។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចន្ទកិន្នរជាតក

(ឆដ្ឋ. ចន្ទកិន្នរីជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តនិគ្រោធារាម ដែល​អាស្រ័យ​នៅនឹង​នគរ​កបិលពស្តុ ទ្រង់​ប្រារព្ធ​ព្រះនាង​រាហុលមាតា បានត្រាស់​ព្រះធម្មទេសនា​នេះក្នុង​រាជនិវេសន៍ មាន​ពាក្យថា ឧបនីយតិទំ មញ្ញេ ដូច្នេះ​ជាដើម។

 

ជាតកនេះគប្បីពោលតាំងតែទូរេនិទាន។ តែនិទានកថា​នេះ រហូត​ដល់​សីហនាទ​របស់​ព្រះ​ឧរុវេល​កស្សបៈ​ក្នុងលដ្ឋិវ័ន បានពោល​ទុកហើយ​ក្នុង​អបណ្ណកជាតក។ បន្ទាប់​ពីនេះទៅ រហូត​ដល់​ព្រះអង្គ​យាង​ដំណើរ​ដល់នគរ​កបិលវត្ថុ នឹងមាន​ជាក់ច្បាស់​ក្នុង​វេស្សន្តរជាតក។ ព្រះសាស្ដា ស្ដេចប្រថាប់​ក្នុង​និវេសន៍​របស់​ព្រះបិតា ក្នុងវេលា​ចន្លោះភត្ត ទ្រង់បាន​ត្រាស់​មហាធម្មបាល​ជាតក កាលស្ដេច​សោយភត្តរួច ព្រះអង្គ​ត្រិះរិះថា តថាគត​នឹង​អង្គុយ​ក្នុង​និវេសន៍​របស់​រាហុលមាតា កាលពោល​គុណ​របស់នាង នឹងសម្ដែង​ចន្ទកិន្នរីជាតក ដូច្នេះ​ហើយ ស្ដេចឲ្យ​ព្រះរាជា​កាន់បាត្រ ហើយយាង​ទៅកាន់​និវេសនដ្ឋាន​របស់​រាហុលមាតា មួយ​អន្លើ​ដោយ​ព្រះអគ្គសាវក​ទាំងពីរ។ ក្នុងគ្រានោះ ស្ត្រីរបាំ ៤០០០០ របស់​ព្រះនាងពិម្ពា​នោះ នាំគ្នា​មកនៅ​ក្នុងទី​ចំពោះ​មុខ (ប្រាសាទ) ក្នុងបណ្ដា​ស្ត្រីរបាំ​ទាំងនោះ ស្ត្រីដែល​ជា​ខត្តិយកញ្ញា មាន ១០៩០ រូប។ ព្រះនាង​យសោធរា​នោះ ដឹង​ដំណើរ​យាង​មករបស់​ព្រះតថាគត ហើយ​ប្រាប់ដល់​ស្ត្រីទាំង​នោះថា នាងទាំងឡាយ​ចូរស្លៀក​សំពត់​កាសាវៈ ទាំង​អស់​គ្នាចុះ។ ពួកស្ត្រី​ទាំងនោះ ក៏បានធ្វើ​តាមយ៉ាង​នោះ។ ព្រះសាស្ដា​យាងមក​ហើយ ប្រថាប់​លើ​អាសនៈ​ដែលគេ​រៀបចំ​ទុក។

 

