។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កុក្កុដជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម។

 

ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រ​ព្រះអង្គ ព្រោះអំណាច​កិលេស ដោយការ​បានឃើញ​ស្ត្រីដែល​ប្រដាប់​តាក់តែងមួយ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ធម្មតា ស្ត្រីទាំងឡាយ​តែងបោក​បញ្ឆោត លួងលោម និង​ធ្វើអ្នក​ដែល​លុះក្នុង​អំណាច​របស់ខ្លួន​ឲ្យវិនាស ប្រាកដ​ដូចជា​សំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំ​យកអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​កំណើតមាន់ មានមាន់​ច្រើនរយ​ជាបរិវារ រស់នៅក្នុងព្រៃ។ ក្នុងទី​មិនឆ្ងាយ​ពីកន្លែង​ព្រះពោធិសត្វ​នោះ មាន​សំពោចញី​មួយរស់នៅ។ សំពោចញី​នោះ តែង​បោក​បញ្ឆោត​មាន់​ដ៏សេស លើកលែង​តែ​ព្រះពោធិសត្វ​ចេញ យកមកស៊ី។​ ព្រះពោធិសត្វ​មិនទៅ​កាន់ព្រៃ​ជា​កន្លែង​របស់​សំពោច​ញីនោះទេ។ សំពោចញី​គិតថា មាន់នេះ​ពូកែខ្លាំង​ណាស់ មិនដឹង​ភាពជា​អ្នក​បោកប្រាស និងភាព​ជាអ្នកឈ្លាស​ក្នុង​ឧបាយកល​របស់យើង យើង​នឹងលួង​លោម​មាន់​នេះថា យើងនឹង​ជាភរិយា​របស់លោក ដូច្នេះ យើងនឹង​បានស៊ី​ក្នុងកាល​ដែលមាន់​នេះមក ពេល​ដែលវា​លុះអំណាច​របស់យើង។ សំពោចញី​ទៅកាន់​គល់ដើម​ឈើដែល​មាន់​ពោធិសត្វ​ទំ កាលនឹង​សូមមាន់​នោះ​ដោយវាចា​ដែលជា​ការសរសើរ​ខាងដើម ទើបពោល​គាថាទី ១ ថា

សុចិត្តបត្តឆទន,             តម្ពចូឡ វិហង្គម;

ឱរោហ ទុមសាខាយ,     មុធា ភរិយា ភវាមិ តេ។

នែអ្នកមានខ្លួនបិទបាំង​ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមាន​សិរ្ស៍ក្រហម ទៅកាន់​អាកាស​បាន ចូរអ្នក​ចុះអំពីមែក​ឈើមក ខ្ញុំនឹងជា​ប្រពន្ធរបស់អ្នក​ដោយទទេ។

 

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់​របស់យើង ត្រូវ​សំពោចញី​នេះស៊ី ឥឡូវនេះ វាមក​លួងលោម​ដោយចង់​ស៊ីយើងទៀត យើង​នឹងបណ្ដេញ​សំពោចញី​នេះ ដូច្នេះ ទើបពោល​គាថាទី ២ ថា

ចតុប្បទី ត្វំ កល្យាណិ,    ទ្វិបទាហំ មនោរមេ;

មិគី បក្ខី អសញ្ញុត្តា,          អញ្ញំ បរិយេស សាមិកំ។

ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាង​ជាសត្វ​ជើងបួន ខ្ញុំជាសត្វ​ជើងពីរ ពួកម្រឹគ និង​សត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរក​សត្វ​ឯទៀត ធ្វើជាស្វាមីចុះ។

 

សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែ​ខ្លាំងណាស់ យើង​នឹងបោក​បញ្ឆោត​ដោយឧបាយ​យ៉ាងណាមួយ ហើយនឹង​ស៊ីមាន់នេះ​ឲ្យបាន ដូច្នេះ​ទើប​ពោល​គាថាទី ៣ ថា

កោមារិកា តេ ហេស្សាមិ,    មញ្ជុកា បិយភាណិនី;

វិន្ទ មំ អរិយេន វេទេន,          សាវយ មំ យទិច្ឆសិ។

ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោល​ពាក្យ​ជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជា​ព្រហ្មចារិនី ដោយការ​បានដ៏ប្រសើរ។

 

ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញី​ពោលថា ក្នុង​កាល​មុន​អំពី​ពេល​នេះ សូម្បីខ្ញុំ​ក៏មិនស្គាល់​សម្ផស្ស​បុរស ហើយអ្នក​ក៏មិនស្គាល់​សម្ផស្សស្ត្រី ព្រោះ​ហេតុ​ដូច្នេះ លោកជា​ព្រហ្មចារី​នឹងបានខ្ញុំ​ដែលជា​ព្រហ្មចារី ដោយ​លាភដែល​មិនមាន​ទោស​ជា​ប្រក្រតី។ បើលោក​ប្រាថ្នាខ្ញុំ តែមិនជឿ​ពាក្យរបស់ខ្ញុំ លោក​ចូរឲ្យ​គេត្រាច់​វាយស្គរ​ក្នុង​នគរ​ពារាណសី​ដែល​ទំហំ ១២ យោជន៍ ប្រកាសថា សំពោចញី​នេះជាទាសី​របស់ខ្ញុំ និងធ្វើ​ខ្ញុំឲ្យ​ជាទាសី​របស់ខ្លួន ហើយចូរ​កាន់យកចុះ។

 

បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាម​សំពោចញីនេះ ហើយឲ្យ​វារត់ទៅ ដូច្នេះ​ទើប​ពោល​គាថាទី ៤ ថា

កុណបាទិនិ លោហិតបេ,   ចោរិ កុក្កុដបោថិនិ;

ន ត្វំ អរិយេន វេទេន,          មមំ ភត្តារមិច្ឆសិ។

នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរ​បៀតបៀន​នូវមាន់ នាងឯង​មិនមែន​ចង់បាន​នូវអញ​ធ្វើជាប្តី ដោយការ​បាន​ប្រសើរទេ។

 

ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការ​បាន​ប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វ​ពោលថា នាងមិន​ប្រាថ្នា​យើងធ្វើ​ជាប្ដី ដោយការ​បានដ៏​ប្រសើរទេ នាង​បោក​បញ្ឆោត ហើយ​ចង់ស៊ី​យើង នាងចូរ​វិនាសទៅ ហើយ​ក៏បានធ្វើ​សំពោចញី​ឲ្យរត់ទៅ។

 

ចំណែកសំពោចញី ក៏រត់បោលទៅ មិនហ៊ាន​សូម្បីតែក្រឡេកមើល។

 

(អភិសម្ពុទ្ធគាថាសំដែងថា)

ឯវម្បិ ចតុរា នារី,                ទិស្វាន សធនំ នរំ;

នេន្តិ សណ្ហាហិ វាចាហិ,     ពិឡារី វិយ កុក្កុដំ។

នារីទាំងឡាយ ដែលមានការវាងវៃ ឃើញ​នូវ​បុរសដ៏ប្រសើរ​ហើយ រមែង​ដឹកនំា​ដោយ​វាចា​ដ៏ពីរោះ​យ៉ាងនេះ​ឯង ដូចជា​សំពោចញី ប្រលោម​នូវមាន់​ឈ្មោល (មកធ្វើ​ជាប្តី​របស់​ខ្លួន)។

យោ ច ឧប្បតិតំ អត្ថំ,     ន ខិប្បមនុពុជ្ឈតិ;

អមិត្តវសមន្វេតិ,             បច្ឆា ច អនុតប្បតិ។

បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍​ដែលកើតឡើង បុគ្គលនោះ រមែង​លុះ​អំណាច​នៃសត្រូវ​ផង រមែងក្តៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

យោ ច ឧប្បតិតំ អត្ថំ,       ខិប្បមេវ និពោធតិ;

មុច្ចតេ សត្តុសម្ពាធា,        កុក្កុដោវ ពិឡារិយា។

លុះតែបុគ្គលណា ឆាប់យល់ច្បាស់​នូវ​ប្រយោជន៍​ដែលកើត​ឡើង បុគ្គលនោះ រមែង​រួចចាក​ការបៀតបៀន​អំពីសត្រូវ ដូច​មាន់ឈ្មោល រួចអំពី​សំពោចញី។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំជាតក ក្នុង​កាល​ទីបំផុត​នៃ​សច្ចធម៌ ឧក្កណ្ឋិតភិក្ខុ​បានតាំង​នៅក្នុង​សោតាបត្តិផល។

តទា កុក្កុដរាជា អហមេវ អហោសឹ ស្ដេចមាន់ក្នុងកាលនោះ គឺ តថាគត​នេះឯង។

កុក្កុដជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អាវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៨)

ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