សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

គហបតិជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅ​វត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។

 

ព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតា មាតុគ្រាម ជារបស់​ដែលគេរក្សា​មិនបាន តែងធ្វើ​បាបកម្ម ហើយបញ្ឆោត​ស្វាមីដោយ​ឧបាយកល​យ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គ​នាំអតីតនិទាន​មកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ ក្នុងនគរ​ពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វ កើតក្នុងត្រកូល​គហបតី ក្នុងដែនកាសី កាលចម្រើន​វ័យធំហើយ ក៏កាន់យក​ភាពជា​ឃរាវាស ។ ភរិយារបស់​ព្រះពោធិសត្វនោះ ជាស្ត្រី​ទ្រុស្តសីល បានប្រព្រឹត្ត​អនាចារ (ការ​ប្រព្រឹត្តិ​ខុស​បែប​បទប្រពៃណី) មួយអន្លើ​ដោយគាមភោជក (មេស្រុក) ។ ព្រះពោធិសត្វ​បានដឹងរឿងនោះ កាលនឹងតាម​ដានចាប់ ទើបប្រព្រឹត្ត (ដូចជា​គ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុង​នៃរដូវភ្លៀង កាលពូជ​ទាំងឡាយ​ត្រូវនាំ​ចេញទៅ ជាកាលនៃ​សេចក្ដី​ស្រែកឃ្លាន ជាកាល​ដែលសន្ទូង​កាន់យកគភ៌ ។ អ្នកស្រុក​ទាំងអស់ រួមគ្នាកាន់យក​គោចាស់មួយ​អំពីដៃ​របស់មេស្រុក មកបរិភោគ​ដោយពោលថា ចាប់ពី​ពេលនេះទៅ ២ ខែទៀត ពួកយើងច្រូត​កាត់ហើយ នឹងឲ្យស្រូវ​ដល់លោក ។

 

ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែល​ព្រះពោធិសត្វ​ចេញទៅក្រៅ គាត់ក៏ចូល​មកផ្ទះរបស់​ព្រះពោធិសត្វ ។ ក្នុងខណៈ​ដែលអ្នក​ទាំងពីរ​កំពុងដេក​ជាសុខ​នោះឯង ព្រះពោធិសត្វ​ចូលមកតាម​ទ្វារស្រុក បែរមុខ​មកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខ​ទៅកាន់​ទ្វារស្រុក ក៏ឃើញ​ព្រះពោធិសត្វ គិតថា នោះជា​អ្នកណា ហើយ​ក្រោកឈរ​ត្រង់ធរណីទ្វារ បានដឹងថា ជា​ព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់​ដល់មេស្រុក មេស្រុក​ភិតភ័យ​និង​ញ័រខ្លួន ។ លំដាប់នោះ នាងប្រាប់​គាត់ថា លោកកុំភ័យអី ខ្ញុំមាន​ឧបាយមួយ កាលមុន ពួកយើង​បានបរិភោគ​សាច់គោអំពី​ដៃរបស់លោក លោកចូរ​ធ្វើហាក់ដូច​ជាមក​ទាមទារ​តម្លៃនៃសាច់ ហើយខ្ញុំចូល​កាន់ជង្រុក ឋិតនៅត្រង់​ទ្វារជង្រុក ចំណែក​លោកឋិតនៅ​កណ្ដាលផ្ទះ ហើយ​ពោលទារ​រឿយៗថា ក្មេងក្នុងផ្ទះ​របស់យើង​ឃ្លានហើយ ចូរឲ្យ​តម្លៃសាច់ រួចខ្ញុំ​ទើបពោលថា មិនមាន​ស្រូវ ដូច្នេះហើយ នាងក៏ចូល​ក្នុងជង្រុក ហើយ​អង្គុយនៅ​ត្រង់ទ្វារ​ជង្រុក ។ ចំណែក​មេស្រុក ឈរនៅកណ្ដាល​ផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែល​អង្គុយត្រង់​ទ្វារជង្រុក​ពោលថា ស្រូវមិនមាន​ក្នុងជង្រុក កាលច្រូត​ហើយ ខ្ញុំនឹងឲ្យ លោកចូរ​ទៅសិនចុះ ។

 

ព្រះពោធិសត្វ ចូលផ្ទះហើយ ឃើញកិរិយា​របស់អ្នកទាំង​ពីរនោះ ដឹងថា នេះជា​ឧបាយកល​របស់ស្រី​អាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាល​យើងបរិភោគ​សាច់គោ​ចាស់របស់លោក យើង​បានពោលថា ចាប់ពី​ពេលនេះទៅ ពីរខែទៀត យើងនឹង​ឲ្យស្រូវ ឥឡូវនេះ មិនទាន់​បានកន្លង​កន្លះខែផង ព្រោះហេតុអ្វី បានជា​លោកមក​ទារស្រូវ លោកមិនមែន​មកដោយ​ហេតុនេះទេ ប្រាកដ​ជាមកដោយ​ហេតុដទៃ យើង​មិនពេញចិត្ត​នឹងកិរិយា​របស់លោក ចំណែកស្រីនេះ ជាអ្នក​ប្រព្រឹត្តអនាចារ មាន​ធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមាន​ក្នុងជង្រុក ឥឡូវនេះ នាងចូល​ក្នុងជង្រុក ហើយ​ពោលថា ស្រូវមិនមាន ហើយលោក​ពោលថា ចូរឲ្យ យើងមិនពេញ​ចិត្តនឹងអំពើ​របស់អ្នក​ទាំងពីរ​ឡើយ ដូច្នេះហើយ កាលប្រកាស​សេចក្ដីនោះ ទើបពោល​គាថាទាំងនេះថា

