។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

គង្គមាលជាតក

ព្រះសាស្តា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧបោសថកម្ម បានត្រាស់​ធម្មទេសនា​​នេះ មានពាក្យថា អង្គារជាតា ដូច្នេះជាដើម។

 

ថ្ងៃមួយ ព្រះសាស្តាត្រាស់ហៅពួកឧបាសក ដែលជា​អ្នករក្សា​ឧបោសថ ត្រាស់ថា ម្នាល​ឧបាសក​ទាំងឡាយ ឧបោសថ​ដែលអ្នក​ទាំងឡាយ​បានធ្វើនេះ ល្អហើយ ពួកអ្នក ចូរ​រក្សាចុះ គួរឲ្យទាន រក្សាសីល ចូរមិនក្រោធ ចម្រើន​មេត្តា​នៅ​រក្សា​ឧបោសថ បោរាណ​បណ្ឌិត​ទាំងឡាយ​បានយសធំ ព្រោះអាស្រ័យ​ឧបោសថកម្ម ដែលរក្សា​កន្លះថ្ងៃ។ កាល​ពួកឧបាសក​ទាំងនោះ​ក្រាបទូល​អារាធនា ទើបទ្រង់​នាំយក​អតីត​និទាន​មកថា ៖

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ក្នុង​នគរ​នោះ មាន​សេដ្ឋីម្នាក់ ឈ្មោះ សុចិបរិវារ មានសម្បត្តិ ៨០ កោដិ  ជាអ្នក​ត្រេកអរ​ក្នុង​បុណ្យ​កុសល មានឲ្យ​ទាន​ជាដើម។ បុត្រនិង​ភរិយាក្តី បរិវារ​របស់​សេដ្ឋីនោះក្តី ដោយ​ហោច​ទៅ សូម្បី​អ្នក​គង្វាលគោ​ក្នុងផ្ទះ​នោះ មនុស្ស​ទាំងអស់​នាំគ្នា​រក្សា​ឧបោសថ មួយខែ ៦ ថ្ងៃ។ គ្រានោះ ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​អ្នក​ក្រីក្រមួយ ធ្វើការ​ឈ្នួល​ចិញ្ចឹម​ជីវិត រស់នៅ​ដោយ​សេចក្តី​លំបាក។ ព្រះពោធិសត្វ​គិតថា យើងនឹង​ធ្វើការ​ស៊ីឈ្នួល ទើប​បាន​ទៅកាន់​ផ្ទះ​សុចិរិវារសេដ្ឋី សំពះ​ហើយ ឈរក្នុង​ទីដ៏សម​គួរមួយ​កន្លែង កាលលោក​សេដ្ឋីសួរថា អ្នក​មក​ធ្វើអ្វី ? ទើបពោលថា ខ្ញុំមក​ដើម្បីទទួល​ស៊ីឈ្នួល​ធ្វើការងារ​ក្នុង​ផ្ទះរបស់​លោក។ លោក​សេដ្ឋីតែង​និយាយ​ប្រាប់កូន​ឈ្នួលដទៃៗ ក្នុងថ្ងៃ​ដែលមក​ដល់ថា អ្នក​ដែល​ធ្វើការងារ​ក្នុងផ្ទះ​នេះ ត្រូវរក្សា​សីលគ្រប់​គ្នា បើអ្នក​អាច​រក្សាសីល​បាន ចូរធ្វើ​ការងារ​ចុះ តែ​សម្រាប់​ព្រះពោធិសត្វ លោកសេដ្ឋី​មិនបាន​ប្រាប់ឲ្យ​រក្សាសីល​ឡើយ គ្រាន់​តែ​ទទួល​ព្រះពោធិសត្វ​ថា ល្អហើយ អ្នកចូរ​ដឹងថ្លៃ​ស៊ីឈ្លួល ហើយធ្វើ​ការចុះ។ ចាប់ពី​ពេល​នោះ​មក ព្រះពោធិសត្វ​ដែល​ជាមនុស្ស​ប្រដៅ​ងាយ ឲ្យនូវជីវិត មិនបាន​គិតដល់​សេចក្តី​នឿយហត់​លំបាក​របស់ខ្លួន ធ្វើការងារ​គ្រប់យ៉ាង​ឲ្យលោក​សេដ្ឋី។ ព្រះពោធិសត្វ ទៅធ្វើ​ការងារ​អំពីព្រឹក​ព្រលឹម ក្នុងពេល​ល្ងាច ទើបត្រឡប់មក។

 

