នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចតុទ្វារជាតក

(មហាមិត្តវិន្ទកជាតក)

 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទុព្វចភិក្ខុ (ភិក្ខុដែលគេប្រដៅក្រ) មួយរួប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ចតុទ្វារមិទំ នគរំ ដូច្នេះជាដើម ។

 

រឿងរ៉ាវបច្ចុប្បន្ន បានពោលពិស្ដារហើយក្នុង​ជាតក​ដំបូងនៃ​នវកនិបាត ។ ចំណែក​ព្រះសាស្ដា​ត្រាស់សួរ​ភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្ស​ប្រដៅក្រឬ ។ ភិក្ខុនោះ​ទូលថា ពិតមែនហើយ​ ព្រះអង្គ ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ សូម្បីក្នុង​កាលមុន អ្នកមិនធ្វើ​តាមពាក្យ​របស់បណ្ឌិត ព្រោះភាព​ជាអ្នក​ប្រដៅក្រ ហើយដល់​នូវខុរចក្រ ដូច្នេះ​ហើយ ទ្រង់ទើប​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល កាលសាសនា​នៃព្រះកស្សបទសពល ក្នុងនគរពារាណសី មានបុរស​ម្នាក់ ជាបុត្រ​របស់សេដ្ឋី​ដែលមានទ្រព្យ ៨០ កោដិ ឈ្មោះ មិត្តវិន្ទកៈ ។ មាតាបិតារបស់​មិត្តវិន្ទកៈ​នោះ​ជា​ព្រះសោតាបន្ន តែគេនោះ​ជាមនុស្ស​ទ្រុស្តសីល មិនមានសទ្ធា ។ ក្នុងកាល​ជាខាង​ក្រោយមក កាលបិតា​របស់គេ​ធ្វើកាល​កិរិយាហើយ មាតា​កាលពិចារណា​ទ្រព្យ បានពោល​នឹងគេថា នែកូន អត្តភាព​ជាមនុស្ស​ដែលអ្នក​បានហើយ ជារបស់​ដែលគេ​បានដោយក្រ អ្នកចូរ​ឲ្យទាន ចូររក្សាសីល ចូរធ្វើ​ឧបោសថកម្ម ចូរស្ដាប់ធម៌ ។ មិត្តវិន្ទកៈ​ពោលថា បពិត្រ​អ្នកម៉ែ ប្រយោជន៍​ដោយទាន​ទាំងឡាយ​ជាដើម មិនមានដល់ខ្ញុំ ម៉ែកុំពោល​អ្វីឡើយ ខ្ញុំនឹងទៅ​តាមយថាកម្ម ។ កាលពោល​យ៉ាងនេះ​ហើយ ថ្ងៃមួយ​ជាថ្ងៃបុណ្ណមុបោសថ (ឧបោសថ​ថ្ងៃពេញបូណ៌មី) មាតា​ពោលនឹង​គេថា នែកូន ថ្ងៃនេះ ជាថ្ងៃ​អភិលក្ខិតមហាឧបោសថ (ថ្ងៃឧបោសថ​ធំដែលគេ​កំណត់ទុក) ថ្ងៃនេះ អ្នកចូរ​សមាទាន​ឧបោសថ ទៅវត្ត ហើយស្ដាប់​ធម៌អស់រាត្រី រួចសឹម​ត្រឡប់មក ម៉ែនឹងឲ្យប្រាក់ ១០០០ ដល់អ្នក ។ មិត្តវិន្ទកៈ​នោះ​ទទួលថា ល្អ ហើយ​សមាទាន​ឧបោសថ ដោយសេចក្ដី​ប្រាថ្នាចង់​បានទ្រព្យ ។ កាលគេ​បរិភោគ​អាហារព្រឹករួច ក៏ទៅវត្ត ញ៉ាំងថ្ងៃ​ឲ្យកន្លងទៅ ធម្មបទ​សូម្បីតែមួយ មិនប៉ះត្រចៀក​អស់រាត្រី យ៉ាងណា គេក៏ដេកលក់​យ៉ាងស៊ប់​ក្នុងកន្លែងមួយ យ៉ាងនោះ ថ្អៃស្អែក ទើបជម្រះ​មុខអំពីព្រឹក ហើយទៅអង្គុយ​ក្នុងផ្ទះ ។

