។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ខន្តិវាទីជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​កោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បាន​ត្រាស់​ព្រះជាតក​នេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម។

 

រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ។ ព្រះសាស្ដា​ត្រាស់នឹង​ភិក្ខុថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួស​ក្នុងសាសនា​របស់​ព្រះពុទ្ធ​អ្នកមិនក្រោធ ហើយ​ធ្វើនូវ​សេចក្ដី​ក្រោធ​ទៅវិញ បោរាណក​បណ្ឌិត​ទាំងឡាយ សូម្បី​មានខ្លួន​ត្រូវគេវាយ ១០០០ រំពាត់ និងមាន​ដៃជើង​ត្រចៀក​ច្រមុះ​ត្រូវ​គេកាត់ ក៏មិន​ធ្វើសេចក្ដី​ក្រោធ​ចំពោះអ្នក​ដទៃដែរ ហើយ​ព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល ព្រះរាជាព្រះនាម​កលាពុ សោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី។ គ្រានោះ ព្រះពោធិសត្វ​កើតក្នុង​ព្រាហ្មណ​ត្រកូល ដែលមាន​ទ្រព្យ ៨០ កោដិ លោកជា​មាណព​ឈ្មោះថា កុណ្ឌលកុមារ កាលចម្រើន​វ័យឡើង ក៏ទៅ​នគរ​តក្កសិលា រៀន​សិល្បសាស្ត្រ​ទាំងពួង ហើយទុក​ដាក់ទ្រព្យ អំណើះ​ឥតពី​មាតាបិតា​ទៅ លោក​សម្លឹង​មើល​គំនរ​ទ្រព្យ ហើយគិតថា ពពួក​ញាតិ​របស់យើង ញ៉ាំង​ទ្រព្យនេះ​ឲ្យកើត​ឡើង ហើយ​ស្លាប់ទៅ ឥតយក​តាមសោះ ចំណែក​អញវិញ គួរណាស់​តែយក​ទ្រព្យនោះ​ទៅតាម​ឲ្យខាង​តែបាន លុះគិត​ដូច្នេះ​ហើយ លោកចាត់​ចែងទ្រព្យ​ទាំងអស់​ឲ្យជាទាន បុគ្គល​ណាយក​វត្ថុណា លោកឲ្យ​វត្ថុនោះ ហើយ​លោកចូល​ទៅព្រៃ​ហិមពាន្ត​សាងផ្នួស ញ៉ាំង​ជីវិត​ឲ្យប្រព្រឹត្ត​ទៅ​ដោយផលាផល នៅអស់​កាលដ៏យូរ ទើប​មកកាន់​ផ្លូវមនុស្ស​ដើម្បី​សេពរស​ប្រៃ​និងជូរ លោកទៅ​ដល់នគរ​ពារាណសី​ដោយលំដាប់ និង​ស្នាក់នៅ​ក្នុង​រាជឧទ្យាន ដល់ថ្ងៃ​ស្អែក លោកត្រាច់​បិណ្ឌបាត​ក្នុងទីក្រុង ក៏ទៅដល់​ទ្វារ​និវេសន៍​របស់​សេនាបតី។ សេនាបតី ជ្រះថ្លា​នឹងឥរិយាបថ​របស់​ព្រះពោធិសត្វ ក៏និមន្ត​ចូលក្នុង​ផ្ទះ ប្រគេន​ឲ្យឆាន់​នូវភោជន​ដែលគេ​បម្រុង​ដើម្បីខ្លួន ហើយឲ្យ​តាបស​ទទួល​សេចក្ដី​ប្ដេជ្ញា​ហើយ និមន្ត​លោកឲ្យ​គង់ នៅក្នុង​រាជឧទ្យាន​នោះឯង។

 

តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាង​ទៅឧទ្យាន​ដោយយស​ដ៏ធំ ទាំង​មានស្រ្ដី​របាំដែល​ឈ្លាស​ហែហម​ទៅផង ព្រះអង្គ​ឲ្យគេក្រាល​សយនា​លើផ្ទាំង​មង្គលសិលា ហើយទ្រង់​ផ្ទំកើយភ្លៅ​ស្រ្តីម្នាក់ ដែលជា​ទីស្រឡាញ់​សព្វ​ព្រះហឫទ័យ។ ស្ត្រីរបាំ​ទាំងឡាយ​ដែលឈ្លាស​ក្នុងការច្រៀង ការប្រគំ និងការ​រាំជាដើម នាំគ្នា​ប្រគំ ចម្រៀង​ជាដើម មហាសម្បត្តិ​របស់​ស្ដេច​កលាពុ ហាក់ដូច​ជា​សក្កទេវរាជ (បានបន្តិច) ព្រះរាជា​ផ្ទំលក់ទៅ។

 

លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើង​ប្រគំ​និងចម្រៀង​ជាដើម ដើម្បី​ព្រះរាជា​ណា ឥឡូវ​ព្រះរាជា​នោះផ្ទំ​លក់ហើយ យើងនៅ​ប្រគំ​ចម្រៀងជា​ដើមធ្វើអ្វី គិតដូច្នេះ​ហើយ ក៏ចោល​គ្រឿងតន្ត្រី មានពិណ​ជាដើម​ក្នុងទីនោះ ហើយនាំ​គ្នាដើរ​លេងក្នុង​ឧទ្យាន ពួកនាង​ត្រូវផ្កាឈើ ផ្លែឈើ និងត្រួយ​ឈើជាដើម​ទាក់ទាញចិត្ត សប្បាយ​រីករាយ​ក្នុង​ឧទ្យាន​យ៉ាង​ក្រៃលែង។ គ្រានោះ ព្រះពោធិសត្វ​គង់នៅ​ជាសុខ​ក្នុងផ្នួស ទៀប​គល់​សាលព្រឹក្ស ដែលមាន​ផ្ការីកស្គុះ​ស្គាយក្នុង​ឧទ្យាន មើលទៅ​ដូចជា​ដំរី​មត្តវរៈ។ ពេលនោះ ស្ត្រីរបាំ​ដែលត្រាច់​ក្នុងឧទ្យាន​ឃើញ​តាបស​ពោធិសត្វ ហើយ​បបួលគ្នា​ថា នាងទាំង​ឡាយ​ចូរមក​ណេះ នៅជិត​គល់ឈើ​នោះ មានបព្វជិត​មួយអង្គ​គង់នៅ ទាន់ពេល​ព្រះរាជា​មិន​ទាន់​តើន ពួកយើង​នឹងទៅ​អង្គុយស្ដាប់​ធម្មកថា​ខ្លះ ក្នុងសម្នាក់​បព្វជិតនោះ បបួល​គ្នាដូច្នេះ​ហើយ ក៏នាំគ្នា​ទៅថ្វាយ​បង្គំ អង្គុយ​ចោមរោម​តាបស រួចពោលថា សូម​លោកម្ចាស់​សម្ដែង​អ្វីដែលគួរ ដល់ខ្ញុំម្ចាស់​ទាំងឡាយ។ ព្រះពោធិសត្វ ក៏សម្ដែង​ធម៌​ដល់​ពួកនាង​ទាំងនោះ។

 

លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាល​ឲ្យព្រះរាជា​ភ្ញាក់​ឡើង។ បន្ទាប់​ពីភ្ញាក់​ហើយ ព្រះរាជា​មិនឃើញ​ស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួក​មេចង្រៃ​ទៅណា​អស់​ហើយ។

 

ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះ​ទៅអង្គុយ​ចោមរោម​​តាបស​មួយ​អង្គ។

 

ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ​នឹងប្រដៅ​ជដិលកោង​នោះឲ្យ​ដឹងដៃម្ដង។

 

ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជា​យាងមក​ទាំង​កំហឹង បណ្ដា​ស្រ្តីទាំងនោះ ស្ត្រី​ដែល​ស្និទ្ធស្នាល​ជាងគេ ទៅចាប់​ដាវពីព្រះហស្ត​របស់​ព្រះរាជា លួងលោម​ព្រះរាជា​ឲ្យ​ស្ងប់​កំហឹង។

 

ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់​ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោក​ជា​វាទីអ្វី (មានវាទៈ​ដូចម្ដេច) ?

ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី)។

ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?

ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ​ក្នុងបុគ្គលដែលជេរ ក្នុង​បុគ្គលផ្ដាសា និងក្នុង​បុគ្គល​ដែល​វាយប្រហារ (មកលើខ្លួន)។

ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹង​មើលនូវភាព​នៃការ​មានខន្តី​របស់អ្នក។

 

ព្រះរាជាត្រាស់ដូច្នេះហើយ បង្គាប់ឲ្យ​គេហៅ​ចោរឃាតក។ ពេជ្ឈឃាដនោះ ដោយ​ចារិត្ត​របស់​ខ្លួន គាត់កាន់ពូថៅ និងរំពាត់​ខ្សែតី​ដែលមាន​បន្លា ស្លៀក​សំពត់​កាសាយៈ ទ្រទ្រង់​កម្រង​ផ្កាក្រហម មកថ្វាយ​បង្គំព្រះរាជា សួរថា បពិត្រ​ព្រះសម្មតិទេព តើឲ្យទូល​បង្គំធ្វើអ្វី?

 

ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញ​ទៅផ្ដួល​លើដី យក​រំពាត់​ខ្សែតី​វាយ ២០០០ ខ្វាប់ ក្នុងចំណែក​ទាំង ៤ គឺពី​ខាងមុខ ពីក្រោយ និងសងខាង។

 

អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ។ ព្រះពោធិសត្វ​រលាត់ស្បែក​សម្បុរ​ថ្ងៃ និងស្បែក ដាច់សាច់​ហូរឈាម។

 

ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ?

ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី។ ព្រះមហាសត្វ​ពោល​ទៀតថា ព្រះអង្គ​សម្គាល់​ថា ខន្តីនៅ​ក្នុងចន្លោះ​ស្បែក​របស់​អាត្មាឬ ខន្តីមិន​មានក្នុង​ចន្លោះ​ស្បែក​របស់​អាត្មាទេ ព្រះអង្គ​មិនអាច​ទតឃើញ​ឡើយ ខន្តីនោះ​ឋិតនៅ​ក្នុងចន្លោះ​បេះដូង អាត្មា។

ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?

ព្រះរាជាត្រាស់ថា ឯងចូរកាត់ដៃទាំងពីររបស់ជដិលកោងនេះ។

 

ចោរឃាតកនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយ​កាត់ដៃ​ព្រះពោធិសត្វ។ បន្ទាប់មក ព្រះរាជា​ត្រាស់បង្គាប់​ទៀតថា ចូរឲ្យ​កាត់ជើង​ទាំងពីរ ចោរឃាតក​ក៏កាត់​ជើង។ ឈាមហូរ​ចេញពី​ចុងដៃ​និង​ចុងជើង បីដូច​ទឹកល័ក្ត (ពណ៌​ក្រហម) ហូរ​ចេញអំពី​ប្រហោង​ឆ្នាំង។

 

ស្ដេចកលាពុ ត្រាស់សួរតាបស​ម្ដងទៀតថា តើអ្នកជាវាទីអ្វី ?

ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រ​មហារាជ អាត្មាភាព​ជាខន្តិវាទី ព្រះអង្គ​សម្គាល់ថា ខន្តី​មាននៅ​នឹង​ចុងដៃ​និងចុងជើង​របស់អាត្មា​ឬ ខន្តីមិនមាន​នៅទីនោះទេ ខន្តីរបស់​អាត្មា ឋិតនៅ​ក្នុងទី​ជ្រៅណាស់។

ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់​ត្រចៀក​និងច្រមុះ​តាបសនេះ។

 

ចោរឃាតកនោះ បានកាត់​ត្រចៀក​និងច្រមុះ​របស់​ព្រះតាបស។ ខ្លួនប្រាណ​ទាំងអស់ របស់​ព្រះពោធិសត្វ ប្រឡាក់ទៅ​ដោយឈាម។

ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោក​ជាវាទីអ្វី ?

ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាព​ជាខន្តិវាទី។ ព្រះអង្គ​កុំសម្គាល់​ថា ខន្តី​នៅចុង​ត្រចៀក​និង​ច្រមុះ​ឲ្យសោះ ខន្តីរបស់​អាត្មាតាំង​នៅក្នុងចន្លោះ​បេះដូង​ដ៏ជ្រៅ។

ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយ​លើក​ខន្តីរបស់​អ្នកចុះ ត្រាស់ហើយ ព្រះរាជា​ធាក់​ដើមទ្រូង​តាបស​មួយជើង រួចទ្រង់​យាងចេញ​ទៅ។

 

ពេលព្រះរាជាយាងទៅហើយ សេនាបតី​បានទៅជូត​ឈាមពីសរីរៈ​របស់​ព្រះពោធិសត្វ ដោះ​សំពត់​មករុំ​របួស​ចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក​ព្រះ​ពោធិសត្វ​ឲ្យ​អង្គុយ​សន្សឹមៗ ថ្វាយបង្គំ​តាបសរួច អង្គុយ​ក្នុងទី​ដ៏សមគួរ​មួយ ហើយ​ពោលថា បពិត្រ​លោកម្ចាស់​ដ៏ចម្រើន បើ​លោកម្ចាស់​ប្រាថ្នា​ក្រោធ សូម​លោកម្ចាស់​ក្រោធ​ចំពោះ​តែ​ព្រះរាជា​មួយអង្គ ដែលទ្រង់​បានធ្វើ​កំហុស​ចំពោះ​លោកម្ចាស់ លោកម្ចាស់​កុំ​ក្រោធ​អ្នក​ដទៃ​ឡើយ ដូច្នេះ​ហើយ កាលនឹង​អង្វរតាបស ទើប​ពោល​គាថាទី ១ ថា

យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ;

តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។

បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្ត​ទាំងពីរ​ក្ដី កាត់​ព្រះបាទ​ទាំងពីរ​ក្ដី កាត់​ត្រចៀក​និង​ច្រមុះក្ដី របស់លោក សូមលោកខ្ញាល់​ចំពោះ​បុគ្គល​នោះចុះ សូម​លោក​កុំញ៉ាំង​ដែននេះ​ឲ្យ​វិនាស​ឡើយ។