ក្នុងថ្ងៃមួយ គេប្រកាសមហោស្រព​ក្នុងព្រះនគរ។ មហាសេដ្ឋី​ហៅនាង​ទាសីមក បង្គាប់ថា ថ្ងៃនេះ​ជាថ្ងៃ​ឧបោសថ នាងចូរ​ចម្អិនភត្ត​ឲ្យពួក​កម្មករ ក្នុងផ្ទះ​អំពីព្រឹក​តែម្តងទៅ កាល​ដល់​វេលា ពួកគេ​នឹងបាន​បរិភោគ ហើយ​រក្សាឧបោសថ។ ព្រះពោធិសត្វ​ក្រោកឡើង​អំពី​ព្រឹក ទៅធ្វើ​ការងារ។ គ្មានអ្នកណា​ប្រាប់​ព្រះពោធិសត្វ​ថា ថ្ងៃនេះជាថ្ងៃ​ឧបោសថ ​លោក​គប្បី​រក្សា​ឧបោសថ។ ពួកកម្មករ​ដ៏សេស បរិភោគ​អាហារ​អំពីព្រឹក ហើយ​រក្សាឧបោសថ។ សូម្បី​លោកសេដ្ឋី​ព្រម​ទាំងកូន ប្រពន្ធ និងបរិវារ ក៏បាន​អធិដ្ឋាន​ឧបោសថ ពួក​អ្នក​ដែល​រក្សា​ឧបោសថ សូម្បី​ទាំងអស់ ទៅកាន់​លំនៅ​របស់ខ្លួនៗ អង្គុយ​ពិចារណា​សីល។ ព្រះពោធិសត្វ​ធ្វើការងារ​រហូត​អស់មួយ​ថ្ងៃ ត្រឡប់​មកក្នុង​វេលាដែល​ព្រះអាទិត្យលិច។ លំដាប់​នោះ ពួកអ្នកធ្វើ​ភត្ត បានឲ្យទឹក​លាងដៃ​ដល់​ព្រះពោធិសត្វ ហើយរៀប​បាយ​ដាក់​ថាស​រួចលើក​ឲ្យ។ ព្រះពោធិសត្វ​សួរថា ថ្ងៃដទៃៗ ក្នុងវេលានេះ តែងមាន​សំឡេងខ្លាំង តែថ្ងៃនេះ​គេទៅ​ណាអស់ កាលបាន​ស្តាប់ថា មនុស្ស​គ្រប់គ្នា សមាទាន​ឧបោសថ ទៅទីនៅ​របស់ខ្លួនៗ ទើបគិតថា យើងជា​មនុស្ស​ទ្រុស្តសីល​ម្នាក់ នឹងមិន​នៅ​ក្នុងក្រុម​បុគ្គល​អ្នកមាន​សីលទាំង​នេះឡើយ ឥឡូវនេះ កាលយើង​អធិដ្ឋានអង្គ​ឧបោសថ នឹងជា​ឧបោសថកម្ម​ដែរឬទេ។ លោកក៏​ទៅសួរ​សេដ្ឋី។ លោក​សេដ្ឋីពោល​នឹង​ព្រះពោធិសត្វ​ថា នែអ្នក នឹងជា​ឧបោសថកម្ម​ទាំងអស់​មិនបាន​ទេ ព្រោះ​មិនបាន​អធិដ្ឋាន​អំពីព្រឹក តែជា​ឧបឌ្ឍុបោសថកម្ម (ឧបោសថកម្ម​កន្លះថ្ងៃ) ប៉ុណ្ណោះ។ ព្រះពោធិសត្វ​ពោលថា ត្រឹមតែ​ប៉ុណ្ណេះ​ក៏បាន ហើយ​សមាទានសីល ក្នុងសំណាក់​សេដ្ឋី អធិដ្ឋាន​ឧបោសថ ហើយ​ចូលទៅ​កាន់ទី​នៅរបស់ខ្លួន ដេក​ពិចារណា​ដល់សីល។ កាល​រាត្រីកន្លង​ចូលបច្ឆិមយាម ខ្យល់​សត្ថកវាត​កើតឡើង​ដល់​ព្រះពោធិសត្វ ព្រោះអត់​អាហារ​អស់មួយថ្ងៃ។ លោកសេដ្ឋី​ប្រកប​ភេសជ្ជៈ​ផ្សេងៗ នាំមក​ហើយ​ពោលថា អ្នកបរិភោគចុះ។ ព្រះ​ពោធិសត្វ​ពោលថា ខ្ញុំមិន​ទម្លាយ​ឧបោសថ​ទេ សុខចិត្ត​លះបង់ជីវិត ហើយរក្សា​ឧបោសថ។ វេទនា​ខ្លាំងក្លា​បាន​កើត​ឡើង វេលា​អរុណរះ​ឡើង ព្រះពោធិសត្វ មិនអាច​តាំងសតិ​ទុកឡើយ។ មនុស្ស​ទាំង​ឡាយ​គិតថា ព្រះពោធិសត្វ​នឹងស្លាប់ ឥឡូវនេះ ទើបនាំ​ព្រះពោធិសត្វ​ទៅ ដាក់ឲ្យ​ដេកក្នុង​រោង​រក្សាអាហារ។

 

ខណៈនោះ ព្រះបាទពារាណសី ទ្រង់រថព្រះទីន័ង្គ ធ្វើប្រទក្សិណព្រះនគរ​ដោយ​បរិវារធំ យាង​មកដល់​ទីនោះ។ ព្រះពោធិសត្វ​ឃើញ​សិរីរាជសម្បត្តិ របស់​ព្រះបាទ​ពារាណសី​ហើយ កើតសេចក្តី​ប្រាថ្នាចង់​បាន​រាជសម្បត្តិ។ លោកចុតិ​ហើយ ទៅបដិសន្ធិ​ក្នុងគភ៌​អគ្គមហេសី​របស់​ព្រះបាទ​ពារាណសី ដោយ​អានិសង្ស​នៃ​ឧបោសថកម្ម​កន្លះថ្ងៃ។ ព្រះអគ្គមហេសី​ពរគភ៌ បរិហារហើយ ល្មមគ្រប់ទសមាស ក៏ប្រសូត​ព្រះឱរស។ ព្រះញាតិ​ទាំងឡាយ​នាំគ្នា​ថ្វាយ​ព្រះនាមថា ឧទយកុមារ។ ឧទយកុមារ​នោះ កាល​ចម្រើន​វ័យហើយ សម្រេច​ការសិក្សា​សិល្បៈ​គ្រប់យ៉ាង និងអាច​រលឹក​បុព្វកម្មរបស់​ខ្លួន ដោយ​ញាណ​ជាគ្រឿង​រលឹកជាតិ​បាន ទើបបន្លឺ​ឧទានរឿយៗថា នេះជា​ផលកម្មបន្តិច​បន្តួច​របស់​យើង។ កាលព្រះរាជបិតាចូលទិវង្គតហើយ បានគ្រងរាជសម្បត្តិ ទត​មើល​សិរីរាជ​សម្បត្តិ​ដ៏ធំ​ក្រៃលែង​របស់​ព្រះអង្គ ហើយ​បន្លឺឧទាន​ដូច្នេះទៀត។

 

ថ្ងៃមួយ អ្នកនគរត្រៀមការលេងមហោស្រព ក្នុងព្រះនគរ មហា​ជននាំគ្នា​ខ្វល់​ខ្វាយ​ក្នុងការ​លេង។ គ្រានោះ មានបុរស​ទទួលធ្វើ​ការស៊ី​ឈ្នួលម្នាក់ រស់នៅ​ជិតទ្វារ​ទិសឧត្តរ នៃក្រុង​ពារាណសី រក្សា​ទ្រព្យកន្លះ​មាសក ដែលបាន​មកដោយ​ការស៊ី​ឈ្នួលដង​ទឹក ទុកក្នុង​ចន្លោះ​ឥដ្ឋកំពែង​ក្រុង កាលធ្វើ​ការស៊ីឈ្នួល ក៏ទៅដល់​ទ្វារទស​ខាងត្បូង គាត់​នៅរួម ជាមួយ​នឹងស្រី​កំព្រាម្នាក់ ដែល​ចិញ្ចឹមជីវិត​ដោយការ​ទទួលស៊ី​ឈ្នួលដងទឹក ដូចគ្នា​ក្នុងទីនោះ។ ស្រីនោះ​ពោល​នឹងគាត់ថា នែស្វាមី ក្នុង​ព្រះនគរ មាន​មហោស្រព ប្រព្រឹត្តទៅ បើបង​មានទ្រព្យ​ខ្លះ សូម្បី​យើងក៏​នឹងទៅ​លេងជា​មួយគ្នា។ ភតិកបុរស​ឆ្លើយ​ថា អើ យើងមាន។ នាងសួរថា ស្វាមីមានប៉ុន្មាន ? ភតិកបុរស​ឆ្លើយថា មានកន្លះមាសកៈ។ នាង​សួរថា ទ្រព្យនោះ​នៅទីណា ?​ ភតិកបុរស​ពោលថា បងរក្សា​ទុកក្នុង​ចន្លោះឥដ្ឋ ជិតទ្វារ​ក្រុង​ទិសឧត្តរ កន្លែង​រក្សាទ្រព្យ​នោះ ឆ្ងាយពីទី​ដែលយើង​នៅ ១២ យោជន៍ ចុះ ទ្រព្យ​ក្នុងដៃ​របស់នាង​មានខ្លះឬ ? នាងឆ្លើយថា ចា៎សមាន។ ភតិកបុរស​សួរថា មានប៉ុន្មាន​ ? នាង​ពោលថា មានកន្លះ​មាសកៈដូចគ្នា ​។ នាងនិយាយថា ទ្រព្យរបស់​បងមានកន្លះ​មាសកៈ របស់ខ្ញុំ​កន្លះមាសកៈ រួមជា​មួយមាសកៈ យើងនឹង​យកទ្រព្យ​នោះ មួយចំណែក ទិញ​ផ្កាឈើ មួយចំណែក​ទិញរបស់​ក្រអូប មួយចំណែក​ទិញសុរា ហើយ​ត្រាច់​ដើរលេង​ជាមួយ​គ្នា ចូរបង​ទៅនាំទ្រព្យ​កន្លះមាសកៈ​ដែលរក្សា​ទុកមកចុះ។

