សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កឹឆន្ទជាតក

(ពោលអំពីផលឧបោសថកន្លះថ្ងៃ)

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧបោសថកម្ម បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កឹឆន្ទោ កិមធិប្បាយោ ដូច្នេះ​ជាដើម ។

 

ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរ​ឧបាសក ឧបាសិកា​ទាំងឡាយ​ជាច្រើន ដែលជា​អ្នក​រក្សាឧបោសថ មកដើម្បី​ស្ដាប់ធម៌ អង្គុយក្នុង​ធម្មសភាថា ម្នាល​ឧបាសក ឧបាសិកា​ទាំង​ឡាយ អ្នកទាំងឡាយជា​អ្នកប្រកប​ដោយឧបោសថ​ឬ ? កាលឧបាសក ឧបាសិកា​ទាំងឡាយ​នោះ​ទូលថា ពិតមែន​ហើយ ព្រះអង្គ ។ ព្រះមានព្រះភាគ​ត្រាស់ថា ឧបោសថ​ដែលអ្នក​ទាំងឡាយ​បានធ្វើ​ដោយរក្សានេះ ល្អប្រពៃ​ហើយ សូម្បី​បោរាណ​ជនទាំងឡាយ​បាន​ទទួល​យសដ៏ធំ ក៏ដោយ​ផលនៃ​ឧបោសថកម្ម​កន្លះថ្ងៃដែរ ។ កាល​ឧបាសក ឧបាសិកា​ទាំងឡាយ ទូល​សូមអារាធនា​ហើយ ព្រះសាស្ដា​នាំអតីតនិទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​ដោយធម៌ ក្នុងនគរ​ពារាណសី ព្រះរាជា​នោះមានសទ្ធា ជាអ្នកមិន​ប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជា ញ៉ាំងជនដ៏សេស មានអាមាត្យ​ទាំងឡាយ​ជាដើម ឲ្យសមាទាន​នូវកុសល​ មាន​ទានជាដើម ។ ចំណែក​បុរោហិត​របស់ព្រះអង្គ ជាអ្នកប្រព្រឹត្ត​ស៊ីសាច់ខ្នង​របស់អ្នកដទៃ (ជាអ្នកស៊ីសំណូក ជាអ្នកវិនិច្ឆ័យ​ក្ដីកោង) ។ ក្នុងថ្ងៃ​ឧបោសថមួយ ព្រះរាជា​ត្រាស់ឲ្យ​ហៅអាមាត្យ​ទាំងឡាយ​មក ហើយទ្រង់​ត្រាស់ថា អ្នកទាំងឡាយ​ចូររក្សាឧបោសថ ។ បុរោហិតនោះ មិនបាន​សមាទាន​ឧបោសថ​ឡើយ ។ គ្រានោះ កាល​ព្រះរាជា​កំពុងសួរ​ពួក​អាមាត្យថា អ្នកទាំងឡាយ​រក្សាឧបោសថ​ហើយឬ ? ទើបត្រាស់​សួរបុរោហិត​នោះ​ដែលទទួល​សំណូក និងកាត់ក្ដីកោង​ក្នុងពេលថ្ងៃ ដែលមកកាន់​ទីគាល់ថា លោក​អាចារ្យ​រក្សាឧបោសថ​ហើយ​ឬ ។ បុរោហិតនោះ ធ្វើមុសាវាទ​ថា ទូលព្រះបង្គំ​រក្សាហើយ រួចទើបចុះ​ពីប្រាសាទ ។

 

លំដាប់នោះ អាមាត្យម្នាក់​ចោទបុរោហិត​នោះថា លោកមិនបាន​រក្សាឧបោសថ​ មិនមែនឬ ។ បុរោហិត​និយាយកែថា ខ្ញុំបរិភោគ​អាហារតែក្នុង​កាលប៉ុណ្ណោះ ពេលទៅ​ដល់ផ្ទះ ខ្ពុរមាត់ហើយ អធិដ្ឋាន​ឧបោសថ ខ្ញុំនឹងមិន​បរិភោគ​អាហារក្នុង​ល្ងាចទេ នឹងរក្សាសីល​អស់រាត្រី ដោយអាការ​យ៉ាងនេះ ឧបោសថកម្ម​កន្លះថ្ងៃ នឹងមានដល់ខ្ញុំ ។ អាមាត្យ​ម្នាក់នោះ​ពោលថា ល្អគ្រាន់ លោកអាចារ្យ ។ បុរោហិតនោះ ទៅដល់ផ្ទះហើយ ក៏បាន​ធ្វើយ៉ាងនោះ ។ ថ្ងៃមួយ  កាល​បុរោហិតនោះ អង្គុយវិនិច្ឆ័យ​ក្ដី ក្នុងសាលាវិនិច្ឆ័យ មានស្ត្រី​អ្នកមានសីល​ម្នាក់មកស្ដាប់​ការកាត់ក្ដី នាងមិនបាន​ឱកាសដើម្បី​នឹងទៅផ្ទះ ទើបគិតថា យើងនឹងមិន​កន្លងនូវ​ឧបោសថកម្ម​ឡើយ ដូច្នេះហើយ កាលដែល​វេលាចូល​ទៅ​កាន់​ទី​ជិតផុតហើយ ក៏ប្រារព្ធ​ដើម្បីនឹង​ខ្ពុរមាត់ ។ ក្នុងខណៈនោះ មានគេ​នាំចំណិត​ស្វាយទុំ​មកឲ្យ​ព្រាហ្មណ៍បុរោហិត ។ បុរោហិតនោះ ដឹងភាព​ជាអ្នករក្សាឧបោសថ​របស់ស្ត្រី​នោះ ក៏ឲ្យ​ចំណិតស្វាយទុំនោះ​ដល់នាង ដោយពោលថា នាងចូរបរិភោគ​ចំណិតស្វាយទុំ​នេះ ហើយ​ចូររក្សា​ឧបោសថចុះ ។ ស្ត្រីនោះ ក៏បានធ្វើ​យ៉ាងនោះ ។ កុសលកម្ម​របស់​ព្រាហ្មណ៍​បុរោហិត​មានត្រឹម​តែប៉ុណ្ណេះឯង ។

