។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កុលាវកជាតក

ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ​ដែលផឹក​ទឹកមិន​ត្រង់ ទើបទ្រង់​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យផ្តើម​ថា កុលាវកា ដូច្នេះ​ជាដើម ។

បានឮថា ភិក្ខុកម្លោះជាសម្លាញ់​នឹងគ្នាពីររូប ចេញពីនគរ​សាវត្ថី ទៅកាន់ជនបទ នៅ​ក្នុងទីដ៏មាន​ផាសុខភាព​មួយកន្លែង តាម​អធ្យាយស្រ័យ ហើយ​គិតថា នឹងគាល់​ព្រះសម្មាសម្ពុទ្ធ ទើប​ចេញ​អំពីជនបទនោះ មានមុខឆ្ពោះ​មកកាន់​វត្តជេតពន ។ ឯភិក្ខុពីររូប​នោះ ភិក្ខុមួយរូប មានសំពត់​តម្រងទឹក ចំណែក​ភិក្ខុមួយរូប​ទៀត​ មិនមាន ។ ភិក្ខុទាំងពីររូបនោះ ក៏រួមគ្នាត្រងទឹក ហើយ​ទើបផឹក ។ ថ្ងៃមួយ ភិក្ខុទាំងពីររូបនោះ ក៏មានជម្លោះ​ទាស់ទែងគ្នា ភិក្ខុដែលជា​ម្ចាស់សំពត់​តម្រងទឹក មិនឲ្យ​សំពត់តម្រង​ទឹកនោះ​ដល់ភិក្ខុមួយ​រូបទៀត​ប្រើប្រាស់ ត្រងទឹកផឹក​ចំពោះតែខ្លួន​ឯងប៉ុណ្ណោះ ។ ចំណែក​ភិក្ខុមួយរូប​ទៀតនេះ មិនបាន​តម្រងទឹក កាលមិនអាច​អត់ទ្រាំ​នឹងសេចក្តី​ស្រេកឃ្លានបាន ទើប​ផឹក​ទឹក​ដែលមិនបានត្រង ។ ភិក្ខុទាំងពីររូប​នោះ មកដល់វត្តជេតពន​ដោយលំដាប់ ថ្វាយបង្គំព្រះ​មាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ​មួយ ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់​សម្មោទនីយកថា (ការពោលពាក្យ​ដែលជាទីរីករាយ) ហើយ​ត្រាស់សួរថា កុតោ អាគតត្ថ តើពួកអ្នក​មក​​អំពី​ទីណា ?

ភិក្ខុទាំងពីររូបនោះ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ពួកខ្ញុំព្រះអង្គ​មកអំពីស្រុកមួយ ក្នុង​កោសលជនបទ ចេញ​អំពី​ស្រុកនោះ​មក​ដើម្បីគាល់​ព្រះអង្គ ។

ព្រះមានព្រះភាគ ត្រាស់សួរថា ពួកអ្នកសាមគ្គី​ស្មោះស្ម័គ្រ​នឹងគ្នាហើយឬ ?

ភិក្ខុដែលមិនមានសំពត់តម្រងទឹកក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ភិក្ខុនេះ​ធ្វើនូវ​ជម្លោះ​ទាស់ទែង​ជាមួយខ្ញុំព្រះអង្គ​ក្នុងកណ្តាល​ផ្លូវ ហើយមិន​ឲ្យតម្រងទឹក​ដល់ខ្ញុំព្រះអង្គ ។

ភិក្ខុជាម្ចាស់សំពត់តម្រងទឹកនោះ ក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏​ចម្រើន ភិក្ខុនេះ​មិនត្រងទឹក ដឹងថាទឹក​មានសត្វ ក៏នៅ​តែផឹក ។

ព្រះសាស្តា​ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា ​អ្នកដឹងហើយ នៅតែផឹកទឹក​ដែលមានសត្វឬ ?

ភិក្ខុនោះ​ក្រាបទូលថា ករុណា ព្រះអង្គ ខ្ញុំព្រះអង្គ​មិនបានត្រង ហើយផឹកមែន ។

ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ បណ្ឌិតទាំងឡាយ​ក្នុងកាលមុន, គ្រងរាជសម្បត្តិក្នុង​ទេវនគរ ចាញ់សង្គ្រាម រត់ទៅលើផ្ទៃ​សមុទ្រ គិតថា អញនឹងមិន​ធ្វើការសម្លាប់​សត្វ ព្រោះ​អាស្រ័យភាព​ជាធំ បានលះយសដ៏ធំ ឲ្យជីវិត​ដល់បក្សីគ្រុឌ ហើយ​ទើបត្រឡប់រថ កាលទ្រង់​ត្រាស់​យ៉ាងនេះហើយ  ទើបទ្រង់​នាំអតីត​និទាន​មកសម្តែង​ដូចតទៅនេះថា

ក្នុងកាលអតីតកាល ព្រះបាទមគធរាជមួយអង្គ គ្រងរាជសម្បត្តិនៅ​ក្នុងនគររាជគ្រឹះ ដែនមគធៈ ​។ ក្នុងកាលនោះ ព្រះបរមពោធិសត្វ​កើតជាបុត្រ​របស់ត្រកូល​ធំក្នុង​ស្រុកមចលគ្រាម ក៏ដូចក្នុង​កាលឥឡូវនេះ សក្កទេវរាជ កើតក្នុង​ស្រុកមចលគ្រាម ដែនមគធៈ ក្នុងអត្តភាព​មុននោះ ដូច្នោះដែរ ។ ក្នុងថ្ងៃ​ដាក់ឈ្មោះ ញាតិទាំងឡាយ បានដាក់ឈ្មោះ​ព្រះបរមពោធិសត្វ​ថា មឃកុមារ ។ ព្រះមហាសត្វ​ចម្រើនវ័យហើយ ប្រាកដឈ្មោះថា មឃមាណព ។ សម័យនោះ មាតាបិតា​របស់ព្រះពោធិសត្វ ក៏បាននាំទារិកា មកអំពីត្រកូល​ដែលមានជាតិ​ស្មើគ្នា ដើម្បីជាភរិយា​របស់ព្រះមហាសត្វ ។ ព្រះមហាសត្វ​ចម្រើនដោយ​បុត្រ និងធីតាទាំង​ឡាយ បានជា​ទានបតី រក្សាសីល ៥ ។ ក្នុងស្រុកនោះ មានមនុស្ស ៣៣ ត្រកូលប៉ុណ្ណោះ ។ ថ្ងៃមួយ មនុស្សក្នុង​ត្រកូលទាំង ៣៣ ត្រកូលនោះ ឈរត្រង់​កណ្តាលស្រុក ធ្វើការងារ​ក្នុងស្រុក ព្រះពោធិសត្វ យកជើងទាំងពីរ​វែកធូលី ហើយឈរ ធ្វើប្រទេសនោះ​ឲ្យគួរជាទីត្រេកអរ ឈរ​ហើយ ។ គ្រានោះ បុរសម្នាក់​មកឈរក្នុងទីនោះ ទើបព្រះបរមពោធិសត្វ​ធ្វើទីដទៃទៀត ឲ្យគួរជាទី​ត្រេកអរ ហើយឈរ សូម្បីក្នុងទីនោះ មនុស្សដទៃ​ក៏មកឈរទៀត ព្រះពោធិសត្វ បានធ្វើ​ទីដទៃៗ ឲ្យគួរជា​ទីត្រេកអរ រួមសេចក្តីថា បានធ្វើទីឈរ​គួរជាទីត្រេកអរ​ដល់មនុស្ស​ទាំងឡាយ ។ សម័យក្រោយមក បានសាងបារាំ (រោង​លាត​​មាន​ដំបូល​ស្មើ ប្រក់​ពាស​ផ្ទាំង​​សំពត់ ឬ​ស្លឹក​ឈើ ប្រើ​ជា​របាំង​​កម្ដៅ​ថ្ងៃ ឬ​សន្សើម​​សម្រាប់​​ជ្រក​បណ្ដោះ​អាសន្ន ក្នុង​វេលា​ធ្វើ​បុណ្យ ឬ​ធ្វើ​មង្គល​​ការ​ជាដើម ) ក្នុងទីនោះ សូម្បីបារាំ​ក៏ឲ្យរើ​ចេញ ហើយឲ្យ​សាងសាលា ក្រាលអាសនៈ គឺក្រាលបន្ទះក្តារ ក្នុងសាលានោះ ហើយ​តម្កល់ពាងទឹក ។

