។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចក្កវាកជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​លោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះ​ជាដើម។

បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់​វត្ត​ទាំងឡាយ មាន​អាចរិយវត្ត និង​ឧបជ្ឈាយវត្ត​ជាដើម ក្នុង​ពេលព្រឹក លោកចូល​ទៅកាន់​ក្រុងសាវត្ថី ផឹក​យាគូ​ដែលមាន​ខាទនីយៈ​ជាច្រើន​ជាបរិវារ ក្នុងផ្ទះ​ឧបាសិកា​វិសាខា សូម្បី​ឆាន់បាយ​ស្រូវសាលី​ដែល​មានសាច់​និង​រសផ្សេងៗ​ហើយ នៅតែ​មិនឆ្អែត បន្ទាប់មក ក៏សំដៅ​ទៅ​និវេសន៍​របស់​ជន​ទាំងឡាយ គឺ​ចូឡអនាថបណ្ឌិក​សេដ្ឋី មហាអនាថបិណ្ឌិក​សេដ្ឋី និង​ព្រះបាទ​កោសល ទៀត។ ថ្ងៃមួយ ភិក្ខុទាំងឡាយ​ប្រារព្ធភាព​ល្មោភ​របស់ភិក្ខុ​នោះ បានញ៉ាំង​កថាឲ្យ​តាំងឡើង ក្នុង​ធម្មសភា។ ព្រះសាស្ដា​យាងមក ហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នក​ទាំងឡាយ​អង្គុយ​ប្រជុំ​សន្ទានា​គ្នាដោយ​រឿងអ្វី ? កាលពួក​ភិក្ខុទូលថា ដោយ​រឿង​ឈ្មោះនេះ ទើប​ទ្រង់ត្រាស់​ឲ្យហៅ​ភិក្ខុនោះមក ហើយ​សួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជា​មនុស្ស​ល្មោភឬ ? កាលភិក្ខុ​នោះទូលថា ពិតមែន​ហើយ​ព្រះអង្គ ព្រះសាស្ដា​ត្រាស់ថា ម្នាល​ភិក្ខុ ព្រោះហេតុអ្វី អ្នកទើប​ជាមនុស្ស​ល្មោភ សូម្បី​កាលមុន ព្រោះ​ភាពល្មោភ អ្នក​បាន​ត្រាច់​បរិភោគ​សាកសពដំរី ក្នុងក្រុង​ពារាណសី ដោយ​ការមិនឆ្អែត​នឹងសាកសព​ដំរីនោះ អ្នក​បានចេញ​អំពី​ទីនោះ ត្រាច់​ដល់ច្រាំង​ទន្លេគង្គា ហើយចូល​កាន់ព្រៃ​ហិមពាន្ត ដូច្នេះហើយ ទ្រង់​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី មាន​ក្អែកល្មោភ​មួយត្រាច់​ស៊ីសាកសព​ដំរីជាដើម ក្នុងក្រុង​ពារាណសី កាល​មិនឆ្អែត​ដោយ​សាកសព​ដំរី​នោះ ក៏គិតថា យើង​នឹងស៊ី​ត្រីងាប់​នៅនឹងច្រាំង​ទន្លេគង្គា ដូច្នេះ​ទើបហើរ​ទៅ កាល​ស៊ីត្រីងាប់​ក្នុងទីនោះ បានស្នាក់​នៅអស់​ពីរបីថ្ងៃ ហើយចូល​ទៅកាន់​ព្រៃហិមពាន្ត រួច​ស៊ីផលាផល​ផ្សេងៗ និងទៅ​ដល់ស្រះបទុម​ដែលមាន​ត្រីនិងអណ្ដើក​ច្រើន ក៏បាន​ឃើញ​សត្វចាក្រពាក (សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែ​ស៊ីសារាយ​នៅក្នុង​ស្រះនោះ ហើយ​គិតថា សត្វទាំងនេះ​ដល់ព្រម​ដោយពណ៌​សម្បុរ​ដ៏ស្អាត​យ៉ាងក្រៃលែង ភោជន​របស់​សត្វ​ទាំងនេះ នឹងជាទី​ពេញចិត្ត យើងសួរ​ពីភោជន​របស់សត្វ​ទាំងនេះ​ហើយ សូម្បី​យើង​បរិភោគ​ភោជន​នោះហើយ នឹងមាន​ពណ៌ដូច​មាសដែរ គិតយ៉ាង​នេះហើយ ក្អែក​ហើរទៅ​កាន់​សម្នាក់​សត្វចាក្រពាក​ទាំងនោះ ធ្វើ​បដិសណ្ឋារៈ រួចទំលើ​ទីបំផុត​មែកឈើ​មួយ កាល​ពោល​ពាក្យ​ដែលប្រកប​ដោយការ​សរសើរ​សត្វចាក្រពាក​ទាំងនោះ ទើបពោល​គាថាទី ១ ថា

កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ;

កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតឹ បសំសន្តិ តទិង្ឃ ព្រូថ។

ខ្ញុំសូមសួរនូវពួកសត្វបក្សី​ មាន​សម្បុរដូចសំពត់​ដែលជ្រលក់​ដោយ​ទឹកអម្ចត់ ជា​សត្វមាន​ចិត្ត​រីករាយ ត្រាច់ទៅ​ទាំងគូ ៗ ពួកកំណើត​ជាអណ្ឌជៈ (បក្សី) តែង​សរសើរ​នូវ​កំណើត​អណ្ឌជៈ​ណា ក្នុងបណ្ដា​មនុស្ស​ទាំងឡាយ អ្នកចូរ​ពោលនូវ​ហេតុនោះ​មកមើល។

ពាក្យថា មាន​សម្បុរដូចសំពត់​ដែលជ្រលក់​ដោយ​ទឹកអម្ចត់ សេចក្ដីថា មាន​ពណ៌​ដូច​សំពត់​កាសាយៈ​ពណ៌មាស។ ពាក្យថា ពួកកំណើត​ជាអណ្ឌជៈ (បក្សី) តែង​សរសើរ​នូវកំណើត​អណ្ឌជៈ​ណា ក្នុងមនុស្ស​ទាំងឡាយ សេចក្ដីថា នែអ្នក​ដ៏ចម្រើន ពួក​អណ្ឌជៈ​ទាំងឡាយ កាល​សរសើរ​ពួកលោក ក្នុងមនុស្ស​ទាំងឡាយ តែងពោលថា លោកជា​អណ្ឌជៈ​អ្វី ឈ្មោះថា មាន​កំណើត​អ្វី អធិប្បាយថា រមែង​សរសើរ​ពួកលោក​ក្នុងរវាង​មនុស្ស​ទាំងឡាយថា លោក​ជា​បក្សី​មាន​ឈ្មោះអ្វី។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន។ ពាក្យនោះ​មាន​សេចក្ដី​ថា បក្សីទាំងឡាយ រមែង​ពោល​សរសើរថា ពួកលោក​ជាអណ្ឌជៈ​អ្វី ក្នុង​បណ្ដា​អណ្ឌជៈ និងមនុស្ស​ទាំងឡាយ។

សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា

អម្ហេ មនុស្សេសុ មនុស្សហឹស, អនុព្វតេ ចក្កវាកេ វទន្តិ;

កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។

ម្នាលក្អែក ជាសត្វ​បៀតបៀន​មនុស្ស ពួកគេ​តែងពោល​សរសើរ​យើងជា​ចាក្រពាក​ថា ជាសត្វ​ប្រព្រឹត្ត​សមគួរ​ក្នុងចំណោមនៃ​មនុស្ស​ទាំងឡាយ ទាំងគេ​បានសន្មត​យើងថា ជាសត្វ​មាន​ភាពល្អ ក្នុង​ចំណោម​នៃសត្វស្លាប​ទាំងឡាយ (ពួកយើង​មានសភាព​ជាសត្វ​ឥតភ័យ ត្រាច់​ទៅ​ផ្សេង ៗ ក្នុង​ស្រះឈូក) ពួកយើង​មិនធ្វើបាប ព្រោះហេតុ​តែចំណី​ឡើយ។

ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា

កឹ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា;

កឹ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។

ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិន​ថោកទាប​ អ្នកទាំងឡាយ​បរិភោគ​ផ្លែឈើអ្វី ទំពាស៊ី​សាច់អ្វី បរិភោគ​ភោជនអ្វី​ក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាព​មិនតិច។

លំដាប់នោះ ចាក្រពាក​ពោលគាថាទី ៤ ថា

ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ;

សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។

ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួក​ចាក្រពាក​បានសាច់​បរិភោគ​អំពីណា ពួក​យើងជា​អ្នកបរិភោគ​សារាយ បរិភោគ​តែទឹក​មិនល្អក់ (ពួកយើង​មិនធ្វើបាប ព្រោះហេតុ​តែចំណី​ឡើយ) ពួកយើងមាន​សភាព​ជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ។

