។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កាឡកណ្ណិជាតក

(មនុស្សឈ្មោះកាឡកណ្ណិ មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ)

ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់​អនាថបិណ្ឌិកសេដ្ឋី​ម្នាក់ បានត្រាស់​ព្រះធម្មទេសនា​នេះ (ដែលមាន​ពាក្យផ្តើមថា) មិត្តោ ហវេ សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។

បានឮមកថា បុរសនោះធ្លាប់ជា​សម្លាញ់លេង​ដីជាមួយ​នឹង​អនាថបិណ្ឌិកសេដ្ឋី តាំងពីកាល​នៅរៀន​សិល្បៈ​ក្នុងសម្នាក់​អាចារ្យ​ជាមួយគ្នា ដោយឈ្មោះ​គេមាន​ឈ្មោះថា     កាឡកណ្ណី ។ កាឡកណ្ណីនោះ ក្រោយមក ក៏ធ្លាក់ខ្លួនក្រ មិនអាច​ចិញ្ចឹមជីវិត​បាន ក៏ទៅកាន់​សម្នាក់​អនាថបិណ្ឌិកសេដ្ឋី ។ លោកសេដ្ឋី​អនាថបិណ្ឌិក ក៏លួងលោម​មិត្រសម្លាញ់​នោះ ហើយឲ្យ​ស្បៀង និងញ៉ាំង​គេឲ្យបិទបាំង​នូវទ្រព្យសម្បត្តិ​របស់ខ្លួន ។ កាឡកណ្ណីនោះ ជាអ្នកធ្វើ​ឧបការៈ​ចំពោះ​លោក​សេដ្ឋី គេតែងធ្វើ​កិច្ចគ្រប់យ៉ាង ។ ពេលដែល​គេមកកាន់​សម្នាក់របស់​អនាថបិណ្ឌិកសេដ្ឋី មនុស្ស​ទាំងឡាយ តែងនាំគ្នា​ពោល​ហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះ ​កាឡកណ្ណី ! បរិភោគ​សិនចុះ កាឡកណ្ណី ។ ថ្ងៃមួយ មិត្ត និង​អាមាត្យ​របស់​លោកសេដ្ឋី នាំគ្នាចូល​ទៅរក​លោកសេដ្ឋី ហើយនិយាយ​យ៉ាងនេះ​ថា បពិត្រមហាសេដ្ឋី ! សូមលោក​កុំធ្វើនូវ​កាឡកណ្ណីនោះ ឲ្យនៅក្នុង​សំណាក់​របស់លោក​ឡើយ  (កុំចិញ្ចឹម​គេឡើយ) ព្រោះសូម្បី​តែយក្ស ក៏ត្រូវចៀស​ចេញទៅ​ ដោយ​សម្លេងនេះថា ឈប់សិន កាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះ ក៏មិនស្មើនឹង​លោក ធ្លាក់ខ្លួន​ក្រហើយ លោក​ចិញ្ចឹមមនុស្ស​បែបនេះធ្វើអ្វី ?

អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតា ឈ្មោះ ​គ្រាន់តែជាវោហារ (សម្រាប់ហៅ​ប៉ុណ្ណោះ) បណ្ឌិតទាំងឡាយ មិនកាន់​យកនូវ​ឈ្មោះនោះ​ឲ្យជាប្រមាណ​ឡើយ មិនគួរជា​ប្រភេទ​មនុស្ស​ដែលមាន​ឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់​មង្គលតាម​សម្លេងដែល​បានឮ) អាត្មាអញ មិនអាច​អាស្រ័យ​ហេតុត្រឹម​តែឈ្មោះ ហើយ​បោះបង់​សម្លាញ់​ដែលធ្លាប់​លេងដីជា​មួយគ្នា​ចោលនោះឡើយ លុះគិត​ដូច្នេះហើយ លោកសេដ្ឋី​គាត់មិនបាន​កាន់យក​ពាក្យសម្តីរបស់​មនុស្សទាំង​នោះទេ ។

ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន​ប្រគល់​កាឡកណ្ណីនោះ ឲ្យជាអ្នក​រក្សានូវ​គេហដ្ឋាន ។ ពួកចោរ​គិតគ្នាថា បានឮថា លោកសេដ្ឋី​ទៅស្រុក​សួយរបស់​គាត់ហើយ ពួកយើង​ប្លន់នូវផ្ទះ​របស់លោក​សេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់​អាវុធផ្សេងៗ មកក្នុង​វេលាអធ្រាត្រ ហើយឡោមព័ទ្ធ​ផ្ទះលោកសេដ្ឋី ។ ចំណែក​​កាឡកណ្ណី សង្ស័យខ្លាច​ពួកចោរមកប្លន់ ទើបអង្គុយ​យាមមិន​ព្រមដេក ។ កាឡកណ្ណីនោះ លុះដឹងថា ពួកចោរ​មក​ហើយ ដើម្បីនឹង​ដាស់ពួក​មនុស្ស ទើបស្រែក​ឡើងថា អ្នកទាំងឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែក​ដូច្នេះហើយ ក៏ធ្វើឲ្យដូច​ជាមានរោង​មហោស្រពធំ ធ្វើវេសន៍​ទាំងអស់ ឲ្យមានសម្លេង កងរំពង​ទូទៅ ។ ពួកចោរ​និយាយ​ប្រាប់គ្នាថា ពួកយើង​បានឮថា ផ្ទះគ្មាន​អ្នកណានៅ ពួកយើង​បានស្តាប់​មកមិនល្អហើយ (ស្ដាប់ខុស​ហើយ) សេដ្ឋីគ្មាន​ធ្វើដំណើរ​ទៅណាទេ គឺនៅក្នុង​ផ្ទះនេះឯង ហើយម្នាក់ៗ ក៏បោះដុំថ្ម និងអន្លូង​ជាដើមចោល ក្នុងទីនោះឯង រួចរត់ចៀស​ចេញទៅ ។

លុះព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរ​បោះចោល​នៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុត​ហើយនិយាយ​ថា ប្រសិនបើថ្ងៃនេះ មិនមាន​អ្នកយាមផ្ទះ​ដែលសម្បូរ​ដោយ​ការ​ចេះដឹង និងឈ្លាសវៃ​បែបនេះទេ ពួកចោរនឹង​ចូលតាម​ការពេញចិត្ត ប្លន់ផ្ទះបាន​ទាំងអស់​ជាប្រាកដ ព្រោះអាស្រ័យ​អ្នកដែលមោះ​មុតអង់អាច​ក្លាហាន​បែបនេះ ទើបសេចក្តី​ចម្រើនកើតមាន​ដល់លោក​សេដ្ឋី  ម្នាក់ៗនាំគ្នា​សរសើរ​កាឡកណ្ណី  ។ ពេលដែល​សេដ្ឋីមកអំពី​ស្រុកសួយ ក៏នាំ​គ្នាប្រាប់រឿង​រ៉ាវនោះ ឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាន​និយាយទៅ​កាន់មនុស្ស​ទាំងនោះថា អ្នកទាំងឡាយ ប្រើយើង​ឲ្យដេញ​មិត្តអ្នករក្សា​ផ្ទះយ៉ាង​នេះ ចេញអំពី​ផ្ទះរបស់យើង ប្រសិនបើ​យើងបណ្តេញ​ឲ្យចេញអំពីផ្ទះ​តាមពាក្យ​របស់អ្នក​ទាំងឡាយនោះ ថ្ងៃនេះ ទ្រព្យរបស់យើង​នឹងមិនសេស​សល់ឡើយ ហើយ​លោកសេដ្ឋី​អនាថបិណ្ឌិក ពោលដាស់​តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ   ធម្មតា ឈ្មោះមិនជា​ប្រមាណទេ ចិត្តដែល​គិតជួយ​ប៉ុណ្ណោះ ទើបជា​ប្រមាណ លុះពោលដូច្នោះហើយ ក៏ឲ្យទ្រព្យដើម​ទុនដល់​កាឡកណ្ណី​ច្រើនឡើងៗ  ។ លោកសេដ្ឋី​បានត្រិះរិះថា ពេលនេះ អញបាន​រឿងដែល​ជាប្រធាន ល្មមក្រាបទូល​ព្រះមាន​ព្រះភាគ​ហើយ ក៏ធ្វើដំណើរ​ទៅកាន់សម្នាក់​របស់ព្រះសាស្ដា គាត់បាន​ក្រាបទូលរឿង​រ៉ាវនោះ តាំងអំពីដើម រហូតដល់​ចប់ចំពោះ​ព្រះអង្គ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែ​ក្នុងកាលឥឡូវនេះ​ប៉ុណ្ណោះទេ ដែលមិត្តឈ្មោះ​កាឡកណ្ណី បានរក្សា​ទ្រព្យក្នុងផ្ទះ​មិត្តរបស់ខ្លួន សូម្បីក្នុង​កាលមុន មិត្តឈ្មោះ​កាឡកណ្ណី ក៏បានរក្សា​ដូចគ្នាដែរ ។ កាលសេដ្ឋីក្រាប​ទូលអារាធនា ទើបទ្រង់​នាំយករឿង​ក្នុងអតីត​មកសម្តែង (ដូចតទៅនេះ) ថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​នៅក្នុង​នគរពារាណសី ព្រះ​បរមពោធិសត្វ បានជាសេដ្ឋី​មានយស​ដ៏ធំក្រៃលែង ។ សេដ្ឋីនោះ មានមិត្តម្នាក់​ឈ្មោះ​កាឡកណ្ណី ។ រឿងរ៉ាវ​ទាំងអស់ក្នុង​ពេលនោះ ក៏ដូចគ្នារឿង​រ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិក​សេដ្ឋី) នេះឯង ។ ព្រះបរមពោធិសត្វ មកអំពី​ស្រុកសួយ ហើយ​ស្តាប់ដំណើររឿងនោះ​ រួចពោលថា ប្រសិនបើ​យើងបណ្តេញ​មិត្តមានសភាព​ដូច្នេះ ចេញអំពីផ្ទះ​របស់យើង តាមពាក្យ​របស់អ្នក​ទាំងឡាយនោះ ម៉្លេះសមថ្ងែនេះ ទ្រព្យសម្បត្តិ​របស់យើង នឹងមិនសល់ឡើយ ហើយពោលគាថានេះថា

