។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កិន្នរាទេវិវត្ថុ

កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គ ព្រះនាម កណ្ឌរី [ច្បាប់ខ្លះថា កិន្នរ។] សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ទ្រង់មាន​ព្រះរូបឆោម​លោមពណ៌​ល្អឆើត​ឆាយ ។ ពួកអាមាត្យទាំងឡាយ តែងនាំយក​គ្រឿងក្រអូប​មកថ្វាយ​ដល់ព្រះរាជា​នោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំ​គ្រឿងក្រអូប​ក្នុង​ព្រះរាជនិវេសន៍​សព្វគ្រប់ហើយ ក៏ពុះ​ឈើក្រអូប ចម្អិននូវ​ព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជា​នោះ ។ សូម្បីព្រះ​អគ្គមហេសី​របស់ព្រះបាទ​កណ្ឌរីនោះ ក៏ជាអ្នក​មានរូប​ល្អស្អាត​ក្រៃលែង ព្រះនាង​មានព្រះនាម កិន្នរា [ច្បាប់ខ្លះថា កិន្នរី។] ។ សូម្បីបុរោហិត​របស់ព្រះចៅ​កណ្ឌរីនោះ ក៏ជាអ្នក​ដល់ព្រម​ដោយបញ្ញា ហើយមាន​វ័យស្មើ​នឹង​ព្រះរាជា​ដែរ លោកមាន​ឈ្មោះថា បញ្ចាលចណ្ឌៈ ។ ខាងក្នុង​ស្ថានទី ដែលអាស្រ័យ​នឹងប្រាសាទ​របស់​ព្រះរាជា​នោះ មានដើមព្រីង​មួយដើម​ដុះនៅ​ខាងក្នុង​កំពែង​វាំង ហើយមាន​មែកសាខា​ឱនសំយុង​ចុះទៅលើ​កំពែង​វាំងនោះ ។ មានបុរស​ខ្វិនមួយ មានរូបរាង​អាក្រក់ គួរខ្ពើម អាស្រ័យ​នៅនឹង​ម្លប់ព្រីងនោះ ។

ក្នុងថ្ងៃមួយ ព្រះនាងកិន្នរាទេវី  កាលព្រះនាង​សម្លឹងមើល​តាម​វាតបាន (សីហបញ្ជរ) ឆៀង​ព្រះនេត្រទត​ឃើញបុរស​នោះ ក៏ជាប់​ព្រះទ័យ​ប្រតិព័ទ្ធ​ស្នេហា​ឥតរសាយ លុះវេលា​ដែលញ៉ាំង​ព្រះរាជា​ឲ្យទ្រង់រីករាយ​ឆ្អែតស្កប់ស្កល់​ដោយកិលេស និងឲ្យទ្រង់ផ្ទំ​លក់ហើយ ព្រះនាង​ទើបក្រោក​ឡើង វេចខ្ចប់​អាហារ​ដែល​ប្រណីតៗ មានរសឆ្ងាញ់ ដាក់ក្នុងផ្តិលមាស ធ្វើឲ្យ​ជាប់នឹងចង្កេះ ហើយឆ្លង​តាមវាតបាន​ដោយខ្សែ​ធ្វើអំពី​សំពត់ ឡើងទៅ​កាន់ដើមព្រីង ហើយចុះទៅ​តាមមែក ញ៉ាំង​បុរសខ្វិននោះ ឲ្យបរិភោគ​រួចហើយ ទើបធ្វើនូវ​អំពើអាក្រក់ (ប្រព្រឹត្តអំពើ​ក្បត់) ជាមួយ​នឹងបុរសនោះ រួចរាល់​ហើយ ទើបព្រះនាង​ឡើងមក​ប្រាសាទ ដោយផ្លូវ​ដែលខ្លួន​មកនោះឯង ជម្រះនូវ​សរីរកាយ ដោយគ្រឿង​ក្រអូបហើយ ទើបចូល​ទៅផ្ទំជាមួយ​នឹងព្រះរាជា​វិញ ។ ព្រះនាងកិន្នរា​នោះ តែងប្រព្រឹត្ត​អំពើបាប​ជាមួយនឹង​បុរសខ្វិននោះ ជាប់ជានិច្ច​ដោយឧបាយ​នេះឯង ។ ចំណែក​ឯព្រះរាជា ទ្រង់មិនបាន​ដឹងឡើយ ។

ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគរ​រួចហើយ កាលនឹងចូល​កាន់ព្រះរាជ​និវេសន៍ ទ្រង់ទត​ឃើញបុរសខ្វិន ដែល​មានអាការៈ​គួរអាណិត​ក្រៃលែង ដែលនៅ​អាស្រ័យនឹង​ម្លប់ដើមព្រីង​នោះ ទើបទ្រង់ត្រាស់​សួរបុរោហិតថា ឃើញ​មនុស្សប្រេត​នោះដែរឬទេ ?

បុរោហិតទូលថា ព្រះករុណា ព្រះអង្គ ខ្ញុំឃើញ ។

ព្រះចៅកណ្ឌរី ក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរស​ដែលមានរូបរាង​អាក្រក់​គួរខ្ពើម​យ៉ាងនេះ នឹងមានស្ត្រីណា មកស្រឡាញ់​ដោយឆន្ទរាគៈ​ដែរនោះ ?

បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះ ហើយគិតថា ព្រះរាជានេះ និយាយស្អី មិនដឹង​ថា​មហេសី​របស់ខ្លួន មកកាន់សម្នាក់​យើង ហើយលើក​ដៃសំពះ​ដើមព្រីង​ពោលវាចាថា ឱ ទេព្តាដែល​នៅនឹង​ដើមព្រីង​នេះអើយ វៀរលែងតែ​អ្នកចេញហើយ មនុស្សដទៃ មិនដឹងនូវ​ហេតុការណ៍​នោះឡើយ ។

បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសី​របស់ព្រះរាជា ប្រាកដជា​មកតាម​ដើមព្រីង​នេះ ហើយធ្វើ​កម្មលាមក​ជាមួយ​នឹងបុរស​នេះ ។ បុរោហិត ទើបទូល​សួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈ​នៃព្រះទេវីនោះ មានសភាព​ដូចម្ដេចដែរ ព្រះអង្គ ?

ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វី​ដទៃឡើយ តែក្នុង​មជ្ឈិមយាម សរីរៈ​ព្រះទេវី មានសភាព​ត្រជាក់ប្លែក ។

បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយ​ដទៃ ចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវី អគ្គមហេសី​របស់ព្រះអង្គ បានធ្វើ​កម្មលាមក​ជាមួយ​នឹងបុរសខ្វិន​នេះហើយ ។

ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវី ដែលជាអ្នក​ដល់ព្រម​ដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយ​យ៉ាងនេះ នឹងមក​អភិរម្យ​ជាមួយនឹង​បុរស​ដែលមាន​រូបអាក្រក់​គួរខ្ពើម​យ៉ាងនេះ​ដូចម្ដេចកើត ។ បុរោហិត​តបថា បពិត្រទេវៈ សូមទ្រង់​ចាំចាប់ចុះ ។

ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយ ក៏ចូលផ្ទំជា​មួយនឹង​ព្រះនាងកិន្នរា ដោយតាំង​ព្រះទ័យថា យើងនឹង​ចាប់ព្រះនាង ។ វេលាដល់​ពេលដែល​ទ្រង់ធ្លាប់ផ្ទំ​តាមប្រក្រតី ក៏ទ្រង់ធ្វើ​ជាផ្ទំលក់​ធម្មតា ។ សូម្បីព្រះនាង​កិន្នរានោះ ក៏បានក្រោក​ឡើង ហើយធ្វើតាម​ដែលបាន​ធ្វើហើយ យ៉ាងនោះ ។ ព្រះរាជា​ទ្រង់ទៅតាម​ខាងក្រោយ​ព្រះនាង ហើយបាន​ឈរនៅក្រោម​ម្លប់ដើមព្រីង ។ ថ្ងៃនោះ បុរសខ្វិន​ខឹងព្រះទេវី បាន​និយាយ​គំហកថា ថ្ងៃនេះ​ហេតុអ្វី​ទើបនាង​យូរមកម្ល៉េះ ហើយលើកដៃ​ទះនូវថ្ពាល់​ព្រះនាង​មួយដៃ ។ ព្រះនាង​និយាយថា បពិត្រអ្នក​ជាម្ចាស់ បងកុំខឹងអី អូននៅចាំ​មើលឲ្យ​ព្រះរាជា​ផ្ទំលក់​សិន ដូច្នេះហើយ ព្រះនាង​ក៏ប្រព្រឹត្ត​ហាក់បីដូច​ជាភរិយា​ក្នុងផ្ទះរបស់​បុរសនោះ ។

ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាក​ត្រចៀក ខ្ទាតធ្លាក់ទៅក្បែរ​ជើងរបស់​ព្រះរាជា ។ ព្រះរាជា​កាន់យកទុំហូនោះ ដោយ​គិតថា នឹងជា​ភ័ស្តុតាង ហើយទ្រង់​ក៏ចេញទៅ ។ ចំណែក​ព្រះនាង​កិន្នរា បានប្រព្រឹត្ត​អនាចារ ជាមួយនឹង​បុរសខ្វិននោះ​ហើយ ក៏ត្រឡប់​ទៅដោយ​ន័យមុន​នោះឯង ហើយ​ក៏ប្រារព្ធនឹង​ផ្ទំជាមួយ​នឹងព្រះរាជា ។ ព្រះរាជា​ទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃ​ស្អែកឡើង ទ្រង់បញ្ជា​ឲ្យអ្នកបម្រើ​ទៅប្រាប់​ព្រះនាងថា ព្រះនាងកិន្នរាទេវី ចូរតាក់តែង​គ្រឿងអលង្ការ​ទាំងពួង ដែលយើង​ប្រទានឲ្យ​ហើយមក ។ ព្រះនាងកិន្នរា ប្រាប់ទៅវិញថា សីហមុខកុណ្ឌល​នោះ យើងបាន​បញ្ជូនទៅឲ្យ​ជាងមាស​ធ្វើហើយ ដូច្នេះហើយ យើងនឹង​មិនបានទៅ​គាល់ព្រះអង្គ​ទេ ព្រះរាជាត្រាស់​បញ្ជាមកទៀត ព្រះនាង​ទើបប្រដាប់​កុណ្ឌលម្ខាង ចូលមកគាល់ ។ ព្រះចៅកណ្ឌរី​ត្រាស់សួរ​ថា កុណ្ឌល​របស់នាង​នៅឯណា ? ព្រះនាង​ទូលថា នៅក្នុង​សម្នាក់ជាងមាស ។

ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបាន​ជាអ្នកមិន​ឲ្យកុណ្ឌល​ដល់ព្រះនាង ? ជាងមាស​ទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណា មិនបាន​ទទួលទេ ព្រះអង្គ ។ ព្រះរាជា​ក្រោធនឹងព្រះនាង​នោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះ នឹងគប្បីមាន​ដោយជាង​មាសនោះ ហើយ​ក៏បោះ​នូវកុណ្ឌលនោះ ទៅខាងមុខ​ព្រះនាង ហើយត្រាស់​នឹងបុរោហិតថា ម្នាល​សម្លាញ់ អ្នកនិយាយនោះ ពិតហើយ អ្នកចូរទៅ​កាត់ក្បាល​របស់នាងភ្លាម ។