សម័យក្រោយមក ជនទាំង ៣៣ នាក់នោះ ក៏មានឆន្ទៈស្មើគ្នា​ជាមួយនឹង​ព្រះមហាសត្វ ។ ព្រះពោធិសត្វ ឲ្យជនទាំងនោះ តាំងនៅ​ក្នុងសីល ៥ ។ ចាប់តាំងពី​ពេលនោះមក ក៏ត្រាច់ធ្វើ​បុណ្យ​ទាំងឡាយ​ជាមួយជន​ទាំងនោះ ជនទាំងនោះ កាលធ្វើបុណ្យ​ជាមួយ​ព្រះមហាសត្វ ក៏ក្រោកឡើង​អំពីព្រលឹម ​កាន់​កាំបិត ពូថៅ និងអង្រែ យកអង្រែ​វាយថ្មឲ្យបែក ធ្វើផ្លូវធំដែល​មានមុម ៤ ជាដើម ហើយពង្រាប​ឲ្យស្មើ នាំយកដើមឈើ​ដែលអាចប៉ះ​ភ្លៅរថ​ទាំងឡាយ​​ចេញ ធ្វើទីពុំរាប​ស្មើឲ្យស្មើ ចងស្ពាន ជីកស្រះបោក្ខរណី សាងសាលា ឲ្យទាន រក្សាសីល​ដោយច្រើន អ្នកស្រុកទាំងអស់ តាំងនៅ​ក្នុងឱវាទ​របស់​ព្រះមហាសត្វ ហើយរក្សា​សីល ដោយប្រការ​យ៉ាងនេះ ។

លំដាប់នោះ មេស្រុករបស់ជន​ទាំងនោះគិតថា ក្នុងកាលមុន កាលមនុស្ស​ទាំងនេះផឹកស្រា ធ្វើ​បាណាតិបាត អញគង់បាន​ទ្រព្យដោយ​អំណាច​កហាបណៈ​ថ្លៃឪទិន​ស្រា​ជាដើម និងដោយ​អំណាច​ទណ្ឌពលីផង តែឥឡូវនេះ មឃមាណព​ឲ្យរក្សាសីល មិនឲ្យជនទាំងនោះ​ធ្វើ​បាណាតិបាត​ជាដើម ម្យ៉ាងទៀត ឥឡូវនេះ នឹងឲ្យយើង​ទាំងឡាយ​រក្សាសីល ៥ ទើបខឹងក្រោធ​ចូលទៅគាល់​ព្រះរាជា ហើយក្រាបទូលថា

ទេវ ពហូ ចោរា គាមឃាតាទីនិ ករោន្តា វិចរន្តិ បពិត្រ​ព្រះសម្មតិទេព ពួកចោរ​ជាច្រើន ត្រាច់ធ្វើការ​សម្លាប់អ្នកស្រុក​ជាដើម ។

ព្រះរាជាទ្រង់ស្តាប់ពាក្យរបស់មេស្រុកនោះ​ហើយ ទើបត្រាស់​បញ្ជាថា គច្ឆ តេ អានេហិ ពួកអ្នក ចូរទៅនាំមនុស្ស​ទាំងនោះមក ។

មេស្រុកនោះ ក៏ទៅចងមនុស្សទាំងនោះ នាំមក ហើយក្រាបទូល​ដល់ព្រះរាជាថា អានីតា, ទេវ, ចោរា បពិត្រ​ព្រះសម្មតិទេព ចោរទាំងឡាយ ត្រូវនាំ​មក​ហើយ ។

លំដាប់នោះ ព្រះរាជាទ្រង់មិនជម្រះកម្មរបស់ជនទាំងនោះ​ឡើយ ត្រាស់បញ្ជាថា អ្នកទាំងឡាយ ចូរឲ្យដំរីជាន់​ជនទាំងនោះ ។ បន្ទាប់​អំពីនោះ រាជបុរស ក៏ឲ្យជន​ទាំងនោះ​ដេក​ត្រង់លាន​ព្រះរាជវាំង ហើយ​នាំដំរីមក ។ ព្រះពោធិសត្វ​ទូន្មានដល់​ជនទាំងនោះថា នែអ្នក​ទាំងឡាយ ចូរអ្នកពិចារណា​ដល់សីល ចូរចម្រើន​មេត្តាក្នុង​មនុស្សដែល​ធ្វើការញ៉ុះញង់​ក្នុង​ព្រះរាជា ក្នុងដំរី និងក្នុងរាងកាយ​របស់ខ្លួន​ឲ្យដូចគ្នា ជនទាំងនោះ​បានធ្វើយ៉ាងនោះ​ ។