មិត្តោ ហវេ សត្តបទេន ហោតិ                   សហាយោ បន ទ្វាទសកេន ហោតិ

មាសឌ្ឍមាសេន ច ញាតិ ហោតិ               តតុត្តរឹ អត្តសមោបិ ហោតិ

សោហំ កថំ អត្តសុខស្ស ហេតុ                  ចិរសន្ថុតំ កាឡកណ្ណឹ ជហេយ្យំ។

បុគ្គលដែលជាមិត្តបាន​ ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីរជំហាន, បុគ្គលជាសម្លាញ់​បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ​ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន    ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ​កន្លះខែ, បុគ្គលដែល​ទុកសើ្មនឹង​ខ្លួន ព្រោះនៅលើស​អំពីកាល​នោះទៅទៀត ខ្ញុំនឹងលះបង់​នូវសម្លាញ់​ឈ្មោះ​កាឡកណ្ណី ដែលធ្លាប់​ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុ​នៃសេចក្តី​សុខរបស់ខ្លួន ដូចម្ដេចបាន ។

បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជា​និបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្ថថា ប្រព្រឹត្តដោយ​មេត្រី អធិប្បាយថា អ្នកដែលចូល​ទៅតាំង​ទុកនូវ​មេត្រីចិត្ត គឺធ្វើនូវ​សេចក្តី​ស្នេហា ស្រឡាញ់រាប់អាន ។ បុគ្គល​ដែលបានឈ្មោះ​ជាមិត្ត ដោយហេតុ​ត្រឹមតែ​ដើរជាមួយ​គ្នា​បានប្រាំពីរជំហាន ។

បទថា សហាយោ បន ទ្វាទសកេន ហោតិ  (បុគ្គលដែលបាន​ឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែ​ដើរជាមួយគ្នា​បាន​ដប់ពីរជំហាន) មានសេចក្តីថា ដែល​ឈ្មោះថា សហាយ (សម្លាញ់) ព្រោះ​អត្ថថា រួមគ្នាក្នុង​ឥរិយាបទ​ទាំងពួង ដោយអំណាច​នៃការធ្វើកិច្ច​គ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែល​បានឈ្មោះ​ថាជា​សម្លាញ់ ដោយហេតុ​ត្រឹមតែ​ដើរជាមួយគ្នា​បានដប់ពីរជំហាន ។

បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ​ ឬកន្លះខែ ។

បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។

បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។

បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។

ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការ​ដូច្នេះឯង ។ តាំងអំពី​នោះមក គ្មានអ្នកណា​ហ៊ានប្រព្រឹត្ត​ល្មើសនឹង​កាឡកណ្ណី​ទៀតឡើយ ។

ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំជាតកថា

តទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណីក្នុងកាលនោះ បានមកជាអានន្ទ  ។

ពារាណសិសេដ្ឋិ បន អហមេវ អហោសឹ ចំណែកពារាណសីសេដ្ឋី គឺ តថាគត​នេះឯង ៕

ចប់ កាឡកណ្ណីជាតក ។

(អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦)

ចំណាំ

ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធ​សម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គល គឺមិត្ត) ១  សហាយបុគ្គល (បុគ្គល គឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គល គឺញាតិ) អត្តសមបុគ្គល (បុគ្គល គឺអ្នកដែលស្មើនឹងខ្លួន) ១ ។

សេចក្ដីអធិប្បាយ

១. មិត្តោ ហវេ សត្តបទេន ហោតិ  បុគ្គលណា​ដើរជាមួយគា្ន​បានប្រាំពីរជំហាន បុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល

២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណា ដើរជាមួយគ្នា​បាន​ដប់ពីរ​ជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល

៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណា ការនៅជាមួយគ្នា​មួយខែ ឬ​កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល

៤. តតុត្តរឹ អត្តសមោបិ ហោតិ បុគ្គលណា នៅលើសអំពីកាល​នោះទៅទៀត (លើស​មួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល

 

ប្រែដោយ ខេមរ អភិធម្មាវតារ