។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចន្ទាភជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ការព្យាករ​បញ្ហា​របស់​ព្រះថេរៈ ត្រង់​ទ្វារ​នគរ​សង្កស្សៈ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យ​ថា ចន្ទាភំ ដូច្នេះ​ជាដើម។

 

បានឮថា ក្នុងអតីត កាលព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ក្នុង​កាល​នោះ ព្រះពោធិសត្វ​កំពុងធ្វើ​កាល​កិរិយា​ក្នុងដងព្រៃ ត្រូវពួក​អន្តេវាសិក​សួរ ក៏ពោលថា ចន្ទាភំ សូរិយាភំ (ពន្លឺដូច​ព្រះចន្ទ ពន្លឺដូច​ព្រះអាទិត្យ) ដូច្នេះ​ហើយ ក៏បានកើត​ក្នុង​ព្រហ្មលោក​ជាន់​អាភស្សរា។ តាបស​ទាំងឡាយ​មិនជឿពាក្យ​របស់​ជេដ្ឋន្តេវាសិក (សិស្ស​ជា​ប្រធាន) ព្រះពោធិសត្វ​មកអំពី​អាភស្សរភូមិ ឈរឋិត​នៅកណ្ដាល​អាកាស ពោល​គាថា​នេះ​ថា

 

ចន្ទាភំ សូរិយាភញ្ច, យោធ បញ្ញាយ គាធតិ;

អវិតក្កេន ឈានេន, ហោតិ អាភស្សរូបគោ។

បុគ្គលណាក្នុងលោកនេះបាននូវកសិណ មានពន្លឺ​ដូចព្រះចន្ទ (ឱទាតកសិណ) មាន​ពន្លឺ​ដូច​ព្រះអាទិត្យ (បីតកសិណ) ដោយ​បញ្ញា បុគ្គលនោះ រមែងទៅ​កើតក្នុង​អាភស្សរព្រហ្មលោក ដោយ​ឈាន​មិនមាន​វិតក្កៈ (ទុតិយជ្ឈាន)។

 

បណ្ដាបទទាំងនោះ បទថា ចន្ទាភំ លោកសម្ដែង​នូវ​ឱទាតកសិណ។ បទថា សូរិយាភំ បាន​ដល់ បីតកសិណ។ បទថា យោធ បញ្ញាយ គាធតិ សេចក្ដីថា បុគ្គល​ណាក្នុង​សត្ត​លោក​នេះ តាំងទុក​កសិណ​ទាំងពីរ​នេះ ដោយបញ្ញា ធ្វើឲ្យជា​អារម្មណ៍ ចូល​ទៅតាំង​ទុកក្នុង​កសិណ​នោះ។ ម្យ៉ាងទៀត បទថា ចន្ទាភំ សូរិយាភញ្ច, យោធ បញ្ញាយ គាធតិ នេះ​សេចក្ដី​ថា ពន្លឺព្រះចន្ទ្រ​និងព្រះអាទិត្យ​ផ្សាយទៅ​កាន់ទី​មាន​ប្រមាណ​ប៉ុណ្ណា គប្បី​ចម្រើន​បដិភាគ​កសិណ ក្នុងទីមាន​ប្រមាណ​ប៉ុណ្ណោះ ធ្វើកសិណ​នោះឲ្យជា​អារម្មណ៍ កាល​ញ៉ាំង​ឈាន​ឲ្យកើត​ឡើង ឈ្មោះថា តាំងទុក​នូវពន្លឺ​ទាំងពីរនោះ ដោយ​បញ្ញា។ ព្រោះ​ហេតុនោះ នេះជា​ការអធិប្បាយ​ក្នុង​បទនោះ។ បទថា អវិតក្កេន ឈានេន, ហោតិ អាភស្សរូបគោ សេចក្ដី​ថា បុគ្គលនោះ ធ្វើយ៉ាងនោះ ជាអ្នក​ទៅកាន់​ព្រហ្មលោក​ជាន់​អាភស្សរា ដោយ​ឈានទី ២ ដែល​ខ្លួនបាន​ហើយ។

 

ព្រះពោធិសត្វញ៉ាំងតាបសទាំងឡាយឲ្យយល់ច្បាស់​ហើយ​យ៉ាងនេះ​ហើយ ពោល​គុណ​របស់​ជេដ្ឋន្តេវាសិក រួចក៏ទៅ​កាន់​ព្រហ្មលោក​វិញ។ ក្នុងគ្រានោះ តាបស​ទាំងឡាយ​ដ៏សេស ក៏​ជឿពាក្យ​របស់​ជេដ្ឋន្តេវាសិក។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មក​ហើយ ទ្រង់ប្រជុំ​ជាតកថា

តទា ជេដ្ឋន្តេវាសិកោ សារិបុត្តោ ជេដ្ឋន្តេវាសិក​ក្នុងកាល​នោះ បានមកជា​សារីបុត្រ

មហាព្រហ្មា បន អហមេវ អហោសឹ ចំណែកមហាព្រហ្ម គឺ តថាគតនេះឯង។

ចប់ ចន្ទាភជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០)

ប្រែដោយ ស.ដ.វ.ថ.