សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

គិជ្ឈជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទុព្វចភិក្ខុមួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះមាន​ពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។

 

បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុង​សាសនាដែល​ដឹកនាំឲ្យរួច​ផុតចាកទុក្ខ​ហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារី​ទាំងឡាយ ដែលជា​អ្នកប្រាថ្នា​ប្រយោជន៍ ពោលប្រៀន​ប្រដៅថា លោកគប្បីឈាន​ទៅយ៉ាងនេះ គប្បីថយ​ត្រឡប់យ៉ាងនេះ គប្បីសម្លឹង​មើលយ៉ាងនេះ គប្បីមៀង​មើលយ៉ាងនេះ គប្បីដាក់ដៃ​ជើងយ៉ាងនេះ គប្បីលាត​លាយ៉ាង​នេះ គប្បីស្លៀក​យ៉ាងនេះ គប្បីដណ្ដប់​យ៉ាងនេះ គប្បីកាន់បាត្រ​យ៉ាងនេះ គប្បីទទួល​ភត្តតែល្មម​មួយចម្អែត ត្រូវពិចារណា​ហើយ​សឹមបរិភោគ គប្បីជាអ្នក​គ្រប់គ្រងទ្វារ​ក្នុងឥន្ទ្រិយ​ទាំងឡាយ គប្បីដឹង​ប្រមាណ​ក្នុងភោជន គប្បីប្រកប​ដោយសេចក្ដី​ភ្ញាក់រលឹក គប្បីដឹងថា នេះជា​អាគន្តុកវត្ត នេះជា​គមិកវត្ត ទាំងនេះ​ជាខន្ធកវត្ត ១៤ ទាំងនេះ​ជាមហាវត្ត ៨០ លោកគប្បី​ប្រព្រឹត្តឲ្យ​ល្អក្នុងវត្ត​ទាំងនោះ គប្បី​សមាទាន​ធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះ​ជាអ្នកដែល​គេប្រដៅក្រ មិនអត់ធន់​នឹងឱវាទ មិនកាន់​យកពាក្យ​ប្រៀនប្រដៅ​ជាចំណែក​ខាងស្ដាំ មិនធ្វើតាម​ពាក្យទូន្មាន ។ លោកពោល​ត្រឡប់ថា ខ្ញុំមិនពោល​នឹងលោក ព្រោះហេតុអ្វី លោកទាំង​ឡាយទើប​ពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះ​ដឹងអំពើ​ជាប្រយោន៍ និងមិនជា​ប្រយោជន៍​ដែលជារបស់​ខ្លួនហើយ ដូច្នេះ ទើបធ្វើខ្លួនឲ្យ​ជាអ្នកដែល​គេពោលស្ដី​ថាមិនបាន ។

 

លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅ​ក្ររបស់ភិក្ខុ​នោះហើយ ទើបអង្គុយ​ពោលពាក្យ​មិនជាគុណ​របស់ភិក្ខុនោះ​ក្នុងធម្មសភា ។ ព្រះសាស្ដា​យាងមក​ ហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​អង្គុយប្រជុំគ្នា​ដោយរឿងអ្វី ។ កាលភិក្ខុ​ទាំងឡាយ​ទូលថា ដោយរឿង​ឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គ​ក៏ឲ្យហៅភិក្ខុ​នោះមក ហើយសួរ​បញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គល​ប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះ​ទូលថា ពិតមែនហើយ​ ព្រះអង្គ ។ ព្រះទសពល​ត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នក​បានបួស​ក្នុង​និយ្យានិកសាសនា​នេះហើយ មិនធ្វើតាម​ពាក្យរបស់អ្នក​ប្រាថ្នាប្រយោជន៍ សូម្បីក្នុង​កាលមុន អ្នកក៏មិនធ្វើ​តាមពាក្យ​បណ្ឌិត​ទាំងឡាយ បានក្លាយ​ជាលម្អិតតូចធំ ក្នុងមាត់​ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីត​និទានមកថា

 

