។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កបិជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ការចូល​ទៅកាន់​ផែនដី របស់ទេវទត្ត បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះ​ជាដើម ។

 

កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយ​ញ៉ាំងកថា​ឲ្យតាំងឡើង ក្នុងធម្មសភា​ថា ម្នាល​អាវុសោ​ ទេវទត្ត​ត្រូវវិនាស​មួយអន្លើ​ដោយ​បរិស័ទ ។ ព្រះសាស្ដា​យាងមកហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​និយាយ​រឿងអ្វី ? កាល​ភិក្ខុ​ទាំងនោះ​ទូលថា ដោយរឿង​នេះ ទ្រង់ទើប​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​វិនាស​មួយអន្លើ​ដោយ​បរិស័ទ មិនមែន​តែក្នុងកាល​ឥឡូវ​នេះទេ សូម្បី​ក្នុងកាលមុន ក៏វិនាស​ដូចគ្នា​ដែរ ហើយ​ព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​កំណើត​សត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅ​ក្នុង​ព្រះរាជ​ឧទ្យាន ។ សូម្បី​ទេវទត្ត​ ក៏កើត​ក្នុង​កំណើត​ស្វា មានស្វា ៥០០ ជាបរិវារ រស់នៅ​ក្នុងទីនោះដែរ។

 

ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់​តាក់តែង ហើយចេញទៅ (ក្នុង​ពេល​នោះ) មានស្វា​ឡេះឡោះ​មួយទៅមុន ហើយ​អង្គុយលើ​កំពូល​ក្លោងទ្វារ​រាជឧទ្យាន (ពេល​បុរោហិត​មកដល់) ក៏​បន្ទោបង់​វច្ចៈ​ដាក់ក្បាល​បុរោហិត​នោះ កាល​បុរោហិត​ងើយ​មើល​ខាង​លើ ស្វាកំហូច​ក៏បន្ទោបង់​ដាក់មុខ​បុរោហិត​ថែមមួយ​ទៀត ។ បុរោហិត​ត្រឡប់​ហើយ គំរាម​ស្វាថា យើងនឹងដឹង​នូវកម្ម​ដែលគប្បី​ធ្វើដល់​ឯង ដូច្នេះ​ហើយ គាត់ទៅ​មុជទឹក​ម្ដងទៀត រួចចៀស​ចេញទៅ ។

 

ពួកស្វាប្រាប់ភាពដែលបុរោហិតនោះ​ចងពៀរ​ដល់​ព្រះពោធិសត្វ ។ ព្រះមហាសត្វ​គិតថា ឈ្មោះថា ការនៅ​ក្នុងលំនៅ​របស់​សត្រូវ រមែង​មិនគួរ ហ្វូងស្វា​ទាំងអស់​ត្រូវរត់​ទៅក្នុង​ទីដទៃ ដូច្នេះ ទើបញ៉ាំង​ពួកស្វា​ឲ្យប្រាប់​ដល់ស្វា​ទាំង​មួយពាន់ ។ ស្វាដែល​ប្រដៅក្រ កាន់​យកស្វា​ជា​បរិវារ​រស់ខ្លួន (មិនចេញ​ទៅ ដោយគិតថា) យើង​នឹងដឹង​ក្នុងកាល​ខាងក្រោយ ដូច្នេះ ទើប​អង្គុយ​ក្នុងទី​នោះឯង។ ព្រះពោធិសត្វ​នាំបរិវារ​របស់ខ្លួន​ចូលទៅ​កាន់ព្រៃ ។

ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់ យកស្រូវ​មកហាល​កម្ដៅថ្ងៃ មានពពែ​មួយមកស៊ី​ស្រូវដែល​ទាសី​នោះ​ហាល ហើយត្រូវ​ប្រហារ​ដោយអង្កត់​ភ្លើង ពពែមាន​ខ្លួនឆេះរត់ទៅ ហើយ​ត្រដុស​ខ្លួននឹង​ខ្ទមស្មៅ​ដែល​អាស្រ័យ​នឹងរោងដំរី​មួយកន្លែង ។ ភ្លើងក៏ឆេះ​ខ្ទមស្មៅ បន្ទាប់​មកឆាប់ឆេះ​រាលដាល​ដល់​រោងដំរី ធ្វើឲ្យ​ខ្នងដំរីរលាក ហ្មដំរី​ក៏នាំគ្នា​ព្យាបាលដំរី។ ចំណែក​បុរោហិត​កំពុងតែ​ពិចារណា​ឧបាយ​ចាប់ស្វា។

 

កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែល​បានអង្គុយ​ហើយថា នែអាចារ្យ ដំរី​ទាំងឡាយ​របស់យើង​កើតដំបៅ ហ្មដំរី​មិនដឹង​ការព្យាបាល​សោះ តើលោក​មានដឹង​ថ្នាំយ៉ាង​ណា​នីមួយ​ទេ ?

 

បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង។

ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ?

បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា។

ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ?

បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។

ព្រះរាជាត្រាស់ថា អ្នកទាំងឡាយ ចូរសម្លាប់ស្វា​ក្នុងឧទ្យាន ហើយនាំ​យកខ្លាញ់មក ។

 

ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។

ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់​ក្នុងទីនោះទេ ហើយ​ទៅដល់​លំនៅ​ព្រះពោធិសត្វ ទើប​ដួលស្លាប់។ ពួកស្វា​ប្រាប់នូវ​ការដែល​ស្វានោះ​ត្រូវ​ប្រហារ​និងស្លាប់​ហើយ ដល់​ព្រះពោធិសត្វ​ថា សត្វនោះ​មកដល់​លំនៅ​របស់ពួក​យើង រួច​ក៏ស្លាប់​ទៅ។ ព្រះពោធិសត្វ​ទៅអង្គុយ​កណ្ដាល​ហ្វូងស្វា ហើយពោលថា ធម្មតា​បុគ្គល​ដែលមិន​ធ្វើតាម​ឱវាទ​របស់បណ្ឌិត ហើយនៅ​ក្នុងលំនៅ​របស់​សត្រូវ រមែង​វិនាស​យ៉ាង​នេះឯង ដូច្នេះ​ហើយ លោកក៏​ពោលគាថា​ទាំងនេះ ដោយ​អំណាច​ពាក្យជា​ឱវាទ​ដល់ហ្វូង​ស្វាថា

យត្ថ វេរី និវសតិ,    ន វសេ តត្ថ បណ្ឌិតោ;

ឯករត្តំ ទ្វិរត្តំ វា,      ទុក្ខំ វសតិ វេរិសុ។

បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បី​នៅក្នុង​ទីនោះទេ (ព្រោះ) នៅ​ក្នុង​ពួកបុគ្គល​មានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។

ទិសោ វេ លហុចិត្តស្ស,   បោសស្សានុវិធីយតោ;

ឯកស្ស កបិនោ ហេតុ,     យូថស្ស អនយោ កតោ។

បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវ​ដល់សត្វ​អ្នកប្រព្រឹត្ត​តាម សេចក្តី​មិនចម្រើន ដែល​ព្រាហ្មណ៍​ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុ​តែស្វាមួយ ។

ពាលោវ បណ្ឌិតមានី,        យូថស្ស បរិហារកោ;

សចិត្តស្ស វសំ គន្ត្វា,          សយេថាយំ យថា កបិ។

បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះ​អំណាច​ចិត្ត​របស់​ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។

ន សាធុ ពលវា ពាលោ,     យូថស្ស បរិហារកោ;

អហិតោ ភវតិ ញាតីនំ,        សកុណានំវ ចេតកោ។

បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមាន​សេចក្តី​ចម្រើន ដល់​ពួកញាតិ ដូច​ទទាធា្នក់ មិនជា​ប្រយោជន៍​ដល់ពួក​សត្វស្លាប (ដែលជា​ញាតិ) ។

ធីរោវ ពលវា សាធុ,          យូថស្ស បរិហារកោ;

ហិតោ ភវតិ ញាតីនំ,         តិទសានំវ វាសវោ។

ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើន​ដល់ពួក​ញាតិ ដូចជា​វាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា​ក្នុងឋានត្រៃត្រិង្ស ។

យោ ច សីលញ្ច បញ្ញញ្ច,    សុតញ្ចត្តនិ បស្សតិ;

ឧភិន្នមត្ថំ ចរតិ,                    អត្តនោ ច បរស្ស ច។

បុគ្គលណាមួយឃើញថា ខ្លួនឯងមាន​សីលផង មានបញ្ញាផង មានសុតៈផង (បុគ្គល​នោះ) តែងប្រព្រឹត្ត​ប្រយោជន៍​ដើម្បីខ្លួន និងអ្នកដទៃ​ទាំងពីរ ។

តស្មា តុលេយ្យ មត្តានំ,       សីលបញ្ញាសុតាមិវ;

គណំ វា បរិហរេ ធីរោ,         ឯកោ វាបិ បរិព្វជេ។

ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និង​សុតៈ​ហើយ គប្បី​ថែរក្សា​ពួកក្រុម​ក៏បាន គប្បីប្រព្រឹត្ត​នៅតែម្នាក់​ឯង​ក៏បាន ។

ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណា​ជាមនុស្ស​ល្ងង់ តែ​សម្គាល់​ខ្លួនថា អាត្មាអញ​ជាបណ្ឌិត ហើយ​មិនធ្វើតាម​ឱវាទបណ្ឌិត លុះ​ក្នុង​អំណាច​ចិត្តរបស់​ខ្លួន បុគ្គលនោះ កាលលុះ​ក្នុងអំណាច​ចិត្តរបស់​ខ្លួនហើយ រមែង​ដេកស្លាប់ ដូច​ស្វាដែល​ប្រដៅក្រ ដេកស្លាប់​នេះឯង ។

ព្រះមហាសត្វជាស្ដេចស្វា ពោលកិច្ចដែល​ជាវិន័យ​និងបរិយត្តិ​យ៉ាងនេះឯង ។

 

ព្រះសាស្ដានាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រជុំ​ជាតកថា

តទា ទុព្វចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បាន​មក​ជា​ទេវទត្ត

បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទ​របស់ស្វា​នោះ បាន​មកជា​បរិស័ទ​របស់​ទេវទត្ត

បណ្ឌិតកបិរាជា បន អហមេវ អហោសឹ ចំណែកស្ដេចស្វា​ដែលជា​បណ្ឌិត គឺ​តថាគត​នេះឯង ។

កបិជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦)

ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.