 

ចំណេរកាលតមក បុរោហិតនោះ​ធ្វើកាលកិរិយា បានទៅកើត​លើ​អលង្កតសិរិសយនៈ ក្នុង​វិមានមាស លើភូមិភាគ​ដែលដល់​ព្រមដោយ​សោភ័ណភាព ក្នុងព្រៃស្វាយ​ដែលគួររីករាយ ដែលមាន​ប្រមាណ ៣ យោជន៍ នៅនឹងច្រាំង​កោសិកិគង្គានទី ក្នុង​ហិមវន្តប្រទេស  ហាក់ដូចជា ទើបភ្ញាក់ពីដេក មានរូប​ដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់​ដោយគ្រឿង​អលង្ការ ជាបរិវារ ។ ទេវបុត្រនោះ បាន​សោយសិរីសម្បត្តិ​នោះ​តែក្នុង​ពេលរាត្រី​ប៉ុណ្ណោះ ។ ពិតមែនហើយ ទេវបុត្រនោះ បានសោយ​វិបាកដូចគ្នា​នឹងកម្ម ដែលខ្លួន​បានធ្វើ ដោយភាព​ជាវេមានិកប្រេត ព្រោះហេតុនោះ កាលអរុណរះឡើង ទេវបុត្រ​ចូលទៅកាន់​អម្ពវ័ន ក្នុងខណៈ​ដែលចូល​ទៅនោះឯង អត្តភាព​ជាទិព្វក៏អន្តរធាន​បាត់ទៅ អត្តភាព​ដែលមាន​ប្រមាណ​ប៉ុនដើមត្នោត កម្ពស់ ៨០ ហត្ថ កើតឡើង សរីរៈ​ទាំងអស់​ឆេះឡើង ហាក់ដូច​ជាដើមចារ​ដែលមាន​ផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មាន​ក្រចកធំ​ប្រមាណ​ប៉ុនចបកាប់​ធំ ។ ទេវបុត្រយកក្រចក​នោះខ្វារហែក​សាច់ខ្នង​ខ្លួនឯង មក​បរិភោគ កាលដល់នូវ​ទុក្ខទេវនា ទើបស្រែក​យំខ្លាំងៗ សោយសេចក្ដី​ទុក្ខយ៉ាងនេះ ។

 

កាលព្រះអាទិត្យអស្ដង្គតទៅ សរីរៈនោះ​ក៏អន្តរធានទៅ សរីរៈជាទិព្វ​បានកើត​ឡើង មានស្ត្រី​របាំជាទិព្វ​ដែលប្រដាប់​ដោយ​គ្រឿងអលង្ការ កាន់គ្រឿង​តន្ត្រីផ្សេងៗ មកចោមរោម ។ ទេវបុត្រនោះ កាលនឹង​សោយ​មហាសម្បត្តិ ក៏ឡើងកាន់​ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជា​ទីគួររីករាយ ។ វេមានិកប្រេត​នោះ បានអម្ពវ័ន​ដែលមានទំហំ ៣ យោជន៍នេះ ដោយផល​នៃការឲ្យ​ផ្លែស្វាយ​ដល់ស្ត្រីអ្នក​រក្សាឧបោសថ, ចំណែក​ការខ្វេះហែក​សាច់ខ្នង មក​បរិភោគនេះ ដោយផល​នៃការទទួល​សំណូក និងកាត់ក្ដី​កោង ការបាន​សោយទិព្វ​សម្បត្តិ​ក្នុង​ពេលរាត្រី និងមាន​ស្ត្រីរបាំ ១៦០០០ ចោមរោម​បម្រើនេះ ដោយផល​នៃឧបោសថកន្លះ​ថ្ងៃ ។

 

