។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

កច្ឆបជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅ​វត្តជេតពន ទ្រង់ប្រារព្ធ​ការរម្ងាប់​វិវាទ​របស់​មហាមាត្យ​ទាំង ២ របស់​ព្រះបាទកោសល បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះ​ជាដើម ។

 

រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ក្នុង​ដែនកាសី កាលចម្រើន​វ័យធំហើយ បាន​សិក្សា​រៀនសូត្រ​សិល្ប​សាស្ត្រ​ទាំងពួង ហើយ​លះបង់កាម បួស​ជាឥសី កសាង​អាស្រមបទ ក្បែរ​ច្រាំង​ទន្លេគង្គា ក្នុង​ហិមវន្ត​ប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិ​ឲ្យកើតឡើង លេងឈានកីឡា សម្រេច​ការនៅក្នុង​ទីនោះ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វ​ជាអ្នក​មានចិត្ត​កណ្ដាល​ដ៏ក្រៃលែង បំពេញ​ឧបេក្ខាបារមី។ មានស្វា​ច្រឡើសបើស​ទ្រុស្តសីល​មួយ មក​ធ្វើ​សលាកបវេសនកម្ម (ការសម្ដែង​អាការៈ​ធ្វើដូចជា​សេពមេថុនធម្ម) ដោយ​អង្គជាត តាម​ប្រហោង​ត្រចៀក ដល់​ព្រះពោធិសត្វ ដែលកំពុង​អង្គុយទៀប​ទ្វារបណ្ណសាលា។ ព្រះពោធិសត្វ​ហាមឃាត់​ហើយ លោកមាន​ចិត្តជា​កណ្ដាល អង្គុយ​នៅស្ងៀម ។

 

ថ្ងៃមួយ មានអណ្ដើក​មួយងើបឡើង​មកពីទឹក ដេកហាមាត់ ហាលថ្ងៃ​នៅនឹងច្រាំង​ទន្លេគង្គា។ ស្វាឡេះឡោះ​ឃើញអណ្ដើក ក៏ធ្វើ​សលាកបវេសនកម្ម ដាក់មាត់​អណ្ដើកនោះ ។ ពេលនោះ អណ្ដើក​ភ្ញាក់ឡើង ខាំអង្គជាត​របស់ស្វា ហាក់ដូច​ជាដាក់ចូល​ទៅក្នុងស្មុគ ធ្វើ​ឲ្យស្វា​មាន​ទុក្ខវេទនា​យ៉ាង​ខ្លាំង ។ ស្វាកំហូច​កាលមិនអាច​នឹងអត់​ទ្រាំបាន ក៏គិតថា បុគ្គល​ណា គប្បី​ដោះយើង​ពីសេចក្ដី​ទុក្ខនេះ យើងនឹង​ទៅកាន់​សម្នាក់​បុគ្គលណា រួចគិត​ឃើញថា វៀរចាក​ព្រះតាបស​ចេញ​ហើយ បុគ្គលដទៃ​ដែលអាច​ដោះយើង​ចេញពី​សេចក្ដី​ទុក្ខនេះ រមែង​មិនមាន យើងគួរ​ទៅកាន់​សម្នាក់តាបស ដូច្នេះ​ទើបយក​ដៃលើក​អណ្ដើក ទៅកាន់​សម្នាក់​ព្រះពោធិសត្វ ។

 

ព្រះពោធិសត្វ កាលលលេង​នឹងស្វាទ្រុស្តសីល​នោះ ទើប​ពោលគាថា​ទី ១ ថា

កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ;

កហំ នុ ភិក្ខំ អចរិ,    កំ សទ្ធំ ឧបសង្កមិ។

បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គល​មានភត្ត​ដួសស្រេចហើយ ឬដូច​ជាព្រាហ្មណ៍ មាន​លាភ​ពេញដៃ អ្នកដើរ​ទៅសូម​ក្នុងទីណា ឬអ្នកចូលទៅ​រកបុគ្គលណា​ដែលមានសទ្ធា ។

 

ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះ​ហើយ ពោលគាថាទី ២ ថា

អហំ កបិស្មិ ទុម្មេធោ,               អនាមាសានិ អាមសឹ;

ត្វំ មំ មោចយ ភទ្ទំ តេ,               មុត្តោ គច្ឆេយ្យ បព្វតំ។

ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុ​ទាំងឡាយ ដែលគេ​មិនគួរ​ប៉ះពាល់ សូម​លោកម្ចាស់​ដោះខ្ញុំ​ឲ្យរួច សូមសេចក្ដី​ចម្រើន​ចូរមាន​ដល់លោក ខ្ញុំនោះ​បានរួចហើយ នឹង​ទៅកាន់​ភ្នំវិញ ។

 

ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វ​កាលនឹង​ចរចា​ជាមួយ​អណ្ដើក ទើប​ពោល​គាថាទី ៣ ថា

កច្ឆបា កស្សបា ហោន្តិ,    កោណ្ឌញ្ញា ហោន្តិ មក្កដា;

មុញ្ច កស្សប កោណ្ឌញ្ញំ,   កតំ មេថុនកំ តយា។

ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង​កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើ​មេថុនកម្ម​នឹងអ្នក ។

 

គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វា​ទាំងឡាយ​រមែងជា​កោណ្ឌញ្ញគោត្រ ការចង​អាវាហវិវាហៈ​នូវគ្នានឹងគ្នា របស់កស្សបគោត្រ និង​កោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុន ពោលគឺកម្មទ្រុស្តសីល ដ៏សមគួរ​ដល់​មេថុនធម្ម ដែល​ស្វាឡេះឡោះ​ទ្រុស្តសីល​នោះធ្វើ​ជាមួយ​អ្នក និងដែល​អ្នកធ្វើជា​មួយស្វា​នោះ រមែងមាន​ ព្រោះ​ហេតុនោះ នែកស្សបៈ អ្នកចូរដោះ​លែង​កោណ្ឌញ្ញៈ ។

 

អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែង​អង្គជាត​របស់ស្វា។ ស្វាគ្រាន់​តែរួចភ្លាម ក៏ថ្វាយបង្គំ​ព្រះពោធិសត្វ រួចរត់​ចេញទៅ មិន​ក្រឡេក​មើលទី​នោះ​ទៀត​ឡើយ។ ចំណែកអណ្ដើក ថ្វាយបង្គំ​ព្រះពោធិសត្វ​ហើយ ទៅកាន់​លំនៅ​របស់ខ្លួនវិញ។ សូម្បី​ព្រះពោធិសត្វ​ជាអ្នក​មានឈាន​មិន​សាបសូន្យ បានទៅ​កាន់​ព្រហ្មលោក ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និងប្រជុំ​ជាតកថា

តទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វា​ក្នុងកាលនោះ បានមក​ជា​មហាមាត្យ​ទាំង ២

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស គឺតថាគតនេះឯង ។

កច្ឆបជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ  បិដកលេខ ៥៨ ទំព័រ ១៥៨)

ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.