លំដាប់នោះ ស្ត្រីទាំងអស់ នាំគ្នាយំ​ដោយសំឡេង​តែមួយ សំឡេង​បរិទេវៈ​ដ៏ធំ​បាន​លាន់ឮ​ឡើង។ ចំណែក​ព្រះនាង​រាហុលមាតា​យំខ្សឹកខ្សួល ​អណ្ដឺត​អណ្ដក​ហើយ កាល​បន្ទោបង់​សេចក្ដី​សោក​ហើយ ថ្វាយបង្គំ​ព្រះសាស្ដា រួចប្រថាប់​គង់ ដោយ​សេចក្ដី​គោរព​រាប់អាន​ច្រើន ដល់​ព្រះរាជា។ ព្រះរាជា​ប្រារព្ធ​គុណ​របស់​ព្រះនាង បានត្រាស់​គុណកថា​របស់​ព្រះនាង​ដោយ​ប្រការ​ផ្សេងៗ​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រះសុណិសា​របស់​ខ្ញុំព្រះអង្គ​នេះ កាល​ស្ដាប់ថា ព្រះអង្គ​ស្លៀក​សំពត់​កាសាវៈ ព្រះនាង​ក៏ស្លៀក​សំពត់​កាសាវៈ​ដែរ កាលបាន​ស្ដាប់ថា ព្រះអង្គ​លះបង់​កម្រងផ្កា​ជាដើម ព្រះនាង​ក៏លះបង់​កម្រងផ្កា​ជាដើម​ដែរ កាលឮថា ព្រះអង្គ​ផ្ទំលើ​ផែនដី ព្រះនាង​ក៏មានទី​ដេកលើ​ផែនដី​ដែរ និងក្នុង​កាលដែល​ព្រះអង្គ​ចេញបួស​ហើយ​នេះ ព្រះនាង​ជាស្ត្រី​មេម៉ាយ មាន​ព្រះរាជា​ដទៃ​បញ្ជូន​បណ្ណាការ​មកស្ដី​ដណ្ដឹង​ព្រះនាង ព្រះនាង​ក៏កាន់​យក​បណ្ណាការ​នោះ ព្រះនាង​មានចិត្ត​មិនប្រែប្រួល​ក្នុងព្រះអង្គ​យ៉ាងនេះ។ ព្រះសាស្ដា​ត្រាស់ថា បពិត្រ​មហារាជ ឥឡូវនេះ កាលដែល​ព្រះនាង​មានសេចក្ដី​ស្រឡាញ់ មាន​ចិត្តមិន​ប្រែប្រួល​ក្នុង​តថាគត ដែលជា​អត្តភាព​ចុងក្រោយ​របស់​តថាគត ជាអ្នក​ដែល​បុរស​ដទៃនាំ​ទៅមិន​បាននេះ មិនជា​អស្ចារ្យទេ។ ព្រះនាង​សូម្បីកើត​ក្នុងកំណើត​សត្វតិរច្ឆាន ក៏មាន​ចិត្តមិន​ប្រែប្រួល​ក្នុង​តថាគត ជាអ្នក​ដែលបុរស​ដទៃនាំ​ទៅមិន​បានដូច​គ្នាដែរ ដូច្នេះ​ហើយ ទ្រង់​ដែល​ព្រះរាជា​ទូលអង្វរ​ហើយ បាននាំ​អតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ​ក្នុង​នគរ​ពារាណសី ក្នុងកាល​នោះ ព្រះមហាសត្វ​កើតក្នុង​កំណើត​សត្វកិន្នរ ក្នុង​ហិមវន្ត​ប្រទេស កិន្នរី ឈ្មោះ ចន្ទា ជា​ភរិយា​របស់​ព្រះមហាសត្វ​នោះ។ កិន្នរកិន្នរី​សូម្បីទាំង​ពីរនោះ អាស្រ័យ​នៅលើ​រជតបព៌ត ដែល​មាន​ឈ្មោះ​ថា ចន្ទបព៌ត

 

ក្នុងគ្រានោះ ព្រះរាជាពារាណសី​ប្រគល់​រាជសម្បត្តិ​ឲ្យដល់​ពួកអាមាត្យ ទ្រង់​ស្លៀក​សំពត់​កាសាវៈ ២ ពាក់អាវ​ក្រោះ និងប្រដាប់​ដោយ​បញ្ចាវុធ ស្ដេច​យាង​ចូលព្រៃ​ហិមពាន្ត​តែមួយ​អង្គ​ឯង។ ព្រះរាជានោះ កាល​សោយសាច់​ម្រឹគហើយ ក៏យាង​ទៅតាម​លំដាប់ ដល់​ស្ទឹង​តូច​មួយ រួចយាង​ឡើងទៅ​ចំណែក​ខាងលើ។ ក្នុងកាល​រដូរភ្លៀង ពួកកិន្នរ​ដែលនៅ​លើភ្នំ​ចន្ទបព៌ត មិន​ចុះមកទេ នាំគ្នានៅ​លើភ្នំ​ប៉ុណ្ណោះ ក្នុង​និទាឃរដូវ [ឈ្មោះ​រដូវ​មួយ​ប្រើតាម​សុរិយគតិ ជារដូវ​ក្ដៅ មាន៩២ ថ្ងៃ រាប់ពី​ត្រឹមថ្ងៃ​ទី ២១ ខែមីនា ដល់​ថ្ងៃទី ២១ ខែ​មិថុនា] ទើប​ចុះ​មក។

