នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចុល្លសុវករាជជាតក

(ឆដ្ឋ. ចូឡសុវជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។

 

កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់​មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយ​ញ៉ាំងកថាឲ្យតាំង​ឡើងក្នុង​ធម្មសភាថា ម្នាលអាវុសោ ព្រះតថាគត​ជា​ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកប​ដោយឥទ្ធានុភាព​ច្រើន កាលនៅ​ចាំវស្សា​អស់ ៣ ខែ ដោយការនិមន្ត​របស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបាន​ភិក្ខាសូម្បី​តែមួយថ្ងៃ​អំពីសម្នាក់​ព្រាហ្មណ៍នោះ ដោយអំណាច​នៃមារបង្វិលចិត្ត ទ្រង់លះ​សេចក្ដីល្មោភ​ក្នុងអាហារ ទ្រង់ញ៉ាំង​ព្រះជន្មឲ្យ​ប្រព្រឹត្តទៅ​ដោយអាហារ​សម្រាប់សេះ​មួយនាឡិ អស់ ៣ ខែ ស្ដេចមិនយាង​ទៅក្នុងទីដទៃ សេចក្ដី​ប្រាថ្នាតិច និងសេចក្ដី​សន្តោសរបស់​ព្រះតថាគត អស្ចារ្យ​ណាស់ ។ ព្រះសាស្ដា​យាងមក ហើយសួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា​ដោយរឿងអ្វី ។ កាលភិក្ខុ​ទាំងឡាយ​ទូលថា ដោយរឿង​ឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ការលះសេចក្ដី​ល្មោភក្នុងអាហារ ក្នុងកាល​ឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុង​កាលមុន កាលតថាគត​កើតក្នុង​កំណើត​សត្វតិរច្ឆាន ក៏លះសេចក្ដី​ល្មោភក្នុង​អាហារដែរ ដូច្នេះហើយ ព្រះអង្គទើប​នាំអតីតនិទាន​មក ។

 

រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យ​ដំបូងនោះឯង ។

 

(សេ្តចហង្សនិយាយនឹងសេ្តចសេកថា)

សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ;

កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។

ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្ត​រីករាយជានិច្ច​តែនឹងដង្គត់ឈើពុកស្ងួត ។

 

(សេ្តចសេកនិយាយតបវិញថា)

ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ;

អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។

យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើង​ដឹងថា ឈើនោះ មិនមានផ្លែហើយ ការ​មេត្រីនោះ ក៏នៅដូចដើម ។

 

(ស្តេចហង្សនិយាយថា)

សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ;

ឱហាយ សកុណា យន្តិ, កឹ ទោសំ បស្សសេ ទិជ។

សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើ​ដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នក​សម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។

 

(សេ្តចសេកនិយាយថា)

យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ;

អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។

ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រក​នូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោល​នូវដើមឈើ​នោះ ពួក​សត្វស្លាបនោះ ឈ្មោះថា​មានប្រាជ្ញា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំង​ចំណែកនៃ​សេចក្តីរាប់​អានឲ្យវិនាស ។

 

(ស្តេចហង្សនិយាយថា)

សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ;

សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។

ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ​ និងសេចក្តី​ស្និទ្ធស្នាល ដែលអ្នកបាន​ធ្វើហើយ ជាការ​ប្រពៃណាស់ បើអ្នកពេញ​ចិត្តធម៌នេះ អ្នកនឹងបាន​ជាទីសរសើរ​នៃពួកវិញ្ញូជន ។

 

សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម;

វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។

មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរ​ដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នា​នូវពរណានីមួយ ចូរទទួល​យកពរនោះចុះ ។

 

(សេ្តចសេកនិយាយថា)

អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ;

ទលិទ្ទោវ និធឹ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។

ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញ​ដូចដើម ខ្ញុំគប្បី​រីករាយ​រឿយ ៗ ដូចមនុស្ស​កម្សត់ បានកំណប់ទ្រព្យ ។

 

(អភិសម្ពុទ្ធគាថា)

តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ;

តស្ស សាខា វិរូហឹសុ, សីតច្ឆាយា មនោរមា។

លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច​នូវឈើដុះលើ​ផែនដី ដើមឈើនោះ មានមែក​លូតលាស់​ត្រសាយត្រសុំ មានម្លប់ដ៏​ត្រជាក់ ជាទីរីករាយនៃចិត្ត ។

 

(ស្តេចសេកនិយាយថា)

ឯវំ សក្ក សុខី ហោហិ, សហ សព្វេហិ ញាតិភិ;

យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។

បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គ​បានសេចក្តីសុខ ព្រមទាំង​ពួកញាតិ​ទាំងអស់ ឲ្យដូចជាខ្ញុំ​ដែលបាន​សេចក្តីសុខ ព្រោះ​ឃើញនូវដើមឈើ​ដ៏ប្រកប​ដោយផ្លែ ក្នុងថ្ងៃនេះ ។

 

(អភិសម្ពុទ្ធគាថា)

សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ;

បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។

ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ​ ឲ្យមានផ្លែ រួចក៏ចៀសចេញ​ទៅកាន់​នន្ទនវនឧទ្យាន​នៃទេវតាទាំងឡាយ ជាមួយនឹង​ភរិយា ។

 

សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សា​គប្បីជ្រាប​តាមន័យ​ដំបូង​នោះឯង ចំណែកក្នុង​ជាតកនេះ ខ្ញុំនឹងពណ៌នា​បទដែលលំបាក​ប៉ុណ្ណោះ ។

 

បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយ​ស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេង​ដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជ​ដ៏មានអាយុ មានចិត្តត្រេកអរ​ស៊ប់នឹង​ដើមឈើ ដែលមាន​សភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើម​ឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាល​ច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជ កាលប្រកាស​សេចក្ដីនោះ ទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើ​នេះ​មិនមានផ្លែ មេត្រីភាព​ជាមួយនឹង​ដើមឈើនោះ​ក្នុងកាល​មុនយ៉ាងណា មេត្រីភាព​នោះ ពួកខ្ញុំនឹង​មិនទម្លាយ​មេត្រីភាពនោះ ព្រោះថា​អ្នកដែល​ទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។

 

បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដី​ប្រាថ្នារបស់ខ្ញុំ​គប្បីបាន ពរដែល​លោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញ​ដើមឈើនេះ​មានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជា​សត្វកម្សត់​បានកំណប់នេះ នឹងគប្បីត្រេកអរ​នឹងដើមឈើ​នោះរឿយៗ កាលបាន​ឃើញដើម​ឈើនោះ ខ្ញុំនឹងមាន​ចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅ​ដោយអានុភាព​របស់ខ្លួន កាន់យកទឹក​ទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មាន​អភិសម្ពុទ្ធគាថា ២ មួយ​អន្លើដោយ​គាថាទាំង​ឡាយនេះ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ

សុវរាជា បន អហមេវ អហោសឹ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។

ចប់ ចូឡសុវជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២)

ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០

ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨

ដោយ ស.ដ.វ.ថ.