។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កាកវតីជាតក

(ច្បាប់ព្រះត្រៃបិដកខ្មែរដាក់ថា កាកាតិជាតក)

បុព្វហេតុនៃជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធភិក្ខុដែលអផ្សុក (ចង់សឹក) មួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា វាតិ ចាយំ តតោ គន្ធោ (ក្លិនក្រអូបនេះក៏បក់មកអំពីទីនោះ) ដូច្នេះ (ជាដើម) ។

ពិតមែនហើយ ក្នុងកាលនោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថាអ្នកអផ្សុកប្រាថ្នាចង់សឹកឬ ? ភិក្ខុនោះទូលទទួលថា ពិតហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ព្រោះហេតុអ្វី អ្នកទើបចង់សឹក ? ភិក្ខុក្រាបទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មាតុគ្រាម ឈ្មោះថា ជាអ្នកដែលគេរក្សាទុកមិនបាន មិនអាចនឹងរក្សាបានឡើយ ក៏បុរាណបណ្ឌិតទាំងឡាយពីដើមក្នុងកាលមុន សូម្បី​នឹងយក​មាតុគ្រាម​ដាក់ទុកក្នុង​សិម្ពលិរុក្ខវិមាន (វិមាន​ដែលនៅលើដើមរកា) ដែលនៅកណ្ដាល​មហាសមុទ្រហើយ ក៏មិនអាចនឹងរក្សា​បានដែរ ហើយ​ទ្រង់នាំយក​អតីតនិទាន​មកជា​សាធកៈ​ដូចតទៅថា

អតីតនិទាន

អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី (ក្នុង​កាល​នោះ) ព្រះពោធិសត្វ​បដិសន្ធិក្នុង​ផ្ទៃនៃ​ព្រះអគ្គមហេសីរបស់ព្រះបាទព្រហ្មទត្តនោះ (ក្នុងកាលជាបន្តបន្ទាប់មក) ព្រះពោធិសត្វ​ជាអ្នកដល់​ព្រម​ដោយវ័យ ទ្រង់បាន​សោយ​រាជសម្បត្តិ​ក្នុង​កាល​ដែល​​ព្រះរាជបិតា​​កន្លងផុត​ទៅ ។  ព្រះអគ្គមហេសី​របស់​ព្រះពោធិសត្វ​ មានព្រះនាមថា កាកវតី [ច្បាប់ខ្លះថា កាកាតិ ហើយ​ប្រហាក់​ប្រហែល​នឹងនាង​កាកី​ដែរ ។] មាន​​ព្រះរូបឆោម លោមពណ៌ ស្រស់ឆើតឆាយ ហាក់បីដូច​ជាទេពអប្សរ (ក្នុងឋានសួគ៌ាល័យ) ។  នេះជាសាច់​រឿងសង្ខេប​ក្នុងជាតក​នេះ ចំណែក​អតីត​និទាន​​ដោយ​ពិស្ដារ ​នឹងប្រាកដ​ជាក់ច្បាស់​ក្នុង​កុណាលជាតក [បិដកលេខ ៦១ ទំព័រ ១៥៤។ ] ។

ក្នុងកាលនោះ សុបណ្ណរាជា (ស្ដេចគ្រុឌ) មួយអង្គ មកហើយដោយភេទជាមនុស្ស ។ កាលលេងនូវល្បែងបាសកា (ល្បែង​ដែល​មាន​កូន​សម្រាប់​ដាក់​រាយ​លេង​លើ​គំនូស​ក្រឡា យ៉ាង​ដូច​ចត្រង្គ​ជាដើម) ជាមួយនឹងព្រះរាជាពោធិសត្វ ក៏មាន​ចិត្ត​ប្រតិព័ទ្ធ​នឹងព្រះ​អគ្គមហេសី​កាកវតី ទើបបានកាន់យក​ព្រះនាងនាំទៅ​កាន់​សុបណ្ណពិភព ហើយអភិរម្យ​ជាមួយនឹង​ព្រះនាងកាកវតី​នោះ ។

