នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កោសម្ពិយជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹង​ក្រុងកោសម្ពី ទ្រង់​ប្រារព្ធ​ភិក្ខុ​ទាំងឡាយ ដែលបង្ក​ជម្លោះគ្នា​ក្នុងក្រុង​កោសម្ពី បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា បុថុសទ្ទោ ដូច្នេះ​ជាដើម ។

 

រឿងរ៉ាវ​របស់ភិក្ខុ​ទាំងនោះ មានមក​ក្នុង​កោសម្ពិកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវ​សង្ខេប ក្នុងជាតក​នេះ ។

 

បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាស​មួយជាមួយ​គ្នា ។ ក្នុងបណ្ដា​ភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈ​បន្ទោបង់​ឧច្ចារៈ ដាក់​ភាជនៈ ដែល​បន្សល់​ទឹក​សម្រាប់​ជម្រះ​ក្នុងផើង​ទឹក ហើយចេញទៅ ។ ព្រះវិនយធរ​ចូលទៅក្នុង​ទីនោះ​តាមក្រោយ ឃើញទឹកនោះ រួច​ចេញមក​សួរថា អាវុសោ លោកបន្សល់​ទឹកឬ ? ព្រះសុត្តន្តិកៈ​ពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរ​ពោលថា លោកមិនដឹង​ភាពជាអាបត្តិ​ក្នុងចំណុច​នេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិន​ដឹងទេ ។ ព្រះវិនយធរ​ពោលថា អាវុសោ ការដែល​លោកបន្សល់ទឹក​ទុកក្នុងភាជនៈ ជាអាបត្តិ ។ ព្រះសុត្តន្តិកៈ​ពោលថា បើយ៉ាងនោះ ខ្ញុំនឹង​សម្ដែង​អាបត្តិនោះ ។ ព្រះវិនយធរ​ពោលថា អាវុសោ បើលោក​មិនក្លែង​ទៅដោយ​ការមិន​មានសតិ រមែង​មិនមាន​អាបត្តិ ។ ព្រះសុត្តន្តិកៈ​នោះ​ក៏យល់ថា មិនជា​អាបត្តិ​ក្នុងអាបត្តិនោះ ។ ចំណែក​ព្រះវិនយធរ ប្រាប់កូនសិស្ស​របស់ខ្លួនថា ព្រះសុត្តន្តិកៈ​នេះ សូម្បីត្រូវ​អាបត្តិហើយ ក៏មិន​ដឹង ។ សិស្សទាំងនោះ​ឃើញសិស្ស​របស់​ព្រះសុត្តន្តិកៈ​នោះ ហើយ​ពោលថា ឧបជ្ឈាយ៍​របស់​លោក សូម្បីត្រូវ​អាបត្តិហើយ ក៏មិនដឹង​ភាពជា​អាបត្តិ ។ សិស្សទាំង​នោះ ទៅប្រាប់​ឧបជ្ឈាយ៍​របស់ខ្លួន ។

 

ព្រះសុត្តន្តិកៈនោះ​ពោលយ៉ាងនេះថា ព្រះវិនយធរ​នេះ ក្នុងកាលមុន​ពោលថា មិនជា​អាបត្តិ តែឥឡូវ​មកពោលថា ជាអាបត្តិ លោកនោះ​ជាអ្នក​និយាយកុហក ។ សិស្ស​របស់ព្រះ​សុត្តន្តិកៈ​នាំ​គ្នាទៅ ពោលថា ឧបជ្ឈាយ៍​របស់លោក ជាមនុស្ស​និយាយកុហក ដូច្នេះ​ហើយ សិស្ស​របស់​ព្រះវិនយធរ និងរបស់​ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះ​ដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរ​បានឱកាស​ធ្វើ​ឧក្ខេបនីកម្ម (ការលើកវត្ត) ដោយ​ការមិន​ឃើញអាបត្តិ​ដល់​ព្រះសុត្តន្តិកៈ​នោះ ។ ចាប់ពី​ពេលនោះ​មក សូម្បី​ឧបាសក ឧបាសិកា​ទាំងឡាយ ដែលជា​អ្នកថ្វាយ​បច្ច័យដល់​ភិក្ខុទាំងនោះ ក៏បែកគ្នា​ជាពីរចំណែក ។ សូម្បី​ភិក្ខុនី​ទាំងឡាយ ដែល​ជាអ្នក​ទទួល​ឱវាទ ក៏បែកគ្នា​ជាពីរចំណែក សូម្បីពួក​អារក្ខទេវតា ក៏បែកគ្នា​ជាពីរ​ចំណែក ។ សូម្បី​អាកាសដ្ឋទេវតា​ដែលជាមិត្រ​ធ្លាប់ឃើញ​គ្នារបស់​អារក្ខទេវតា និង​ទេវតា​ជា​បុថុជ្ជន​ទាំងឡាយ ដរាប​ដល់​ព្រហ្មលោក ក៏បែក​ជាពីរ​ចំណែក ។ កោលាហល​នេះ បាន​ប្រព្រឹត្ត​ដរាប​ដល់ឋាន​អកនិដ្ឋភព ។

