។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កុដិទូសកជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ដែលដុត​បណ្ណសាលា​របស់​ព្រះមហាកស្សបត្ថេរ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម។

រឿងរ៉ាវនេះ បានកើតឡើងក្នុងក្រុងរាជគ្រឹះ។ បានឮមកថា គ្រានោះ ព្រះថេរៈ នៅក្នុង​កុដិដែល​នៅក្នុង​ព្រៃ អាស្រ័យ​ក្នុង​នគរ​រាជគ្រឹះ។ មានភិក្ខុ​កំលោះ​ពីររូប នៅធ្វើ​កិច្ចការ​បម្រើ​ព្រះថេរៈ។ បណ្ដា​ភិក្ខុពីរ​រូបនោះ មួយរូប​ជាអ្នក​ធ្វើឧបការៈ​ដល់ព្រះថេរៈ, មួយ​រូបជា​មនុស្ស​ប្រដៅក្រ តែងធ្វើអ្វីៗ ដែលភិក្ខុ​មួយរូប​ទៀតធ្វើ​ហើយ ធ្វើដូច​ជា​ខ្លួនឯង​បានធ្វើ។ កាល​បើភិក្ខុ (ឧស្សាហ៍) តម្កល់ទឹក​លុបមុខ​ជាដើម​រួចហើយ ភិក្ខុនោះ​ទៅ​កាន់​សម្នាក់​ព្រះថេរៈ ថ្វាយបង្គំ ហើយ​ពោលថា បពិត្រ​លោកម្ចាស់ ទឹកតម្កល់​រួចហើយ សូម​លោកម្ចាស់​លុបលាង​ព្រះភក្ត្រ ដូច្នេះ​ជាដើម។ កាលភិក្ខុ (ឧស្សាហ៍) ក្រោក​តាមកាល​បោស​បរិវេណ​ព្រះថេរៈ​រួចហើយ ក្នុងពេល​ព្រះថេរៈ​ចេញមក, ទុព្វចភិក្ខុ​នោះ​គោះកន្លែង​នោះ ធ្វើដូចជា​ខ្លួនឯង​បានបោស​បរិវេណ​ទាំងអស់។ ភិក្ខុអ្នក​ដល់ព្រម​ដោយវត្ត គិតថា ទុព្វចភិក្ខុ​នេះធ្វើការងារ​ដែល​យើងធ្វើ ដូចជា​ខ្លួនឯងធ្វើ យើងនឹង​ធ្វើអំនួត​របស់​ភិក្ខុនេះ​ឲ្យ​ប្រាកដ។

កាលទុព្វចភិក្ខុឆាន់ខាងក្នុងស្រុក ហើយត្រឡប់មក ហើយសិងលក់, ភិក្ខុអ្នក​មានវត្ត​ ដាំទឹក​សម្រាប់​ស្រង់ យកទៅទុក​នៅខាង​ក្រោយបន្ទប់ និងទុក​ទឹកដទៃ​ត្រឹមតែកន្លះ​នាឡិ​ប៉ុណ្ណោះ ក្នុងភាជនៈ​ដែលនៅ​លើជើងក្រាន។ ទុព្វចភិក្ខុ​ភ្ញាក់ឡើង ដើរទៅ ឃើញ​ផ្សែងភ្លើង​តាំងឡើង គិតថា ភិក្ខុអ្នក​មានវត្តដាំ​ទឹកហើយ នឹងតម្កល់​ក្នុងបន្ទប់ ដូច្នេះ​ទើបទៅ​កាន់​សម្នាក់​ព្រះថេរៈ រួចពោលថា បពិត្រ​លោកម្ចាស់ ទឹកតម្កល់​ទុកក្នុង​បន្ទប់​ហើយ សូមលោកម្ចាស់​ងូតទឹក។ ព្រះថេរៈ​ពោលថា ខ្ញុំនឹងងូត ដូច្នេះ​ទើបមក​ជាមួយ​នឹង​ភិក្ខុនោះ (តែពេល​មកដល់) មិនឃើញទឹក ក៏សួរថា ទឹកនៅ​ឯណា។ ទុព្វចភិក្ខុ​នោះ ទៅកាន់​រោងភ្លើង​ដោយរហ័ស ដាក់បោយ​ក្នុងភាជនៈ​ទទេ បោយ​ប៉ះផ្ទប់​នឹងផ្ទៃ​ភាជនៈ​ទទេ ឮសូរថា តៈតៈ។ ចាប់ពី​ពេលនោះមក កើតឈ្មោះ​ដល់​ទុព្វចភិក្ខុ​នោះថា ឧឡុង្កសទ្ទកៈ។

