។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កុណ្ឌកបូវជាតក

(រឿងអានិសង្សការថ្វាយនំកន្ទក់)

 

ព្រះសាស្តា កាលស្ដេចគង់នៅនគរសាវត្ថី ទ្រង់ប្រារព្ធមហាទុគ៌តបុរស បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យថន្នោ បុរិសោ ហោតិ  ដូច្នេះជាដើម ។

 

សេចក្តីពិស្តារថា នៅក្នុងនគរសាត្ថី ពេលខ្លះមាន​ត្រកូលតែ​មួយប៉ុណ្ណោះ ថ្វាយទាន ចំពោះ​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន, ពេលខ្លះ​មាន ៣-៤ ត្រកូលរួមគ្នា, ពេលខ្លះ ដោយ​ការរួម​ដៃគ្នា​ជាគណៈ ពេលខ្លះ​ដោយការ​រួមចិត្តគ្នា​នៃអ្នកដែល​នៅរួមថ្នល់, ពេលខ្លះរួម​មនុស្ស​ដែលមាន​ឆន្ទៈ មានការពេញ​ចិត្តអស់​ទាំងក្រុង ថ្វាយមហាទាន​ចំពោះភិក្ខុសង្ឃមាន​ព្រះពុទ្ធ​ជាប្រធាន ។ ក្នុងគ្រានោះ ភត្តដែល​មានឈ្មោះថា វិថីភត្ត (គឺការថ្វាយភត្តាហារ របស់អ្នក​ដែលរស់​នៅរួមថ្នល់) ក៏កើតមាន​ឡើង ។ គ្រានោះ មនុស្សទាំងឡាយ​ពោលពាក្យ​បបួលគ្នាថា អញ្ជើញ​អ្នកទាំងឡាយ​ថ្វាយយាគូ នាំខាទនីយៈ (របស់គួរទំពា) មកប្រគេនភិក្ខុ​សង្ឃ​មានព្រះពុទ្ធ​ជាប្រធានចុះ ។ ក្នុងកាលនោះ មានកូន​ឈ្នួលនៃអ្នក​ដទៃម្នាក់ ជាមនុស្សក្រ នៅតាម​ថ្នល់នោះ គិតថា អញមិន​អាចថ្វាយ​យាគូបាន តែរបស់​គួរបរិភោគ​អាចចាត់ចែង​ថ្វាយ​បាន ទើបច្របាច់​កន្ទក់ឲ្យ​ល្អិត ជ្រលក់ទឹក ខ្ចប់ដោយ​ស្លឹករាក់​យកទៅដុត គិតថា អញ នឹងថ្វាយ​នំនេះចំពោះព្រះសម្ពុទ្ធ ហើយក៏កាន់នំនោះ​ទៅឈរ​នៅក្នុង​សម្នាក់ព្រះសាស្តា គ្រាន់តែ​ព្រះសាស្តា​ទ្រង់ត្រាស់ថា អ្នកទាំងឡាយ​ចូរនាំយក​បង្អែម​មកចុះ ក៏ទៅ​មុនគេបង្អស់ ដាក់នំ​នោះក្នុង​បាត្រព្រះសាស្តា ហើយឈរនៅ​ក្នុងទីដ៏​សមគួរសម ។ ព្រះសាស្តា​ទ្រង់​មិនទទួល​បង្អែម អំពីអ្នក​ដទៃទៀត ទ្រង់សោយ​តែនំនោះ​ប៉ុណ្ណោះ ។

 

គ្រានោះឯង នគរទាំងមូល​ក៏មានសំឡេង​ផ្សាយទៅថា បានឮថា ព្រះសម្មាសម្ពុទ្ធ​ទ្រង់​មិនខ្ពើម​នំដែលធ្វើ​អំពីកុណ្ឌក របស់​មហាទុគ៌តបុរស ទ្រង់សោយដូច​សោយអមតភោជន ដូច្នោះ ។ ឥស្សរជន​មានព្រះរាជា និងអាមាត្យ​របស់ព្រះរាជា​ជាដើម រហូតដល់​អ្នកយាមទ្វារ ប្រជុំគ្នា​ទាំងអស់ ថ្វាយបង្គំ​ព្រះបរមសាស្តា ហើយចូលទៅ​រកមហាទុគ៌តបុរស​ពោលថា នែបា​ដ៏ចម្រើន សូមអ្នក​ទទួល​យកទ្រព្យ ១​រយ ២​រយ ៥​រយ ហើយឲ្យ​ចំណែក​បុណ្យដល់​ពួក​យើងចុះ ។ មហាទុគ៌តបុរស​ឆ្លើយថា ខ្ញុំនឹងទៅក្រាបទូល​សួរព្រះសាស្តាសិន​ទើបដឹង ហើយ​ទៅ​កាន់សម្នាក់​ព្រះសាស្តា ក្រាបទូលរឿងនោះ ។ ព្រះសាស្តា​ទ្រង់ត្រាស់ថា ម្នាលទុគ្គត អ្នកទទួល​យកទ្រព្យក្ដី មិនទទួលក្ដី ចូរឲ្យចំណែក​បុណ្យដល់​សព្វសត្វចុះ ។ មហាទុគ្គត​បុរសផ្តើម​ទទួល​យកទ្រព្យ ។ មនុស្សទាំងឡាយ​នាំគ្នាឲ្យ ដោយការ​ប្រមូលឲ្យ​ជាទ្វេគុណ ចតុគុណ និងអដ្ឋគុណ​ជាដើម បានឲ្យទ្រព្យដល់ ៩ កោដិ ។ ព្រះសាស្តា​ធ្វើអនុមោទនា​ហើយ ស្តេចយាងទៅ​កាន់ព្រះវិហារ កាលពួក​ភិក្ខុសម្តែង​វត្តបដិបត្តិ​ហើយ ទ្រង់ប្រទាន​សុគតោវាទ រួចស្តេចចូល​កាន់ព្រះគន្ធកុដិ ។ វេលា​រសៀលថ្ងៃនោះ ព្រះរាជា​ត្រាស់ឲ្យ​មហាទុគ្គតបុរស​ចូលគាល់ ទ្រង់បូជា​ដោយ​តំណែងសេដ្ឋី ។