ឧភយំ មេ ន ខមតិ, ឧភយំ មេ ន រុច្ចតិ;

យាចាយំ កោដ្ឋមោតិណ្ណា, នទស្សំ ឥតិ ភាសតិ។

ហេតុទាំងពីរយ៉ាង មិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិន​ពេញចិត្តទេ ស្រីនេះ ចុះកាន់ជង្រុក ហើយនិយាយ​ថា ខ្ញុំមិនសង​ដូច្នេះ ។

 

តំ តំ គាមបតិ ព្រូមិ, កទរេ អប្បស្មិ ជីវិតេ;

ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ;

អប្បត្តកាលេ ចោទេសិ, តម្បិ មយ្ហំ ន រុច្ចតិ។

ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើង​និយាយនឹងអ្នក កាល​បើជីវិត​លំបាកតិច (ប្រព្រឹត្តទៅ​យ៉ាងនេះ កាលយើង​កាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់​ស្គម ហើយធ្វើនូវ​ការកំណត់​ពីរខែ ឥឡូវនេះ មកតឿនទារ​ក្នុងកាលដែល​មិនទាន់​ដល់កំណត់ ក៏អំពើនោះ យើងមិន​ពេញចិត្តឡើយ  ។

 

បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជា​ប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូម​ពោលនឹងលោក ។ បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា ធម្មតា ជីវិតរបស់​យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាបត្រដួស​ផង តិចតួច​ស្ដួចស្ដើង​ផង ជីវិតរបស់​យើងប្រព្រឹត្ត​ក្នុងសភាព​បែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ សេចក្ដីថា កាលយើង​កាន់យកសាច់ អ្នកក៏​ឲ្យគោចាស់ គឺគោ​យ៉ាងកញ្ចាស់ ស្គម ខ្សោយ គ្មានកម្លាំង ហើយធ្វើ​ការកំណត់​ពេលសង​តម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បី​សងតម្លៃ ។ បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់​ដល់វេលា អ្នកក៏​មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែក​ស្រីអាក្រក់​មានធម៌​ដ៏លាមក ទ្រុស្តសីល​នេះ កាលដឹងថា ស្រូវមិនមាន​ក្នុងជង្រុកហើយ ធ្វើដូច​ជាមិនដឹង ចុះកាន់​ជង្រុក ឋិតនៅ​ត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិន​ឲ្យ ដូច្នេះ អ្នកទាមទារ​ខុសកាល ហេតុទាំង​ពីរនេះ យើងមិន​ពេញចិត្តទេ ។

 

ព្រះពោធិសត្វ កាលពោលយ៉ាង​នេះហើយ ក៏ចាប់សក់​មេស្រុកនោះ ទាញឲ្យ​ដួលនៅ​កណ្ដាល​ផ្ទះ ហើយជេរប្រទេច​ដោយពាក្យ​ជាដើមថា អ្នកឯង​ហ៊ានប្រទូស្ត​នឹងភរិយា​ដែលគេ​គ្រប់គ្រង​រក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វ​ក៏វាយ​មេស្រុក ធ្វើឲ្យខ្សោយ រួចចាប់​កអូសបណ្ដេញ​ចេញអំពី​ផ្ទះ ហើយមក​ចាប់សក់​ស្រីអាក្រក់នោះ​អូសចេញ​ពីជង្រុក វាយគម្រាម​ថា ប្រសិនបើ​នាងធ្វើបែប​នេះទៀត នាងនឹង​បានដឹងខ្លួន ។ ចាប់ពី​ពេលនោះមក មេស្រុក​មិនហ៊ានសូម្បី​តែសម្លឹងផ្ទះ​នោះ សូម្បីស្រី​អាក្រក់នោះ ក៏មិនអាច​នឹងប្រព្រឹត្ត​កន្លង សូម្បីដោយ​ចិត្ត ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រកាស​សច្ចៈទាំងឡាយ និង​ប្រជុំជាតក ក្នុងកាលជា​ទីបញ្ចប់នៃ​សច្ចៈ ឧក្កណ្ឋិតភិក្ខុ បានតាំងនៅ​ក្នុងសោតាបត្តិផល ។

តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុង​កាលនោះ បានមកជា​ទេវទត្ត

និគ្គហការកោ គហបតិ បន អហមេវ អហោសឹ គហបតី​ដែលសង្កត់​សង្កិនមេស្រុក គឺតថាគត​នេះឯង ។

គហបតិជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩)

ដោយ ខេមរ អភិធម្មាវតារ