។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កស្សបមន្ទិយជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​នឹងភិក្ខុចាស់​មួយអង្គ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អបិ កស្សប មន្ទិយ ដូច្នេះ​ជាដើម។

 

កុលបុត្រម្នាក់ក្នុងក្រុងសាវត្ថី ឃើញនូវទោស​ក្នុងកាមទាំងឡាយ ចេញបួសក្នុង​សម្នាក់​ព្រះសាស្ដា ប្រកប​រឿយៗក្នុង​កម្មដ្ឋាន មិនយូរប៉ុន្មាន លោកក៏​បានសម្រេច​ព្រះអរហត្ត។ ក្នុង​កាល​ខាងក្រោយ​មក មាតា​របស់លោក​ក៏បានធ្វើ​កាលកិរិយា។ អំណើះ​ឥតអំពី​មាតា​ទៅ លោកក៏​ឲ្យបិតា​និងប្អូន​ប្រុសបួស ហើយ​ស្នាក់នៅ​ក្នុងវត្ត​ជេតពន។ លោកឮថា ចីវរប្បច្ច័យ​រកបាន​ងាយក្នុង​ពេល​ចូលវស្សា លោកក៏​និមន្តទៅ​អាវាស​ក្នុងស្រុក​មួយ ចាំវស្សា​នៅទីនោះ លុះចេញ​វស្សា លោកទាំងបី​ទើបនិមន្ត​មកវត្ត​ជេតពន​វិញ។ ភិក្ខុកំលោះ​នៅជិត​វត្តជេតពន​ចូលទៅ​វត្តជេតពន ប្រាប់​សាមណេរ​ថា នែសាមណេរ អ្នកត្រូវ​នាំ​ព្រះថេរៈ​មក រីឯខ្ញុំទៅមុន ជម្រះបរិវេណ។ ព្រះមហល្លកត្ថេរ លោកមក​សន្សឹមៗ។ ចំណែក​សាមណេរ​នាំព្រះមហល្លកត្ថេរ​ទៅ ដោយធ្វើ​តាមកម្លាំង​ថា និមន្តទៅ លោកម្ចាស់ និមន្តទៅ លោកម្ចាស់ ហាក់ដូច​ជាយក​សីសៈ​រុញលោក​រឿយៗ។ ព្រះថេរៈ​ពោលថា អ្នក​កំពុងនាំ​ខ្ញុំមក​លុះក្នុង​អំណាច​របស់ខ្លួន ថាដូច្នេះ​ហើយ លោក​ត្រឡប់​មកវិញ​តាំង​អំពីចុង។ កាលពួក​លោកកំពុង​ធ្វើជម្លោះ​គ្នាទៅ​វិញទៅ​មកយ៉ាងនេះ សូរិយា​អស្ដង្គត ងងឹត​ក៏កើត​ឡើង។

 

ចំណែកភិក្ខុកំលោះ បោសបរិវេណ តម្កល់ទឹក កាលមិន​ឃើញ​ដំណើរ​មក​របស់​ព្រះថេរៈ​និង​សាមណេរ ក៏កាន់​គប់ភ្លើង​ដើរទៅរក លុះឃើញ​ព្រះថេរៈ​និង​សាមណេរ កំពុង​ដើរមក លោក​ក៏សួរថា ហេតុដូចម្ដេច បានជា​យឺតយូរម្ល៉េះ ? ព្រះមហល្លកត្ថេរ​ប្រាប់​រឿងរ៉ាវ​នោះ។ ភិក្ខុកំលោះ​និមន្ត​ព្រះថេរៈ​និង​សាមណេរ​ឲ្យសម្រាក រួចទើប​នាំមកសន្សឹម។ ថ្ងៃនោះ ភិក្ខុកំលោះ​មិនបាន​ឱកាស​បម្រើព្រះពុទ្ធ។

 

តមកក្នុងថ្ងៃទីពីរ លោកនិមន្ត​មកពុទ្ធុបដ្ឋាក ថ្វាយបង្គំ​ព្រះពុទ្ធ ហើយគង់នៅ ត្រូវ​ព្រះសាស្ដា​សួរថា អ្នកមក​ពីពេលណា ?

លោកទូលថា បពិត្រព្រះអង្គ ពីម្សិលមិញ។

ព្រះសាស្ដាសួរថា អ្នកមកម្សិលមិញ ទើបតែមកធ្វើ​ពុទ្ធុបដ្ឋាក​ថ្ងៃនេះឬ ?

