។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កច្ឆបជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគ​កើត​​អំពី​​ខ្យល់​​មាន​ពិស​ដូច​ជា​​ពិស​នៃ​ពស់) មួយ បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យ​ថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះ​ជាដើម ។

បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតា​បិតា​ពោល​នឹងបុត្រថា នែកូន អ្នកកុំនៅ​ក្នុងផ្ទះនេះអី ចូរទម្លាយ​ជញ្ជាំង ហើយ​រត់​ទៅ​កាន់​ទី​ណា​មួយ​រក្សាជីវិត ក្នុងកាល​ជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំ​មានក្នុង​ទីនេះឯង ចូរ​គាស់​កំណប់​នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយ​សេចក្ដី​សុខចុះ ។ បុត្រ​ទទួល​ពាក្យ​របស់​មាតា​បិតា​ហើយ ក៏ទម្លាយ​ជញ្ជាំង​រត់ទៅ កាលរោគ​ស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុក​ដាក់​រក្សាទ្រព្យ រស់នៅ​គ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះ​ឲ្យគេកាន់សប្បិ ប្រេងជាដើម និង​សំពត់​ជាដើម ទៅកាន់​វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើ​បដិសណ្ឋារៈ  ហើយត្រាស់សួរថា បានឮថា អហិវាតករោគ​កើតឡើង​ក្នុងផ្ទះ​របស់អ្នកឬ អ្នក​ធ្វើ​​ដូចម្ដេច ទើបរួចផុត ? បុរសនោះ​ក៏ប្រាប់​រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បី​កាល​មុន ពេលភ័យ​កើតឡើង សត្វដែល​ធ្វើសេចក្ដី​អាល័យ​ក្នុងទី​នៅរបស់ខ្លួន មិន​ទៅ​កាន់​ទីដទៃ ក៏បាន​ដល់ការ​អស់ជីវិត​ សត្វ​ដែលមិន​ធ្វើសេចក្ដី​អាល័យ បានទៅ​កាន់ទីដទៃ ក៏​បាន​ជីវិត ដូច្នេះ​ហើយ កាលបុរស​នោះទូល​អារាធនា ទើបព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​​សោយ​រាជសម្បត្តិ​​ក្នុងនគរ​​ពារាណសី ព្រះ​ពោធិសត្វ​​កើត​ក្នុង​​ត្រកូល​​ស្មូន​ឆ្នាំង ​ក្នុង​ស្រុកកាសី ធ្វើ​​ឆ្នាំង​ចិញ្ចឹម​​កូន​និង​ប្រពន្ធ ។ គ្រា​នោះ​មាន​ស្រះដ៏​​ធំមួយ​ជាស្រះកើត​ឯង ​ជាប់នឹង​​មហាទន្លេ ក្នុង​ក្រុង​​ពារាណសី ។ ​ក្នុង​កាលដែល​មាន​​ទឹក​ច្រើន ស្រះ​នោះ​​ជា​ផ្លូវ​​ទឹក​តែ​មួយ​ជា​មួយ​នឹង​ទន្លេ ដល់​ពេលមានទឹក​តិច ក៏​ដាច់​ផ្សេង​ពី​គ្នា ។ ពួក​ត្រី​និង​អណ្ដើក​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​ នឹង​មាន​ភ្លៀង​បរិបូណ៌ ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ភ្លៀង​ដាច់ ។ ពេល​នោះ​ ពួក​ត្រី​និង​អណ្ដើក​ដែល​កើត​ក្នុង​ស្រះនោះ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ភ្លៀង​មិនបរិបូណ៌ ហើយ​ក៏​ចេញ​អំពីស្រះ​នោះ​ទៅ​កាន់​ទន្លេ ក្នុង​ពេល​ដែល​ទឹក​នៅជាប់​គ្នា​ ។ មាន​អណ្ដើក​មួយ​មិន​បាន​ទៅ​ទន្លេ​នឹង​គេទេ ព្រោះ​គិត​ថា ទី​នេះ​ជា​ភូមិ​កំណើតរបស់​យើង ជា​ទី​ចម្រុងចម្រើន​របស់យើង ជា​ទី​ដែល​មេបា​យើង​ធ្លាប់​នៅ យើង​មិនអាច​លះបង់ទីនេះ​ទេ។

លំដាប់នោះ ​ក្នុងនិទាឃសម័យ (រដូវ​ក្ដៅ) ​ទឹក​ស្រះ​នោះ​ក៏រីងស្ងួត។ អណ្ដើក​នោះ​វារ​ចូល​ទៅក្រាំង​ក្នុងដី ត្រង់ទី​ដែល​ពោធិសត្វ​ជីកយក​ដី​ស្អិត។ ពោធិសត្វ​គិតថា យើងនឹង​យកដីស្អិត ​ហើយ​ក៏ទៅ​កាន់ទី​នោះ ​រួចជីក​ដី​ដោយ​ចប​ធំ ទម្លាយ​ស្នូក​អណ្ដើក គាស់​អណ្ដើក​នោះ​ដោយ​ចប​ ហាក់​ដូច​ជា​គាស់​ដុំ​ដី​ស្អិត ​ហើយ​ដាក់​លើ​គោក។ អណ្ដើក​នោះ​រង​ទុក្ខវេទនា ​ពោលថា កាលយើងមិន​លះ​សេចក្ដីអាល័យក្នុង​ទី​នៅ បាន​ជាដល់​សេចក្ដី​វិនាស​យ៉ាងនេះ  ថា​​ហើយ កាល​ខ្សឹកខ្សួល​បរិទេវនាការ ទើប​ពោល​គាថា​ទាំង​នេះ​ថា