 

គ្រានោះ ចន្ទកិន្នរបាននាំភរិយារបស់ខ្លួនចុះមកក្រោម នាំគ្នា​លាបគ្រឿង​ក្រអូប​ក្នុងទីនោះៗ ហើយ​បរិភោគ​លម្អងផ្កា រួចយក​ត្របកផ្កា​មកស្លៀក​ដណ្ដប់ លេង​ប្រយឹត​ប្រតោង​វល្លិ និង​ច្រៀង​ដោយ​សំឡេង​ដ៏ពីរោះ ហើយក៏បាន​ដល់ស្ទឹង​តូចនោះ រួចចុះ​ក្នុងទី​កន្លែងមួយ រោយ​រាយ​បាចសាច​ផ្កាឈើ​ក្នុងទឹក នាំគ្នា​មុជ​ទឹកលេង រួចទើប​ស្លៀកដណ្ដប់​ត្របក​ផ្កាឈើ ក្រាល​អាសនៈ​ផ្កា លើដីខ្សាច់​ដែលមាន​ពណ៌ដូច​ផែនប្រាក់ កាន់​យកដំបង​ឫស្សី​មួយ អង្គុយ​លើ​ទីដេក។ បន្ទាប់មក ចន្ទកិន្នរ​ក៏ផ្លុំឫស្សី ហើយ​ច្រៀង​ដោយ​សំឡេង​ដ៏ពីរោះ។ ចន្ទកិន្នរី​បង្អោន​ដៃ​ដ៏ទន់ ឈរឋិត​នៅក្នុង​ទីមិនឆ្ងាយ​អំពីស្វាមី រាំផង ច្រៀងផង។ ព្រះរាជា​បាន​ស្ដាប់​សំឡេង​របស់​កិន្នរ​ទាំងនោះ​ហើយ កាល​ចូលទៅ​ជិត ទើបដើរ​សន្សឹមៗ ឋិតនៅ​ក្នុងទី​បិទបាំង​មួយ ឃើញ​កិន្នរ​ទាំងនោះ​ហើយ មានចិត្ត​ប្រតិព័ទ្ធ​នឹង​នាងកិន្នរី រួច​គិតថា យើង​នឹងបាញ់​កិន្នរ​នេះឲ្យ​ស្លាប់ នឹង​សម្រេចការ​នៅរួម​ជាមួយ​នឹងនាង​កិន្នរី​នោះ ដូច្នេះ​ហើយ ក៏បាញ់​ចន្ទកិន្នរ។ ចន្ទកិន្នរ​នោះ​ដល់នូវ​ទុក្ខវេទនា កាល​នឹង​បរិទេវៈ ទើបពោល ៤ គាថាថា

ឧបនីយតិទំ មញ្ញេ, ចន្ទេ លោហិតមទ្ទនេ;

អជ្ជ ជហាមិ ជីវិតំ, បាណា មេ ចន្ទេ និរុជ្ឈន្តិ។

ម្នាលនាងចន្ទា ជីវិតនេះប្រហែលជាជិតដាច់ហើយ ព្រោះ​ក្រពុល​ដោយឈាម អញ​នឹង​លះបង់​នូវជីវិត ក្នុងថ្ងៃនេះឯងម្នាល​នាងចន្ទា ជីវិតរបស់​អញ​នឹងរលត់។

 

ឱសីទិ មេ ទុក្ខំ ហទយំ, មេ ឌយ្ហតេ និតម្មាមិ;

តវ ចន្ទិយា សោចន្តិយា, ន នំ អញ្ញេហិ សោកេហិ។

ជីវិតរបស់អញជាទុក្ខពៀបចុះហើយ ហឫទ័យរបស់អញក្តៅណាស់ អញលំបាក់​ក្រៃពេក ព្រោះ​ហេតុនាងចន្ទា កំពុង​សោក មិនមែន​ព្រោះការ​សោកដទៃទេ។