 

ក្នុងខណៈនោះ ភិក្ខុម្នាក់ទៀតនាំទឹកអំពីខាង​ក្រោយ​បន្ទប់មក ពោលថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់ស្រង់​ទឹក។ ព្រះថេរៈ​ស្រង់ទឹក​ហើយ ពិចារណា បាន​ដឹងភាព​ជាអ្នក​ប្រដៅក្រ​របស់​ឧឡុង្កសទ្ទកភិក្ខុ ពេលដែល​ភិក្ខុនោះ​មកកាន់​ទីបម្រើ ព្រះថេរៈ​ក៏ឲ្យ​ឱវាទថា ម្នាល​អាវុសោ ឈ្មោះថា សមណៈ គួរពោល​នូវកម្ម​ដែលខ្លួន​បានធ្វើថា កម្មនេះ គឺខ្ញុំធ្វើ អ្នក​ពោល​សម្បជានមុសាវាទ​ដោយ​ប្រការដទៃ ចាប់ពី​ពេលនេះទៅ អ្នកកុំធ្វើ​បែបនេះទៀត។ ឧឡុង្កសទ្ទកភិក្ខុ​នោះ​ក្រោធខឹង​ព្រះថេរៈ។ ក្នុងថ្ងៃ​ស្អែក លោកមិន​ចូលទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត​ជាមួយ​នឹងព្រះថេរៈ​ទេ។ ព្រះថេរៈ​ចូលទៅ​ជាមួយ​ភិក្ខុដទៃ។ ចំណែក​ឧឡុង្កសទ្ទកភិក្ខុ ទៅកាន់​ត្រកូល​ឧបដ្ឋាក​របស់​ព្រះថេរៈ កាលគេ​ពោលថា បពិត្រ​លោកម្ចាស់ ព្រះថេរៈ​នៅទីណា លោក​ប្រាប់គេថា ព្រះថេរៈ​អង្គុយមិន​ជាសុខ​ក្នុងវិហារ។ កាល​គេពោល​ថា បពិត្រ​លោកម្ចាស់ ព្រះថេរៈ​គួរបានអ្វី ? លោក​ពោលថា អ្នកចូរ​ប្រគេន​របស់​នេះផង របស់​នេះផង ដូច្នេះ​ហើយ ក៏កាន់យក​របស់​ទាំងនោះ ទៅកាន់​ទីដែល​ខ្លួន​ពេញចិត្ត ឆាន់រួច ទើបទៅ​កាន់អារាម។

ក្នុងថ្ងៃស្អែក ព្រះថេរៈទៅកាន់ត្រកូលនោះ ហើយគង់។ កាលមនុស្ស​ទាំងឡាយ​ពោលថា បពិត្រ​លោកម្ចាស់ ការមិនជា​សុខ មានដល់​លោកម្ចាស់ឬ បានឮមកថា ម្សិលមិញ លោកម្ចាស់​គង់ក្នុង​វិហារ ពួកខ្ញុំ​បញ្ជូន​អាហារ​ក្នុងដៃ​ភិក្ខុកំលោះ​មួយរូប លោកម្ចាស់​បានឆាន់​ឬទេ ? ព្រះថេរៈ​នៅស្ងៀម ធ្វើភត្តកិច្ច​ហើយ ទៅកាន់វិហារ។ ក្នុង​វេលាល្ងាច ព្រះថេរៈ​ក៏ហៅ​ឧឡុង្កសទ្ទកភិក្ខុ ដែលមក​កាន់ទី​ឧបដ្ឋាកថា ម្នាល​អាវុសោ ត្រកូល​ឯណោះ​ក្នុងស្រុក​មួយនោះ​ពោលថា បានឮថា ព្រះថេរៈ​ឲ្យ​សូមថា វត្ថុនេះផង វត្ថុនេះផង គួរបាន​ដល់ព្រះថេរៈ រួចលោក​ក៏ឆាន់, ឈ្មោះថា វិញ្ញត្តិ (ការសូម) រមែង​មិនគួរ, លោកកុំ​ប្រព្រឹត្ត​អនាចារ​បែបនេះ​ទៀត។