លំដាប់នោះ រាជបុរសទាំងឡាយ ក៏នាំដំរីចូល​ទៅដើម្បីឲ្យ​ព្រេចជន​ទាំងនោះ ដំរីនោះ សូម្បីត្រូវ​មនុស្សនាំ​ចូលទៅ ក៏មិនចូល​ទៅ បន្លឺសម្លេងខ្លាំង ហើយ​រត់ទៅ ។ លំដាប់នោះ ទើបនាំ​ដំរីដទៃៗមក ដំរីទាំងនោះ ក៏គេចទៅយ៉ាង​នោះដូចគ្នា ។

ព្រះរាជាត្រាស់ថា ប្រហែលមានឱសថណាមួយនៅក្នុងដៃ​របស់ជន​ទាំងនោះ ពួកអ្នក ចូរពិនិត្យ​មើល ។ ពួករាជបុរស​ពិនិត្យមើលហើយ មិនឃើញ​មានអ្វី ទើបក្រាប​ទូលថា បពិត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះសម្មតិទេព មិនមាន​អ្វីទេ ព្រះអង្គ ។

ព្រះរាជាត្រាស់ថា បើយ៉ាងនោះ ​ប្រហែលជាជន​ទាំងនេះ រាយមន្ត​ណាមួយ ពួកអ្នក សួរគេ​មើល មន្តសម្រាប់រាយ​របស់ជន​ទាំងឡាយ​មានឬ ?

រាជបុរសទាំងឡាយ ក៏សាកសួរ ព្រះពោធិសត្វ​ឆ្លើយថា មាន ។

រាជបុរសទាំងឡាយ ក្រាបទូលព្រះរាជា​ថា បពិត្រ​ព្រះសម្មតិទេព បានឮថា មន្ត​សម្រាប់​រាយ មាន ព្រះអង្គ ។

ព្រះរាជាត្រាស់ឲ្យហៅជនទាំងនោះមក ហើយត្រាស់ថា អ្នក​ទាំងឡាយ ចូរប្រាប់មន្ត​ទាំងឡាយ​ដែលអ្នកចេះមក ។

ព្រះពោធិសត្វក្រាបទូលថា បពិត្រព្រះសម្មតិទេព ឈ្មោះថា មន្តរបស់​ទូលបង្គំទាំងឡាយ​ដទៃ​មិនមានទេ តែទូលបង្គំ​ទាំងឡាយ​ប្រមាណ ៣៣ នាក់ ​មិនសម្លាប់​សត្វ មិនលួច​ទ្រព្យគេ មិនប្រព្រឹត្ត​ខុសក្នុងកាម មិនពោល​ពាក្យកុហក មិនផឹក​ទឹកស្រវឹង ចម្រើន​មេត្តា ឲ្យទាន ធ្វើផ្លូវឲ្យស្មើ ជីកស្រះ​បោក្ខរណី សាងសាលា នេះជាមន្ត ជាគ្រឿង​ការពារ ជាសេចក្តី​ចម្រើនរបស់​ទូលបង្គំទាំងឡាយ ។

ព្រះរាជាទ្រង់ជ្រះថ្លាចំពោះជនទាំងនោះ ទ្រង់បានឲ្យសម្បត្តិក្នុង​ផ្ទះរបស់មេស្រុក​ដែលធ្វើការ​ញ៉ុះញង់​ទាំងអស់ និងទ្រង់បាន​ឲ្យមេស្រុកនោះ​ជាទាសៈ​របស់ជនទាំងនោះ ហើយទ្រង់បានឲ្យ​ដំរី និងស្រុក​ដល់​ជនទាំងនោះ​ដូចគ្នា ។ ចាប់តាំង​អំពី​ពេលនោះ​មក ជនទាំងនោះ ធ្វើបុណ្យ​ទាំងឡាយ​តាមគាប់ចិត្ត គិតថា​នឹងសាង​សាលាធំ ក្នុងផ្លូវដែល​មានមុម ៤ ទើបហៅ​ជាងឈើមក ហើយផ្តើម​សាងសាលា តែមិនបាន​ឲ្យ​មាតុ​គ្រាម​ទាំងឡាយ​មានចំណែក​បុណ្យក្នុង​សាលានោះ ព្រោះមិនមាន​ការពេញចិត្ត​ក្នុង​មាតុ​គ្រាម​​ទាំងឡាយ ។

សម័យនោះ ក្នុងផ្ទះរបស់​ព្រះពោធិសត្វ មានស្ត្រី ៤ នាក់ គឺនាង​សុធម្មា នាង​ចិត្រា នាងនន្ទា និង​នាងសុជា ។ បណ្តាស្ត្រី​ទាំងនោះ នាងសុធម្មា ត្រូវរ៉ូវ​ជាមួយ​នាយ​ជាងឈើ ពោលថា នែបងប្រុស សូមបងធ្វើខ្ញុំ​ឲ្យជាធំ​ក្នុងសាលានេះ ដូច្នេះ​ហើយ បានឲ្យសំណូក ។ ជាងឈើនោះ ទទួលពាក្យថា ល្អ ហើយ​ក្លែង​ជាភ្លេច​មិនទាន់​ធ្វើហោជាង ប៉ុន្តែលួច​ចាំ​ចោះធ្វើ​ហោជាង​ឲ្យសម្រេច ។ កាលនឹង​លើក​ហោជាង ទើបពោលថា ស្លាប់ហើយ​ អ្នកទាំងឡាយ ខ្ញុំមិនបាន​រឭកដល់​វត្ថុម្យ៉ាង ។

ជនទាំងឡាយសួរថា លោកដ៏ចម្រើន តើរបស់នោះឈ្មោះអ្វី ?

ជាងឈើពោលថា ការបានហោជាងទើបគួរ ។

ជនទាំងនោះពោលថា ណ្ហើយចុះ យើងនឹងនាំមកឲ្យ ។

ជាងឈើពោលថា ពួកយើងមិនអាច​ធ្វើដោយឈើ​ដែលកាប់ភ្លាមៗ បើបាន​ហោជាង ដែលគេកាត់​ទុកមុនហើយ ចាំងចោះធ្វើ​ឲ្យសម្រេច​ហើយ ទើបគួរ  ។

ជនទាំងឡាយនោះ​ពោលថា ឥឡូវនេះ តើយើងគិតធ្វើដូចម្តេច ?