 

ចំណែកមាតារបស់គេគិតថា ថ្ងៃនេះ កូនរបស់យើង ស្ដាប់ធម៌ហើយ នឹងនាំ​ព្រះធម្មកថិក​មកអំពី​ព្រឹក ដូច្នេះ ទើបចាត់ចែង​យាគូ ខាទនីយៈ និងភោជនីយៈ រៀបចំអាសនៈ រង់ចាំ​មើលដំណើរ​មករបស់កូន ឃើញកូន​មកតែម្នាក់ គាត់ពោលថា នែកូន ហេតុអ្វី​មិននាំ​ព្រះធម្មកថិក​មក ។ គេពោលថា ប្រយោជន៍​ដោយ​ព្រះធម្មកថិក មិនមាន​ដល់ខ្ញុំ ។ មាតា​ពោលថា បើយ៉ាងនេះ កូនចូរ​ហុតបបរចុះ ។ មិត្តវិន្ទកៈ​ពោលថា ម៉ែបាន​ពោលថា នឹងឲ្យ​ប្រាក់ ១០០០ ដល់ខ្ញុំ ចូរឲ្យប្រាក់​នោះមុន ទើបខ្ញុំហុតបបរតាមក្រោយ ។ មាតាពោលថា នែកូន អ្នកចូរហុតសិនចុះ ម៉ែនឹងឲ្យ​តាមក្រោយ ។ គេពោលថា ទាល់តែបានប្រាក់ហើយ ទើបខ្ញុំហុតបបរ ។ លំដាប់នោះ មាតាក៏ដាក់កញ្ចប់ប្រាក់ ១០០០ អំពីមុខគេ ។  មិត្តវិន្ទកៈហុតបបរហើយ កាន់យក​កញ្ចប់ប្រាក់ ១០០០ កាលធ្វើការ​រក្សាសន្សំ មិនយូរប៉ុន្មាន គេបាន​ប្រាក់ ១២០០០០ ។

 

លំដាប់នោះ មិត្តវិន្ទកៈគិតថា យើងនឹងឡើងនាវា ធ្វើជំនួញ ។ គេរៀប​ចំនឹងឡើង​នាវា បានពោល​នឹងមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងធ្វើ​ជំនួញដោយ​នាវា ។ មាតា​ពោលហាម​គេថា នែកូន អ្នកជា​កូនតែមួយ សូម្បីទ្រព្យ​ជាច្រើន ក៏មានក្នុងផ្ទះនេះ សមុទ្រ​មានទោស​ច្រើន អ្នកកុំ​ទៅអី។ មិត្តវិន្ទកៈ​នោះ ពោលថា ខ្ញុំនឹងទៅ ម៉ែមិនអាច​ហាមខ្ញុំបានទេ ។ មាតា​ពោលថា នែកូន ម៉ែនឹង​ហាមអ្នក ដូច្នេះ​ហើយ គាត់ក៏​ចាប់ដៃគេ ។ មិត្តវិន្ទកៈ​ដោះដៃហើយ ក៏ប្រហារ​មាតាឲ្យ​ដួល ធ្វើឲ្យមាន​ចន្លោះ ហើយទៅ នាវាក៏ចេញ​ទៅកាន់សមុទ្រ ។

 