ក្នុងកាលនោះ ព្រះរាជាពារាណសី​ឃើញទោស​ក្នុងកាម​ទាំងឡាយ​ហើយ ក៏បួសជាឥសី សាងបណ្ណសាលា​លើភូមិភាគ​ជាទីរីករាយ នៅចំណែក​ខាងក្រោម​ទន្លេគង្គា ញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ឧញ្ឆាចរិយា (ការត្រាច់​បិណ្ឌបាត​ចិញ្ចឹមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំ​ប៉ុនក្អមធំ ដែលនៅក្នុង​ព្រៃស្វាយនោះ ធ្លាក់ចុះ​ក្នុងទន្លេគង្គា ហើយ​ហូរអណ្ដែត​តាមខ្សែ​ទឹក មកដល់​ទីខាងមុខ​កំពង់ជាទី​បរិភោគ​របស់​តាបសនោះ ។ តាបស​កាលជម្រះមុខ បានឃើញ​ស្វាយកំពុង​អណ្ដែត​មកនៅ​កណ្ដាល​ទន្លេហើយ ក៏ចុះទៅក្នុងទឹក កាន់យក​ស្វាយនោះ នាំមក​អាស្រម រក្សាទុក​ក្នុងផ្ទះភ្លើង យក​កាំបិតមកពុះ ហើយ​បរិភោគ​មួយចម្អែត ចំណែក​ដែលនៅ​សល់ យកស្លឹក​ចេកមក​គ្របទុក បន្តបន្ទាប់មក តាបស​ឆាន់ផ្លែស្វាយ​នោះរាល់ ៗ ថ្ងៃ រឿយៗ រហូតទាល់​តែអស់ ។

 

កាលផ្លែស្វាយនោះអស់ហើយ តាបសមិនអាចនឹងបរិភោគ​ផលាផលដទៃ ព្រោះជាប់​ជំពាក់​រសតណ្ហា ទើបគិតថា យើងនឹង​បរិភោគ​ផ្លែស្វាយទុំនោះ ដូច្នេះ ទើបទៅ​កាន់ច្រាំង​ទន្លេ កាលសម្លឹង​មើលទន្លេ ធ្វើសេចក្ដី​សន្និដ្ឋានថា បើមិនបាន​ផ្លែស្វាយ យើងនឹង​មិនក្រោក យ៉ាងនេះ​ហើយ ក៏អង្គុយ​នៅក្នុងទីនោះឯង ។ តាបសនោះ ជាអ្នកមិនមាន​អាហារ​ក្នុងទីនោះ សូម្បីអស់ ១​ថ្ងៃ ២​ថ្ងៃ ៣​ថ្ងៃ ៤​ថ្ងៃ ៥​ថ្ងៃ ៦​ថ្ងៃ រហូតរាងកាយ​រីងស្ងួត ហួតហែង ក្រៀមក្រោះ ដោយខ្យល់ និងកម្ដៅថ្ងៃ អង្គុយសម្លឹងរក​មើលផ្លែស្វាយ​ប៉ុណ្ណោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ៧ នទីទេវតា​កាល​ពិចារណា បានដឹង​ហេតុនោះ ហើយគិតថា តាបសនេះ ជាអ្នកលុះ​ក្នុងអំណាច​តណ្ហា មិន​បរិភោគ​អាហារអស់ ៧​ថ្ងៃ មកអង្គុយ​សម្លឹងមើល​ទន្លេគង្គា កាលដែល​យើងមិនឲ្យ​ផ្លែស្វាយទុំ​ដល់តាបសនេះ រមែងមិនគួរ កាលតាបស​នេះមិន​បាន​ផ្លែស្វាយ តាបសនេះនឹងស្លាប់ យើងនឹង​ឲ្យដល់គេ ដូច្នេះ ទើបទេវតានោះមក ហើយ​ឋិតនៅ​លើអាកាស​ខាងលើ​ទន្លេគង្គា កាល​ចរចា​មួយអន្លើ​ដោយ​តាបសនោះ ទើបពោល​គាថាទី ១ ថា

កឹឆន្ទោ កិមធិប្បាយោ, ឯកោ សម្មសិ ឃម្មនិ;

កឹបត្ថយានោ កឹ ឯសំ, កេន អត្ថេន ព្រាហ្មណ។

បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើប​អង្គុយម្នាក់​ឯងក្នុង​រដូវក្តៅ ដោយប្រយោជន៍អ្វី ។

 

នាងទេពធីតាហៅតាបស​នេះថា ព្រាហ្មណ៍ ព្រោះលោក​បួសហើយ អធិប្បាយថា ម្នាល​ព្រាហ្មណ៍ លោកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លោកទើប​មកអង្គុយ​សម្លឹងមើល​ទន្លេគង្គា​ត្រង់ច្រាំង​ទន្លេនេះ ។

 

តាបសស្ដាប់ពាក្យនោះ​ហើយ ក៏ពោល ៩ គាថា ថា

យថា មហា វារិធរោ, កុម្ភោ សុបរិណាហវា;