 

ឧឡុង្កសទ្ទកភិក្ខុនោះ ចងអាឃាត​នឹងព្រះថេរៈ​ដោយពាក្យ​មានប្រមាណ​ប៉ុណ្ណេះ រួច​គិតថា សូម្បី​ម្សិលមិញ ព្រះថេរៈ​នេះ អាស្រ័យ​ត្រឹមតែទឹក លោកធ្វើ​ជម្លោះនឹង​យើង ឥឡូវនេះ កាលមិន​អាចអត់ធន់ថា យើងបាន​ឆាន់ភត្ត​មួយក្ដាប់​ក្នុងផ្ទះ​ឧបដ្ឋាក​របស់​លោក ក៏ធ្វើ​ជម្លោះ​ម្ដងទៀត យើងនឹង​ដឹងអំពើ​ដែលសមគួរ​ធ្វើដល់​ព្រះថេរៈ ដូច្នេះហើយ ក្នុង​ថ្ងៃស្អែក ពេលព្រះថេរៈ​ចូលទៅ​បិណ្ឌបាត លោកកាន់​យកអន្លូង វាយ​បំបែក​ភាជនៈ​សម្រាប់​បរិភោគ ដុតបណ្ណសាលា រួចរត់​ទៅបាត់។ លោករស់នៅ​ដូចជា​មនុស្សប្រេត ស្គម​រីងរៃ ហើយធ្វើ​កាលកិរិយា កើតក្នុង​អវីចិមហានរក។ អនាចារ​ដែលភិក្ខុនោះ​ធ្វើហើយ បាន​ប្រាកដ​ក្នុងកណ្ដាល​មហាជន។

លំដាប់នោះ ភិក្ខុទាំងឡាយចេញពីក្រុងរាជគ្រឹះ ទៅកាន់​ក្រុងសាវត្ថី ទុកដាក់​បាត្រ និងចីវរ​ក្នុងទី​សមគួរ រួចទៅកាន់​សម្នាក់​ព្រះសាស្ដា ថ្វាយបង្គំ​ព្រះអង្គ ហើយអង្គុយ។ ព្រះសាស្ដា​ធ្វើបដិសណ្ឋារៈ​ភិក្ខុ​ទាំងនោះ ហើយ​ត្រាស់ថា អ្នកទាំងឡាយ​មកអំពីណា? ពួក​ភិក្ខុទូលថា មកពី​ក្រុងរាជគ្រឹះ ព្រះអង្គ។ ព្រះពុទ្ធ​ត្រាស់សួថា ក្នុងទីនោះ អ្នកណាជា​អាចារ្យ​អ្នកឲ្យ​ឱវាទ? ភិក្ខុទាំង​ឡាយទូលថា បពិត្រ​ព្រះអង្គ គឺ​ព្រះមហាកស្សបត្ថេរ។ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តើកស្សបៈ​សុខសប្បាយទេ ? ពួកភិក្ខុ​ទូលថា បពិត្រ​ព្រះអង្គ ព្រះថេរៈ​សុខសប្បាយ តែ​សទ្ធិវិហារិក​របស់លោក ក្រោធ​ខឹងពេល​ដែលលោក​ឲ្យឱវាទ ហើយដុត​បណ្ណសាលា​របស់​ព្រះថេរៈ រួចរត់​ទៅ។ ព្រះសាស្ដា​ស្ដាប់​ពាក្យ​នោះហើយ ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ការប្រព្រឹត្ត​ទៅតែឯង រមែង​ប្រសើរ​ជាងការ​ប្រព្រឹត្ត​ជាមួយនឹង​បុគ្គលពាល ដែលមាន​សភាព​បែបនោះ របស់​កស្សបៈ រួចហើយ​ទ្រង់ត្រាស់​គាថានេះ​ក្នុងធម្មបទថា