ជាងឈើពោលថា បើហោជាងសម្រាប់លក់​ដែលគេធ្វើទុក​ស្រេចហើយ ក្នុងផ្ទះរបស់​អ្នកណាមាន ចូរអ្នករក​ហោជាង​នោះមក ។ ជនទាំងនោះ កាលស្វែងរក ក៏បានជួប​ក្នុងផ្ទះរបស់​នាងសុធម្មា មិនបាន​ដោយមូល​តម្លៃ តែកាលនាង​សុធម្មាពោលថា បើអ្នកទាំងឡាយ​ធ្វើខ្ញុំឲ្យមាន​ចំណែក​បុណ្យផង ខ្ញុំនឹងឲ្យ ទើបបុរស​ទាំងនោះ នាំគ្នាពោលថា ពួកយើង​មិនឲ្យចំណែក​បុណ្យ​ដល់​មាតុ​​​​​គ្រាម​ទាំងឡាយទេ ។

លំដាប់នោះ ជាងឈើក៏ពោល​នឹងបុរសទាំងនោះ​ថា អយ្យា, តុម្ហេ កឹ កថេថ, ឋបេត្វា ព្រហ្មលោកំ អញ្ញំ មាតុគាមរហិតដ្ឋានំ នាម នត្ថិ, គណ្ហថ កណ្ណិកំ, ឯវំ សន្តេ អម្ហាកំ កម្មំ និដ្ឋំ គមិស្សតិ បពិត្រ​លោកម្ចាស់ លោកម្ចាស់​ទាំងឡាយ​និយាយអ្វី ឈ្មោះថា​ទីដែលមិន​មានមាតុគ្រាម វៀរលែង​តែព្រហ្មលោក មិនមានទេ  លោកម្ចាស់​ទាំងឡាយ ចូរកាន់យក​ហោជាង​នេះចុះ កាលបើដូច្នោះ ការងារ​ទាំងឡាយ​របស់ពួកយើ់ង​​នឹង​ដល់នូវ​ការសម្រេច ។

ជនទាំងឡាយក៏ពោលថា សាធុ ហើយកាន់យក​ហោជាង​ទៅកាន់​សាលាឲ្យ​សម្រេច ហើយក្រាល​បន្ទះក្តារ​សម្រាប់អង្គុយ ដម្កល់​ពាងទឹក ផ្តើមតាំង​យាគូ និងភត្ត​ជាដើម​ជាប្រចាំ ព័ទ្ធសាលា​ដោយកំពែង ប្រកបទ្វារ រោយខ្សាច់​ក្នុងកំពែង ដាំជួរនៃ​ដើមត្នោត​ខាងក្រៅកំពែង ។

ចំណែកនាងចិត្រា ឲ្យធ្វើ​​ឧទ្យានក្នុងទីនោះ មិនមានពាក្យ​ដែលនឹងពោលថា ដើមឈើ​មានផ្កា និងឈើមានផ្លែ​ឈ្មោះនោះ មិនមាន​ក្នុងឧទ្យាននោះ ។

ចំណែកនាងនន្ទា ឲ្យជីកស្រះ​បោក្ខរណីក្នុងទីនោះ​ដូចគ្នា ឲ្យដេរដាស​ដោយឈូក​ដែលមាន​ពណ៌ ៥ ដែលគួរ​ជាទីត្រេកអរ ។

នាងសុជា មិនបានធ្វើ​អ្វីនឹងគេឡើយ ។

ព្រះពោធិសត្វបំពេញ​វត្តបទ​ទាំង ៧ គឺ មាតុ ឧបដ្ឋានំ ការបម្រើមាតា ១ បិតុ ឧបដ្ឋានំ ការបម្រើបិតា ១ កុលេ ជេដ្ឋាបចាយិកកម្មំ ការ​ធ្វើ​នូវការ​ឱនលំទោន​ចំពោះ​រៀមច្បង​ក្នុងត្រកូល ១ សច្ចវាចំ ការពោល​វាចាសច្ចៈ ១ អផរុសវាចំ  វាចា​មិនគ្រោតគ្រាត ១ អបិសុណវាចំ វាចា​មិនញ៉ុះញង់ ១ មច្ឆេរវិនយំ  ការរលះបង់​នូវសេចក្តី​កំណាញ់ ១ ដល់នូវភាព​ជាបុគ្គល​គួរសរសើរ​យ៉ាងនេះថា

មាតាបេត្តិភរំ ជន្តុំ,                  កុលេ ជេដ្ឋាបចាយិនំ;

សណ្ហំ សខិលសម្ភាសំ,         បេសុណេយ្យប្បហាយិនំ។

មច្ឆេរវិនយេ យុត្តំ,                   សច្ចំ កោធាភិភុំ នរំ;

តំ វេ ទេវា តាវតឹសា,               អាហុ សប្បុរិសោ ឥតិ។

ពួកទេវតានៅឋានតាវត្តិង្ស បានហៅជន​អ្នកចិញ្ចឹម​មាតាបិតា អ្នកកោតក្រែង​បុគ្គល​ជាច្បងក្នុង​ត្រកូល មានវាចា​ល្អិតទន់ និយាយ​តែពាក្យផ្អែម​ល្ហែម លះបង់​ពាក្យញ៉ុះញង់ ប្រកប​ក្នុងការលះបង់​សេចក្តីកំណាញ់ មានសម្តី​ទៀងទាត់ ជាជន​គ្របសង្កត់​សេចក្តីក្រោធ​នោះឯង ថាជាសប្បុរស ។

ព្រះបរមពោធិសត្វក្នុងវេលាអស់ជីវិត ក៏កើតជាសក្កទេវរាជ​ក្នុងឋានតាវត្តិង្ស សម្លាញ់របស់​​ព្រះបរមពោធិសត្វ​ទាំងអស់ ក៏កើតក្នុង​ឋានតាវត្តិង្ស​នោះឯង ដូចគ្នា ។

ក្នុងកាលនោះ ពួកអសុរទាំងឡាយ​ជាអ្នកអាស្រ័យ​ក្នុងឋានតាវត្តិង្ស ។ សក្កទេវរាជ ទ្រង់​ព្រះតម្រិះថា យើងទាំងឡាយ ប្រយោជន៍អ្វី ដោយ​រាជសម្បត្តិ​ដែល​ជា​សាធារណៈទូទៅ ដល់ជនដទៃ ទើបឲ្យពួក​អសុរ ផឹកទឹកស្រវឹង​ដែលជាទិព្វ ហើយឲ្យចាប់​ពួកអសុរ​ដែលស្រវឹង​ត្រង់ជើង បោះចុះ​ទៅកាន់​ត្រង់ជើង​ភ្នំសិនេរុ ពួកអសុរ​ទាំងនោះ រមែងដល់​ភពអសុរ​នោះឯង ។

