សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កបោតជាតក

ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប (ភិក្ខុល្មោភ) បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។

 

រឿងនៃសេចក្ដីល្មោភ​របស់ភិក្ខុនោះ មានពិស្ដារ​ជាច្រើនហើយ ។ ចំណែក​ព្រះសាស្ដា ត្រាស់សួរ​ភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជា​មនុស្សល្មោភឬ ? លោលភិក្ខុ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ មិនមែន​តែក្នុងកាល​ឥឡូវនេះ​ទេ សូម្បីក្នុង​កាលមុន អ្នកក៏ជា​មនុស្សល្មោភ​ដែរ ហើយបាន​ដល់នូវការ​អស់ជីវិត ព្រោះភាព​ជាមនុស្ស​ល្មោភ ដូច្នេះហើយ ព្រះអង្គ​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​កំណើតសត្វព្រាប អាស្រ័យនៅ​នឹងកំប្រោង​ក្នុងរោងបាយ របស់​សេដ្ឋីក្រុង​ពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភ​នឹងត្រី និងសាច់ បានធ្វើ​មេត្រីភាព​ជាមួយនឹង​ព្រាបពោធិសត្វ​នោះ ហើយនៅក្នុង​ទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះ ឃើញត្រី និងសាច់​ជាច្រើន គិតថា យើងបរិភោគ​ត្រី និងសាច់នេះ ដូច្នេះហើយ ទើបដេក​ដកដង្ហើម​ធំ ក្នុងកំប្រោង​នោះឯង ។ កាលដល់​វេលាស្វែង​រកចំណី ព្រាបពោល​នឹងក្អែក​នោះថា នែសម្លាញ់ ចូរមក យើងនឹង​ទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេក​ហើយ អ្នកចូរ​ទៅចុះ ។ កាលព្រាប​ពោធិសត្វ​ទៅហើយ ក្អែកគិតថា បច្ចាមិត្ត​ជាសត្រូវ​របស់យើង ទៅហើយ ឥឡូវនេះ យើងនឹង​បរិភោគត្រី និងសាច់​តាមសេចក្ដី​ប្រាថ្នា ដូច្នេះ​ហើយ ទើបពោល​គាថាទី ១ ថា

ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ;

កាហាមិ ទានី ហទយស្ស តុដ្ឋឹ, តថា ហិ មំ មំសសាកំ ពលេតិ។

ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមាន​សត្រូវដូច​បន្លា (ព្រោះ) ព្រាបហើរ​ចេញទៅ​ហើយ ឥឡូវនេះ អញនឹងធ្វើ​នូវសេចក្តី​ត្រេកអរ​នៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែង​ញ៉ាំងអញ​ឲ្យមានកម្លាំង ។

 

បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថា កបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់​ដ៏សេស រមែងធ្វើ​កម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់ និងអន្លក់ រមែងធ្វើ​ឧស្សាហៈ​ដល់យើង ហាក់ដូច​ជានិយាយថា ចូរក្រោកឡើង​បរិភោគចុះ ។

 

ក្នុងកាលដែលចុងភៅចម្អិនត្រី និងសាច់ហើយ ចេញពី​រោងបាយ ដើម្បីឲ្យ​ញើសហូរ​ចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំ​នៅនឹងភាជនៈ​អាហារ ធ្វើសំឡេង​ឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅ​មកដោយរហ័ស ចាប់ក្អែក​ដកស្លាប​ទាំងអស់ ហើយបុកខ្ញី និងម្ទេសស្រស់​ជាមួយ​នឹងគ្រាប់ស្ពៃ ច្របល់ដោយ​ទឹកដោះជូរ និងខ្ទឹម រួចលាប​សរីរៈទាំងអស់ ត្រដុស​ចាក់នឹង​ដុំក្រួស ចងកក្អែក​នោះដោយអំបោះ ហើយបោះទៅ​ក្នុងកំប្រោង រួចក៏​ចេញទៅ ។ ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុង​កំប្រោងរបស់​សម្លាញ់នៃ​យើង សម្លាញ់របស់​យើងនោះ កាចណាស់ គេមកហើយ នឹងគប្បី​សម្លាប់អ្នក ដូច្នេះហើយ ក៏ពោល​គាថាទី ២ ថា

កាយំ ពលាកា សិខិនី, ចោរី លង្ឃិបិតាមហា;

ឱរំ ពលាកេ អាគច្ឆ, ចណ្ឌោ មេ វាយសោ សខា។

នេះជាកុកអ្វី ជាសត្វមាន​កំប៉ោយ ជាចោរ មានមេឃ​ជាបិតា នែនាងកុក នាងចូរ​មកខាងអាយ ក្អែកជាសម្លាញ់​របស់ខ្ញុំកាច ។

