។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ខុរប្បជាតក

ព្រះសាស្ដា កាលស្ដេច​គង់នៅវត្ត​ជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុអ្នក​លះបង់​សេចក្ដី​ព្យាយាម​មួយ​រូប បាន​ត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យ​ថា ទិស្វា ខុរប្បេ ដូច្នេះ​ជាដើម ។

 

ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាល​ភិក្ខុ បានឮ​ថា អ្នក​លះបង់​សេចក្ដី​ព្យាយាម​មែនឬ​ ?  កាល​ភិក្ខុ​នោះ​ទូល​ថា ​ពិត​មែន​ហើយ​ព្រះអង្គ ទើប​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​​បួស​ក្នុង​សាសនា​ដែល​ជា​និយ្យានិកយ៉ាងនេះហើយ ហេតុ​អ្វី​​បាន​ជា​អ្នក​លះបង់​សេចក្ដី​ព្យាយាម​​ទៅ​វិញ​បោរាណក​បណ្ឌិត​ទាំង​ឡាយ ​ធ្វើការ​ព្យាយាម​​ក្នុង​ឋានដែលមិនសមគួរ គេ​ក៏​នៅ​តែមិន​លះ​បង់​សេចក្ដី​​ព្យាយាម​ចោល​ដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា

 

ក្នុងអតីតកាល កាល​ព្រះ​បាទ​ព្រហ្មទត្ត​​សោយ​រាជ​សម្បត្តិ​ក្នុង​​នគរ​ពារាណសី ព្រះ​ពោធិសត្វ​​កើត​ក្នុង​ត្រកូល​​អ្នក​រក្សា​ព្រៃ លុះ​ចម្រើន​វ័យ​ធំ​ឡើង​ហើយ ​មាន​បុរស ៥០០ ​ជា​បរិវារ ជា​ធំ​ជាង​​អ្នក​រក្សា​ព្រៃ​ទាំង​ឡាយ ​សម្រេចការ​នៅ​ក្នុង​ស្រុក​មួយក្បែរ​មាត់​ព្រៃ​ ។ លោក​ទទួល​ប្រាក់​​ស៊ី​ឈ្នួល​ ជូន​មនុស្ស​ឆ្លង​កាត់​ព្រៃ​ ។ វេលា​ខាង​ក្រោយ​មក ក្នុង​ថ្ងៃ​មួយ សត្ថវាហបុត្រ ( កូន​ឈ្មួញ​​រទេះ ) នៅ​នគរ​ពារាណសី​ម្នាក់ ដឹកនាំរទេះ ៥០០ ទៅ​ដល់​ស្រុក​នោះ​ ហើយហៅ​ព្រះ​ពោធិសត្វ​​មក​និយាយ​ថា ម្នាល​សម្លាញ់ អ្នក​ចូរ​ទទួល​យក​ប្រាក់​មួយ​ពាន់ ហើយ​សូម​​ចម្លង​ខ្ញុំ​ឲ្យ​ឆ្លង​​ផុត​អំពី​ដង​ព្រៃ​នេះ​ ។ ព្រះ​ពោធិសត្វ​ក៏​ព្រម​ទទួល​ថា ល្អ ហើយកាន់យក​ប្រាក់​មួយ​ពាន់​ពី​ដៃ​សត្ថវាហបុត្រ កាល​ដែល​លោក​ទទួល​ថ្លៃ​ឈ្នួល​នោះហើយ (លោក​ក៏​តាំង​ចិត្ត​) ​លះ​បង់​ជីវិត​ដល់​កូន​​ឈ្មួញ​រទេះនោះ រួចលោកនាំកូន​ឈ្មួញ​រទេះ ចូល​ទៅ​កាន់ព្រៃ ។

 

មាន​ចោរ ៥០០ ​តាំងឡើងក្នុង​កណ្ដាល​ដង​ព្រៃ ​បុរសដ៏សេស ឃើញ​ពួក​ចោរហើយ នាំ​គ្នា​ដេក​ក្រាប​​លើ​​ប្រឹថពី​ដោយទ្រូង នៅ​សល់​តែ​ប្រធានអ្នករក្សា​ម្នាក់​ប៉ុណ្ណោះ លោក​​ស្រែក​សន្ធាប់បន្លឺ​សំឡេង​ ​វាយប្រហារ ​ធ្វើ​ឲ្យ​ពួក​ចោរ​​រត់​បាត់​​អស់ ហើយ​ជូន​សត្ថវាហ​បុត្រ​ឲ្យ​ឆ្លង​ផុត​ពី​ផ្លូវ​កន្តារៈ​ ​ដោយ​សួស្ដី ។