ឈ្មោះថា ភពអសុរ មានទំហំប្រមាណ​ប៉ុនឋានតាវត្តិង្សទេវលោក​នោះឯង នៅនឹងផ្ទៃ​ខាងក្រោម​នៃភ្នំសិនេរុ ។ ក្នុង​ភពអសុរ​នោះ មានដើមឈើ​តាំងនៅ​រហូតកប្ប ឈ្មោះថា ដើមចិត្តបាដលី (ដើមច្រនៀង) ដូចគ្នានឹង​ដើម​បារិច្ឆត្តកៈ​របស់ទេវតា ដូច្នោះដែរ ។ កាល​ដើមចិត្តបាដលី​មានផ្ការីក ពួកអសុរ​ទាំងនោះ ក៏ដឹងថា នេះមិនមែន​ជាទេវលោក​របស់ពួកយើង ព្រោះថា ក្នុងទេវលោក ដើមបារិច្ឆត្តកៈ រមែងរីក  ។ លំដាប់នោះ ពួកអសុរ​ទាំងនោះ ក៏ពោលថា សក្កចាស់ធ្វើពួក​យើង​ឲ្យស្រវឹង ហើយបោះ​ពួកយើង​មកក្នុងសមុទ្រ ដណ្តើម​យកទេវនគរ​របស់ពួកយើង ពួកយើងទាំងឡាយ នឹងធ្វើចម្បាំង​ជាមួយសក្កចាស់​នោះ ហើយដណ្តើម​យកទេវនគរ​របស់ពួក​យើងមកវិញ កាលត្រាច់សញ្ចរ​ទៅ បានតោងឡើង​តាមសសរ​ភ្នំសិនេរុ ហាក់បីដូចជា​ស្រមោចក្រហម (វារឡើង​​សសរដូច្នោះ) ។ សក្កទេវរាជ ទ្រង់ស្ដាប់​ដំណឹងថា ពួកអសុរឡើងមក ទើបហោះឡើង​ឆ្ពោះ​ទៅលើ​មហាសមុទ្រ ។ កាលសក្កទេវរាជ​ធ្វើការប្រយុទ្ធ ត្រូវបាន​ពួកអសុរ​ទាំងនោះ ឲ្យចាញ់ហើយ ទើបទ្រង់​ប្រារព្ធដើម្បី​នឹងរត់ កាន់ទីបំផុតខាងចុង​នៃសមុទ្រ​ទិសខាងត្បូង​ដោយ​វេជ្ជយន្តរថ ដែលមាន​បណ្តោយ​ប្រមាណ ១៥០ យោជន៍ ។ លំដាប់នោះ រថរបស់​សក្កទេវរាជនោះ ក៏ស្ទុះទៅដោយ​រហ័ស ទើបជ្រុលចូល​ទៅកាន់ព្រៃរកា ទម្លាយ​ព្រៃរកា ក្នុងផ្លូវដែល​ទៅនោះឯង ដូចទម្លាយ​ព្រៃបបុស​ដូច្នោះ ។ ពួកកូនគ្រុឌ ធ្លាក់ចូលទៅ​ក្នុងមហាសមុទ្ទ ស្រែកដោយ​សម្លេងកងរំពង ។ សក្កទេវរាជ ត្រាស់សួរមាតលី​ទេវសារថី​ថា សម្ម មាតលិ, កឹ សទ្ទោ នាមេស, អតិការុញ្ញរវោ វត្តតិ នែមាតលី​សម្លាញ់ នុ៎ះជា​សំឡេងអ្វី សំឡេងនេះ គួរឲ្យករុណា​ពន់ពេក ។

មាតលិក្រាបទូលថា ទេវ, តុម្ហាកំ រថវេគេន វិចុណ្ណិតេ សិម្ពលិវនេ បតន្តេ សុបណ្ណបោតកា មរណភយតជ្ជិតា ឯកវិរវំ វិរវន្តិ បពិត្រទេវៈ ព្រៃរកា​ទាំងនេះ ត្រូវខ្ទេចដោយ​កម្លាំងរថ​របស់ព្រះអង្គ ហើយធ្លាក់​ទៅ ពួក​កូនគ្រុឌ​​ទាំងឡាយ ត្រូវមរណភ័យ​គម្រាម ទើបនាំគ្នា​ស្រែកដោយ​សម្លេងខ្លាំង ។

ព្រះមហាសត្វត្រាស់ថា នែមាតលីសម្លាញ់ កូនគ្រុឌទាំងនេះ កុំជាទុក្ខព្រោះ​អាស្រ័យ​យើងឡើយ យើងមិន​អាស្រ័យ​ភាពជាធំ ធ្វើកម្ម គឺសម្លាប់សត្វ ដើម្បី​ប្រយោជន៍​ដល់កូនគ្រុឌ​ទាំងនោះ យើងនឹង​លះបង់ជីវិត​ឲ្យដល់ពួក​អសុរ ហើយទ្រង់​ឲ្យរថត្រឡប់ ត្រាស់​គាថានេះថា

កុលាវកា មាតលិ សិម្ពលិស្មឹ,      ឦសាមុខេន បរិវជ្ជយស្សុ;

កាមំ ចជាម អសុរេសុ បាណំ,     មាមេ ទិជា វិកុលាវា អហេសុំ។

ម្នាលមាតលី ពួកកូនគ្រុឌ (ទំ) នៅដើមរកា អ្នកចូរចៀសវាង (កុំឲ្យពួក​វាលំបាក) ដោយមុខ​ចន្ទោលរថឡើយ តាមពិត យើងស៊ូលះ​ជីវិតចំពោះ​ពួកអសុរ​វិញ កុំឲ្យតែ​កូនគ្រុឌ​ទាំងនេះ មានសំបុក​ខ្ចាត់ខ្ចាយ ។

បណ្តាបទទាំងនោះ បទថា កុលាវកា បានដល់ ពួកកូន​គ្រុឌនោះឯង ។ សក្កទេវរាជ ត្រាស់ហៅ​នាយសារថីថា មាតលិ ។ បទថា សិម្ពលិស្មឹ នេះ លោកសម្តែង​ថា អ្នកចូរ​មើលកូនគ្រុឌ​ទាំងនោះ ដែលកំពុង​ទំនៅក្នុង​ដើមរកា ។   បទថា ឦសាមុខេន បរិវជ្ជយស្សុ  សេចក្តីថា  អ្នកចូរវៀរ​កូនគ្រុឌ​ទាំងនោះ ដោយ​ប្រការដែល​ពួកគ្រុឌ​មិនក្តៅក្រហាយ​ដោយចន្ទោល​របស់រថ ។  បទថា កាមំ ចជាម អសុរេសុ បាណំ សេចក្តីថា កាលយើងលះបង់​ជីវិតឲ្យដល់​ពួកអសុរ សួស្តី ក៏នឹងមាន​ដល់កូនគ្រុឌ​ទាំងនោះ យើងនឹង​លះដោយពិត គឺលះបង់​ជីវិតខ្លួន​ឯង ឲ្យ​ដល់ពួក​អសុរ​ដោយពិត​នោះឯង ​។ បទថា មាយិមេ ទីជា វិកុលាវា អហេសុំ សេចក្តីថា​ បក្សីទាំងនោះ ឈ្មោះថា កុំបីព្រាត់ប្រាស​ចាកសម្បុក ព្រោះសម្បុក​ត្រូវខ្ចាត់ខ្ចាយ គឺកុំបោះ​ទុក្ខឲ្យដល់​កូនគ្រុឌទាំងនេះ ចូរឲ្យរថ​ត្រឡប់ចុះ ។

