សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

គោធជាតក (អដ្ឋ. បក្កគោធជាតក)

(រឿងប្ដីបានទន្សងអាំងបរិភោគម្នាក់ឯង)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​កុដុម្ពិកៈ​ម្នាក់ បានត្រាស់​ព្រះ​ធម្មទេសនា​នេះ មានពាក្យ តទេវ មេ ត្វំ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវបច្ចុប្បន្នបានពោលពិស្ដារហើយក្នុងជាតក (ចតុក្កនិបាត បុចិមន្ទវគ្គ សុច្ចជ ជាតក) ខាង​ក្រោយ។ ប៉ុន្តែក្នុង​ជាតកនេះ កាលពួក​គេមកពី​ជម្រះ​បំណុល ព្រានព្រៃ​បានឲ្យ​ទន្សង​អាំងមួយ​ដល់ពួក​គេនៅ​តាមផ្លូវ​ថា អ្នកទាំង​ពីរចូរ​បរិភោគ​ចុះ។ បុរស​នោះ​ប្រើភរិយា​ឲ្យទៅ​ដងទឹកផឹក ហើយ​គាត់​បរិភោគ​សាច់ទន្សង​ទាំងអស់​តែម្នាក់​ឯង លុះ​កាល​ភរិយា​មកវិញ ក៏ប្រាប់ថា នែអូន ! ទន្សង​រត់បាត់ហើយ។ ភរិយា​ពោលថា ល្អណាស់ ស្វាមី ! បើទន្សងឆ្អិន​ហើយចេះ​រត់អ៊ីចឹង គួរធ្វើ​ដូចម្ដេច? នាងផឹក​ទឹកក្នុង​វត្តជេតពន​ហើយ ទៅអង្គុយ​ក្នុងសម្នាក់​ព្រះសាស្ដា។ ព្រះសាស្ដាសួរថា ម្នាល​ឧបាសិកា ប្ដីរបស់​នាង​នេះ ជាអ្នក​ប្រាថ្នា​ប្រយោជន៍ មាន​សេចក្ដី​ស្នេហា ធ្វើឧបការៈ​ដល់នាង​ឬទេ? នាង​ក្រាប​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ខ្ញុំម្ចាស់​ប្រាថ្នា​ប្រយោជន៍ មាន​សេចក្ដី​ស្នេហា​ដល់ប្ដី ប៉ុន្តែ​ប្ដីខ្ញុំនេះ មិនមាន​សេចក្ដី​ស្នេហា​ចំពោះ​ខ្ញុំម្ចាស់ទេ។

 

ព្រះសាស្ដាត្រាស់ថា បើយ៉ាងហ្នឹង នាងកុំគិតឡើយ ប្ដីរបស់​នាងនោះ គេតែង​ធ្វើ​យ៉ាង​នេះ​ឯង ប៉ុន្តែ​ពេលណា​គេរលឹក​គុណនាង ពេលនោះ គេបាន​ឲ្យឥស្សរិយៈ​ទាំងអស់​ដល់នាង។ កាល​អ្នកទាំង​ពីរ​អារាធនា ព្រះសាស្ដា​បាននាំ​អតីត​និទានមកថា

 

រឿងរ៉ាវសូម្បីក្នុងអតីត ក៏ដូចដែលពោលរួចមកហើយ ក្នុងជាតក​ខាងក្រោយ។ ប៉ុន្តែ​ក្នុង​ជាតកនេះ កាល​ព្រះរាជបុត្រ និង​ព្រះរាជធីតា​យាង​ត្រឡប់មក ព្រានព្រៃ​បានឃើញ​ព្រះអង្គ​ទាំងពីរ​ដែលលំបាក​នឿយហត់ ក៏ទូល​ថ្វាយទន្សង​អាំងមួយ​ថា សូម​ព្រះអង្គ​ទាំងពីរ​សោយចុះ។ ព្រះរាជធីតា​កាន់យក​វល្លិចង​ទន្សងឆ្អិន​នោះ ហើយធ្វើ​ដំណើរទៅ។ ព្រះអង្គ​ម្ចាស់ទាំង​នោះឃើញ​ស្រះមួយ ក៏ចុះចាកផ្លូវ ទៅអង្គុយ​នៅនឹង​គល់ដើម​អស្សត្ថៈ។ ព្រះរាជបុត្រ​ពោលនឹង​ព្រះរាជធីតា​ថា នែអូន ចូរអូន​ទៅដង​ទឹកពី​ស្រះដោយ​ស្លឹកឈូក​មក យើង​សោយសាច់​ទន្សងនេះ។ ព្រះរាជធីតា​ដាក់សាច់​ទន្សងឲ្យ​ជាប់នឹង​មែកឈើ ហើយ​ទៅដង​ទឹក។ ព្រះរាជបុត្រ​សោយ​សាច់ទន្សង​ទាំងអស់ កាន់យក​ចុងកន្ទុយ រួចទៅ​អង្គុយ​ក្នុងទី​កំបាំង។ កាល​ព្រះរាជធីតា​មកពី​ដងទឹកវិញ ព្រះរាជបុត្រ​ពោលថា នែអូន ទន្សង​ចុះពី​មែកឈើ រត់ចូល​ទៅក្នុង​ដំបូក បងស្ទុះ​ទៅចាប់​ចុងកន្ទុយ ធ្វើឲ្យ​វាដាច់​កន្ទុយ ហើយវា​ចូលក្នុង​រន្ធបាត់​ហើយ។ ព្រះរាជធីតា​ពោលថា បពិត្រ​ព្រះសម្មតិទេព ក៏អីចឹងចុះ កាល​ទន្សងឆ្អិន​ហើយ រត់ទៅ​យ៉ាងនេះ យើងនឹង​ធ្វើអ្វីបាន ចូរមក យើងទៅ​មុខទៀត។ ព្រះអង្គម្ចាស់​ទាំងពីរ​នោះសោយ​ទឹកហើយ យាងទៅ​កាន់​នគរពារាណសី។