 

សត្ថវាហ​បុត្រ លុះ​បាន​រួច​ផុត​ពី​ចោរ​ភ័យ​​ហើយ ក៏​ដាក់​រទេះ​ឈប់​នៅ​តំបន់​មួយ អញ្ជើញ​ព្រះ​ពោធិសត្វ​បរិភោគ​ភោជនាហារ​មាន​ឱជារស​ឆ្ងាញ់​ផ្សេង ៗ សូម្បីខ្លួន​ឯង​បរិភោគអាហារ​ព្រឹកហើយ ​អង្គុយ​ជាសុខ ចរចា​មួយអន្លើដោយ​ព្រះ​ពោធិសត្វ​ថា ម្នាល​សម្លាញ់ ក្នុងកាល​ដែល​ពួក​​ចោរ សុទ្ធ​តែ​ជា​អ្នក​កាច​ឃោឃៅ​ កាន់​អាវុធ​ ​ស្ទុះ​ចូល​មក​​ប្លន់​រទេះ​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​​អ្នក​គ្មាន​សេចក្ដី​ភិតភ័យ​តក់​ស្លុត​សោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ​ថា

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;

តស្មឹ ភយស្មឹ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។

អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយ​ដោយ​កម្លាំង​នៃធ្នូផង នូវ​ព្រះខាន់​សំលៀង​ដោយ​ប្រេង​ដ៏មុត ដែលពួក​ចោរកាន់​ហើយផង កាល​សេចក្ដី​ស្លាប់ដែល​គួរខ្លាចនោះ ចូល​មក​តាំង​នៅចំពោះ​មុខហើយ ហេតុអ្វី អ្នក​មិនមាន​សេចក្ដី​តក់ស្លុត​សោះ ។

 

ប្រធានអ្នករក្សា​ស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ​ថា

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;

តស្មឹ ភយស្មឹ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។

ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ​ដោយកម្លាំងនៃធ្នូ នូវព្រះខាន់​សំលៀង​ដោយប្រេង​ដ៏មុត ដែល​ពួកចោរ​កាន់ហើយ កាលសេចក្ដី​ស្លាប់ដែលគួរ​ខ្លាចនោះ​ចូលមក​តាំងនៅចំពោះ​មុខ ខ្ញុំក៏​ត្រឡប់​បានសេចក្ដី​ត្រេកអរច្រើន​ដ៏លើសលុប ។

សោ វេទជាតោ អជ្ឈភវឹ អមិត្តេ, បុព្វេវ មេ ជីវិតមាសិ ចត្តំ;

ន ហិ ជីវិតេ អាលយំ កុព្វមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។

ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់​នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបាន​លះបង់​ជីវិត​មុន​ហើយ ព្រោះថា បុគ្គល​អ្នកក្លៀវក្លា កាលធ្វើ​សេចក្ដី​អាល័យ​ក្នុងជីវិត គប្បី​ធ្វើនូវ​កិច្ច​របស់​អ្នក​ក្លៀវក្លា ក្នុងកាល​ណា ៗ មិនបានទេ ។

 

ព្រះ​ពោធិសត្វនោះ​សំដែងភាពដែល​ខ្លួន​ជា​អ្នក​មាន​​សេចក្ដី​ក្លាហាន ​មិន​អាឡោះ​អាល័យ​​ជីវិត ប្រាប់​សត្ថវាហបុត្រ​ដូច្នោះ​ហើយ ​ក៏​បញ្ជូន​សត្ថវាហ​បុត្រ​ឲ្យ​ទៅ ហើយលោក​វិល​មក​កាន់​ស្រុក​ខ្លួន​​វិញ បាន​ធ្វើ​បុណ្យ​ទាំង​ឡាយ​ មាន​ឲ្យទាន​ជា​ដើម ហើយក៏ទៅ​តាម​យថាកម្ម ។

 

​ព្រះ​សាស្ដា​នាំ​ព្រះ​ធម្ម​ទេសនា​មក​ហើយ ​ទ្រង់​ប្រកាស​អរិយ​សច្ច និងប្រជុំ​ជាតក​​ លុះ​ចប់​អរិយសច្ច ភិក្ខុ​អ្នក​លះ​បង់​​សេចក្ដី​ព្យាយាម​នោះ​ ក៏​បានតាំងនៅ​ក្នុងព្រះ​អរហត្ត ។

តទា អារក្ខកជេដ្ឋកោ អហមេវ អហោសឹ ​អ្នក​រក្សា​​ជា​ប្រធានក្នុងកាល​នោះ គឺ​តថាគត​នេះ​ឯង ។

ខុរប្បជាតកជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១)

ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.