មាតលីសារថី បានស្តាប់ពាក្យរបស់​សក្កទេវរាជ​ហើយ ទើបបាន​ឲ្យរថត្រឡប់​បែរមុខ​ទៅកាន់​ទេវលោក​ដោយផ្លូវដទៃ ។ ចំណែកពួក​អសុរ ឃើញ​សក្កទេវរាជ​បែររថត្រឡប់ ទើប​គិតថា សក្កទេវរាជ​ទាំងឡាយ មកអំពី​ចក្រវាឡដទៃ (មកជួយ) ដោយពិត រថនឹង​ត្រឡប់ ព្រោះបាន​ពល ជាអ្នកខ្លាច​ចំពោះ​មរណភ័យ ទើបនាំគ្នា​រត់គេចចូល​ទៅកាន់​ភពអសុរវិញ ។

សូម្បីសក្កទេវរាជ ទ្រង់ចូលកាន់​ទេវនគរហើយ ចោមរោម​ដោយពួក​ទេវតា​ក្នុងទេវលោក​ទាំងពីរ  បាន​ប្រថាប់​ឈរ​ក្នុងកណ្តាល​ទេវនគរ ។ ក្នុងខណៈ​នោះ វេជ្ជយន្តប្រាសាទ​កម្ពស់ ១ យោជន៍ ជ្រែកផែន​ប្រឹថពី ផុសឡើង ។ ព្រោះភាវៈ​ដែលប្រាសាទ​នោះផុសឡើង​ក្នុងទីបំផុត​នៃជ័យជម្នះ ទើប​ទេវតា​ទាំងឡាយ ដាក់ឈ្មោះ​ប្រាសាទ​នោះថា វេជយន្ត ។ លំដាប់នោះ សក្កទេវរាជ ទ្រង់តាំងនូវ​ការរក្សា​ក្នុងទី ៥ អន្លើ ដើម្បីប្រយោជន៍​កុំឲ្យពួក​អសុរត្រឡប់​មកទៀត សមដូច​លោក​ពោលទុកថា

អន្តរា ទ្វិន្នំ អយុជ្ឈបុរានំ,             បញ្ចវិធា ឋបិតា អភិរក្ខា;

ឧរគករោដិបយស្ស ច ហារី,       មទនយុតា ចតុរោ ច មហន្តា។

ក្នុងរវាង​អយុជ្ឈបុរី​ទាំងពីរ សក្កទេវរាជ​តាំងការរក្សា​យ៉ាងរឹងមាំ ទុកក្នុងទី ៥ អន្លើ គឺ នាគ ១ គ្រុឌ ១ កុម្ភណ្ឌ ១ យក្ស ១ ស្តេច​មហារាជ​ទាំងបួន ១ ។

សូម្បីនគរទាំងពីរគឺ  ទេវនគរ និង​អសុរនគរ ក៏ឈ្មោះថា អយុជ្ឈបុរៈ ព្រោះបុគ្គល​ណាមួយ ក៏មិនអាច​កាន់យក​ដោយការច្បាំង ព្រោះថា ក្នុង​កាលណា ពួកអសុរ​មានកម្លាំង ក្នុងកាលនោះ ពួកទេវតា​រត់ចូល​ទេវនគរ ហើយបិទទ្វារ សូម្បីពួក​អសុរ​រាប់សែន ក៏មិនអាច​ធ្វើអ្វីបាន ។ ក្នុងកាលណា ពួកទេវតា​មានកម្លាំង ក្នុងកាល​នោះ ពួកអសុរ​គេចទៅកាន់​ភពអសុរ ហើយបិទទ្វារ​នគរ ពួកទេវតា​សូម្បីរាប់សែន ក៏មិនអាច​ធ្វើអ្វីបាន​ដូច្នោះ នគរទាំង​ពីរនេះ ទើប​ឈ្មោះថា អយុជ្ឈបុរៈ ប្រែថា នគរដែល​បុគ្គលណា​មួយច្បាំងមិនបាន ។

ក្នុងរវាងនគរទាំងពីរ​នោះ សក្កទេវរាជ​ទ្រង់ធ្វើការ​រក្សាទុកក្នុងឋានៈ ៥ ប្រការ មាន​នាគជាដើម ។ បណ្តាឋានៈ ៥ ប្រការនោះ លោកកាន់​យកនាគ​ដោយសព្ទ​ថា ឧរគៈ  នាគទាំងនោះ មានកម្លាំងក្នុងទឹក ព្រោះដូច្នោះ ទើបនាគ​ទាំងនោះ មានការរក្សា​ក្នុងលំដាប់​ជាន់ទី ១ នៃនគរទាំងពីរ ។

លោកកាន់យកគ្រុឌ​ដោយសព្ទថា ករោដិ  បានឮថា គ្រុឌទាំងនោះ មានបានៈ និងភោជន​ឈ្មោះថា ករោដិ គ្រុឌទាំងនោះ ទើបបានឈ្មោះ​តាមបានៈ គឺទឹក និងភោជន​នោះ គ្រុឌទាំងនោះ មាន​ការរក្សា​ជាន់ទី ២ នៃនគរទាំងពីរ ។

លោកកាន់យក​កុម្ភណ្ឌ​ដោយសព្ទថា  ហារិ  បានឮថា កុម្ភណ្ឌទាំងនោះ គឺទានវរក្ខសា (អសុរសាមញ្ញ និងអារក្សទឹក) ពួកកុម្ភណ្ឌ​ទាំងនោះ មានការ​រក្សាក្នុង​ជាន់ទី ៣ នៃនគរទាំងពីរ ។

លោកកាន់យកពួក​យក្ស​ដោយសព្ទថា មទនយុតៈ  បានឮថា យក្សទាំងនោះ មានប្រក្រតី​ត្រាច់ទៅ​មិនស្មើ  ជាអ្នកចម្បាំង យក្សទាំងនោះ មាន​​ការរក្សា​​ក្នុង​លំដាប់ទី ៤ នៃនគរទាំងពីរ ។