តថូបមំ អម្ពបក្កំ, វណ្ណគន្ធរសុត្តមំ។

ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមា​យ៉ាងណា ផ្លែស្វាយទុំ​ដ៏ឧត្តម​ដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យ​យ៉ាងនោះ ។

 

តំ វុយ្ហមានំ សោតេន, ទិស្វានាមលមជ្ឈិមេ;

បាណីភិ នំ គហេត្វាន, អគ្យាយតនមាហរឹ។

ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបាន​ឃើញផ្លែស្វាយ​នោះ អណ្តែត​តាមខ្សែទឹក ក៏ចាប់ផ្លែស្វាយ​នោះដោយ​ដៃទាំងពីរ ហើយនាំ​យកទៅកាន់​រោងបូជាភ្លើង ។

 

តតោ កទលិបត្តេសុ, និក្ខិបិត្វា សយំ អហំ;

សត្ថេន នំ វិកប្បេត្វា, ខុប្បិបាសំ អហាសិ មេ។

លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយ​លើស្លឹកចេក​ទាំងឡាយ​ដោយខ្លួនឯង ចិតនូវ​ផ្លែស្វាយ​នោះដោយ​កាំបិត ហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវ​សេចក្តី​ស្រេកឃ្លាន​របស់​អាត្មាបាន ។

សោហំ អបេតទរថោ, ព្យន្តីភូតោ ទុខក្ខមោ;

អស្សាទំ នាធិគច្ឆាមិ, ផលេស្វញ្ញេសុ កេសុចិ។

អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយ​អស់ហើយ ក៏អត់ទ្រាំ​បានដោយ​លំបាក មិនបាន​សេចក្តីត្រេកអរ ក្នុងផ្លែឈើ​ទាំងឡាយឯទៀតណាមួយ ។

សោសេត្វា នូន មរណំ, តំ មមំ អាវហិស្សតិ;

អម្ពំ យស្ស ផលំ សាទុ, មធុរគ្គំ មនោរមំ;

យមុទ្ធរឹ វុយ្ហមានំ, ឧទធិស្មា មហណ្ណវេ។

ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដោយពិត ព្រោះរីងស្គម ព្រោះផ្លែស្វាយ​មានរសឆ្ងាញ់ មានរសផ្អែម​លើសលុប ជាទីពេញចិត្ត ។

អក្ខាតំ តេ មយា សព្វំ, យស្មា ឧបវសាមហំ;

រម្មំ បតិ និសិន្នោស្មិ, បុថុលោមាយុតា បុថុ។

អាត្មាបានស្រង់ផ្លែស្វាយ ដែលកំពុង​អណ្តែតក្នុង​អន្លង់ដ៏ធំ​អំពីស្ទឹង អាត្មានៅ (ដោយ​សេចក្តី​ស្រេកឃ្លាន)​ ព្រោះហេតុ​ណា ហេតុនោះទាំងអស់ អាត្មាបាន​ប្រាប់ដល់នាង ។

ត្វញ្ច ខោ មេវ អក្ខាហិ, អត្តានមបលាយិនិ;

កា វា ត្វមសិ កល្យាណិ, កិស្ស វា ត្វំ សុមជ្ឈិមេ។

អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះ ធំទូលាយ​ប្រកបដោយត្រី នាងកុំអាល​រត់ទៅ ចូរប្រាប់ខ្លួន​នោះ ដល់អាត្មាសិន ។

រុប្បបដ្ដបលិមដ្ឋីវ, ព្យគ្ឃីវ គិរិសានុជា;

យា សន្តិ នារិយោ ទេវេសុ, ទេវានំ បរិចារិកា។

ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាង​មានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមាន​រូបដូច​កតម្បារមាស​ដ៏រលីង (មានដំណើរ) ដូចជាកូនខ្លា​ដែលកើត​ក្នុងញកភ្នំ (មកក្នុង​ទីនេះ) ដើម្បីអ្វី ។

 

យា ច មនុស្សលោកស្មឹ, រូបេនាន្វាគតិត្ថិយោ;

រូបេន តេ សទិសី នត្ថិ, ទេវេសុ គន្ធព្វមនុស្សលោកេ;

បុដ្ឋាសិ មេ ចារុបុព្វង្គិ, ព្រូហិ នាមញ្ច ពន្ធវេ។

នាងនារីទាំងឡាយណា ជាអ្នកបម្រើពួកទេវតា ក្នុងទេវតា​ទាំងឡាយផង ស្រីទាំងឡាយ​ណាប្រកប​ដោយរូប ក្នុងមនុស្ស​លោកផង ស្រីទាំង​ឡាយនោះ ប្រាកដ​ស្មើដោយ​រូបនៃនាង​មិនមាន ក្នុងទេវគន្ធព្វ និងមនុស្ស​លោកឡើយ ម្នាលនាង​មានអវយវៈ​ខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរ​ហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្ស​ទាំងឡាយផង ។

 

