។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ខជ្ជោបនកជាតក

ខជ្ជោបនកបញ្ហា (បញ្ហាប្រាកដ​ស្មើដោយ​អំពិលអំពែក) នេះ មានពាក្យថា កោ នុ សន្តម្ហិ បជ្ជោតេ នឹងមានជាក់​ក្នុង​មហាឧមង្គជាតក (មហោសថជាតក) ។

សេចក្ដីខាងក្រោមនេះជាអត្ថន័យដែលមានក្នុងព្រះបាលី ៖

 

(ទេវតាពោលថា)

កោ នុ សន្តម្ហិ បជ្ជោតេ, អគ្គិបរិយេសនំ ចរំ;

អទ្ទក្ខិ រត្តិ ខជ្ជោតំ, ជាតវេទំ អមញ្ញថ។

នរណាហ្ន៎ កាលបើពន្លឺមាន ត្រាច់ទៅស្វែងរកភ្លើង បានឃើញ​នូវ​អំពិលអំពែក ក្នុង​វេលាយប់ ក៏សម្គាល់​ថាភ្លើង ។

 

ស្វស្ស គោមយចុណ្ណានិ, អភិមត្ថំ តិណានិ ច;

វិបរីតាយ សញ្ញាយ, នាសក្ខិ បជ្ជលេតវេ។

បុរសនោះ ក៏ច្របាច់ឈ្លីនូវ​លំអិតនៃ​អាចម៍គោ និងស្មៅ ដោយសេចក្តី​សម្គាល់ខុស មិនអាច​នឹងបង្កាត់​ភ្លើង ឲ្យឆេះឡើង​បានទេ ។

 

ឯវម្បិ អនុបាយេន, អត្ថំ ន លភតេ មិគោ;

វិសាណតោ គវំ ទោហំ, យត្ថ ខីរំ ន វិន្ទតិ។

បុគ្គលកាលរូតទឹកដោះមេគោអំពីស្នែង រមែងមិន​បាននូវទឹកដោះ យ៉ាងណា បុគ្គល​អន្ធពាល ក៏មិនបាននូវ​ប្រយោជន៍ ដោយហេតុ​មិនមែន​ឧបាយ យ៉ាងនោះដែរ ។

 

វិវិធេហិ ឧបាយេហិ, អត្ថំ បប្បោន្តិ មាណវា;

និគ្គហេន អមិត្តានំ, មិត្តានំ បគ្គហេន ច។

ជនទាំងឡាយ តែងបាននូវប្រយោជន៍ ដោយឧបាយ​ទាំងឡាយ​ផ្សេង ៗ គឺការ​ផ្ទញ់ផ្ទាល់​សត្រូវ​ទាំងឡាយផង គឺការ​ទំនុកបម្រុង ចំពោះមិត្ត​ទាំងឡាយផង ។

 

សេនាមោក្ខបលាភេន, វល្លភានំ នយេន ច;

ជគតឹ ជគតិបាលា, អាវសន្តិ វសុន្ធរំ។

ពួកអ្នករក្សាផែនដី រមែងគ្រប់គ្រងនូវផែនដី ដែលទ្រទ្រង់​នូវទ្រព្យសម្បត្តិ ដោយ​ការបំពេញ​បំបាន ចំពោះសេនា​ជាប្រធានផង ដោយ​ការណែនំា​របស់ពួកមន្រ្តី ដែល​ជា​អ្នកស្និទ្ធស្នាល​ផង ។

ចប់ ខជ្ជោបនកជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត វណ្ណារោហវគ្គ បិដកលេខ ៥៩ ទំព័រ ១៩ និង អដ្ឋកថា)

ដោយ ស.ដ.វ.ដ.