សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កុណ្ឌលិកជាតក

(ឆដ្ឋ. កណ្ឌរីជាតក)

សេចក្ដីពិស្ដាររបស់ជាតកនេះ មានពាក្យថា នរានមារាមករាសុ ដូច្នេះជាដើម នឹងមាន​ជាក់ច្បាស់​ក្នុង​កុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤)។

 

(សេចក្តីខាងក្រោមនេះ ជាខ្លឹមសារក្នុង​ព្រះត្រៃបិដក)៖

(បក្សីកុណាលពោលថា)

នរានមារាមករាសុ នារិសុ, អនេកចិត្តាសុ អនិគ្គហាសុ ច,

សព្វត្ថ នាបីតិករាបិ ចេ សិយា, ន វិស្សសេ តិត្ថសមា ហិ នារិយោ។

ស្ត្រីទាំងឡាយ​អ្នកធ្វើនូវសេចក្ដី​ត្រេកអរ ចំពោះបុរស​ទាំងឡាយ ជាស្ត្រីមាន​ចិត្តច្រើន​ផង ផ្ចាញ់ផ្ចាល​មិនបានផង ប្រសិនបើ​ស្រ្តីទាំងអស់ ធ្វើនូវសេចក្ដី​ពេញចិត្ត (ចំពោះបុរស) ដោយខ្លួន​ឯងក៏ដោយ បុរសមិន​គប្បីទុកចិត្តទេ ព្រោះថា ស្រីទាំងឡាយ ស្មើដោយ​កំពង់ទឹក ។

 

យំ វេ ទិស្វា កណ្ឌរីកិន្នរានំ, សព្វិត្ថិយោ ន រមន្តិ អគារេ,

តំ តាទិសំ មច្ចំ ចជិត្វា ភរិយា, អញ្ញំ ទិស្វា បុរិសំ បីឋសប្បឹ។

ហេតុនៃសេចក្ដីធុញទ្រាន់ណា នៃព្រះរាជាទ្រង់​ព្រះនាមកណ្ឌរី នឹងនាងទេវី​ទ្រង់​ព្រះនាម​កិន្នរា (ហេតុនៃសេចក្ដី​ធុញទ្រាន់នោះ) បុគ្គលឃើញ​ហើយ (គប្បីដឹងចុះ) ស្រីទាំង​ពួង រមែងមិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះ​របស់ខ្លួន នាងកិន្នរាទេវី ជា​ភរិយា​លះបង់​នូវ​ព្រះរាជាកណ្ឌរី​នោះ ជាស្វាមីប្រាកដ​ដូច្នោះ ព្រោះតែឃើញ​នូវបុរសខ្វិន​ដទៃ ។

 

ពកស្ស ច ពាវរិកស្ស រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា,

អវាចរី បដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។

នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទពកៈ​ផង របស់ព្រះបាទ​ពាវរិកៈផង ដែលលុះក្នុង​កាមដ៏ជ្រុលពេក ក៏បានប្រព្រឹត្ត​បទមិនគួរ ជាមួយនឹង​បុរស​អ្នកបម្រើ ធ្វើម្ដេចហ្ន៎ ស្រ្ដីមិនប្រព្រឹត្ត​បទមិនគួរ​នឹងបុរស​ដទៃនោះ ។

 

បិង្គិយានី សព្វលោកិស្សរស្ស,រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា

អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី។

អគ្គមហេសី ឈ្មោះនាងបិង្គិយានី ជាទីគាប់ព្រះហឫទ័យ របស់ព្រះបាទព្រហ្មទត្ត ជាធំ​ក្នុង​លោកទាំងមូល បានប្រព្រឹត្តបទ​មិនគួរ ជាមួយនឹង​បុរសអ្នក​ឃ្វាលសេះមង្គល ជាអ្នក​បម្រើនៃ​អគ្គមហេសី​នោះ ជាស្រីប្រាថ្នាកាម ក៏មិនបាន​នូវអ្នកឃ្វាលសេះ​នោះផង (នូវទីជា​អគ្គមហេសី​ផង) ។

ចប់ កណ្ឌរីជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ បិដកលេខ ៥៨ ទំព័រ ២៣០ និងអដ្ឋកថា)

ប្រែដោយ ខេមរ អភិធម្មាវតារ