 

ព្រះរាជបុត្របានសោយរាជសម្បត្តិ ហើយទ្រង់គ្រាន់​តែតែង​តាំង​ព្រះរាជធីតា​ឲ្យតាំង​នៅក្នុង​តំណែង​ជា​អគ្គមហេសី​ប៉ុណ្ណោះ មិនបាន​ធ្វើការ​រាប់អាន ដោយ​គ្រឿង​សក្ការៈ​ឡើយ។ ព្រះពោធិសត្វ​ប្រាថ្នានឹង​ធ្វើសក្ការៈ​ដល់ព្រះនាង ទើបទៅ​ឋិតនៅ​ក្នុង​សម្នាក់​ព្រះរាជា ហើយពោល​នឹងព្រះនាង​ថា បពិត្រ​ព្រះនាងម្ចាស់ បើទូល​ព្រះបង្គំ​មិនបាន​របស់​អ្វីតិច​តួចពី​សម្នាក់​ព្រះនាងទេ ព្រះនាង​នឹងមើល​ទូលព្រះបង្គំ​ធ្វើអ្វី? ព្រះរាជធីតា​ពោល​ថា នែលោក​អាមាត្យ យើងមិន​បានរបស់​អ្វីតិចតួច​ពីសម្នាក់​ព្រះរាជា​ទេ នឹងបាន​អ្វីឲ្យ​លោក ឥឡូវនេះ សូម្បីព្រះរាជា​ក៏មិន​ប្រទានអ្វី​ដល់​យើងដែរ កាលយើង​យាងត្រឡប់​មកពី​ព្រៃវិញ ព្រះរាជានោះ​សោយ​ទន្សងអាំង​តែម្នាក់ឯង​ប៉ុណ្ណោះ។ ព្រះពោធិសត្វ​ទូល​ថា បពិត្រ​ព្រះនាងម្ចាស់ ព្រះសម្មតិទេព​នឹងមិនធ្វើ​យ៉ាងនេះទេ ព្រះនាង​កុំពោល​យ៉ាងនេះ​ឡើយ។

 

លំដាប់នោះ ព្រះទេវីពោលនឹងព្រះពោធិសត្វ​ថា នែលោក​អាមាត្យ អ្នកមិន​ដឹងទេ មានតែ​ព្រះរាជា​ប៉ុណ្ណោះ​ទើបដឹង ដូច្នេះ​ហើយ ក៏ពោល​គាថាទី ១ ថា

 

តទេវ មេ ត្វំ វិទិតោ, វនមជ្ឈេ រថេសភ;

យស្ស តេ ខគ្គពទ្ធស្ស, សន្នទ្ធស្ស តិរីដិនោ;

អស្សត្ថទុមសាខាយ, បក្កគោធា បលាយថ។

ព្រះអង្គណា ដែលមានព្រះខ័នសៀត ទ្រង់ស្អិតស្អាង​ហើយ ទ្រទ្រង់​នូវសំពត់​តិរីដិ ទ្រង់​មាន​ទន្សងឆ្អើរ បានបោល​ទៅអំពី​មែក​អស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរ​ក្នុងរថ គឺខ្ញុំ​ដឹងច្បាស់​ហើយ​ក្នុងកណ្ដាល​ព្រៃ ក្នុងកាល​នោះឯង ។

 

ពាក្យថា សំពត់តិរីដិ បានដល់ សំពត់សំបកឈើ។

 

ព្រះរាជទេវីពោលទោស ដែលព្រះរាជា​បានធ្វើ ឲ្យប្រាកដ ក្នុង​កណ្ដាល​បរិស័ទ​យ៉ាងនេះ​ហើយ។ ព្រះពោធិសត្វ​ស្ដាប់ពាក្យ​នោះហើយ ពោលថា បពិត្រ​ព្រះនាងម្ចាស់ បើ​ព្រះសម្មតិទេព​ធ្វើឲ្យ​មិនជាសុខ សូម្បីក្នុង​កាលទាំងពីរ ចាប់​ពីពេល​ព្រះនាង​មិនជាទី​ស្រឡាញ់​របស់​ព្រះអង្គហើយ ព្រោះហេតុអ្វី ទើបព្រះនាង​នៅក្នុងទី​នេះទៀត ដូច្នេះ​ហើយ ក៏ពោល ២ គាថាថា