ជនិត្តំ មេ ភវិត្តំ មេ,            ឥតិ បង្កេ អវស្សយឹ;

តំ មំ បង្កោ អជ្ឈភវិ,          យថា ទុព្វលកំ តថា;

តំ តំ វទាមិ ភគ្គវ,               សុណោហិ វចនំ មម។

ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើន​ហើយ (ក្នុងទីនេះ) ភក់​បាន​កប់​សង្កត់​ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោល​នូវហេតុ​នោះនឹងអ្នក អ្នកចូរ​ស្ដាប់នូវ​ពាក្យ​ខ្ញុំចុះ ។

គាមេ វា យទិ វារញ្ញេ,       សុខំ យត្រាធិគច្ឆតិ;

តំ ជនិត្តំ ភវិត្តញ្ច,               បុរិសស្ស បជានតោ;

យម្ហិ ជីវេ តម្ហិ គច្ឆេ,           ន និកេតហតោ សិយា។    

បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះ​ហើយ ជាទីកើត ជាទីចម្រើន​របស់​បុរស​ជាអ្នកដឹង (នូវប្រយោជន៍ និងមិន​មែន​ប្រយោជន៍) បុគ្គល​គប្បី​រស់នៅ​ក្នុងទី​ណា គប្បីទៅ​ក្នុងទីនោះចុះ កុំគប្បីឲ្យ​ទីដែលធ្លាប់នៅ សម្លាប់ខ្លួន​បានឡើយ ។

អណ្ដើក​កាល​និយាយ​ជា​មួយព្រះ​​ពោធិសត្វ​យ៉ាង​នេះ​ហើយ ក៏​ស្លាប់​ទៅ។ ព្រះពោធិសត្វ​​កាន់យក​អណ្ដើក​នោះ ហើយឲ្យ​អ្នកស្រុកទាំងអស់ប្រជុំ​គ្នា ពោលទូន្មាន​មនុស្ស​ទាំង​នោះ​យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ​ចូរ​មើល​អណ្ដើក​នេះ អណ្ដើក​នេះ ​កាល​ពួក​ត្រី​និង​អណ្ដើក​ដទៃ​ទៅកាន់មហាទន្លេ​ មិន​អាច​កាត់​សេចក្ដីអាល័យ​ក្នុងទីនៅ​របស់​ខ្លួន មិន​ទៅ​ជា​​មួយ​នឹង​គេ បាន​វារ​ចូល​ទៅ​ដេកក្នុង​ទី​ដែល​ខ្ញុំ​យក​ដី​ស្អិត លំដាប់នោះ ​ខ្ញុំ​កាល​​យក​ដី​ស្អិត ​បាន​ទម្លាយ​ស្នូក​វា​ដោយ​ចប​ធំ ដាក់វានៅ​លើ​គោក ហាក់​ដូច​ជា​ទម្លាក់​ដុំ​ដី​ស្អិត អណ្ដើក​នេះ​រលឹកអំពើ​ដែល​ខ្លួន​ធ្វើ ​រួចខ្សឹកខ្សួល​ដោយ​គាថា ២ ហើយ​ស្លាប់​ទៅ អណ្ដើក​នេះ​ធ្វើ​សេចក្ដី​អាល័យ​ក្នុង​ទីនៅ​របស់ខ្លួន ក៏បាន​ដល់សេចក្ដី​ស្លាប់ សូម្បីអ្នក​ទាំង​ឡាយ​សោត ក៏​កុំ​ដូច​អណ្ដើក​​នេះ ​ចាប់​តាំង​​អំពី​ពេល​នេះទៅ អ្នក​ទាំង​ឡាយ​​កុំ​ប្រកាន់​​ដោយ​អំណាច​​តណ្ហា និង​ដោយ​​អំណាច​​គ្រឿង​​ឧបភោគ​ថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រស​របស់​អញ ផោដ្ឋព្វៈ​របស់អញ បុត្រ​របស់​អញ ធីតារបស់អញ ពួកទាសាទាសី​របស់អញ មាស​ប្រាក់​របស់​អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់​ក្នុងភពបី ។ ព្រះពោធិសត្វ​​ឲ្យ​ឱវាទ​ដល់​មហាជន​​ដោយ​ទំនង​​ដូច​ជា​ពុទ្ធលីលា​យ៉ាងនេះហើយ ឱវាទ​នោះ​សាយ​ភាយ​​ទៅ​ក្នុង​សកល​ជម្ពូទ្វីប ​តាំង​នៅ​អស់​កាល ៦០០០០ ឆ្នាំ ។ មហា​ជន​​តាំងនៅក្នុង​​ឱវាទ​របស់​​ព្រះពោធិសត្វ ធ្វើ​បុណ្យ​​ មាន​ទាន​ជា​ដើម កាលអស់អាយុ ក៏បាន​បំពេញ​​ក្នុងសគ្គ​បុរី ។ ចំណែក​ព្រះពោធិសត្វ​ធ្វើ​​បុណ្យ​ដូច​គ្នា​ហើយ ក៏​បាន​បំពេញ​ក្នុងសគ្គ​បុរី​ដែរ ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុង​កាល​ចប់សច្ចធម៌ កុលបុត្រនោះ​បានតាំងនៅក្នុងសោតាបត្តិផល ។

តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទ

កុម្ភការោ បន អហមេវ អហោសឹ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។

ចប់ ​កច្ឆប​ជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ  បិដកលេខ ៥៨ ទំព័រ ៨៥)

ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.