សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កបោតជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។

 

សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់​ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង​នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយ​ក្រាបទូល​ព្រះសាស្ដា​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ភិក្ខុនេះ​ជាមនុស្ស​ល្មោភ ។ លំដាប់នោះ ព្រះសាស្ដា​ត្រាស់សួរ​ភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក​ជាមនុស្ស​ល្មោភឬ ។ ភិក្ខុនោះ​ទូលថា ពិតមែន​ហើយ ព្រះអង្គ ។ ព្រះសាស្ដា​ត្រាស់ថា សូម្បី​ក្នុងកាល​មុន អ្នកក៏ជា​មនុស្សល្មោភ ព្រោះហេតុ​នៃសេចក្ដីល្មោភ អ្នកដល់​ការអស់ជីវិត សូម្បី​បណ្ឌិត​ទាំងឡាយ​ដោយអាស្រ័យ​អ្នក ក៏វិនាស​ចាកទីនៅ​របស់ខ្លួន ដូច្នេះហើយ ទើបទ្រង់​នាំអតីតនិទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​ក្នុង​នគរពារាណសី ព្រះពោធិសត្វ​កើតក្នុង​កំណើត​សត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុង​ពារាណសី​ឲ្យគេព្យួរ​កញ្រ្ចែង​ដើម្បីការ​នៅជាសុខ​របស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដី​ត្រូវការបុណ្យ ។ សូម្បី​នាយគ្រួ​របស់សេដ្ឋី​ក្រុងពារាណសី ក៏ព្យួរ​កញ្ច្រែងមួយ នៅនឹង​ផ្ទះបាយ​របស់ខ្លួន ព្រះពោធិសត្វ​សម្រេចការ​នៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅ​អំពីព្រឹក ត្រាច់ស្វែង​រកអាហារ ហើយត្រឡប់​មកក្នុងពេល​ល្ងាច កាលនៅ​ក្នុងទីនោះ ញ៉ាំងពេល​វេលាឲ្យ​អស់ទៅ​យ៉ាងនេះ ។

 

ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូល​ផ្ទះបាយ បានធុំក្លិន​ត្រី និងសាច់​ ហើយ​កើតសេចក្ដី​ល្មោភ គិតថា យើងអាស្រ័យ​នឹងអ្នកណាហ្ន៎ ទើបបាន​ត្រី និងសាច់នេះ ដូច្នេះហើយ ក៏ទំលើ​ទីមិនឆ្ងាយ កាលរកមើល ឃើញ​ព្រះពោធិសត្វ​ដែលត្រឡប់​មកក្នុង​ពេល​ល្ងាច ចូលទៅ​កាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យ​ព្រាបនេះ នឹងបាន​ត្រី និងសាច់ គិត​យ៉ាងនេះ​ហើយ ក្នុងថ្ងៃស្អែក ក្អែកនោះ​មកអំពីព្រឹក ក្នុងកាល​ព្រះពោធិសត្វ​ចេញទៅ​ដើម្បី​រកអាហារ ក៏ហើរទៅ​តាមក្រោយ ។ ព្រះពោធិសត្វ​ពោលនឹងក្អែក​ថា នែសម្លាញ់ ព្រោះ​ហេតុអ្វី អ្នកហើរ​តាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញ​ចិត្តនឹងកិរិយា​របស់លោក ចាប់ពី​ពេលនេះ​ទៅ ខ្ញុំនឹង​បម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមាន​អាហារដទៃ យើងមាន​អាហារដទៃ លោក​មកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រ​លោកម្ចាស់ កាលលោក​ស្វែងរកអាហារ សូម្បីខ្ញុំ​ក៏ស្វែង​រកអាហារ ខ្ញុំនឹងទៅ​ជាមួយលោក ។ ព្រាប​ទទួលថា ល្អហើយ លោកគប្បី​មិនប្រមាទ​អស់កាល​ទាំងពួងចុះ ។ ព្រះពោធិសត្វ​ឲ្យឱវាទ​ក្អែកយ៉ាង​នេះហើយ កាលត្រាច់​ទៅកាន់​ទីគោចរ បានបរិភោគ​គ្រាប់ស្មៅ​ជាដើម ។ កាល​ព្រះពោធិសត្វ​កំពុងស្វែង​រកអាហារ ក្អែកហើរទៅ កកាយ​ដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញ​ផ្ទៃហើយ ទើបមកកាន់​សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់​ទៅហួស​កាលហើយ មិនគួរ​ជាអ្នកមាន​ឈ្មោះថា ល្មោភ​ក្នុងអាហារ​ឡើយ ដូច្នេះ កាល​ព្រះពោធិសត្វ​ស្វែងរក​អាហារ ហើយមក​ក្នុងពេល​ល្ងាច ក្អែក (ក៏ហើរ​មកតាម) ហើយចូល​ក្នុងរោងបាយ​ជាមួយនឹង​ព្រះពោធិសត្វ ។ នាយចុងភៅ​ពោលថា ព្រាប​របស់យើង​នាំសត្វ​ដទៃមក ដូច្នេះ ទើបដាក់​កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពី​ពេលនោះ​មក សត្វទាំង ២ ក៏បាន​នៅក្នុង​ទីនោះ ។