 

នមេ នមន្តស្ស ភជេ ភជន្តំ, កិច្ចានុកុព្វស្ស ករេយ្យ កិច្ចំ;

នានត្ថកាមស្ស ករេយ្យ អត្ថំ, អសម្ភជន្តម្បិ ន សម្ភជេយ្យ។

បុគ្គលគប្បីសំពះបុគ្គលអ្នកសំពះខ្លួន គប្បីសេពគប់បុគ្គលអ្នក​សេពគប់ខ្លួន គប្បី​ធ្វើកិច្ច​របស់​បុគ្គល​ដែលជួយ​ធ្វើកិច្ចខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដី​ចម្រើន ដល់​បុគ្គល​អ្នកប្រាថ្នា​សេចក្ដី​វិនាស មិនគប្បី​គប់រក​នូវបុគ្គល​ដែលមិន​គប់រក (ខ្លួននោះ​ឡើយ)។

 

ចជេ ចជន្តំ វនថំ ន កយិរា, អបេតចិត្តេន ន សម្ភជេយ្យ;

ទិជោ ទុមំ ខីណផលន្តិ ញត្វា, អញ្ញំ សមេក្ខេយ្យ មហា ហិ លោកោ។

គប្បីលះបង់នូវបុគ្គលដែលលះបង់ខ្លួន មិនគប្បីធ្វើ​នូវសេចក្ដី​ស្រឡាញ់​ដោយតណ្ហា (ក្នុង​បុគ្គល​នោះ) មិនគប្បី​គប់រក​នូវបុគ្គល​ដែលមាន​ចិត្តរវើរវាយ ដូចសត្វ​បក្សីដឹងថា ឈើមានផ្លែ​អស់ហើយ (ហើរទៅ​រកដើមឈើ​ដែលមាន​ផ្លែបរិបូណ៌) គប្បី​រមិល​មើល​បុគ្គល​ដទៃ ព្រោះថា លោកសន្និវាស​ធំណាស់។

 

កាលព្រះពោធិសត្វពោលយ៉ាងនេះហើយ ព្រះរាជា​ក៏រឭកគុណ​របស់​ព្រះនាង ហើយ​ត្រាស់​ថា នែអូន យើងមិនបាន​ពិចារណា​គុណ​របស់នាង អស់​កាល​មាន​ប្រមាណ​ប៉ុណ្ណេះ យើង​ពិចារណា​ពាក្យរបស់​បណ្ឌិតហើយ នឹងឲ្យ​រាជសម្បត្តិ​ទាំងអស់​ដល់នាង ដែលជា​អ្នកអត់ទោស​ដល់យើង ដូច្នេះ​ហើយ ទ្រង់ក៏​ត្រាស់​គាថាទី ៤ ថា

 

សោ តេ ករិស្សាមិ យថានុភាវំ, កតញ្ញុតំ ខត្តិយេ បេក្ខមានោ;

សព្វញ្ច តេ ឥស្សរិយំ ទទាមិ, យស្សិច្ឆសី តស្ស តុវំ ទទាមិ។

យើងនោះជាក្សត្រិយ៍ កាលឃើញនូវភាពនៃកតញ្ញូ នឹងធ្វើតប​ដល់នាង​តាម​សមត្ថភាព យើងនឹង​ឲ្យ​ឥស្សរិយយស​ទាំងអស់​ដល់នាង នាងចង់​បានរបស់​ណា យើងនឹង​ឲ្យរបស់​នោះដល់​នាង។

 

ព្រះរាជាត្រាស់យ៉ាងនេះហើយ ក៏ប្រទានឥស្សរិយយស​ទាំងពួង​ដល់ព្រះទេវី ហើយ​ទ្រង់​គិតថា យើងរលឹក​ដឹងគុណ​ព្រះទេវី​បានដោយ​សារបណ្ឌិតនេះ ដូច្នេះ ទើប​ព្រះអង្គ​ប្រទាន​ឥស្សរិយៈ​ដ៏ធំ សូម្បីដល់​បណ្ឌិត​ពោធិសត្វ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំជាតក កាល​ចប់​សច្ចធម៌ ទាំងពីរ​នាក់ប្ដីប្រពន្ធ​ក៏បានតាំង​នៅក្នុង​សោតាបត្តិផល។

 

តទា ជយម្បតិកា ឯតរហិ ជយម្បតិកាវ អហេសុំ ស្វាមី និងមហេសី​ក្នុង​កាល​នោះ បានមក​ជាប្ដីប្រពន្ធ​ក្នុងកាល​ឥឡូវនេះ

បណ្ឌិតាមច្ចោ បន អហមេវ អហោសឹ ចំណែកអាមាត្យបណ្ឌិត គឺ​តថាគតនេះឯង។

បក្កគោធជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កោកិលវគ្គ បិដកលេខ ៥៨ ទំព័រ ២២១)

ថ្ងៃទី ២៩ ខែ តុលា ព.ស. ២៥៦២ គ.ស. ២០១៨

ដោយ ស.ដ.វ.ថ