 

លំដាប់នោះ ភិក្ខុមួយរូបចូល​គាល់ព្រះតថាគត ក្រាបទូល​លទ្ធិរបស់​ភិក្ខុអ្នក​លើកទោសថា ព្រះសុត្តន្តិកៈ​នេះ ត្រូវយើង​លើកទោស​ដោយកម្ម​ដែលជាធម៌ និងលទ្ធិ​របស់អ្នក​ប្រព្រឹត្ត​តាមភិក្ខុ​ដែលគេលើក​វត្តថា ឧបជ្ឈាយ៍​របស់យើង​ត្រូវគេលើក​ទោសដោយ​កម្មមិន​ជាធម៌ និង​ភាពដែល​ភិក្ខុទាំងនោះ​សូម្បីភិក្ខុ​អ្នកលើក​ទោសទាំងឡាយ​ហាម ក៏នៅ​ត្រាច់តាម​ឡោមព័ទ្ធ​ព្រះសុត្តន្តិកៈ​នោះ ឲ្យព្រះសាស្ដា​ជ្រាប ។ ព្រះភគវា​ទ្រង់បញ្ជូន​ព្រះតម្រាស់​ទៅអស់​វារៈ ២ ដងថា អ្នកទាំងឡាយ​ចូរសាមគ្គីគ្នា ។ ព្រះអង្គ​បានស្ដាប់ថា ភិក្ខុមិន​ប្រាថ្នានឹង​សាមគ្គីគ្នា។ ក្នុង​វារៈទី ៣ ទ្រង់បាន​ឮថា ភិក្ខុសង្ឃ​បែកគ្នាហើយ ទើបស្ដេច​យាងទៅកាន់​សម្នាក់ភិក្ខុ​ទាំងនោះ ហើយសម្ដែង​ទោសក្នុងការ​លើកទោស​របស់ភិក្ខុ​អ្នកលើកទោស និង​សម្ដែងទោស​ក្នុងការ​មិនឃើញ​អាបត្តិរបស់​ភិក្ខុដទៃ​ដែលក្លែង ហើយព្រះអង្គ​ក៏យាង​ចេញទៅ ។

 

ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បី​អង្គុយក្នុង​រវាង​អាសនៈ ដូច្នេះ ដល់ភិក្ខុ​ទាំងនោះ ដែលធ្វើ​ឧបោសថ​ជាដើម ក្នុងសីមា​ជាមួយគ្នា ក្នុង​វត្តឃោសិតារាម​នោះ រួចហើយទ្រង់​បានស្ដាប់ថា សូម្បីឥឡូវ​នេះ ភិក្ខុទាំងឡាយ​នៅតែ​ឈ្លោះគ្នា​ទៀត ទើបព្រះអង្គ​យាងទៅក្នុង​ទីនោះរួចត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​កុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជា​ធម្មវាទីមួយ​រូប ដែលមិន​ប្រាថ្នាឲ្យ​ព្រះមានព្រះភាគ​លំបាក ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ​ជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ  បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូមព្រះអង្គ​ចូរមាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ព្រះមានព្រះភាគ ចូរប្រកប​ដោយការនៅ​ជាសុខក្នុង​បច្ចុប្បន្ន ហើយ​ប្រព្រឹត្ត​ទៅចុះ ពួកយើងខ្ញុំ​ព្រះអង្គនឹង​បង្កហេតុ បង្កជម្លោះ បង្កសេចក្ដី​ប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដា​ត្រាស់ថា