 

បុរសអ្នកធ្វើការស៊ីឈ្នួលរីករាយត្រេកអរថា យើងនឹង​បានពាក្យ (ចរចាសាសង) អំពី​សម្នាក់​ភរិយា ទើបពោល​ថា ហៃអូន​សម្លាញ់ កុំគិតច្រើនអី បងនឹង​ទៅនាំ​យកទ្រព្យ​នោះមក ដូច្នេះហើយ ជៀស​ចេញទៅ។ ភតិកបុរស​មានកម្លាំង​ដូចដំរីសារ ដើរឆ្លងកាត់​ផ្លូវ​បាន ៦ យោជន៍ ក្នុង​វេលាថ្ងៃ ដើរជាន់​ខ្សាច់ក្ដៅ ហាក់ដូច​ជាជាន់​កម្រាល​រងើកភ្លើង គាត់ត្រេកអរ​ដោយលោភៈ​នឹងទ្រព្យ ស្លៀកសំពត់​កាសាវៈ​ក្រហម ប្រដាប់​ស្លឹកត្នោតត្រង់​ត្រចៀក ច្រៀង​ដោយទំនុក​តែមួយ ដើរទៅតាម​ផ្លូវព្រះរាជវាំង។

 

ព្រះបាទឧទយរាជ បើកសីហបញ្ជរ ប្រថាប់ឈរ​ ទតឃើញបុរស​អ្នកធ្វើ​ការឈ្នួល ដើរមក​យ៉ាងនោះ ទ្រង់​ត្រិះរិះថា អ្វីហ្ន៎​ដែលធ្វើ​ឲ្យបុរសនេះ​មិនអើពើ​ចំពោះ​ខ្យល់ និង​កម្ដៅ​ថ្ងៃបែប​នោះ មានសេចក្តី​រីករាយ​ត្រេកអរ ដើរស្រែក​ច្រៀងទៅ យើងនឹង​សួរគេមើល ដូច្នេះ​ហើយ ទ្រង់បញ្ជូន​បុរសម្នាក់​ឲ្យហៅមក។ បុរសនោះ​ទៅប្រាប់ថា ព្រះរាជា​ត្រាស់​ហៅអ្នក ? កាលភតិក​បុរស​ឆ្លើយថា ព្រះរាជា​ជាអ្វីនឹងយើង យើងមិន​ស្គាល់​ព្រះរាជា​នោះទេ ដូច្នេះ ទើបត្រូវ​នាំខ្លួនទៅ ដោយ​ការប្រើកម្លាំង ហើយឲ្យ​ឈរក្នុង​ទីដ៏សម​គួរមួយ។ លំដាប់នោះ ព្រះរាជា​កាលនឹង​ត្រាស់សួរគេ ទើបត្រាស់ ២ គាថា ថា

អង្គារជាតា បថវីកុក្កុឡានុគតា មហី;

អថ គាយសិ វត្តានិ, ន តំ តបតិ អាតបោ។

ប្រឹថពី ជាផែនដីក្តៅ ដូចរងើកភ្លើង ប្រកបដោយដីខ្សាច់ (ក្តៅ) ដូចផេះ (ដែល​ភ្លើងឆេះ) អ្នកច្រៀង​នូវទំនុក​ទាំងឡាយ កម្ដៅថ្ងែ​មិនដុត​កម្ដៅអ្នកទេឬ។

ឧទ្ធំ តបតិ អាទិច្ចោអធោ តបតិ វាលុកា;

អថ គាយសិ វត្តានិ, ន តំ តបតិ អាតបោតិ។

ព្រះអាទិត្យក្តៅខាងលើ ដីខ្សាច់ក្តៅខាង​ក្រោម អ្នក​ច្រៀងនូវទំនុក​ទាំងឡាយ កម្ដៅថ្ងែ មិនដុត​កម្ដៅអ្នកទេឬ។

 

បុរសអ្នកធ្វើការឈ្នួលនោះ បានស្តាប់តម្រាស់​របស់ព្រះរាជា​ហើយ ទើបពោល គាថាទី ៣ ថា

ន មំ តបតិ អាតបោ, អាតបា តបយន្តិ មំ;

អត្ថា ហិ វិវិធា រាជ, តេ តបន្តិ ន អាតបោ។

កម្ដៅថ្ងែមិនដុតកម្ដៅខ្ញុំព្រះអង្គបានទេ កម្ដៅ​គឺកាមទាំងឡាយ ទើបញ៉ាំង​ខ្ញុំព្រះអង្គ​ឲ្យក្តៅ​បាន បពិត្រ​ព្រះរាជា ប្រយោជន៍​ទាំងឡាយ មានប្រការ​ផ្សេង ៗ ប្រយោជន៍​ទាំងនោះ តែង​ដុតកម្ដៅ ឯកម្ដៅ​ថ្ងែ មិនដុត​កម្ដៅទេ។

 

បណ្តាបទទាំងនោះ បទថា អាតប្បា បានដល់ វត្ថុកាម​និងកិលេសកាម ក៏វត្ថុកាម និងកិលេស​កាម​ទាំងនោះ រមែងដុត​រោលបុរស ព្រោះហេតុនោះ បុរសអ្នក​ធ្វើការឈ្នួល ទើប​ហៅ​វត្ថុកាម និងកិលេស​កាមទាំង​នោះថា អាតប្បា។ បទថា អត្ថា ហិ វិវិធា សេចក្តីថា បពិត្រ​មហារាជ សេចក្តីប្រាថ្នា​ច្រើនយ៉ាង ពោលគឺ​កិច្ចការផ្សេងៗ ដែល​ត្រូវធ្វើ ព្រោះ​អាស្រ័យ​វត្ថុកាម​និងកិលេស​កាម​របស់ខ្ញុំ​ព្រះអង្គមាន វត្ថុកាម​និងកិលេស​កាមទាំង​នោះ ដុតខ្ញុំ​ព្រះអង្គ ចំណែក​កម្ដៅថ្ងៃ មិនឈ្មោះថា ដុតខ្ញុំព្រះ​អង្គទេ។