ចរញ្ចេ នាធិគច្ឆេយ្យ, សេយ្យំ សទិសមត្តនោ;

ឯកចរិយំ ទឡ្ហំ កយិរា, នត្ថិ ពាលេ សហាយតា។

បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែល​ស្មើនឹង​ខ្លួនទេ គប្បី​ប្រព្រឹត្ត​នៅតែ​ម្នាក់ឯង ឲ្យខ្ជាប់​ខ្ជួនវិញ ព្រោះថា សហាយតាគុណ មិនមាន​ក្នុងបុគ្គល​ពាលឡើយ។ [សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ ពាលវគ្គ បិដកលេខ ៥២ ទំព័រ ៣៤]

ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំង​នោះទៀត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ ដែល​ឧឡុង្កសទ្ទកភិក្ខុ​នោះ​ប្រទូស្ត​នឹងកុដិ សូម្បី​ក្នុង​កាលមុន ភិក្ខុនោះ ក៏ប្រទូស្ត​នឹងកុដិ​ដែរ, ហើយ​មិនមែន​តែក្នុងកាល​ឥឡូវនេះទេ ដែល​ឧឡុង្កសទ្ទកភិក្ខុ​ក្រោធនឹង​អ្នកឲ្យឱវាទ​នោះ សូម្បីកាល​មុន ក៏ក្រោធ​នឹងអ្នក​ឲ្យ​ឱវាទដែរ។ កាលភិក្ខុ​ទាំងឡាយ​អារាធនាហើយ ព្រះអង្គ​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​កំណើត​សត្វ​គ្រលេងគ្រលោង កាលចម្រើន​វ័យធំហើយ ធ្វើសំបុក​ត្រង់កន្លែង​ដែល​មិនមាន​ភ្លៀង​ធ្លាក់​ត្រូវ ជាទីពេញ​ចិត្តខ្លួន រស់នៅ​ក្នុងដែន​ដី​ព្រៃហិមពាន្ត។

លំដាប់នោះ កាលភ្លៀងបង្អុរធ្លាក់ចុះមិនដាច់គ្រាប់ ក្នុងរដូវភ្លៀង មាន​ស្វាមួយ​ត្រូវត្រជាក់​បៀតបៀន មកអង្គុយ​ខាំធ្មេញ​នៅជិត​ព្រះពោធិសត្វ។ ព្រះពោធិសត្វ​ឃើញស្វា​ដែល​មាន​សេចក្ដី​លំបាក​យ៉ាងនោះ កាលចរចា​ជាមួយ​ស្វានោះ ទើបពោល​គាថាទី ១ ថា

មនុស្សស្សេវ តេ សីសំ,ហត្ថបាទា ច វានរ;

អថ កេន នុ វណ្ណេន, អគារំ តេ ន វិជ្ជតិ។

នែពានរ ក្បាល ដៃ និងជើង​របស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជា​ផ្ទះរបស់​អ្នកគ្មាន។

បណ្ដាបទទាំងនោះ បទថា វណ្ណេន បានដល់​ ការណេន ប្រែថា ព្រោះហេតុ។​ បទថា អគារំ សេចក្ដីថា ព្រះពោធិសត្វ​សួរស្វាថា ផ្ទះជាទីនៅ​របស់​អ្នកមិនមាន ដោយហេតុអ្វី។

 

ស្វាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា

មនុស្សស្សេវ មេ សីសំ, ហត្ថបាទា ច សិង្គិល;

យាហុ សេដ្ឋា មនុស្សេសុ,សា មេ បញ្ញា ន វិជ្ជតិ។

នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្ស​មែនហើយ តែប្រាជ្ញា​ណាដែល​បោរាណាចារ្យ​ពោលថា ប្រសើរក្នុង​ពួកមនុស្ស ប្រាជ្ញានោះ​របស់ខ្ញុំ​មិនមានទេ។