ក្នុងអតីតកាល​ដ៏យូរលង់​ណាស់មក​ហើយ ព្រះពោធិសត្វ​កើតក្នុង​កំណើត​សត្វត្មាត លើ​ភ្នំគិជ្ឈកូដ ។ កូនរបស់​ព្រះពោធិសត្វ​នោះ ជាស្ដេចត្មាត មានឈ្មោះថា សុបត្តៈ មានត្មាត​ច្រើនពាន់​ជាបរិវារ ជាអ្នកដល់​ព្រមដោយ​កម្លាំង ។ សុបត្តត្មាត​នោះ ចិញ្ចឹមមាតាបិតា ព្រោះជា​អ្នកមាន​កម្លាំងខ្លាំង ទើបហើរ​ទៅកាន់ទី​ដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជា​បិតាពោល​ប្រៀនប្រដៅ​គេថា នែកូន អ្នកកន្លងឋាន​ប្រមាណប៉ុណ្ណេះ​ហើយ មិនគប្បី​ទៅទៀត​ឡើយ ។ ស្ដេចត្មាត​សុបត្តៈនោះ សូម្បីពោលថា ល្អហើយ​ក៏ដោយ តែថ្ងៃមួយ កាលភ្លៀង​បង្អុរចុះ ស្ដេចត្មាតនោះ ហើរទៅជា​មួយនឹងត្មាត​ទាំងឡាយ ហើយបាន​លះបង់​ត្មាតដ៏សេស ហើរទៅ​កាន់ទីដ៏ខ្ពស់ ក៏ដល់​មាត់ខ្យល់​វេរម្ភៈ (ត្រូវខ្យល់​វេរម្ភៈបោក​បក់កម្ទេច) បានដល់​នូវភាព​ជាលម្អិត​តូចធំ ។

 

ព្រះសាស្ដា កាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថា​ទាំងឡាយនេះថា

បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ;

តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ;

តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។

មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក​តាំងអំពីបុរាណ ត្មាតមួយ​ចិញ្ចឹម​មាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅ​នាំយកកន្សោម​ខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹម​មាតាបិតា​ទាំងនោះ ដោយច្រើន ។

 

បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ;

សុបត្តំ ថាមសម្បន្នំ, តេជស្សឹ ទូរគាមិនំ។

ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ​ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់​ទីឆ្ងាយបាន ក៏និយាយ​ដាស់តឿន ។

 

បរិប្លវន្តំ បឋវឹ, យទា តាត វិជានហិ;

សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ;

តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។

នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មាន​សាគរ​ព័ទ្ធជុំវិញ មូលដូចកង់ វេលាណា​ហើយ នែបា ចូរអ្នក​ត្រឡប់មក អំពីទីនោះ​វិញ អ្នកកុំទៅ​ឲ្យហួសទៅ​នាយ អំពីទីនេះឡើយ ។

 

ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ;

ឱលោកយន្តោ វក្កង្គោ, បព្វតានិ វនានិ ច។

(ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរ​ជាងទិជជាតិ [សត្វដែល​កើត២ដង សំដៅដល់សត្វ​ដែលកើតក្នុងស៊ុត] ហើរស្ទុះឡើង ដោយសន្ទុះ​ដ៏ខ្លាំង រមិលមើល​នូវភ្នំ និងព្រៃ​ទាំងឡាយ ។

 

អទ្ទស្ស បឋវឹ គិជ្ឈោ, យថាសាសិ បិតុស្សុតំ;

សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។

ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដី​មានសាគរព័ទ្ធ​ជុំវិញ ​មូល​ដូចជាកង់ សមដូចពាក្យ​ប្រដៅ​របស់បិតា ដែលខ្លួនបាន​ឮមកហើយ ។

 

តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ;

តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលឹ ទិជំ។

ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់​ទីខាងនាយ ស្រាប់​តែមាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង បក់កួចត្មាត​ដ៏មានកម្លាំង​នោះ ខ្ទេចខ្ទីអស់ទៅ ។

 

នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ;

ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។

បក្សីត្មាតនោះ ហើរជ្រុលហួសទៅ​នាយហើយ ក៏មិនអាចហើរ​ត្រឡប់មកវិញបាន លុះក្នុង​អំណាចខ្យល់​ព្យុះ ក៏ដល់នូវសេចក្តី​វិនាសទៅ ។

 

តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ;

សព្វេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។

ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃ​ដែលរស់នៅ​ដោយសារត្មាត​នោះ (បរិវារ) ក្តី ក៏ដល់នូវ​សេចក្តីវិនាស​ទាំងអស់គ្នា ព្រោះតែត្មាត​សុបត្តៈនោះ មិនធ្វើតាម​ឱវាទ ។

 

ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ;

អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ;

ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។

ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យ​ប្រដៅ​របស់បុគ្គលចាស់​ព្រឹទ្ធាចារ្យ​ទាំងឡាយ យ៉ាងនេះហើយ ពួកជន​ទាំងអស់នោះ រមែងដល់​នូវសេចក្តី​វិនាស ព្រោះតែ​មិនធ្វើតាម​ពាក្យប្រដៅ​របស់បុគ្គល​ចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាត​ដ៏មានកម្លាំង ប្រព្រឹត្តល្មើស​ពាក្យប្រដៅ ហើរហួស​ទីព្រំប្រទល់ ។