 

លំដាប់នោះ ព្រះរាជាត្រាស់សួរបុរសអ្នកធ្វើការឈ្នួលថា សេចក្តី​ប្រាថ្នា​របស់អ្នក តើយ៉ាង​ណា ? បុរសនោះ​ក្រាបទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំព្រះអង្គ​នៅរួម​ជាមួយ​នឹង​ស្រីកំព្រា ជិតទ្វារ​ទិសទក្សិណ នាងនោះ​សួរខ្ញុំព្រះអង្គ​ថា ពួកយើង​នឹងលេង​មហោស្រព បង​មាន​ទ្រព្យនៅ​ក្នុងដៃខ្លះទេ ? ខ្ញុំព្រះអង្គ​បានពោល​នឹងនាងថា ទ្រព្យ​យើងរក្សា​ទុក​ចន្លោះ​កំពែង​ជិតទ្វារ​ទិសឧត្តរ នាងពោលថា បងចូរទៅ​នាំទ្រព្យ​នោះមក យើង​ទាំងពីរ​នឹង​លេង​មហោស្រព ហើយបញ្ជូន​ខ្ញុំព្រះអង្គ​មក ពាក្យរបស់​នាងនោះ ចាប់ចិត្ត​ខ្ញុំព្រះអង្គ កាល​ខ្ញុំព្រះអង្គ រលឹកដល់​ពាក្យរបស់​នាងនោះ សេចក្តីក្តៅ គឺកាម រមែង​ដុតកម្ដៅ សេចក្តី​ប្រាថ្នា​របស់ខ្ញុំ​ព្រះអង្គ ជាយ៉ាង​នេះឯង។

 

ព្រះរាជាត្រាស់ថា កាលអ្នកឯងមិនអើពើចំពោះខ្យល់​និងកម្ដៅ​ថ្ងៃបែបនេះ អ្វីជា​ហេតុឲ្យ​អ្នកឯង​ត្រេកអរ​ដើរស្រែក​ច្រៀង។ បុរសនោះ​ក្រាបទូលថា បពិត្រ​ព្រះសម្មតិ​ទេព ខ្ញុំព្រះអង្គ​នាំទ្រព្យ ដែលកប់​ទុកនោះ​មកបាន​ហើយ នឹង​អភិរម្យ​ជាមួយ​នឹងនាងនោះ​ដោយ​ហេតុដូច​ក្រាបទូល​មកនេះ ខ្ញុំព្រះអង្គ​ទើបត្រេកអរ​ស្រែកច្រៀង។ ព្រះរាជា​ត្រាស់​សួរថា នែបុរស​ដ៏ចម្រើន ទ្រព្យ​ដែលកប់​រក្សាទុក​ជិតទ្វារ​ទិសឧត្តរ មានប្រមាណ​មួយ​សែនឬ ? គាត់ក្រាបទូលថា មិនមានដល់ (មួយសែនទេ) ព្រះអង្គ។ ព្រះរាជា​ត្រាស់សួរ​ដោយ​លំដាប់ថា បើដូច្នោះ មានចំនួន​ប្រាំម៉ឺន, បួនម៉ឺន, បីម៉ឺន, ពីរម៉ឺន, មួយម៉ឺន, ១ ពាន់, ៥ រយ, បួនរយ, បីរយ, ពីររយ, មួយរយ, ៥០, ៤០, ៣០, ២០, ១០, ៥,​ ៤, ៣, ២, ១ កហាបណៈ, កន្លះកហាបណៈ, ១ បាទ, បួនមាសកៈ បី, ពីរ,​ មួយមាសកៈ។ ភតិកបុរស​បដិសេធ​គ្រប់ទាំងអស់ កាលព្រះរាជា​ត្រាស់ថា កន្លះមាសកៈ គេក្រាប​ទូលថា មែន​ហើយ​ព្រះអង្គ ទ្រព្យ​របស់ខ្ញុំ​ព្រះអង្គ មានត្រឹម​តែប៉ុណ្ណេះ ខ្ញុំព្រះអង្គ​ដើរមក ដោយ​នឹកក្នុង​ចិត្តថា នាំទ្រព្យ​មកបាន​ហើយ នឹងអភិរម្យ​ជាមួយ​នឹងនាង ដូច្នេះ​ទើបធ្វើឲ្យ​ខ្ញុំព្រះអង្គ​ទៅ ដោយ​បីតិសោមនស្ស​នោះ ខ្យល់និង​កម្ដៅថ្ងៃ មិនឈ្មោះថា ដុតរោល​ខ្ញុំព្រះអង្គទេ។

 

លំដាប់នោះ ព្រះរាជាត្រាស់ចំពោះបុរសនោះថា នែបុរស​ដ៏ចម្រើន កម្ដៅ​ថ្ងៃក្តៅ​បែបនេះ អ្នក​ឯងកុំ​ទៅទី​នោះអី យើងនឹង​ឲ្យទ្រព្យ​កន្លះមាសកៈ​ដល់អ្នក។ បុរសនោះ​ក្រាបទូល​ថា បពិត្រ​ព្រះសម្មតិ​ទេព ខ្ញុំព្រះអង្គ​នឹងតាំង​នៅក្នុង​ព្រះតម្រាស់​របស់​ព្រះអង្គ ទទួលយក​ទ្រព្យ​កន្លះមាសកៈ​នោះ នឹងមិន​ធ្វើទ្រព្យ​ដែលកប់​ទុកឲ្យវិ​នាស​ទៅទេ ខ្ញុំព្រះអង្គ​នឹង​ទៅ​កាន់​យក​ទ្រព្យនោះ មិនព្រម​ឲ្យសាបសូន្យ​ការធ្វើ​ដំណើរ​ទៅកាន់​យកទ្រព្យ។ ព្រះរាជា​ត្រាស់ថា នែបុរស​ដ៏ចម្រើន អ្នកចូរ​ត្រឡប់វិញចុះ យើងនឹង​ឲ្យទ្រព្យ​ដល់អ្នក​មួយមាសកៈ ពីរមាសកៈ ព្រះអង្គ​ត្រាស់​ព្រះរាជា​ទានបន្ថែម​ឡើងដោយ​ទំនងនេះ ដរាប​ដល់​មួយរយ​កោដិ និងទ្រព្យ​កំណត់​រាប់មិនបាន ហើយត្រាស់​ឲ្យគេត្រឡប់។ គេក្រាបទូលថា បពិត្រ​ព្រះសម្មតិ​ទេព ខ្ញុំព្រះអង្គ​ទទួលទ្រព្យ​ដែលជាព្រះរាជទាន សូម្បីទ្រព្យ​ដែលកប់​ទុក ក៏នឹង​ទៅយក។ តពីនោះ ព្រះរាជា​បានត្រាស់​លួងលោម​ដោយ​ឋានន្តរស័ក្តិ មាន​តំណែង​សេដ្ឋី ជាដើម ដរាបដល់ឲ្យ​តំណែង​ឧបរាជ​ដោយ​ព្រះតម្រាស់ថា យើងនឹង​ឲ្យ​អ្នក​គ្រង រាជសម្បត្តិ​ពាក់​កណ្តាល ចូរត្រឡប់​វិញចុះ ដូច្នេះ បុរសនោះ​ទើប​ព្រមទទួល​ព្រះ​តម្រាស់។