ភិក្ខុកំលោះក្រាបទូលថា ព្រះករុណាព្រះអង្គ ពិតមែន។ ហើយ​លោកប្រាប់​ហេតុការណ៍​នោះ។

 

ព្រះសាស្ដា បានតិះដៀល​ភិក្ខុចាស់ ហើយព្រះអង្គ​ត្រាស់ថា​ មិនមែន​តែក្នុង​កាល​ឥឡូវ​នេះទេ ដែលភិក្ខុ​ចាស់នោះ​ធ្វើអំពើ​បែបនេះ សូម្បី​ក្នុលកាល​មុន លោកក៏​ធ្លាប់ធ្វើដែរ ប៉ុន្តែ​ឥឡូវនេះ អ្នកត្រូវ​ភិក្ខុចាស់​នោះធ្វើ​ឲ្យលំបាក សូម្បី​កាលមុន ភិក្ខុចាស់​ក៏ធ្លាប់ធ្វើឲ្យ​បណ្ឌិត​ទាំងឡាយ​លំបាក​ដែរ។ ព្រះសាស្ដា ត្រូវភិក្ខុកំលោះ​ក្រាបទូល​អារាធនា ព្រះអង្គ​ក៏សម្ដែង​អតីតនិទាន​ថា ៖

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ព្រាហ្មណ​ត្រកូល ក្នុងកាសិនិគម។ កាលលោក​ចម្រើនវ័យ​ឡើង មាតា​របស់លោក​ក៏បានធ្វើ​កាលកិរិយា។ លោកធ្វើ​សរីរកិច្ច​របស់​មាតាហើយ កាល​កន្លង​ទៅ ១ ខែកន្លះ លោកឲ្យ​ទ្រព្យដែល​មានក្នុង​ផ្ទះជាទាន ហើយនាំ​បិតានិង​ប្អូនប្រុស និង​កាន់​យកសំបក​ឈើដែល​ទេវតា​ប្រទាន ទៅបួស​ជាឥសី ក្នុងព្រៃ​ហិមពាន្ត ញ៉ាំង​ជីវិតឲ្យ​ប្រព្រឹត្ត​ទៅដោយ​មើមនិង​ផ្លែឈើ​តូចធំ​ក្នុងព្រៃ ដើម្បី​ឧញ្ឆាចរិយាវត្ត រស់នៅ​ក្នុងដងព្រៃ ជាទី​រីករាយ។ ប៉ុន្តែនៅ​ព្រៃហិមពាន្ត នាវស្សាន​រដូវ តែងមានភ្លៀង​បង្អុរចុះ​មិនដាច់​គ្រាប់ មិនអាច​ទៅជីកមើម (អ្វី) បាន ផ្លែនិងស្លឹក​ឈើតែង​ជ្រុះចុះ។ តាបស​ទាំងឡាយ​ច្រើនតែ​ចេញពី​ព្រៃហិមពាន្ត​ទៅរស់នៅ​ក្នុងផ្លូវ​មនុស្ស។

 

គ្រានោះ ព្រះពោធិសត្វនាំបិតា​និងប្អូនទៅ​រស់នៅ​ផ្លូវមនុស្ស លុះដល់​ព្រៃហិមពាន្ត មានផ្កា​ផ្លែឈើ​វិញ លោកក៏នាំ​អ្នកទាំងពីរ​មក​អាស្រមបទ​របស់ខ្លួន ក្នុងព្រៃ​ហិមពាន្ត ពេល​ជិតដល់​អាស្រមបទ ព្រះសូរិយា​អស្ដង្គត ព្រះពោធិសត្វ​និយាយថា អ្នក​ទាំងឡាយ​ត្រូវមក​សន្សឹម ខ្ញុំនឹងទៅមុន​បោសអាស្រម ថាដូច្នេះ​ហើយ ក៏ធ្វើដំណើរ​ទៅមុន​អ្នកទាំង​ពីរ​នោះ។ តាបស​តូច កាលទៅជា​មួយនឹងបិតា​ដោយដំណើរ​សន្សឹម ក៏នាំគាត់​ទៅដោយ​កម្លាំង​កាយថា «ទៅ ទៅ» ដូចជា​យកក្បាល​រុញចង្កេះ​បិតា។ តាបស​ចាស់​និយាយថា «អ្នក​នាំយើង​មក ដោយទំនើង​ចិត្តខ្លួន​ឯង» គាត់ក៏ត្រឡប់​ក្រោយវិញ ផ្ដើម​ដើរតាំង​ពីចុងមក​វិញ។ កាលពួក​គេឈ្លោះ​យ៉ាងនេះ ងងឹត​ក៏កើតឡើង។

ចំណែកព្រះពោធិសត្វ បោសបណ្ណសាលា តម្កល់ទឹក កាន់គប់ភ្លើង ដើរត្រឡប់មក​តាមផ្លូវ រកបិតានិងប្អូន កាលឃើញ​ពួកគាត់ហើយ ក៏សួរថា ពួកលោក​ធ្វើអ្វី អស់កាល​ប៉ុណ្ណេះ ?