លោកពោលដល់​មហារាជ​ទាំង ៤ ដោយបទថា ចតុរោ ច មហន្តា ដូច្នេះ មហារាជ​ទាំង ៤ នោះ មានការរក្សា​ក្នុងលំដាប់​ទី ៥ នៃនគរ​ទាំងពីរនោះ។

ព្រោះដូច្នោះ បើពួកអសុរក្រោធ មានចិត្តអាក់អន់ ចូលទៅកាន់​ទេវបុរី ក៏ត្រូវឆ្លងកាត់​បណ្តាអ្នកចម្បាំង ៥ ពួក មានពួកនាគ ដែលការពារ​ក្នុងជាន់ដំបូង​នៃ​ភ្នំសត្តបរិភណ្ឌ​នោះ ការរក្សាដ៏សេស ក្នុងឋាន​ដ៏សេសក៏​យ៉ាងនោះ ។

កាលសក្កទេវរាជជាស្តេចទេវតា ធ្វើនូវការរក្សាក្នុងទី ៥ អន្លើ យ៉ាងនេះហើយ ក៏សោយ​ទិព្វសម្បត្តិ ។ ឯនាង​សុធម្មា ចុតិ មកកើត​ជា​បាទបរិចារិការ​របស់សក្កទេវរាជ​នោះឯង      ឯទេវសភា ឈ្មោះសុធម្មា ដែលមាន​ប្រមាណ ៥០០ ​យោជន៍ ក៏បានកើតឡើង ដល់នាង​សុធម្មា​នោះ ដោយផល​នៃការឲ្យ​នូវ​ហោជាង ។ សក្កទេវានមិទ្ទ គង់លើ​បល្ល័ង្កមាស ទំហំ ១ យោជន៍ ខាងក្រោម​ស្វេតច្ឆត្រទិព្វ ទ្រង់ធ្វើកិច្ច​ដែលគប្បីធ្វើ​ដល់ទេវតា និងមនុស្ស​ក្នុងទេវសភា ឈ្មោះ​សុធម្មា​នោះ ។ សូម្បីនាងចិត្រា ក៏ចុតិ មកកើត​ជា​បាទបរិចារិកា​របស់សក្កទេវរាជ​ដូចគ្នា ឯឧទ្យាន​ឈ្មោះ​ចិត្តលតាវ័ន ក៏កើតឡើង ដល់នាង​សុចិត្រានោះ ព្រោះផល​នៃការធ្វើ​ឧទ្យាន ។ ចំណែកនាង​នន្ទា ចុតិមកកើត​ជា​បាទបរិចារិកា​របស់សក្កទេវរាជ​ដូចគ្នា ឯស្រះ​បោក្ខរណី​ឈ្មោះនន្ទា ក៏កើតឡើង​ដល់នាង សុនន្ទា​នោះ ព្រោះវិបាក​នៃការជីក​ស្រះបោក្ខរណី ។

ចំណែកនាង​សុជា កើតជាកុកញី នៅត្រង់ញកភ្នំមួយ​កន្លែង ព្រោះមិនបាន​ធ្វើ​កុសល​កម្មណាមួយ ។ សក្កទេវរាជ ទ្រង់ពិចារណាថា  នាង​សុជា មិនប្រាកដ នាងកើត​​ក្នុង​ទីណាហ្ន៎ កាលទ្រង់ឃើញ​នាងសុជានោះ ទើបទ្រង់យាង​ទៅកាន់ញកភ្នំនោះ នាំនាង​មកកាន់​ទេវលោក បង្ហាញទេវនគរ​គួរជាទីរីករាយ មានទេវសភា​ឈ្មោះ សុធម្មា ឧទ្យាន​​ចិត្តលតាវ័ន និងនន្ទបោក្ខរណី​ដល់កុក ហើយទ្រង់ទូន្មានថា ស្រីទាំងនេះ បានធ្វើកុសល​ទុក ទើបមកកើត​ជា​បាទបរិចារិកា​របស់យើង ចំណែកនាង​ មិនបានធ្វើបុណ្យ​អ្វីទុកសោះ ទើប​កើត​ក្នុងកំណើត​សត្វតិរច្ឆាន ចាប់ពី​ពេលនេះទៅ ចូរនាង​រក្សាសីល ឲ្យកុកនោះ​តាំងនៅ​ក្នុងសីល ៥ ហើយនាំ​ទៅលែង​ត្រង់ញកភ្នំ​នោះវិញ ។ ចំណែកកុកញីនោះ ក៏រក្សាសីល តាំងពីកាល​នោះមក ។ លុះកន្លង​ទៅពីរ-បីថ្ងៃ សក្កទេវរាជ ទ្រង់ព្រះតម្រិះថា កុកញី​រក្សាសីល​បានឬហ្ន៎ ទើបទ្រង់យាងទៅ និម្មិតខ្លួន​ជាត្រី ដេកផ្ងារនៅ​អំពីខាងមុខ ។ កុកញីនោះ សម្គាល់ថា ត្រីងាប់ ទើបចឹក​ត្រង់ក្បាល ត្រី​ក៏កម្រើក​កន្ទុយ ។ លំដាប់នោះ កុកញី ក៏លែងត្រីនោះ ដោយ​សម្គាល់ថា ប្រហែល​នៅមានជីវិត សក្កទេវរាជ​ត្រាស់ថា សាធុ សាធុ សាធុ នាង​អាចរក្សាសីល​បាន ។ ហើយទ្រង់​ក៏យាង​ទៅកាន់​ទេវលោក ។ កុកញីនោះ ចុតិអំពីអត្តភាព​នោះហើយ មកកើតក្នុង​ផ្ទះរបស់​នាយស្មូនឆ្នាំ ក្នុង​នគរពារាណសី  ។

សក្កទេវរាជ​ទ្រង់ព្រះតម្រិះថា កុកញីនោះ កើតក្នុងទីណាហ្ន៎ ទ្រង់ជ្រាបថា កើតក្នុង​​ត្រកូលស្មូនឆ្នាំង ទើបទ្រង់យក​ល្ពៅមាស ដាក់ពេញ​យានតូច ហើយកាឡាខ្លួន​ជាមនុស្ស​ចាស់ អង្គុយត្រង់​កណ្តាល​ស្រុក ស្រែកប្រកាសថា  ឯឡាលុកានិ គណ្ហថ, ឯឡាលុកានិ គណ្ហថ អ្នកទាំងឡាយ ចូរមកទទួល​យកល្ពៅ អ្នកទាំងឡាយ ចូរមកទទួល​យកល្ពៅ ។