 

ព្រះរាជាទ្រង់បង្គាប់ឲ្យអាមាត្យទាំងឡាយថា ពួកអ្នកឯង​ចូរទៅធ្វើការ​កាត់សក់​ពុក​មាត់​ពុកចង្កា ឲ្យសម្លាញ់​របស់យើង ហើយឲ្យ​ងូតទឹក តែងខ្លួនរួច​នាំមក​រកយើង។ ពួក​អាមាត្យ​ក៏បាន​ធ្វើ​យ៉ាងនោះ។ ព្រះរាជា​បែងចែក​រាជសម្បត្តិ​ចេញជា​ពីរចំណែក ព្រះរាជទាន​ឲ្យបុរស​អ្នកធ្វើ​ការឈ្នួល​នោះ គ្រប់គ្រង​រាជសម្បត្តិ​ពាក់កណ្តាល។ អាចារ្យ​ទាំងឡាយ​ពោលថា បុរសអ្នកធ្វើ​ការឈ្នួល​នោះ គ្រងរាជ​សម្បត្តិ​នោះហើយ ក៏នៅទៅ​កាន់​ខាង​ទិសឧត្តរ ដោយ​សេចក្តី​ស្រឡាញ់​ទ្រព្យ​កន្លះមាសកៈ។ (ដោយហេតុនោះ) គាត់ទើប​បាន​នាមថា អឌ្ឍមាសករាជ

 

ព្រះបាទឧទយរាជ និងព្រះបាទ​អឌ្ឍមាសករាជ ទ្រង់សាមគ្គី ស្និទ្ធស្នាលគ្នាគ្រង​រាជ​សម្បត្តិ ថ្ងៃមួយ សេ្តចទៅកាន់​រាជឧទ្យាន។ ព្រះបាទ​ឧទយរាជ ទ្រង់លេង​កីឡាក្នុង​ព្រះរាជ​ឧទ្យាននោះ រហូត​នឿយហត់ ហើយយក​ព្រះសីសៈ​ផ្ទំលើភ្លៅ​របស់ព្រះបាទ​អឌ្ឍមាសក​រាជ។ កាលផ្ទំលក់ស្និទ្ធហើយ មនុស្ស​ជាបរិវារ​ក៏នាំគ្នា​ទៅលេង​កីឡា​ក្នុង​ទីនោះៗ។ ព្រះបាទ​អឌ្ឍមាសក​រាជត្រិះរិះ​ថា ប្រយោជន៍អ្វី ដែលយើង​នឹងសោយរាជ​សម្បត្តិ​ពាក់​កណ្តាល អស់កាលជានិច្ច យើងនឹងផ្តាច់​ព្រះជន្ម​ព្រះបាទឧទយរាជ ហើយ​សោយ​រាជសម្បត្តិ​តែម្នាក់ឯង ល្អជាង ដូច្នេះហើយ ទើបនាំ​ដាវចេញ​ពីស្រោម គិតនឹង​ផ្តាច់​ព្រះជន្ម​ព្រះបាទ​ឧទយរាជ ហើយត្រឡប់​គិតឡើង​វិញថា ព្រះរាជា​អង្គនេះ​បានធ្វើ​យើង​ដែលជា​មនុស្សទុរគត មនុស្សកំព្រា ឲ្យមាន​យសសក្តិ​ស្មើនឹង​ព្រះអង្គ និង​តម្កល់​យើង​ទុក​ក្នុងឥស្សរភាព​ជាធំក្រៃលែង ការដែលយើង​កើតសេចក្តី​ប្រាថ្នានឹង​សម្លាប់អ្នក​ដែលឲ្យ​យសដល់យើង​នេះ ជារឿង​ដែលមិន​សមគួរ​ធើ្វឡើយ គិតដូច្នេះ​ហើយ ទើប​តាំងសតិ ស៊កដាវ​ចូលស្រោម តែត្រឡប់​គិតហើយ​គិតទៀត រហូត​ដល់ពីរ បីដង ចិត្ត​គិត​សម្លាប់​នោះ​មិនស្ងប់​រម្ងាប់សោះ។ ពេលនោះ ទើបតាំង​ព្រះទ័យ​ដាក់ចិត្ត​គិតថា ចិត្ត​នេះកើត​ឡើងរឿយៗ នឹងគប្បី​ប្រកបយើង​ទុកក្នុង​កម្មលាមក ទើបកាត់​ព្រះទ័យ​ដាក់ដាវ​ទៅលើ​ផែនដី ដាស់​ព្រះបាទ​ឧទយរាជ​ឲ្យភ្ញាក់ពីផ្ទំ ហើយឱន​ចុះទាប​ព្រះបាទ ក្រាប​ទូលថា បពិត្រ​ព្រះអង្គ សូមព្រះអង្គ​ចូរអត់ទោស​ដល់ខ្ញុំ​ព្រះអង្គផង។ ព្រះបាទ​ឧទយរាជ​ត្រាស់​ថា ម្នាលសម្លាញ់ ទោសជា​ចន្លោះរវាង​លោក​និងយើង មិនមានទេ មិនមែនឬ ? ព្រះបាទ​អឌ្ឍមាសករាជ​ទូលថា បពិត្រ​មហារាជ មាន ខ្ញុំព្រះអង្គ បានធ្វើ​យ៉ាងនេះ។

 

ព្រះបាទឧទយរាជត្រាស់ថា នែសម្លាញ់ បើដូច្នោះ យើងលើក​ទោស​ឲ្យលោក លោកចង់​គ្រងរាជ​សម្បត្តិ​ទាំងអស់ ក៏ចូរគ្រង​រាជសម្បត្តិ​ចុះ យើងនឹង​ជាឧបរាជ ធ្វើការ​ទំនុក​បម្រុង​លោក ក៏បាន។

 

ព្រះបាទអឌ្ឍមាសករាជក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ​មិនត្រូវ​ការរាជ​សម្បត្តិ ព្រោះតណ្ហា​នេះ នឹងឲ្យខ្ញុំ​ព្រះអង្គ​ទៅកើត​ក្នុងអបាយ ព្រះអង្គ​ចូរគ្រប់គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ​តែម្នាក់​ឯងចុះ ខ្ញុំព្រះអង្គ​សូមទូល​លាទៅបួស ឫសគល់​នៃកាម ខ្ញុំព្រះអង្គ​ឃើញហើយ សេចក្តីពិត កាមនេះ​តែងចម្រើន​ដល់អ្នក​ត្រិះរិះ ឥឡូវនេះ ចាប់​តាំង​អំពី​នេះទៅ ខ្ញុំព្រះអង្គ​នឹងមិន​ត្រិះរិះ​ទៀតឡើយ ដូច្នេះ កាល​នឹងបន្លឺឧទាន ទើប​ត្រាស់​គាថាទី ៤ ថា

