។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

គោធជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុដែល​និយាយ​កុហក​បោកប្រាស​មួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កឹ តេ ជដាហិ ដូច្នេះ​ជាដើម ។

 

រឿងបច្ចុប្បន្នដូចរឿងដែលបានពោលមកហើយក្នុងកាលមុននោះឯង ។

 

អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ្យ​នៅក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​បដិសន្ធិ​ក្នុងកំណើត​សត្វទន្សង ។ កាលនោះ តាបស​មួយរូប​បានអភិញ្ញា ៥ មានតបៈ​ដ៏ខ្លាំងក្លា​អាស្រ័យ​នៅក្នុង​បណ្ណសាលា​ជាយព្រៃ ក្នុង​បច្ចន្តគ្រាម​មួយ ។ អ្នកស្រុក​នាំគ្នា​ទំនុកបម្រុង​តាបស​ដោយ​សេចក្ដីគោរព ។ ព្រះមហាសត្វ​នៅក្នុង​ដំបូកមួយ​ដែល​នៅក្នុង​ទីបំផុត​នៃទីចង្ក្រម​របស់​តាបសនោះ ។

 

ក្នុងកាលនោះ ព្រះមហាសត្វបានទៅ​រកតាបស​នោះ ក្នុងមួយពីរបី​ដងរាល់ ៗ ថ្ងៃ ស្ដាប់ពាក្យ​ដែលប្រកប​ដោយ​ហេតុផល ហើយថ្វាយ​បង្គំតាបស​ ត្រឡប់​ទៅកាន់​ទីលំនៅ​របស់ខ្លួន ។ ក្រោយមក តាបស​លាពួកអ្នក​ស្រុក ហើយចៀស​ចេញទៅ ។ កាលតាបស​ដែលសម្បូរ​ដោយសីល និងវត្តចៀស​ចេញទៅហើយ មាន​តាបស​កោងដទៃ​មកស្នាក់​នៅក្នុង​អាស្រម​នោះ ។ ព្រះមហាសត្វ​សម្គាល់ថា សូម្បីតាបសនេះ ក៏ជាអ្នក​មានសីលដែរ ទើបទៅ​កាន់សម្នាក់​តាបសនោះ ដោយន័យ​ដូចមុននោះឯង ។

 

ថ្ងៃមួយ មហាមេឃតាំងឡើងពុំជួកាល ញ៉ាំងភ្លៀង​ឲ្យធ្លាក់ចុះ​មកក្នុង​និទាឃរដូវ (រដូវក្ដៅ) មេភ្លៀង​ជាច្រើននាំ​គ្នាចេញ​អំពីដំបូក​ទាំងឡាយ ពួកទន្សង​ក៏ចេញ​មកស៊ីមេភ្លៀង​ទាំង​នោះ ពួកអ្នកស្រុក​ក៏ចេញ​មកចាប់ទន្សង​ដែលមក​ស៊ីមេភ្លៀង​បានយ៉ាងច្រើន ហើយ​ចាត់ចែងធ្វើ​ជាសម្លម្ជូរ ផ្សំដោយ​គ្រឿងផ្សំដែល​មានរសជាតិ​ឆ្ងាញ់ ប្រគេនតាបស ។ តាបស​ឆាន់សម្លម្ជូរ​គ្រឿងសាច់ទន្សង ជាប់ចិត្ត​ក្នុងរសក៏សួរថា សាច់នេះ​ឆ្ងាញ់ខ្លាំង​ណាស់ សាច់នេះ​ជាសាច់​សត្វអ្វី ? លុះបាន​ស្ដាប់គេ​ប្រាប់ថា សាច់ទន្សង ក៏គិតថា ទន្សងធំមួយ​មកកាន់​សម្នាក់​អញ​រាល់ថ្ងៃ អញនឹងសម្លាប់​វាយកសាច់ស៊ី លុះគិត​ដូច្នេះហើយ ក៏ឲ្យអ្នក​ស្រុកយក​ភាជនៈ​សម្រាប់ដាំស្ល និងវត្ថុ​ទាំងឡាយ មាន​ទឹកដោះថ្លា និងអំបិល​ជាដើម​មកទុក​កន្លែងមួយ កាន់​ដំបង​លាក់ទុក​ក្នុងសំពត់​ដណ្ដប់ រង់ចាំ​ការមក​របស់ទន្សង​ពោធិសត្វ អង្គុយ​នៅក្បែរ​ទ្វារបណ្ណសាលា ធ្វើ​អាកប្បកិរិយា​ដូចមនុស្ស​ស្ងប់ស្ងៀម ។

