។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចតុប្បោសថជាតក

ចតុប្បោសថជាតកនេះ មានពាក្យថា យោ កោបនេយ្យ ជាដើម នឹង​មាន​ជាក់​ច្បាស់ ក្នុង​បុណ្ណកជាតក (វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៣៣)។

ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី ៖

(ព្រះបាទវរុណនាគរាជពោលថា)

យោ កោបនេយ្យេ ន ករោតិ កោបំ, ន កុជ្ឈតិ សប្បុរិសោ កទាចិ;

កុទ្ធោបិ សោ នាវិករោតិ កោបំ, តំ វេ នរំ សមណមាហុ លោកេ។

បុគ្គលណាជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុង​បុគ្គល​គួរក្រោធ និង​មិនក្រោធ ក្នុង​កាល​ណាមួយ បុគ្គលជា​សប្បុរស​នោះ បើទុក​ជាក្រោធ ក៏មិនធ្វើ​សេចក្តី​ក្រោធឲ្យ​ប្រាកដ បណ្ឌិត​ទាំងឡាយ ហៅជន​នោះឯង​ថាជា​សមណៈ​ក្នុងលោក។

 

(សុបណ្ណរាជពោលថា)

ឩនូទរោ យោ សហតេ ជិឃច្ឆំ, ទន្តោ តបស្សី មិតបានភោជនោ;

អាហារហេតុ ន ករោតិ បាបំ, តំ វេ នរំ សមណមាហុ លោកេ។

ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាន​នូវឥន្ទ្រិយ ជាអ្នក​មាន​តបធម៌ មាន​ទឹក និងភោជន​ល្មម​ប្រមាណ មិនធ្វើ​នូវបាប ព្រោះហេតុ​នៃអាហារ​ឡើយ បណ្ឌិត​ទាំងឡាយ ហៅជននោះ​ថាជា​សមណៈ​ក្នុងលោក។

 

(សក្កទេវរាជ ពោលថា)

ខិឌ្ឌំ រតឹ វិប្បជហិត្វាន សព្វំ, ន ចាលិកំ ភាសសិ កិញ្ចិ លោកេ;

វិភូសដ្ឋានា វិរតោ មេថុនស្មា, តំ វេ នរំ សមណមាហុ លោកេ។

ជនណា លះបង់នូវល្បែង (ដោយកាយនិងវាចា) និងសេចក្តី​ត្រេកអរ (ក្នុងកាមគុណ) ទាំង​ពួង ទាំងមិន​ពោលនូវ​ពាក្យ​ឡេះឡោះ​តិចតួច​ក្នុងលោក វៀរចាក​ហេតុជា​ទីតាំង​នៃការ​ស្អិតស្អាង និង​មេថុនធម្ម បណ្ឌិត​ទាំងឡាយ​ហៅជន​នោះឯង ថាជា​សមណៈ​ក្នុងលោក។

 

(ព្រះបាទធនព្ជា័យ ពោលថា)

បរិគ្គហំ លោភធម្មញ្ច សព្វំ, យោ វេ បរិញ្ញាយ បរិច្ចជេតិ;

ទន្តំ ឋិតត្តំ អមមំ និរាសំ, តំ វេ នរំ សមណមាហុ លោកេ។

ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈ​ទាំងពួង​ផង បណ្ឌិត​ទាំងឡាយ ហៅជន​ដែលមាន​ខ្លួនទូន្មាន មានសភាព​ខ្ជាប់ខ្ជួន មិនមាន​សេចក្តី​ប្រកាន់ថា អញ​ មិនមាន​សេចក្តី​ប្រាថ្នា​នោះឯង ថាជាសមណៈ​ក្នុងលោក។

 

(ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា)

បុច្ឆាម កត្តារមនោមបញ្ញំ, កថាសុ នោ វិគ្គហោ អត្ថិ ជាតោ;