អទ្ទសំ កាម តេ មូលំ, សង្កប្បា កាម ជាយសិ;

ន តំ សង្កប្បយិស្សាមិ, ឯវំ កាម ន ហេហិសិ

ម្នាលកាម យើងបានឃើញឫសគល់​របស់អ្នកហើយ ម្នាលកាម អ្នកកើតអំពី​សេចក្តីត្រិះរិះ យើងលែង​ត្រិះរិះ​អ្នកទៀត​ហើយ ម្នាលកាម កាលបើ​យ៉ាងនេះ អ្នកនឹងមិន​កើតមាន (តទៅ​ទៀតទេ)។

 

ព្រះបាទអឌ្ឍមាសករាជពោលយ៉ាងនេះហើយ កាលនឹង​សម្ដែងធម៌​ដល់មហាជន ដែល​ជាអ្នក​ប្រកប​រឿយៗ​ក្នុងកាម ទើបត្រាស់​គាថាទី ៥ ថា

អប្បាបិ កាមា ន អលំ, ពហូហិបិ ន តប្បតិ;

អហហា ពាលលបនា, បរិវជ្ជេថ ជគ្គតោ។

កាមទាំងឡាយ សូម្បីតិច ក៏នៅតែមិនល្មម សូម្បីច្រើន ក៏នៅតែមិន​ស្កប់ស្កល់ ឱ មុខ​គួរ​សង្វេគ នឹងការ​ចរចា​របស់ពួក​ជនពាល បុគ្គលលុះ​តែប្រឹង​ប្រកប​ព្យាយាម ទើប ត្រាស់​ដឹងបាន។

 

ព្រះបាទអឌ្ឍមាសករាជ កាលសម្តែងធម៌ដល់មហាជន​យ៉ាងនេះ​ហើយ ឲ្យព្រះ​បាទ​ឧទយរាជ​គ្រងរាជ​សម្បត្តិ លះមហាជន​ដែលមាន​មុខទទឹក​ដោយទឹកភ្នែក​ស្រែកយំ ចូល​ហិមវន្ត​ប្រទេស បួស ហើយញុំាង​ឈាន​និងអភិញ្ញា​ឲ្យកើត។

 

កាលព្រះបាទអឌ្ឍមាសករាជបួសហើយ ព្រះបាទឧទយរាជ កាលនឹង​បន្លឺឧទាន ឲ្យជា​ទូទៅ ទើប​ត្រាស់​គាថាទី ៦ ថា

អប្បស្ស កម្មស្ស ផលំ មមេទំ, ឧទយោ អជ្ឈាគមា មហត្តបត្តំ;

សុលទ្ធលាភោ វត មាណវស្ស, យោ បព្វជី កាមរាគំ បហាយា។

នេះជាផលកម្ម មានប្រមាណតិចរបស់យើង ឧទយៈ​បានសម្រេច​នូវភាព​ជាធំ ឱហ្ន៎ មាណព​ណា បានលះនូវ​តម្រេកក្នុង​កាម​ហើយបួស មាណពនោះ​ឈ្មោះថា បានល្អ​ហើយ។

 

សេចក្តីរបស់គាថានេះ មិនមានអ្នកណា​ដឹងឡើយ។ ថ្ងៃមួយ ព្រះអគ្គមហេសី ទូល​សួរសេចក្តី​របស់​ព្រះគាថា​នឹង​ព្រះរាជា ព្រះរាជា​ក៏មិន​ប្រាប់។ ព្រះរាជា មានខ្មាន់​ព្រះកេស​ម្នាក់​ឈ្មោះ គង្គមាល។ នាយគង្គមាល​នោះ កាលនឹង​តុបតែង​ព្រះមស្សុ ព្រះរាជា បានធ្វើ​បរិកម្ម​ដោយ​កាំបិតកោរ​មុនហើយ ទើបដក​ព្រះលោមា ដោយ​សណ្ឌាស ជាខាង​ក្រោយ។ វេលា​ដែលបរិកម្ម​ដោយ​កាំបិតកោរ ព្រះរាជា​ទ្រង់មាន​សេចក្តីសុខ វេលា​ដែលដក​ព្រះលោមា​ ព្រះរាជា​ទ្រង់មាន​សេចក្តីទុក្ខ។ ខ្មាន់ព្រះកេស​នោះប្រាថ្នា​ឲ្យ​ព្រះរាជា​ព្រះរាជ​ទានពរជា​មុន ហើយទើប​ប្រាថ្នាកាត់​ព្រះសីសៈ​ជាខាង​ក្រោយ។

 

ថ្ងៃមួយ ព្រះរាជាបានត្រាស់ប្រាប់សេចក្តីនោះ​ដល់​ព្រះរាជ​ទេវីថា នែនាងដ៏​ចម្រើន នាយ​គង្គមាលកប្បកៈ (ខ្មាន់ព្រះកេស​ឈ្មោះ​គង្គមាល) របស់យើង ជាមនុស្សល្ងង់ កាល​ព្រះរាជ​ទេវី​ទូលសួរថា បពិត្រ​ព្រះសម្មតិទេព នាយគង្គមាល គួរធ្វើ​ដូចម្ដេច? ព្រះរាជា​ត្រាស់ថា គួរដក​សរសៃ​លោមា​ជាមុន ហើយទើប​ធ្វើបរិកម្ម​ដោយ​កាំបិតកោរ​ជាខាង​ក្រោយ។ ព្រះរាជទេវីឲ្យ​ហៅខ្មាន់​ព្រះកេស​មក ត្រាស់ថា នែនាយ ឥឡូវនេះ កាលដល់​ថ្ងៃដែល​នឹងតែង​ព្រះមស្សុ​ថ្វាយ​ព្រះរាជា អ្នកគប្បី​ដកសរសៃ​ព្រះលោមា​ជាមុន ហើយធ្វើ​បរិកម្ម​ដោយ​កាំបិតកោរ​ជាខាង​ក្រោយ កាល​ព្រះរាជា​ប្រទានពរ​ថា អ្នកចូរ​ទទួលពរ អ្នក​គប្បី​ក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព សេចក្ដី​ត្រូវការ​ដោយវត្ថុ​ដទៃ មិនមានទេ សូម​ព្រះអង្គ​ចូរប្រាប់​សេចក្តី​នៃឧទាន​គាថារបស់​ព្រះអង្គ យើងនឹង​ឲ្យទ្រព្យ​ជាច្រើន​ដល់អ្នក។

 