 

ក្នុងវេលារសៀល ព្រះពោធិសត្វគិតថា អញនឹងទៅ​រកតាបស ហើយចេញទៅ ខណៈ​ដែល​កំពុងចូល​ទៅជិតនោះឯង បានឃើញ​ចំណុចខុស​ប្លែកនៃឥន្ទ្រិយ​របស់តាបស ទើប​គិតថា តាបសនេះ​មិនបាន​អង្គុយដោយ​អាកប្បកិរិយា​ដែលធ្លាប់​អង្គុយក្នុង​ថ្ងៃដទៃមុនៗ សូម្បី​សម្លឹងមើល​អញក្នុង​ថ្ងៃនេះ ក៏សម្លឹងមើល​ដោយកន្ទុយ​ភ្នែកដែល​គួរសង្ស័យ ដូច្នេះ​អញត្រូវ​រង់ចាំ​មើលឲ្យ​បានច្បាស់សិន លុះគិតដូច្នេះ​ហើយ ទន្សងពោធិសត្វ ក៏ទៅឈរ​នៅខាង​ក្រោមខ្យល់​នៃតាបស បានធុំក្លិន​សាច់ទន្សង ទើបគិតថា ថ្ងៃនេះ តាបស​អាក្រក់នេះ ប្រាកដ​ជាឆាន់សាច់​ទន្សង ហើយជាប់​ចិត្តក្នុងរស ពេលនេះ​រង់ចាំ​វាយអញ​ដែលចូល​ទៅរក​ដោយ​ដំបង ហើយយក​សាច់ទៅស្ល​ម្ជូរគ្រឿង​ស៊ីដោយ​ឥតសង្ស័យ ។ ព្រះពោធិសត្វ​មិនព្រម​ចូលទៅ​ជិតតាបស ថយត្រឡប់​ក្រោយរត់ទៅ ។ តាបសឃើញ​ទន្សងពោធិសត្វ​មិនចូលមក ក៏គិតថា ទន្សងនេះ ប្រាកដ​ជាដឹងថា អញប្រាថ្នា​សម្លាប់វា ដោយហេតុនោះ ទើបមិនចូលមក សូម្បីវា​មិនចូល​មក ក៏មិនរួចអំពី​កណ្ដាប់ដៃ​អញដែរ តាបស​អាក្រក់នោះ ក៏យក​កំណាត់​ឈើចេញ​គ្រវែង​ព្រះពោធិសត្វ កំណាត់ឈើ​នោះ ប៉ះត្រូវ​តែចុងកន្ទុយ​របស់​ទន្សង​ពោធិសត្វ​ប៉ុណ្ណោះ។ ព្រះពោធិសត្វ​ចូលដំបូក​យ៉ាងលឿន អើតក្បាល​តាមរន្ធ​ដទៃ រួចពោលថា នែ​ជដិលកោង កាលយើង​ចូលទៅរកអ្នក ក៏ចូលទៅ​ដោយសម្គាល់ថា បុគ្គល​មានសីល ប៉ុន្តែ​ពេលនេះ អំពើអាក្រក់ អំពើបោក​ប្រាសរបស់អ្នក យើងបាន​ដឹងអស់​ហើយ មហាចោរ​ដូចអ្នក បួស​ធ្វើអ្វី ? កាលសត្វ​ទន្សងនឹង​តិះដៀល​តាបស ទើបពោល​គាថានេះថា