លំដាប់នោះ ទេវធីតា ក៏ពោល ៨ គាថាថា

យំ ត្វំ បតិ និសិន្នោសិ, រម្មំ ព្រាហ្មណ កោសិកឹ;

សាហំ ភុសាលយាវុត្ថា, វរវារិវហោឃសា។

បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះ​កោសិកី ជាទីរីករាយ​ណា ខ្ញុំមាន​លំនៅត្រង់​ខ្សែទឹកដ៏កាច មានអន្លង់​ជាទីហូរ​ទៅនៃទឹកដ៏ប្រសើរ អាស្រ័យ​នៅហើយ (ក្នុងស្ទឹងនោះ)

 

នានាទុមគណាកិណ្ណា, ពហុកា គិរិកន្ទរា;

មមេវ បមុខា ហោន្តិ, អភិសន្ទន្តិ បាវុសេ។

ព្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះ​មុខខ្ញុំ រមែងហូរទៅ ក្នុង​រដូវភ្លៀង ។

 

អថោ ពហូ វនតោទា, នីលវារិវហិន្ធរា;

ពហុកា នាគវិត្តោទា, អភិសន្ទន្តិ វារិនា។

ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវ​គំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាព​ដូចជានាគ រមែងញ៉ាំង​ខ្ញុំឲ្យពេញដោយទឹក ។

 

តា អម្ពជម្ពុលពុជា, នីបា តាលា ចុទុម្ពរា;

ពហូនិ ផលជាតានិ, អាវហន្តិ អភិណ្ហសោ។

ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោត និងដើមល្វា ផលជាត​ទាំងឡាយ​ដ៏ច្រើន រមែងចូលទៅ​កាន់ស្ទឹង​ទាំងនោះរឿយៗ។

 

យំ កិញ្ចិ ឧភតោ តីរេ, ផលំ បតតិ អម្ពុនិ;

អសំសយំ តំ សោតស្ស, ផលំ ហោតិ វសានុគំ។

ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំង​ទាំងពីរ រមែងជ្រុះ​ទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅ​តាមអំណាច​ខ្សែទឹកដោយ​ឥតសង្ស័យ ។

 

ឯតទញ្ញាយ មេធាវិ, បុថុបញ្ញ សុណោហិ មេ;

មា រោចយ មភិសង្គំ, បដិសេធ ជនាធិប។

បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាប​ហេតុនុ៎ះហើយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រ​ព្រះជនាធិបតី សូមលោកកុំ​ពេញចិត្តឡើយ ចូរបដិសេធ នូវការជាប់​ជំពាក់​ដោយតណ្ហា ។

 

ន វាហំ វឌ្ឍវំ មញ្ញេ, យំ ត្វំ រដ្ឋាភិវឌ្ឍន;

អាចេយ្យមានោ រាជិសិ, មរណំ អភិកង្ខសិ។

បពិត្រព្រះរាជិសី អ្នកញ៉ាំងដែន​ឲ្យចម្រើន លោកកំពុង​ចម្រើន (ដោយសាច់ និងឈាម) ប្រាថ្នា​សេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់​នូវលោកថា ជាអ្នកចម្រើន​ដោយប្រាជ្ញា ដោយហេតុនោះទេ ។

 

តស្ស ជានន្តិ បិតរោ, គន្ធព្វា ច សទេវកា;

យេ ចាបិ ឥសយោ លោកេ, សញ្ញតត្តា តបស្សិនោ;

អសំសយំ តេបិ ជានន្តិ, បដ្ឋភូតា យសស្សិនោ។

បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះ​ក្នុងអំណាច​នៃតណ្ហា ម្យ៉ាងទៀតឥសីទាំងឡាយ​ណាក្នុងលោក ជាអ្នកមាន​ចិត្តសង្រួម​ហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹង​ឥតសង្ស័យ (សូម្បី) ពួកអ្នក​មានយស​ជាអ្នកបម្រើ (ឥសីទាំងនោះ ក៏ដឹងការ​នោះតៗ គ្នាទៀត)

 

កាលនទីទេវធីតា និងឲ្យតាបសនោះ កើតសេចក្ដីសង្វេគ ទើបពោល​យ៉ាងនេះថា ព្រហ្ម ដែលដល់ការ​រាប់ថាជាបិតា គន្ធព្វ​ព្រមទាំង​កាមាវចរទេវតា មួយអន្លើ​ដោយព្រហ្មនោះ និងពួក​ឥសីដែល​មានចក្ខុទិព្វ រមែងដឹង​បុគ្គលដែលធ្លាក់​ចុះក្នុងអំណាច​នៃតណ្ហា ដោយ​ឥតសង្ស័យ ។ តែការ​ដែលអ្នកមាន​ឫទ្ធិទាំងនោះ​ដឹងថា តាបស​ឯណោះ ជាបុគ្គល​ធ្លាក់ចុះ ក្នុងអំណាច​នៃតណ្ហា មិនជា​អស្ចារ្យទេ ។ ចំណែក​អ្នកបម្រើ របស់​ឥសីដែលតាំង​សេចក្ដី​ព្យាយាម ជាអ្នក​មានយស បានដឹង​ព្រោះស្ដាប់ពាក្យ​របស់ជន​ទាំងនោះ​និយាយគ្នា​ម្ដងទៀត ។ ឈ្មោះថា អាថ៌កំបាំង​របស់អ្នក​ធ្វើបាបកម្ម រមែងមិនមាន ។

