សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កកណ្ឋកជាតក

(ឆដ្ឋ. កកណ្តកជាតក)

កកណ្ដកជាតកនេះ មានពាក្យថា នាយំ បុរេ ឧណ្ណមតិ ដូច្នេះជាដើម នឹងមានជាក់​ច្បាស់ក្នុង មហាឧមង្គជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក មហានិបាត មហោសថជាតក បិដកលេខ ៦២ ទំព័រ ១០២) ឯណោះ ។

 

( សេចក្ដីខាងក្រោមនេះ ជាអត្ថន័យដែល​មានក្នុងព្រះបាលី ) ៖

(ព្រះបាទវិទេហៈត្រាស់ថា)

នាយំ បុរេ ឧណ្ណមតិ, តោរណគ្គេ កកណ្ដកោ,

មហោសធ វិជានាហិ, កេន ថទ្ធោ កកណ្ដកោ។

កាលពីដើម បង្កួយនេះនៅ​លើក្លោងទ្វារ មិនក្រអឺត​ក្រអោងទេ ម្នាលមហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជាបង្កួយ​ត្រឡប់ទៅជា​របឹងរឹងរូសវិញ ។

 

(មហោសថពោធិសត្វពោលថា)

អលទ្ធបុព្វំ លទ្ធាន, អឌ្ឍមាសំ កកណ្ដកោ,

អតិមញ្ញតិ រាជានំ, វេទេហំ មិថិលគ្គហំ។

បង្កួយបានរបស់ដែលមិនធ្លាប់បាន ចំនួនកន្លះមាសកៈ រមែងមើលងាយ​ព្រះបាទ​វិទេហៈដែល​សោយរាជ្យ ក្នុងនគរមិថិលា ។

កកណ្ដកជាតក ចប់ ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត សន្ថវវគ្គ បិដកលេខ ៥៨ ទំព័រ ៨១ និងអដ្ឋកថា)

ដោយ ខេមរ អភិធម្មាវតារ