 

តិណមិវ វនមិវ មិលាយាមិ, នទី អបរិបុណ្ណាវ សុស្សាមិ;

តវ ចន្ទិយា សោចន្តិយា, ន នំ អញ្ញេហិ សោកេហិ។

អញនឹងស្វិតស្រពោនដូចជាស្មៅ (ដែលគេ​ដាក់លើ​ថ្មក្តៅ) ដូចជា​ដើមឈើ ​(ដែល​កាត់ផ្តាច់​ប្ញស​ហើយ) អញ​នឹងរីង​ស្ងួតដូច​ជាស្ទឹង​ដែលមាន​ទឹកមិន​ពេញ ព្រោះនាង​ចន្ទាកំពុងសោក មិនមែន​ព្រោះការ​សោកដទៃ​ទេ។

 

វស្សមិវ សរេ បាទេ, ឥមានិ អស្សូនិ វត្តរេ មយ្ហំ;

តវ ចន្ទិយា សោចន្តិយា, ន នំ អញ្ញេហិ សោកេហិ។

ទឹកភ្នែកទាំងឡាយរបស់អញនេះហូរទៅ ដូចជា​ភ្លៀងក្បែរ​ជើងភ្នំ​ហូរទៅ ព្រោះហេតុ​នាង​ចន្ទា​កំពុង​សោក មិនមែន​ព្រោះការ​សោកដទៃ​ឡើយ។

 

ព្រះមហាសត្វបរិទេវៈដោយគាថាទាំងឡាយ ៤ នេះហើយ ក៏បាត់បង់​ស្មារតី ដួល​ដេកលើ​បុប្ផសយនៈ។ ព្រះរាជា​នោះឋិត​នៅកន្លែង​នោះឯង។ ចំណែក​នាង​ចន្ទកិន្នរី កាល​ព្រះមហា​សត្វ​បរិទេវៈ នាង​រវល់តែ​ស្រវឹង​ដោយសេចក្ដី​ត្រេកអរ​របស់ខ្លួន ទើបមិន​ដឹងថា ស្វាមី​ត្រូវ​ព្រួញ ពេលឃើញ​ព្រះពោធិសត្វ​ដួលដេក​បាត់បង់​ស្មារតី ក៏ពោលថា សេចក្ដី​ទុក្ខ​របស់​ស្វាមី​ជាទី​ស្រឡាញ់​របស់អញ​ដូចម្ដេច ? កាល​ពិចារណា បាន​ឃើញឈាម​ដែលហូរ​ចេញ​អំពី​កន្លែង​ប្រហារ នាងមិន​អាចនឹងអត់​សង្កត់​សេចក្ដី​សោកដ៏​មានកម្លាំង ដែល​កើតឡើង​ក្នុង​ស្វាមី​ជាទី​ស្រឡាញ់ ក៏យំ​សោកដោយ​សំឡេង​ដ៏ខ្លាំង។ ព្រះរាជា​ត្រិះរិះថា កិន្នរ​ស្លាប់ហើយ ដូច្នេះ​ទើបចេញ​មក សម្ដែង​ខ្លួនឡើង។ នាង​ចន្ទាកិន្នរី​ឃើញព្រះរាជា​នោះហើយ គិតថា ស្វាមី​ជាទី​ស្រឡាញ់​របស់អញ ពិតជា​ត្រូវអាចោរ​នេះបាញ់​ហើយ ដូច្នេះ​ហើយ កាល​កំពុង​ញាប់ញ័រ នាងក៏រត់​ទៅឈរ​ឋិតលើ​កំពូលភ្នំ កាល​នឹងជេរ​ប្រទេច​ព្រះរាជា ទើបពោល ៥ គាថា ថា

 

បាបោ ខោសិ រាជបុត្ត, យោ មេ ឥច្ឆិតំ បតឹ វរាកិយា;

វិជ្ឈសិ វនមូលស្មឹ, សោយំ វិទ្ធោ ឆមា សេតិ។

រាជបុត្តណាបាញ់នូវប្តីដែលអញជាអ្នកកំព្រាបា្រថ្នាហើយ រាជបុត្ត (នោះ) អាក្រក់​មែន ប្តី​របស់អញ​ដែលត្រូវ​សរមុត​ហើយ ដេកលើ​ផែនដី ទៀប​គល់ឈើ។