តាបសតូចប្រាប់ហេតុការណ៍ដែលបិតាធ្វើ។ ព្រះពោធិសត្វ​នាំអ្នក​ទាំងពីរនោះ ទៅ​សន្សឹមៗ ទុកដាក់​បរិក្ខារហើយ ឲ្យបិតា​ងូតទឹក ធ្វើការ​លាងជើង ច្របាច់​ខ្នងជាដើម តម្កល់​ភ្លើង នាំបិតា​ដែលគាត់​ស្ងប់សេចក្ដី​នឿយ​លំបាក ទៅអង្គុយ​ជិត ហើយ​ពោលថា បពិត្រ​បិតា ធម្មតាក្មេង តែងបែក​បាក់មួយ​ប៉ប៉្រិច​ភ្នែក បីដូច​ជាភាជន៍ដី ចាប់តាំង​ពីបែក​ម្ដងហើយ មិនអាច​តវិញបានទេ ដូច្នេះ ក្មេងទាំងនោះ ទោះជេរក្ដី ផ្ដាសាក្ដី មនុស្សចាស់ ត្រូវ​អត់ទ្រាំ លុះពោល​ដូច្នេះហើយ កាលនឹង​ទូន្មនាបិតា ទើបពោល​គាថា​ទាំងនេះថា

អបិ កស្សប មន្ទិយា,        យុវា សបតិ ហន្តិ វា;

សព្វំ តំ ខមតេ ធីរោ,         បណ្ឌិតោ តំ តិតិក្ខតិ។

បពិត្រកស្សបជាបិតា បើក្មេងតូចជេរ ឬវាយ ព្រោះវាជាក្មេង បណ្ឌិតអ្នកមានប្រាជ្ញា តែង​អត់សង្កត់​នូវកំហុស​ទាំងអស់នោះ។

សចេបិ សន្តោ វិវទន្តិ,       ខិប្បំ សន្តីយរេ បុន;

ពាលា បត្តាវ ភិជ្ជន្តិ,           ន តេ សមថមជ្ឈគូ។

ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរស​រមែងត​បានវិញ​យ៉ាងឆាប់ ឯក្មេងពាល​ទាំងឡយ រមែងបែកគ្នា​ដូចបាត្រដី ក្មេងពាលទាំងនោះ មិនដល់​នូវការ​ស្ងប់រម្ងាប់​ឡើយ។

ឯតេ ភិយ្យោ សមាយន្តិ,     សន្ធិ តេសំ ន ជីរតិ;

យោ ចាធិបន្នំ ជានាតិ,         យោ ច ជានាតិ ទេសនំ។

ជនណាដឹងនូវទោស ដែលខ្លួនធ្វើ ឲ្យកន្លងហួស​ទៅហើយផង ជនណា​ដឹងនូវ​ការសំដែង​នូវទោស​ផង ជនទាំង​ពីរពួកនោះ (បើ​ទុកជាបែក​គ្នាហើយ) ច្រើន​រួបរួម​គ្នាវិញ​បាន ការតមិត្ត​របស់ជន​ទាំងពីរ​ពួកនោះ មិនរលុប​រលាយឡើយ។

ឯសោ ហិ ឧត្តរិតរោ,         ភារវហោ ធុរទ្ធរោ;

យោ បរេសាធិបន្នានំ,        សយំ សន្ធាតុមរហតិ។

ជនណា គួរតនូវមិត្តភាពរបស់ពួក​ជនដទៃ ដែលទោស​គ្របសង្កត់​ហើយ ដោយ​ខ្លួន​ឯងបាន ជននោះ​ជាមនុស្ស​ខ្ពង់ខ្ពស់​លើសលុប​ ជាមនុស្ស​នាំទៅ​នូវភារៈ​បាន ជា​មនុស្ស​ទ្រទ្រង់​នូវធុរៈ​បាន។

 

ព្រះពោធិសត្វបានឲ្យឱវាទបិតា​យ៉ាងនេះ​ហើយ ចាប់តាំង​ពីពេល​នោះមក បិតា​នោះ ទៅជា​មនុស្ស​អប់រំទូន្មាន​បានយ៉ាង​ល្អប្រសើរ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា បិតា តាបសោ មហល្លកោ អហោសិ បិតាក្នុងកាលនោះ បានមកជា មហល្លកត្ថេរ

ខុទ្ទកតាបសោ សាមណេរោ តាបសតូចបានមកជាសាមណេរ

បិតុ ឱវាទទាយកោ បន អហមេវ អហោសឹ អ្នកឲ្យដំបូន្មាន​ដល់បិតា គឺ​តថាគត​នេះឯង។

កស្សបមន្ទិយជាតក ២ ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៨)

ប្រែដោយ ស.ដ.វ.ថ.