 

ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយ​យ៉ាងនេះថា មានព្រះរាជា​ព្រះនាម​ព្រហ្មទត្ត ជាស្ដេច​សោយរាជ្យ​ក្នុងនគរ​ពារាណសី ដូច្នេះ​ហើយ ទ្រង់ត្រាស់​រឿងដែល​ព្រះបាទព្រហ្មទត្ត​ដណ្ដើមរាជ្យ​របស់ព្រះបាទ​ទីឃីតិកោសល ហើយ​សម្លាប់​ព្រះបាទ​ទីឃីតិកោសល ដែលទ្រង់​ក្លែងខ្លួន​មិនឲ្យអ្នក​ណាស្គាល់ និងរឿង​ដែល​ទីឃាវុកុមារ​ឲ្យជីវិត ដល់​ព្រះបាទ​ព្រហ្មទត្តនោះ ហើយស្ដេច​ទាំង ២ ក៏ផ្ដើម​សាមគ្គីគ្នា​ចាប់ពីពេល​នោះមក ព្រះមានព្រះភាគ ឲ្យឱវាទថា ម្នាលភិក្ខុ​ទាំងឡាយ សូម្បី​ព្រះរាជា​អ្នកមាន​អាជ្ញា ក៏គង់​នៅមានខន្តិ និង​សោរច្ចៈ (សេចក្តី​ស្ងប់ស្ងៀម) ម្នាលភិក្ខុ​ទាំងឡាយ ចុះអ្នក​ទាំងឡាយ​បួសក្នុង​ធម្មវិន័យ​ដែល​តថាគត​សម្ដែងល្អ​ហើយនេះ ក៏គួរ​មានខន្តី និង​សោរច្ចៈ ដូច្នេះហើយ ទ្រង់ហាម​ជាគម្រប់ពីរ ជាគម្រប់​បីដងថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ កុំបង្ក​ជម្លោះ​ឈ្លោះទាស់​ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញ​ការមិន​ធូរថយ ទ្រង់ត្រិះរិះ​ថា មោឃបុរស​ទាំងនេះ ត្រូវកិលេស​គ្របសង្កត់ មិនអាចនឹង​ឲ្យដឹងបាន​ឡើយ ដូច្នេះហើយ ទើបទ្រង់​ចៀសចេញ​ទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដា​យាងត្រឡប់ពី​បិណ្ឌបាត ទ្រង់​សម្រាកបន្តិច ទ្រង់រៀប​ចំសេនាសនៈ ហើយកាន់​យកបាត្រ និងចីវរ ទ្រង់ឋិតនៅ​លើអាកាស កណ្ដាល​សង្ឃ ត្រាស់ព្រះគាថា​ទាំងឡាយ​នេះថា

បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ;

សង្ឃស្មឹ ភិជ្ជមានស្មឹ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។

ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមាន​ជនណាមួយ​ដឹងថា អាត្មាអញ​ជាបុគ្គល​ពាលឡើយ កាលបើ​សង្ឃកំពុង​បែកគ្នា ក៏មិនមាន​ជនណាមួយ ដឹងនូវ​ហេតុដទៃ ឲ្យក្រៃលែង​ជាងនេះ​ទៅទៀត ។

 

បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ;

យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។

ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀង​នឹងបណ្ឌិត មានវាចា​ជាអារម្មណ៍ ចេះតែ​ល្មោភ​និយាយ តាមដែល​ខ្លួនចង់និយាយ​ឲ្យតែរួច​ពីមាត់ មានគេ​ដឹកនាំ ដោយជម្លោះណា ក៏នៅតែមិន​ស្គាល់នូវជម្លោះ​នោះឡើយ ។