 

ឥមំ មយ្ហំ ហទយសោកំ, បដិមុញ្ចតុ រាជបុត្ត តវ មាតា;

យោ មយ្ហំ ហទយសោកោ, កិម្បុរិសំ អវេក្ខមានាយ។

នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណា​នៃអញ ដែលកំពុង​សម្លឹង​មើលនូវកិន្នរ សូម​មាតា​របស់​អ្នក បាននូវ​សេចក្តី​សោកក្នុង​ហឫទ័យ ដូចអញ​នេះដែរ។

 

ឥមំ មយ្ហំ ហទយសោកំ, បដិមុញ្ចតុ រាជបុត្ត តវ ជាយា;

យោ មយ្ហំ ហទយសោកោ, កិម្បុរិសំ អវេក្ខមានាយ។

នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណារបស់​អញ ដែលកំពុង​សម្លឹង​មើលនូវកិន្នរ សូម​ប្រពន្ធ​របស់​អ្នក បាននូវ​សេចក្តី​សោក ក្នុងហឫទ័យ​ដូចអញ​នេះដែរ។

 

មា ច បុត្តំ មា ច បតឹ, អទ្ទក្ខិ រាជបុត្ត តវ មាតា;

យោ កិម្បុរិសំ អវធិ, អទូសកំ មយ្ហ កាមា ហិ។

នែរាជបុត្ត បុគ្គលណា​បានសម្លាប់កិន្នរ​ដែលជាសត្វ​មិនប្រទូស្ត ព្រោះការ​ចង់បានអញ សូមកុំ​ឲ្យម្តាយ​របស់អ្នក (នោះ) បានឃើញ​កូនផង សូមកុំឲ្យ​បានឃើញ​ប្តីផង។

 

មា ច បុត្តំ មា ច បតឹ, អទ្ទក្ខិ រាជបុត្ត តវ ជាយា;

យោ កិម្បុរិសំ អវធិ, អទូសកំ មយ្ហ កាមា ហិ។

នែរាជបុត្ត អ្នកណាបានសម្លាប់កិន្នរ​ដែលជាសត្វ​មិនប្រទូស្ត ព្រោះការ​ចង់បាន​អញ សូមកុំ​ឲ្យប្រពន្ធ​របស់អ្នក​នោះ បានឃើញ​កូនផង សូមកុំ​ឲ្យបាន​ឃើញប្តីផង។

 

ព្រះរាជា កាលនាងចន្ទាកិន្នរីដែលឈរនៅលើ​កំពូលភ្នំ ជេរ​ប្រទេច​ដោយ​គាថា​ទាំង ៥ ហើយ កាល​នឹង​លួងលោម​នាង ទើបពោល​គាថាថា

មា ត្វំ ចន្ទេ រោទិ មា សោបិ, វនតិមិរមត្តក្ខិ;

មម ត្វំ ហេហិសិ ភរិយា, រាជកុលេ បូជិតា នារីភិ។

ម្នាលនាងចន្ទា​មានភ្នែកដូចផ្កានៃតិមិរព្រឹក្ស​ក្នុងព្រៃ នាងកុំយំ កុំសោកឡើយ នាង​នឹង​បាន​ជា​អគ្គមហេសី​នៃយើង នឹងមាន​នាងនារី​បូជា​ក្នុង​រាជត្រកូល។

 

ពាក្យថា ម្នាលនាងចន្ទា សេចក្ដីថា កាល​ព្រះមហាសត្វ​កំពុង​បរិទេវៈ ព្រះរាជា​បានស្ដាប់​ឈ្មោះ​របស់​នាង ទើបពោល​យ៉ាងនេះ។ ពាក្យថា នឹងមាននាងនារី​បូជាក្នុង​រាជត្រកូល សេចក្ដី​ថា នាងនឹង​បានជា​អគ្គមហេសី ជាធំ​លើស្ត្រី ១៦០០០។

 

នាងចន្ទាស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ពោលថា អ្នកឯង​និយាយ​អ្វីនឹងយើង ដូច្នេះ​កាល​នឹងបន្លឺ​សីហនាទ ទើបពោល​អនន្តរគាថាថា