 

ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះសាស្ដាមិន​ខ្ពើមនំ ដែលធ្វើ​អំពី​កុណ្ឌក ​ដែលមហាទុគ្គតបុរស​ថ្វាយឡើយ ទ្រង់សោយ​ដូចសោយ​អមតភោជន ចំណែក​មហាទុគ្គត​បុរសបាន​ទ្រព្យដ៏ច្រើនផង បានទាំង​តំណែង​សេដ្ឋីផង បាននូវ​សម្បត្តិដ៏​ក្រៃលែង ។ ព្រះសាស្ដា​យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំង​ឡាយ អង្គុយប្រជុំ​សន្ទនាគ្នា​អំពីរឿងអ្វី កាលភិក្ខុ​ទាំងឡាយក្រាប​ទូលឲ្យ​ជ្រាបហើយ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះ​ប៉ុណ្ណោះទេ ដែល​តថាគត​មិនខ្ពើម សោយនំកុណ្ឌក​របស់​មហាទុគ្គត​បុរសនោះ សូម្បីកាល​ជារុក្ខទេវតា​ក្នុងកាល​មុន ក៏ធ្លាប់​សោយដែរ ក្នុងកាលនោះ មហាទុគ្គត​បុរសអាស្រ័យ​តថាគត ក៏បាន​តំណែង​សេដ្ឋីដែរ ហើយទ្រង់​នាំយករឿង​ក្នុងអតីត​មកសម្តែងដូចតទៅថា ៖

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ​ពារាណសី ព្រះបរមពោធិសត្វ​សោយព្រះជាតិ​ជាទេវតា នៅនឹង​ដើមល្ហុង​មួយដើម ។ គ្រានោះ ពួក​មនុស្សនៅ​ក្នុងស្រុកនោះ នាំគ្នាកាន់​យករុក្ខទេវតា​ជាមង្គល កាលដល់​ថ្ងៃមហាស្រព​មួយ ពួក​មនុស្សនាំគ្នា​ធ្វើពលិកម្ម ដល់រុក្ខទេវតា​រៀងៗខ្លួន ។ គ្រានោះ មានទុគ្គត​មនុស្សម្នាក់ ឃើញ​មនុស្ស​ទាំងនោះ នាំគ្នាគោរព​ទេវតា ក៏គោរព​ដើមល្ហុង​មួយដើម មនុស្ស​ទាំងនោះ​កាន់យក​ផ្កា គ្រឿងក្រអូប គ្រឿងលាប និងរបស់​បរិភោគជា​ដើមយ៉ាងច្រើន ទៅដើម្បី​បូជាទេវតារបស់​ខ្លួន ។ ចំណែកទុគ្គតបុរស​មានតែនំកុណ្ឌក ក៏កាន់យក​ទៅជាមួយ​នឹងបោយដងទឹក ឈប់​ឈរនៅ ក្នុងទីមិនឆ្ងាយអំពី​ដើមល្ហុង ហើយគិតថា ធម្មតាទេវតា​តែងសោយ​របស់ទិព្វ គង់មិន​សោយ​នំកុណ្ឌក​របស់អញទេ អញមិនសុខចិត្ត​ឲ្យនំវិនាស​ទៅដោយ​ហេតុនេះទេ អញ​បរិភោគនំ​នេះខ្លួនឯង ហើយត្រឡប់​អំពីទីនោះ ។ ព្រះមហាសត្វ​ស្ថិតនៅ​លើ​ដើមល្ហុង​ពោលថា នែបុរស​ដ៏ចម្រើន ប្រសិនបើ​អ្នកជាអ្នកមាន ក៏ត្រូវឲ្យ​របស់បរិភោគ​ឆ្ងាញ់ដល់យើង ប៉ុន្តែ អ្នកជា​បុរសទុគ៌ត បើយើង​មិនសោយនំ​របស់អ្នក ហើយទៅ​សោយនំរបស់​អ្នកដទៃ ដូចម្តេច​កើត អ្នកកុំធ្វើ​ចំណែកនំ​របស់យើង​ឲ្យវិនាសឡើយ ហើយ​ពោលគាថា​នេះថា

