។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កុរុង្គទេវិវត្ថុ

អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំយក​ព្រះអគ្គមហេសី​ដែលកំពុង​មានគភ៌ របស់​ព្រះបាទ​កោសលនោះ ទៅកាន់​នគរពារាណសី សូម្បីកាល​ទ្រង់ដឹងនូវភាវៈ​នៃគភ៌​របស់ព្រះនាង​នោះ​ក៏ដោយ ទ្រង់នៅ​តែតែងតាំង​ព្រះនាង​ទុកក្នុង​តំណែង​អគ្គមហេសី ។

ពេលដែលគភ៌ព្រះនាងចាស់ហើយ ក៏ប្រសូតព្រះឱរស​ដែលស្អាត​ដូចជាមាស​មួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះ​ធំហើយ ព្រះបាទ​ពារាណសី ទ្រង់នឹងឲ្យ​គេសម្លាប់​ដោយគិតថា នេះជា​បុត្ររបស់​សត្រូវ មិនមានប្រយោជន៍​ដែលត្រូវ​ចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្រ​របស់យើង​ស្លាប់ក្នុង​ដៃរបស់​បុគ្គលដទៃ ទើបព្រះនាង​ពោលនឹង​ភីលៀង​ថា នែនាង ​នាងចូរក្រាល​នូវសំពត់​ចាស់ រុំទារកនេះ ហើយចូរ​យកទៅដាក់​ឲ្យដេក ក្នុងព្រៃ ជាទីចោល​នូវសាកសព​ស្រស់ ហើយសឹម​ត្រឡប់​មកចុះ ។ នាងភីលៀង​បានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។

ចំណែកព្រះបាទកោសល​ដែលស្លាប់នោះ បានកើតជា​អារក្ខទេវតា​របស់បុត្រ ។ ដោយអានុភាព​របស់អារក្ខទេវតា​នោះ កាលមេពពែ​របស់អ្នក​គង្វាលពពែ​ម្នាក់ ត្រាច់ទៅ​ក្នុងកន្លែងនោះ ក៏ញ៉ាំង​មេពពែមួយ ឲ្យឃើញនូវ​កុមារនោះ ញ៉ាំងនូវ​សេចក្ដីស្នេហា​ហើយឲ្យ​ផឹកនូវ​ទឹកដោះ ទើប​ត្រាច់ទៅ បានឲ្យកុមារ​នោះ​ផឹកនូវ​ទឹកដោះ អស់វារៈ​ពីរបីបួនដង ។ នាយគង្វាល​ពពែ ឃើញនូវកិរិយា​របស់មេពពែ​នោះ ទើបទៅ​កាន់ទីនោះ បានឃើញនូវទារក ហើយបាន​ញ៉ាំងសេចក្ដី​ស្រឡាញ់​ហាក់ដូចជា​កូន ទើបនាំទៅ ប្រគល់ឲ្យ​ភរិយារបស់ខ្លួន ។ ភរិយានោះ​ជាបុគ្គល​មិនមានបុត្រ មិនមាន​ទឹកដោះឲ្យ​ទារកនោះ​បៅ ទើបឲ្យទារក​នោះផឹក​នូវទឹកដោះ​ពពែនោះ​ឯង ។ បន្ទាប់មក មេពពែ​ទាំងឡាយ ក៏ស្លាប់ទៅអស់​ពីរបីក្បាល​រាល់ៗថ្ងៃ ។ នាយគង្វាល​ពពែគិតថា បើយើងនៅ​ចិញ្ចឹមទារក​នេះទៀត មេពពែ​នឹងស្លាប់​ទាំងអស់ នឹងចិញ្ចឹម​ទារកនេះ​ធ្វើអ្វី ដូច្នេះហើយ ទើបញ៉ាំងទារក​ឲ្យដេកក្នុងភាជនៈ​ដីមួយ ហើយបិទបាំង​ខាងមុខ​ខាងក្រោយ យកទៅបណ្ដែត​ក្នុងទន្លេ ។