អបិ នូនហំ មរិស្សំ, នាហំ រាជបុត្ត តវ ហេស្សំ;

យោ កិម្បុរិសំ អវធិ, អទូសកំ មយ្ហ កាមា ហិ។

នែរាជបុត្រ អ្នកណាបានសម្លាប់នូវកិន្នរ​ដែលជាសត្វ​មិនប្រទូស្ត ព្រោះ​ការចង់​បានអញ អញ​ស៊ូតែ​ស្លាប់ អញនឹង​មិនធ្វើ (ជាប្រពន្ធ) របស់អ្នក (នោះ) ទេ។

 

ព្រះរាជាស្ដាប់ពាក្យរបស់នាងហើយ ជាអ្នកលែង​មានសេចក្ដី​ស្រឡាញ់ ក៏ពោល​គាថា​ដទៃថា

អបិ ភីរុកេ អបិ ជីវិតុកាមិកេ, កិម្បុរិសិ គច្ឆ ហិមវន្តំ;

តាលីសតគរភោជនា, អញ្ញេ តំ មិគា រមិស្សន្តិ។

ម្នាលនាងកិន្នរី ដែលជាស្រីមានសេចក្តីខ្លាចផង ចង់រស់នៅផង នាងជា​មេម្រឹគ មាន​ស្លឹក​កំញាន [ឈ្មោះឈើមួយប្រភេទ មានជ័រក្រអូប, ជ័រនោះក៏ហៅថាកំញានដែរ។] និង​ស្លឹក​ក្រស្នា​ជា​ភោជន ចូរនាងទៅ​កាន់​ព្រៃហិមវន្ត​ចុះ ពួកម្រឹគ​ដទៃនឹង​ត្រេកត្រអាល​ចំពោះ​នាង។

 

នាងកិន្នរីដឹងថា ព្រះរាជានោះ​ទៅហើយ ក៏ចុះមក​ឱបត្រកង បី​ព្រះមហាសត្វ​ឡើង​កាន់​លើ​កំពូល​ភ្នំ ដាក់ឲ្យ​ដេកលើ​ផ្ទៃដីរាប យកសីសៈ​របស់​ព្រះពោធិសត្វ​ដាក់លើភ្លៅ​របស់ខ្លួន កាល​យំសោក​ខ្លាំងៗ ទើបពោល ១២ គាថាថា

តេ បព្វតា តា ច កន្ទរា, តា ច គិរិគុហាយោ តថេវ តិដ្ឋន្តិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

ភ្នំទាំងឡាយនោះផង ជ្រោះភ្នំទាំងឡាយនោះផង គូហាភ្នំទាំងឡាយ​នោះផង បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើដូចម្តេច។

 

តេ បណ្ណសន្ថតា រមណីយា, វាឡមិគេហិ អនុចិណ្ណា;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

យើងទាំងឡាយ រមែងត្រេកត្រអាលជាមួយគ្នា លើភ្នំទាំងឡាយណា បពិត្រកិន្នរ ខ្ញុំកាល​មិន​ឃើញ​អ្នកលើ​ភ្នំទាំងឡាយ​នោះ តើនឹង​ធ្វើដូចម្តេច។

 

តេ បុប្ផសន្ថតា រមណីយា, វាឡមិគេហិ អនុចិណ្ណា;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

ភ្នំទាំងឡាយនោះ ដេរដាស​ដោយ​ស្លឹកឈើ គួរ​រីករាយ​ដែល​ពួកម្រឹគ​សាហាវ​ធ្លាប់ដើរ​ទៅ​មក​ញឹកញយ បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹងធ្វើ​ដូចម្តេច។

 

អច្ឆា សវន្តិ គិរិវននទិយោ, កុសុមាភិកិណ្ណសោតាយោ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

ស្ទឹងលើភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ មានទឹកដ៏ថ្លា កាលហូរ​ទៅ មានផ្កា​ឈើ​អណ្តែត​ទៅតាម​ខ្សែទឹក​ព្រោងព្រាត បពិត្រកិន្នរ ខ្ញុំកាលមិន​ឃើញអ្នក​ក្នុងទីនោះ តើនឹង​ធ្វើដូចម្តេច។

 