មនុស្សទាំងឡាយពោលថា បពិត្រលោកឪពុក សូមឲ្យដល់ខ្ញុំ ។

សក្កទេវរាជត្រាស់ថា​ យើងឲ្យដល់មនុស្សទាំងឡាយ​ដែលជាអ្នក​រក្សាសីល អ្នក​ទាំងឡាយ ចូររក្សាសីលចុះ ។

មនុស្សទាំងឡាយ​ពោលថា ឈ្មោះថា សីល ពួកយើង​មិនស្គាល់ទេ ពួកយើង​នឹងឲ្យតម្លៃ ។

សក្កទេរាជត្រាស់ថា យើងមិនត្រូវការ​តម្លៃទេ យើងនឹងឲ្យ​ចំពោះដល់​អ្នករក្សាសីល ប៉ុណ្ណោះ ។

មនុស្សទាំងឡាយពោលថា ល្ពៅអ្វីហ្ន៎ ហើយក៏ចៀស​ចេញទៅ ។ នាងសុជា​ស្តាប់ដំណឹងនោះ​ហើយ គិតថា បុរសនេះ នាំមកដើម្បីអញ​ប៉ុ​ណ្ណោះ ទើបនិយាយ​ថា បពិត្រ​លោក​ឪពុក សូមលោក​ឲ្យខ្ញុំចុះ ។

សក្កទេវរាជត្រាស់សួរថា សីលំ រក្ខសិ អម្ម នែនាង នាងចូររក្សាសីល ។

នាងសុជាពោលថា អាម, រក្ខាមិ ចាស ខ្ញុំរក្សា។

សក្កទេវរាជត្រាស់ថា វត្ថុនេះ ខ្ញុំនាំមក​ដើម្បីប្រយោជន៍​ដល់នាងប៉ុណ្ណោះ ហើយដាក់​ត្រង់ទ្វារផ្ទះ​មួយអន្លើដោយ​យាននោះឯង  ហើយ​ក៏ចៀស​ចេញទៅ ។

សូម្បីនាងសុជានោះ រក្សាសីល​ដរាបដល់អស់ជីវិត ចុតិចាកអត្តភាព​នោះហើយ ក៏ទៅកើត​ជាធីតារបស់​ស្តេចអសុរ គឺព្រះបាទ​វេបចិត្តិ បានជាអ្នក​មានរូបស្អាត​ដោយ​អានិសង្ស​នៃសីល ។ ក្នុងវេលាធីតានោះ​ចម្រើនវ័យហើយ ព្រះបាទ​វេបចិត្តិនោះ ត្រិះរិះថា កូនស្រី​របស់អញ ចូរជ្រើសរើស​ស្វាមី​តាមគាប់ចិត្ត​របស់ខ្លួន​ចុះ ទើបឲ្យពួក​អសុរប្រជុំគ្នា ។

សក្កទេវរាជ ទ្រង់ប្រមើលមើលថា នាងសុជានោះ កើតក្នុងទីណាហ្ន៎ កាលទ្រង់​ជ្រាប​ថា នាងកើត​ក្នុងភពអសុរ ទើបទ្រង់​ព្រះតម្រិះថា នាង​សុជានោះ កាល​នឹង​ជ្រើស​រើស​យកស្វាមី​តាមគាប់ចិត្ត នឹងជ្រើសរើស​យកអញ ទើបទ្រង់និម្មិត​ភេទជាអសុរ ហើយទៅក្នុង​ទីប្រជុំនោះ ។ ញាតិទាំងឡាយ ប្រដាប់នាង​សុជាហើយ នាំមក​កាន់ទីប្រជុំ​ពោលថា ចូរ​នាងជ្រើស​រើសស្វាមី​តាមគាប់ចិត្ត ។ នាងសុជាតានោះ កាលសម្លឹង​មើលឃើញ​សក្កទេវរាជ ដោយអំណាច​សេចក្តីស្រឡាញ់​ដែលមាន​ក្នុងកាលមុន ទើបជ្រើស​រើសថា អយំ មេ សាមិកោ បុរសនេះ​ជាស្វាមីរបស់ខ្ញុំ ។ ហើយក៏បោះ​កម្រងផ្កា​ទៅខាងលើ​សក្កទេវរាជនោះ ។

អសុរទាំងឡាយ កាលមានសេចក្ដី​អៀនខ្មាស បានពោលថា ព្រះរាជា​របស់យើង  មិនបាននូវធីតា​ដ៏សមគួរ​ដល់កាល​មានប្រមាណ​ប៉ុណ្ណេះ ឥឡូវនេះ ទ្រង់បានហើយ  ធីតានេះឯង​របស់ព្រះរាជា​នោះ ដ៏សមគួរអំពីជីតា ហើយ​ក៏ជៀសចេសទៅ ។

សក្កទេវរាជ ក៏ទ្រង់នាំនាង​មកកាន់ទេវនគរ ទ្រង់ធ្វើឲ្យ​ជាធំជាង​ស្រីទេពអប្សរ ប្រមាណ ២ កោដិកន្លះ ទ្រង់តាំងនៅ​ដរាបដល់អស់​ព្រះជន្មាយុ ហើយ​ក៏ទៅតាម​យថាកម្ម ។

ព្រះបរមសាស្តា កាលទ្រង់នាំយកព្រះធម្មទេសនានេះ​មកសម្តែងហើយ ទើបត្រាស់​ថា ម្នាលភិក្ខុ បណ្ឌិត​ក្នុងកាលមុន, បានគ្រង​រាជសម្បត្តិក្នុង​ទេវលោក សុខចិត្តលះបង់​ជីវិតរបស់ខ្លួន មិនធ្វើ​បាណាតិបាត​ដោយប្រការយ៉ាងនេះ ឯអ្នកបួស​ក្នុងសាសនា​ដែលជាគ្រឿង​នាំចេញចាកទុក្ខ មាន​សភាពបែបនេះ ហេតុអ្វី បានជាផឹកទឹក​ដែលមាន​សត្វ មិនបានត្រង  ទើបទ្រង់​តិះដៀលភិក្ខុនោះ ហើ​យទ្រង់​បន្តអនុសន្ធិ​ ប្រជុំជាតកថា

តទា មាតលិសង្គាហកោ អានន្ទោ អហោសិ មាតលីសារថី ក្នុងកាលនោះ បានមកជាអានន្ទ​ក្នុងកាលឥឡូវនេះ ។

សក្កោ បន អហមេវ អហោសឹ  ចំណែកស្ដេចសក្ក​ក្នុងកាលនោះ គឺ​តថាគតនេះឯង ។

កុលាវកជាតក ចប់ ។

(អដ្ឋកថាជាតក ឯកកនិបាត កុលាវកវគ្គ)

ប្រែដោយ ខេមរ អភិធម្មាវតារ