ខ្មាន់ព្រះកេសទទួលព្រះបន្ទូលថា ល្អហើយ កាល​ដល់ថ្ងៃដែល​នឹងតែង​ព្រះមស្សុ បានចាប់​សណ្ឌាស​មុន កាល​ព្រះរាជា​ត្រាស់​សួរថា នែគង្គមាល ហេតុដូចម្តេច អ្នកឯង​ទើបមិន​ធ្វើដូច​គ្រាមុនៗ ? ខ្មាន់ព្រះកេស​ក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព ធម្មតា​ជាង​កោរកាត់ រមែងធ្វើ​សូម្បី​វត្ថុដែល​មិនធ្លាប់ធ្វើ ទូលហើយ ក៏ដក​ព្រះលោមា​មុន ហើយ​ធ្វើ​បរិកម្ម ដោយ​កាំបិត​កោរ​ក្នុងខាង​ក្រោយ។ ព្រះរាជា​ត្រាស់ថា អ្នកឯង​ចូរទទួលពរ។ ខ្មាន់​ព្រះកេស​ក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំព្រះអង្គ​មិនត្រូវ​ការវត្ថុ​ដទៃ សូមព្រះអង្គ​ចូរត្រាស់​ប្រាប់សេចក្តី​របស់​ឧទាន​គាថា។

 

ព្រះរាជាទ្រង់ខ្មាស​ ដែលនឹងត្រាស់ប្រាប់រឿង​ព្រះអង្គធ្លាប់​ជាអ្នក​ក្រលំបាក ទើប​ត្រាស់ថា នែអ្នក ប្រយោជន៍​អ្វីដោយ​ពរនេះ អ្នកទទួល​ពរដទៃចុះ។ ខ្មាន់​ព្រះកេស​ក្រាប ទូលថា បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​ចូរទ្រង់​ប្រទានពរ​នេះដល់​ខ្ញុំព្រះអង្គ​ចុះ។ ព្រះរាជា​ខ្លាច​មុសាវាទកម្ម ទើបទ្រង់​ទទួលពាក្យ​ហើយ បង្គាប់ឲ្យ​ចាត់ចែង តាក់តែងវត្ថុ​ទាំងពួង តាម​ន័យដែល​ពោលហើយ​ក្នុង​កុម្មាសបិណ្ឌិជាតក (សត្តកនិបាត) ស្ដេចប្រថាប់​គង់លើ​រតនបល័្លង្ក ត្រាស់​បុរិមកិរិយា​ទាំងពួង​ថា ម្នាលគង្គមាល ក្នុងភពមុន យើងកើត (ជាអ្នក​ទាល់ក្រ) ក្នុង​នគរនេះឯង ដូច្នេះ​ហើយ ទ្រង់ពោល​សេចក្ដី​នៃឧទានថា យើងពោល​កន្លះគាថា​ដោយ​ហេតុនេះថា សម្លាញ់​របស់យើង​បួសហើយ រួចពោល​កន្លះគាថា​ខាង​ក្រោយ ដោយ​ហេតុនេះ​ថា ចំណែក​យើងជា​មនុស្ស​ប្រមាទ នៅ​សោយរាជ​សម្បត្តិ។

 

ខ្មាន់ព្រះកេសស្តាប់រឿងនោះហើយគិតថា “បានឮថា ព្រះរាជា​បានរាជ​សម្បត្តិ​នេះ ដោយការ​រក្សាឧបោសថ​កន្លះថ្ងៃ ឈ្មោះថា កុសល គឺបុគ្គល​គួរធើ្វ បើដូច្នោះ យើងគប្បី​បួស សាងទីពឹង​របស់ខ្លួន​ចុះ“ គិតហើយ ក៏លះពពួក​ញាតិ​និងភោគ​សម្បត្តិ សូមព្រះរាជា រាជានុញ្ញាត​បព្វជ្ជា ហើយទៅ​កាន់​ហិមវន្ត​ប្រទេស បួសជាឥសី លើកត្រៃលក្ខណ៍​ឡើង ចម្រើន​វិបស្សនា ក៏សម្រេច​បច្ចេក​ពោធិញាណ ទ្រទ្រង់​បាត្រចីវរ ដែលកើត​ឡើងដោយ​ឫទ្ធិ អាស្រ័យ​នៅ​ភ្នំគន្ធមាទន៍ អស់ ៥ ឆ្នាំ រួចគិតថា យើងនឹង​ទៅមើល​ព្រះបាទ​ពារាណសី ទើបហោះ​តាមអាកាស មកគង់​នៅលើ​មង្គលសិលា ក្នុងរាជ​ឧទ្យាន។ អ្នក​ថែរក្សា​ឧទ្យាន​ចាំបាន ទើបទៅ​ក្រាបទូល​ព្រះរាជាថា បពិត្រ​ព្រះសម្មតិ​ទេព គង្គមាលជា​ព្រះបច្ចេកពុទ្ធ ហោះ​តាម​អាកាស មកគង់​ក្នុងឧទ្យាន។ ព្រះរាជា​ស្តាប់ពាក្យ​នោះហើយ ស្តេចយាង​ចេញទៅ​ដោយរហ័ស មានបំណង​ថា យើងនឹង​ថ្វាយបង្គំ​ព្រះបច្ចេកពុទ្ធ។ ព្រះរាជជននី ក៏​ស្តេច​​ចេញទៅជាមួយ​ព្រះរាជបុត្រ។ ព្រះរាជា​ស្តេចចូល​កាន់ឧទ្យាន ថ្វាយបង្គំ​ព្រះបច្ចេកពុទ្ធ ហើយ​ប្រថាប់គង់​ក្នុងទីដ៏​សមគួរ​មួយ ព្រមដោយ​បរិស័ទ។ ព្រះបច្ចេកពុទ្ធ កាល​ធ្វើ​បដិសណ្ឋារៈ​នឹងព្រះរាជា បានហៅ​ព្រះរាជា​តាមនាម​ត្រកូលថា

 

ម្នាលព្រហ្មទត្ត ព្រះអង្គជាអ្នកមិនប្រមាទ គ្រងរាជ​សម្បត្តិ​ដោយធម៌ បានធ្វើ​បុណ្យ មាន​ឲ្យទាន​ជាដើម​ទេឬ។

 

ព្រះរាជមាតាបានស្តាប់ពាក្យនោះហើយ ទ្រង់ព្រះ​ពិរោធ​ថា នាយគង្គមាលនេះ មានជាតិ​ជាមនុស្ស​អាក្រក់​លាមក ជាកូន​ជាងកោរកាត់ មិនស្គាល់​ប្រមាណ​ខ្លួន ហៅឱរស​របស់យើង​ដែលជា​សេ្តចផែនដី ជាក្សត្រ​ដោយជាតិ ដោយ​ឈ្មោះថា ព្រហ្មទត្ត ដូច្នេះទើប​ត្រាស់​គាថាទី ៧ ថា

តបសា បជហន្តិ បាបកម្មំ, តបសា ន្ហាបិតកុម្ភការភាវំ;

