។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កោកាលិកជាតក

(ឆដ្ឋ. កោកិលជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​កោកាលិកភិក្ខុ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យោ​ វេ កាលេ អសម្បត្តេ ដូច្នេះជាដើម។

 

រឿងរ៉ាវបច្ចុប្បន្នជាតកនេះ នឹងពោលពិស្ដារ​ក្នុង​តក្ការិយជាតក (តេរសកនិបាត)។

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​ជា​អាមាត្យអ្នក​ឲ្យឱវាទ​ព្រះរាជា​អង្គនោះ។ ចំណែក​ព្រះរាជា​ទ្រង់​ជា​អ្នក​​មាន​​ព្រះរាជ​ឱង្ការ​ច្រើន។ ព្រះពោធិសត្វ​គិតថា យើងនឹង​ហាម​ព្រះរាជា​មិនឲ្យទ្រង់​មាន​ព្រះរាជ​ឱង្ការច្រើន គិតហើយ ក៏ពិចារណា​ឃើញ​ឧបមាមួយ។

 

ថ្ងៃមួយ ព្រះរាជាទ្រង់យាងទៅឧទ្យាន ប្រថាប់គង់​លើផ្ទាំង​មង្គលសិលា នៅខាង​លើផ្ទាំង​សិលា​នោះ មានដើម​ស្វាយមួយដើម។ សត្វតាវៅខ្មៅ​មួយបាន​ដាក់ពង​របស់ខ្លួន​ក្នុង​សំបុក​ក្អែកមួយ​លើដើម​ស្វាយ​នោះ ហើយក៏​ហើរទៅ។ មេក្អែក​បានទំនុក​បម្រុងពង​តាវៅ​នោះ ក្រោយមក កូនតាវៅ​ក៏ញាស់ចេញ​ពីពងនោះ។ មេក្អែក​តែងនាំ​ចំណីដោយ​ចំពុះ​មកចិញ្ចឹម​កូនតាវៅ ដោយ​សម្គាល់ថា​ជាកូន​របស់ខ្លួន។ កាល​កូនតាវៅ​នោះ​មិនទាន់​ដុះ​ស្លាបនៅ​ឡើយ បានស្រែក​ជាសំឡេង​តាវៅ ក្នុងកាល​មិនគួរ។ មេក្អែក​គិតថា សត្វនេះ ឥឡូវ​វាស្រែក​សំឡេង​ផ្សេង កាលធំហើយ វានឹង​ធ្វើអ្វី ហើយ​ក៏ចឹក​សម្លាប់​ដោយចំពុះ រួច​ទម្លាក់​ពីសំបុក។ កូនតាវៅ​នោះ​ធ្លាក់មក​ជិតជើង​របស់​ព្រះបាទព្រហ្មទត្ត។

 

ព្រះរាជាសួរពោធិសត្វថា នែសម្លាញ់ នេះជាអ្វី ?

 

ពោធិសត្វគិតថា អញរកឧបមា​មួយដើម្បី​ហាម​ព្រះរាជា ឥឡូវនេះ អញបាន​សេចក្ដី​ឧបមា​ហើយ។

 

ព្រះពោធិសត្វក្រាបទូលព្រះរាជាថា បពិត្រ​មហារាជ បុគ្គល​ទាំងឡាយ​អ្នកមាត់រឹង និយាយ​ច្រើន​ខុសកាល តែងបាន​សភាព​បែបហ្នឹង។ បពិត្រ​មហារាជ នេះជា​កូនតាវៅ វាត្រូវ​មេក្អែកសួរ ក៏រងាវ​ជាសំឡេង​តាវៅ​ខុសកាល ទាំងពេល​ដែលខ្លួន​មិនទាន់​ដុះស្លាប។ មេក្អែក​ដឹងថា នេះមិន​មែនជាកូន​របស់ខ្លួន ហើយ​ក៏យក​ចំពុះចឹក​កូនតាវៅ​នោះឲ្យស្លាប់ រួច​ទម្លាក់អំពី​សំបុក​មក។ មិនថា​មនុស្ស ឬសត្វតិរច្ឆានទេ ឲ្យតែ​និយាយច្រើន​ខុសកាល តែង​បាននូវ​សេចក្ដីទុក្ខ​បែបនេះឯង ថាដូច្នេះ​ហើយ ពោធិសត្វ​ពោលគាថា​ទាំងនេះថា

យោ វេ កាលេ អសម្បត្តេ, អតិវេលំ បភាសតិ;

ឯវំ សោ និហតោ សេតិ,    កោកិលាយិវ អត្រជោ។

បុគ្គលណា និយាយហួសប្រមាណ ក្នុងកាលដែលមិន​សម្រេច (លទ្ធផល) បុគ្គល​នោះ​ត្រូវ​គេកម្ចាត់​ចេញ ដេកនៅ​តែម្នាក់ឯង ដូច​កូនតាវៅ (ដែល​មេក្អែក​ចឹកកម្ចាត់​ចេញ)

 

ន ហិ សត្ថំ សុនិសិតំ,      វិសំ ហលាហលាមិវ;

ឯវំ និកដ្ឋេ បាតេតិ,           វាចា ទុព្ភាសិតា យថា។

កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិស​ដ៏ក្លាខ្លាំង ក៏មិនទាញ​បុគ្គល​ឲ្យធ្លាក់ចុះ ដូច​វាចាជា​ទុព្ភាសិតទេ។

 

តស្មា កាលេ អកាលេ វា,   វាចំ រក្ខេយ្យ បណ្ឌិតោ;