 

ថ្ងៃមួយ មានមនុស្សនាំត្រី និងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅ​កាន់យក​ត្រី និង​សាច់នោះ ទៅព្យួរ​ទុកក្នុង​ផ្ទះបាយ ។ ក្អែកឃើញ​ត្រី និងសាច់នោះ​ហើយ កើតសេចក្ដី​ល្មោភ​ចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិន​ទៅកាន់​ទីគោចរទេ យើងនឹង​ស៊ីត្រី និង​សាច់នេះ ដូច្នេះ ទើបដេកថ្ងូរ​អស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វ​កាលទៅ​ស្វែងរក​អាហារ បានពោល​នឹងក្អែកថា នែក្អែក​សម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រ​លោកម្ចាស់ លោកចូរ​ទៅចុះ ខ្ញុំមាន​រោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគ​ឈឺពោះ មិនធ្លាប់មាន​ដល់ពួកក្អែក​ក្នុងកាល​ណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដី​ឃ្លានតែង​កើតក្នុង​យាមនីមួយៗ សូម្បីកាល​លេប​ប្រឆេះប្រទីប ការ​ឆ្អែតរបស់​ក្អែក​ទាំងនោះ រមែង​មានតែ​មួយភ្លែត អ្នកប្រហែល​ជាចង់ស៊ីត្រី និងសាច់នេះ​ទេដឹង អ្នកចូរមក ឈ្មោះថា​គ្រឿង​បរិភោគ​របស់មនុស្ស ជារបស់​ដែលអ្នកស៊ី​បានដោយក្រ អ្នកកុំធ្វើ​យ៉ាងនេះ​ឡើយ អ្នកចូរទៅ​រកចំណី​ជាមួយ​នឹងយើង ។ ក្អែកពោលថា បពិត្រ​លោកម្ចាស់ ខ្ញុំមិន​អាចធ្វើយ៉ាងនោះទេ ។ ព្រាបពោលថា​ បើយ៉ាងនោះ អ្នកនឹងប្រាកដ​ដោយកម្ម​របស់ខ្លួន អ្នក​កុំលុះក្នុង​អំណាច​លោភៈ ចូរជាអ្នក​មិនប្រមាទចុះ ព្រះពោធិសត្វ​ឲ្យឱវាទ​ក្អែកដូច្នេះហើយ ក៏ទៅស្វែង​រកចំណី ។

 