 

បន្ទាប់ពីនោះមក តាបសក៏ពោល ៤ គាថាថា

ឯវំ វិទិត្វា វិទូ សព្វធម្មំ, វិទ្ធំសនំ ចវនំ ជីវិតស្ស;

ន ចីយតី តស្ស នរស្ស បាបំ, សចេ ន ចេតេតិ វធាយ តស្ស។

បើ (នរជនណា) មិនគិតសម្លាប់​បុគ្គលនោះទេ បាបក៏មិន​ចម្រើនដល់​នរជននោះ ដែលដឹង​ច្បាស់នូវធម៌​ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការ​បែកធ្លាយ និងច្យុតិ​នៃជីវិតផង ។

 

ឥសិបូគសមញ្ញាតេ, ឯវំ លោក្យា វិទិតា សតិ;

អនរិយបរិសម្ភាសេ, បាបកម្មំ ជិគីសសិ។

ម្នាលនាងជាធំ ដែលពួកឥសី​ដឹងច្បាស់ហើយ ប្រយោជន៍​នៃសត្វលោក នាងដឹងច្បាស់ហើយ​យ៉ាងនេះ នាងឈ្មោះ​ថាស្វែង​រកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេច​ពាក្យមិនប្រសើរ ។

 

សចេ អហំ មរិស្សាមិ, តីរេ តេ បុថុសុស្សោណិ;

អសំសយំ តំ អសិលោកោ, មយិ បេតេ អាគមិស្សតិ។

ម្នាលនាងទេវធីតា​មានត្រគាកសាយល្អ បើយើងស្លាប់​លើត្រើយរបស់នាង កាលបើ​យើងស្លាប់​ហើយ តំណិះ​ដំណៀល​នឹងបាន​មកនាងឯង ឥតសង្ស័យឡើយ ។

 

តស្មា ហិ បាបកំ កម្មំ, រក្ខស្សេវ សុមជ្ឈិមេ;

មា តំ សព្វោ ជនោ បច្ឆា, បកុដ្ឋាយិ មយិ មតេ។

ម្នាលនាងមានអវយវៈ​ត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូរ​រក្សានូវ​កម្មអាក្រក់ កាលបើយើង​ស្លាប់ហើយ កុំឲ្យជន​ទាំងអស់​ជេរប្រទេចនាង ក្នុងកាល​ជាខាង​ក្រោយឡើយ ។

 

ទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោល ៥ គាថាថា

អញ្ញាតមេតំ អវិសយ្ហសាហិ, អត្តានមម្ពញ្ច ទទាមិ តេ តំ;

យោ ទុព្វជេ កាមគុណេ បហាយ, សន្តិញ្ច ធម្មញ្ច អធិដ្ឋិតោសិ។

ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតាស្តេចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹង​ប្រគេននូវ​ខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវ​ស្វាយនោះផង ដល់លោកម្ចាស់ ត្បិតលោកម្ចាស់​បានលះបង់​នូវកាមគុណ​ទាំងឡាយ ដែលគេ​លះបង់​បានដោយក្រ ហើយ​បានអធិដ្ឋាន​នូវសីល ជាគ្រឿងស្ងប់​រម្ងាប់ផង នូវសុចរិតធម៌​ផង

 

យោ ហិត្វា បុព្វសញ្ញោគំ, បច្ឆាសំយោជនេ ឋិតោ;

អធម្មញ្ចេវ ចរតិ, បាបញ្ចស្ស បវឌ្ឍតិ។

បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅ​ក្នុងចំណង​ខាងចុងផង ប្រព្រឹត្តនូវ​អធម៌​ផង បាបតែងចម្រើន​ឡើងដល់បុគ្គលនោះ

 

ឯហិ តំ បាបយិស្សាមិ, កាមំ អប្បោស្សុកោ ភវ;

ឧបនយាមិ សីតស្មឹ, វិហរាហិ អនុស្សុកោ។

សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំ​លោកម្ចាស់ទៅ​ឲ្យដល់​ព្រៃស្វាយនោះ សូម លោកម្ចាស់​មានសេចក្តី​ខ្វល់ខ្វាយតិច​ដោយពិតចុះ ខ្ញុំម្ចាស់​នឹងនាំទៅ​ដាក់ក្នុងព្រៃស្វាយ​ដ៏ត្រជាក់​នោះ សូមលោកម្ចាស់​គង់នៅ​កុំមាន​សេចក្តីខ្វល់ខ្វាយ

 

តំ បុប្ផរសមត្តេភិ, វក្កង្គេហិ អរិន្ទម;