នីលានិ ហិមវតោ បព្វតស្ស, កូដានិ ទស្សនីយានិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌ខៀវ គួរឲ្យ​រមិលមើល បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើដូចម្តេច។

 

បីតានិ ហិមវតោ បព្វតស្ស, កូដានិ ទស្សនីយានិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌លឿង គួរឲ្យ​រមិលមើល បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹងធ្វើ​ដូចម្តេច។

 

តុង្គានិ ហិមវតោ បព្វតស្ស, កូដានិ ទស្សនីយានិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

កំពូលទាំងឡាយនៃភ្នំហិមវន្ត មានចុងស្រួច គួរឲ្យ​រមិលមើល បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹងធ្វើដូចម្តេច។

 

សេតានិ ហិមវតោ បព្វតស្ស, កូដានិ ទស្សនីយានិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

កំពូលទាំងឡាយនៃភ្នំហិមវន្ត ដែលមានពណ៌ស គួរឲ្យ​រមិលមើល បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើដូចម្តេច។

 

ចិត្រានិ ហិមវតោ បព្វតស្ស, កូដានិ ទស្សនីយានិ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

កំពូលទាំងឡាយនៃភ្នំហិមវន្តដ៏វិចិត្រ គួរឲ្យ​រមិលមើល បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹងធ្វើដូចម្តេច។

 

យក្ខគណសេវិតេ គន្ធមាទនេ, ឱសធេភិ សញ្ឆន្នេ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើ​ភ្នំគន្ធមាទន៍​នោះ ដែលពួក​ភុម្មទេវតា​សេពហើយ ជាភ្នំ​ដេរដាស​ដោយ​ឱសថ​ទាំងឡាយ តើនឹង​ធ្វើដូចម្តេច។

 

កិម្បុរិសសេវិតេ គន្ធមាទនេ, ឱសធេភិ សញ្ឆន្នេ;

តត្ថេវ តំ អបស្សន្តី, កិម្បុរិស កថំ អហំ កស្សំ។

បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នក​លើភ្នំ​គន្ធមាទន៍នោះ ដែលពួក​កិន្នរសេព​ហើយ ជាភ្នំ​ដ៏ដេរដាស​ដោយ​ឱសថ​ទាំងឡាយតើនឹង​ធ្វើដូចម្តេច។

 

នាងកាលបរិទេវៈដោយគាថាទាំងឡាយ ១២ នេះហើយ បានយក​ដៃដាក់លើ​ទ្រូង​ព្រះមហាសត្វ ក៏ដឹងថា​មានកម្ដៅ នាងគិតថា ចន្ទកិន្នរ​នៅមានជីវិត យើង​នឹងធ្វើ​ទេវុជ្ឈានកម្ម (ការពោល​ទោសតិះដៀល​ទេវតា) ឲ្យជីវិត​ដល់​ចន្ទកិន្នរ ដូច្នេះ​ហើយ ក៏បាន​ធ្វើ​ទេវុជ្ឈានកម្ម​ថា លោកបាល​ទេវតា មិនមាន​ទេឬ ទៅណា​អស់ហើយឬ ស្លាប់អស់​ហើយឬ បាន​ជាលោក​ទាំងនោះ​មិនរក្សា​ស្វាមី​របស់ខ្ញុំ។ ដោយកម្លាំង​នៃសេចក្ដី​សោក របស់​នាងចន្ទកិន្នរី​នោះ អាសនៈ​របស់​សក្កទេវរាជ មាន​អាការក្ដៅ។ ស្ដេចសក្កៈ​បាន​ពិចារណា បានដឹង​ហេតុនោះ ក៏យាង​មកយ៉ាង​រហ័ស ដោយភេទ​ជាព្រាហ្មណ៍ កាន់យក​ទឹកអំពី​កុណ្ឌី មកស្រោច​ព្រះមហាសត្វ។ ក្នុងពេល​នោះឯង ពិស​ក៏អន្តរធាន​ទៅ ដំបៅបាន​ដុះជិតឡើង សូម្បី​កន្លែង​ដែលត្រូវ​ព្រួញនោះ ក៏មិន​ប្រាកដ។ ព្រះមហាសត្វ​មាន​អាការ​ជាសុខ​ក្រោក​ឡើង។ នាងចន្ទា​ឃើញស្វាមី​ជាទីស្រឡាញ់​មិនមាន​រោគដូច្នេះ បានដល់​សេចក្ដី​សោមនស្ស ថ្វាយបង្គំ​បាទា​របស់​សក្កទេវរាជ ហើយពោល​អន្តរគាថាថា