 

អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ;

យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។

ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀរ​របស់ជនទាំងនោះ រមែងមិន​ស្ងប់រម្ងាប់បាន​ឡើយ ។

 

អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ;

យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។

លុះតែពួកជនណា មិនចងសេចក្តី​ក្រោធនោះទុក ដោយគិតថា ជនឯណោះ បាន​ជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើប​ពៀរ​របស់ជន​នោះ ស្ងប់រម្ងាប់​បាន ។

 

ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ;

អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។

ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយ​ពៀរក្នុងកាលណា​ម្តងឡើយ មានតែ​ស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំង​អំពីដើម ។

 

បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ;

យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។

ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់​នូវសេចក្តីវិនាស​ក្នុង​កណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជន​ណាដឹងច្បាស់ (យ៉ាងនេះ​ថា ពួកយើង​នឹងដល់នូវ​សេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះ​ប្រកែក​ទាំងឡាយ ស្ងប់​រម្ងាប់​អំពីសម្នាក់​ពួកជននោះ​ទៅបាន ។

 

អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ;

រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ;

កស្មា តុម្ហាក នោ សិយា។

អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យក​ទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួក​អ្នករួមគ្នា​មិនបាន ។

 

សចេ លភេថ និបកំ សហាយំ, សទ្ធឹចរំ សាធុវិហារិធីរំ;

អភិភុយ្យ សព្វានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។

បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន​ ជាអ្នកប្រាជ្ញ​ត្រាច់ទៅជាមួយ មានវិហារធម៌​ដ៏ប្រពៃ គប្បីគ្របសង្កត់​នូវសេចក្តី​អន្តរាយ​ទាំងឡាយ​ទាំងពួង ហើយមាន​ចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយ​នឹងសម្លាញ់​នោះចុះ ។

 

នោ ចេ លភេថ និបកំ សហាយំ, សទ្ធឹចរំ សាធុវិហារិធីរំ;

រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។

បើបុគ្គលមិនបានសម្លាញ់ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នក​ប្រាជ្ញត្រាច់​ទៅជា​មួយគ្នា មានវិហារធម៌​ដ៏ល្អទេ គប្បីត្រាច់​ទៅតែម្នាក់ឯង ដូចជា​ព្រះរាជា​លះបង់​ដែនដែល​ឈ្នះហើយ (ពុំនោះសោត) ដូចដំរី​ដ៏ប្រសើរ​ដែលត្រាច់​ទៅតែម្នាក់ឯង​ក្នុងព្រៃ ។

 

ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា;

ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។

ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណ​មិនមានក្នុង​បុគ្គលពាលទេ បុគ្គលគួរ​ត្រាច់ទៅតែ​ម្នាក់ឯង តែថាត្រូវ​ជាអ្នកខ្វល់ខ្វាយ​តិច កុំធ្វើបាប​ទាំងឡាយឡើយ ដូចជា​ដំរីដ៏ប្រសើរ ដែលត្រាច់​ទៅក្នុងព្រៃ ។

 

បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគ​ត្រាស់សំដៅ​ដល់​ព្រះបាទព្រហ្មទត្ត និង​ទីឃាវុកុមារ ។ សូម្បីព្រះរាជា​ទាំងនោះ ក៏ត្រឡប់​មកសាមគ្គី​គ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិន​បានកាត់ឆ្អឹង​មាតាបិតា​របស់គ្នា មិនបាន​សម្លាប់គ្នា មិនបាន​លួចទ្រព្យគ្នា មិនអាច​នឹងសាមគ្គី​គ្នាចឹង ។

 

ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុ​ទាំងឡាយ ព្រះរាជា​អ្នកមានអាជ្ញា​ក៏នៅ​សាមគ្គីគ្នា ធ្វើនូវ​អាវាហវិវាហៈ​ឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយ​ភោជន​ជាមួយគ្នា ចំណែក​ពួកអ្នក បានបួស​ក្នុងសាសនា​ដែលមានសភាព​បែបនេះ ម្ដេចក៏មិនអាច​នឹងលះបង់​សូម្បីតែពៀរ​វេរារបស់​ខ្លួន ភាវៈជាភិក្ខុ​របស់ពួកអ្នក តើដូចម្ដេច ។