ឆិន្ទជ្ជ កង្ខំ វិចិកិច្ឆិតានិ, តទជ្ជ កង្ខំ វិតរេមុ សព្វេ។

ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរ​ចំពោះអ្នក ជាអ្នក​ធ្វើ (នូវ​ហេតុ​ដែល​គួរ​​ធ្វើ) ការជជែក​ចំពោះពាក្យ​ទាំងឡាយ កើតមាន​ដល់យើង សូមអ្នក​កាត់នូវ​សេចក្តី​ងឿងឆ្ងល់ និងសេចក្តី​សង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំង​អស់គ្នា គប្បីឆ្លង​នូវ​សេចក្តី​សង្ស័យ​នោះ ក្នុងថ្ងៃនេះ។

 

(វិធូរបណ្ឌិតពោធិសត្វ ពោលថា)

យេ បណ្ឌិតា អត្ថទសា ភវន្តិ, ភាសន្តិ តេ យោនិសោ តត្ថ កាលេ;

កថំ នុ កថានំ អភាសិតានំ, អត្ថំ នយេយ្យុំ កុសលា ជនិន្ទា។

បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញា ក្នុង​កាល​គួរ ក្នុងពាក្យ​ជជែកនោះ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន​ទាំងឡាយ ពួកជន​អ្នកឈ្លាស គប្បី​យល់​នូវសេចក្តី​នៃ​ពាក្យពោល​ដែលគេ​មិនទាន់​និយាយ ដោយប្រការ​ដូចម្តេចបាន។

 

កថំ ហវេ ភាសតិ នាគរាជា, គរុឡោ បន វេនតេយ្យោ កិមាហ;

គន្ធព្វរាជា បន កឹ វទេសិ, កថំ បន កុរូនំ រាជសេដ្ឋោ។

ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោល​ដូច​ម្តេច ស្តេចដ៏ប្រសើរ​របស់អ្នក​ដែនកុរុ ពោលដូចម្តេច។

 

(ព្រះរាជាទាំងឡាយនោះ ឆ្លើយថា)

ខន្តឹ ហវេ ភាសតិ នាគរាជា, អប្បាហារំ គរុឡោ វេនតេយ្យោ;

គន្ធព្វរាជា រតិវិប្បហានំ, អកិញ្ចនំ កុរូនំ រាជសេដ្ឋោ។

ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេច​គន្ធព្វ ពោល​ចំពោះការ​លះបង់​សេចក្តី​ត្រេកអរ ស្តេច​ដ៏ប្រសើរ​របស់អ្នក​ដែនកុរុ ពោល​ចំពោះ​ការមិន​មានកង្វល់។

 

(ព្រះវិធូរពោធិសត្វ ពោលថា)

សព្វានិ ឯតានិ សុភាសិតានិ, ន ហេត្ថ ទុព្ភាសិតមត្ថិ កិញ្ចិ;

យស្មិញ្ច ឯតានិ បតិដ្ឋិតានិ, អរាវ នាភ្យា សុសមោហិតានិ;

ចតុព្ភិ ធម្មេហិ សមង្គិភូតំ, តំ វេ នរំ សមណមាហុ លោកេ។

ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បី​បន្តិច​បន្តួច ក៏មិនមាន​ក្នុង​ប្រស្នា​នេះ​ទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះ​ដោយល្អ​ក្នុងបុគ្គល​ណា ដូចជា​កាំរទេះ​ដែល​គេបញ្ចុះ​ស៊ប់ក្នុងដុំ បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​ដែល​ព្រមព្រៀង​ដោយធម៌ ៤ យ៉ាង​នោះឯង ថា​ជាសមណៈ​ក្នុងលោក។

 

(ព្រះរាជាទាំង ៤ ព្រះអង្គពោលថា)

តុវញ្ហិ សេដ្ឋោ ត្វមនុត្តរោសិ, ត្វំ ធម្មគូ ធម្មវិទូ សុមេធោ;

បញ្ញាយ បញ្ហំ សមធិគ្គហេត្វា, អច្ឆេច្ឆិ ធីរោ វិចិកិច្ឆិតានិ;