នាយចុងភៅតាក់តែងចម្អិនត្រី និងសាច់ដ៏ប្លែក ដែលមានប្រការ​ផ្សេង ៗ ហើយ បើក​ភាជនៈ​បន្តិច ដើម្បីឲ្យ​ចំហាយក្ដៅ​ចេញ និងដាក់វែក​សម្លលើគម្រប​ភាជនៈ ហើយគាត់​ចេញខាង​ក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាល​ចេញពី​កំប្រោង សម្លឹង​មើលផ្ទះបាយ ដឹងថា ចុងភៅនោះ​ចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដី​ប្រាថ្នារបស់​យើងនឹង​បានសម្រេច នេះជា​កាលដើម្បី​នឹងស៊ីសាច់ យើងត្រូវស៊ី​សាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះ​ហើយ ក៏គិតឃើញថា ធម្មតាសាច់តូច មិនអាច​នឹងឲ្យផ្ទៃ​ពេញដោយ​ឆាប់ឡើយ យើងនាំ​យកដុំសាច់ធំ មកដាក់ក្នុង​កំប្រោង ហើយដេកស៊ី គិតយ៉ាង​នេះហើយ ក៏ហើរ​ចេញ​ពីកំប្រោង ទៅពួន​ក្នុងរោងបាយ ។ ក្អែកនោះ​ធ្វើសំឡេង​ឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅ​ស្ដាប់​សំឡេង​នោះហើយ គិតថា នេះជា​សំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែក​អាក្រក់នេះ ចង់ស៊ីសាច់​ឆ្អិនរបស់​មហាសេដ្ឋី យើងរស់​នៅដោយអាស្រ័យ​នឹងលោក​សេដ្ឋី មិនមែន​ក្អែកពាល​នេះទេ ប្រយោជន៍អ្វី​ដោយក្អែកនេះ ដូច្នេះ​ទើបបិទទ្វារ ចាប់ក្អែក​បាន ដករោមទាំងអស់ យកខ្ញី​ស្រស់បុក​ជាមួយនឹង​អំបិលជាដើម ប្រឡាក់​ដោយអម្ពិល និង​ទឹកដោះជូរ យកមក​លាបសរីរៈ​ទាំងអស់​របស់ក្អែក រួចបោះក្អែក​នោះទៅ​ក្នុងកំប្រោង ។ ក្អែកនោះ​ត្រូវទុក្ខវេទនា​មាន​ប្រមាណ​ដ៏​ក្រៃលែង​គ្របសង្កត់ ដេកថ្ងួចថ្ងូរ ។

 

ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះ​ដល់នូវ​សេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើ​តាមពាក្យ​របស់យើង ព្រោះអាស្រ័យ​លោភៈ​របស់អ្នក ទើបអ្នក​ដល់នូវ​សេចក្ដី​ទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោល​គាថានេះថា

យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ;

កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។

បុគ្គលណា កាលលោកអ្នកប្រាថ្នា​សេចក្តីចម្រើន អនុគ្រោះ​ដោយប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ បុគ្គលនោះ​រមែងដេក​សោកសៅ ដូចក្អែក​តាំងនៅក្នុង​កណ្តាប់ដៃ​នៃបុគ្គល​ជាសត្រូវ ព្រោះមិន​ធ្វើតាមពាក្យ​នៃសត្វព្រាប ។

 

បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ​តាមពាក្យ​នៃសត្វព្រាប សេចក្ដីថា មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ ដែលប្រកប​ដោយប្រយោជន៍​របស់ព្រាប ។ ពាក្យថា រមែង​ដេកសោកសៅ ដូចក្អែក​តាំងនៅក្នុង​កណ្តាប់ដៃ​នៃបុគ្គល​ជាសត្រូវ សេចក្ដីថា បុគ្គលនោះ​រមែង​ដល់សេចក្ដី​វិនាសធំ ដេកសោយសោក ដូចជា​ក្អែកនេះដែល​តាំងនៅ​ក្នុងដៃសត្រូវ ដែលជា​អ្នកធ្វើ​មិនជា​ប្រយោជន៍ ជាអ្នកធ្វើ​សេចក្ដីទុក្ខ​ឲ្យកើតឡើង ។

 

ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាច​នឹងនៅ​ក្នុងទីនេះ​បានទៀតទេ ដូច្នេះ ទើបហើរ​ទៅកាន់ទីដទៃ ។ ចំណែក​ក្អែកក៏បាន​ស្លាប់ក្នុង​ទីនោះឯង ។ លំដាប់នោះ នាយចុងភៅ​យកកំប្រោង​ជាមួយ​នឹងក្អែកនោះ ទៅបោះចោល​លើគំនរ​សំរាម ។

 

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាល​ឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជា​មនុស្ស​ល្មោភដែរ ហើយដោយ​អាស្រ័យ​សេចក្ដី​ល្មោភរបស់អ្នក បណ្ឌិត​ទាំងឡាយ​ក៏បាន​សាបសូន្យ​ចាកទីលំនៅដែរ ព្រះពុទ្ធអង្គ​បាននាំ​ព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រកាស​អរិយសច្ច ក្នុងកាល​ជាទីបញ្ចប់​នៃសច្ចៈ ភិក្ខុនោះ​បានសម្រេច​អនាគាមិផល ។ ព្រះសាស្ដា​បន្តអនុសន្ធិ និងប្រជុំ​ជាតកថា

 

តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ

បារាវតោ បន អហមេវ អហោសឹ ចំណែកព្រាប គឺ តថាគតនេះឯង​ ។

ចប់ កបោតជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩)

ដោយ ស.ដ.វ.ថ.