បន្ទាប់មក ក្អែកពោល ២ គាថា ថា

ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មឹ ភវេ ភោជនសន្និកាសោ;

អហោសិ បុព្វេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។

ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ​ ខ្លួនអ្នក​មានសភាព​ប្រហែល​នឹងភោជន​ក្នុង​លំនៅ​នេះ កាលដើម​ខ្ញុំមាន​សេចក្តី​ត្រិះរិះ (យ៉ាង​នេះ) ខាងក្រោយមក ខ្ញុំមាន​សេចក្តី​ត្រិះរិះ​ផ្សេង សេចក្តី​សង្ស័យ​របស់ខ្ញុំ ក៏កើត​មានក្នុង​ហេតុនុ៎ះ ដោយប្រការ​ដូច្នេះឯង។

អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ;

រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា;

ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។

ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើ​ទាំងឡាយ​ផង នូវចំណី​អាហារ​ដែល​លាយ​អំបិល និងប្រេង​ទាំងឡាយ​ផង ខ្លួនយើង​តែងបាន​បរិភោគ​នូវរស ក្នុង​ពួកមនុស្ស ដូចបុគ្គល​ក្លៀវក្លា​បានឈ្នះ​នូវប្រធាន​នៃសង្គ្រាម ម្នាល​ចាក្រពាក ឯសម្បុរ​របស់ខ្ញុំ មិនដូច​ជាសម្បុរ​របស់អ្នក​ទេ។

ពេលនោះ ចាក្រពាក កាលនឹង​ពោលហេតុ​នៃភាវៈ​មិនមាន​វណ្ណសម្បត្តិ​របស់ក្អែក​នោះ និងហេតុ​នៃភាវៈ​របស់ខ្លួន ទើបពោល​គាថា​ដ៏សេសថា

អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ;

ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។

អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេ​ធ្វេស​ប្រហែល) អ្នកឯង​តែង​បាននូវ​ចំណី​អាហារ និងទឹកផឹក​ដោយ​លំបាក ម្នាលក្អែក អ្នកឯង​មិនត្រេកអរ​ដោយ​ផ្លែឈើ​ទាំងឡាយ មួយទៀត សាច់​ទាំង​ឡាយ​ណា ដែលមាន​នៅក្នុង​កណ្តាល​នៃព្រៃស្មសាន អ្នក​មិនត្រេកអរ​នឹង​សាច់​នោះឡើយ។

យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី;

តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។

ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេ​ធ្វេស​ប្រហែស) បាននូវ​ភោគៈ​ទាំងឡាយ ដោយ​អំពើ​ដ៏អាក្រក់ ហើយបរិភោគ ដល់មក​ខាងក្រោយ អ្នកផង​នឹងតិះដៀល​បុគ្គល​នោះ បុគ្គលដែល​ត្រូវគេ​តិះដៀល​នោះ រមែង​សាបសូន្យ​ចាកសម្បុរ និងកម្លាំង។

អប្បម្បិ ចេ និព្វុតឹ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី;

ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្វោ អាហារមយេន វណ្ណោ។

បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួច​តែជា​អ្នក​មិនបៀត​បៀន​ជនដទៃ ដោយ​អំពើ​អាក្រក់ កម្លាំង និងសម្បុរ រមែង​កើតមាន​ដល់បុគ្គល​នោះ ព្រោះថា សម្បុរ​ទាំងអស់ មិនមែន​សុទ្ធតែ​សម្រេច​មក​អំពី​អាហារទេ។

ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក​អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែង​មានសមុដ្ឋាន ៤ សម្បុរនោះ មិនមែន​សម្រេច​ដោយ​អាហារ​តែម្យ៉ាងទេ គឺរមែង​សម្រេច​សូម្បី​ដោយ ឧតុ ចិត្ត និង កម្ម ដែរ។

ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើន​យ៉ាងនេះ។ ក្អែកអៀនខ្មាស​ហើយ​គិតថា យើង​មិនត្រូវ​ការដោយ​សម្បុរ​របស់អ្នក ហើយស្រែក​ឡើងថា កា កា រួចហើរ​ចេញទៅ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំជាតក ក្នុង​កាល​ជាទី​បញ្ចប់​នៃសច្ចធម៌ លោលភិក្ខុ​បានតាំង​នៅក្នុង​អនាគាមិផល។

តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមក​ជាលោលភិក្ខុ

ចក្កវាកី រាហុលមាតា ចាក្រពាកញី​បានមកជា​រាហុលមាតា

ចក្កវាកោ បន អហមេវ អហោសឹ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង។

ចក្កវាកជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០)

ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