 

គាថានោះ មានសេចក្ដី​ដូចដែលពោល​ហើយក្នុងខាង​ក្រោយនោះឯង ។

ក្អែកស្ដាប់​ពាក្យនោះហើយ ពោលគាថាទី ៣ ថា

អលញ្ហិ តេ ជគ្ឃិតាយេ, មមំ ទិស្វាន ឯទិសំ;

វិលូនំ សូទបុត្តេន, បិដ្ឋមណ្ឌេន មក្ខិតំ។

អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តី​ទុក្ខ) យ៉ាងនេះ ដែលត្រូវ​កូនអ្នកគ្រួ ដកស្លាប​ប្រឡាក់ដោយម្សៅម៉ត់ ។

 

បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាត​ចុះក្នុងអត្ថបដិសេធ ។ បទថា ជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញ​ខ្ញុំដែលដល់​សេចក្ដីទុក្ខ​បែបនេះ​ហើយ កុំសើចអី សូមលោកកុំធ្វើ​ការសើចចំអក​ក្នុងកាលនេះឡើយ ។

 

ព្រាបនោះ កាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា

សុន្ហាតោ សុវិលិត្តោសិ, អន្នបានេន តប្បិតោ;

កណ្ឋេ ច តេ វេឡុរិយោ, អគមា នុ កជង្គលំ។

អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយ​បាយ ​និងទឹក អ្នកមាន​កែវពៃទូរ្យឰដ៏ក នឹងទៅកាន់​នគរកជង្គលៈឬ ។

 

បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយក​អំបែងនោះ ពោលថា សូម្បី​កែវពៃទូរ្យ និងកែវមណី​ដែលលោក​ប្រដាប់​ត្រង់ក លោកមិនបាន​សម្ដែងដល់​យើងអស់​កាលប្រមាណ​ប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសី​នោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញ​អំពីទីនេះ នឹងទៅ​ខាងក្នុង​នគរឬ ។

 

លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា

មា តេ មិត្តោ អមិត្តោ វា, អគមាសិ កជង្គលំ;

បិញ្ឆានិ តត្ថ លាយិត្វា, កណ្ឋេ ពន្ធន្តិ វដ្ដនំ។

សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរ​កជង្គលៈឡើយ ពួកជន​ក្នុងនគរនោះ បានបោចរោម ហើយចង​ប្រឡៅត្រង់ក ។

 

បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប។ បទថា តត្ថ លាយិត្វា  សេចក្ដីថា មនុស្សក្នុង​នគរពារាណសីនោះ ដកហើយ។ បទថា វដ្ដនំ បានដល់ ក្បឿង។

 

ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា

បុនបាបជ្ជសី សម្ម, សីលញ្ហិ តវ តាទិសំ;

ន ហិ មានុសកា ភោគា, សុភុញ្ជា ហោន្តិ បក្ខិនា។

ម្នាលសម្លាញ់ អ្នកនឹងដល់នូវ​អំពើយ៉ាងនេះទៀត ព្រោះ​មារយាទ​របស់អ្នក​តែយ៉ាងហ្នឹង ភោគៈទាំងឡាយ​របស់មនុស្ស មិនមែនសត្វស្លាប​បរិភោគ​បានទេ ។

 

បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់​សេចក្ដីទុក្ខ​បែបនេះ​ទៀត ។ បើ​សីលមារយាទ​របស់អ្នក​នៅតែបែបនេះ ។

 

ព្រាបពោធិសត្វឲ្យឱវាទ​ដល់ក្អែក​យ៉ាងនេះហើយ មិនអាច​នឹងនៅក្នុង​ទីនោះទៀត ទើប​ទទះស្លាប ហើរទៅ​កាន់ទីដទៃ ។ ចំណែកក្អែក ក៏ដល់នូវការ​អស់ជីវិត​ក្នុងទីនោះឯង ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ប្រកាស​សច្ចៈទាំងឡាយ និង​ប្រជុំជាតក ក្នុងកាល​ទីបញ្ចប់នៃ​សច្ចៈ លោលភិក្ខុ​បានតាំងនៅក្នុង​អនាគាមិផល ។

តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភ​ក្នុងកាលនោះ បានមក​ជាលោលភិក្ខុ

កបោតោ បន អហមេវ អហោសឹ ចំណែកព្រាប គឺ តថាគត នេះឯង ។

ចប់ កបោតកជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២)

ប្រែដោយ ខេមរ អភិធម្មាវតារ