នាតិវេលំ បភាសេយ្យ,       អបិ អត្តសមម្ហិ វា។

ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាល​ដែលគួរ និងកាល​មិនគួរ មិនគួរ​និយាយ​ហួស​ប្រមាណ សូម្បី​ចំពោះ​បុគ្គលដែល​ស្មើនឹងខ្លួន។

 

យោ ច កាលេ មិតំ ភាសេ,       មតិបុព្ពោ វិចក្ខណោ;

សព្វេ អមិត្តេ អាទេតិ,                សុបណ្ណោ ឧរគាមិវ។

ចំណែកបុគ្គលណា មានគំនិត​គិតទុកមុន មានប្រាជ្ញា​ជាគ្រឿង​ពិចារណា និយាយ​ល្មម​ប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់​សត្រូវ​ទាំងពួង​បាន ដូច​គ្រុឌចាប់​នាគ​ដូច្នោះ។

 

ពាក្យថា ក្នុងកាលដែលមិនសម្រេច (លទ្ធផល) បានដល់ មិនដល់​កាលនៃពាក្យ​របស់ខ្លួន (មិនដល់​ពេលដែល​ខ្លួនត្រូវ​និយាយ)។ ពាក្យថា ហួសប្រមាណ សេចក្ដីថា ធ្វើកាល​ឲ្យកន្លង​ហួសទៅ និយាយ​លើសប្រមាណ​ដ៏ក្រៃលែង។

 

ពាក្យថា ថ្នាំពិសដ៏ក្លាខ្លាំង បានដល់ ដូចថ្នាំពិស​ដ៏ខ្លាំង ដ៏​ខ្លាំងក្លា​ក្រៃលែង, ដ៏​សាហាវ​ក្រៃលែង។ ពាក្យថា មិនទាញ​បុគ្គល​ឲ្យធ្លាក់ចុះ សេចក្ដីថា ក្នុង​កាល​ខណៈ​បន្តិច​បន្តួច​នោះឯង។

 

ពាក្យថា ព្រោះហេតុនោះ សេចក្ដីថា វាចាជា​ទុព្ភាសិត​នោះឯង ទើប​ញ៉ាំង​បុគ្គល​ឲ្យធ្លាក់​ចុះ ឆាប់ជាង​សូម្បីកាំបិត​ដែលគេ​សំលៀង​យ៉ាងមុត និងថ្នាំ​ពិសដ៏ខ្លាំង។ ពាក្យថា ក្នុងកាល​ដែលគួរ និងកាល​មិនគួរ សេចក្ដីថា បុគ្គល​គប្បីរក្សា​វាចា ក្នុង​កាល​ដែលគួរ​ពោល​ផង និង​មិនគួរ​ពោលផង អធិប្បាយ​ថា មិនគប្បី​ពោលឲ្យ​ហួសកាល សូម្បី​ចំពោះ​បុគ្គល​ដែលស្មើ​នឹងខ្លួន។

 

ពាក្យថា មានគំនិតគិតទុកមុន សេចក្ដីថា ធ្វើការគិត​ទុកជាមុន ហើយ​ពោល​ពាក្យ​ល្មម​ប្រមាណ។ ពាក្យថា មានប្រាជ្ញា​ជាគ្រឿង​ពិចារណា សេចក្ដីថា ពិចារណា​ដោយ​ប្រាជ្ញា​ហើយ ទើបឈ្មោះ​ថា អត្ថវិន្ទនបុគ្គល អ្នកប្រាជ្ញ។ ពាក្យថា នាគ បានដល់ ដូចនាគ មាន​សេចក្ដី​ថា គ្រុឌធ្វើ​ទឹកសមុទ្រ​ឲ្យកម្រើក​ញែកចេញ ហើយចាប់​នាគដែល​មានភ្នេនធំ រួចនាំ​នាគនោះ​ទៅកាន់​ដើមរកា សម្លាប់ និងស៊ីសាច់​ក្នុងទីនោះ​យ៉ាងណា បុគ្គល​ណា មាន​ប្រាជ្ញា​គិត​ទុកមុន រមែង​ពោលពាក្យ​ល្មមប្រមាណ​ក្នុងកាល​គួរ បុគ្គល​នោះ រមែង​ចាប់​សត្រូវ ឲ្យលុះ​ក្នុងអំណាច​របស់ខ្លួន ក៏យ៉ាង​នោះដែរ។

 

ព្រះរាជាស្ដាប់នូវធម្មទេសនារបស់​ពោធិសត្វ​ហើយ តាំងពី​ពេលនោះ​មក ព្រះអង្គ​ក៏ជាអ្នក​មាន​រាជឱង្ការ​ល្មមប្រមាណ និងបាន​តម្លើង​យស​ដល់​ពោធិសត្វ ឲ្យមាន​តំណែង​ធំជាង​មុន។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមក​ហើយ ទ្រង់ប្រជុំ​ជាតកថា

តទា កោកិលបោតកោ កោកាលិកោ អហោសិ កូនតាវៅ​ក្នុងពេលនោះ បាន​មកជា​កោកាលិកភិក្ខុ

បណ្ឌិតាមច្ចោ បន អហមេវ អហោសឹ អាមាត្យដែលជាបណ្ឌិត គឺ​តថាគត​នេះឯង។

ចប់ កោកាលិកជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កោកិលវគ្គ បិដកលេខ ៥៨ ទំព័រ ២១៩)

ថ្ងៃទី ២០ ខែ កញ្ញា ព.ស. ២៥៦២ គ ស២០១៨

ប្រែដោយ ស.ថ.វ.ដ