នាវាដែលមិត្តវិន្ទកៈអាស្រ័យនោះ ក្នុងថ្ងៃទី ៧ ក៏កឿង​លើខ្នងសមុទ្រ ឋិតនៅ ឥត​កម្រើក ។ កាលមនុស្ស​ទាំងឡាយ​ធ្វើស្លាក​កាឡកណ្ណី ស្លាកនោះ​ធ្លាក់ចុះលើ​ដៃមិត្តវិន្ទកៈ​ប៉ុណ្ណោះ អស់ ៣ ដង ។ មនុស្ស​ទាំងឡាយ​ឲ្យក្បូនដល់គេ បោះគេ​ទៅក្នុងសមុទ្រ ដោយគិតថា មនុស្សជា​ច្រើន ចូរកុំវិនាស​ដោយអាស្រ័យ​បុរសម្នាក់នេះ ។ គ្រាន់តែ​ធ្វើដូច្នេះ នាវា​ក៏ស្ទុះ​យ៉ាងលឿន​ទៅកាន់​មហាសមុទ្រ ។ ចំណែក​មិត្តវិន្ទកៈ​នោះ ដេកលើក្បូន ហើយបាន​ដល់កោះ​មួយ ។ ក្នុង​កោះនោះ គេបានឃើញ​នាង​វេមានិកប្រេត ៤ នាក់ លើវិមាន​កែវផលិក ។ នាង​វេមានិកប្រេត​ទាំងនោះ សោយទុក្ខ ៧ ថ្ងៃ សោយសុខ ៧ ថ្ងៃ ។ មិត្តវិន្ទកៈ​នោះ ក៏សោយទិព្វ​សម្បត្តិ​អស់ ៧ ថ្ងៃ មួយអន្លើ​ដោយនាង​វេមានិកប្រេត​ទាំងនោះ ។

 

លំដាប់នោះ កាលនាងវេមានិកប្រេត​នោះ​ដល់វេលា​ទៅសោយ​ទុក្ខ នាងបាន​ពោលនឹង​គេថា បពិត្រ​ស្វាមី ពួកខ្ញុំ​នឹងទៅអស់ ៧ ថ្ងៃ ពួកខ្ញុំ​នឹងមក ដរាបណា បងកុំអផ្សុក ដរាបនោះ ចូរនៅ​ក្នុងទី​នេះឯង ដូច្នេះ ក៏ធ្វើដំណើរ​ទៅ ។ មិត្តវិន្ទកៈ ជាអ្នកមាន​តណ្ហាច្រើន កាលដេក​លើវិមាន​កែវផលិក​នោះ ក៏ទៅកាន់​សមុទ្រម្ដងទៀត ហើយបាន​ដល់កោះដទៃ ក្នុងកោះនោះ គេបាន​ឃើញនាង​វេមានិកប្រេត ៨ លើវិមានប្រាក់ ។ ដោយ​ឧបាយ​នេះឯង ក្នុងកោះ​ដទៃទៀត គេបាន​ឃើញនាង​វេមានិកប្រេត ១៨ លើវិមាន​កែវមណី, ក្នុងកោះ​ដទៃទៀត គេបាន​ឃើញនាង​វេមានិកប្រេត ៣២ លើ​វិមានមាស ហើយសោយ​ទិព្វសម្បត្តិ មួយអន្លើ​ដោយនាង​វេមានិកប្រេត​ទាំងនោះ កាលដែល​នាងវេមានិកប្រេត​ទាំងនោះ ដល់វេលា​ទៅ​សោយ​ទុក្ខ គេក៏ទៅ​កាន់​សមុទ្រទៀត បានឃើញ​នគរដែល​មានទ្វារ ៤ ឡោមព័ទ្ធ​ដោយ​កំពែង​មួយ ។ បានឮមកថា ទីនោះ​ជាឧស្សទនរក ជាកន្លែង​សោយកម្ម​របស់​នេរយិកសត្វ​ទាំងឡាយ​ដ៏ច្រើន តែប្រាកដ​ដល់នាយ​មិត្តវិន្ទកៈ ហាក់ដូច​ជានគរ​ដែលតាក់​តែងដោយ​គ្រឿង​អលង្ការ ។

 