តបសា អភិភុយ្យ គង្គមាល, នាមេនាលបសជ្ជ ព្រហ្មទត្ត។

ពួកសត្វតែងលះបង់នូវបាបកម្ម (របស់ខ្លួន) ដោយតបៈ លះបង់នូវភាវៈ​នៃខ្លួនជា​ខ្មាន់ព្រះកេស និងស្មូនឆ្នាំង ដោយតបៈ នែគង្គមាល ក្នុងថ្ងែនេះ អ្នកហ៊ាន​រំលោភ ហៅ​ព្រហ្មទត្ត (កូនអញ) ដោយចំ​ឈ្មោះ ព្រោះអាង​មានតបៈឬ។

 

គាថានោះមានសេចក្ដីថា សត្វទាំងឡាយពួកនេះ រមែងលះ​បាបកម្ម​ដោយតបៈ គឺ​តបគុណ ដែលខ្លួន​សាងសន្សំ​ទុក តែតបៈ​ទាំងនេះ នឹងលះ​បង់ភាវៈ​ជាអ្នក​ប្រើឆ្នាំង​ដួស​ទឹក ឲ្យគេងូត​បានផងឬ នែគង្គមាល ការដែល​អ្នកប្រើ​តបៈរបស់​ខ្លួន សង្កត់សង្កិន ហៅឱរស​របស់​យើង ដោយឈ្មោះ​ថា ព្រហ្មទត្ត ក្នុងថ្ងៃនេះ ជាការ​មិនសមគួរ​ឡើយ។

 

ព្រះរាជាត្រាស់ឃាត់ព្រះរាជជននីហើយ កាលនឹង​ប្រកាសគុណ​របស់​ព្រះបច្ចេកពុទ្ធ ទើប​ត្រាស់​គាថាទី ៨ ថា

សន្ទិដ្ឋិកមេវ អម្ម បស្សថ, ខន្តីសោរច្ចស្ស អយំ វិបាកោ;

យោ សព្វជនស្ស វន្ទិតោហុ, តំ វន្ទាម សរាជិកា សមច្ចា។

បពិត្រព្រះមាតា សូមទ្រង់ទតនូវផលនៃខន្តិ និងសោរច្ចៈ ដែលអាច​ឃើញជាក់​ច្បាស់ ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាល​បច្ចេកពុទ្ធ​នោះ ជាបុគ្គល​ដែលជន​ទាំងអស់​ត្រូវថា្វយ​បង្គំ យើងព្រម​ទាំងស្តេច ​និង​អាមាត្យ នាំគ្នាថ្វាយ​បង្គំនូវ​ព្រះបច្ចេកពុទ្ធ នោះ។

 

កាលព្រះរាជាត្រាស់ឃាត់ព្រះរាជជននី​ហើយ មហាជនដ៏សេស នាំគ្នា​ក្រោកឡើង ពោល​ថា បពិត្រ​ព្រះអង្គ​ជាសម្មតិទេព កាលដែល​ជនថោកទាប​ឃើញ​សភាពនេះ ហៅ​ព្រះអង្គ​ដោយ​ឈ្មោះ មិនសម​គួរដល់​ព្រះអង្គ​ឡើយ។ ព្រះរាជា​កាលហាម​ឃាត់​មហាជន ដើម្បី​នឹងសម្តែង​គុណនៃ​ព្រះបច្ចេកពុទ្ធ​ជាម្ចាស់​នោះ ទើបត្រាស់​គាថាចុង​ក្រោយថា

មា កិញ្ចិ អវចុត្ថ គង្គមាលំ, មុនិនំ មោនបថេសុ សិក្ខមានំ;

ឯសោ ហិ អតរិ អណ្ណវំ, យំ តរិត្វា ចរន្តិ វីតសោកា។

អ្នកទាំងឡាយ កុំនិយាយពាក្យតិចតួច នឹងព្រះបច្ចេកពុទ្ធ​ឈ្មោះគង្គមាល ដែលជា​អ្នក​សិក្សាក្នុង​គន្លង​នៃប្រាជ្ញា​របស់ពួក​អ្នកប្រាជ្ញា​ឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធនេះ បាន​ឆ្លងនូវ​អន្លង់ គឺវដ្តសង្សារ ដែលពួក​បុគ្គលអ្នក​ប្រាសចាក​សោក តែងឆ្លង​ហើយ ត្រាច់ទៅ។

 

កាលព្រះរាជាត្រាស់យ៉ាងនេះហើយ ក៏ថ្វាយបង្គំព្រះបច្ចេកពុទ្ធ រួចត្រាស់ថា បពិត្រ​លោក​ម្ចាស់ សូមអត់ទោស​ដល់មាតា​របស់ខ្ញុំ​ករុណាផង។ ព្រះបច្ចេកពុទ្ធ​ពោលថា ថ្វាយ​ព្រះពរ​មហាបពិត្រ អាត្មា​អត់ទោសឲ្យ។ សូម្បី​រាជបរិស័ទ​ក៏ឲ្យព្រះបច្ចេកពុទ្ធ​អត់​ទោស​ឲ្យដែរ។ ព្រះរាជា​សូមប្តេជ្ញា​ព្រះបច្ចេកពុទ្ធ ដើម្បីឲ្យគង់​នៅដោយ​អាស្រ័យ​ព្រះអង្គ។ ព្រះបច្ចេកពុទ្ធ​មិនបាន​ថ្វាយប្តេជ្ញា កាល​បរិស័ទ​ព្រមដោយ​ព្រះរាជា កំពុង​សម្លឹងនោះឯង លោក​ក៏ទៅឋិត​នៅលើ​អាកាស ឲ្យឱវាទ​ព្រះរាជា ហើយហោះ​ទៅកាន់​ភ្នំគន្ធមាទន៍​វិញ។

 

ព្រះសាស្តា នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលឧបាសក​ទាំងឡាយ ឈ្មោះថា ការរក្សា​ឧបោសថ ជាកិច្ចដែល​បុគ្គលគួររក្សា ដោយប្រការ​ដូច្នេះឯង ហើយ​ព្រះអង្គ​ប្រជុំ​ជាតកថា

តទា បច្ចេកពុទ្ធោ បរិនិព្វាយិ ព្រះបច្ចេកពុទ្ធ​ក្នុងកាលនោះ បានបរិពា្វន ហើយ

អឌ្ឍមាសករាជា អានន្ទោ អហោសិ ព្រះបាទអឌ្ឍមាសករាជ បានមកជា​អានន្ទ

រញ្ញោ មាតា មហាមាយា ព្រះរាជជននី បានមកជាព្រះមហាមាយា

អគ្គមហេសី រាហុលមាតា ព្រះអគ្គមហេសី បានមកជារាហុលមាតា

ឧទយរាជា បន អហមេវ អហោសឹ ចំណែកព្រះបាទឧទយរាជ គឺ តថាគត​នេះឯង។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទនិកាយ ជាតក អដ្ឋកនិបាត កច្ចានិវគ្គ បិដកលេខ ៥៩ ទំព័រ ១២១)

ថ្ងៃ សៅរ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ០១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.