 

បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅ​តែឯង ដូចព្រះបាទ​មហាជនក និង​ព្រះបាទអរិន្ទមៈ ដែលលះបង់​ដែនរបស់ខ្លួន ហើយត្រាច់ទៅ​ដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គ​ក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃ​ដំរីធំ ។ លោកអធិប្បាយ​ថា ដំរីមាតង្គៈ​ជាអ្នកចិញ្ចឹម​មាតា ត្រាច់ទៅតែ​ឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថី​មិនធ្វើបាប​ទាំងឡាយ យ៉ាងណា ដំរី​បាលិលេយ្យកៈ​មិនធ្វើបាប​ទាំងឡាយ ត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បី​មិនធ្វើបាប ហើយត្រាច់​ទៅតែឯង ក៏យ៉ាងនោះដែរ ។

 

ព្រះសាស្ដា សូម្បីត្រាស់យ៉ាង​នេះហើយ កាលមិនអាច​នឹងឲ្យភិក្ខុ​ទាំងឡាយ​នោះសាមគ្គី​គ្នាបាន ទើបយាងទៅ​កាន់ស្រុក​ពាលកលោណកៈ ហើយសម្ដែង​អានិសង្ស​នៃភាពជា​អ្នកត្រាច់​ទៅតែឯង ដល់​ព្រះភគុត្ថេរ បន្ទាប់មក​ព្រះអង្គក៏យាង​ទៅកាន់លំនៅ​របស់កុលបុត្រ​ទាំង ៣ សម្ដែង​អានិសង្សនៃ​ការនៅដោយ​សាមគ្គីដល់​កុលបុត្រទាំងនោះ បន្ទាប់​ពីនោះ យាងទៅព្រៃ​បាលិលេយ្យក៍ ហើយគង់​នៅទីនោះអស់ ៣ ខែ ទ្រង់មិន​មកនគរ​កោសម្ពី​ម្ដងទៀត​ឡើយ ស្ដេចយាងទៅ​កាន់ក្រុងសាវត្ថី ។ ចំណែក​ឧបាសក ឧបាសិកា​ទាំងឡាយ អ្នករស់នៅ​នគរកោសម្ពី ប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយ​ដែលនៅ​ក្រុងកោសម្ពីនេះ ធ្វើមិន​ជាប្រយោជន៍​ដល់ពួកយើង​ច្រើន ព្រះមានព្រះភាគ ត្រូវភិក្ខុ​ទាំងឡាយ​នេះ​បៀតបៀន​ហើយ ទ្រង់យាង​ចេញទៅ ពួកយើង​នឹងមិនធ្វើការ​អភិវាទ​ជាដើម ដល់ភិក្ខុ​ទាំងនេះ នឹងមិន​ឲ្យបិណ្ឌបាត​ដល់ភិក្ខុ ដែលចូល​ទៅបិណ្ឌបាត កាលធ្វើ​យ៉ាងនេះ ភិក្ខុទាំងនេះ នឹងគេច​ទៅខ្លះ នឹងរម្ងាប់​ពៀរខ្លះ នឹងឲ្យ​ព្រះភគវន្ត​ជ្រះថ្លាខ្លះ ប្រឹក្សាគ្នា​ដូច្នេះហើយ ក៏បាន​នាំគ្នាធ្វើ​យ៉ាងនោះ ។ ភិក្ខុទាំងនោះ ត្រូវឧបាសក ឧបាសិកា​ទាំងឡាយ​បៀតបៀន ដោយ​ទណ្ឌកម្ម​នោះហើយ បាននាំគ្នា​ទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគ​អត់ទោសឲ្យ ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំ​ជាតកថា

បិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជា​ព្រះសុទ្ធោទនមហារាជ

មាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា

ទីឃាវុកុមារោ បន អហមេវ អហោសឹ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។

ចប់ កោសម្ពិយជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧)

ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០

ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.