មិត្តវិន្ទកៈនោះគិតថា យើងនឹងចូល​នគរនេះ ហើយនឹង​បានជាព្រះរាជា ដូច្នេះ​ហើយ ឃើញ​សត្វនរក​ដែលកំពុង​សោយទុក្ខ មាន​ខុរចក្រវិល​លើក្បាល ។ ពេលនោះ ខុរចក្រ​ដែលនៅ​លើក្បាល​នេរយិកសត្វ​នោះ ប្រាកដ​ដល់មិត្តវិន្ទកៈ​ហាក់ដូចជា​ផ្កាឈូក ។ ចំណងទាំង ៥ ឰដ៏ទ្រូង ប្រាកដ​ដូចជា​គ្រឿងក្រោះ គ្រឿងបសាធនៈ ឈាមដែល​ហូរចេញ​ពីក្បាល ប្រាកដ​ដូចជា ចន្ទន៍ក្រហម ជាគ្រឿងលាប សំឡេង​បរិទេវៈ​ទ្រហោយំ ប្រាកដ​ដូចសំឡេង​ច្រៀង​ដ៏ពីរោះ ។ មិត្តវិន្ទកៈ​ទៅកាន់សម្នាក់​នេរយិកសត្វ​នោះ ពោលថា នែបុរស​ដ៏ចម្រើន អ្នកទ្រទ្រង់​ផ្កាឈូកអស់​កាលដ៏យូរ អ្នកចូរឲ្យ​ផ្កាឈូក​នោះដល់ខ្ញុំ ។ សត្វនរក​ពោលថា នែសម្លាញ់ នេះមិន​មែនផ្កាឈូក នេះគឺ​ខុរចក្រ ។ មិត្តវិន្ទកៈ​ពោលថា អ្នកពោល​យ៉ាងនេះ ព្រោះមិន​ប្រាថ្នាឲ្យ​ដល់ខ្ញុំ ។ នេរយិកសត្វ គិតថា (ប្រហែលជា) កម្មរបស់​យើងអស់​ហើយ សូម្បីអ្នកនេះ គប្បីជា​អ្នកប្រហារ​មាតាដូចយើង​ហើយមក យើងនឹង​ឲ្យខុរចក្រ​ដល់គេ ។ គ្រានោះ នេរយិកសត្វ​ពោលថា មកចុះ បុរស​ដ៏ចម្រើន លោកចូរ​ទទួលផ្កាឈូក​នេះចុះ ថាហើយ ក៏បោះ​ខុរចក្រ​ទៅលើក្បាល​មិត្តវិន្ទកៈ​នោះ ខុរចក្រនោះ ធ្លាក់ចុះ កិនក្បាល​របស់គេ ។ ក្នុងខណៈ​នោះ មិត្តវិន្ទកៈ​ក៏ដឹងថា ផ្កាឈូក​នោះ គឺខុរចក្រ ហើយទើប​ពោលថា អ្នកចូរកាន់​យកខុរចក្រ​របស់អ្នក ចូរកាន់​យកខុរចក្រ​របស់អ្នក ដូច្នេះ ដល់នូវ​ទុក្ខវេទនា យំខ្សឹកខ្សួល ចំណែក​សត្វនរក​នោះ ក៏បាត់ទៅ ។

 

គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតា កាលត្រាច់​ចារិកមក​កាន់​ឧស្សទនរក ដោយបរិវារ​ដ៏ច្រើន ក៏ដល់​កន្លែងនោះ ។ មិត្តវិន្ទកៈ​សម្លឹងមើល​ព្រះពោធិសត្វ ហើយពោលថា បពិត្រ​ទេវរាជ​ជាម្ចាស់ ចក្រនេះ​ធ្លាក់ចុះ កិនលើក្បាល​របស់ខ្ញុំ ដូចជា​ការធ្វើប្រេង តើខ្ញុំ​បានធ្វើ​បាបកម្ម​ដូចម្ដេច ដូច្នេះ កាលនឹងសួរ ទើបពោល ២ គាថា ថា