ព្រះរាជាកាលមិនឃើញព្រះនាងទេវីទើបត្រាស់នឹងគន្ធព្វឈ្មោះ នដកុវេរៈ ថា អ្នកចូរ​ស្វែងរក​ព្រះទេវី ។ នដកុវេរគន្ធព្វនោះ ទើបសង្កេត​តាមដាន​ស្ដេចគ្រុឌ​នោះ បានទៅដេក​នឹងព្រៃរៃទឹក​ក្នុងស្រះមួយ ក្នុងវេលា​ដែលស្ដេច​គ្រុឌចេញ​អំពីស្រះនោះ បានទៅអង្គុយ​ក្នុងចន្លោះនៃស្លាប កាលដល់​ហើយ ក៏ចេញ​ចាកចន្លោះ​​នៃ​ស្លាប ហើយបាន​ធ្វើនូវ​កាយសំសគ្គៈ (ការស្ទាប​អង្អែលកាយ) ដោយកិលេស​ជា​មួយនឹង​ព្រះនាង​កាកវតី​​នោះ រួចហើយក៏ចូល​​ទៅដេក​ក្នុង​ចន្លោះ​នៃស្លាប​​របស់​ស្ដេច​​គ្រុឌនោះ​ម្ដងទៀត បានមកហើយក្នុងដែលស្ដេចគ្រុឌមកលេងបាសកានឹងព្រះរាជា ទើបកាន់យកពិណរបស់ខ្លួន មកកាន់​ស្ថានទីលេង​បាសកា ហើយ​ឋិត​នៅ​ក្នុង​សម្នាក់​នៃព្រះរាជា ពោលនូវគាថា​​ទីមួយដោយ​​អំណាចនៃចម្រៀងថា

វាតិ ចាយំ តតោ គន្ធោ                យត្ថ មេ វសតី បិយា

ទូរេ ឥតោ ហិ កាកវតី                  យ​ត្ថ មេ និរតោ មនោ។

ស្ត្រីជាទីស្រឡាញ់របស់ទូលព្រះបង្គំនៅក្នុងទីណា ក្លិនក្រអូបនេះក៏បក់មកអំពីទីនោះ ចិត្តរបស់​ទូលព្រះបង្គំ​ត្រេកអរ​ក្នុងស្ត្រីណា ស្ដ្រីនោះ​ឈ្មោះថា​នាង​កាកវតី [ច្បាប់បិដកខ្មែរថា កាកាតិ។] ទៅនៅក្នុង​​ទីឆ្ងាយអំពីទីនេះ ។

បណ្ដាបទទាំងនោះ បទថាណ គន្ធោ (ក្លិន) បានដល់ ក្លិននៃរាងកាយរបស់ស្ត្រីនោះ ដែលលាបលនដោយក្លិនទិព្វ ។ បទថា យត្ថ មេ (របស់ទូល​ព្រះបង្គំនៅ​ក្នុង​ទីណា) សេចក្ដីថា ស្ត្រីជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងសុបណ្ណពិភពណា អធិប្បាយថា ព្រះនាងធ្វើការស្ទាបអង្អែលកាយនឹងស្ដេចគ្រុឌនេះ ក្លិនរបស់​នាងដែល​ជាប់​មក​នឹង​កាយរបស់​ស្ដេចគ្រុឌនេះ ទើបឈ្មោះថា បក់មកអំពីទីនោះ ។ បទថា ទូរេ ឥតោ (នៅក្នុងទីឆ្ងាយអំពីទីនេះ) បានដល់ ក្នុងទីឆ្ងាយអំពីទីនេះ ។ ហិ អក្សរ​ត្រឹមតែ​ជានិបាត ។ បទថា កាកវតី បានដល់ ព្រះទេវីកាកវតីនោះ ។ បទថា យត្ថ មេ (របស់ទូលព្រះបង្គំនៅក្នុងទីណា) សេចក្ដីថា ចិត្តរបស់ខ្ញុំត្រេកអរ គឺមាន​តម្រេក​ហើយ​លើនាងណា ។

ស្ដេចគ្រុឌបានស្ដាប់ដូចនោះហើយ ទើបពោលគាថាទីពីរថា

កថំ សមុទ្ទមតរី                       កថំ អតរិ កេបុកំ

កថំ សត្ត សមុទ្ទានិ                 កថំ សិម្ពលិមារុហិ។

អ្នកបានឆ្លងសមុទ្រ ដោយឧបាយដូចម្ដេច បានឆ្លងទន្លេឈ្មោះកេបុកៈ ដោយឧបាយដូចម្ដេច បានឆ្លងសមុទ្រទាំង ៧ ជាន់ ដោយឧបាយដូចម្ដេច បានឡើង​ដើមរកា (ជាលំនៅរបស់យើង) ដោយឧបាយដូចម្ដេច ។  

