នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចុល្លកុណាលជាតក

(ឆដ្ឋ. ចូឡកុណាលជាតក)

ជាតកនេះ​មានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមាន​ប្រាកដ​ជាក់ច្បាស់​ក្នុង​កុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។

 

(សេចក្ដីខាងក្រោមនេះ ជាខ្លឹមសារ​ចូឡកុណាលជាតក​ក្នុងព្រះត្រៃបិដក ៖

សត្វតាវ៉ៅបានពោលថា

លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ,

នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។

បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីល និងវត្ត) របស់​ពួកស្ត្រី ជាអ្នក​ឈ្លានពាន មានចិត្ត​រហ័ស មិនដឹង​នូវឧបការគុណ ដែលគេ​ធ្វើហើយ ជាអ្នក​ប្រទូស្តមិត្រ​ទេ ។

 

ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា,

អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។

ស្ត្រីទាំងនោះ មិនដឹងនូវឧបការគុណ ដែលគេធ្វើ​ហើយដល់ខ្លួន មិន​ដឹង​ច្បាស់នូវកិច្ច (ដែលខ្លួន​ត្រូវធ្វើ) មិនដឹងច្បាស់​នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្ត​កន្លងច្បាប់​ជាធម្មតា លុះក្នុង​អំណាចនៃ​ចិត្តរបស់ខ្លួន ។

 

ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ,

អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។

ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅ​ជាមួយ​គ្នាអស់​កាលយូរ ជាអ្នក​អនុគ្រោះ​សូម្បីស្មើ​ដោយជីវិត ក្នុង​គ្រោះ​ថា្នក់ទាំង​ឡាយផង ក្នុងកិច្ចការ​ទាំងឡាយ​ផង ព្រោះហេតុនោះ ខ្ញុំមិន​ស្និទ្ធស្នាល​នឹងស្ត្រីទាំង​ឡាយឡើយ ។

 

ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា,

ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។

ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជា​សត្វស្វា ឬដូចជា​ម្លប់ឈើ ចិត្តរបស់​ពួកស្ត្រី ច្រាសច្រាល់ វិលវល់ ដូចជាខ្នង​កង់ កាលវិល​ទៅដូច្នោះ ។

 

យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ,

សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។

ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញ​ទ្រព្យរបស់បុរស មានសភាព​គួរយកបាន ក៏នាំ​បុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដី​ដ៏ផ្អែមល្ហែម​ទាំងឡាយ ដូចជា​ពួកជន​អ្នកនៅក្នុង​ដែនកម្ពោជៈ កាលនាំសេះ​ទៅកាន់​អំណាចខ្លួន ដោយស្លែ​ដូច្នោះ ។

 

យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ,

សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។

ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិន​ឃើញទ្រព្យ​របស់បុរស មានសភាព​គួរយក​បានទេ ក៏គេច​ចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជា​បុគ្គលអ្នក​ឆ្លង​ទៅដល់​ត្រើយស្ទឹង​ហើយ ក៏វៀរបង់​នូវក្បូនដូច្នោះ ។

 

សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា,

សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។

ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀប​ដោយជ័រ ដូចជា​ភ្លើងដែលស៊ី​នូវវត្ថុ​គ្រប់យ៉ាង មានមាយា​ដ៏ក្លៀវក្លា ដូចជាស្ទឹង​មានខ្សែទឹក​ដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេព​នូវបុរស​ជាទីស្រឡាញ់ និងមិនជាទី​ស្រឡាញ់ ដូចជាទូក​ដែល​អែបនូវ​ច្រាំងទាំង​ខាងអាយ ទាំង​ខាងនាយ ដូច្នោះ ។

 

ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ,

យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។

ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែន​របស់បុរស​ពីរនាក់ទេ ដូច​ជារានផ្សារ ដែលគេ​រៀបហើយ បុរសណា សម្គាល់​នូវស្ត្រី​ទាំងនោះ ថាជា​របស់អញ បុរសនោះ គប្បីចង​ខ្យល់ដោយ​សំណាញ់​បាន ។

 

យថា នទី ច បន្ថោ ច, បានាគារំ សភា បបា,

ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។

ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រី​ទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលា​របស់ស្ត្រីទាំង​នោះ មិនមានឡើយ ។

 

ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា,

គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។

ស្ត្រីទាំងនោះ ស្មើដោយភ្លើង​ឆេះឆ្នាំងខ្លាញ់ ឧបមា​ដោយក្បាល​ពស់វែក ឬដូចជា​ពួកគោ​ស៊ីច្បិចតែចុង​ស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។

 

ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា,

ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។

នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជន​ទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែល​បានមុទ្ធាភិសេក​ហើយ ១ ពួកស្ត្រី​ទាំងអស់ ១ ភាវៈ​ទៀងទាត់ របស់​ជនទាំងនោះ គេស្គាល់​បានដោយ​ក្រ ។

 

នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា,

ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។

ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរ​សេពទេ ស្ត្រីជាទី​ស្រឡាញ់​នៃបុរស​ច្រើនគ្នា បុរស​មិនគួរ​សេពទេ ស្ត្រីប្រសប់​រាំច្រៀង បុរស​មិនគួរ​សេពទេ ស្ត្រីជា​ប្រពន្ធ​របស់បុគ្គល​ដទៃ បុរសមិន​គួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុ​តែទ្រព្យ បុរស​មិនគួរ​សេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិន​គួរសេព​ឡើយ ។)

(ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧)

 

ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩

ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨

 

ដោយ ខេមរ អភិធម្មាវតារ