ចតុទ្វារមិទំ នគរំ, អាយសំ ទឡ្ហបាការំ;

ឱរុទ្ធបដិរុទ្ធោស្មិ, កឹ បាបំ បកតំ មយា។

ក្រុងនេះ មានទ្វារ ៤ ជាវិការៈនៃដែក មាន​កំពែងដ៏មាំ ខ្ញុំត្រូវ​កំពែងព័ទ្ធ​ជាប់ជុំវិញ តើខ្ញុំបាន​ធ្វើបាបអ្វី ។

 

សព្វេ អបិហិតា ទ្វារា, ឱរុទ្ធោស្មិ យថា ទិជោ;

កិមាធិករណំ យក្ខ, ចក្កាភិនិហតោ អហំ។

ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវ​ចក្រវិលសង្កិន ។

 

លំដាប់នោះ ទេវរាជ កាលនឹងសម្ដែង​ហេតុនោះ ទើបពោល ៦ គាថា ថា

លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ;

អនុកម្បកានំ ញាតីនំ, វចនំ សម្ម នាករិ។

អ្នកបានទ្រព្យជាង ១ សែន ២ ម៉ឺន [បិដកខ្មែរថា ២០ សែន តែអដ្ឋកថា​ពន្យល់ថា ១ សែន ២ម៉ឺន ប៉ុណ្ណោះ។] មិនធ្វើតាម​ពាក្យរបស់ញាតិ​ទាំងឡាយ ដែលជា​អ្នកជួយ​អនុគ្រោះ​ដោយល្អ ។

 

លង្ឃឹ សមុទ្ទំ បក្ខន្ទិ, សាគរំ អប្បសិទ្ធិកំ;

ចតុព្ភិ អដ្ឋជ្ឈគមា, អដ្ឋាហិបិ ច សោឡស។

អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅ​កាន់សមុទ្រសាគរ ជាទីសម្រេច​ប្រយោជន៍​តិច បាន​នាង​វេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះ​ចេញ​អំពី​វេមានិកប្រេត ៨ នាក់ ក៏បាននាង​វេមានិកប្រេត ១៦ នាក់ ។

 

សោឡសាហិ ច ពាត្តឹស, អតិច្ឆំ ចក្កមាសទោ;

ឥច្ឆាហតស្ស បោសស្ស, ចក្កំ ភមតិ មត្ថកេ។

អ្នកចេញអំពីនាង​វេមានិកប្រេត ១៦ នាក់ ក៏បាននាង​វេមានិកប្រេត ៣២ នាក់ អ្នកជា​មនុស្សមាន​សេចក្តីប្រាថ្នា​ដ៏លើសលុប បានមក​ប្រទះនឹង​ចក្រ ទាំងចក្រ​ក៏​វិលកិន នូវអំបែង​ក្បាលនៃ​បុរស ដែលមាន​សេចក្តីប្រាថ្នា​គ្របសង្កត់ ។

 

ឧបរិវិសាលា ទុប្បូរា, ឥច្ឆា វិសដគាមិនី;

យេ ច តំ អនុគិជ្ឈន្តិ, តេ ហោន្តិ ចក្កធារិនោ។

សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយ​លើសលុប ដែលគេ​បំពេញបាន​ដោយក្រ ជាផ្លូវដល់​នូវសេចក្តី​វិបត្តិ ព្រោះសេចក្តី​ប្រាថ្នា ពួកជនណា ត្រេកអរតាម​សេចក្តីប្រាថ្នា​នោះ ពួកជន​នោះ រមែងជា​អ្នកទ្រទ្រង់​នូវចក្រ ។

 

ពហុភណ្ឌំ អវហាយ, មគ្គំ អប្បដិវេក្ខិយ;