កោញ្ចា មយូរា ទិវិយា, កោលដ្ឋិមធុសាឡិកា;

កូជិតា ហំសបូគេហិ, កោកិលេត្ថ បពោធរេ។

បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សី​មានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺ​ឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វ​ស្លាបឈ្មោះ​កោលដ្ឋិ និងឈ្មោះ​មធុសាឡិកៈ យំជាមួយ​នឹងពួកហង្ស ពួកតាវៅ ដែលនៅ​ក្នុងព្រៃស្វាយ​នោះ ក៏ញ៉ាំង​ពួកសត្វ​ទាំងនោះ​ឲ្យភ្ងាក់ឡើង​ហើយ ។

 

អម្ពេត្ថ វិប្បសាខគ្គា, បលាលខលសន្និភា;

កោសម្ពសលឡា នីបា, បក្កតាលវិលម្ពិនោ។

ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើ​ដោយទីលាន​ដែលពេញ​ដោយ​កណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោម​ផ្លែសំយុង​ចុះ ដូចធ្លាយផ្លែត្នោតទុំ ។

 

លោកពោលអធិប្បាយថា នែតាបសដ៏ចម្រើន បុគ្គលណា លះបង់​រាជសម្បត្តិដ៏ធំ ហើយមក​ជាប់ជំពាក់​នឹងរសតណ្ហា ត្រឹមតែ​ផ្លែស្វាយទុំ មិននឹកនា​ដល់ខ្យល់ និងកម្ដៅ អង្គុយ​រីងរៃ​នៅនឹង​ច្រាំងទន្លេ បុគ្គលនោះ កាលឆ្លង​មហាសមុទ្រ ប្រៀប​ដូចបុគ្គល​ដែលអង្គុយ​នៅទី​បំផុត​នៃច្រាំង ។ បុគ្គលណា ជាអ្នកលុះ​ក្នុងអំណាច​នៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វើ​ដោយអំណាច​នៃតណ្ហា បាបរមែង​ចម្រើន​ដល់បុគ្គលនោះ ។ ទេពធីតា​កាលតិះដៀល​តាបស ទើបពោល​ដូច្នេះ ។

 

កាលទេវធីតាពណ៌នាហើយ នាងក៏នាំតាបស​ទៅដាក់ក្នុង​ព្រៃស្វាយនោះ ហើយ​ពោលថា លោក​កាលបរិភោគ​ផ្លែស្វាយ​ក្នុងអម្ពវ័ន​នេះហើយ ចូរញ៉ាំង​តណ្ហារបស់​ខ្លួនឲ្យ​ពេញចុះ ថាដូច្នេះ​ហើយ ទើបចៀស​ចេញទៅ ។ តាបសបរិភោគ​ផ្លែស្វាយ និងញ៉ាំង​តណ្ហាឲ្យ​ពេញហើយ ក៏សម្រាក កាលប្រព្រឹត្ត​នៅក្នុង​អម្ពវ័ន ក៏បានឃើញ​វេមានិកប្រេត​ដែល​កំពុង​សោយទុក្ខ តែលោក​មិនអាចនឹង​ពោលយ៉ាង​ណាឡើយ ។ ក្នុងកាល​ព្រះសូរិយាអស្ដង្គត​ទៅ តាបសឃើញ​ប្រេតនោះ​សោយទិព្វសម្បត្តិ ដែលមាន​ស្ត្រីរបាំ​ជាបរិវារ ហើយ​ទើបពោល ៣ គាថាថា

មាលី កិរិដី កាយូរី, អង្គទី ចន្ទនុស្សទោ;

រត្តឹ ត្វំ បរិចារេសិ,ទិវា វេទេសិ វេទនំ។

អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយ​គ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើ​ក្នុងវេលាយប់ សោយនូវ​ទុក្ខវេទនា​ក្នុងវេលាថ្ងែ

 

សោឡសិត្ថិសហស្សានិ, យា តេមា បរិចារិកា;

ឯវំ មហានុភាវោសិ, អព្ភុតោ លោមហំសនោ។

ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រើ​របស់អ្នក អ្នកជា​​បុគ្គលមាន​អានុភាព​ច្រើនយ៉ាង​នេះ អស្ចារ្យ គួរឲ្យព្រឺរោម

 

កឹ កម្មមករី បុព្វេ, បាបំ អត្តទុខាវហំ;

យំ ករិត្វា មនុស្សេសុ, បិដ្ឋិមំសានិ ខាទសិ។

ក្នុងកាលមុន អ្នកបានធ្វើអំពើបាប នាំមកនូវ​ទុក្ខដល់​ខ្លួនដូចម្តេច ដែលអ្នក​ធ្វើក្នុង​មនុស្សលោក បានជាស៊ី​នូវសាច់ខ្នង (របស់ខ្លួន)

 

