។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កណ្ហាវត្ថុ

អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ     ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹប​យករាជ​សម្បត្តិក្នុង​ដែន​កោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យក​ព្រះអគ្គមហេសី​ដែលដល់ព្រម​ដល់គភ៌របស់​ព្រះបាទ​កោសល​នោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយ​តែងតាំង​ធ្វើជា​អគ្គមហេសី​របស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសី​នោះ ក៏​ប្រសូត​បាន​ព្រះធីតា​មួយអង្គ ។ ដោយ​ប្រក្រតី ព្រះរាជា​ព្រហ្មទត្ត​ ពុំទាន់មាន​ព្រះឱរស និងព្រះធីតា ព្រះអង្គមាន​ព្រះទ័យ​ត្រេកអរ ​ហើយទ្រង់ត្រាស់ថា ម្នាលនាង​ដ៏ចម្រើន នាងចូរ​​កាន់យក​នូវពរចុះ ។

ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាង​ចម្រើន​វ័យ​ធំពេញ​​ក្រមុំ​ហើយ ព្រះមាតា​ទើបប្រាប់​នាងថា ព្រះរាជបិតា​របស់​បុត្រីប្រទាន​ពរទុក មាតា​បានកាន់​យកជាពាក្យ​សម្គាល់ទុក​ហើយ បុត្រីចូរកាន់​​យកនូវពរ​​តាមសេចក្ដី​ពេញ​ចិត្ត​របស់​ខ្លួនចុះ ។ នាង​កណ្ហានោះ បានបែកធ្លាយ​នូវហិរិ និងឱត្តប្បៈ​ហើយ ព្រោះភាព​ជាអ្នកមាន​កិលេសច្រើន ក៏ទូល​ព្រះមាតាថា បពិត្រ​ព្រះមាតា ទ្រព្យ​​សម្បត្តិ​ដទៃដែល​ថានឹងមិន​មានដល់ខ្ញុំនោះ រមែង​មិនមាន ព្រះមាតា​ចូរធ្វើនូវពរ​ដោយខ្លួនឯង​ដល់ខ្ញុំ ដើម្បីប្រយោជន៍​ដល់ការកាន់​យកព្រះស្វាមី​ផងចុះ ។ ព្រះមាតា​​នោះ​ក៏ប្រាប់​សេចក្ដី​នោះ​ដល់ព្រះរាជា ។ ព្រះរាជា​ត្រាស់ថា នាងចូរកាន់​យកស្វាមី​តាមសេចក្ដី​ពេញចិត្តចុះ ហើយឲ្យ​គេប្រកាស​ហៅបុរសមក ។ បុរស​ទាំងឡាយ​ជាច្រើន​បានប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការទាំងពួង ហើយមក​ប្រជុំគ្នា​ត្រង់ព្រះលាន​ហ្លួង ។ នាងកណ្ហា​បានកាន់យក​នូវស្មុគផ្កា ហើយ​ឋិត​នៅត្រង់​សីហបញ្ជរ​​ដ៏ខ្ពស់ កាលសម្លឹង​មើលនូវ​បុរសទាំងឡាយ មិនពេញ​ចិត្តសូម្បីតែម្នាក់ ។

ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី  បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើង​នឹងដឹងនូវ​ការប្រព្រឹត្ត​ទៅនៃ​ប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារ​ទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។ ចំណែកនាង​កណ្ហាបាន​ឃើញនូវ​ព្រះរាជកុមារ​ទាំងនោះ​ហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយ​ពោលនឹង​ព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។  ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។

ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបាន​ព្រះរាជទាន​ពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមាន​ជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ​បណ្ឌុរាជ ទើបធ្វើសក្ការៈ​ដល់កុមារ​ទាំងនោះ ហើយប្រទាន​នូវនាង​កណ្ហានោះ​ធ្វើជា​បាទបរិចារិកា (ស្ត្រីអ្នក​បម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហា​ ក៏បម្រើនូវ​​រាជកុមារ​​ទាំងនោះ ដោយអំណាច​កិលេស លើ​ប្រាសាទ ៧ ជាន់ ។

នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាល​នាងកណ្ហា​បម្រើ​ព្រះរាជកុមារ​ទាំងនោះ​ដោយ​អំណាច​កិលេស​តណ្ហា​ហើយ ក្នុង​ពេល​​ដែល​កុមារ​ទាំងនោះ​ចេញទៅ​ក្រៅអស់​ហើយ បាន​ឱកាសស្ងាត់ នាងកាល​រោលរាល​ដោយកិលេស បានធ្វើ​នូវអំពើបាប (លបលួច​ស្រឡាញ់គ្នា) ជា​មួយ​នឹងបុរស​គមខ្វិននោះ ។ កាលព្រះនាង​កណ្ហាចរចា​នឹងបុរស​គមខ្វិន ព្រះនាង​បានពោលថា បុរសដទៃ​ជាទីស្រឡាញ់​របស់អូន​ឲ្យក្រៃលែង​ជាងបង​មិនមាន អូននឹង​​សម្លាប់​​ព្រះរាជកុមារ​ទាំង ៥ យកឈាម​ពីបំពង់ក មកលាង​ជើងបង ។ សូម្បីព្រះរាជកុមារ​ដទៃៗ កាលព្រះនាង​ច្រឡូកច្រឡំ​ដោយព្រះរាជកុមារ​បង ក៏ព្រះនាង​​ពោលថា ព្រះរៀមបង​ប៉ុណ្ណោះ ជាស្រឡាញ់​របស់ម្ចាស់អូន​ជាងរាជកុមារ​ទាំង ៤ នោះ ជីវិតរបស់​ម្ចាស់អូន​លះបង់​ដើម្បីប្រយោជន៍​ដល់ព្រះរៀម​បងហើយ បន្ទាប់​​អំពី​ព្រះបិតា​ទៅ ម្ចាស់អូន​នឹងយក​រាជសម្បត្តិ​ជូនម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាង​កាលនៅ​ច្រឡូកច្រឡំ​នឹងព្រះរាជ​កុមារដទៃទៀត ព្រះនាង​ក៏ពោល​យ៉ាងនេះ ។ ព្រះរាជកុមារ​ទាំង ៥ អង្គត្រេកអរ​នឹងនាងកណ្ហា​ដ៏ក្រៃលែង ដោយគិតថា ព្រះនាងកណ្ហា​នេះ ស្រឡាញ់យើង ហើយ​ឥស្សរិយយស​របស់យើង ​កើតឡើង​​ដោយអាស្រ័យ​​នូវនាងកណ្ហានោះ ។

ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គ​ដ៏សេស​អង្គុយ​ច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារ​ដែលជា​ព្រះរាជបុត្រ​ច្បងដែលកំពុង​ច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់​ម្ចាស់អូន​លះបង់ដើម្បី​ប្រយោជន៍ដល់​ព្រះរៀម​បងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បាន​ឲ្យនូវសញ្ញា​យ៉ាងនោះ​ដោយដៃ និងជើង​ទាំងឡាយ សូម្បី​ដល់ព្រះរាជ​កុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹង​រស់នៅ​ដើម្បីប្រយោជន៍ដល់បង ។

សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់​ពោលក្នុង​ពេលមុន ។ ក្នុងបណ្ដា​ព្រះរាជកុមារ​ទាំងនោះ រាជកុមារដ៏សេស​បានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែ​កអជ្ជុនកុមារ​បានឃើញ​នូវវិការដៃ ជើង និងអណ្ដាត​របស់នាង ទើប​គិតថា សញ្ញា​ដែលនាង​កណ្ហាឲ្យហើយ​ដល់យើង​យ៉ាងណា សញ្ញានោះ នាងកណ្ហា​បានឲ្យហើយ ដល់ជនសូម្បី​ដ៏សេស ក៏យ៉ាងនោះ នាងនេះ​​ប្រាកដ​ជា​បាន​ធ្វើសន្ថវៈ​ជាមួយនឹង​បុរសគមខ្វិន​នេះ ដូច្នេះហើយ ទើបនាំនូវ​ប្អូនៗទាំងឡាយ ចេញទៅក្រៅ​ ហើយសួរថា អ្នកទាំងឡាយ​ បានឃើញ​​នូវវិការៈនៃ​សីលៈ ដែល​នាងកណ្ហា​​បានឲ្យហើយ​ដល់យើងឬទេ ? ពួករាជបុត្រ​ឆ្លើយថា ឃើញ ។ អជ្ជុនកុមារ​សួរទៀតថា ចុះអ្នកទាំងឡាយ បានដឹងនូវ​ហេតុនោះ​ឬអត់ ? រាជកុមារ​​ប្អូន​ពោលថា ពួកយើង​មិនដឹងទេ ។ អជ្ជុនកុមារ​​ទើបសួរថា ចុះពេលដែល​នាងកណ្ហា ឲ្យសញ្ញាដល់​ពួកលោក​ដោយដៃ និងជើង​ទាំងឡាយ អ្នកទាំងឡាយ ដឹងនូវ​ហេតុ​នោះ​ឬ​ទេ ? រាជកុមារ​ឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារ​ត្រាស់ថា នាងឲ្យសញ្ញា​ដល់​ពួកយើង​​ដោយរឿង​ដូចគ្នា ហើយអ្នក​ទាំងឡាយ បានដឹងនូវ​ហេតុនៃ​សញ្ញា​ដែល​នាងបាន​ឲ្យ​ហើយ​ដល់​បុរសគមខ្វិន​ដោយវិការៈ​នៃអណ្ដាត​ឬទេ ? ពួករាជកុមារ​ពោលថា ពួកយើង​មិនបានដឹងទេ ។ ទើបអជ្ជុនកុមារ​​ប្រាប់សេចក្ដី​នោះ​ដល់ប្អូន​ថា នាងកណ្ហា​បានធ្វើនូវ​អំពើបាបជា​មួយនឹងបុរស​គមខ្វិននោះ​ហើយ ។ អជ្ជុនកុមារ​ កាលប្អូន​ទាំងឡាយ​មិនជឿ ទើបហៅ​បុរសគមខ្វិន​មកសួរ ។ បុរស​គមខ្វិន​នោះ ក៏ពោល​ប្រាប់នូវការ​ប្រព្រឹត្តទៅ​នោះទាំងអស់ ។

ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដី​តម្រេក​ត្រេកត្រអាល​នឹងនាង​កណ្ហានោះ ហើយ​ពោល​ទោស​តិះដៀល​មាតុគ្រាម​ដោយអនេក​បរិយាយថា ឱហ្ន៎ ឈ្មោះថា​មាតុគ្រាម​ ជាបុគ្គលបាប ទ្រុស្តសីល បានលះបង់​សូម្បីនូវពួក​យើង​ជាអ្នកដល់​ព្រមដោយជាតិ និងភាព​ស្រស់សង្ហា​យ៉ាងនេះហើយ ធ្វើនូវអំពើ​បាបជាមួយ​នឹងបុរស​គមខ្វិន ដែលមាន​រូបអាក្រក់​គួរខ្ពើម​យ៉ាងនេះ ឈ្មោះថា បុគ្គល​មានជាតិ​ជាបណ្ឌិតណា នឹងត្រេកអរ​មួយអន្លើ​ដោយស្ត្រី​ទាំងឡាយ ដែលមាន​ធម៌ដ៏លាមក មិនមានសេ​ចក្ដី​អៀនខ្មាស​យ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិតថា ការគ្រប់​គ្រងផ្ទះ មិនគួរមាន​ដល់យើង ហើយបាន​ចូលទៅកាន់​ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវ​បរិកម្មកសិណ ក្នុងទីបំផុត​នៃអាយុ ក៏បានទៅតាម​យថាកម្ម ។

កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែង​ហេតុដែល​ខ្លួនបាន​ឃើញមក​ហើយទើបពោលថា

នៃបុណ្ណមុខៈសម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។

ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមា ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣)

 

ប្រែដោយ ខេមរ អភិធម្មាវតារ