បុរោហិតនោះ ឲ្យគេយកព្រះនាង​ទៅទុកក្នុងកន្លែង​មួយខាង​ព្រះរាជវាំង ហើយចូល​ទៅគាល់​ព្រះរាជា ទូលថា បពិត្រ​ព្រះសម្មតិទេព សូមទ្រង់​កុំខឹងនឹង​ព្រះនាង​កិន្នរាទេវី​ឡើយ ស្ត្រីទាំងឡាយ​យ៉ាងនេះឯង ។ បើព្រះអង្គ​មិនជឿ ហើយមាន​សេចក្ដីប្រាថ្នា​ដើម្បីនឹងដឹង​នូវភាពទ្រុស្តសីល​របស់ស្ត្រី​ទាំងឡាយ ខ្ញុំព្រះអង្គ​នឹងសម្ដែង​ប្រាប់ឲ្យទ្រង់​ឃើញនូវ​សេចក្ដី​អាក្រក់លាមក និងភាព​មាយាលាក់ពុត​របស់ស្ត្រី​ទាំងឡាយនោះ សូមទ្រង់​ចូរយាងមក ពួកយើង​នឹងត្រាច់​ទៅកាន់​ជនបទ ដោយ​ភេទនៃខ្លួន គឺបុគ្គលដទៃ​មិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយ​បុរោហិត ដូច្នេះហើយ ទ្រង់ប្រគល់​រាជ្យឲ្យព្រះមាតា​គ្រប់គ្រង ទ្រង់ក៏ចេញ​ទៅកាន់ចារិក​មួយអន្លើ​ដោយ​បុរោហិតនោះ ។

កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មាន​ក្ដុម្ពីម្នាក់ ធ្វើនូវ​​មង្គល​ដើម្បី​ប្រយោជន៍​ដល់​កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើយាន​ដែលបិទបាំង ហើយ​ធ្វើដំណើរ​ទៅដោយ​បរិវារដ៏​ច្រើន ។ បុរោហិត បានឃើញហើយ ទូលថា បពិត្រទេវៈ បើព្រះអង្គ​ប្រាថ្នា ខ្ញុំអាចនឹង​ឲ្យនាង​កុមារីនោះ ធ្វើអជ្ឈាចារ​ជាមួយ​នឹងព្រះអង្គ​បាន ។ ព្រះបាទ​កណ្ឌរី​ត្រាស់ថា នែសម្លាញ់ អ្នកនិយាយ​អ្វី នាងមក​ជាមួយ​នឹងបរិវារ​ដ៏ច្រើន មិនអាច​នឹងធ្វើយ៉ាង​នេះឡើយ ។

បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់​ត្រាច់ស្កាត់​ទៅខាងមុខ បិទបាំងវាំងនន​ក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជា​ឲ្យនៅខាង​ក្នុងវាំង​នននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញ​បុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំ​ជាអ្នក​មានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាង​ទៅកាន់​ត្រកូល​របស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមាន​ស្ត្រីឯណានីមួយ​ក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។

ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើង​មកជាមួយ​ច្រើនដែរ ល្មមនឹងទៅ​ជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូម​ឲ្យនាង​កុមារីនេះទៅចុះ នឹងបានជាសិរី​សួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹង​កើតមានដល់​កូនប្រសារ​របស់យើង និងដោយ​និមិត្តនេះ នាងនឹងចម្រើនទៅដោយ​បុត្រធីតាទាំងឡាយ គិតដូច្នេះហើយ​ទើបបញ្ជូន​នាងកុមារីនោះទៅ ។

នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធ​ស្នេហាហើយ ក៏បានធ្វើ​អជ្ឈាការ​នោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់​ប្រទានដល់នាង ។ គ្រានោះ នាងកុមារី​បានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះ​ប្រសូតបាន​កូនប្រុស ឬស្រី ? នាងកុមារី​ឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែក​បុរោហិតត្រឡប់​ចូលមកគាល់​ព្រះរាជា​ ហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញ​ហើយ​មែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើ​អំពើយ៉ាងនេះ នឹងនិយាយ​អ្វីដល់ស្ត្រី​ដទៃនោះ ហើយព្រះអង្គ​បានប្រទានអ្វីដល់​នាងឬទេ ?

ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់​នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទាន​ចិញ្ចៀនឲ្យនាង​ធ្វើអ្វី ថាហើយ​ក៏រត់យ៉ាង​លឿន ទៅបញ្ឈប់​យាន មនុស្សទាំងឡាយ​សួរថា មានរឿងអ្វីលោក ? បុរោហិត​ពោលថា នាងកុមារីនេះ កាន់យក​ចិញ្ចៀនដែល​ទុកនៅលើ​ក្បាលនាង​ព្រាហ្មណី​ភរិយា​របស់ខ្ញុំ ហើយមក នែនាង ចូរឲ្យចិញ្ចៀន​នោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវ​ចិញ្ចៀននោះ ក៏បានចាក់​នូវដៃព្រាហ្មណ៍​ដោយក្រចក ហើយឲ្យដោយ​កំហកថា អាចោរយកចុះ ។

ព្រាហ្មណ៍បុរោហិត បានសម្ដែងស្ត្រីទាំងឡាយ​ជាច្រើន ដែលប្រព្រឹត្ត​ក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រ​ព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេចយាងទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួង​នឹងជា​យ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។ បុរោហិត​ទូលសូម​ប្រទានទោស​ដល់ព្រះនាង​កិន្នរាថា បពិត្រមហារាជ ឈ្មោះថា ស្ត្រីទាំងឡាយ​ជាអ្នកមាន​បាបធម៌យ៉ាងនេះ នោះជា​ប្រក្រតីរបស់​ស្ត្រីទាំងនោះឯង សូមព្រះអង្គ​អត់ទោស​ឲ្យព្រះនាង​កិន្នរាចុះ ព្រះរាជា​ទ្រង់ក៏លើកលែង​ទោសឲ្យព្រះនាង ហើយត្រាស់​បញ្ជាឲ្យនិរទេស​ចេញចាក​ព្រះរាជនិវេសន៍ កាលទ្រង់ដក​នូវព្រះនាង​កិន្នរានោះ​ចេញចាក​តំណែង បានតែងតាំង​ស្ត្រីដទៃ ក្នុងតំណែង​អគ្គមហេសី ។ ព្រះបាទកណ្ឌរី បញ្ជាឲ្យបណ្ដេញ​បុរសខ្វិននោះ ឲ្យចេញ ហើយឲ្យ​គេកាត់នូវ​មែកព្រីង​នោះចេញ ។

តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សីកុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។

(កុណាលោហំ តទា អាសឹ បក្សីកុណាល​ក្នុងកាលនោះ មកជាតថាគត )

កាលនាំរឿងដែលខ្លួន​បានឃើញហើយមកសម្ដែង ទើបពោលគាថាថា

យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ

តំ តាទិសំ មច្ចំ ចជិត្វា ភរិយា      អញ្ញំ ទិស្វា បុរិសំ បីឋសប្បឹ។     

បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្​រះនាមកណ្ឌរី និងព្រះនាង​កិន្នរា (គប្បីដឹងចុះ) ពួកស្រី​ទាំងអស់ រមែង​មិនត្រេកអរ​ក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជា​ភរិយា  (របស់​ព្រះរាជា​កណ្ឌរី) លះបង់​នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញ​នូវបុរស​ផ្តេសផ្តាសដទៃ​ជាបុរសខ្វិន

អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុ​នៃសេចក្ដី​នឿយណាយ​របស់ព្រះបាទ​កណ្ឌរី​នឹង​ព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួង រមែងមិន​ត្រេកអរ​ក្នុងផ្ទះ​នៃស្វាមី​របស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវី ដែលជា​អគ្គមហេសី​របស់ព្រះបាទ​កណ្ឌរី ឃើញបុរសខ្វិន​ដទៃ សុខចិត្ត​លះបង់​ព្រះរាជា​អង្គនោះ ដែលជាបុរស​ឈ្លាស​ក្នុងការ​អភិរម្យ​យ៉ាងនេះ ហើយមក​ធ្វើកម្មលាមក​​នឹងមនុស្ស​ប្រេតនោះ ។

(កិន្នរាទេវីវត្ថុ និដ្ឋិតា )

(រឿងព្រះនាងកិន្នរាទេវី ចប់។ )

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២)

 

ប្រែដោយ ខេមរ អភិធម្មាវតារ