យេសញ្ចេតំ អសង្ខាតំ, តេ ហោន្តិ ចក្កធារិនោ។

ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នក​លះបង់នូវ​ទ្រព្យច្រើន មិន​ពិចារណា​នូវផ្លូវ (ដែលខ្លួន​ត្រូវដើរទៅ) ពួកជន​នោះ រមែងជា​អ្នកទ្រទ្រង់​នូវចក្រ ។

 

កម្មំ សមេក្ខេ វិបុលញ្ច ភោគំ, ឥច្ឆំ ន សេវេយ្យ អនត្ថសំហិតំ;

ករេយ្យ វាក្យំ អនុកម្បកានំ, តំ តាទិសំ នាតិវត្តេយ្យ ចក្កំ។

បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈ​ដ៏ច្រើន ហើយមិន​គប្បី​គប់រក​នូវសេចក្តី​ប្រាថ្នា ដែលមិន​ប្រកបដោយ​ប្រយោជន៍ ធ្វើតាម​ពាក្យរបស់ពួក​ជនអ្នក​អនុគ្រោះ ចក្រ​មិនគប្បី​វិលសង្កិន​បុគ្គលបែប​នោះបាន ។

 

បណ្ដាបទទាំងនោះ បទថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ សេចក្ដីថា អ្នកធ្វើ​ឧបោសថ បានទទួល​ប្រាក់ ១០០០ អំពីសម្នាក់​មាតា កាលធ្វើ​ការសន្សំ អ្នកក៏​បានប្រាក់ ១ សែន លើស​ដោយ ២ ម៉ឺន (១សែន២ម៉ឺន) ។ បទថា នាករិ សេចក្ដីថា ទេវរាជ​សម្ដែងថា អ្នកមិន​ត្រេកអរ​ដោយទ្រព្យ​នោះ កាលទៅកាន់​សមុទ្រដោយ​នាវា សូម្បីត្រូវ​មាតាសម្ដែង​ទោសក្នុង​សមុទ្រ ហើយធ្វើ​ការហាម អ្នកមិនធ្វើ​តាមពាក្យ​របស់ញាតិ​ដែលអនុគ្រោះ បានប្រហារ​មាតាដែល​ជាព្រះសោតាបន្ន ធ្វើឲ្យ​មានចន្លោះ ហើយ​ចេញទៅ ។

 

បទថា ចតុព្ភិ អដ្ឋ សេចក្ដីថា គ្រានាវាឈប់​នៅស្ងៀមព្រោះ​អាស្រ័យអ្នក មនុស្ស​ទាំងឡាយ បានឲ្យក្បូន ហើយបោះអ្នក​ចូលក្នុងសមុទ្រ អ្នកក៏​បានស្ត្រី ៤ ក្នុង​វិមានកែវផលិក ព្រោះ​អានិសង្ស​នៃឧបោសថកម្ម​ដែលអ្នកបាន​ធ្វើអស់មួយថ្ងៃ ដែលអាស្រ័យ​នឹងមាតាប្រាប់ បន្ទាប់ពី​នោះ អ្នកបានស្ត្រី ៨ ក្នុង​វិមានប្រាក់, បានស្ត្រី ១៦ ក្នុងវិមាន​កែវមណី និងបាន​ស្ត្រី ៣២ ក្នុង​វិមានមាស ។ បទថា អតិច្ឆំ ចក្កមាសទោ សេចក្ដីថា ពេលដែល​អ្នកមិន​សន្ដោស​ដោយរបស់​ដែលមាន ជាអ្នក​ប្រាថ្នាច្រើន ព្រោះដល់​ព្រមដោយ​សេចក្ដីប្រាថ្នា ពោលគឺ កន្លងលាភ​ដែលខ្លួន​បានហើយ ៗ ដោយគិតថា យើងនឹង​បានក្រៃលែង​ឡើងក្នុង​ទីនោះ ដូច្នេះ អ្នកដែល​ជាបុគ្គល​បាប កន្លងស្ត្រី​ទាំង ៣២ ព្រោះអស់​បុណ្យនៃ​ឧបោសថកម្ម​នោះ អ្នកមក​កាន់​បេតនគរនេះ ព្រោះវិបាក​នៃអកុសល​ដែលអ្នកបាន​ប្រហារ​មាតានោះ ទើបអ្នក​ដល់នូវ​ខុរចក្រ​នេះ ។

