញ ស្ដេច​កាលិង្គរត់ ក៏ស្រែក​យ៉ាងខ្លាំងថា ព្រះបាទ​កាលិង្គរាជ​រត់ហើយ។ ស្ដេចកាលិង្គ ភ័យខ្លាច​ស្លាប់ កាលរត់​បណ្ដើរ ជេរតាបស​បណ្ដើរ ក៏ពោល​គាថាទី ២ ថា

ជយោ កលិង្គានមសយ្ហសាហិនំ, បរាជយោ អនយោ អស្សកានំ;

ឥច្ចេវ តេ ភាសិតំ ព្រហ្មចារិ, ន ឧជ្ជុភូតា វិតថំ ភណន្តិ។

ម្នាលព្រហ្មចារិតាបស អ្នកពោលយ៉ាងនេះថា ជម្នះនឹង​មានដល់​ពួកកាលិង្គៈ ដែលជា​អ្នកអត់ធន់​ចំពោះ​ទុក្ខភ័យ ដែល​គេអត់ធន់​មិនបាន បរាជ័យ​នឹងមាន​ដល់ពួក​អស្សកៈ​ដូច្នេះ ជនទាំង​ឡាយ អ្នកមាន​សន្ដាន​ស្លូតត្រង់ មិនពោល​នូវពាក្យ​មិនពិត​ឡើយ

ព្រះរាជាកាលិង្គរត់ជេរតាបស​យ៉ាងនេះ រហូតទៅ​ដល់នគរ​របស់ព្រះអង្គ ទ្រង់ពុំ​ហ៊ានក្រឡេក​មើលក្រោយ​ឡើយ។ ពីរបីថ្ងៃ​ក្រោយមក សក្កទេវរាជ​យាងទៅ​កាន់ទី​ឧបដ្ឋាក​របស់តាបស។

តាបស កាលចរចាជាមួយព្រះឥន្ទ ទើបពោលគាថាទី ៣ ថា

ទេវា មុសាវាទមុបាតិវត្តា, សច្ចំ ធនំ បរមំ តេសុ សក្ក;

តំ តេ មុសា ភាសិតំ ទេវរាជ, កឹ វា បដិច្ច មឃវា មហិន្ទា។

បពិត្រសក្កទេវរាជ ពួកទេវតាប្រព្រឹត្តកន្លងហើយនូវមុសាវាទ ព្រះអង្គ​គួរធ្វើនូវ​ពាក្យពិត​ដ៏ទៀងទាត់​យ៉ាងក្រៃលែង បពិត្រ​មឃវទេវរាជ​ជាធំលើ​ផែនដី ម្យ៉ាងទៀត ព្រះអង្គ​អាស្រ័យ​ហេតុអ្វី ទើបពោល​នូវពាក្យ​មុសាវាទនោះ។

 

សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៤ ថា

ននុ តេ សុតំ ព្រាហ្មណ ភញ្ញមានេ, ទេវា ន ឥស្សន្តិ បុរិសបរក្កមស្ស;

ទមោ សមាធិ មនសោ អភេជ្ជោ, អព្យគ្គតា និក្កមនញ្ច កាលេ;

ទឡ្ហញ្ច វិរិយំ បុរិសបរក្កមោ ច, តេនេវ អាសិ វិជយោ អស្សកានំ។

បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮ​ពាក្យគេ​និយាយថា ពពួក​ទេវតា​មិនច្រណែន ចំពោះ​សេចក្ដី​ព្យាយាម​របស់​បុរសទេ ការទូន្មាន​ខ្លួន ១ ការតម្កល់មាំ​មិនបែកចិត្ត ១ ការមិន​បន្ធូរបន្ថយ ការប្រឹងប្រែង​ក្នុងកាលគួរ ១ ព្យាយាម​ដ៏មាំ ១ ការសង្វាត​របស់​បុរស ១ (មានដល់​ពួកអស្សកៈ) ហេតុនោះ បានជា​ជ័យជម្នះ​មានហើយ​ដល់ពួក​អស្សកៈ។

កាលស្ដេចកាលិង្គរាជរត់ទៅបាត់ហើយ ព្រះរាជា​អស្សកៈ បង្គាប់ឲ្យ​គេយក​វិលោប ហើយ​ទ្រង់យាង​ទៅនគរ​របស់​ព្រះអង្គ​វិញ។ ចំណែក​នន្ទិសេន​បញ្ជូនសារ​ទៅថ្វាយ​ព្រះរាជា​កាលិង្គថា សូមព្រះអង្គ​បញ្ជូនចំណែក​នៃព្រះរាជ​ទ្រព្យ ដែល​គួរដល់​ព្រះរាជកញ្ញា​ទាំង ៤ អង្គនេះ បើទ្រង់​មិនបញ្ជូន​មកទេ ទូលបង្គំ​នឹងដឹង​នូវកិច្ច​ដែលត្រូវ​ធ្វើក្នុង​រឿងនេះ។ ព្រះរាជា​កាលិង្គ​ស្ដាប់ដំណឹង​នោះហើយ ទ្រង់ភ័យ​តក់ស្លុត ក៏បានបញ្ជូន​រាជទ្រព្យ ដែល​ព្រះរាជធីតា​ត្រូវបាន ទៅថ្វាយ​ព្រះរាជធីតា។ ចាប់ពី​ពេលនោះ​មក នគរ​ទាំងពីរ ក៏រស់នៅ​ព្រមព្រៀង​គ្នា។

ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា

 

តទា កាលិង្គរញ្ញោ ធីតរោ ឥមា ទហរភិក្ខុនិយោ អហេសុំ រាជធីតា​របស់​ស្ដេច​កាលិង្គ​ក្នុងកាល​នោះ បានមកជា​ភិក្ខុនី​ក្រមុំទាំងនេះ

នន្ទិសេនោ សារិបុត្តោ នន្ទិសេន គឺ សារីបុត្រ

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស គឺ តថាគតនេះឯង។

ចូឡកាលិង្គជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៨៥)

ប្រែដោយ ខេមរ អភិធម្មាវតារ