 

បទថា មហាវីរ បានដល់ មហាវីរិយៈ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូម​លោក​កុំញ៉ាំង​កាសិរដ្ឋ​ដែល​មិនមាន​កំហុស​នេះ ឲ្យវិនាស​ឡើយ។

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា

យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ;

ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។

ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរ​ក្ដី កាត់ត្រចៀក​និង​ច្រមុះក្ដី របស់​អាត្មា សូមឲ្យ​ព្រះរាជា​នោះ ទ្រង់មាន​ព្រះជន្ម​យឺនយូរ ពួកអ្នក​ប្រាជ្ញដូច​យ៉ាងអាត្មា មិន​ខឹង​ឡើយ។

 

បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិត​ដែលដល់​ព្រមដោយ​ខន្តិពលៈ ដូច​យ៉ាង​អាត្មា រមែង​មិនក្រោធ (ដោយអាង) ថា អ្នកនេះ​បានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយ​អញ ដូច្នេះឡើយ។    

 

កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុត​ពីក្រសែភ្នែក​របស់​ព្រះពោធិសត្វ​ប៉ុណ្ណោះ មហាប្រឹថពី​នេះដែល​មានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែក​រហែក បីដូច​សំពត់​ដែលគេ​ដេរភ្លាត់, អណ្ដាត​ភ្លើងចេញ​ពី​អវិចីនរក ឆាបត្របាក់​ចាប់យក​ព្រះរាជា ហាក់​ដូចត្រូវ​គេរុំ​ដណ្ដប់​ដោយ​សំពត់​កម្ពល​ពណ៌​ក្រហម ដែលជា​អំណោយ​របស់​ត្រកូល។ ព្រះរាជា​នោះ ត្រូវ​ផែនដីស្រូប​នៅទៀប​ទ្វារឧទ្យាន​នោះឯង ហើយ​ឋិតនៅក្នុង​អវីចិ​មហានរក។ សូម្បី​ព្រះពោធិសត្វ ក៏ធ្វើកាល​កិរិយា​ក្នុងថ្ងៃនោះ​ដែរ។ រាជបរិស័ទ​ទាំងឡាយ និង​អ្នកនគរ​ទាំងឡាយ មានដៃ​កាន់​គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក​ហើយ​ ធ្វើ​សរីរកិច្ច​របស់​ព្រះពោធិសត្វ។ ចំណែក​អាចារ្យ​ពួកខ្លះ​ពោលថា ព្រះពោធិសត្វ ទៅ​ព្រៃហិមពាន្ត​វិញ។ តែពាក្យនោះ មិនពិតទេ។

 

ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា

អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ;

តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។

សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទ​កាសី ទ្រង់​ត្រាស់ឲ្យ​ចោរឃាតក​បុរស​សម្លាប់​សមណៈ​នោះ អ្នកតាំង​នៅក្នុង​ខន្តី។

តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ;

យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។

ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃ​កម្ម​ណា ផលនៃ​កម្មអាក្រក់​នោះ ជាផល​ក្ដៅ​ក្រហាយ។

 

បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាល​ដ៏យូរលង់​ណាស់​ហើយ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នា​អំពី​អធិវាសនខន្តី (ការប៉ិន​អត់ទ្រាំ​យ៉ាង​ក្រៃលែង, ខន្តីមាន​កម្លាំង, ខន្តី​យ៉ាង​ឧក្រិដ្ឋ )។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតក​សម្លាប់។ ចំណែក​អាចារ្យ​ពួកខ្លះ​ពោលថា ដៃជើង ត្រចៀក និងច្រមុះ​របស់​ព្រះពោធិសត្វ ត្រូវ​បាន​តភ្ជាប់​វិញ។ សូម្បីពាក្យ​នោះ ក៏មិន​ពិតដែរ។ បទថា សមប្បិតោ បានដល់ តាំងនៅ។

 

ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និងប្រជុំ​ជាតក ទី​បញ្ចប់​នៃ​សច្ចធម៌ ភិក្ខុអ្នក​ក្រោធនោះ បានតាំង​នៅក្នុង​អនាគាមិផល ចំណែក​ជនដទៃ​ច្រើន​ទៀត បាន​សម្រេច​សោតាបត្តិផល​ជាដើម។

តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុ​ក្នុងកាល​នោះ បានមក​ជា​ទេវទត្ត

សេនាបតិ សារិបុត្តោ សេនាបតី បានមកជាសារីបុត្រ

ខន្តិវាទី តាបសោ បន អហមេវ អហោសឹ ចំណែក​ខន្តិវាទីតាបស គឺ​តថាគត​នេះឯង។

ខន្តិវាទីជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩)

ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ថ.វ.ដ