ប្រេតចាំតាបសនោះបាន ហើយពោលថា ព្រះអង្គមិន​ស្គាល់ខ្ញុំទេឬ ខ្ញុំជា​បុរោហិត​របស់​ព្រះអង្គ ខ្ញុំបាន​សោយសេចក្ដី​សុខក្នុង​វេលាយប់ ព្រោះផល​នៃឧបោសថ​កន្លះថ្ងៃ​ដែលខ្ញុំ​បានធ្វើ​ដោយអាស្រ័យ​ព្រះអង្គ បានសោយ​សេចក្ដីទុក្ខ​ក្នុងពេលថ្ងៃ ដោយផល​នៃបាប​ជាប្រក្រតី​របស់ខ្ញុំ ។ ខ្ញុំដែល​ព្រះអង្គតាំង​ទុកក្នុងតំណែង​ជាអ្នកវិនិច្ឆ័យ បានធ្វើ​ការកាត់ក្ដី​កោង ទទួលសំណូក ជាអ្នកស៊ីសាច់​ខ្នងអ្នកដទៃ ព្រោះផល​នៃកម្មដែល​បានធ្វើទុកនោះ ខ្ញុំទើប​សោយសេចក្ដី​ទុក្ខនេះក្នុង​ពេលថ្ងៃ ដូច្នេះហើយ ទើប​ពោលគាថា ២ ថា

អជ្ឈេនានិ បដិគ្គយ្ហ, កាមេសុ គធិតោ អហំ;

អចរឹ ទីឃមទ្ធានំ, បរេសំ អហិតាយហំ។

ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ជំពាក់​ក្នុងកាម​ទាំងឡាយ បានប្រព្រឹត្ត​មិនជា​ប្រយោជន៍​ដល់ជនដទៃ អស់កាល​ដ៏យូអង្វែង ។

 

យោ បិដ្ឋិមំសិកោ ហោតិ, ឯវំ ឧក្កច្ច ខាទតិ;

យថាហំ អជ្ជ ខាទាមិ, បិដ្ឋិមំសានិ អត្តនោ។

បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ី​នូវសាច់ខ្នង​របស់ខ្លួន ដូចខ្ញុំស៊ី​ក្នុងថ្ងៃនេះដែរ ។

 

វេមានិកប្រេត បានពោលពាក្យនេះហើយ ក៏សួរតាបសថា លោកម្ចាស់​មកទីនេះបាន ដោយ​ប្រការដូចម្ដេច ។ តាបស​ពោលរឿង​រ៉ាវទាំងអស់​ដោយពិស្ដារ ។ ប្រេតសួរទៀតថា បពិត្រលោកម្ចាស់​ដ៏ចម្រើន ឥឡូវនេះ លោកនឹង​នៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបស​ពោលថា យើងមិន​នៅទេ យើងនឹងទៅ​កាន់អាស្រម​ប៉ុណ្ណោះ ។ ប្រេតពោលថា បពិត្រ​លោកម្ចាស់ ប្រពៃណាស់ ខ្ញុំនឹងទំនុក​បម្រុងលោកម្ចាស់​ដោយផ្លែស្វាយ​ទុំជាប្រចាំ ថាហើយ ក៏នាំ​យកតាបស​ទៅដាក់ចុះ​ក្នុងអាស្រម ដោយ​អានុភាព​របស់ខ្លួន រួចឲ្យ​តាបស​កាន់យក​បដិញ្ញាថា សូមលោកម្ចាស់​កុំអផ្សុកអី ចូរនៅក្នុង​ទីនេះចុះ ដូច្នេះហើយ ទើបទៅ ។ ចាប់ពី​ពេលនោះ​មក ប្រេតនោះ ក៏បានទំនុក​បម្រុងតាបស​ដោយផ្លែស្វាយទុំ​ជាប់ជានិច្ច ។ តាបស​កាលបាន​បរិភោគ​ផ្លែស្វាយនោះ​ហើយ ធ្វើកសិណបរិកម្ម ញ៉ាំងឈាន និងអភិញ្ញា​ឲ្យកើត​ឡើង ជាអ្នក​មានព្រហ្មលោក​ជាទីទៅ​ខាងមុខ ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ ដល់ឧបាសក ឧបាសិកា​ទាំងឡាយហើយ ទ្រង់ប្រកាស​សច្ចធម៌ និងប្រជុំជាតក ក្នុងកាលជា​ទីបញ្ចប់នៃ​សច្ចធម៌ បុគ្គលខ្លះ បាន​សម្រេចជា​ព្រះសោតាបន្ន បុគ្គលខ្លះ បានជាព្រះសកទាគាមី បុគ្គលខ្លះ បានជា​ព្រះអនាគាមី ។

 

តទា ទេវធីតា ឧប្បលវណ្ណា អហោសិ ទេពធីតាក្នុង​កាលនោះ បានមកជា​ឧប្បលវណ្ណា។

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស គឺ តថាគតនេះឯង ។

កឹឆន្ទជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត បិដកលេខ ៦០ ទំព័រ ១៤៩)

ដោយ ស.ដ.វ.ថ.