អច្ឆេច្ឆិ កង្ខំ វិចិកិច្ឆិតានិ, ចុន្ទោ យថា នាគទន្តំ ខរេន។

អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមាន​អ្នកណា​វិសេស​ជាង អ្នកជា​បុគ្គល​ដល់​នូវ​ត្រើយ​នៃ​ធម៌ ចេះដឹង​នូវធម៌ មាន​យោបល់​ដ៏ល្អ កំណត់​ដឹងនូវ​ប្រស្នាដោយ​ប្រាជ្ញា អ្នកជា​អ្នកប្រាជ្ញ បាន​ផ្តាច់សេចក្តី​សង្ស័យ​ចេញ​ហើយ អ្នកបាន​កាត់នូវ​សេចក្តី​សង្ស័យ និងសេចក្តី​ងឿងឆ្ងល់ ដូច​ជាគេ​កាត់​នូវភ្លុក​នៃដំរី​ដោយរណារ។

 

(សក្កទេវរាជ ពោលថា)

នីលុប្បលាភំ វិមលំ អនគ្ឃំ, វត្ថំ ឥទំ ធូមសមានវណ្ណំ;

បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយ​ជូន​សំពត់នេះ មាន​ពន្លឺ​ដូចផ្កា​ឧប្បល​ខៀវ មិនមាន​មន្ទិល ជាសំពត់​កាត់ថ្លៃ​មិនបាន មានពណ៌​ស្មើដោយ​ផ្សែង ដើម្បី​បូជា​នូវធម៌​របស់​អ្នក។

 

(សុបណ្ណរាជពោលថា)

សុវណ្ណមាលំ សតបត្តផុល្លិតំ, សកេសរំ រត្នសហស្សមណ្ឌិតំ;

បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយ​ជូននូវ​កម្រង​ផ្កាមាស​ដែល​រីក​សំពោង ដោយ​ត្របក​ច្រើនស្រទាប់ ប្រកប​ដោយ​លំអង​ដ៏ប្រដាប់​ដោយកែវ​ដ៏ច្រើន ដើម្បី​បូជា​នូវធម៌​របស់អ្នក។

 

(វរុណនាគរាជពោលថា)

មណឹ អនគ្ឃំ រុចិរំ បភស្សរំ, កណ្ឋាវសត្តំ មណិភូសិតំ មេ;

បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។

បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយ​ជូន​នូវកែវ​មណី​ដែល​កាត់ថ្លៃ​មិន​បាន ជាកែវ​ដ៏រុងរឿង មាន​ពន្លឺផ្លេក ៗ សម្រាប់​ពាក់ព្ធដ៏ក ដែល​ស្អិតស្អាង​ដោយ​កែវមណី ដើម្បីបូជា​នូវធម៌​របស់អ្នក។

 

(ព្រះបាទធនញ្ជ័យពោលថា)

គវំ សហស្សំ ឧសភញ្ច នាគំ, អាជញ្ញយុត្តេ ច រថេ ទស ឥមេ;

បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ គាមវរានិ សោឡស។

ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោ​មួយពាន់ ទាំងគោ​ឧសភៈ​ផង ដំរីផង រថ ១០ ដែលទឹម​ដោយសេះ​អាជានេយ្យ​នេះផង ស្រុកសួយ ១៦ ផង ដល់អ្នក។

 

(អភិសម្ពុទ្ធគាថា)

សារិបុត្តោ តទា នាគោ, សុបណ្ណោ បន កោលិតោ;

គន្ធព្វរាជា អនុរុទ្ធោ, រាជា អានន្ទ បណ្ឌិតោ;

វិធុរោ ពោធិសត្តោ ច, ឯវំ ធារេថ ជាតកំ។

អ្នកទាំងឡាយ ចូរចាំទុកនូវជាតក យ៉ាងនេះថា សេ្តចនាគ​ក្នុងកាល​ណោះ បាន​មកជា​ព្រះសារីបុត្ត សេ្តចគ្រុឌ បានមក​ជា​កោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកជា​ព្រះអនុរុទ្ធ ព្រះបាទ​ធនញ្ជ័យ​បានមក​ជា​អានន្ទ​បណ្ឌិត វិធុរបណ្ឌិត គឺតថាគត។

ចប់ ចតុប្បោសថជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦៧)

ប្រែដោយ ស ដ វ ថ