យថន្នោ បុរិសោ ហោតិ, តថន្នា តស្ស ទេវតា;

អាហរេតំ កុណ្ឌបូវំ, មា មេ ភាគំ វិនាសយ។

បុរសស៊ីយ៉ាងណា ទេវតារបស់បុរសសនោះ ក៏ស៊ីយ៉ាងនោះដែរ អ្នកចូរនាំ​យកនូវ​នំកណ្ឌក​នុ៎ះមក អ្នកកុំញ៉ាំង​នំកុណ្ឌក​ ជាចំណែក​របស់ខ្ញុំ​ឲ្យវិនាសទៅ ។

 

បណ្តាបទទាំងនោះ បទថា យថន្នោ សេចក្តីថា អ្នកបរិភោគយ៉ាងណា ។ បទថា តថន្នោ សេចក្តីថា សូម្បីទេវតា​របស់អ្នក​ក៏សោយ​យ៉ាងនោះដែរ ។ បទថា អាហរេតំ កុណ្ឌកបូវំ សេចក្តីថា អ្នកចូរនាំយកនំ ដែលធ្វើ​អំពីកុណ្ឌក​នោះមក​ចុះ កុំធ្វើនំ​ដែលជាចំណែក​របស់ខ្ញុំ​ឲ្យវិនាសឡើយ ។

 

ទុគ្គតបុរសបែរមកមើលព្រះមហាសត្វ ហើយធ្វើ​ពលិកម្ម ។ ព្រះមហាសត្វ​ក៏សោយ​ឱជា​អំពីនំនោះ ហើយសួរថា នែបុរស​ដ៏ចម្រើន អ្នកគោរពខ្ញុំ​ដើម្បីអ្វី ?

 

ទុគ្គតបុរសពោលថា បពិត្រលោកម្ចាស់ ខ្ញុំជាមនុស្សក្រីក្រ មកបូជាលោក ក៏ដើម្បីប្រាថ្នាថា ខ្ញុំអាស្រ័យ​លោកហើយ នឹងរួចផុតចាក​អំពីភាពទុគ៌ត ។ ព្រះពោធិសត្វ​ពោលថា នែបុរស​ដ៏ចម្រើន អ្នកកុំ​ព្រួយឡើយ អ្នកបូជាខ្ញុំ​ជាបុគ្គល​កតញ្ញូកតវេទី នៅជុំវិញ​ដើមល្ហុងនេះ មានឆ្នាំង​ដាក់ទ្រព្យ​ត្រួតលើគ្នា​រហូតខ្ពស់​ត្រឹមក អ្នកចូរក្រាប​ទូលព្រះរាជា ឲ្យយក​រទេះមក ដឹកជញ្ជូន​ទ្រព្យទៅនគរ​ទុកនៅក្នុង​លានព្រះរាជវាំង​ចុះ ព្រះរាជា​នឹងសប្បាយ​ព្រះទ័យ ហើយ​នឹងប្រទាន​តំណែង​សេដ្ឋីឲ្យ​ដល់អ្នក ។ លុះប្រាប់ដូច្នេះហើយ ព្រះបរមពោធិសត្វ ក៏អន្តរធាន​ទៅ ទុគ្គតបុរស​ក៏ធ្វើតាមនោះ ។ ទុគ្គតបុរស​អាស្រ័យ​ព្រះមហាបុរស ដល់ព្រម​ដោយ​សម្បត្តិដ៏ធំ ហើយក្រោយ​អំពីចុតិ ក៏ទៅតាម​យថាកម្ម ។

 

ព្រះសាស្តានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំជាតកថា

តទា ទុគ្គតោ ឯតរហិ ទុគ្គតោវ ទុគ្គតបុរស ក្នុងកាលនោះ បានមកជាទុគ្គតបុរស ក្នុងកាល​ឥឡូវនេះ

ឯរណ្ឌរុក្ខទេវតា បន អហមេវ អហោសឹ ចំណែកទេវតា​ដែលនៅនឹង​ដើមល្ហុង​នោះ គឺ តថាគត នេះឯង ៕

ចប់ កុណ្ឌកបូវជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត បរោសតវគ្គ បិដកលេខ ៥៨ ទំព័រ ៤៩)

ដោយ ស.ដ.វ.ថ.