មានមនុស្សចណ្ឌាល​ដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យ​នៅក្នុង​រាជនិវេសន៍ ពេលចុះទៅ​លាងធ្មៃ​នៅកំពង់​ខាងក្រោម ជាមួយ​នឹងម្ចាស់ បានឃើញ​នូវភាជន៍​ដែលអណ្ដែត​មក បានទៅនាំ​យកមក​ដោយរហ័ស ដាក់ទុកលើច្រាំង កាលមើល​ទើបបើកដោយ​គិតថា នេះជាអ្វីហ្ន៎ ពេលបើក​ ហើយបាន​ឃើញ​ទារក ។ ភរិយារបស់​មនុស្សចណ្ឌាល ជាបុគ្គល​មិនមានបុត្រ បានស្រឡាញ់​ទារកនោះ​ទុកដូចជាកូន ទើបនាំ​ទៅចិញ្ចឹម​ទុកក្នុងផ្ទះ ។ បន្ទាប់​ពីពេលដែល​កុមារមាន​អាយុប្រាំពីរ​ប្រាំបីឆ្នាំ កាលមាតាបិតា​ជាមនុស្ស​ចណ្ឌាល ទៅកាន់​រាជត្រកូល បាននាំយក​នូវកុមារនោះ​ទៅដែរ ។ បន្ទាប់ពី​ពេលដែល​កុមារនោះ មាន​វ័យបាន ១៦ ឆ្នាំហើយ បានទៅ​កាន់រាជត្រកូល​អស់ជាច្រើន​ដង (ដើម្បី) ធ្វើការជួសជុល​របស់ចាស់ ។

ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតា​មួយអង្គ​ព្រះនាម កុរុង្គទេវី ជាស្រី​មានរូបល្អស្អាត ។ ព្រះនាង​កុរុង្គទេវី​នោះ បន្ទាប់ពីបាន​ឃើញកុមារនោះ ក៏មានចិត្ត​ប្រតិព័ទ្ធស្នេហា​ក្នុងកុមារនោះ ហើយបាន​ទៅកាន់កន្លែង​ធ្វើការរបស់​កុមារនោះ ព្រោះភាវៈ​ជាអ្នកមិនមាន​សេចក្ដីត្រេកអរ​ក្នុងទីដទៃ ។ អជ្ឈាចារ គឺការប្រព្រឹត្ត​កន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្ត​ហើយ ក្នុងឱកាស​ដែលស្ងាត់​កំបាំងក្នុង​ព្រះរាជត្រកូល​ខាងក្នុង​នោះឯង របស់ព្រះរាជធីតា​កុរុង្គទេវី និងកុមារនោះ ដែលជាអ្នក​មានចិត្ត​ប្រតិព័ទ្ធ​ស្នេហានូវគ្នា​នឹងគ្នា ដោយ​ការឃើញគ្នា​រឿយៗ ។ កាលព្រះនាង​កុរុង្គទេវី​ទៅធ្វើដូច្នេះ អ្នកបម្រើ​ទាំងឡាយ​បានដឹង ហើយក្រាប​ទូលដល់ព្រះរាជា ។ ព្រះរាជា​ទ្រង់ពិរោធ​ ហើយ​បានហៅ​អាមាត្យទាំងឡាយ ឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់​មនុស្សចណ្ឌាល​នេះ បានធ្វើនូវទង្វើនេះ ពួកលោក​នឹងធ្វើយ៉ាង​ណាដល់គេ ? ពួកអាមាត្យ​ក៏ក្រាបទូលថា ទោសនេះ​ធំណាស់ ព្រះអង្គ សមគួរនឹង​ធ្វើទារុណកម្ម​ផ្សេងៗ ទើបសម្លាប់តាមក្រោយ ។

ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូល​សណ្ឋិតក្នុងសរីរៈ​របស់ព្រះមាតា​របស់កុមារ​នោះឯង ។ ព្រះនាងនោះ ក៏បានចូល​ទៅគាល់​ព្រះរាជា ដោយអានុភាព​របស់ទេវតា ហើយពោលថា បពិត្រមហារាជ កុមារនេះ មិនមែនជាកូន​មនុស្សចណ្ឌាល​ទេ កុមារនេះ កើតក្នុងផ្ទៃ​របស់ខ្ញុំម្ចាស់ ជាបុត្រ​របស់ព្រះបាទកោសល ខ្ញុំម្ចាស់​បានទូលមុសាវាទ​នឹងព្រះអង្គថា ព្រះឱរស​របស់ខ្ញុំម្ចាស់​ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់​ព្រះរាជា ដែលសត្រូវ​នឹងព្រះអង្គ ទើបបញ្ជា​ឲ្យនាងភីលៀង​យកទៅចោល​ក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាល​ពពែម្នាក់ក៏បាន​ចិញ្ចឹមនូវ​កុមារនេះ ពេលកើតហេតុ​មេពពែ​ស្លាប់ជា​ច្រើនក្បាល គេទើបយក​ទៅ​បណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាល ដែលជាជាង​ជួសជុលរបស់​ចាស់ក្នុងព្រះរាជ​វាំង របស់ព្រះអង្ គបានឃើញ​កុមារនេះ ដែលអណ្ដែតមក ហើយគេ​ក៏យកទៅចិញ្ចឹម បើព្រះអង្គ​មិនជឿទេ សូមទ្រង់ឲ្យ​ហៅមនុស្សទាំង​អស់នោះមកសួរចុះ ។

ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាង​ភីលៀងជាដើម​ហើយសួរ ទ្រង់បានស្ដាប់​ការប្រព្រឹត្តទៅ​យ៉ាងនោះហើយ មានចិត្ត​ត្រេកអរថា កុមារនេះ​ជាអ្នកដល់​ព្រមដោយជាតិ ទើបឲ្យគេងូត​ទឹកកុមារនោះ ហើយឲ្យ​ប្រដាប់តាក់តែង ទើបទ្រង់ប្រគល់​ព្រះធីតា​ដល់កុមារនោះ ។ ព្រោះភាវៈ​នៃមេពពែ​ទាំងឡាយ​ស្លាប់ មានដល់កុមារនោះ មនុស្សទាំងឡាយ ទើបធ្វើនូវឈ្មោះ​កុមារនោះថា ឯឡិកកុមារ (កុមារពពែ)

លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់​គ្រងរាជសម្បត្តិ​របស់ព្រះបិតា​របស់​ខ្លួនចុះ ។ ឯឡិកកុមារ​ក៏នាំនាងកុរុង្គទេវី​ទៅគ្រប់គ្រង​រាជសម្បត្តិ ។ គ្រានោះ ព្រះរាជា​ពារាណសី ទ្រង់គិតថា ឯឡិកកុមារនេះ មិនបាន​សិក្សាសិល្បសាស្ត្រ ទើបទ្រង់​បញ្ជូនអាចារ្យ​ឈ្មោះ ឆឡង្គកុមារ ឲ្យទៅ​បង្រៀន​ឯឡិកកុមារ ។ ឯឡិកកុមារនោះ ក៏បានតែងតាំង​ឆឡង្គកុមារ ឲ្យជាសេនាបតី​ដោយគិតថា គេជា​អាចារ្យរបស់ខ្លួន ។

ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ​ឆឡង្គកុមារ​សេនាបតីនោះ ។ លោកសេនាបតី គាត់មាន​អ្នក​បម្រើម្នាក់​ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតី​នោះ បានប្រើ​នាយធនន្តេវាសីនោះ ឲ្យនាំយក​នូវរបស់​របរមានសំពត់ និងគ្រឿង​អលង្ការជាដើម ទៅឲ្យ​ព្រះនាង​កុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើ​នូវអំពើបាប សូម្បីមួយអន្លើដោយ​នាយធនន្តេវាសី​នោះទៀត ។

កុណាលសកុណៈ ពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែ​បុណ្ណមុខៈ​​​​សម្លាញ់ ព្រះអគ្គមហេសីមាន​ព្រះ​លោមា​ល្អ ព្រះនាមកុរុង្គទេវី កាល​ប្រាថ្នា​ឯឡិកកុមារ​ហើយ បានធ្វើនូវ​អំពើដ៏លាមក​ជាមួយនឹង​ឆឡង្គកុមារ​សេនាបតី និងបុរស​អ្នកនៅដោយ​ទ្រព្យរបស់​ឆឡង្គកុមារ​នោះទៀត ខ្ញុំក៏បាន​ឃើញហើយ ។

បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនី​ដែលកើត​ត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នា​នូវឯឡិកកុមារហើយ ព្រះនាង​ក៏ធ្វើនូវអំពើ​បាបមួយ​អន្លើដោយ​ឆឡង្គកុមារ​សេនាបតី​នោះផង និងអ្នក​បម្រើ​ឈ្មោះ​ធនន្តេវាសីនោះផង ។

ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើប​មិនពោល​សរសើរស្ត្រី​ទាំងនោះ ព្រះមហាសត្វ បាននាំ​អតីតនិទាន​នេះមកសម្ដែង​ហើយ ។

សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ។

ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំ​នូវហេតុដែល​ទ្រង់ឃើញ​ដោយខ្លួនឯង ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១