គាថានោះមានសេចក្ដីថា អ្នកឆ្លងសមុទ្រក្នុងជម្ពូទ្វីបនេះ និងទន្លេឈ្មោះកេបុកៈ ដែលនៅខាងមុខអំពីសមុទ្រនោះ និងឆ្លងសមុទ្រទាំង ៧ ដែលឋិតនៅរវាង​ភ្នំទាំង​ឡាយ​បានយ៉ាងណា គឺឆ្លងទៅបានដោយឧបាយដូចម្ដេច ហើយ​អ្នកឡើង​ដើម​សិម្ពលី​ដែលជា​ភពរបស់​យើងដែល​ឋិតនៅដោយកន្លងហួសសមុទ្រទាំង ៧​ នោះ​បាន​យ៉ាងណា ។

នដកុវេរគន្ធព្វបានស្ដាប់ដូចនោះហើយ ទើបពោលគាថាទីបីថា

តយា សមុទ្ទមតរិំ              តយា អតរិ កេបុកំ

តយា សត្ត សមុទ្ទានិ         តយា សិម្ពលិមារុហិំ។

ខ្ញុំបានឆ្លងសមុទ្រជាមួយនឹងលោក បានឆ្លងទន្លេឈ្មោះកេបុកៈជាមួយនឹងលោក បានឆ្លងសមុទ្រទាំង ៧ ជាន់ជា​មួយនឹង​លោក បានឡើង​ដើមរកា​ជាមួយ​នឹង​លោក ។

បណ្ដាបទទាំងនោះ បទថា តយា (ជាមួយនឹងលោក) សេចក្ដីថា ខ្ញុំអង្គុយនៅក្នុងរវាងស្លាបរបស់លោក លោក​ធ្វើកិច្ច​ទាំងពួង​នេះ ព្រោះលោកជាតួហេតុ ។

លំដាប់នោះ ស្ដេចគ្រុឌបានពោលគាថាទីបួនថា

ធិរត្ថុមំ មហាកាយំ                      ធិរត្ថុមំ អចេតនំ

យត្ថ ជាយាយហំ ជារំ                 អាវហាមិ វហាមិ ច។

អញនាំមក ទាំងនាំទៅ នូវសហាយរបស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀល​ខ្លួនអញ​មាន​កាយធំ គួរតិះដៀលខ្លួនអញដែលមិនមានគំនិត ។

បណ្ដាបទទាំងនោះ បទថា ធិរត្ថុមំ (គួរតិះដៀលខ្លួនអញ) ស្ដេចគ្រុឌកាលនឹងតិះដៀលខ្លួនឯង ទើបពោលឡើង ។ បទថា អចេតនំ (មិនមានគំនិត) បានដល់ ដែល​ឈ្មោះថា អ្នកមិនមានការគិត ព្រោះមិនដឹងការធ្ងន់និងស្រាល ព្រោះភាពជាអ្ន​កមានកាយធំ ។ បទថា យត្ថ កែថា យស្មា ប្រែថា ព្រោះហេតុណា ។ លោក​ពោល​អធិប្បាយទុកថា ព្រោះហេតុ​ដែលយើង​នាំគន្ធព្វ​នេះដែល​ជាសហាយ​របស់​ភរិយានៃខ្លួន ដែលអង្គុយ​នៅក្នុង​ចន្លោះស្លាបមក ឈ្មោះថា នាំមក កាល​នាំ​ទៅ ឈ្មោះថា នាំទៅ​ហើយ ដូច្នោះ គួរតិះដៀលខ្លួនឯង ។

ស្ដេចគ្រុឌនោះបាននាំព្រះនាងកាកវតីនោះ មកថ្វាយព្រះចៅក្រុងពារាណសីហើយ ក៏លែងមកកាន់នគរនេះទៀត ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទើបទ្រង់ប្រកាសសច្ចធម៌​ហើយប្រជុំជាតក ក្នុងវេលា​ចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបាន​តាំងនៅក្នុង​សោតាបត្តិផល ។

តទា នដកុវេរោ ឧក្កណ្ឋិតភិក្ខុ អហោសិ នដកុវេរគន្ធព្វក្នុងកាលនោះ បានមកជាភិក្ខុដែលអផ្សុកនេះ ។

រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជាក្នុងកាលនោះ បានមកជាតថាគត នេះឯង ។

កាកវតីជាតកវណ្ណនា និដ្ឋិតា។

ការពណ៌នាកាកវតីជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២១៤)

ប្រែដោយ ខេមរ អភិធម្មាវតារ