 

មិត្តវិន្ទកៈស្ដាប់ពាក្យនោះហើយ គិតថា ទេវបុត្រនេះ ដឹងកម្ម​ដែលយើង​បានធ្វើ​ដោយពិត ទេវបុត្រនេះ គង់នឹងដឹង​ប្រមាណ​កាលនៃការ​សោយកម្ម​របស់យើង យើងនឹង​សួរគាត់ ដូច្នេះហើយ ទើបពោលគាថាទី ៩ ថា

កីវចិរំ នុ មេ យក្ខ, ចក្កំ សិរសិ ឋស្សតិ;

កតិ វស្សសហស្សានិ, តំ មេ អក្ខាហិ បុច្ឆិតោ។

បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាល​របស់ខ្ញុំ​អស់កាល​យូរ​ប៉ុនា្មនហ្ន៎ ប៉ុន្មាន​ពាន់ឆ្នាំ ខ្ញុំសួរហើយ សូមលោក​ប្រាប់ហេតុនោះ ។

 

លំដាប់នោះ ព្រះមហាសត្វ កាលនឹងសម្ដែង​ដល់មិត្តវិន្ទកៈ ទើបពោល​គាថាទី ១០ ថា​

អតិសរោ បច្ចសរោ, មិត្តវិន្ទ សុណោហិ មេ;

ចក្កំ តេ សិរសិ មាវិទ្ធំ, ន តំ ជីវំ បមោក្ខសិ។

ម្នាលមិត្តវិន្ទៈ អ្នកចូរនឹក​រលឹកឲ្យ​ក្រៃលែង នឹករលឹក​ឲ្យខ្ជាប់ ហើយចូរ​ស្តាប់នូវ​ពាក្យយើង ចក្រ (នេះ) វិលកិនក្បាល​របស់អ្នក អ្នកកាល​រស់នៅ រមែងមិន​ទាន់រួចទេ ។

 

លោកអធិប្បាយថា នែមិត្តវិន្ទកៈសម្លាញ់ អ្នកចូរស្ដាប់​ពាក្យរបស់​យើង អ្នកចូរ​រលឹកឲ្យ​ក្រៃលែង​ចុះ ព្រោះកម្ម​ដែលអ្នកបាន​ធ្វើនេះ​ធ្ងន់ណាស់ មិនអាច​កំណត់​វិបាកដោយ​ការគណនា​ឆ្នាំ អ្នកត្រូវទទួល​ទុក្ខវិបាក​ដ៏ច្រើន​រកប្រមាណ​មិនបាន ព្រោះហេតុនោះ យើងមិន​អាចនឹង​ប្រាប់ថា អស់កាល​មួយពាន់ឆ្នាំ​ដូច្នេះ​ជាដើម​បានទេ ។

 

ទេវបុត្រពោលពាក្យនេះហើយ ក៏ទៅកាន់​ទេវស្ថានរបស់ខ្លួន ចំណែក​មិត្តវិន្ទកៈនេះ ក៏ដល់​សេចក្ដី​ទុក្ខដ៏ធំ ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា មិត្តវិន្ទកោ អយំ ទុព្វចភិក្ខុ អហោសិ មិត្តវិន្ទកៈ​ក្នុងកាលនោះ បានមកជា ទុព្វចភិក្ខុនេះ ។

ទេវរាជា បន អហមេវ អហោសឹ ចំណែកទេវរាជ គឺ តថាគត នេះឯង ។

ចប់ ចតុទ្វារជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦២)

ព.ស. ២៥៦១

ដោយ ស.ដ.វ.ថ.