បណ្ដាបទទាំងនោះ បទថា សិង្គិល សេចក្ដីថា ស្វាហៅបក្សី​នោះដោយ​ឈ្មោះ។ បទថា យាហុ សេដ្ឋា មនុស្សេសុ សេចក្ដីថា វិចារណបញ្ញាណា​ដែល​បោរាណាចារ្យ​ទាំងឡាយ​ពោលថា ប្រសើរ​ក្នុងពួក​មនុស្ស វិចារណបញ្ញា​នោះ មិនមាន​ដល់យើង។ ពិតមែន​ហើយ ក្បាល ដៃ ជើង និងកម្លាំងកាយ មិនជា​ប្រមាណ​ក្នុងលោក វិចារណបញ្ញា​ប៉ុណ្ណោះ​ទើបប្រសើរ វិចារណបញ្ញា​នោះមិនមាន​ដល់យើង ព្រោះ​ហេតុនោះ អគារ​របស់​យើង ទើប​មិនមាន។

 

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀត​ថា

អនវដ្ឋិតចិត្តស្ស, លហុចិត្តស្ស ទុព្ភិនោ;

និច្ចំ អទ្ធុវសីលស្ស,សុខភាវោ ន វិជ្ជតិ។

ធម្មតាអ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមានសេចក្ដីសុខ។

សោ ករស្សុ អានុភាវំ, វីតិវត្តស្សុ សីលិយំ;

សីតវាតបរិត្តាណំ, ករស្សុ កុដវំ កបិ។

នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់​មារយាទ​ចេញ ចូរធ្វើ​ខ្ទមជា​គ្រឿងការពារ​នូវត្រជាក់​និងខ្យល់។

 

បណ្ដាបទទាំងនោះ បទថា អនវដ្ឋិតចិត្តស្ស សេចក្ដីថា អ្នកមាន​ចិត្តមិន​តាំងនៅ។ បទថា ទុព្ភិនោ សេចក្ដីថា អ្នកទ្រុស្តមិត្រ។ បទថា អទ្ធុវសីលស្ស សេចក្ដីថា មិនរក្សាសីល​អស់កាល​ទាំងពួង។ បទថា សោ ករស្សុ អានុភាវំ សេចក្ដីថា នែស្វា​សម្លាញ់ អ្នកឯង​ចូរធ្វើឧបាយ ដែលជា​កម្លាំង​អានុភាព ដើម្បីឲ្យ​កើតបញ្ញាចុះ។ បទថា វីតិវត្តស្សុ សីលិយំ សេចក្ដីថា ចូរកន្លង​មារយាទ ពោលគឺ​ភាពទ្រុស្តសីល​របស់ខ្លួន ហើយជា​អ្នកមាន​សីល។ បទថា កុដវំ កបិ សេចក្ដីថា ព្រះពោធិសត្វ​ពោលថា អ្នកចូរ​ធ្វើខ្ទម សម្បុក គឺអាគារ ជាទីនៅ​មួយរបស់ខ្លួន ដែល​អាចការពារ​ត្រជាក់​និងខ្យល់បាន។

ស្វាគិតថា ដំបូង គ្រលេងគ្រលោងនេះ​ជេរប្រទេច​ផ្ដាសា​យើង ដោយ​ភាពដែល​យើងអង្គុយ​ក្នុងទី​មិនមាន​ភ្លៀងធ្លាក់​របស់ខ្លួន យើងនឹង​មិនឲ្យវា​ទំនៅក្នុង​សំបុក​នេះ​ឡើយ។ លំដាប់នោះ ស្វាប្រាថ្នានឹង​ចាប់​ព្រះពោធិសត្វ ទើប​ស្ទុះទៅ, ព្រះពោធិសត្វ ក៏ហើរ​ឡើងទៅ​កាន់ទីដទៃ។ ស្វាកម្ទេច​សំបុក ធ្វើឲ្យបែក​ខ្ទេចខ្ទីហើយ ក៏ចៀស​ចេញទៅ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា មក្កដោ កុដិឈាបកោ អហោសិ ស្វាក្នុងកាលនោះ បានមកជា​ភិក្ខុដុតកុដិ

សិង្គិលសកុណោ បន អហមេវ អហោសឹ គ្រលេងគ្រលោង គឺ តថាគតនេះឯង។

កុដិទូសកជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២០៨)

ថ្ងៃទី ៣០ ខែ តុលា ព.ស. ២៥៦២ គ.ស. ២០១៨

ដោយ ស.ដ.វ.ថ