កឹ តេ ជដាហិ ទុម្មេធ, កឹ តេ អជិនសាដិយា,

អព្ភន្តរំ តេ គហនំ, ពាហិរំ បរិមជ្ជសិ។

ម្នាលតាបសឥតបញ្ញា ប្រយោជន៍អ្វីដោយជដារបស់អ្នក ប្រយោជន៍អ្វី​ដោយស្បែក​ខ្លាឃ្មុំ​របស់​អ្នក ព្រោះគ្រឿង​សាំញាំដោយ (រាគាទិក្កិលេស) មានខាង​ក្នុងរបស់អ្នក អ្នកខំដុស​ខាត់តែ​ខាង​ក្រៅទេ ។

 

បណ្ដាបទទាំងនោះ បទថា កឹ តេ ជដាហិ ទុម្មេធ សេចក្ដីថា នែតាបសឥតបញ្ញា មិនមាន​ការចេះដឹង​ដោយជុំវិញ ការបួងជដានេះ អ្នកដែល​វៀរចាក​ការបៀតបៀន ទើប​គួររក្សា អធិប្បាយថា អ្នកប្រាស​ចាកគុណ គឺការវៀរ​ចាកការ​បៀតបៀន​ចេញហើយ នឹងរក្សា​ជដានេះ​ទុកធ្វើអ្វី ។

 

បទថា កឹ តេ អជិនសាដិយា សេចក្ដីថា ចាប់ពីពេល​ដែលអ្នក​មិនមាន​សំវរគុណ​ដែលជា​គូនឹងគ្នា អ្នកស្លៀក​ដណ្ដប់​ស្បែកខ្លាធ្វើអ្វី ។

 

បទថា អព្ភន្តរំ តេ គហនំ សេចក្ដីថា ខាងក្នុង គឺហឫទ័យ​របស់អ្នក​សាំញ៉ាំ ណែន​ដោយ​គ្រឿង​សាំញ៉ាំ គឺរាគៈ ទោសៈ មោហៈ ។

 

បទថា ពាហិរំ បរិមជ្ជសិ សេចក្ដីថា អ្នកនោះ កាលខាងក្នុង​នៅសាំញ៉ាំ​ដោយ​រាគាទិក្កិលេស ខំដុសខាត់​ខាងក្រៅ​ដោយការងូត​ទឹកជាដើម និងដោយ​ការកាន់​យកភេទ កាលខំ​ដុសខាត់​តែខាងក្រៅ អ្នកនោះ ក៏ដូចជា​សំបកឃ្លោក​ដែលពេញ​ដោយទឹកបាយ ដូចពាង​ដែលពេញ​ដោយថ្នាំពុល ដូចដំបូក​ដែលពេញ​ដោយអាសិរ្ពិស និងដូចឆ្នាំង​វិចិត្រ​ដែលពេញ​ដោយ​លាមក អ្នកចូរប្រញាប់​ចៀសចេញ​ទៅឲ្យឆាប់ ប្រសិនបើ​អ្នកមិនចៀស​ចេញទៅ​ទេ យើងនឹង​ប្រាប់អ្នក​ស្រុកឲ្យ​បណ្ដេញអ្នក។

 

ព្រះពោធិសត្វគម្រាមតាបសអាក្រក់នោះ យ៉ាងនេះហើយ ក៏ចូលទៅក្នុងដំបូកវិញ ចំណែក​តាបស​អាក្រក់នោះ ក៏ចេញ​អំពីទីនោះទៅ ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ក៏ប្រជុំ​ជាតកថា

តទា កូដតាបសោ អយំ កុហកោ អហោសិ តាបសអាក្រក់​ក្នុងកាលនោះ បានមក​ជាភិក្ខុបោកប្រាស​ក្នុងកាលឥឡូវនេះ ។

បុរិមោ សីលវន្តតាបសោ សារិបុត្តោ តាបសអ្នកមាន​សីលនោះដំបូង បានមក​ជា​ព្រះសារីបុត្រ ។

គោធាបណ្ឌិតោ បន អហមេវ អហោសឹ ចំណែកគោធបណ្ឌិត ក៏គឺ​តថាគត​នេះឯង ៕

ចប់ គោធជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិកបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១)

ដោយ ស.ដ.វ.ថ.