វន្ទេ តេ អយិរព្រហ្មេ, យោ មេ ឥច្ឆិតំ បតឹ វរាកិយា;

អមតេន អភិសិញ្ចិ, សមាគតាស្មិ បិយតមេន។

បពិត្រព្រហ្មជាម្ចាស់ ខ្ញុំសូមថ្វាយបង្គំនូវព្រះបាទ​ទាំងឡាយ​របស់លោក ព្រោះ​លោក​បាន​ស្រោចប្តី ដែលខ្ញុំ​ជាស្រីកំព្រា​បា្រថ្នាហើយ​ដោយ​ទឹកអម្រឹត ដែលជា​ទីស្រឡាញ់​ដោយវិសេស ក្នុង​ទីដែល​លោក​ជួបគ្នា។

 

ស្ដេចសក្កៈឲ្យឱវាទដល់កិន្នរទាំងនោះថា ចាប់ពី​ពេលនេះ​ទៅ កុំចុះពី​ភ្នំចន្ទបព៌ត មកផ្លូវ​មនុស្ស​អី ចូរនៅ​ក្នុងទីនេះ​ប៉ុណ្ណោះ។ សក្កទេវរាជ​ពោលឲ្យ​ឱវាទ​ដល់​កិន្នរ​ទាំងនោះ​ហើយ ក៏យាង​ទៅកាន់​លំនៅ​របស់ខ្លួន​វិញ។ ចំណែក​នាងចន្ទា​ពោល​នឹងស្វាមី​ថា បពិត្រ​ស្វាមី ប្រយោជន៍​អ្វីដោយ​កន្លែង​ដែលមាន​អន្តរាយ​នេះ មកចុះ យើងនឹង​ទៅកាន់​ចន្ទបព៌ត ដូច្នេះ​ហើយ ទើបពោល​ឱសាន​គាថាថា

វិចរាម ទានិ គិរិវននទិយោ, កុសុមាភិកិណ្ណសោតាយោ;

នានាទុមវសនាយោ, បិយំវទា អញ្ញមញ្ញស្ស។

ឥឡូវនេះ យើងទាំងឡាយនឹងត្រាច់ទៅកាន់​ស្ទឹងក្បែរភ្នំ និងស្ទឹង​ក្នុងព្រៃ​ទាំងឡាយ ដែល​មាន​ផ្កាឈើ​អណ្តែត​ទៅតាម​ខ្សែទឹក ព្រោងព្រាត ទាំងមាន​ឈើផ្សេងៗ​ដុះហែ​វិញ យើង​ទាំងឡាយ​នឹងពោល​នូវពាក្យ​ជាទី​ស្រឡាញ់​ទៅវិញ​ទៅមក។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់​ត្រាស់ថា មិនមែន​តែក្នុង​កាល​ឥឡូវ​នេះទេ សូម្បី​ក្នុង​កាលមុន ព្រះនាង​ក៏មាន​ចិត្តមិន​ប្រែប្រួល​ក្នុង​តថាគត ជាស្ត្រី​ដែល​បុរស​ដទៃនាំ​ទៅមិនបាន​ដូចគ្នា ដូច្នេះ​ហើយ ព្រះអង្គ​ប្រជុំជាតក​ថា

តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត

សក្កោ អនុរុទ្ធោ សក្កទេវរាជបានមកជាអនុរុទ្ធ

ចន្ទា រាហុលមាតា នាងចន្ទាកិន្នរី បានមក​ជារាហុលមាតា

ចន្ទកិន្នរោ បន អហមេវ អហោសឹ ចំណែកចន្ទកិន្នរ គឺ តថាគត​នេះឯង។

ចន្ទកិន្នរីជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤)

ថ្ងៃទី ២៤ ខែ ឧសភា ព.ស. ២៥៦២ គ.ស ២០១៨

ប្រែដោយ ស.ថ.វ.ដ