។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កាយនិព្វិន្ទជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅ​វត្តជេតពន ទ្រង់ប្រារព្ធ​បុរសម្នាក់ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ផុដ្ឋស្ស មេ ដូច្នេះ​ជាដើម។

 

បានឮថា បុរសម្នាក់ក្នុងក្រុងសាវត្ថី ត្រូវនឿយណាយ​ដោយរោគលឿង (គឺរោគឃ្លង់) ត្រូវ​ហាម​ដោយ​ទោស។ កូននិងប្រពន្ធ​របស់គាត់​គិតថា តើអ្នក​ណាអាច​នឹងមើល​ថែគាត់បាន។ បុរស​នោះគិត​ថា ប្រសិនបើ​យើងបាន​ជាសះស្បើយ​ចាករោគ​នេះ យើង​នឹងបួស។ កន្លង​ទៅបាន​ពីរបីថ្ងៃ បុរសនោះ​ក៏បាន​សេចក្ដី​សប្បាយ​តិចតួច ហើយជា​អ្នកមិន​មានរោគ គាត់ទៅ​វត្តជេតពន ទូលសូម​បព្វជ្ជា​នឹង​ព្រះសាស្ដា។ បុរសនោះ​បានបព្វជ្ជា និង​ឧបសម្បទា​ក្នុង​សម្នាក់​ព្រះសាស្ដា មិនយូរប៉ុន្មាន លោកក៏​បានសម្រេច​ព្រះអរហត្ត។

 

ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង​ក្នុងធម្មសភា​ថា ម្នាលអាវុសោ បុរស​ឈ្មោះ​នោះ មាន​រោគលឿង ហើយគិតថា បើយើង​ជាពីរោគ​នេះ យើងនឹងបួស ដូច្នេះ គាត់ក៏បានបួស និងបាន​សម្រេច​ព្រះអរហត្ត។ ព្រះសាស្ដា​យាងមក​ហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នារឿងអ្វី ? កាល​ពួក​ភិក្ខុ​ទូលថា ដោយរឿង​ឈ្មោះនេះ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែកាល​ឥឡូវ​នេះ​ទេ ក្នុងកាលមុន សូម្បីបណ្ឌិត​ទាំងឡាយ ក៏បាន​ពោល​យ៉ាងនេះថា កាល​ជា​ចាក​រោគហើយ ក៏បួស ធ្វើសេចក្ដី​ចម្រើន​ដូចគ្នាដែរ ដូច្នេះហើយ ព្រះអង្គ​នាំអតីតនិទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ កាលចម្រើន​វ័យហើយ លោករៀប​ចំទុកដាក់​ទ្រព្យសម្បត្តិ ហើយ​រស់នៅ (បន្ទាប់មក) លោកមាន​រោគលឿង។ សូម្បីពេទ្យ​ទាំងឡាយ ក៏មិនអាច​នឹងថែទាំបាន សូម្បី​កូននិងប្រពន្ធ​ក៏មាន​វិប្បដិសារី។ ព្រះពោធិសត្វ​គិតថា បើយើង​ជាពីរោគនេះ យើង​នឹងបួស ដូច្នេះ​ហើយ កាលបាន​សេចក្ដី​សុខសប្បាយ​តិចតួច (បន្ទាប់មក) ក៏ជា​សះស្បើយ ជា​មនុស្ស​មិនមាន​រោគ លោកចូល​ទៅកាន់​ព្រៃហិមពាន្ត បួស​ជាឥសី បាន​សម្រេច​អភិញ្ញា និង​សមាបត្តិ រស់នៅ​ដោយ​ឈានសុខ ហើយ​គិតថា អស់កាល​មានប្រមាណ​ប៉ុណ្ណេះ ឈ្មោះថា សេចក្ដី​សុខបែប​នេះ យើងមិន​ដែលបាន​ឡើយ ដូច្នេះ កាលនឹង​បន្លឺឧទាន ទើប​ពោលគាថា​ទាំងនេះ​ថា

ផុដ្ឋស្ស មេ អញ្ញតរេន ព្យាធិនា, រោគេន ពាឡ្ហំ ទុខិតស្ស រុប្បតោ;

បរិសុស្សតិ ខិប្បមិទំ កឡេវរំ, បុប្ផំ យថា បំសុនិ អាតបេ កតំ។

កាលអញត្រូវព្យាធិ រោគណាមួយប៉ះពាល់ហើយ ដល់នូវ​សេចក្ដី​ទុក្ខយ៉ាងខ្លាំងក្លា ដែល​រោគ​កំពុង​បៀតបៀន រាងកាយ​នេះ ក៏នឹងរីង​ស្ងួតយ៉ាង​ឆាប់ ដូចជាផ្កាឈើ​ដែលគេ​ដោតលើ​អាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួត​ដូច្នោះ)។

អជញ្ញំ ជញ្ញសង្ខាតំ, អសុចឹ សុចិសម្មតំ;

នានាកុណបបរិបូរំ, ជញ្ញរូបំ អបស្សតោ។

(រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាលពោលថា​ជាទីគាប់ចិត្ត មិនស្អាតទេ តែជនពាល​សន្មត​ថាជា​របស់ស្អាត រាងកាយ​ដ៏ពេញ​ប្រៀបដោយ​សាកសពផ្សេង ៗ មាន​សភាព​ជាទី​គាប់ចិត្ត​នៃជនពាល។

 

ធិរត្ថុមំ អាតុរំ បូតិកាយំ, ជេគុច្ឆិយំ អស្សុចឹ ព្យាធិធម្មំ;

យត្ថប្បមត្តា អធិមុច្ឆិតា បជា, ហាបេន្តិ មគ្គំ សុគតូបបត្តិយា។

យើងគួរតិះដៀលនូវកាយស្អុយនេះ ជារបស់ឈឺជានិច្ច គួរខ្ពើមរអើម មិនស្អាត មាន​ព្យាធិ​ជាធម្មតា ដែលពួក​សត្វប្រមាទ ជ្រប់ជាប់ ញ៉ាំងផ្លូវ​នៃសុគតិភព ឲ្យវិនាស​សាបសូន្យ។

 

បណ្ដាបទទាំងនោះ បទថា អញ្ញតរេន សេចក្ដីថា ត្រូវព្យាធិ គឺ បណ្ឌុរោគ (រោគលឿង) មួយ ក្នុងបណ្ដា​រោគទាំង ៩៨ ប្រភេទ។

 

ព្រះមហាសត្វ កាលពិចារណា​ភាពមិនស្អាត និងភាព​រសាប់រសល់​ឈឺជានិច្ច ដោយ​ប្រការ​ផ្សេងៗហើយ នឿយនាយ​នឹងរូបកាយ ចម្រើន​ព្រហ្មវិហារ​ទាំង ៤ ដរាប​អស់ជីវិត ហើយ​បានទៅកាន់​ព្រហ្មលោក។

 

ព្រះសាស្ដា នាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រកាសសច្ចៈ និង​ប្រជុំជាតក ក្នុង​កាល​បញ្ចប់នៃ​សច្ចៈ ជនជាច្រើន​បានសម្រេច​សោតាបត្តិផល​ជាដើម។

តទា តាបសោ អហមេវ អហោសឹ តាបសក្នុងកាលនោះ គឺតថាគតនេះឯង។

កាយនិព្វិន្ទជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រទី ១៧៧)

ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