 

បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺ​សង្កុបថោ ។ មនុស្ស​ទាំងឡាយ កាលទៅ​ដើម្បីរក​មាស និងប្រាក់ បានបោះបង្គោល​ក្នុងទីនោះ ចងខ្សែ​នឹងបង្អោល​នោះហើយទៅ ព្រោះហេតុនោះ ទីនោះជា​ផ្លូវដែលទៅ​ដោយស្មង លើភ្នំគិជ្ឈកូដ​នោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូល​ភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពី​បុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាត​មួយនៅនឹង​សង្កុបថៈ លើកំពូល​ភ្នំគិជ្ឈកូដ ត្មាតនោះ​ចិញ្ចឹមមាតា​បិតាដែល​ចាស់ជរា ។​ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់​ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជា​បិតាបាន​ស្ដាប់ថា កូនរបស់​លោកហក់​លោតកាន់​ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាត​នេះឡើង​កាន់ទីខ្ពស់ ។ បទថា តេជស្សឹ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយ​ដោយតេជះ​នោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជា​ស្លឹកឈូក ។ បទថា វិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតា​ពោលប្រៀន​ប្រដៅយ៉ាង​នេះថា កាលណា​ជម្ពូទ្វីបនេះ ដែលកំណត់​ដោយសមុទ្រ ឋិតនៅ​ក្នុងទីណា ប្រាកដដូច​មណ្ឌលចក្រ​ដល់អ្នកណា នែកូន អ្នកចូរត្រឡប់​អំពីទីនោះ ។

 

បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈ​មិនធ្វើតាម​ឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជា​មួយនឹងត្មាត​ទាំងឡាយ លះបង់ត្មាត​ទាំងនោះ ទៅដល់ទី​ដែលបិតា​ប្រាប់ ។ បទថា ឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត​ដល់ទីនោះហើយ ក្រឡេក​មើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់​មកអំពីសម្នាក់​បិតាយ៉ាងណា ក៏បានមើល​ឃើញយ៉ាង​នោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លង​ហួសដែន​ដែលបិតា​ប្រាប់ហើយ ទៅខាងមុខទៀត ។ បទថាតញ្ច វាតសិខា តិក្ខា សេចក្ដីថា ​ខ្យល់ព្យុះ​យ៉ាងខ្លាំង បក់កួចត្មាត​ជាទិជជាតិ ដែលជា​អ្នកមិនធ្វើ​តាមឱវាទ​សូម្បីមាន​កម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាច​នឹងត្រឡប់​មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាត​សុបត្តៈជា​ទិជជាតិ​នោះ មិនធ្វើតាម​ឱវាទរបស់​បណ្ឌិតទាំងឡាយ ត្មាតទាំងនោះ សូម្បីទាំងអស់ ក៏ដល់នូវ​សេចក្ដី​ទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាម​ពាក្យរបស់​បិតាដែលជា​អ្នកប្រាថ្នា​សេចក្ដីចម្រើន និងប្រយោជន៍ រមែង​ដល់សេចក្ដី​ទុក្ខធំយ៉ាង​នេះ ។ ម្នាលភិក្ខុ ព្រោះហេតុ​នោះ អ្នកចូរកុំដូច​សត្វត្មាត​នោះឡើយ អ្នកចូរធ្វើ​តាមពាក្យ​របស់អ្នកប្រាថ្នា​ប្រយោជន៍ចុះ ។ ភិក្ខុនោះ កាលព្រះសាស្ដា​ឲ្យឱវាទ​យ៉ាងនេះ​ហើយ ចាប់ពី​ពេលនោះមក លោកក៏ជាអ្នក​ដែលគេទូន្មាន​បានដោយល្អ ។

 

ព្រះសាស្ដា​នាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា ទុព្វចគិជ្ឈោ ឯតរហិ ទុព្វចភិក្ខុ អហោសិ ទុព្វចត្មាត​ក្នុងកាលនោះ បានមក​ជាទុព្វច​ភិក្ខុនេះ

គិជ្ឈបិតា បន អហមេវ អហោសឹ ចំណែកត្មាត​ជាបិតា គឺ តថាគត នេះឯង ។

ចប់ គិជ្ឈជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥)

ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០

ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.